១១៤
ការបញ្ចប់អំពើអាក្រក់ទាំងអស់
តើអ្នកមើលឃើញអ្វីនៅទីនេះ? មែនហើយ គឺកងទ័ពកំពុងតែជិះសេះសជាច្រើន។ ប៉ុន្តែសូមកត់សំគាល់ពីកន្លែងដែលពួកគេកំពុងតែចេញមក។ សេះទាំងនេះកំពុងតែផាយចុះពីស្ថានសួគ៌នៅលើពពក! តើនៅស្ថានសួគ៌មានសេះមែនទែនទេ?
មិនមានទេ សេះទាំងនេះមិនមែនជាសេះមែនទែនទេ។ យើងដឹងថាដូច្នេះ ពីព្រោះសេះមិនអាចរត់នៅលើពពកបានទេ មែនទេ? ប៉ុន្តែព្រះគម្ពីរបានចែងអំពីសេះជាច្រើននៅស្ថានសួគ៌។ តើអ្នកដឹងហេតុអ្វីបានជាព្រះគម្ពីរចែងដូច្នេះទេ?
ពីព្រោះនៅជំនាន់មុនៗ សេះត្រូវគេនិយមប្រើក្នុងការធ្វើសង្គ្រាម។ ដូច្នេះ ព្រះគម្ពីរបានចែងប្រាប់អំពីបុគ្គលជាច្រើនជិះសេះចុះពីស្ថានសួគ៌មក ដើម្បីបង្ហាញថា ព្រះនឹងធ្វើសង្គ្រាមជាមួយមនុស្សនៅលើផែនដី។ តើអ្នកដឹងកន្លែងធ្វើសង្គ្រាមនេះហៅថាអ្វីទេ? គេហៅកន្លែងនេះថាអើម៉ាគេដូន។ សង្គ្រាមនោះគឺដើម្បីកំទេចចោលអំពើអាក្រក់ទាំងអស់នៅលើផែនដី។
ព្រះយេស៊ូវ ទ្រង់នឹងដឹកនាំការធ្វើសង្គ្រាមនេះនៅអើម៉ាគេដូន។ នៅចាំទេ ព្រះយេស៊ូវ ទ្រង់ត្រូវបានព្រះយេហូវ៉ារើសតាំងជាស្តេចនៃព្រះរាជាណាចក្ររបស់ព្រះ។ ដូច្នេះហើយបានជាព្រះយេស៊ូវពាក់មកុដស្តេចនោះ។ ហើយដាវនោះបង្ហាញថា ទ្រង់នឹងសម្លាប់ពួកសត្រូវរបស់ព្រះទាំងអស់។ តើយើងគួរតែភ្ញាក់ផ្អើលទេ ដែលព្រះនឹងកំទេចចោលមនុស្សអាក្រក់ទាំងអស់នោះ?
សូមមើលរឿងលេខ១០ម្ដងទៀត។ តើអ្នកឃើញអ្វីនៅទីនោះ? មែនហើយ គឺទឹកជំនន់ដ៏ធំសម្បើមដែលបានកំទេចពួកមនុស្សអាក្រក់។ តើអ្នកណាដែលធ្វើឲ្យមានទឹកជំនន់នោះ? គឺជាព្រះយេហូវ៉ា។ ឥឡូវនេះ សូមមើលរឿងលេខ១៥។ តើកំពុងតែមានអ្វីកើតឡើងនៅទីនោះ? ក្រុងសូដុំមនិងក្រុងកូម៉ូរ៉ា ត្រូវបានកំទេចចោលដោយភ្លើងដែលព្រះយេហូវ៉ាបានបញ្ជូនមក។
សូមបើកទៅរឿងលេខ៣៣។ សូមមើលអ្វីដែលកំពុងតែកើតឡើងដល់សេះនិងរទេះចម្បាំងរបស់សាសន៍អេស៊ីព្ទ។ តើអ្នកណាបានធ្វើឲ្យទឹករំលំធ្លាក់លើពួកគេ? គឺជាព្រះយេហូវ៉ា ទ្រង់បានធ្វើយ៉ាងនេះ ដើម្បីការពារប្រជារាស្ត្ររបស់ទ្រង់។ សូមមើលរឿងលេខ៧៦។ អ្នកនឹងឃើញថា សូម្បីតែប្រជារាស្ត្ររបស់ទ្រង់ សាសន៍អ៊ីស្រាអែល ក៏ទ្រង់អនុញ្ញាតឲ្យគេកំទេចដែរ ដោយសារតែអំពើអាក្រក់របស់គេ។
ដូច្នេះហើយ យើងមិនត្រូវភ្ញាក់ផ្អើលទេ ដែលព្រះយេហូវ៉ានឹងបញ្ជូនកងទ័ពពីស្ថានសួគ៌មក ដើម្បីនឹងបញ្ចប់អំពើអាក្រក់ទាំងអស់នៅលើផែនដីនេះ។ ប៉ុន្តែសូមពិចារណាមើល តើការនេះនឹងមានន័យយ៉ាងណាទៅ! សូមពិនិត្យមើលទំព័របន្ទាប់នេះចុះ។