ភាគទី៨
អ្វីៗដែលព្រះគម្ពីរបានទាយមកកើតមកពិតមែន
ព្រះគម្ពីរមិនត្រឹមតែផ្ដល់នូវរឿងពិតអំពីអ្វីៗដែលបានកើតឡើងនៅអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ចែងប្រាប់យើងអំពីអ្វីៗដែលនឹងកើតឡើងនៅអនាគតដែរ។ មនុស្សមិនអាចទាយប្រាប់អំពីអនាគតបានទេ។ ដូច្នេះហើយបានជាយើងដឹងថា ព្រះគម្ពីរគឺមកពីព្រះ។ តើព្រះគម្ពីរចែងប្រាប់អ្វីខ្លះអំពីអនាគត?
ព្រះគម្ពីរចែងប្រាប់យើងអំពីសង្គ្រាមរបស់ព្រះដ៏ធំមួយ។ ដោយសារសង្គ្រាមនេះ ព្រះនឹងបោសសំអាតផែនដីឲ្យអស់ពីអំពើអាក្រក់និងមនុស្សអាក្រក់ទាំងអស់ ប៉ុន្តែទ្រង់នឹងការពារជនណាដែលបំរើទ្រង់។ ព្រះយេស៊ូវគ្រីស្ទជាស្តេចរបស់ព្រះ ទ្រង់នឹងទទួលរ៉ាប់រងថា អ្នកបំរើរបស់ព្រះនឹងទទួលនូវសន្ដិភាពនិងសុភមង្គល ហើយថាពួកគេនឹងមិនត្រូវឈឺឬស្លាប់ទៀតឡើយ។
យើងអាចមានចិត្តរីករាយណាស់ដោយដឹងថា ព្រះនឹងធ្វើឲ្យមានសួនមនោរម្យថ្មីនៅលើផែនដី មែនទេ? ប៉ុន្តែយើងត្រូវតែធ្វើអ្វីមួយ ប្រសិនជាយើងចង់រស់នៅក្នុងសួនមនោរម្យនោះ។ នៅក្នុងរឿងក្រោយបង្អស់នៃសៀវភៅនេះ យើងនឹងរៀនដឹងនូវអ្វីៗដែលយើងត្រូវធ្វើ ដើម្បីអាចទទួលរបស់ដ៏អស្ចារ្យជាច្រើនដែលព្រះបានទុកសំរាប់ជនណាដែលបំរើទ្រង់។ ដូច្នេះ សូមអានភាគទី៨នេះ ហើយស្វែងរកនូវអ្វីៗដែលព្រះគម្ពីរបានទាយមកចំពោះអនាគត។