១១៦
របៀបដែលយើងអាចរស់នៅជានិរន្តរ៍បាន
តើអ្នកដឹងអ្វីដែលក្មេងស្រីតូចនេះនិងមិត្តរបស់នាងកំពុងតែអានទេ? ត្រូវហើយ គឺជាសៀវភៅដែលអ្នកកំពុងតែអាននេះឯង—សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ ហើយពួកគេកំពុងតែអានរឿងដែលអ្នកកំពុងតែអាននេះ—«របៀបដែលយើងអាចរស់នៅជានិរន្តរ៍បាន»។
តើអ្នកដឹងអ្វីដែលពួកគេកំពុងតែរៀនទេ? ទីមួយ គឺថាយើងត្រូវតែស្គាល់ព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវ ប្រសិនជាយើងប្រាថ្នាចង់រស់នៅជានិរន្តរ៍នោះ។ ព្រះគម្ពីរបានចែងមកថា៖ ‹នេះជារបៀបដែលអាចរស់នៅជានិរន្តរ៍បាន។ គឺត្រូវរៀនអំពីព្រះពិតតែមួយ និងព្រះរាជបុត្រាដែលទ្រង់បានបញ្ជូនមកផែនដី ព្រះយេស៊ូវគ្រីស្ទ›។
តើរបៀបណាដែលយើងអាចរៀនអំពីព្រះយេហូវ៉ានិងព្រះរាជបុត្រា ព្រះយេស៊ូវបាន? របៀបមួយ គឺដោយអានសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំពីដើមរហូតដល់ចប់។ សៀវភៅនេះពន្យល់ប្រាប់យើងជាច្រើនអំពីព្រះយេហូវ៉ានិងព្រះយេស៊ូវ មែនទេ? ហើយក៏ពន្យល់ប្រាប់ជាច្រើនទៀតអំពីអ្វីៗដែលទ្រង់បានធ្វើមក និងអ្វីៗដែលទ្រង់នឹងធ្វើនៅពេលខាងមុខ។ ប៉ុន្តែអានសៀវភៅនេះប៉ុណ្ណោះ នោះមិនគ្រប់គ្រាន់ទេ យើងត្រូវតែធ្វើអ្វីថែមទៀត។
តើអ្នកឃើញសៀវភៅមួយទៀត នៅលើកម្រាលទេ? នេះជាព្រះគម្ពីរ។ ចូរសុំឲ្យអ្នកណាម្នាក់អានឲ្យអ្នកស្ដាប់នូវចំណែកខ្លះៗពីព្រះគម្ពីរ ដែលរឿងនៅក្នុងសៀវភៅនេះបានដកស្រង់ចេញមក។ ព្រះគម្ពីរផ្ដល់ឲ្យពត៌មានទាំងអស់ដែលយើងត្រូវការ ដើម្បីឲ្យយើងគ្រប់ៗគ្នាអាចបំរើព្រះយេហូវ៉ា តាមវិធីដ៏ត្រឹមត្រូវ រួចទទួលជីវិតអស់កល្បជានិច្ច។ ដូច្នេះ យើងគួរតែទម្លាប់ខ្លួនយើងសិក្សាព្រះគម្ពីរឲ្យបានរឿយៗ។
ក៏ប៉ុន្តែ គ្រាន់តែរៀនអំពីព្រះយេហូវ៉ានិងព្រះយេស៊ូវគ្រីស្ទ នោះមិនគ្រប់គ្រាន់ទេ។ យើងអាចមានចំណេះវិជ្ជាជាច្រើនអំពីទ្រង់ ហើយអំពីសេចក្ដីបង្រៀនរបស់ទ្រង់ តែមិនអាចទទួលជីវិតអស់កល្បជានិច្ចបានឡើយ។ តើអ្នកដឹងថា យើងត្រូវការអ្វីទៀតទេ?
យើងត្រូវតែរស់នៅឲ្យស្របតាមអ្វីៗដែលយើងបានរៀន។ តើអ្នកនៅចាំយូដាស-អ៊ីស្ការីយ៉ុតទេ? គាត់ជាបុរសម្នាក់នៃពួកទាំង១២នាក់ដែលព្រះយេស៊ូវបានជ្រើសរើសឲ្យធ្វើជាសាវករបស់ទ្រង់។ យូដាស គាត់បានមានចំណេះវិជ្ជាជាច្រើនអំពីព្រះយេហូវ៉ានិងព្រះយេស៊ូវ។ ប៉ុន្តែ តើអ្វីបានកើតឡើងដល់គាត់? មួយរយៈក្រោយមក គាត់បានទៅជាមនុស្សកំណាញ់ ហើយគាត់បានក្បត់ព្រះយេស៊ូវដោយលក់ទ្រង់ទៅពួកសត្រូវ ចំនួនប្រាក់៣០ដុំ។ ដូច្នេះ យូដាសនឹងមិនទទួលជីវិតអស់កល្បជានិច្ចទេ។
តើអ្នកនៅចាំកេហាស៊ីទេ? យើងបានរៀនអំពីបុរសនេះនៅរឿងលេខ៦៩។ គាត់ចង់បានសំលៀកបំពាក់និងលុយកាក់ខ្លះៗ ដែលមិនមែនជារបស់គាត់។ ដូច្នេះ គាត់ក៏បាននិយាយភូតភរ ដើម្បីឲ្យបានរបស់ទាំងនោះ។ ប៉ុន្តែព្រះយេហូវ៉ាបានដាក់ទណ្ឌកម្មដល់គាត់។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មដល់យើងដែរ បើយើងមិនគោរពតាមច្បាប់របស់ទ្រង់នោះ។
ប៉ុន្តែមានមនុស្សល្អជាច្រើនដែលបានបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ជានិច្ច។ យើងចង់ឲ្យបានដូចគេដែរ មែនទេ? គំរូដ៏ប្រសើរមួយដែលគួរយកតម្រាប់តាម នោះគឺក្មេងសាំយូអែល។ តើអ្នកចាំទេ នៅក្នុងរឿងលេខ៥៥ គាត់បានមានអាយុតែបួន ឬប្រាំឆ្នាំប៉ុណ្ណោះ នៅពេលដែលគាត់បានចាប់ផ្ដើមបំរើព្រះយេហូវ៉ានៅក្នុងរោងឧបោសថរបស់ទ្រង់។ ដូច្នេះហើយ ទោះជាអ្នកមានអាយុតិចយ៉ាងណាក៏ដោយ អ្នកក៏អាចបំរើព្រះយេហូវ៉ាបានដែរ។
ប្រាកដហើយ បុរសដែលយើងទាំងអស់គ្នាចង់យកតម្រាប់តាមនោះ គឺជាព្រះយេស៊ូវគ្រីស្ទ។ សូម្បីតែកាលដែលទ្រង់នៅជាក្មេងប្រុសម្នាក់ ដូចបានឃើញនៅក្នុងរឿងលេខ៨៧ ទ្រង់បានគង់នៅក្នុងព្រះវិហារ និយាយទៅកាន់អ្នកដទៃអំពីព្រះវរបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌។ ចូរឲ្យយើងយកគំរូតាមទ្រង់ចុះ។ សូមអញ្ជើញប្រាប់មនុស្សឲ្យបានច្រើនគ្នា អំពីព្រះដ៏អស្ចារ្យរបស់យើងព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូវគ្រីស្ទ។ ប្រសិនជាយើងធ្វើតាមការទាំងនេះ នោះយើងនឹងអាចរស់នៅជានិរន្តរ៍បាន នៅក្នុងសួនមនោរម្យថ្មីរបស់ព្រះនៅលើផែនដីនេះ។
យ៉ូហាន ១៧:៣; ទំនុកដំកើង ១៤៥:១-២១