បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ៥ ទំ. ៤៧-៥៦
  • តើព្រះគម្ពីរពិតជាមកពីព្រះមែនឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះគម្ពីរពិតជាមកពីព្រះមែនឬ?
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គ្មាន​សៀវភៅ​ណា​ទៀត​ដូច​ព្រះ​គម្ពីរ​ឡើយ
  • របៀប​ដែល​ព្រះ​គម្ពីរ​បាន​សរសេរ​មក
  • ការ​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​មាន​ដល់​មនុស្ស​គ្រប់​រូប
  • តើ​ព្រះ​គម្ពីរ​មាន​ដែល​បាន​កែ​ប្រែ​ទេ?
  • តើ​ព្រះ​គម្ពីរ​ជា​សេចក្ដី​ពិត​មែន​ឬ?
  • តើ​គម្ពីរ​ជា​សៀវភៅ​បែប​ណា?
    សំណួរនិងចម្លើយពីគម្ពីរ
  • សេចក្ដីបង្រៀនពិតដែលព្រះទ្រង់សព្វព្រះហឫទ័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ព្រះយេហូវ៉ាជាព្រះដែលប្រាស្រ័យទាក់ទង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • គម្ពីរ ហេតុអ្វីមានច្រើនម្ល៉េះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ៥ ទំ. ៤៧-៥៦

ជំពូក​ទី៥

តើ​ព្រះ​គម្ពីរ​ពិត​ជា​មក​ពី​ព្រះ​មែន​ឬ?

១ ហេតុ​អ្វី​ក៏​ជា​ការ​សម​ហេតុ​សម​ផល​ក្នុង​ការ​ជឿ​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ពត៌មាន​អំពី​ទ្រង់​ដល់​យើង​ទាំងអស់?

តើ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ពត៌មាន​អំពី​ទ្រង់​ទេ? តើ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​យើង​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ហើយ​និង​អ្វី​ដែល​ទ្រង់​នៅ​មាន​បំណង​នឹង​ធ្វើ​ទេ? ឪពុក​ម្នាក់​ដែល​ស្រឡាញ់​កូនចៅ​របស់​ខ្លួន​នោះ តែង​តែ​ប្រាប់​ដល់​ពួកគេ​នូវ​រឿង​ជា​ច្រើន។ ហើយ​ចំពោះ​អ្វី​ៗ​ដែល​យើង​បាន​ឃើញ​មក​នោះ ព្រះ​យេហូវ៉ា​ពិត​ជា​ព្រះវរបិតា​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​មែន។

២ (​ក​) តើ​តាម​វិធី​ដ៏​ប្រសើរ​មួយ​ណា ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រាប់​យើង​អំពី​អង្គ​ទ្រង់​នោះ? (​ខ​) តើ​ការ​នេះ​ញ៉ាំង​ឲ្យ​មាន​សំនួរ​ណា​ខ្លះ?

២ តើ​ព្រះ​យេហូវ៉ា​អាច​ប្រទាន​ពត៌មាន​ទៅ​មនុស្ស​លោក​ដែល​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៅ​លើ​ផែនដី និង​សម័យ​ផ្សេង​ៗ​បាន​យ៉ាង​ណា? វិធី​ដ៏​ប្រសើរ​មួយ​ចំពោះ​ទ្រង់​នោះ គឺ​ការ​បណ្ដាល​ឲ្យ​សៀវភៅ​មួយ​បាន​សរសេរ​ឡើង ហើយ​លៃលក​យ៉ាង​ណា​ឲ្យ​សៀវភៅ​នោះ ត្រូវ​បាន​ចែក​ចាយ​ដល់​មនុស្ស​គ្រប់​ៗ​រូប។ តើ​ព្រះ​គម្ពីរ​ជា​សៀវភៅ​បែប​នេះ​ដែល​មក​ពី​ព្រះ​ឬ? បើសិនជា​អញ្ចឹង​មែន តើ​យើង​អាច​ដឹង​យ៉ាង​ណា​បាន?

គ្មាន​សៀវភៅ​ណា​ទៀត​ដូច​ព្រះ​គម្ពីរ​ឡើយ

៣ តើ​វិធី​មួយ​ដែល​ថា ព្រះ​គម្ពីរ​ជា​សៀវភៅ​មួយ​ដ៏​ប្រសើរ​នោះ​ជា​អ្វី?

៣ ប្រសិន​បើ​ព្រះ​គម្ពីរ​ពិត​ជា​មក​ពី​ព្រះ​មែន យើង​នឹង​សង្ឃឹម​ថា សៀវភៅ​នេះ ច្បាស់​ជា​សៀវភៅ​ដ៏​ប្រសើរ​ជាង​គេ​ទាំងអស់ ក្នុង​ចំណោម​សៀវភៅ​ទាំង​ប៉ុន្មាន​ដែល​បាន​សរសេរ​មក​នោះ។ តើ​ពិត​មែន​ឬ? ប្រាកដ​មែន ហើយ​មាន​សេចក្ដី​សំអាង​ជា​ច្រើន​ទៀត។ សេចក្ដី​សំអាង​ទី​មួយ​នោះ​គឺ​ថា ​សៀវភៅ​នេះ​ចាស់​ណាស់។ អ្នក​មិន​នឹក​ស្មាន​ថា ព្រះ​បន្ទូល​របស់​ព្រះ​សំរាប់​មនុស្ស​លោក​ទាំងអស់ ទើប​តែ​បាន​សរសេរ​ឡើង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ទេ មែន​ទេ? ការ​សរសេរ​សៀវភៅ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​​ប្រហែល​ជា​៣.៥០០​ឆ្នាំ​កន្លង​មក​ម្ល៉េះ ជា​ភាសា​ហេព្រើរ។ បន្ទាប់​មក ជាង​២.២០០​ឆ្នាំ​មុន​នេះ ក៏​បាន​ចាប់​ផ្ដើម​បកប្រែ​ជា​ភាសា​នានា។ សព្វ​ថ្ងៃ​នេះ មនុស្ស​ស្ទើរតែ​ទាំងអស់​នៅ​លើ​ផែនដី អាច​អាន​ព្រះ​គម្ពីរ​តាម​ភាសា​របស់​ខ្លួន​បាន។

៤ តើ​ការ​ប្រៀបធៀប​ចំនួន​ដែល​ព្រះ​គម្ពីរ​ត្រូវ​បាន​ផលិត​មក ជា​មួយ​នឹង​សៀវភៅ​ឯ​ទៀត ខុស​គ្នា​យ៉ាង​ណា?

៤ ម្យ៉ាង​ទៀត គ្មាន​សៀវភៅ​ណា​ដែល​បាន​បោះ​ពុម្ព​មក មាន​ចំនួន​ប្រហែល​នឹង​ព្រះ​គម្ពីរ។ ​សៀវភៅ​មួយ​អាច​ហៅ​ថា​«​សៀវភៅ​លក់ដាច់​ជាង​គេ​»​បាន ពេល​ដែល​បាន​ផលិត​គ្រាន់​តែ​រាប់​ពាន់​ក្បាល​ប៉ុណ្ណោះ។ ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ ព្រះ​គម្ពីរ​ត្រូវ​បាន​បោះ​ពុម្ព​ចេញ​ជា​ច្រើន​លាន​ក្បាល។ ហើយ​ប៉ុន្មាន​សតវត្ស​កន្លង​មក​នេះ គេ​បាន​បោះ​ពុម្ព​បាន​រាប់​ពាន់​លាន​ក្បាល​ហើយ! ទោះបី​ជា​កន្លែង​ដាច់ស្រយាល​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​កន្លែង​ណា​នៅ​លើ​ផែនដី ដែល​អ្នក​មិន​អាច​រក​ព្រះ​គម្ពីរ​បាន​នោះ​ឡើយ។ តើ​នេះ​មិន​មែន​ជា​អ្វី ដែល​អ្នក​សង្ឃឹម​ពី​សៀវភៅ​មួយ​ដែល​ពិត​ជា​មក​ពី​ព្រះ​ទេ​ឬ?

៥ តើ​មាន​ការ​ខំ​ប្រឹងប្រែង​ណា​ខ្លះ ក្នុង​ការ​កំចាត់​ព្រះ​គម្ពីរ​ចោល?

៥ អ្វី​ដែល​ធ្វើ​ឲ្យ​ការ​ចែក​ចាយ​ព្រះ​គម្ពីរ​រឹតតែ​ប្រសើរ​ទៀត​នោះ គឺ​ជា​ហេតុ​ការណ៍​ដែល​សត្រូវ​បាន​​ព្យាយាម​កំចាត់​គម្ពីរ។ ប៉ុន្តែ តើ​យើង​មិន​សង្ឃឹម​ថា សៀវភៅ​ដែល​មក​ពី​ព្រះ នឹង​ត្រូវ​មក​ក្រោម​ការ​វាយលុក​ពី​ភ្នាក់ងារ​របស់​អារក្ស​ទេ​ឬ? រឿង​ទាំង​នេះ​បាន​កើត​ឡើង​មក​មែន។ នៅ​ពេល​មួយ ការ​ដុត​ព្រះ​គម្ពីរ​ចោល​ជា​ការ​ធម្មតា ហើយ​អ្នក​ណា​ដែល​ត្រូវ​ចាប់​បាន​ដោយសារ​ការ​អាន​ព្រះ​គម្ពីរ​នោះ ជា​ញឹកញាប់​គេ​ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​ដោយ​សេចក្ដី​ស្លាប់។

៦ (​ក​) តើ​សំនួរ​សំខាន់​ៗ​ណា​ខ្លះ ដែល​ព្រះ​គម្ពីរ​នឹង​ឆ្លើយ​បាន? (​ខ​) តើ​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​អះអាង​ថា ពួកគេ​បាន​ទទួល​ពត៌មាន​ពី​ណា​មក?

៦ លោក​អ្នក​នឹង​គិត​ថា សៀវភៅ​ដែល​មក​ពី​ព្រះ​នោះ​ច្បាស់​ជា​ពិភាក្សា​នូវ​រឿង​សំខាន់​ៗ​ដែល​យើង​ទាំងអស់​គ្នា​ចង់​ដឹង​ហើយ។ ‹តើ​ជីវិត​មក​ពី​ណា›? ‹ហេតុ​អ្វី​បាន​ជា​យើង​នៅ​ទីនេះ›? ‹តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា›? នេះ​ជា​សំនួរ​ខ្លះ​ៗ​ដែល​ព្រះ​គម្ពីរ​ឆ្លើយ​បាន។ ហើយ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា ពត៌មាន​នៅ​ក្នុង​នោះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ដោយសារ​ខ្ញុំ ព្រះ​បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្ដាត​ខ្ញុំ​»។ ​(​សាំយូអែលទី២ ២៣:២​) ម្នាក់​ទៀត​បាន​សរសេរ​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ដោយ​ព្រោះ​តែ​ព្រះ​គម្ពីរ​ថ្លែង​យ៉ាង​ច្បាស់​ថា​នេះ​ជា​បន្ទូល​របស់​ព្រះ​នោះ តើ​មិន​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា​ទេ​ឬ ក្នុង​ការ​ពិនិត្យមើល​ថា​តើ​នេះ​ពិត​ជា​បន្ទូល​ទ្រង់​មែន​ឬ​ក៏​មិន​មែន​នោះ?

របៀប​ដែល​ព្រះ​គម្ពីរ​បាន​សរសេរ​មក

៧ (​ក​) តើ​អ្នក​ណា​ដែល​បាន​សរសេរ​ព្រះ​គម្ពីរ? (​ខ​) អញ្ចឹង តើ​អាច​ថា​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​បាន​យ៉ាង​ណា?

៧ អ្នក​ប្រហែល​ជា​សួរ​ថា​៖ ‹ប៉ុន្តែ តើ​ព្រះ​គម្ពីរ​អាច​មក​ពី​ព្រះ​បាន​យ៉ាង​ដូច​ម្ដេច បើ​មនុស្ស​ជា​អ្នក​សរសេរ​នោះ›? ពិត​មែន​ហើយ មាន​បុរស​ប្រហែល​ជា​៤០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ការ​សរសេរ​ព្រះ​គម្ពីរ។ បុរស​ទាំង​នេះ​ពិត​ជា​បាន​សរសេរ​ព្រះ​គម្ពីរ​មែន លើក​លែង​តែ​ក្រិត្យ​ដប់​ប្រការ ដែល​បាន​សរសេរ​ដោយ​ផ្ទាល់​ព្រះ​ហស្ត​របស់​ព្រះ នៅ​លើ​បន្ទះថ្ម​ដោយ​សកម្មភាព​ផ្ទាល់​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ (​និក្ខមនំ ៣១:១៨​) យ៉ាង​ណា​ក៏​ដោយ ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ដែល​ពួកគេ​បាន​សរសេរ ថា​មិន​មែន​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ឡើយ។ ព្រះ​គម្ពីរ​ពន្យល់​ថា​៖ ​«​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្ដាល​វិញ​»។ (​ពេត្រុសទី២ ១:២១​) មែន​ហើយ ដូច​ជា​ព្រះ​បាន​ប្រើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់ ក្នុង​ការ​បង្កើត​ផ្ទៃ​មេឃ ផែនដី និង​របស់​ដែល​មាន​ជីវិត​ទាំងអស់​នោះ ទ្រង់​ក៏​បាន​ប្រើ​វិញ្ញាណ​នោះ​ដើម្បី​ដឹក​នាំ​ការ​សរសេរ​ព្រះ​គម្ពីរ​ដែរ។

៨, ៩ តើ​ឧទាហរណ៍​អ្វី​ខ្លះ​សព្វ​ថ្ងៃ​នេះ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​ព្រះ​គម្ពីរ​នោះ?

៨ រឿង​នេះ​បាន​សេចក្ដី​ថា ព្រះ​គម្ពីរ​មាន​អ្នក​និពន្ធ​តែមួយ​ទេ គឺ​ព្រះ​យេហូវ៉ា។ ទ្រង់​បាន​ប្រើ​មនុស្ស​ដើម្បី​កត់​ទុក​នូវ​ពត៌មាន ដូច​ជា​ពាណិជ្ជករ​ម្នាក់​ប្រើ​ស្មៀន​របស់​ខ្លួន​ក្នុង​ការ​សរសេរ​​សំបុត្រ​ដែរ។ ស្មៀន​បាន​សរសេរ​សំបុត្រ​នោះ​មែន ប៉ុន្តែ​សំបុត្រ​នោះ​ពោរពេញ​ទៅ​ដោយ​គំនិត​និង​យោបល់​របស់​ពាណិជ្ជករ​ទេ។ ដូច្នេះ​ហើយ នេះ​ជា​​សំបុត្រ​របស់​គាត់ មិន​មែន​ជា​របស់​ស្មៀន​ទេ ដូច​ជា​ព្រះ​គម្ពីរ​ជា​សៀវភៅ​របស់​ព្រះ មិន​ជា​របស់​ពួក​មនុស្ស​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​ការ​សរសេរ​នោះ​ទេ។

៩ ពីព្រោះ​ព្រះ​ទ្រង់​បាន​បង្កើត​សតិ​នោះ ពិត​ជា​មិន​ពិបាក​ទេ​ចំពោះ​ទ្រង់ ក្នុង​ការ​ទាក់ទង​នឹង​សតិ​របស់​អ្នក​បម្រើ​ទាំង​ឡាយ​របស់​ទ្រង់ ដើម្បី​ប្រទាន​ដល់​ពួកគេ​នូវ​ពត៌មាន​ក្នុង​ការ​សរសេរ​នោះ។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ មនុស្ស​អាច​អង្គុយ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​អាច​ទទួល​ដំណឹង​ផ្សេង​ៗ​ពី​ទី​ឆ្ងាយ​តាម​វិទ្យុ​មួយ ឬ​ក៏​ទូរទស្សន៍​មួយ​គ្រឿង​បាន។ សំឡេង​ឬ​ក៏​រូប​ភាព​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​បាន​នោះ ដោយសារ​ការ​ប្រើ​ច្បាប់​ធម្មជាតិ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក។ ដូច្នេះ​ហើយ ជា​ការ​ស្រួល​យល់​ណាស់​ដែល​ព្រះ​យេហូវ៉ា ទោះបី​ទ្រង់​គង់​នៅ​កន្លែង​មួយ​របស់​ទ្រង់​យ៉ាង​ឆ្ងាយ​ក្នុង​ស្ថានសួគ៌​ក៏​ដោយ ក៏​ទ្រង់​អាច​ដឹក​នាំ​មនុស្ស​ឲ្យ​កត់​ពត៌មាន ដែល​ទ្រង់​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​គ្រួសារ​របស់​មនុស្ស​លោក​ដឹង​បាន​ដែរ។

១០ (​ក​) តើ​មាន​សៀវភៅ​ប៉ុន្មាន​ក្បាល​ដែល​បាន​ផ្ដុំ​ឡើង​ជា​ព្រះ​គម្ពីរ ហើយ​ត្រូវ​បាន​សរសេរ​មក​អស់រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ? (​ខ​) តើ​ផ្ទៃ​រឿង​ដ៏​សំខាន់​អ្វី​ដែល​មាន​ពាស​ពេញ​នៅ​ក្នុង​ព្រះ​គម្ពីរ?

១០ លទ្ធផល​បាន​មក​ជា​សៀវភៅ​ដ៏​អស្ចារ្យ​មួយ។ តាម​ការ​ពិត​ទៅ ព្រះ​គម្ពីរ​បាន​ផ្ដុំ​ឡើង​ដោយ​សៀវភៅ​តូច​ៗ ៦៦​ក្បាល។ ពាក្យ​ក្រិក ប៊ីប៊្លីយ៉ា ដែល​ភាសា​អង់គ្លេស​ថា ​«​Bible​»​ (​ភាសា​ខ្មែរ​ថា ព្រះ​គម្ពីរ​)​បាន​បកស្រាយ​មក​មាន​ន័យ​ថា ​«​សៀវភៅ​តូច​ៗ​»។ សៀវភៅ​ទាំង​នេះ​ឬ​ក៏​សំបុត្រ​ទាំង​នេះ បាន​សរសេរ​ឡើង​អស់រយៈ​ពេល​ជាង​១.៦០០​ឆ្នាំ ពី​ឆ្នាំ​១៥១៣​ម.ស.យ.a រហូត​ដល់​ឆ្នាំ​៩៨​ក្នុង​ស.យ.នេះ។ ប៉ុន្តែ ដោយសារ​តែ​មាន​អ្នក​និពន្ធ​តែមួយ​នោះ សៀវភៅ​គម្ពីរ​ទាំងអស់​នេះ​មាន​ភាព​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក​ណាស់។ ក្នុង​ព្រះ​គម្ពីរ​ទាំងមូល មាន​ផ្ទៃ​រឿង​តែមួយ​ដូច​គ្នា គឺ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​នូវ​ស្ថានភាព​ដ៏​ត្រឹម​ត្រូវ​ឡើង​វិញ តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ សៀវភៅ​ទី​មួយ​ដែល​មាន​ឈ្មោះ​ថា លោកុប្បត្តិ បាន​ចែង​អំពី​របៀប​ដែល​លំនៅ​ជា​សួន​មនោរម្យ​បាន​ត្រូវ​បាត់បង់​ទៅ ដោយសារ​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ ហើយ​សៀវភៅ​ចុង​ក្រោយ​បំផុត​ដែល​មាន​ឈ្មោះ​ថា វិវរណៈ ពណ៌នា​អំពី​របៀប​ដែល​ផែនដី​នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​ទៅ​ជា​សួន​មនោរម្យ​មួយ​សារ​ឡើង​វិញ ដោយសារ​ការ​គ្រប់​គ្រង​របស់​ព្រះ។—លោកុប្បត្តិ ៣:១៩, ២៣; វិវរណៈ ១២:១០; ២១:៣, ៤

១១ (​ក​) តើ​ភាសា​អ្វី​ខ្លះ ដែល​បាន​យក​ទៅ​ប្រើ​ក្នុង​ការ​សរសេរ​ព្រះ​គម្ពីរ? (​ខ​) តើ​ព្រះ​គម្ពីរ​បាន​ចែក​ជា​ពីរ​ផ្នែក​ធំ​ៗ​ណា​ខ្លះ ប៉ុន្តែ​អ្វី​ដែល​បង្ហាញ​ពី​ឯកភាព​នៃ​របស់​ទាំង​នេះ?

១១ សៀវភៅ​៣៩​ក្បាល​ដំបូង​នៃ​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ឡើង​ភាគ​ច្រើន​ជា​ភាសា​ហេព្រើរ ដោយ​មាន​មួយ​ចំនួន​តូច​ជា​ភាសា​អា​រ៉ាម។ សៀវភៅ​ចុង​ក្រោយ​ទាំង​២៧​ក្បាល​ត្រូវ​បាន​សរសេរ​ឡើង​ជា​ភាសា​ក្រិក គឺ​ជា​ភាសា​ទូទៅ​របស់​ប្រជាជន នៅ​ពេល​ដែល​ព្រះ​យេស៊ូវ និង​អ្នក​កាន់​តាម​ជា​ពួក​គ្រីស្ទាន​របស់​ទ្រង់​បាន​រស់​នៅ​លើ​ផែនដី​នៅ​ឡើយ​នោះ។ ផ្នែក​ទាំង​ពីរ​ដ៏​ធំ​នេះ​នៃ​ព្រះ​គម្ពីរ​បាន​ត្រូវ​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា​«​បទ​គម្ពីរ​ភាសា​ហេព្រើរ​»​ និង​«​បទ​គម្ពីរ​ភាសា​ក្រិក​»។ ដើម្បី​បង្ហាញ​នូវ​ការ​ស្រប​រវាង​គ្នា​នឹង​គ្នា បទ​គម្ពីរ​ភាសា​ក្រិក​បាន​ស្រង់​ពាក្យ​ពី​បទ​គម្ពីរ​ភាសា​ហេព្រើរ ច្រើន​ជាង​៣៦៥​ដង ហើយ​បាន​សំដៅ​ចំពោះ​បទ​គម្ពីរ​ភាសា​ហេព្រើរ ​ប្រហែល​ជា​៣៧៥​ដង​ថែម​ទៀត​ផង។

ការ​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​មាន​ដល់​មនុស្ស​គ្រប់​រូប

១២ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ចម្លង​នៃ​ព្រះ​គម្ពីរ?

១២ ប្រសិន​បើ​មាន​តែ​ព្រះ​គម្ពីរ​ដើម​នោះ តើ​មនុស្ស​គ្រប់​គ្នា​អាច​អាន​ព្រះ​បន្ទូល​របស់​ព្រះ​បាន​យ៉ាង​ណា? ពួកគេ​មិន​អាច​អាន​បាន​ទេ។ ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​ទ្រង់​បាន​រៀបចំ​ឲ្យ​មាន​ការ​ចម្លង​ពី​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ។ (​ចោទិយកថា ១៧:១៨​) ជា​ឧទាហរណ៍ បុរស​ម្នាក់​ឈ្មោះ​អែសរ៉ា​បាន​ត្រូវ​ហៅ​ថា​«​លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ​​វិន័យ​លោក​​ម៉ូសេ ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រទាន​មក​»។ (​អែសរ៉ា ៧:៦​) សេចក្ដី​ចម្លង​រាប់​ពាន់​ក្បាល​ពី​បទ​គម្ពីរ​ភាសា​ក្រិក​ក៏​បាន​ធ្វើ​ឡើង​ដែរ។

១៣ (​ក​) តើ​អ្វី​ដែល​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​ឲ្យ​មនុស្ស​ភាគ​ច្រើន​អាច​អាន​ព្រះ​គម្ពីរ​បាន? (​ខ​) តើ​ការ​បកប្រែ​ជា​លើក​ដំបូង​នៃ​ព្រះ​គម្ពីរ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ពេល​ណា?

១៣ តើ​អ្នក​ចេះ​អាន​ភាសា​ហេព្រើរ ឬ​ក៏​ភាសា​ក្រិក​ទេ? បើ​មិន​ចេះ​ទេ​នោះ អ្នក​មិន​អាច​អាន​សេចក្ដី​ចម្លង​ពីដើម​ដោយ​ដៃ​នៃ​ព្រះ​គម្ពីរ​បាន​ទេ ដែល​ខ្លះ​នៅ​មាន​នៅ​ឡើយ។ ដូច្នេះ​ហើយ ដើម្បី​ឲ្យ​អ្នក​អាច​អាន​ព្រះ​គម្ពីរ​បាន អ្នក​ណា​ម្នាក់​ត្រូវ​តែ​បកប្រែ​ទៅ​ក្នុង​ភាសា​ដែល​អ្នក​ចេះ​អាន។ ការ​បកប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត​នេះ បាន​ធ្វើ​ឲ្យ​មាន​លទ្ធភាព​ចំពោះ​មនុស្ស​ជា​ច្រើន ដើម្បី​ឲ្យ​អាច​អាន​ព្រះ​បន្ទូល​របស់​ព្រះ​បាន។ ឧទាហរណ៍ ប្រហែល​ជា​៣០០​ឆ្នាំ មុន​ពេល​ព្រះ​យេស៊ូវ​ទ្រង់​គង់​នៅ​លើ​ផែនដី ភាសា​ក្រិក​បាន​ទៅ​ជា​ភាសា​ដែល​មនុស្ស​ភាគ​ច្រើន​ចាប់​ផ្ដើម​និយាយ។ ដូច្នេះ​ហើយ ព្រះ​គម្ពីរ​ភាសា​ហេព្រើរ​បាន​បកប្រែ​ទៅ​ជា​ភាសា​ក្រិក ចាប់​ផ្ដើម​នៅ​ឆ្នាំ​២៨០​ម.ស.យ។ ការ​បកប្រែ​ពីដើម​នេះ​បាន​ត្រូវ​ហៅ​ថា​«​សេពតួជិន្ត​»។

១៤ (​ក​) ហេតុ​អ្វី​បាន​ជា​អ្នក​ដឹក​នាំ​សាសនា​ខ្លះ​ខំ​ប្រយុទ្ធ​ក្នុង​ការ​ទប់​នូវ​ការ​បកប្រែ​ព្រះ​គម្ពីរ​នោះ? (​ខ​) តើ​អ្វី​ដែល​បង្ហាញ​ថា ពួកគេ​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​នោះ?

១៤ ក្រោយ​មក ភាសា​ឡាតាំង​បាន​ទៅ​ជា​ភាសា​ទូទៅ​នៃ​មនុស្ស​ជា​ច្រើន ដូច្នេះ​ហើយ ព្រះ​គម្ពីរ​ក៏​បាន​បកប្រែ​ទៅ​ជា​ភាសា​ឡាតាំង​ដែរ។ ប៉ុន្តែ ជា​ច្រើន​សតវត្ស​កន្លង​មក មនុស្ស​ដែល​ចេះ​និយាយ​ភាសា​ឡាតាំង កាន់​តែ​មាន​ចំនួន​តិច​ឡើង​ៗ។ មនុស្ស​ភាគ​ច្រើន​បាន​និយាយ​ភាសា​ផ្សេង​ៗ​ដូច​ជា ភាសា​អារ៉ាប់ ភាសា​បារាំង ភាសា​អេស្ប៉ាញ៉ុល ភាសា​ព័រទុយហ្គាល់ ភាសា​អ៊ីតាលី ភាសា​​អាល្លឺម៉ង់ និង​ភាសា​អង់គ្លេស​ផង។ ក្នុង​រយៈ​ពេល​ជា​យូរ​មក​ហើយ ពួក​អ្នក​ដឹក​នាំ​សាសនា​កាតូលិក​បាន​ប្រយុទ្ធ ដើម្បី​មិន​ឲ្យ​ព្រះ​គម្ពីរ​ត្រូវ​បាន​បកប្រែ​ទៅ​ជា​ភាសា​របស់​មនុស្ស​សាមញ្ញ​ឡើយ។ ពួកគេ​ថែម​ទាំង​បាន​ដុត​នៅ​នឹង​បង្គោល មនុស្ស​ណា​ដែល​មាន​ព្រះ​គម្ពីរ។ ពួកគេ​បាន​ធ្វើ​យ៉ាង​នេះ ពីព្រោះ​ព្រះ​គម្ពីរ​បាន​លាត​ត្រដាង​ឲ្យ​មនុស្ស​ដឹង​ឮ​នូវ​សេចក្ដី​បង្រៀន​មិន​ពិត និង​អំពើ​អាក្រក់​របស់​ពួកគេ។ ប៉ុន្តែ​ក្រោយ​មក ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នេះ​បាន​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​នោះ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ត្រូវ​ចាប់​ផ្ដើម​បកប្រែ​ទៅ​ជា​ភាសា​នានា និង​បាន​ចែក​ចាយ​ជា​ច្រើន​ដែរ។ សព្វ​ថ្ងៃ​នេះ​មនុស្ស​អាច​អាន​ព្រះ​គម្ពីរ​ទាំងមូល ឬ​ក៏​ចំណែក​ខ្លះ​បាន​ជាង​១.៧០០​ភាសា!

១៥ ហេតុ​អ្វី​ជា​ការ​ល្អ ឲ្យ​មាន​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ថ្មី​ៗ​?

១៥ ជា​ច្រើន​ឆ្នាំ​ក៏​បាន​កន្លង​ទៅ សេចក្ដី​បកប្រែ​ផ្សេង​ៗ​ជា​ច្រើន​នៃ​ព្រះ​គម្ពីរ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ភាសា​ដូច​គ្នា។ ឧទាហរណ៍ គ្រាន់​តែ​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ មាន​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន។ ហេតុ​អ្វី? តើ​មិន​គ្រប់គ្រាន់​ទេ​ឬ បើ​មាន​មួយ​ហើយ​នោះ? មែន​ហើយ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ភាសា​តែង​តែ​មាន​ការ​ប្រែប្រួល​ជា​ច្រើន​ណាស់។ ដូច្នេះ ប្រសិន​បើ​អ្នក​ប្រៀបធៀប​សេចក្ដី​បកប្រែ​ចាស់ នឹង​សេចក្ដី​បកប្រែ​ថ្មី​ណា​មួយ អ្នក​នឹង​កត់សម្គាល់​ឃើញ​នូវ​ការ​ប្រែប្រួល​ក្នុង​ភាសា​នោះ​ជា​មិន​ខាន។ ទោះបី​សេចក្ដី​បកប្រែ​ស្ទើរតែ​ទាំងអស់​តែង​តែ​ផ្ដល់​នូវ​គំនិត​ដូច​គ្នា​នោះ អ្នក​នឹង​កត់សម្គាល់​ឃើញ​ថា សេចក្ដី​បកប្រែ​ដែល​បាន​បោះ​ពុម្ព​នៅ​ពេល​ថ្មី​ៗ​នេះ គឺ​ធម្មតា​ស្រួល​យល់​ជាង។ ដូច្នេះ​ហើយ យើង​អាច​ថ្លែង​អំណរគុណ​ចំពោះ​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ថ្មី​ៗ ដែល​បាន​បកប្រែ​បន្ទូល​ព្រះ​ទៅ​ជា​ភាសា​សាមញ្ញ​ស្រួល​យល់​សំរាប់​សព្វ​ថ្ងៃ​នេះ។

តើ​ព្រះ​គម្ពីរ​មាន​ដែល​បាន​កែ​ប្រែ​ទេ?

១៦ ហេតុ​អ្វី​ក៏​មនុស្ស​ខ្លះ​ជឿ​ថា ព្រះ​គម្ពីរ​បាន​ត្រូវ​កែ​ប្រែ​នោះ?

១៦ ប៉ុន្តែ​អ្នក​ប្រហែល​ជា​សួរ​ថា​៖ ‹តើ​យើង​អាច​ដឹង​ជា​ពិត​យ៉ាង​ណា​បាន​ថា ព្រះ​គម្ពីរ​របស់​យើង​សព្វ​ថ្ងៃ​នេះ មាន​ពត៌មាន​ដូច​គ្នា​នឹង​អ្វី​ៗ​ដែល​អ្នក​សរសេរ​បាន​ទទួល​ពី​ព្រះ​នោះ›? ដោយ​ការ​ចម្លង​ហើយ​ចម្លង​ទៀត​នៃ​ព្រះ​គម្ពីរ​រាប់​រយ​ឆ្នាំ និង​រហូត​ដល់​រាប់​ពាន់​ឆ្នាំ​នោះ តើ​មិន​មាន​កំហុស​ដែល​បាន​ភ្លាត់​ចូល​ទេ​ឬ? មាន​មែន ប៉ុន្តែ​កំហុស​ទាំង​នេះ​បាន​ត្រូវ​រកឃើញ និង​បាន​កែ​ឡើង​វិញ​នៅ​ក្នុង​សេចក្ដី​បកប្រែ​ថ្មី​នៃ​ព្រះ​គម្ពីរ​ហើយ។ ពត៌មាន​សព្វ​ថ្ងៃ​នេះ គឺ​ដូច​គ្នា​នឹង​ពត៌មាន​ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួក​អ្នក​ដែល​បាន​កត់​ទុក​ជា​លើក​ដំបូង​ដែរ។ តើ​មាន​ភស្តុតាង​យ៉ាង​ណា​ដែរ​ក្នុង​រឿង​នេះ?

១៧ តើ​មាន​ភស្តុតាង​អ្វី​ខ្លះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ​គម្ពីរ​មិន​បាន​កែ​ប្រែ​ទេ​នោះ?

១៧ រវាង​ឆ្នាំ​១៩៤៧ នឹង​១៩៥៥ អ្វី​ដែល​ល្បី​ថា​ក្រាំង​សមុទ្រ​ស្លាប់​បាន​ត្រូវ​គេ​រកឃើញ។ នៅ​ក្នុង​ក្រាំង​ដ៏​ចាស់​ទាំង​នេះ មាន​សេចក្ដី​ចម្លង​ជា​ច្រើន​នៃ​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ។ ក្រាំង​ទាំង​នេះ​មាន​អាយុ​ពី​១០០​ទៅ​២០០​ឆ្នាំ​មុន​ព្រះ​យេស៊ូវ​បាន​ប្រសូត​ម្ល៉េះ។ ក្រាំង​មួយ​ក្នុង​ចំណោម​នោះ ជា​សេចក្ដី​ចម្លង​នៃ​សៀវភៅ​អេសាយ។ មុន​នឹង​ក្រាំង​នេះ​ត្រូវ​បាន​រកឃើញ​នោះ មាន​តែ​សេចក្ដី​ចម្លង​មួយ​គត់​នៃ​សៀវភៅ​អេសាយ​ជា​ភាសា​ហេព្រើរ​ដែល​មាន​អាយុ​ជិត​១.០០០​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូវ​បាន​ប្រសូត​មក។ កាល​ដែល​សេចក្ដី​ចម្លង​ទាំង​ពីរ​នេះ​ត្រូវ​បាន​ប្រៀបធៀប​ទៅ គេ​ឃើញ​ថា​មាន​ភាព​ខុស​គ្នា​តិច​ណាស់ ហើយ​ភាគ​ច្រើន​គឺ​គ្រាន់​តែ​ជា​ការ​ប្រែប្រួល​យ៉ាង​តូចតាច​ក្នុង​ការ​ប្រកប​ពាក្យ​ប៉ុណ្ណោះ! នេះ​បាន​សេចក្ដី​ថា ទោះបី​ជាង​១.០០០​ឆ្នាំ​នៃ​ការ​ចម្លង​ក៏​ដោយ ក៏​គ្មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំដុំ​ឡើយ!

១៨ (​ក​) តើ​កំហុស​នៃ​អ្នក​ចម្លង​បាន​ត្រូវ​កែ​យ៉ាង​ណា? (​ខ​) តើ​អាច​ថា​យ៉ាង​ណា​បាន​ចំពោះ​ភាព​ត្រឹម​ត្រូវ​របស់​បទ​គម្ពីរ​ក្រិក?

១៨ នៅ​មាន​វត្ថុ​ចម្លង​ពីបុរាណ​ជាង​១.៧០០​ក្បាល​នៃ​ផ្នែក​ផ្សេង​ៗ​របស់​បទ​គម្ពីរ​ភាសា​ហេព្រើរ​ទៀត។ ដោយ​ការ​ប្រៀបធៀប​ដ៏​ហ្មត់ចត់​រវាង​វត្ថុ​ចម្លង​ពីបុរាណ​ទាំង​ប៉ុន្មាន សូម្បី​តែ​កំហុស​ដ៏​តិច​តួច​ដែល​អ្នក​ចម្លង​បាន​ធ្វើ​ខុស​នោះ ក៏​បាន​រកឃើញ ហើយ​បាន​កែ​ឡើង​វិញ។ ម្យ៉ាង​ទៀត ក៏​មាន​វត្ថុ​ចម្លង​ចាស់​រាប់​ពាន់​ក្បាល​នៃ​បទ​គម្ពីរ​ភាសា​ក្រិក ដែល​ខ្លះ​មាន​អាយុ​រហូត​ជិត​ដល់​សម័យ​ព្រះ​យេស៊ូវ​និង​ពួក​សាវក​របស់​ទ្រង់​ផង។ អញ្ចឹង​ហើយ ដូច​ជា​លោក ហ្វ្រេដេរិក​-​ខេនយ៉ុន បាន​មាន​ប្រសាសន៍​ថា​៖ ​«​មូលដ្ឋាន​ចុង​ក្រោយ​ចំពោះ​ការ​នៅ​សង្ស័យ​ណា​ដែល​ថា ព្រះ​គម្ពីរ​ត្រូវ​បាន​ផ្ដល់​មក​យើង ដោយ​មាន​សភាព​ដូច​ពី​កាល​ដែល​បាន​សរសេរ​មក​នោះ ឥឡូវ​នេះ​លែង​មាន​ការ​សង្ស័យ​នោះ​ទៀត​ហើយ​»។—ព្រះ​គម្ពីរ​និង​បុរាណ​វត្ថុ​វិទ្យា ទំព័រ​លេខ​២៨៨, ២៨៩

១៩ (​ក​) អ្វី​ដែល​ជា​ឧទាហរណ៍​មួយ ក្នុង​ការ​ប៉ុនប៉ង​បញ្ចូល​ពាក្យ​ទៅ​ក្នុង​ព្រះ​គម្ពីរ? (​ខ​) ហេតុ​អ្វី​ក៏​យ៉ូហានទី១ ៥:៧ ដែល​មាន​នៅ​ក្នុង​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ខ្លះ មិន​មែន​ជា​របស់​ដែល​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ​នោះ?

១៩ រឿង​នេះ​មិន​មែន​បាន​សេចក្ដី​ថា មិន​ដែល​មាន​សេចក្ដី​ប៉ុនប៉ង​ក្នុង​ការ​កែ​ប្រែ​បន្ទូល​របស់​ព្រះ​នោះ​ទេ។ ការ​នេះ​បាន​មាន​មក​ហើយ។ ឧទាហរណ៍​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​គឺ​យ៉ូហានទី១ ៥:៧។ នៅ​ក្នុង​សេចក្ដី​បកប្រែ​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​ដែល​ផ្សាយ​ចេញ​នៅ​ឆ្នាំ​១៩៥៤ វគ្គ​នេះ​អាន​ថា​៖ ​«​មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថានសួគ៌ គឺ​ជា​ព្រះវរបិតា​១ ព្រះ​បន្ទូល​១ នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ​»។ ប៉ុន្តែ​ពាក្យ​ទាំង​នេះ មិន​បាន​មាន​មក​នៅ​ក្នុង​វត្ថុ​ចម្លង​ដើម​នៃ​ព្រះ​គម្ពីរ​ណា​មួយ​ឡើយ។ សេចក្ដី​ទាំង​នេះ​ត្រូវ​បាន​បញ្ចូល​ដោយសារ​អ្នក​ណា​ម្នាក់ ដែល​​ព្យាយាម​គាំទ្រ​ដល់​សេចក្ដី​បង្រៀន​នៃ​ត្រី​ឯកភាព។ ដោយ​ឃើញ​យ៉ាង​ច្បាស់​ថា ពាក្យ​ទាំង​នេះ​មិន​មែន​ជា​ផ្នែក​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ពិត​នោះ កំណែ​ថ្មី​ក៏​បាន​ត្រូវ​ធ្វើ​ឡើង ហើយ​ពាក្យ​ទាំង​នេះ​ក៏​លែង​មាន​ទៀត នៅ​ក្នុង​ព្រះ​គម្ពីរ​ថ្មី​នានា។

២០ ហេតុ​អ្វី​ក៏​យើង​អាច​ដឹង​ជា​ប្រាកដ​ថា ព្រះ​គម្ពីរ​បាន​ត្រូវ​រក្សា​ឲ្យ​មាន​លក្ខណៈ​បរិសុទ្ធ​នោះ?

២០ ដូច្នេះ​ហើយ​អ្នក​ណា​ដែល​ថា ព្រះ​គម្ពីរ​មិន​មាន​ពត៌មាន​ដូច​កាល​ដែល​បាន​សរសេរ​ពីដើម​នោះ គឺ​ពិត​ជា​មិន​ដឹង​ដំណើរ​ហេតុ​ពិត​ទេ។ ព្រះ​យេហូវ៉ា​បាន​លៃលក​យ៉ាង​ណា​ដើម្បី​ឲ្យ​បន្ទូល​របស់​ទ្រង់​ត្រូវ​បាន​ការពារ មិន​ត្រឹម​តែ​ពី​កំហុស​របស់​ពួក​អ្នក​ចម្លង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រម​ទាំង​ឲ្យ​បាន​ការពារ​ពី​ការ​ប៉ុនប៉ង​នៃ​អ្នក​ដទៃ​ទៀត​ក្នុង​ការ​បញ្ចូល​ពាក្យ​ទៅ​ក្នុង​នោះ​ដែរ។ ព្រះ​គម្ពីរ​ផ្ទាល់​ក៏​មាន​សេចក្ដី​សន្យា​របស់​ព្រះ ដែល​ថា​បន្ទូល​របស់​ទ្រង់​ត្រូវ​បាន​រក្សា​ឲ្យ​នៅ​មាន​លក្ខណៈ​បរិសុទ្ធ​សំរាប់​យើង​ដល់​សព្វ​ថ្ងៃ​នេះ។—ទំនុកដំកើង ១២:៦, ៧; ដានីយ៉ែល ១២:៤; ពេត្រុសទី១ ១:២៤, ២៥; វិវរណៈ ២២:១៨, ១៩

តើ​ព្រះ​គម្ពីរ​ជា​សេចក្ដី​ពិត​មែន​ឬ?

២១ តើ​ព្រះ​យេស៊ូវ​ទ្រង់​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ?

២១ ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​មាន​បន្ទូល​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​ទៅ​ព្រះ​ថា​៖ ​«​ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់​»។ (​យ៉ូហាន ១៧:១៧​) ប៉ុន្តែ​តើ​ភស្តុតាង​បាន​គាំទ្រ​សេចក្ដី​នេះ​ទេ? កាលណា​ព្រះ​គម្ពីរ​បាន​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ទៅ តើ​យើង​អាច​ដឹង​ថា​ព្រះ​គម្ពីរ​ប្រាកដ​ជា​សេចក្ដី​ពិត​មែន​ឬ? អ្នក​មាន​តម្រិះ​វិជ្ជា​ជ្រៅជ្រះ​ខាង​ប្រវត្ដិសាស្ត្រ ដែល​បាន​សិក្សា​ព្រះ​គម្ពីរ តែង​តែ​មាន​ការ​អស្ចារ្យ​នឹង​ភាព​ត្រឹម​ត្រូវ​របស់​ព្រះ​គម្ពីរ។ នៅ​ក្នុង​ព្រះ​គម្ពីរ មាន​ឈ្មោះ​ចំ​ៗ​យ៉ាង​ជាក់លាក់ និង​សេចក្ដី​រាយការណ៍​យ៉ាង​ល្អិតល្អន់​ដែល​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​ពិត​បាន។ សូម​ពិនិត្យ​នូវ​ឧទាហរណ៍​ខ្លះ​ៗ​ដូច​តទៅ​នេះ។

២២​-​២៥ តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​ដែល​បង្ហាញ​ថា ព្រះ​គម្ពីរ​ផ្ទុក​ទៅ​ដោយ​រឿង​ប្រវត្ដិសាស្ត្រ​ដ៏​ពិត​នោះ?

២២ សូម​ក្រឡេក​មើល​រូប​ភាព​និង​អក្សរ​​ចារឹក​នៅ​លើ​ជញ្ជាំង​នៃ​វិហារ​នេះ​នៅ​ស្រុក​ខាណាក់ ប្រទេស​អេស៊ីព្ទ។ រូប​ទាំង​នេះ​ប្រាប់​អំពី​ជ័យជំនះ​របស់​ស្តេច​ផារ៉ោន ​ស៊ីសាក ជិត​៣.០០០​ឆ្នាំ​កន្លង​ទៅ​នេះ ទៅ​លើ​រាជាណាចក្រ​របស់​សាសន៍​យូដា​នៅ​កំឡុង​ការ​គ្រង​រាជ្យ​របស់​ព្រះ​រាជបុត្រា​នៃ​ស្តេច​សាឡូម៉ូន ដែល​មាន​នាម​ថា​រេហូបោម។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ពី​ព្រឹត្ដិការណ៍​ដូច​នេះ​ដែរ។—ពង្សាវតារក្សត្រទី១ ១៤:២៥, ២៦

២៣ សូម​អញ្ជើញ​មើល​ដែរ នូវ​សិលាចារឹក​របស់​សាសន៍​ម៉ូអាប់។ សិលា​ពីដើម​ដំបូង​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ​លូហ្វរ៍​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ អក្សរចារឹក​ប្រាប់​អំពី​ការ​បះបោរ​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល​ដោយ​ស្តេច​មេសា​របស់​សាសន៍​ម៉ូអាប់។ ព្រឹត្ដិការណ៍​ទាំង​នេះ​ក៏​បាន​រាយការណ៍​មក​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែរ។—ពង្សាវតារក្សត្រទី២ ១:១; ៣:៤​-​២៧

២៤ ស្រះ​ទឹក​ស៊ីឡោម និង​ច្រក​ចូល​នៃ​ផ្លូវ​រូង​ទឹក​ដែល​មាន​ចម្ងាយ​៥៣៣​ម៉ែត្រ នៅ​ទីក្រុង​យេរូសាឡិម ត្រូវ​បាន​ឃើញ​នៅ​ទីនេះ​ដែរ​នៅ​ខាង​ស្ដាំ​បំផុត។ នៅ​សម័យ​ឥឡូវ​នេះ ទេសចរ​ជា​ច្រើន​ដែល​បាន​ទៅ​លេង​ទីក្រុង​យេរូសាឡិម​បាន​ឆ្លងកាត់​ផ្លូវ​រូង​នេះ។ ផ្លូវ​រូង​ទឹក​នេះ​ជា​ភស្តុតាង​ទៀត​ថា​ព្រះ​គម្ពីរ​ពិត​ជា​ត្រឹម​ត្រូវ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​គម្ពីរ​បាន​ពន្យល់​ថា ស្តេច​ហេសេគា​បាន​សង់​ផ្លូវ​រូង​នេះ ជាង​២.៥០០​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ការពារ​ការ​ផ្ដល់​ទឹក​របស់​ទ្រង់​ពី​ការ​លុក​លុយ​របស់​កងទ័ព​ណា​មួយ។​​—ពង្សាវតារក្សត្រទី២ ២០:២០; របាក្សត្រទី២ ៣២:២​-​៤, ៣០

២៥ នៅ​សារមន្ទីរ​នៃ​ប្រទេស​អង់គ្លេស ទេសចរ​អាច​ឃើញ​របាក្សត្រ​ស្តេច​ណាបូនីដាស ដែល​មាន​រូប​នៅ​ខាង​ស្ដាំ​នេះ។ របាក្សត្រ​នេះ​បាន​ចែង​អំពី​ការ​វិនាស​នៃ​ទីក្រុង​បាប៊ីឡូន ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​ដែរ។ (​ដានីយ៉ែល ៥:៣០, ៣១​) ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​ចែង​ថា នៅ​ពេល​នោះ​បេលសាសារ​ជា​ស្តេច​នៃ​ប្រទេស​បាប៊ីឡូន​ទៅ​វិញ។ ហើយ​របាក្សត្រ​ស្តេច​ណាបូនីដាស​មិន​បាន​ចែង​អំពី​ឈ្មោះ​បេលសាសារ​សោះ។ ជា​ការ​ពិត នៅ​ពេល​មួយ អក្សរចារឹក​ទាំងអស់​ដែល​បាន​រកឃើញ​បាន​ថា ណាបូនីដាស​ជា​ស្តេច​ចុង​ក្រោយ​បង្អស់​នៃ​ប្រទេស​បាប៊ីឡូន។ ដូច្នេះ​ហើយ អ្នក​ខ្លះ​ដែល​ថា​ព្រះ​គម្ពីរ​មិន​ពិត​នោះ បាន​អះអាង​ថា​ស្តេច​បេលសាសារ​មិន​ដែល​មាន​ទាល់តែ​សោះ ហើយ​ក៏​ថា​ព្រះ​គម្ពីរ​ពិត​ជា​ខុស​ហើយ។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មី​ៗ​នេះ អក្សរចារឹក​ពី​ជំនាន់​ដើម​បាន​ត្រូវ​រកឃើញ ដែល​បាន​ប្រាប់​ថា​បេលសាសារ​ជា​បុត្រា​របស់​ស្តេច​ណាបូនីដាស​ហើយ​ជា​អ្នក​គ្រង​រាជ្យ​ជា​មួយ​ព្រះ​រាជ​បិតា​ទ្រង់​នៅ​ទីក្រុង​បាប៊ីឡូន​នៅ​ពេល​នោះ! ប្រាកដ​ហើយ ព្រះ​គម្ពីរ​ពិត​ជា​ត្រឹម​ត្រូវ ដូច​ជា​មាន​ឧទាហរណ៍​ជា​ច្រើន​បង្ហាញ​ជា​ភស្តុតាង​នោះ។

២៦ តើ​មាន​ភស្តុតាង​ណា​ដែល​ថា ព្រះ​គម្ពីរ​ពិត​ជា​ត្រឹម​ត្រូវ​តាម​របៀប​វិទ្យាសាស្ត្រ?

២៦ ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​មាន​រឿង​ប្រវត្ដិសាស្ត្រ​ដ៏​ពិត​ប៉ុណ្ណោះ​ទេ។ អ្វី​ៗ​ទាំងអស់​ដែល​បាន​ចែង​នៅ​ក្នុង​នោះ​សុទ្ធតែ​ពិត​ដែរ។ សូម្បី​តែ​ការ​ចែង​អំពី​រឿង​​វិទ្យា​សាស្ត្រ​ក៏​ដោយ ក៏​ជា​ការ​ត្រឹម​ត្រូវ​ដ៏​អស្ចារ្យ​ដែរ។ សូម​លើក​ឧទាហរណ៍​ពីរ​មក​ជំរាប​៖ នៅ​សម័យ​បុរាណ​ជា​ទួទៅ​គេ​តែង​ជឿ​ថា ផែនដី​ត្រូវ​បាន​ទ្រ​ដោយ​របស់​ណា​មួយ​ដែល​មើល​ឃើញ គឺ​ដាក់​នៅ​លើ​អ្វី​មួយ ដូច​ជា​នៅ​លើ​យក្ស​មួយ។ ប៉ុន្តែ ដោយ​ការ​យល់​ស្រប​គ្រប់​សព្វ​ជា​មួយ​នឹង​ភស្តុតាង​នៃ​វិទ្យាសាស្ត្រ ព្រះ​គម្ពីរ​រាយការណ៍​ថា ព្រះ​ទ្រង់​«​ព្យួរ​ផែនដី​នៅ​ទទេ​ធេង​»។ (​យ៉ូប ២៦:៧​) ហើយ​ក៏​មិន​បាន​ថា​ផែនដី​មាន​រាង​រាប​ស្មើ​ដូច​មនុស្ស​ភាគ​ច្រើន​បាន​ជឿ​ពីដើម​ទេ តែ​ព្រះ​គម្ពីរ​បាន​ចែង​ថា​ព្រះ​ទ្រង់​«​គង់​ពី​លើ​រង្វង់​ផែនដី​»។—អេសាយ ៤០:២២

២៧ (​ក​) តើ​អ្វី​ជា​ភស្តុតាង​ដ៏​ខ្លាំង​បំផុត​ដែល​ថា ព្រះ​គម្ពីរ​មក​ពី​ព្រះ? (​ខ​) តើ​រឿង​អ្វី​ខ្លះ​ដែល​បទ​គម្ពីរ​ភាសា​ហេព្រើរ​បាន​ទាយ​ឆុត​ណាស់​អំពី​ព្រះ​រាជ​បុត្រ​របស់​ព្រះ?

២៧ ប៉ុន្តែ​ភស្តុតាង​ធំ​ជាង​គេ​ដែល​បញ្ជាក់​ថា ព្រះ​គម្ពីរ​ពិត​ជា​មក​ពី​ព្រះ​នោះ គឺ​សេចក្ដី​កត់​ទុក​ដ៏​ល្អ​គ្រប់​ល័ក្ខណ៍​ដែល​ទាយ​ទុក​អំពី​រឿង​អនាគត។ គ្មាន​សៀវភៅ​ណា​ដែល​សរសេរ​ដោយ​មនុស្ស អាច​រាយការណ៍​ឲ្យ​បាន​ពិត​ពី​រឿង​ប្រវត្ដិសាស្ត្រ​ណា មុន​ពេល​កើត​ឡើង​បាន​ទេ ប៉ុន្តែ​ព្រះ​គម្ពីរ​អាច​ធ្វើ​ការ​នេះ​បាន។ មែន​ហើយ​ព្រះ​គម្ពីរ​បាន​ពោរពេញ​ទៅ​ដោយ​ទំនាយ​ដ៏​ពិត ត្រូវ​បាន​ចែង​រឿង​ប្រវត្ដិសាស្ត្រ​មុន​ដែល​កើត​មាន​ឡើង​ទៅ​ទៀត។ រឿង​ខ្លះ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ជា​រឿង​ដែល​ស្តី​អំពី​ការ​យាង​មក​លើ​ផែនដី​នៃ​ព្រះ​រាជ​បុត្រ​របស់​ព្រះ។ បទ​គម្ពីរ​ភាសា​ហេព្រើរ​បាន​ចែង​យ៉ាង​ច្បាស់​រាប់​រយ​ឆ្នាំ​ទុក​ជា​មុន​ថា បុគ្គល​ដែល​បាន​សន្យា​នោះ នឹង​មាន​កំណើត​នៅ​ភូមិ​បេថ្លេហិម ដែល​កើត​ពី​ស្រី​ក្រមុំ​សុទ្ធ​ម្នាក់ ត្រូវ​បាន​ក្បត់​នឹង​ប្រាក់​៣០​ដុំ ត្រូវ​ចាត់​ទុក​ទ្រង់​ជា​មនុស្ស​ទទឹង​ច្បាប់ គ្មាន​ឆ្អឹង​ណា​មួយ​នឹង​ត្រូវ​បាក់​ឡើយ ហើយ​ថា​គេ​នឹង​ចាប់​ឆ្នោត​យក​សំលៀកបំពាក់​ទ្រង់ ហើយ​និង​មាន​យ៉ាង​ល្អិតល្អន់​ជា​ច្រើន​ទៀត។—មីកា ៥:១; ម៉ាថាយ ២:៣​-​៩; អេសាយ ៧:១៤; ម៉ាថាយ ១:២២, ២៣; សាការី ១១:១២, ១៣; ម៉ាថាយ ២៧:៣​-​៥; អេសាយ ៥៣:១២; លូកា ២២:៣៧, ៥២; ២៣:៣២, ៣៣; ទំនុកដំកើង ៣៤:២០; យ៉ូហាន ១៩:៣៦; ទំនុកដំកើង ២២:១៨; ម៉ាថាយ ២៧:៣៥

២៨ (​ក​) ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​ថា ទោះបី​ទំនាយ​ព្រះ​គម្ពីរ​ទាំង​ឡាយ​ដែល​មិន​ទាន់​បាន​បំពេញ​នៅ​ឡើយ នឹង​ត្រូវ​បាន​បំពេញ​ជា​មិន​ខាន? (​ខ​) តើ​ការ​សិក្សា​ព្រះ​គម្ពីរ​បន្ត​ទៅ​ទៀត នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ជឿជាក់​ក្នុង​ចិត្ត​ទៅ​លើ​អ្វី?

២៨ ដូច​ជា​បាន​ជំរាប​ប្រាប់​នៅ​ក្នុង​ជំពូក​ទី​មួយ​នៃ​សៀវភៅ​នេះ​មក​ហើយ ព្រះ​គម្ពីរ​បាន​ទាយ​ថា របប​លោកីយ៍​ចាស់​នេះ នឹង​ត្រូវ​វិនាស​នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​របប​ថ្មី​ដ៏​សុចរិត​មួយ​នឹង​ត្រូវ​ដាក់​​ជំនួស​វិញ។ (​ម៉ាថាយ ២៤:៣​-​១៤; ពេត្រុសទី២ ៣:៧, ១៣​) តើ​យើង​អាច​ទុក​ចិត្ត​ដល់​ទំនាយ​ដែល​មិន​ទាន់​បាន​បំពេញ​ទាំង​នេះ​ទេ? អញ្ចឹង បើ​មាន​អ្នក​ណា​មួយ​បាន​ប្រាប់​អ្នក​នូវ​ការ​ពិត មួយ​រយ​ដង​ហើយ តើ​ភ្លាម​នោះ​អ្នក​សង្ស័យ​នឹង​គាត់​ឬ បើ​គាត់​បាន​ប្រាប់​អ្នក​នូវ​រឿង​ថ្មី​មួយ​ទៀត​នោះ? បើ​អ្នក​មិន​ដែល​ទាំង​រកឃើញ​នូវ​កំហុស​របស់​គាត់​ទាល់តែ​សោះ​ផង​នោះ តើ​ឥឡូវ​នេះ​អ្នក​អាច​ចាប់​ផ្ដើម​មាន​ការ​សង្ស័យ​នឹង​គាត់​ឬ? នេះ​ជា​ការ​មិន​សម​ហេតុ​សម​ផល​ទេ! រឿង​នេះ​ក៏​ដូច​គ្នា​ដែរ គ្មាន​មូលហេតុ​ណា​មួយ​ចំពោះ​យើង ឲ្យ​សង្ស័យ​ទៀត​ឡើយ ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ​នៅ​ក្នុង​ព្រះ​គម្ពីរ។ យើង​អាច​ទុក​ចិត្ត​ទៅ​លើ​ព្រះ​បន្ទូល​របស់​ទ្រង់​បាន! (​ទីតុស ១:២​) ដោយសារ​ការ​សិក្សា​ព្រះ​គម្ពីរ​បន្ត​ទៅ​ទៀត លោក​អ្នក​ក៏​អញ្ចឹង​ដែរ នឹង​រឹតតែ​ជឿជាក់​ក្នុង​ចិត្ត​នូវ​ហេតុ​ដ៏​ពិត​ទាំង​ឡាយ​ដែល​គាំទ្រ​ថា ព្រះ​គម្ពីរ​ពិត​ជា​មក​ពី​ព្រះ​មែន។

[​កំណត់​សម្គាល់​]

a ម.ស.យ. មាន​ន័យ​ថា​មុន​សករាជ​យើង លោកីយ៍​ថា​មុន​គ្រីស្ទ​សករាជ

[​រូបភាព​នៅ​ទំព័រ​៤៩​]

ព្រះ​ទ្រង់​បាន​ប្រើ​មនុស្ស​ឲ្យ​សរសេរ​ព្រះ​គម្ពីរ ក៏​ដូច​ជា​ពាណិជ្ជករ​ម្នាក់​បាន​ប្រើ​ស្មៀន​ឲ្យ​សរសេរ​សំបុត្រ​ដែរ

[​រូបភាព​នៅ​ទំព័រ​៥០​]

អ្នក​ដឹក​នាំ​សាសនា​ខ្លះ​បាន​ប្រយុទ្ធ​ក្នុង​ការ​ទប់​ព្រះ​គម្ពីរ​ពី​ប្រជាជន​សាមញ្ញ រហូត​ដល់​ដុត​នៅ​នឹង​បង្គោល​អស់​អ្នក​ណា​ដែល​មាន​ព្រះ​គម្ពីរ

[​រូបភាព​នៅ​ទំព័រ​៥២, ៥៣​]

ក្រាំង​សមុទ្រ​ស្លាប់​នៃ​គម្ពីរ​អេសាយ

[​រូបភាព​នៅ​ទំព័រ​៥៤, ៥៥​]

ជញ្ជាំង​វិហារ​នៅ​ស្រុក​ខាណាក់​ប្រទេស​អេស៊ីព្ទ

[​រូបភាព​នៅ​ទំព័រ​៥៥​]

សិលាចារឹក​របស់​សាសន៍​ម៉ូអាប់

[​រូបភាព​នៅ​ទំព័រ​៥៥​]

របាក្សត្រ​របស់​ណាបូនីដាស

[​រូបភាព​នៅ​ទំព័រ​៥៥​]

ច្រក​ចូល​នៃ​ផ្លូវ​រូង​របស់​ស្តេច​ហេសេគា​និង​ស្រះ​ស៊ីឡោម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក