សេចក្ដីបង្រៀនពិតដែលព្រះទ្រង់សព្វព្រះហឫទ័យ
ដើម្បីឲ្យមនុស្សដឹងថាតើសេចក្ដីបង្រៀនណាដែលពិតនិងដែលព្រះសព្វព្រះហឫទ័យ នោះទ្រង់បានបើកសម្ដែងគំនិតទ្រង់ដល់មនុស្សជាតិ។ ទ្រង់ក៏ត្រូវឲ្យមនុស្សទាំងអស់ទទួលព័ត៌មានដែរ។ តើមនុស្សជាតិអាចដឹងថាអ្វីដែលព្រះទ្រង់សព្វព្រះហឫទ័យអំពីជំនឿ ការថ្វាយបង្គំនិងការប្រព្រឹត្តយ៉ាងដូចម្ដេចទៅ? តើព្រះបានប្រទាននូវព័ត៌មានបែបនេះមែនទេ? បើដូច្នេះមែន តើតាមរបៀបណាទៅ?
តើមនុស្សម្នាក់ដែលមានអាយុតែប៉ុន្មានទសវត្សរ៍អាចប្រាប់មនុស្សជាតិទាំងអស់ និងបំរើជាខ្សែរយៈពីព្រះបានឬទេ? អត់ទេ។ ប៉ុន្តែ ឯកសារជាលាយល័ក្ខណ៍អក្សរគឺអាចធ្វើបាន។ ដូច្នេះហើយ គឺសមត្រឹមត្រូវដែលការបើកសម្ដែងរបស់ព្រះ មានតាមបែបបទជាលាយល័ក្ខណ៍អក្សរ មែនទេ? សៀវភៅមួយពីបុរាណដែលអះអាងថាព្រះបានបណ្ដាលឲ្យសរសេរ គឺជាព្រះគម្ពីរ។ អ្នកសរសេរម្នាក់ពោលថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) សូមឲ្យយើងពិនិត្យមើលព្រះគម្ពីរថាតើពិតជាប្រភពនៃសេចក្ដីបង្រៀនពិតឬក៏អត់។
តើព្រះគម្ពីរមានចំណាស់ប៉ុន្មាន?
ក្នុងចំណោមសៀវភៅដ៏សំខាន់ៗខាងសាសនា ព្រះគម្ពីរគឺជាសៀវភៅមួយដែលចាស់ជាងគេបំផុត។ ផ្នែកដំបូងនៃព្រះគម្ពីរត្រូវបានសរសេរប្រមាណ៣៥០០ឆ្នាំកន្លងទៅហើយ។ សៀវភៅនេះត្រូវបានសរសេរចប់នៅឆ្នាំ៩៨ គ.ស.។a ទោះជាមានបុរស៤០នាក់បានសរសេរអស់រយៈពេល១.៦០០ឆ្នាំក៏ពិតមែន តែការបង្រៀនក្នុងព្រះគម្ពីរគឺមានឯកភាពគ្នាទាំងស្រុង។ នេះគឺដោយសារតែព្រះទ្រង់ពិតជាអ្នកនិពន្ធព្រះគម្ពីរ។
ព្រះគម្ពីរគឺជាសៀវភៅដែលត្រូវចែកចាយនិងត្រូវបានបកប្រែច្រើនជាងគេក្នុងគ្រប់ប្រវត្ដិសាស្ត្រមនុស្ស។ រៀងរាល់ឆ្នាំ ប្រមាណ៦០លានក្បាលនៃព្រះគម្ពីរទាំងមូល ឬជាផ្នែកៗត្រូវបានចែកចាយ។ ព្រះគម្ពីរទាំងមូលឬជាផ្នែកៗត្រូវបានបកប្រែជាង២.៣០០ភាសានិងគ្រាមភាសាដែរ។ ជាង៩០ភាគរយនៃប្រជាជននៅលើផែនដីមានព្រះគម្ពីរ ឬផ្នែកនៃព្រះគម្ពីរក្នុងភាសារបស់ខ្លួន។ គ្មានអ្វីដែលអាចរារាំងមិនឲ្យព្រះគម្ពីរចែកចាយទូទាំងពិភពលោកដល់គ្រប់ជាតិសាសន៍និងកុលសម្ព័ន្ធផ្សេងៗបានឡើយ។
តើព្រះគម្ពីរត្រូវបានរៀបចំឡើងយ៉ាងណា?
ប្រសិនបើអ្នកមានព្រះគម្ពីរមួយក្បាល អញ្ជើញបើកមើលថាតើព្រះគម្ពីរត្រូវបានរៀបចំឡើងយ៉ាងណា?b មុនដំបូង ចូរបើកមើលមាតិកា។ ព្រះគម្ពីរភាគច្រើនមានមាតិកានៅខាងមុខ ដែលរៀបរាប់ឈ្មោះសៀវភៅនីមួយៗ ព្រមទាំងលេខទំព័រដើម្បីស្រួលរកសៀវភៅនោះ។ អ្នកនឹងកត់សម្គាល់ថាព្រះគម្ពីរគឺពិតជាសៀវភៅមួយដ៏ធំ ដែលមានសៀវភៅផ្សេងៗបូកបញ្ចូលគ្នា ហើយសៀវភៅនីមួយៗមានឈ្មោះផ្សេងៗ។ សៀវភៅទីមួយគឺលោកុប្បត្តិ និងសៀវភៅចុងក្រោយគឺវិវរណៈ។ ព្រះគម្ពីរត្រូវចែកចេញជាពីរផ្នែក។ សៀវភៅ៣៩ក្បាលដំបូងហៅថាបទគម្ពីរភាសាហេព្រើរ ដ្បិតសៀវភៅទាំងនោះភាគច្រើនត្រូវបានសរសេរជាភាសាហេព្រើរ។ សៀវភៅ២៧ក្បាលចុងក្រោយគឺត្រូវសរសេរជាភាសាក្រិច និងត្រូវហៅថាបទគម្ពីរភាសាក្រិច។ អ្នកខ្លះហៅទាំងពីរផ្នែកនេះថាសញ្ញាចាស់និងសញ្ញាថ្មី។
សៀវភៅក្នុងព្រះគម្ពីរមានជំពូកនិងខងាយស្រួលរក។ ពេលបទគម្ពីរបានត្រូវស្រង់ក្នុងទស្សនាវដ្ដីនេះ បន្ទាប់ពីឈ្មោះបទគម្ពីរ នោះលេខមុនគេគឺជាជំពូក លេខបន្ទាប់គឺជាខ។ ជាឧទាហរណ៍ «ធីម៉ូថេទី២ ៣:១៦» គឺមានន័យថាសៀវភៅធីម៉ូថេ សំបុត្រទីពីរ ជំពូក៣ ខ១៦។ សូមសាកល្បងរកខនេះក្នុងគម្ពីររបស់អ្នក។
អ្នកច្បាស់ជាយល់ស្របថា បើចង់ស្គាល់ព្រះគម្ពីរឲ្យបានច្បាស់ នោះយើងត្រូវអានឲ្យបានទៀងទាត់ មែនទេ? អ្នកខ្លះឃើញថាមានប្រយោជន៍ដោយអានបទគម្ពីរភាសាក្រិចមុនសិន ដោយចាប់ផ្ដើមពីសៀវភៅម៉ាថាយ។ អ្នកអាចអានបទគម្ពីរទាំងមូលចប់ក្នុងមួយឆ្នាំ ដោយអានបីដល់ប្រាំជំពូករៀងរាល់ថ្ងៃ។ ប៉ុន្តែ តើដូចម្ដេចដែលអ្នកអាចដឹងជាប្រាកដថា អ្វីដែលអ្នកអានក្នុងព្រះគម្ពីរគឺពិតជាត្រូវព្រះបណ្ដាលឲ្យសរសេរនោះ?
តើអ្នកអាចទុកចិត្តលើព្រះគម្ពីរបានទេ?
សៀវភៅដែលព្រះបណ្ដាលឲ្យសរសេរសំរាប់មនុស្សគ្រប់គ្នាគួរមានឱវាទចំពោះការរស់នៅដែលមិនចេះផ្លាស់ប្រែ មែនទេ? ព្រះគម្ពីរបង្ហាញនូវការយល់លក្ខណៈរបស់មនុស្សដែលមានប្រយោជន៍ដល់មនុស្សគ្រប់តំណ ហើយគោលការណ៍ក្នុងព្រះគម្ពីរគឺមានប្រយោជន៍នៅសព្វថ្ងៃ ដូចកាលដែលកត់ទុកជាលើកដំបូងដែរ។ ត្រង់ចំណុចនេះយើងអាចឃើញក្នុងសុន្ទរកថាដ៏ល្បីមួយដែលព្រះយេស៊ូគ្រីស្ទបានថ្លែង ទ្រង់នេះហើយជាអ្នកផ្ដើមសាសនាគ្រីស្ទ។ សុន្ទរកថានេះត្រូវបានកត់ទុកនៅម៉ាថាយ ជំពូកទី៥ដល់ទី៧។ សុន្ទរកថានេះត្រូវល្បីឈ្មោះថាជាធម្មទាននៅលើភ្នំ មិនគ្រាន់តែបង្ហាញយើងនូវរបៀបរកសុភមង្គលប៉ុណ្ណោះទេ តែរបៀបសម្រុះសម្រួលការទាស់ទែងគ្នា របៀបអធិស្ឋាន និងទស្សនៈត្រឹមត្រូវចំពោះសេចក្ដីត្រូវការខាងទ្រព្យសម្បត្ដិ និងមានជាច្រើនថែមទៀតដែរ។ ក្នុងសុន្ទរកថានេះនិងក្នុងព្រះគម្ពីរទាំងមូល ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់នូវអ្វីដែលយើងត្រូវធ្វើ និងអ្វីដែលយើងត្រូវចៀសវាងដើម្បីឲ្យព្រះសព្វព្រះហឫទ័យ ព្រមទាំងធ្វើឲ្យយើងមានជីវិតកាន់តែប្រសើរឡើង។
មូលហេតុមួយទៀត ដែលអ្នកអាចទុកចិត្តលើព្រះគម្ពីរ គឺពេលទាក់ទងនឹងរឿងខាងវិទ្យាសាស្ត្រ នោះសៀវភៅពីបុរាណនេះចែងយ៉ាងត្រឹមត្រូវ។ ជាឧទាហរណ៍ ក្នុងសម័យដែលមនុស្សភាគច្រើនជឿថា ផែនដីមានរាងសំប៉ែត ព្រះគម្ពីរចែងអំពី«រង្វង់[ឬដុំមូល]ផែនដី»។c (អេសាយ ៤០:២២) ហើយជាង៣.០០០ឆ្នាំមុននឹងលោកអ៊ីសាកញូតុនដែលជាអ្នកវិទ្យាសាស្ត្រល្បីល្បាញបានពន្យល់ថាភពផ្សេងៗត្រូវស្ថិតក្នុងទីអវកាសដោយកម្លាំងរបស់ទំនាញសកល នោះត្រូវបានសរសេរយ៉ាងបែបសមរម្យក្នុងព្រះគម្ពីរដោយចែងថា‹ផែនដីព្យួរនៅទទេធេង›។ (យ៉ូប ២៦:៧) ចូរគិតអំពីដំណើរវិលចុះវិលឡើងនៃទឹកដែលបានកត់ទុកយ៉ាងសមរម្យប្រមាណ៣.០០០ឆ្នាំកន្លងទៅនេះ៖ «ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត»។ (សាស្ដា ១:៧) មែនហើយ ព្រះដែលបង្កើតសកលលោកគឺជាអ្នកនិពន្ធព្រះគម្ពីរ។
ព្រះគម្ពីរមានភាពត្រឹមត្រូវនៃប្រវត្ដិសាស្ត្រ ហើយនេះក៏ស្របនឹងហេតុការណ៍ដែលថាព្រះបានបណ្ដាលឲ្យសរសេរ។ ព្រឹត្ដិការណ៍ក្នុងព្រះគម្ពីរមិនមែនជារឿងព្រេងទេ។ កំណត់ហេតុទាំងនោះរៀបរាប់អំពីថ្ងៃខែ មនុស្ស និងកន្លែងចំៗតែម្ដង។ ជាឧទាហរណ៍ លូកា ៣:១ សំដៅទៅ«ឆ្នាំទី១៥ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាសពីឡាត់ ធ្វើជាចៅហ្វាយនៅស្រុកយូដាជា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ»។
អ្នកប្រវត្ដិសាស្ត្របុរាណសឹងតែប្រាប់ពន្លើសជានិច្ចអំពីជ័យជំនះនិងគុណធម៌នៃអ្នកគ្រប់គ្រងរបស់គេ រីឯអ្នកសរសេរព្រះគម្ពីរវិញគឺទៀងត្រង់ សារភាពដោយឥតលាក់លៀមចំពោះកំហុសរបស់ខ្លួន។ ជាឧទាហរណ៍ ស្តេចដាវីឌនៃស្រុកអ៊ីស្រាអែលបានសារភាពថា៖ «ទូលបង្គំបានធ្វើបាបយ៉ាងធ្ងន់ក្នុងការដែលទូលបង្គំធ្វើនោះ . . . ទូលបង្គំបានប្រព្រឹត្តដោយខ្លៅល្ងង់»។ ឃ្លានេះត្រូវបានសរសេរក្នុងព្រះគម្ពីរដោយមិនលាក់លៀមកំហុសទេ។ (សាំយូអែលទី២ ២៤:១០) ម៉ូសេដែលជាអ្នកសរសេរព្រះគម្ពីរដែរបានកត់ទុកនូវព្រឹត្ដិការណ៍ដែលគាត់ពុំបានបង្ហាញទំនុកចិត្តលើព្រះដ៏ពិត។—ជនគណនា ២០:១២
ព្រះគម្ពីរក៏មានភស្តុតាងមួយទៀតដែលបញ្ជាក់ថាព្រះបានបណ្ដាលឲ្យសរសេរ។ ពោលគឺទំនាយដែលត្រូវបានសម្រេច ស្តីអំពីព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ត្រដែលត្រូវបានកត់ទុកជាមុន។ ទំនាយខ្លះគឺទាក់ទងនឹងព្រះយេស៊ូគ្រីស្ទ។ ជាឧទាហរណ៍ ជាង៧០០ឆ្នាំមុននឹងព្រះយេស៊ូប្រសូតមក បទគម្ពីរភាសាហេព្រើរបានទាយយ៉ាងចំថាបុគ្គលសន្យានេះនឹងត្រូវប្រសូត«នៅភូមិបេថ្លេហិម ស្រុកយូដា»។—ម៉ាថាយ ២:១-៦; មីកា ៥:១
ចូរគិតអំពីឧទាហរណ៍មួយទៀត។ នៅធីម៉ូថេទី២ ៣:១-៥ ព្រះគម្ពីរចែងថា៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្ដិនោះទេ»។ នេះគឺរៀបរាប់អំពីចិត្តគំនិតរបស់មនុស្សទូទៅ មែនទេ? ពាក្យទាំងនេះត្រូវបានកត់ទុកនៅឆ្នាំ៦៥ គ.ស. ជាង១.៩០០ឆ្នាំកន្លងទៅហើយ!
តើព្រះគម្ពីរបង្រៀនយើងអំពីអ្វី?
កាលដែលអ្នកអានព្រះគម្ពីរ នោះអ្នកនឹងឃើញថាព្រះគម្ពីរជាប្រភពនៃប្រាជ្ញាដ៏ខ្ពង់ខ្ពស់។ ព្រះគម្ពីរផ្ដល់នូវចម្លើយដែលធ្វើឲ្យស្កប់ចិត្ត ចំពោះសំនួរដូចតទៅ៖ តើព្រះជាអ្នកណា? តើអារក្សជាបុគ្គលពិតឬទេ? តើព្រះយេស៊ូគ្រីស្ទជាអ្នកណា? ហេតុអ្វីមានទុក្ខលំបាក? តើមានអ្វីកើតឡើង ពេលយើងស្លាប់? ចម្លើយដែលអ្នកឮពីអ្នកដទៃគឺមានផ្សេងៗគ្នា ដូចជាជំនឿនិងទំនៀមទំលាប់របស់មនុស្សក៏ផ្សេងពីគ្នាដែរ។ ប៉ុន្តែ ព្រះគម្ពីរចែងនូវសេចក្ដីពិតអំពីរឿងទាំងនេះ និងរឿងជាច្រើនទៀត។ ម្យ៉ាងវិញទៀត ព្រះគម្ពីរមានការណែនាំដ៏ល្អបំផុតស្តីពីការប្រព្រឹត្តនិងអាកប្បកិរិយាចំពោះអ្នកដទៃព្រមទាំងពួករាជការផង។d
តើព្រះគម្ពីរចែងយ៉ាងណាអំពីគោលបំណងរបស់ព្រះចំពោះផែនដីនិងមនុស្សជាតិ? ព្រះគម្ពីរសន្យាថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុកដំកើង ៣៧:១០, ១១) «ទ្រង់នឹងគង់នៅជាមួយនឹងគេ . . . ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។ (វិវរណៈ ២១:៣, ៤) «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:២៩
ព្រះគម្ពីរក៏ទាយថា បន្ដិចទៀតនឹងលែងមានសង្គ្រាម ឧក្រិដ្ឋកម្ម អំពើឃោរឃៅនិងអំពើកំណាច។ ជំងឺ ភាពចាស់ជរានិងសេចក្ដីស្លាប់នឹងលែងមានទៀត។ ជីវិតជារៀងរហូតលើផែនដីមនោរម្យនឹងក្លាយទៅជាការពិត។ នេះជាសេចក្ដីសង្ឃឹមដែលធ្វើឲ្យយើងសប្បាយចិត្តណាស់! អ្វីៗទាំងនេះគឺសម្ដែងនូវសេចក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្សជាតិមែន!
តើអ្នកនឹងធ្វើយ៉ាងណា?
ព្រះគម្ពីរជាអំណោយដ៏អស្ចារ្យពីព្រះដែលជាអ្នកបង្កើត។ តើអ្នកនឹងធ្វើយ៉ាងណាចំពោះសៀវភៅនេះ? បុរសម្នាក់កាន់សាសនាហិណ្ឌូបានជឿថា អ្វីដែលព្រះបណ្ដាលឲ្យសរសេរដើម្បីប្រយោជន៍ដល់មនុស្សជាតិ ត្រូវតែមានចំណាស់តាំងតែពីកំណើតរបស់មនុស្ស។ ពេលគាត់ដឹងថា ផ្នែកខ្លះនៃព្រះគម្ពីរគឺចាស់ជាងសៀវភៅសៀវភៅវីដាសាសនាហិណ្ឌូ នោះគាត់បានសម្រេចចិត្តអានព្រះគម្ពីរនិងពិនិត្យមើល។e សាស្ដ្រាចារ្យម្នាក់នៅសហរដ្ឋអាមេរិកបានទទួលស្គាល់ថាត្រូវអានសៀវភៅដែលត្រូវចែកចាយច្រើនជាងគេក្នុងពិភពលោក មុននឹងគិតថាសៀវភៅនេះជាសៀវភៅបែបណា។
ដោយអានព្រះគម្ពីរនិងអនុវត្តតាមអ្វីដែលព្រះគម្ពីរបង្រៀននឹងនាំឲ្យអ្នកទទួលពរយ៉ាងវិសេស។ ព្រះគម្ពីរចែងថា៖ «មានពរហើយ អ្នកណាដែល . . . ត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។f (ទំនុកដំកើង ១:១-៣) ការសិក្សាព្រះគម្ពីរនិងរំពឹងគិតលើអ្វីដែលព្រះគម្ពីរចែងនឹងនាំឲ្យយើងមានសុភមង្គល ពីព្រោះសេចក្ដីត្រូវការខាងវិញ្ញាណនឹងធ្វើឲ្យយើងមានចិត្តស្កប់។ (ម៉ាថាយ ៥:៣) ព្រះគម្ពីរនឹងបង្ហាញអ្នកនូវរបៀបរស់នៅដែលបង្កើតផលប្រយោជន៍ និងរបៀបដោះស្រាយបញ្ហាដោយជោគជ័យ។ មែនហើយ «ដែលកាន់តាម[វិន័យរបស់ព្រះក្នុងព្រះគម្ពីរ] នោះក៏មានរង្វាន់យ៉ាងធំ»។ (ទំនុកដំកើង ១៩:១១) ម្យ៉ាងវិញទៀត ការទុកចិត្តលើសេចក្ដីសន្យារបស់ព្រះនឹងនាំឲ្យអ្នកមានពរនៅឥឡូវ និងផ្ដល់នូវសេចក្ដីសង្ឃឹមដ៏ភ្លឺស្វាងចំពោះអនាគត។
ព្រះគម្ពីរដាស់តឿនយើងថា៖ «ចូរប្រាថ្នាចង់បានព្រះបន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ»។ (ពេត្រុសទី១ ២:២, ខ.ស.) កូនង៉ាពឹងលើអាហារនិងខំទទូចឲ្យទាល់តែបាន។ យ៉ាងដូច្នេះដែរ យើងពិតជាពឹងលើចំណេះពីព្រះ។ ដូច្នេះ ចូរ«ប្រាថ្នាចង់បាន»ព្រះបន្ទូលរបស់ទ្រង់ចុះ។ ព្រះគម្ពីរជាសៀវភៅនៃសេចក្ដីបង្រៀនពិតពីព្រះ។ ចូរតាំងគោលដៅដើម្បីសិក្សាព្រះគម្ពីរជាទៀងទាត់។ ស្មរបន្ទាល់ព្រះយេហូវ៉ានៅក្នុងតំបន់អ្នកនឹងរីករាយដើម្បីជួយអ្នកឲ្យទទួលប្រយោជន៍ពីការសិក្សាព្រះគម្ពីរ។ យើងសូមអញ្ជើញអ្នកយ៉ាងកក់ក្ដៅឲ្យទាក់ទងជាមួយពួកគេ។ ឬអ្នកអាចសរសេរទាក់ទងអ្នកបោះពុម្ពទស្សនាវដ្ដីនេះ។
[កំណត់សម្គាល់]
a គ.ស.ជាអក្សរកាត់សំរាប់«គ្រីស្ទសករាជ» ដែលមានន័យថា«សម័យព្រះគ្រីស្ទ»។ មុនគ.ស.អក្សរកាត់សំរាប់«មុនគ្រីស្ទសករាជ»។
b បើអ្នកគ្មានព្រះគម្ពីរ ស្មរបន្ទាល់ព្រះយេហូវ៉ារីករាយជូនអ្នកមួយក្បាល។
c ភាសាដើមចំពោះពាក្យដែលបានបកប្រែថា«រង្វង់»នៅអេសាយ ៤០:២២ ក៏ត្រូវបានបកប្រែថា«ដុំមូល»។ សេចក្ដីបកប្រែព្រះគម្ពីរខ្លះអានថា«ដុំមូលនៃផែនដី»។ (Douay Version) ហើយ«ផែនដីដែលជារង្វង់មូល»។—Moffatt
d ប្រធានទាំងនេះត្រូវពិគ្រោះក្នុងសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
e បទចម្រៀងសាសនាដំបូងពីសៀវភៅវីដា ត្រូវបានគេជឿថាបានតែងជិត៣.០០០ឆ្នាំកន្លងទៅនេះ ហើយបានប្រាប់តាមមាត់តគ្នាមក។ ក្នុងសៀវភៅមួយរបស់លោកសារ៉ាគូម៉ា (Saratkumar) នោះចែងថា៖ «សៀវភៅវីដាត្រូវបានសរសេរក្នុងសតវត្សរ៍ទី១៤ គ.ស.»។—A History of India
f ព្រះយេហូវ៉ាជាព្រះនាមនៃព្រះក្នុងព្រះគម្ពីរ។ ក្នុងសេចក្ដីបកប្រែព្រះគម្ពីរជាច្រើន គឺអាចរកព្រះនាមនោះនៅទំនុកដំកើង ៨៣:១៨។
[រូបភាពនៅទំព័រ៧]
«ចូរប្រាថ្នាចង់បាន»ព្រះបន្ទូលរបស់ព្រះ ដោយសិក្សាព្រះគម្ពីរជាទៀងទាត់
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៥]
NASA photo