បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ២ ទំ. ១២-២២
  • សៀវភៅដែលបង្ហាញនូវចំណេះអំពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សៀវភៅដែលបង្ហាញនូវចំណេះអំពីព្រះ
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មាន​អ្វី​នៅ​ក្នុង​ព្រះ​គម្ពីរ
  • តើ​អ្នក​អាច​ទុក​ចិត្ត​ព្រះ​គម្ពីរ​បាន​ឬ​ទេ?
  • ត្រឹម​ត្រូវ​នឹង​ទុក​ចិត្ត​ជឿ​បាន
  • សៀវភៅ​ទំនាយ
  • «សង្វាត​រក»​ចំណេះ​អំពី​ព្រះ
  • សេចក្ដីបង្រៀនពិតដែលព្រះទ្រង់សព្វព្រះហឫទ័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • គម្ពីរជាសៀវភៅដែលមកពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះគម្ពីរពិតជាមកពីព្រះមែនឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ២ ទំ. ១២-២២

ជំពូក​ទី២

សៀវភៅ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ

គឺ​មាន​តែ​ព្រះ​អាទិទេព​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​យើង​តែ​ប៉ុណ្ណោះ ដែល​សម​នឹង​ផ្ដល់​សៀវភៅ​បង្គាប់​និង​ណែនាំ​សំរាប់​មនុស្ស​ជាតិ។ ហើយ​តើ​អ្នក​មិន​យល់​ស្រប​ទេ​ឬ ថា​មនុស្ស​ត្រូវ​ការ​សេចក្ដី​ណែនាំ​នោះ?

២ ជាង​២.៥០០​ឆ្នាំ​មក​ហើយ ព្យាការី​និង​អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​បាន​សរសេរ​ថា⁠៖ «ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ»។ (យេរេមា ១០:⁠២៣) សព្វ​ថ្ងៃ សេចក្ដី​នេះ​គឺ​ឃើញ​ថា​រឹតតែ​ត្រូវ​ពិត​មែន។ ដូច្នេះ អ្នក​ប្រវត្ដិសាស្ត្រ ឈ្មោះ វាល្លាម ហ. ម័កនីល្ល កត់​សម្គាល់​ថា⁠៖ «ការ​ផ្សងព្រេង​នៃ​មនុស្ស​លើ​ផ្ទៃ​ផែនដី​នេះ គឺ​បាន​ជួប​នឹង​វិបត្ដិ ដែល​សឹង​តែ​កើត​ឡើង​ជា​បន្តបន្ទាប់​មិន​ឈប់ឈរ ហើយ​និង​ការ​រំខាន​សៅហ្មង​ដល់​របៀប​របប​ដែល​តាំង​ឡើង​នៃ​សង្គម»។

៣ ព្រះ​គម្ពីរ​បំពេញ​បំណង​យើង​បាន​ទាំង​អស់ ក្នុង​ការ​ត្រូវ​ការ​ចង់​បាន​សេចក្ដី​ដឹក​នាំ​ដ៏​ប្រាជ្ញា។ ពិត​មែន​ហើយ មនុស្ស​ជា​ច្រើន​ស្រយុត​ចិត្ត ពេល​គេ​ពិនិត្យ​មើល​ព្រះ​គម្ពីរ​ជា​លើក​ដំបូង។ ព្រះ​គម្ពីរ​ជា​សៀវភៅ​ធំ​មួយ ហើយ​ចំណែក​ខ្លះ​នៃ​ព្រះ​គម្ពីរ​គឺ​មិន​ងាយ​យល់​ទេ។ ប៉ុន្តែ​បើ​គេ​ឲ្យ​អ្នក​នូវ​ឯកសារ​ផ្លូវ​ច្បាប់ ដែល​រៀប​រាប់​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ទទួល​កេរ្ដិ៍​មរតក​ដ៏​មាន​តម្លៃ តើ​អ្នក​មិន​ចំណាយ​ពេល​ពិនិត្យ​ឯកសារ​នេះ​ឲ្យ​បាន​ហ្មត់ចត់​ទេ​ឬ? បើ​អ្នក​ឃើញ​ថា​ចំណែក​ខ្លះ​នៃ​ឯកសារ​គឺ​ពិបាក​យល់ នោះ​អ្នក​ប្រហែល​រក​ជំនួយ​ពី​អ្នក​ណា​ម្នាក់​ដែល​មាន​ការ​ពិសោធ​នឹង​រឿង​បែប​នេះ។ ហេតុ​អ្វី​មិន​ពិនិត្យ​មើល​ព្រះ​គម្ពីរ​តាម​គំនិត​ស្រដៀង​គ្នា​អញ្ចឹង​ដែរ? (កិច្ចការ ១៧:⁠១១) មាន​របស់​ច្រើន​ថែម​ទៀត​ដែល​ជាប់​ទាក់ទង ហើយ​សំខាន់​ជាង​កេរ្ដិ៍​មរតក​ខាង​សម្ភារៈ​ទៅ​ទៀត។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​មុន​នេះ ចំណេះ​អំពី​ព្រះ​គឺ​អាច​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។

៤ សូម​យើង​ពិនិត្យ​មើល​សៀវភៅ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ។ យើង​នឹង​រៀប​រាប់​ប្រាប់​អំពី​ព្រះ​គម្ពីរ​ដោយ​សង្ខេប​សិន។ រួច​មក​យើង​នឹង​ពិគ្រោះ​មូលហេតុ​ដែល​មនុស្ស​ចេះ​ដឹង​ជា​ច្រើន ជឿ​ជា​ព្រះ​គម្ពីរ​គឺ​ជា​បន្ទូល​ដែល​បណ្ដាល​មក​ពី​ព្រះ។

តើ​មាន​អ្វី​នៅ​ក្នុង​ព្រះ​គម្ពីរ

៥ ព្រះ​គម្ពីរ​មាន​សៀវភៅ​៦៦​ក្បាល ចែក​ចេញ​ជា​ពីរ​ចំណែក​ដែល​គេ​តែង​ហៅ​ថា សញ្ញា​ចាស់​និង​សញ្ញា​ថ្មី។ សៀវភៅ​គម្ពីរ​៣៩​ក្បាល​គឺ​សរសេរ​ភាគ​ច្រើន​ជា​ភាសា​ហេព្រើរ ហើយ​២៧​ក្បាល​ទៀត​ជា​ភាសា​ក្រិក។ បទ​គម្ពីរ​ហេព្រើរ​ដែល​មាន​សៀវភៅ​លោកុប្បត្តិ​ដល់​សៀវភៅ​ម៉ាឡាគី គឺ​បរិយាយ​ពី​ការ​បង្ក​បង្កើត ព្រម​ទាំង​ប្រវត្ដិ​មនុស្ស​ក្នុង​រយៈ​៣.៥០០​ឆ្នាំ​ដំបូង។ ពិនិត្យ​មើល​ព្រះ​គម្ពីរ​មួយ​ចំណែក​នេះ យើង​ក៏​ជ្រាប​អំពី​ការ​ដែល​ព្រះ​ទាក់ទង​ជា​មួយ​ពួក​អ៊ីស្រាអែល​—⁠ចាប់​ពី​ពេល​ពួក​គេ​បាន​កើត​ជា​សាសន៍​មួយ​ក្នុង​សតវត្ស​ទី១៦​ម.ស.យ. រហូត​ចូល​ដល់​សតវត្ស​ទី៥​ម.ស.យ.។a បទ​គម្ពីរ​ក្រិក​ដែល​មាន​សៀវភៅ​ម៉ាថាយ​ដល់​សៀវភៅ​វិវរណៈ គឺ​រៀប​រាប់​អំពី​សេចក្ដី​បង្រៀន​និង​សកម្មភាព​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ​និង​ពួក​សិស្ស​របស់​ទ្រង់ ក្នុង​សតវត្ស​ទី​មួយ​ស.យ.។

៦ អ្នក​ខ្លះ​អះអាង​ថា​«សញ្ញា​ចាស់»​គឺ​សំរាប់​ពួក​យូដា ហើយ​ថា​«សញ្ញា​ថ្មី»​គឺ​សំរាប់​ពួក​គ្រីស្ទាន។ ប៉ុន្តែ ស្រប​តាម​ធីម៉ូថេទី២ ៣:​១៦ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍»​ផង។ ដូច្នេះ ការ​រៀន​សូត្រ​បទ​គម្ពីរ​ឲ្យ​បាន​ត្រឹម​ត្រូវ គឺ​ត្រូវ​រួម​ព្រះ​គម្ពីរ​ទាំង​មូល។ តាម​ការ​ពិត ព្រះ​គម្ពីរ​ពីរ​ចំណែក​នេះ​គឺ​បង្គ្រប់​គ្នា​ទៅ​វិញ​ទៅ​មក សម្រុះ​បញ្ចូល​គ្នា​កើត​បាន​ជា​សាច់​រឿង​មួយ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។

៧ ប្រហែល​ជា​អ្នក​បាន​ចូល​រួម​ក្នុង​ពិធី​សាសនា​អស់​ជា​ច្រើន​ឆ្នាំ​ហើយ និង​បាន​ឮ​គេ​អាន​ខ​គម្ពីរ​ខ្លះ។ ឬ​ក៏​អ្នក​ប្រហែល​បាន​អាន​ប្រយោគ​ខ្លះ​ដែល​ដក​ស្រង់​ពី​ព្រះ​គម្ពីរ​ខ្លួន​ឯង​ផង។ តើ​អ្នក​ដឹង​ថា​ព្រះ​គម្ពីរ​មាន​សាច់​រឿង​តែ​មួយ​ដដែល ចាប់​ពី​សៀវភៅ​លោកុប្បត្តិ​ដល់​សៀវភៅ​វិវរណៈ​នោះ​ទេ? ត្រូវ​ហើយ គឺ​សាច់​រឿង​តែ​មួយ​សម្រុះ​គ្នា​ពីដើម​ដល់​ចប់​ក្នុង​ព្រះ​គម្ពីរ។ តើ​សាច់​រឿង​នោះ​ជា​អ្វី? គឺ​ជា​ការ​ធ្វើ​យុត្ដិកម្ម​ថា​ព្រះ​មាន​សិទ្ធិ​ត្រឹម​ត្រូវ​គ្រប់គ្រង​មនុស្ស​ជាតិ និង​ការ​សម្រេច​គោល​បំណង​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដោយ​រយៈ​ព្រះ​រាជាណាចក្រ​ទ្រង់។ ក្រោយ​មក​យើង​នឹង​រៀន​អំពី​របៀប​ដែល​ព្រះ​នឹង​សម្រេច​គោល​បំណង​នេះ។

៨ ក្រៅ​ពី​រៀប​រាប់​ប្រាប់​គោល​បំណង​នៃ​ព្រះ ព្រះ​គម្ពីរ​ក៏​សម្ដែង​ឲ្យ​ឃើញ​នូវ​បុគ្គលិកលក្ខណៈ​នៃ​ទ្រង់​ដែរ។ ជា​ឧទាហរណ៍ យើង​ជ្រាប​ពី​ព្រះ​គម្ពីរ​ថា ព្រះ​ទ្រង់​ចេះ​មាន​អារម្មណ៍ ហើយ​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​គឺ​សំខាន់​ដល់​ទ្រង់។ (ទំនុកដំកើង ៧៨:​៤០, ៤១; សុភាសិត ២៧:⁠១១; អេសេគាល ៣៣:⁠១១) ទំនុកដំកើង ១០៣:​៨-១៤ ចែង​ថា ព្រះ​«ទ្រង់​មាន​សេចក្ដី​មេត្ដាករុណា ហើយ​នឹង​សេចក្ដី​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ»។ ទ្រង់​ប្រព្រឹត្ត​នឹង​យើង​ដោយ​សេចក្ដី​អាណិត​មេត្ដា ទាំង​‹នឹក​ចាំ​ថា យើង​គឺ​បាន​ត្រូវ​បង្កើត​មក​ពី​ធូលីដី​ប៉ុណ្ណោះ› ហើយ​នឹង​ត្រឡប់​ទៅ​ជា​ធូលីដី​វិញ​ពេល​យើង​ស្លាប់​ទៅ។ (លោកុប្បត្តិ ២:៧; ៣:⁠១៩) នេះ​ជា​គុណសម្បត្ដិ​ដ៏​ល្អ​ម្ល៉េះ​ហ្ន៎​ដែល​ទ្រង់​សម្ដែង​ចំពោះ​មនុស្ស! តើ​មិន​មែន​ជា​ព្រះ​បែប​នេះ​ទេ​ឬ ដែល​អ្នក​ចង់​ថ្វាយ​បង្គំ​នោះ?

៩ ព្រះ​គម្ពីរ​បង្ហាញ​ឲ្យ​យើង​ឃើញ​ច្បាស់​នូវ​ខ្នាត​តម្រា​របស់​ព្រះ ដែល​ជួន​កាល​គឺ​ចែង​ទុក​ជា​ច្បាប់។ ប៉ុន្តែ ជា​ញឹកញយ​ខ្នាត​តម្រា​ទាំង​នេះ គឺ​ឆ្លុះ​ឃើញ​ក្នុង​គោលការណ៍ ដែល​បង្រៀន​ដោយ​ប្រើ​វត្ថុ។ ព្រះ​បណ្ដាល​ឲ្យ​ព្រឹត្ដិការណ៍​ខ្លះ​ក្នុង​ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល​បុរាណ មាន​កត់​ទុក​ដើម្បី​ផល​ប្រយោជន៍​យើង។ រឿង​ដ៏​ត្រង់​ឥត​លាក់​លាម​ទាំង​នេះ បង្ហាញ​នូវ​អ្វី​ដែល​កើត​ឡើង ពេល​មនុស្ស​ប្រព្រឹត្ត​ស្រប​នឹង​គោល​បំណង​ព្រះ ព្រម​ទាំង​លទ្ធផល​អាក្រក់​ពេល​ពួក​គេ​ប្រព្រឹត្ត​តាម​តែ​ចិត្ត​ខ្លួន។ (ពង្សាវតារក្សត្រទី១ ៥:៤; ១១:​៤​-​៦; របាក្សត្រទី២ ១៥:​៨​-​១៥) ការ​អាន​រឿង​ពិត​មែន​ទែន​ទាំង​នេះ​នឹង​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង។ បើសិន​យើង​ខំ​រក​នឹក​គិត​ក្នុង​ចិត្ត​អំពី​ព្រឹត្ដិការណ៍​ដែល​កត់​ទុក​ទាំង​នេះ នោះ​យើង​អាច​ប្រៀប​ខ្លួន​យើង​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជាប់​ទាក់ទង។ ដូច្នេះ យើង​អាច​បាន​ផល​​ប្រយោជន៍​ពី​ឧទាហរណ៍​ល្អ ហើយ​អាច​ជៀសវាង​លទ្ធផល​អាក្រក់​របស់​ពួក​អ្នក​ធ្វើ​ខុស​វិញ។ ប៉ុន្តែ សំនួរ​ដ៏​សំខាន់​ជា​ទីបំផុត​នេះ គឺ​ត្រូវ​តែ​ឆ្លើយ​សិន គឺ​ថា⁠៖ ដូច​ម្ដេច​យើង​នឹង​អាច​ប្រាកដ​បាន ជា​អ្វី​ដែល​យើង​អាន​ក្នុង​ព្រះ​គម្ពីរ​គឺ​ពិត​ជា​បណ្ដាល​មក​ពី​ព្រះ​មែន​នោះ?

តើ​អ្នក​អាច​ទុក​ចិត្ត​ព្រះ​គម្ពីរ​បាន​ឬ​ទេ?

១០ ប្រហែល​ជា​អ្នក​បាន​សម្គាល់​ឃើញ​ថា សៀវភៅ​ជា​ច្រើន​ដែល​ផ្ដល់​ដំបូន្មាន​បាន​ក្លាយ​ជា​ហួស​សម័យ ក្នុង​រយៈ​តែ​ពីរបី​ឆ្នាំ​ប៉ុណ្ណោះ។ ចុះ​ចំពោះ​ព្រះ​គម្ពីរ​វិញ? ព្រះ​គម្ពីរ​គឺ​ចាស់​ណាស់ ហើយ​ជិត​២០០០​ឆ្នាំ​មក​ហើយ តាំង​ពី​គេ​បាន​សរសេរ​ប្រយោគ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ។ ដូច្នេះ អ្នក​ខ្លះ​យល់​ថា​ព្រះ​គម្ពីរ​គឺ​ឥត​ប្រើ​ការ​បាន​ទេ​ក្នុង​សម័យ​ទំនើប​យើង​នេះ។ តែ​បើ​ព្រះ​គម្ពីរ​គឺ​បណ្ដាល​មក​ពី​ព្រះ នោះ​ដំបូន្មាន​ព្រះ​គម្ពីរ​គួរ​តែ​ទាន់​សម័យ​ជានិច្ច ទោះ​ជា​ព្រះ​គម្ពីរ​មាន​អាយុ​ចាស់​យ៉ាង​ណា​ក៏​ដោយ។ បទ​គម្ពីរ​គួរ​តែ​នៅ​«មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​ល័ក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។ ​—⁠ធីម៉ូថេទី២ ៣:​១៦, ១៧

១១ ការ​ពិនិត្យ​ច្បាស់​លាស់​បង្ហាញ​ឲ្យ​ឃើញ​ថា គោលការណ៍​ព្រះ​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍ ប្រើ​ការ​បាន​សព្វ​ថ្ងៃ​នេះ ដូច​កាល​ដែល​គេ​កត់​ទុក​ជា​លើក​ដំបូង​ដែរ។ ជា​ឧទាហរណ៍ ចំពោះ​រឿង​មនុស្ស ព្រះ​គម្ពីរ​សម្ដែង​នូវ​ការ​ដឹង​យល់​យ៉ាង​វាងវៃ ដែល​តែង​មាន​ផល​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​តំណ។ យើង​អាច​ឃើញ​ការ​នេះ​យ៉ាង​ងាយ ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ ដែល​ចែង​ក្នុង​សៀវភៅ​ម៉ាថាយ ជំពូក​ទី៥​ដល់​ទី៧។ សេចក្ដី​បង្រៀន​នេះ​ធ្វើ​ឲ្យ​លោក​មហាន់ដាស់ ហ្គាន់ឌី ដែល​ជា​អ្នក​ដឹក​នាំ​ជាតិ​ឥណ្ឌា​កាល​ពី​មុន ស្ងើច​ចិត្ត​ណាស់ ដែល​តាម​សេចក្ដី​រាយ​ការណ៍​ថា​លោក​បាន​ប្រាប់​មន្ត្រី​ជាតិ​អង់គ្លេស​ម្នាក់​ថា⁠៖ «ប្រសិន​បើ​ប្រទេស​របស់​លោក​នឹង​ប្រទេស​ខ្ញុំ​ប្រតិបត្ដិ​តាម​សេចក្ដី​បង្រៀន​នៃ​ព្រះ​យេស៊ូ ដែល​ទ្រង់​មាន​បន្ទូល​នៅ​លើ​ភ្នំ​នោះ បញ្ហា​របស់​យើង​នឹង​បាន​ដោះ​ស្រាយ​រួច​មិន​ខាន ហើយ​មិន​គ្រាន់​តែ​បញ្ហា​របស់​ប្រទេស​យើង​ប៉ុណ្ណោះ គឺ​បញ្ហា​ពេញ​​ពិភព​លោក​ក៏​ដោះ​ស្រាយ​រួច​ដែរ»។

១២ អញ្ចឹង​ហើយ​បាន​ជា​មនុស្ស​ស្ងើច​ចិត្ត​ចំពោះ​សេចក្ដី​បង្រៀន​នៃ​ព្រះ​យេស៊ូ​ណាស់! ក្នុង​សេចក្ដី​បង្រៀន​នៅ​លើ​ភ្នំ ទ្រង់​បង្ហាញ​យើង​នូវ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​សុភមង្គល។ ទ្រង់​ពន្យល់​អំពី​របៀប​សម្រុះសម្រួល​ការ​ទាស់ទែង​គ្នា។ ព្រះ​យេស៊ូ​បង្គាប់​ឲ្យ​ត្រូវ​អធិស្ឋាន​យ៉ាង​ដូច​ម្ដេច។ ទ្រង់​ចង្អុល​ប្រាប់​អំពី​អាកប្បកិរិយា​ដ៏​ឆ្លាត​បំផុត​ចំពោះ​សេចក្ដី​ត្រូវ​ការ​ខាង​វត្ថុ ហើយ​ប្រទាន​សុវណ្ណ​វិន័យ​សំរាប់​ជួយ​យើង​ឲ្យ​បាន​ប្រាស្រ័យ​ល្អ​រវាង​មនុស្ស​ឯ​ទៀត។ របៀប​រក​សម្គាល់​ការ​ក្លែង​បន្លំ​ខាង​សាសនា​នឹង​របៀប​រក​អនាគត​ដ៏​សុខសាន្ត​បាន ក៏​មាន​បរិយាយ​ប្រាប់​ក្នុង​សេចក្ដី​បង្រៀន​នេះ​ដែរ។

១៣ ក្នុង​សេចក្ដី​បង្រៀន​នៅ​លើ​ភ្នំ និង​ក្នុង​ទំព័រ​ឯ​ទៀត​របស់​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​គម្ពីរ​ប្រាប់​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ និង​អ្វី​ដែល​យើង​ត្រូវ​ជៀសវាង ដើម្បី​ឲ្យ​យើង​បាន​ចម្រើន​ប្រសើរ​ឡើង​ក្នុង​ជីវិត។ ដំបូន្មាន​នៃ​ព្រះ​គម្ពីរ​គឺ​មាន​ប្រយោជន៍​ណាស់ ដែល​បណ្ដាល​ឲ្យ​អ្នក​អប់រំ​ម្នាក់​និយាយ​ថា⁠៖ «ថ្វី​បើ​រូប​ខ្ញុំ​ជា​អ្នក​ឲ្យ​ឱវាទ​ដល់​កូន​សិស្ស​នៅ​សាលា​មធ្យម​សិក្សា មាន​សញ្ញាប័ត្រប​រិញ្ញា​ត្រី​និង​បរិញ្ញា​ទោ ហើយ​ទាំង​បាន​អាន​សៀវភៅ​ជា​ច្រើន​អំពី​សុខភាព​ខាង​ចិត្ត​និង​អំពី​ចិត្ត​សាស្ត្រ​ក៏​ដោយ ខ្ញុំ​បាន​រក​ឃើញ​ថា ដំបូន្មាន​ព្រះ​គម្ពីរ​ដែល​ប្រាប់​អំពី​ការ​ផ្សេង⁠ៗ ដូច​ជា​ការ​ជួយ​អាពាហ៍ពិពាហ៍​ឲ្យ​បាន​សម្រេច​ជោគជ័យ ការ​ការពារ​កុំ​ឲ្យ​ជន​វ័យ​ក្មេង​ប្រព្រឹត្ត​បទ​ល្មើស​និង​របៀប​រក​បាន​មិត្ត​ទាំង​ឲ្យ​នៅ​បាន​ជាប់​ជានិច្ច នោះ​ដ៏​ល្អ​ប្រសើរ​ជាង​អ្វី⁠ៗ​ទាំង​អស់ ដែល​ខ្ញុំ​បាន​អាន​និង​បាន​សិក្សា នៅ​មហា​វិទ្យាល័យ​ទៅ​ទៀត»។ ព្រះ​គម្ពីរ​គឺ​មិន​គ្រាន់​តែ​មាន​ផល​ប្រយោជន៍​ហើយ​ទាន់​សម័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ទុក​ចិត្ត​ជឿ​បាន​ផង។

ត្រឹម​ត្រូវ​នឹង​ទុក​ចិត្ត​ជឿ​បាន

១៤ ទោះបី​ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​វិទ្យាសាស្ត្រ​ក៏​ដោយ ព្រះ​គម្ពីរ​គឺ​ត្រឹម​ត្រូវ​តាម​វិទ្យាសាស្ត្រ​ជា​ដរាប។ ជា​ឧទាហរណ៍ នៅ​គ្រា​ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ថា ផែនដី​មាន​រាង​សំប៉ែត នោះ​ព្យាការី​អេសាយ​បាន​ថ្លែង​អំពី​ផែនដី​ថា​ជា​«រង្វង់» (ពាក្យ​ហេព្រើរ ឆួក ក្នុង​នេះ​មាន​ន័យ​ថា​«ដុំ​មូល»)។ (អេសាយ ៤០:⁠២២) គំនិត​ដែល​ថា​ផែនដី​ជា​ដុំ​មូល គឺ​មិន​សូវ​មាន​គេ​ទទួល​ស្គាល់​ទេ ទាល់តែ​ដល់​ពេល​រាប់​ពាន់​ឆ្នាំ​ក្រោយ​ជំនាន់​អេសាយ។ ថែម​ទៅ​ទៀត យ៉ូប ២៦:៧​—⁠ដែល​បាន​ត្រូវ​សរសេរ​ជាង​៣០០០​ឆ្នាំ​មក​ហើយ​នោះ​—⁠ថ្លែង​ថា​ព្រះ​«ព្យួរ​ផែនដី​នៅ​ទទេ​ធេង»។ អ្នកប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​ម្នាក់​និយាយ​ថា⁠៖ «របៀប​ដែល​លោក​យ៉ូប​ដឹង​សេចក្ដី​ពិត​ដែល​បាន​ត្រូវ​សម្ដែង​បញ្ជាក់​ដោយ​តារា​វិទ្យា​ហើយ ថា​ផែនដី​គឺ​ព្យួរ​នៅ​នឹង​ខ្លួន​ឯង ក្នុង​អវកាស​ទទេ​ល្ហល្ហេវ​នោះ គឺ​ជា​សំនួរ​ដែល​មិន​ងាយ​ឆ្លើយ​បាន​ទេ​ដោយ​ពួក​អ្នក​ដែល​បដិសេធ​ថា បទ​គម្ពីរ​បរិសុទ្ធ​មិន​មែន​បណ្ដាល​មក​ពី​ព្រះ»។

១៥ បែប​បទ​នៃ​សេចក្ដី​រាយ​ការណ៍​ក្នុង​ព្រះ​គម្ពីរ​ក៏​ពង្រឹង​ការ​ទុក​ចិត្ត​របស់​យើង​លើ​​សៀវភៅ​ដ៏​ចាស់​ជរា​នេះ​ដែរ។ មិន​ដូច​រឿង​ព្រេង​ទេ ព្រឹត្ដិការណ៍​ដែល​ប្រាប់​ក្នុង​ព្រះ​គម្ពីរ គឺ​មាន​ជាប់​ទាក់ទង​នឹង​មនុស្ស​និង​ពេល​វេលា​យ៉ាង​ជាក់លាក់។ (ពង្សាវតារក្សត្រទី១ ១៤:⁠២៥; អេសាយ ៣៦:​១; លូកា ៣:​១, ២) ហើយ​ពួក​អ្នក​ប្រវត្ដិសាស្ត្រ​បុរាណ​សឹង​តែ​ប្រាប់​ពន្លើស​ជានិច្ច អំពី​ជ័យជំនះ​នៃ​ពួក​អ្នក​ដឹក​នាំ​គេ ហើយ​លាក់​បាំង​ការ​បរាជ័យ​និង​កំហុស​នៃ​ពួក​គេ រីឯ​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ​វិញ​គឺ​ត្រង់​ឥត​លាក់​លាម​ទេ ហើយ​ប្រាប់​ដោយ​ស្មោះ​—⁠គឺ​ប្រាប់​ទាំង​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​របស់​ខ្លួន​ផង។​—⁠ជនគណនា ២០:​៧​-​១៣; ​សាំយូអែលទី២ ១២:​៧​-​១៤; ២៤:⁠១០

សៀវភៅ​ទំនាយ

១៦ ទំនាយ​ដែល​បាន​សម្រេច​ហើយ​ក៏​ផ្ដល់​ទី​សំអាង​ដ៏​ប្រាកដប្រជា ថា​ព្រះ​គម្ពីរ​គឺ​បណ្ដាល​មក​ពី​ព្រះ។ ព្រះ​គម្ពីរ​មាន​ទំនាយ​ជា​ច្រើន ដែល​បាន​ត្រូវ​សម្រេច​ក្នុង​គ្រប់​សេចក្ដី​ល្អិតល្អន់។ ប្រាកដ​ហើយ មនុស្ស​លោក​ធម្មតា​មិន​អាច​បណ្ដាល​ឲ្យ​ការ​នេះ​សម្រេច​បាន​ទេ។ ដូច្នេះ តើ​អ្វី​ទៅ​ដែល​នៅ​ពី​ក្រោយ​ទំនាយ​ទាំង​នេះ? ព្រះ​គម្ពីរ​ចែង​ប្រាប់​ផ្ទាល់​ថា «ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ» ឬ​សកម្ម​ពល​របស់​ព្រះ​វិញ។ (ពេត្រុសទី២ ១:⁠២១) សូម​យើង​ពិចារណា​មើល​ឧទាហរណ៍​ខ្លះ។

១៧ ការ​ធ្លាក់​អំណាច​នៃ​ក្រុង​បាប៊ីឡូន។ អេសាយ និង​យេរេមា​ទាំង​ពីរ​នាក់​បាន​ទាយ​អំពី​បាប៊ីឡូន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​មេឌី​និង​ពើស៊ី។ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ទំនាយ​របស់​អេសាយ​អំពី​ព្រឹត្ដិការណ៍​នេះ បាន​ត្រូវ​កត់​ទុក​ប្រហែល​២០០​ឆ្នាំ​មុន​បាប៊ីឡូន​ត្រូវ​​បរាជ័យ! ចំណុច​ខាង​ក្រោម​នេះ​នៃ​ទំនាយ ឥឡូវ​គឺ​ជា​ព្រឹត្ដិការណ៍​ដ៏​ល្បី​ក្នុង​ប្រវត្ដិសាស្ត្រ⁠៖ ការ​សម្រក​ទឹក​ទន្លេ​អ៊ើប្រាត ដោយ​បង្វែរ​ទឹក​ទន្លេ​ឲ្យ​ហូរ​ចូល​ទៅ​ក្នុង​បឹង​ដែល​មនុស្ស​ជីក (អេសាយ ៤៤:⁠២៧; យេរេមា ៥០:⁠៣៨); ការ​ធ្វេសប្រហែស​មិន​មាន​ការ​ឃ្លាំ​យាម​គ្រប់គ្រាន់​នៅ​ខ្លោងទ្វារ​ទន្លេ​បាប៊ីឡូន (អេសាយ ៤៥:⁠១); និង​ការ​វាយ​ដណ្ដើម​យក​ទី​ក្រុង​បាន ដោយ​អ្នក​គ្រប់គ្រង​ឈ្មោះ​ស៊ីរូស។​—⁠អេសាយ ៤៤:⁠២៨

១៨ ការ​ឡើង​និង​ការ​ធ្លាក់​អំណាច​នៃ​«ស្តេច​សាសន៍​ក្រេក»។ ក្នុង​ចក្ខុនិមិត្ត ដានីយ៉ែល​បាន​ឃើញ​ពពែ​ឈ្មោល​មួយ​ជល់​ចៀម​ឈ្មោល​មួយ​ស្លាប់ បំបាក់​ស្នែង​ទាំង​ពីរ​របស់​វា។ រួច​មក​ស្នែង​មួយ​ធំ​របស់​ពពែ​ក៏​ត្រូវ​បាក់ ហើយ​ស្នែង​បួន​ក៏​ដុះ​ឡើង​ជំនួស​វិញ។ (ដានីយ៉ែល ៨:​១​-​៨) សេចក្ដី​នេះ​បាន​ត្រូវ​ពន្យល់​ប្រាប់​ដល់​ដានីយ៉ែល​ថា⁠៖ «ឯ​ចៀម​ឈ្មោល​មាន​ស្នែង​២​ដែល​ឯង​បាន​ឃើញ នោះ​គឺ​ជា​ស្តេច​សាសន៍​មេឌី នឹង​ស្តេច​សាសន៍​ពើស៊ី ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ គឺ​ជា​ស្តេច​សាសន៍​ក្រេក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​ជា​កណ្ដាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង ឯ​ដំណើរ​ដែល​ស្នែង​នោះ​ត្រូវ​បាក់ ហើយ​មាន​ស្នែង​៤​ដុះ​ឡើង​ជំនួស នោះ​គឺ​ជា​នគរ​៤ ដែល​នឹង​កើត​ឡើង ពី​សាសន៍​នោះ តែ​មិន​មែន​មាន​អំណាច​ដូច​ស្តេច​ដើម​នោះ​ទេ»។ (ដានីយ៉ែល ៨:២០​-​២២) គឺ​ត្រូវ​តាម​ទំនាយ​មែន ប្រហែល​ពីរ​សតវត្ស​ក្រោយ​មក «ស្តេច​សាសន៍​ក្រេក» អ័លេក្សានត្រុស​ដ៏​ធំ​បាន​រំលំ​ចក្រភព​ស្នែង​ពីរ​នៃ​សាសន៍​មេឌី-ពើស៊ី​ទៅ។ អ័លេក្សានត្រុស​ទទួល​​មរណភាព​នៅ​ឆ្នាំ​៣២៣ ម.ស.យ. ហើយ​ក្រោយ​មក​ក៏​បាន​មេទ័ព​បួន​នាក់​របស់​លោក​ឡើង​កាន់​អំណាច​វិញ។ ប៉ុន្តែ រាជាណាចក្រ​ក្រោយ⁠ៗទាំង​ប៉ុន្មាន​នេះ​គឺ​ឥត​មាន​អំណាច​ខ្លាំង​ក្លា​ដូច​ចក្រភព​របស់​អ័លេក្សានត្រុស​ទេ។

១៩ ជីវិត​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ។ បទ​គម្ពីរ​ហេព្រើរ​មាន​ទំនាយ​ជា​ច្រើន​ដែល​បាន​ត្រូវ​សម្រេច​អំពី​ការ​ចាប់​កំណើត កិច្ច​បំរើ ការ​សោយ​ទិវង្គត​និង​ការ​ប្រោស​រស់​ឡើង​វិញ​នៃ​ព្រះ​យេស៊ូ។ ជា​ឧទាហរណ៍ មីកា​បាន​ទាយ​ទុក​ជាង​៧០០​ឆ្នាំ​មុន​ថា ព្រះមេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ​នឹង​មក​ចាប់​កំណើត​នៅ​បេថ្លេហិម។ (មីកា ៥:១; លូកា ២:​៤​-​៧) អេសាយ​ដែល​នៅ​ជំនាន់​មីកា​ដែល​នោះ ក៏​បាន​ទាយ​ថា​ព្រះមេស្ស៊ី​នឹង​ត្រូវ​គេ​វាយ​ហើយ​ស្ដោះ​ដាក់។ ​(អេសាយ ៥០:⁠៦; ម៉ាថាយ ២៦:⁠៦៧) មុន​៥០០​ឆ្នាំ សាការី​បាន​ទាយ​ថា ​ព្រះមេស្ស៊ី​នឹង​ត្រូវ​គេ​ក្បត់ ដើម្បី​ប្រាក់​៣០​ដុំ។ (សាការី ១១:⁠១២; ម៉ាថាយ ២៦:⁠១៥) មុន​ជាង​មួយ​ពាន់​ឆ្នាំ ដាវីឌ​បាន​ទាយ​ប្រាប់​អំពី​កាលៈទេសៈ​ដែល​ទាក់ទង​នឹង​ការ​សោយ​ទិវង្គត​នៃ​ព្រះ​យេស៊ូ​ជា​ព្រះមេស្ស៊ី។ (ទំនុកដំកើង ២២:​៧, ៨, ១៨; ម៉ាថាយ ២៧:​៣៥, ៣៩​-​៤៣) ហើយ​មុន​ប្រហែល​ប្រាំ​សតវត្ស ទំនាយ​របស់​ដានីយ៉ែល សម្ដែង​ប្រាប់​នូវ​វេលា​ដែល​ព្រះមេស្ស៊ី​នឹង​លេច​ខ្លួន​មក ព្រម​ទាំង​កំឡុង​ពេល​នៃ​កិច្ច​បំរើ​របស់​ទ្រង់ និង​គ្រា​ដែល​ទ្រង់​ត្រូវ​សោយ​ទិវង្គត​ផង។ (ដានីយ៉ែល ៩:​២៤​-​២៧) នេះ​គ្រាន់​តែ​ជា​ទំនាយ​ខ្លះ⁠ៗ​តែ​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​សម្រេច​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ។ អ្នក​នឹង​ឃើញ​ថា​មាន​ប្រយោជន៍​ជា​មិន​ខាន ដោយ​អាន​អំពី​ទ្រង់​ថែម​ទៀត​នៅ​ជំពូក​ក្រោយ។

២០ ទំនាយ​ជា​ច្រើន​ដែល​ទាយ​ទុក​ជា​យូរ​មក បាន​ត្រូវ​សម្រេច​រួច​ហើយ។ អ្នក​ប្រហែល​នឹង​សួរ​ថា ‹ប៉ុន្តែ តើ​នេះ​មាន​អ្វី​ទាក់ទង​នឹង​ជីវិត​ខ្ញុំ›? បើសិន​មាន​អ្នក​ណា​ម្នាក់​ប្រាប់​អ្នក​នូវ​សេចក្ដី​ពិត​អស់​ជា​ច្រើន​ឆ្នាំ តើ​អ្នក​ស្រាប់​តែ​មិន​ជឿ​គាត់​ភ្លាម​ឬ បើ​គាត់​និយាយ​រឿង​អ្វី​មួយ​ថ្មី? គឺ​អត់​ទេ! ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។ តើ​នេះ​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​ទុក​ចិត្ត​ថែម​ទេ​ឬ លើ​សេចក្ដី​សន្យា​នៃ​ព្រះ​គម្ពីរ ដូច​ជា​ទំនាយ​ព្រះ​គម្ពីរ​អំពី​សួន​មនោរម្យ​លើ​ផែនដី ដែល​ជិត​មក​ដល់​ហើយ​នោះ? ប្រាកដ​ហើយ យើង​អាច​ទុក​ចិត្ត​បាន​ដូច​ប៉ុល​ដែរ ដែល​ជា​សិស្ស​នៃ​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ ដែល​សរសេរ​ថា ‹ព្រះ​មិន​ចេះ​ភូត​ទេ›។ (ទីតុស ១:⁠២) ថែម​ទៅ​ទៀត ពេល​យើង​អាន​បទ​គម្ពីរ​ហើយ​អនុវត្ត​តាម​ដំបូន្មាន​បទ​គម្ពីរ​ផង នោះ​យើង​គឺ​ប្រើ​ប្រាជ្ញា​ដែល​មនុស្ស​មិន​អាច​រក​បាន​ដោយ​ខ្លួន​គេ​ឡើយ ដ្បិត​ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដែល​បង្ហាញ​នូវ​ចំណេះ​អំពី​ព្រះ ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។

«សង្វាត​រក»​ចំណេះ​អំពី​ព្រះ

២១ ពេល​អ្នក​រៀន​សូត្រ​ព្រះ​គម្ពីរ អ្នក​ប្រហែល​បាន​រៀន​ដឹង​នូវ​របស់​ដែល​ខុស​ពី​អ្វី⁠ៗដែល​អ្នក​បាន​រៀន​កាល​ពី​មុន។ អ្នក​ប្រហែល​ជា​ឃើញ​ថា ទំនៀម​ទម្លាប់​សាសនា​ខ្លះ​ដែល​អ្នក​ចូល​ចិត្ត​យ៉ាង​ខ្លាំង​នោះ មិន​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​ផង។ អ្នក​នឹង​ជ្រាប​ថា ព្រះ​មាន​ខ្នាត​តម្រា​សំរាប់​ការ​ខុស​ត្រូវ ដែល​ខ្ពស់​ជាង​ខ្នាត​តម្រា​ដ៏​មាន​ទូទៅ​ក្នុង​លោកីយ៍​ដ៏​មិន​ចេះ​ហាមឃាត់​សោះ​នេះ។ នេះ​ប្រហែល​ជា​ហួស​ហេតុ​ពេក​ណាស់​នៅ​ពេល​ដំបូង។ ប៉ុន្តែ សូម​ឲ្យ​មាន​ចិត្ត​អត់ធ្មត់! សូម​ពិនិត្យ​មើល​ព្រះ​គម្ពីរ​ឲ្យ​ហ្មត់ចត់ ដើម្បី​រក​ចំណេះ​អំពី​ព្រះ។ សូម​អ្នក​បើក​ចំហ​ចិត្ត​ផង ក្រែង​មាន​ដំបូន្មាន​ណា​ក្នុង​ព្រះ​គម្ពីរ​តម្រូវ​ឲ្យ​អ្នក​កែ​ប្រែ​ក្នុង​ការ​គិតគូរ​និង​ការ​ប្រព្រឹត្ត​របស់​អ្នក។

២២ បងប្អូន​ញាតិ​មិត្ត​ដែល​មាន​បំណង​ចិត្ត​ល្អ ប្រហែល​ប្រឆាំង​នឹង​អ្នក​ក្នុង​ការ​រៀន​សូត្រ​ព្រះ​គម្ពីរ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ថា⁠៖ «ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះ​វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ​វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ»។ (ម៉ាថាយ ១០:៣២, ៣៣) អ្នក​ខ្លះ​ប្រហែល​ជា​ខ្លាច ក្រែង​អ្នក​នឹង​ចូល​រួម​ជា​មួយ​សាសនា​ចម្លែក​ណា​មួយ ឬ​នឹង​ក្លាយ​ជា​ស្លុង​គំនិត​នឹង​អ្វី​មួយ។ ប៉ុន្តែ តាម​ពិត​ទៅ អ្នក​គ្រាន់​តែ​ប្រឹង​រក​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​និង​សេចក្ដី​ពិត​នៃ​ទ្រង់​តែ​​ប៉ុណ្ណោះ។ (ធីម៉ូថេទី១ ២:​៣, ៤) ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​ការ​នេះ សូម​អ្នក​ចេះ​គួរ​សម កុំ​ឲ្យ​ប្រកែក​រក​រឿង​ពេល​អ្នក​និយាយ​ប្រាប់​គេ អំពី​អ្វី​ដែល​អ្នក​កំពុង​រៀន។ (ភីលីព ៤:⁠៥) សូម​ចាំ​ថា មនុស្ស​ជា​ច្រើន​បាន​ត្រូវ​«ទាញ​ចិត្ត​មក​បាន» ពេល​គេ​ឃើញ​ទី​សំអាង​ដែល​បង្ហាញ​ថា ចំណេះ​ព្រះ​គម្ពីរ​គឺ​ពិត​ផ្ដល់​ផល​ប្រយោជន៍​ដល់​មនុស្ស​មែន។—⁠ពេត្រុសទី១ ៣:​១, ២

២៣ ព្រះ​គម្ពីរ​តឿន​យើង⁠៖ «ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ​ខាង​[ព្រះ​បន្ទូល]​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត»។ (ពេត្រុសទី១ ២:២) ទារក​ពឹង​លើ​ទឹក​ដោះ​ពី​ម្ដាយ​វា ហើយ​ទារក​ចង់​បាន​ទឹក​ដោះ​ជានិច្ច ពេល​វា​ឃ្លាន។ ឯ​យើង​វិញ​ក៏​ស្រដៀង​គ្នា​ដែរ គឺ​ពឹង​លើ​ចំណេះ​ពី​ព្រះ។ សូម​«សង្វាត​រក»​ព្រះ​បន្ទូល​នៃ​ទ្រង់ ដោយ​បន្ត​ការ​រៀន​សូត្រ​របស់​អ្នក​ទៅ​មុខ​ទៀត។ គឺ​ប្រាកដ​ហើយ សូម​តាំង​ទុក​ជា​គោល​បំណង​របស់​អ្នក​ដោយ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ (ទំនុកដំកើង ១:​១​-​៣) នេះ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ពរ​ដ៏​ល្អ​ថ្លៃ​ថ្លា ដ្បិត​​ទំនុកដំកើង ១៩:⁠១១ ចែង​អំពី​បញ្ញត្ត​នៃ​ព្រះ​ថា⁠៖ «កាន់​តាម​[បញ្ញត្ត]​នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ»។

[កំណត់​សម្គាល់]

a  ម.ស.យ. គឺ​«មុន​សករាជ​យើង»​ដែល​មាន​ន័យ​ត្រឹម​ត្រូវ​ជាង ម.គ.ស. (មុន​គ្រីស្ទ​សករាជ»)។ ស.យ. មាន​ន័យ​ថា​«សករាជ​យើង» ដែល​គេ​តែង​តែ​ហៅ​ថា គ.ស. ជា​អក្សរ​កាត់​សំរាប់​គ្រីស្ទ​សករាជ ដែល​មាន​ន័យ​ថា «សម័យ​ព្រះ​គ្រីស្ទ»។

សាកល្បង​ចំណេះ​របស់​អ្នក

តើ​ព្រះ​គម្ពីរ​ខុស​ប្លែក​យ៉ាង​ដូច​ម្ដេច​ពី​សៀវភៅ​ឯ​ទៀត?

ហេតុ​អ្វី​អ្នក​អាច​ទុក​ចិត្ត​លើ​ព្រះ​គម្ពីរ?

តើ​មាន​ភស្តុតាង​អ្វី​ដែល​បង្ហាញ​ប្រាប់​អ្នក​ថា ព្រះ​គម្ពីរ​គឺ​ជា​បន្ទូល​ដែល​បណ្ដាល​មក​ពី​ព្រះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១, ២​. ហេតុ​អ្វី​យើង​ត្រូវ​ការ​សេចក្ដី​ណែនាំ​នៃ​ព្រះ​អាទិទេព​របស់​យើង?

៣, ៤​. (ក) តើ​យើង​គួរ​ចាប់​រៀន​សូត្រ​ព្រះ​គម្ពីរ​តាម​គំនិត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​នឹង​ចាប់​ពិនិត្យ​ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

៥​. (ក) តើ​មាន​អ្វី​នៅ​ក្នុង​បទ​គម្ពីរ​ហេព្រើរ? (ខ) តើ​បទ​គម្ពីរ​ក្រិក​មាន​អ្វី​ខ្លះ​ដែរ?

៦​. ហេតុ​អ្វី​យើង​គួរ​រៀន​ព្រះ​គម្ពីរ​ទាំង​មូល?

៧​. តើ​អ្វី​ជា​សាច់​រឿង​នៃ​ព្រះ​គម្ពីរ?

៨​. តើ​ព្រះ​គម្ពីរ​បង្ហាញ​នូវ​អ្វី​ខ្លះ​អំពី​បុគ្គលិកលក្ខណៈ​នៃ​ព្រះ?

៩​. តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង​យ៉ាង​ច្បាស់​អំពី​ខ្នាតតម្រា​របស់​ព្រះ ហើយ​យើង​អាច​ទទួល​ផល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ចំណេះ​បែប​នេះ?

១០​. (ក) ហេតុ​អ្វី​អ្នក​ខ្លះ​យល់​ថា ព្រះ​គម្ពីរ​គឺ​ចាស់​ហួស​សម័យ​ហើយ? (ខ) តើ​ធីម៉ូថេទី២ ៣:​១៦, ១៧ ប្រាប់​យើង​នូវ​អ្វី​អំពី​ព្រះ​គម្ពីរ?

១១​-​១៣​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា ព្រះ​គម្ពីរ​មាន​ប្រយោជន៍​សំរាប់​សម័យ​យើង​នេះ?

១៤​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​គម្ពីរ​គឺ​ត្រឹម​ត្រូវ​តាម​វិទ្យាសាស្ត្រ?

១៥​. តើ​បែប​បទ​នៃ​សេចក្ដី​រាយ​ការណ៍​ជួយ​ពង្រឹង​ការ​ទុក​ចិត្ត​លើ​ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១៦​. តើ​អ្វី​ជា​ទី​សំអាង​ដ៏​ខ្លាំង​បំផុត ដែល​បង្ហាញ​ថា​ព្រះ​គម្ពីរ​គឺ​បណ្ដាល​មក​ពី​ព្រះ?

១៧​. តើ​ទំនាយ​អ្វី​ដែល​ទាយ​ប្រាប់​អំពី​ការ​ធ្លាក់​អំណាច​នៃ​ក្រុង​បាប៊ីឡូន ហើយ​ទំនាយ​ទាំង​នេះ​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៨​. តើ​ទំនាយ​ព្រះ​គម្ពីរ​អំពី​ការ​ឡើង​និង​ការ​ធ្លាក់​អំណាច​នៃ​«ស្តេច​សាសន៍​ក្រេក»​នោះ​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៩​. តើ​ទំនាយ​អ្វី​ខ្លះ​ដែល​បាន​ត្រូវ​សម្រេច​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ?

២០​. តើ​ទំនាយ​ដែល​បាន​ត្រូវ​សម្រេច​ដែល​កត់​ទុក​យ៉ាង​ល្អ​ឥតខ្ចោះ​ក្នុង​ព្រះ​គម្ពីរ​នោះ គួរ​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​យ៉ាង​ដូច​ម្ដេច?

២១​. តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​បើសិន​ជា​សេចក្ដី​ខ្លះ​ដែល​អ្នក​រៀន​ពី​ព្រះ​គម្ពីរ​ហាក់​ដូច​ជា​ហួស​ហេតុ​ពេក?

២២​. ហេតុ​អ្វី​បាន​ជា​អ្នក​រៀន​សូត្រ​ព្រះ​គម្ពីរ ហើយ​តាម​របៀប​ណា​ដែល​អ្នក​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​ការ​នេះ?

២៣​. តើ​តាម​របៀប​ណា​ដែល​អ្នក​អាច«សង្វាត​រក»ចំណេះ​អំពី​ព្រះ?

[ប្រអប់​នៅ​ទំព័រ​១៤]

សូម​ឲ្យ​មាន​ចំណេះ​ចេះ​ប្រើ​ព្រះ​គម្ពីរ​របស់​អ្នក

រក​ចំណេះ​ចេះ​ប្រើ​ព្រះ​គម្ពីរ​គឺ​មិន​ត្រូវ​ពិបាក​ឡើយ។ ប្រើ​មាតិកា​នៃ​ព្រះ​គម្ពីរ រៀន​ឲ្យ​បាន​ដឹង​នូវ​លំដាប់​លំដោយ​និង​កន្លែង​នៃ​សៀវភៅ​និមួយ​ក្នុង​ព្រះ​គម្ពីរ។

សៀវភៅ​ក្នុង​ព្រះ​គម្ពីរ​មាន​ជំពូក​នឹង​ខ​សំរាប់​ស្រួល​រក​ស្រង់​សេចក្ដី។ ការ​បែងចែក​ចេញ​ជា​ជំពូក​បាន​ត្រូវ​បន្ថែម​ក្នុង​រយៈ​សតវត្ស​ទី១៣ ហើយ​អ្នក​បោះ​ពុម្ព​ជាតិ​បារាំង​ម្នាក់​នៅ​សតវត្ស​ទី១៦ បាន​បែងចែក​បទ​ព្រះ​គម្ពីរ​ក្រិក​ចេញ​ជា​ខ​មួយ⁠ៗ ដែល​គេ​ប្រើ​សព្វ​ថ្ងៃ​នេះ។ សៀវភៅ​ព្រះ​គម្ពីរ​ទាំង​មូល​មុន​គេ​បង្អស់​ដែល​មាន​លេខ​ជំពូក​និង​លេខ​ខ​ផង​គឺ​បោះ​ពុម្ព​ចេញ​ជា​ភាសា​បារាំង​ក្នុង​១៥៥៣។

ពេល​បទ​គម្ពីរ​បាន​ត្រូវ​ស្រង់​ក្នុង​សៀវភៅ​នេះ លេខ​ទី​មួយ​គឺ​ជា​លេខ​ជំពូក ហើយ​លេខ​បន្ទាប់​មក​គឺ​ជា​លេខ​ខ។ ជា​ឧទាហរណ៍ បទ​គម្ពីរ​«សុភាសិត ២:៥» ដែល​ស្រង់​មក​នេះ គឺ​មាន​ន័យ​ថា​សៀវភៅ​សុភាសិត​ជំពូកទី២ ខ​ទី៥។ ដោយ​ស្រាវ​រក​អាន​បទ​គម្ពីរ​ដែល​ស្រង់​មក នោះ​មិន​យូរ​ទេ​អ្នក​នឹង​ឃើញ​ថា​ស្រួល​រក​អ្នក​បទ​ព្រះ​គម្ពីរ​ជា​មិន​ខាន។

វិធី​ដ៏​ប្រសើរ​បំផុត ដែល​ជួយ​ឲ្យ​យើង​បាន​ចំណេះ​ចេះ​ប្រើ​ព្រះ​គម្ពីរ នោះ​គឺ​យើង​គួរ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ ដំបូង នេះ​ហាក់​ដូច​ជា​ពិបាក​មែន។ ប៉ុន្តែ បើ​អ្នក​អាន​តែ​បី​ជំពូក​ទៅ​ប្រាំ​ជំពូក​ក្នុង​មួយ​ថ្ងៃ តាម​តែ​ជំពូក​វែង​ឬ​ខ្លី នោះ​អ្នក​នឹង​អាន​ចប់​ព្រះ​គម្ពីរ​ទាំង​មូល​ក្នុង​រយៈ​មួយ​ឆ្នាំ។ ដូច្នេះ ហេត​អ្វី​មិន​ចាប់​ផ្ដើម​អាន ពី​ថ្ងៃ​នេះ?

[ប្រអប់​នៅ​ទំព័រ​១៩]

ព្រះ​គម្ពីរ​—⁠សៀវភៅ​ដ៏​ល្អ​ប្លែក​មួយ

• ព្រះ​គម្ពីរ​គឺ​ជា«ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង»។ (ធីម៉ូថេ​ទី២ ៣:⁠១៦) ថ្វី​បើ​មនុស្ស​ជា​អ្នក​សរសេរ​ក៏​ដោយ គឺ​ព្រះ​ទេ​ជា​អ្នក​ដឹក​នាំ​គំនិត​របស់​ពួក​គេ ម្ល៉ោះ ហើយ​ព្រះ​គម្ពីរ​គឺ​ពិត​ជា«បន្ទូល​នៃ​ព្រះ»​មែន។​—⁠ថែស្សាឡូនីចទី១ ២:⁠១៣, ព.ថ.

• ព្រះ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្នុង​រយៈ​ពេល​ជាង​១៦​សតវត្ស ដោយ​មនុស្ស​៤០​នាក់​ដ៏​មាន​ប្រវត្ដិ​ខុស​ប្លែក​ពី​គ្នា ជួយ​រួម​ដៃ។ ប៉ុន្តែ សៀវភៅ​គម្ពីរ​ទាំង​មូល​គឺ​សម្រុះ​គ្នា​ពីដើម​ដល់​ចប់។

• ព្រះ​គម្ពីរ​បាន​ជ័យជំនះ​លើ​ការ​ជំទាស់​ប្រឆាំង​ច្រើន​ជាង​សៀវភៅ​ណា​ទាំង​អស់។ នៅ​ជំនាន់​មជ្ឈិម​សម័យ មនុស្ស​បាន​ត្រូវ​គេ​ដុត​ទាំង​រស់ ដោយ​ព្រោះ​តែ​គេ​មាន​បទ​គម្ពីរ។

• ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដែល​លក់​ដាច់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ហើយ​ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ចំណែក​ខ្លះ បាន​ត្រូវ​បកប្រែ​ជា​ភាសា​ផ្សេង⁠ៗ​ជាង​២០០០​យ៉ាង។ ព្រះ​គម្ពីរ​រាប់​រយ​កោដិ​ក្បាល​បាន​ត្រូវ​បោះ​ពុម្ព ហើយ​នៅ​លើ​ផែនដី សឹង​តែ​គ្រាប់​ទី​កន្លែង​ណា ក៏​គេ​អាច​រក​ព្រះ​គម្ពីរ​ឃើញ​ដែរ។

• ចំណែក​ដ៏​ចាស់​បំផុត​នៃ​ព្រះ​គម្ពីរ​មាន​កំណត់​អាយុ​តាំង​ពី​សតវត្ស​ទី១៦​ម.ស.យ.​ម្ល៉េះ។ នេះ​គឺ​មុន​ពេល​គេ​សរសេរ​រ៉ីក-រឺដា​នៃ​សាសនា​ហិណ្ទូ (ភាសា​អង់គ្លេស) (ប្រហែល​ក្នុង​ឆ្នាំ១៣០០ម.ស.យ.) ឬ​«គម្ពីរ​ព្រះ​ត្រៃបិតក»នៃ​សាសនា​ព្រះ​ពុទ្ធ (សតវត្ស​ទី​ប្រាំ​ម.ស.យ.) ឬ កូរាណ​នៃ​សាសនា​អ៊ីស្លាម (ភាសា​អង់គ្លេស) (សតវត្ស​ទី​ប្រាំ​ពីរ​ស.យ.) ព្រម​ទាំង​នីហូនហ្គី​នៃ​សាសនា​ស៊ីនតូ (ភាសា​អង់គ្លេស) (ឆ្នាំ​៧៦០ស.យ.)​ផង។

[រូបភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​២០]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក