បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pr ផ. ៣ ទំ. ១០-១៦
  • ប្រភពល្អឯកនៃប្រាជ្ញាដ៏ប្រសើរឧត្ដម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រភពល្អឯកនៃប្រាជ្ញាដ៏ប្រសើរឧត្ដម
  • តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សៀវភៅ​ដ៏​ចាស់​បុរាណ​ជាង​គេ​ដែល​បាន​ចែក​ចាយ​ច្រើន​ពាស​ពេញ​បំផុត
  • សេចក្ដី​ត្រូវ​ទៀងទាត់​ខាង​វិទ្យាសាស្ត្រ
  • ភាព​ត្រឹម​ត្រូវ​ខាង​ប្រវត្ដិសាស្ត្រ
  • សេចក្ដី​សម្រុះ​គ្នា​និង​សេចក្ដី​ត្រង់​ឥត​លាក់​លាម​ក្នុង​ព្រះ​គម្ពីរ
  • លក្ខណៈ​ដ៏​ប្លែក​ពិសេស​បំផុត​នៃ​ព្រះ​គម្ពីរ
  • ទំនាយ​ដែល​បាន​សម្រេច
  • ព្រះ​គម្ពីរ​មាន​ចម្លើយ​សម្រាប់​យើង
  • សេចក្ដីបង្រៀនពិតដែលព្រះទ្រង់សព្វព្រះហឫទ័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • តើព្រះគម្ពីរពិតជាមកពីព្រះមែនឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • សៀវភៅដែលបង្ហាញនូវចំណេះអំពីព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
pr ផ. ៣ ទំ. ១០-១៦

ផ្នែកទី៣

ប្រភព​ល្អ​ឯក​នៃ​ប្រាជ្ញា​ដ៏​ប្រសើរ​ឧត្តម

១, ២​. ហេតុ​អ្វី​ក៏​យើង​គួរ​តែ​ពិនិត្យ​មើល​ព្រះ​គម្ពីរ?

១ តើ​ព្រះ​គម្ពីរ​ជា​ឯកសារ​នៃ​ប្រាជ្ញា​ដ៏​ប្រសើរ​ឧត្តម​ឬ? តើ​ព្រះ​គម្ពីរ​អាច​ផ្ដល់​នូវ​ចម្លើយ​ដ៏​ពិត​ត្រង់ សម្រាប់​សំនួរ​ដ៏​សំខាន់​ទាំង​ប៉ុន្មាន​ដែល​ទាក់​ទង់​នឹង​គោល​បំណង​នៃ​ជីវិត​ទេ?

២ ប្រាកដ​ហើយ យើង​គួរ​តែ​ពិនិត្យ​មើល​ព្រះ​គម្ពីរ។ មូលហេតុ​មួយ​គឺ​ថា ព្រះ​គម្ពីរ​ជា​សៀវភៅ​ដ៏​ប្លែក​បំផុត​ដែល​បាន​តម្រៀប​បញ្ចូល​គ្នា ដែល​ប្លែក​ឆ្ងាយ​ណាស់​ពី​សៀវភៅ​ឯ​ទៀត​ទាំង​អស់។ សូម​ពិចារណា​មើល​ការ​ពិត​តាម​លំដាប់​ទៅ​នេះ។

សៀវភៅ​ដ៏​ចាស់​បុរាណ​ជាង​គេ​ដែល​បាន​ចែក​ចាយ​ច្រើន​ពាស​ពេញ​បំផុត

៣, ៤​. តើ​ព្រះ​គម្ពីរ​ចាស់​ប៉ុន្មាន​ទៅ​ហើយ?

៣ ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដ៏​ចាស់​បុរាណ​បំផុត​ដែល​បាន​សរសេរ​មក ភាគ​ខ្លះ​នៃ​ព្រះ​គម្ពីរ​បាន​ត្រូវ​តែង​មក​ប្រហែល ៣៥០០ ឆ្នាំ​មក​ហើយ។ ព្រះ​គម្ពីរ​គឺ​ចាស់​ច្រើន​សតវត្ស​ជាង​សៀវភៅ​ណា​ឯ​ទៀត​ដែល​គេ​ចាត់​ទុក​ថា​ជា​ពិសិដ្ឋ។ សៀវភៅ​ទី​មួយ​នៃ​សៀវភៅ ៦៦ ក្បាល​ក្នុង​ព្រះ​គម្ពីរ​បាន​ត្រូវ​សរសេរ​មក​ប្រហែល​មួយ​ពាន់​ឆ្នាំ​មុន ព្រះ​ពុទ្ធ​និង​លទ្ធិ​ខុងជឺ ហើយ​ប្រហែល​ពីរ​ពាន់​ឆ្នាំ​មុន​​ម៉ូហាម័ឌ​ទៅ​ទៀត។

៤ ប្រវត្ដិសាស្ត្រ​ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​រៀប​រាប់​ពី​កាល​ដើម​ដំបូង​នៃ​គ្រួសារ​មនុស្ស ហើយ​ពន្យល់​ប្រាប់​ពី​របៀប​ដែល​មនុស្ស​យើង​បាន​កើត​មក​នៅ​លើ​ផែនដី​នេះ។ ព្រះ​គម្ពីរ​ព្រម​ទាំង​រៀប​រាប់​ប្រាប់​យើង អំពី​គ្រា​ដែល​មនុស្ស​មិន​ទាន់​បាន​បង្កើត​នៅ​ឡើយ​ផង ដោយ​ប្រាប់​យើង​អំពី​ការ​ពិត​ដែល​ផែនដី​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​រូប​រាង​ឡើង។

៥​. តើ​ឯកសារ​សរសេរ​ប៉ុន្មាន​នៃ​ព្រះ​គម្ពីរ ដែល​នៅ​មាន​សល់​ពី​បុរាណ ប្រៀប​នឹង​ឯកសារ​បុរាណ​ឯ​ទៀត​ដែល​មិន​មែន​ខាង​សាសនា?

៥ សៀវភៅ​សាសនា​ឯ​ទៀត និង​សៀវភៅ​ដែល​មិន​មែន​ខាង​សាសនា នៅ​មាន​សល់​ឯកសារ​សរសេរ​ដ៏​ចាស់​តែ​ប៉ុន្មាន​ក្បាល​ប៉ុណ្ណោះ។ តែ​នៅ​មាន​ប្រហែល ១១.០០០ ក្បាល​នៃ​សៀវភៅ​គម្ពីរ​ទាំង​មូល​ឬ​ជា​ចំណែក ដែល​បាន​ត្រូវ​ចម្លង​ទុក​មក​ដោយ​ដៃ ជា​ភាសា​ហេព្រើរ​និង​ភាសា​ក្រិក ហើយ​សៀវភៅ​ខ្លះ​នេះ​បាន​ត្រូវ​ចម្លង​មិន​យូរ​ប៉ុន្មាន​ពី​ពេល​គេ​សរសេរ​សៀវភៅ​ដើម​ដំបូង​ផង។ សៀវភៅ​គម្ពីរ​ទាំង​នេះ​បាន​នៅ​គង់​វង់ ថ្វី​បើ​គេ​បាន​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី នឹង​បំផ្លាញ​ចោល ដោយ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ណា​ក៏​ដោយ។

៦​. តើ​ព្រះ​គម្ពីរ​បាន​ត្រូវ​គេ​ចែក​ចាយ​ពាស​ពេញ​ច្រើន​ប៉ុន​ណា?

៦ ហើយ​ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដែល​គេ​បាន​ចែក​ចាយ​ពាស​ពេញ​ច្រើន​លើស​គេ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ។ ប្រហែល​បី​រយ​កោដិ​ក្បាល​នៃ​សៀវភៅ​គម្ពីរ​ទាំង​មូល ឬ​ជា​ចំណែក​បាន​ត្រូវ​បាន​ចែក​ចាយ​ក្នុង​ប្រមាណ​ពីរ​ពាន់​ភាសា។ មាន​សេចក្ដី​រាយ​ការណ៍​ថា ៩៨ ភាគ​រយ​នៃ​អស់​ទាំង​គ្រួសារ​មនុស្ស​អាច​មាន​ព្រះ​គម្ពីរ​អាន ជា​ភាសា​របស់​គេ​ផ្ទាល់​ខ្លួន។ ឥត​មាន​សៀវភៅ​ណា​ឯ​ទៀត​ដែល​មាន​ចំនួន​ចែក​ចាយ​ស្មើ​នឹង​ព្រះ​គម្ពីរ​សោះ​ឡើយ។

៧​. តើ​ព្រះ​គម្ពីរ​គឺ​ត្រូវ​ទៀងទាត់​យ៉ាង​ដូច​ម្ដេច?

៧ ថែម​ទៅ​ទៀត គ្មាន​សៀវភៅ​បុរាណ​ឯ​ទៀត​ណា​ដែល​ត្រូវ​ទៀងទាត់​ដូច​ព្រះ​គម្ពីរ​ទេ។ អ្នកវិទ្យាសាស្ត្រ អ្នក​ប្រវត្ដិសាស្ត្រ ​បុរាណវត្ថុវិទូ អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រ អ្នក​ជំនាញ​ខាង​ភាសា ព្រម​ទាំង​អ្នក​ឯ​ទៀត​បាន​បញ្ជាក់​រឿង​ក្នុង​ព្រះ​គម្ពីរ​ជា​រឿយៗ។

សេចក្ដី​ត្រូវ​ទៀងទាត់​ខាង​វិទ្យាសាស្ត្រ

៨​. តើ​ព្រះ​គម្ពីរ​គឺ​ត្រូវ​ទៀងទាត់​យ៉ាង​ដូច​ម្ដេច​ក្នុង​រឿង​វិទ្យាសាស្ត្រ?

៨ ជា​ឧទាហរណ៍ ថ្វី​បើ​ព្រះ​គម្ពីរ​មិន​មែន​បាន​សរសេរ​ឡើង​ជា​សៀវភៅ​វិទ្យាសាស្ត្រ​ក៏​ដោយ ព្រះ​គម្ពីរ​គឺ​សម​ស្រប​នឹង​​វិទ្យាសាស្ត្រ នៅ​ពេល​ដែល​ទាក់ទង​នឹង​រឿង​វិទ្យាសាស្ត្រ។ ប៉ុន្តែ​​សៀវភៅ​បុរាណ​ឯ​ទៀត​ដែល​រាប់​ជា​ពិសិដ្ឋ​មាន​តែ​អភូតកថា​ខាង​​វិទ្យាសាស្ត្រ សេចក្ដី​មិន​ត្រូវ​ទៀងទាត់ និង​ពាក្យ​កុហក​ទាំង​ស្រុង។ ឧទាហរណ៍​ជា​ច្រើន​សម្ដែង​ថា ព្រះ​គម្ពីរ​គឺ​ត្រឹម​ត្រូវ​តាម​​វិទ្យាសាស្ត្រ​មែន។ សូម​កត់​សម្គាល់​មើល​តែ​ឧទាហរណ៍​បួន​នេះ​ចុះ⁠៖

៩, ១០​. ជាជាង​បង្ហាញ​តាម​ទស្សនៈ​ដែល​មិន​ស្រប​នឹង​វិទ្យាសាស្ត្រ​នៃ​ជំនាន់​ព្រះ​គម្ពីរ តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា អំពី​ការ​ទ្រទ្រង់​ផែនដី?

៩ របៀប​ដែល​ផែនដី​ត្រូវ​បាន​ទ្រ​ក្នុង​អវកាស។ កាល​ជំនាន់​បុរាណ​ពេល​ដែល​គេ​កំពុង​សរសេរ​ព្រះ​គម្ពីរ​នៅ​ឡើយ នោះ​មាន​ការ​គិត​ស្មាន​ជា​ច្រើន អំពី​របៀប​ដែល​ផែនដី​ត្រូវ​ទ្រ​ក្នុង​អវកាស។ អ្នក​ខ្លះ​បាន​ជឿ​ថា ផែនដី​គឺ​ទ្រ​ដោយ​ដំរី​បួន ដែល​ឈរ​លើ​អណ្ដើក​សមុទ្រ​ដ៏​ធំ​មួយ។ នៅ​សតវត្ស​ទី ៤ មុន​សករាជ​យើង ទស្សនៈ​វិទូ​និង​អ្នកវិទ្យាសាស្ត្រ​ជាតិ​ក្រិក​ម្នាក់​ឈ្មោះ អា​រីស្តូ​ត បាន​បង្រៀន​ថា ផែនដី​មិន​អាច​អណ្ដែត​ក្នុង​អវកាស​ល្ហល្ហេវ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បង្រៀន​ថា ផ្កាយ​និង​តារាវលី​ទាំង​ឡាយ​គឺ​ភ្ជាប់​នៅ​លើ​ផ្ទៃ​នៃ​ដុំ​មូល​រឹង​តាន់​ដែល​អាច​មើល​ធ្លុះ​ឃើញ ហើយ​ដុំ​មូល​និមួយៗគឺ​ស្ថិត​នៅ​ក្នុង​ដុំ​មូល​មួយ​ទៀត។ តាម​គេ​ស្មាន ផែនដី​គឺ​នៅ​លើ​ដុំ​មូល​មួយ​ដែល​នៅ​កណ្ដាល​គេ​បង្អស់ ហើយ​នៅ​លើ​ដុំ​មូល​ក្រៅ​គេ​បំផុត​នោះ​គឺ​ទ្រ​ផ្កាយ​ទាំង​ឡាយ។

១០ ប៉ុន្តែ ជាជាង​បង្ហាញ​តាម​ទស្សនៈ​ដ៏​ក្បាច់​ក្បូរ​មិន​ស្រប​នឹង​​វិទ្យាសាស្ត្រ​ដែល​មាន​នៅ​ជំនាន់​នៃ​ការ​សរសេរ​ព្រះគម្ពីរ​នោះ ព្រះ​គម្ពីរ​ចែង​ប្រាប់​យ៉ាង​ស្រួល​យល់​ថា (ប្រហែល​នៅ​ឆ្នាំ​១៤៧៣ ​ម.ស.យ) ៖ «[ព្រះ​ទ្រង់] ព្យួរ​ផែនដី​នៅ​ទទេ​ធេង »។ (យ៉ូប ២៦:៧) ក្នុង​ភាសា​ហេព្រើរ​ដើម ពាក្យ​ប្រើ​សម្រាប់ «ទទេ​ធេង» នោះ​មាន​ន័យ​ថា «អត់​មាន​អ្វី​សោះ» ហើយ​ពាក្យ​នេះ​មាន​សរសេរ​តែ​ម្ដង​គត់​នៅ​ក្នុង​ព្រះ​គម្ពីរ។ ដែល​ព្រះ​គម្ពីរ​រៀប​រាប់​ថា ផែនដី​ត្រូវ​រុំ​ព័ទ្ធ​ដោយ​អវកាស​ល្ហល្ហេវ​នេះ គឺ​ត្រូវ​ទទួល​ស្គាល់​ដោយ​ពួក​អ្នក​​ប្រាជ្ញ ថា​នេះ​ជា​ការ​យល់​ឃើញ​ដ៏​អស្ចារ្យ​នៃ​ជំនាន់​នោះ។ សៀវភៅ​អក្ខរានុក្រម​សាសនវិទ្យា​នៃ​គម្ពីរ​សញ្ញា​ចាស់ ប្រាប់​ថា៖ «យ៉ូប ២៦:៧ រៀប​រាប់​យ៉ាង​អស្ចារ្យ​ថា ពិភពលោក​ដែល​គេ​ដឹង​ឮ​កាល​ជំនាន់​នោះ គឺ​ត្រូវ​បណ្ដែត​នៅ​ក្នុង​អវកាស ហេតុ​នេះ​ក៏​សង្ឃឹម​រង់ចាំ​ឲ្យ​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ឃើញ នៅ​គ្រា​អនាគត»។

១១, ១២​. តើ​ដល់​ពេល​ណា​ទើប​មនុស្ស​បាន​យល់​សេចក្ដី​ពិត​នៃ​យ៉ូប ២៦:៧?

១១ សេចក្ដី​ដ៏​ត្រឹម​ត្រូវ​នេះ​បាន​ថ្លែង​ក្នុង​ព្រះ​គម្ពីរ​ជាង ១.១០០ ឆ្នាំ​មុន​ជំនាន់​លោក​​អារីស្តូត​ទៅ​ទៀត។ ប៉ុន្តែ ទស្សនៈ​នៃ​លោក​​អារីស្តូត​នៅ​តែ​មាន​គេ​បង្រៀន​ត​ទៀត​ថា​ជា​ការ​ពិត អស់​រយៈ​ពេល​ប្រហែល ២.០០០ ឆ្នាំ​ក្រោយ​ពី​ពេល​លោក​បាន​ស្លាប់​ហើយ! ដល់​ក្រោយ​បំផុត​មក នៅ​ឆ្នាំ ១៦៨៧ សករាជ​យើង លោក​បណ្ឌិត អ៊ីសាក់ ញូវតុន ក៏​ផ្សាយ​ប្រាប់​ការ​ស្រាវជ្រាវ​ឃើញ​របស់​លោក​ដែល​ថា ផែនដី​គឺ​បាន​ត្រូវ​ទ្រ​ក្នុង​អវកាស តាម​ផ្កាយ​និង​តារាវលី​ឯ​ទៀត ដោយសារ​កម្លាំង​ស្រូប​ទាញ​គ្នា គឺ​ភូរិពល។ ប៉ុន្តែ​នេះ​ជិត​ដល់ ៣.២០០ ឆ្នាំ​ទៅ​ហើយ ក្រោយ​ពី​ព្រះ​គម្ពីរ​បាន​ថ្លែង​ប្រាប់​យ៉ាង​ស្រួល​ច្បាស់​ក្រឡែត​ថា ផែនដី​គឺ​ព្យួរ «នៅ​ទទេ​ធេង»។

១២ ត្រូវ​ហើយ ជិត ៣.៥០០ ឆ្នាំ​មក​ហើយ​នេះ ព្រះ​គម្ពីរ​បាន​កត់​សម្គាល់​យ៉ាង​ត្រឹម​ត្រូវ​ថា ផែនដី​ឥត​មាន​វត្ថុ​អ្វី​ទ្រ ដែល​អាច​មើល​ឃើញ​នោះ​ទេ នេះ​គឺ​ជា​ការ​ពិត​ដែល​ស្រប​តាម​ច្បាប់​ភូរិពល​និង​ចលនា ដែល​គេ​ទើប​តែ​បាន​យល់​ក្នុង​ពេល​ថ្មីៗនេះ។ អ្នកប្រាជ្ញ​ម្នាក់​បាន​និយាយ​ថា៖ «របៀប​ដែល​យ៉ូប​បាន​យល់​ដឹង​ពី​ការ​ពិត​នេះ គឺ​ជា​សំនួរ​មួយ​ដែល​មិន​ងាយ​ឆ្លើយ​បាន​ទេ ដោយ​ពួក​អ្នក​ដែល​ប្រកែក​មិន​ជឿ​ថា បទ​គម្ពីរ​គឺ​បណ្ដាល​មក​ពី​ព្រះ​នោះ»។

១៣​. តើ​មនុស្ស​បាន​យល់​យ៉ាង​ដូច​ម្ដេច​អំពី​រាង​ផែនដី កាល​ពី​រាប់​សតវត្ស​មុន⁠ៗ តែ​អ្វី​ទៅ​ដែល​បាន​ប្រែ​គំនិត​របស់​គេ?

១៣ រាង​នៃ​ផែនដី។ សព្វ​វចនាធិប្បាយ​អាមេរិកាណា បាន​ចែង​ថា៖ «រូប​រាង​មុន​ដំបូង​នៃ​ផែនដី ដែល​មនុស្ស​ធ្លាប់​ដឹង នោះ​គឺ​​សំប៉ែត​រាប​រឹងប៊ឹង​ស្ថិត​នៅ​ចំ​កណ្ដាល​សកលលោក។ . . . គំនិត​ថា​ផែនដី​មាន​រាង​មូល​គឺ​គេ​មិន​សូវ​ទទួល​ស្គាល់​ទេ លុះ​ដល់​សម័យ​បុនវុឌ្ឍិ»។ ពួក​​នាវិក​ជំនាន់​ដើម​ខ្លះ​ខ្លាច​ធ្វើ​ដំណើរ​ធ្លាក់​ពី​​គែម​ផែនដី​ដែល​រាង​សំប៉ែ​ត។ ប៉ុន្តែ ក្រោយ​មក ដោយ​មាន​​ត្រីវិស័យ​និង​ប្រដាប់​ទំនើប​ឯ​ទៀត គេ​ក៏​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​តាម​មហា​សមុទ្រ។ សព្វ​វចនាធិប្បាយ​មួយ​ទៀត​បាន​ពន្យល់​ថា៖ «ការ​ធ្វើ​ដំណើរ​ស្វែង​រក​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពិភពលោក​គឺ​មូល មិន​មែន​មាន​រាង​​សំប៉ែត​ដូច​មនុស្ស​ភាគ​ច្រើន​ជឿ​នោះ​ឡើយ»។

១៤​. តើ​ព្រះ​គម្ពីរ​បាន​រៀប​រាប់​រាង​ផែនដី​យ៉ាង​ដូច​ម្ដេច ហើយ​នៅ​ពេល​ណា?

១៤ ប៉ុន្តែ ជា​យូរ​មុន​ពេល​គេ​ធ្វើ​ដំណើរ​តាម​សមុទ្រ គឺ​ប្រហែល ២.៧០០ ឆ្នាំ​មក​ហើយ ព្រះ​គម្ពីរ​បាន​ប្រាប់​ថា៖ «គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់ ផែនដី»។ (អេសាយ ៤០:២២) ពាក្យ​ហេព្រើរ​ដែល​បកប្រែ​ជា «រង្វង់» នេះ ក៏​មាន​ន័យ​ជា «ដុំ​មូល» ដែរ ដូច​ឯកសារ​យោង​ផ្សេង⁠ៗបាន​កត់​សម្គាល់​មក។ ដូច្នេះ សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ឯ​ទៀត​ចែង​ថា⁠៖ «ភូ​គោល​ផែនដី» (សេចក្ដី​បកប្រែ​ដូវ៉េយ) និង «ផែនដី​រាង​មូល»។​—⁠ម៉ោហ្វាត

១៥​. ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​មិន​រួម​បញ្ចូល​មតិ​អំពី​ផែនដី ដែល​មិន​ស្រប​តាម​វិទ្យាសាស្ត្រ?

១៥ ម្ល៉ោះ​ហើយ​ព្រះ​គម្ពីរ​គឺ​ឥត​មាន​បញ្ចូល​មតិ ដ៏​មិន​ស្រប​តាម​វិទ្យាសាស្ត្រ ដែល​មាន​ទូទៅ​កាល​ជំនាន់​នោះ​ទេ អំពី​ការ​ទ្រ​ផែនដី​និង​រូប​រាង​នោះ។ នេះ​គឺ​មាន​មូលហេតុ​ដ៏​ស្រួល​យល់​ណាស់⁠៖ ព្រះ​ដែល​បាន​និពន្ធ​ព្រះ​គម្ពីរ​គឺ​ជា​អ្នក​បង្កើត​សកលលោក។ ទ្រង់​បាន​បង្កើត​ផែនដី ម្ល៉ោះ​ហើយ​ទ្រង់​គួរ​តែ​ដឹង​ថា ផែនដី​ត្រូវ​ព្យួរ​លើ​អ្វី ហើយ​មាន​រូប​រាង​យ៉ាង​ណា។ ដូច្នេះ ពេល​ដែល​ទ្រង់​បណ្ដាល​ឲ្យ​ព្រះ​គម្ពីរ​តែង​ចេញ​មក ទ្រង់​ក៏​ប្រយ័ត្ន​ការពារ​មិន​ឲ្យ​គេ​បញ្ចូល​មតិ​ខុស​ពី​វិទ្យាសាស្ត្រ​ក្នុង​ព្រះ​គម្ពីរ​ឡើយ ទោះ​ជា​នៅ​ជំនាន់​នោះ​មាន​គេ​ជឿ​មតិ​អស់​នេះ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

១៦​. តាម​របៀប​ណា​ដែល​ការ​ផ្សំ​បង្កើត​របស់​មាន​ជីវិត​ស្រប​តាម​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ?

១៦ ធាតុ​ផ្សំ​បង្កើត​របស់​មាន​ជីវិត។ លោកុប្បត្តិ ២:៧ ថ្លែង​ថា⁠៖ «ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលីដី​មក​សូន​ធ្វើ​ជា​មនុស្ស»។ សៀវភៅ​សព្វ​វចនាធិប្បាយ​ពិភពលោក ចែង​ថា⁠៖ «អស់​ទាំង​ធាតុ​គីមី​ដែល​ផ្សំ​បង្កើត​របស់​មាន​ជីវិត ក៏​មាន​នៅ​ក្នុង​របស់​ឥត​ជីវិត​ដែរ»។ ដូច្នេះ​ធាតុ​គីមី​ដ៏​សំខាន់⁠ៗទាំង​អស់ ដែល​ផ្សំ​បង្កើត​ជា​រូប​មាន​ជីវិត រួម​ទាំង​រូប​មនុស្ស​ផង ក៏​មាន​នៅ​ក្នុង​ដី​ដែរ។ នេះ​ស្រប​និង​សេចក្ដី​ក្នុង​ព្រះ​គម្ពីរ ដែល​សម្គាល់​ប្រាប់​អំពី​ធាតុ​ដែល​ព្រះ​បាន​យក​មក​បង្កើត​មនុស្ស​និង​ជីវិត​ទាំង​ឡាយ​ឯ​ទៀត។

១៧​. អ្វី​ជា​ការ​ពិត​ដែល​ប្រាប់​អំពី​របៀប​ដែល​របស់​មាន​ជីវិត​បាន​កើត​មាន​មក?

១៧ «តាម​ពូជ»។ ព្រះ​គម្ពីរ​ថ្លែង​ប្រាប់​ថា ព្រះ​បាន​បង្កើត​មនុស្ស​មួយ​គូ​ដំបូង ហើយ​ថា​អស់​ទាំង​មនុស្ស​ឯ​ទៀត​បាន​កើត​មក​ពី​ពួក​គេ។ (លោកុប្បត្តិ ១:​២៦-២៨; លោកុប្បត្តិ ៣:⁠២០) ព្រះ​គម្ពីរ​ក៏​ប្រាប់​ថា ជីវិត​ទាំង​ឡាយ​ឯ​ទៀត ដូច​ជា​ត្រី ចាប ថនិកសត្វ ក៏​បាន​កើត​មក «តាម​ពូជ» ដែរ។ (លោកុប្បត្តិ ១:​១១, ១២, ២១, ២៤, ២៥) ពួក​អ្នកវិទ្យាសាស្ត្រ​បាន​សម្គាល់​ឃើញ​យ៉ាង​ដូច្នេះ​មែន ក្នុង​ការ​បង្ក​បង្កើត​តាម​ធម្មជាតិ ថា​រូប​មាន​ជីវិត​និមួយ⁠ៗគឺ​បាន​កើត​មក​ពី​ពូជ​មួយ​ដូច​គ្នា គឺ​មិន​អាច​កើត​ពី​ណា​ទៀត​បាន​ឡើយ។ លោក​​រេយ៍ម៉ូ ជា​អ្នក​រូប​សាស្ត្រ​កត់​សម្គាល់​ថា⁠៖ «ជីវិត​បង្កើត​បាន​ជីវិត នេះ​កើត​ឡើង​រាល់​តែ​ដង​ក្នុង​កោសិកា​និមួយ⁠ៗ។ ប៉ុន្តែ តើ​របស់​គ្មាន​ជីវិត​នឹង​អាច​បង្កើត​ជីវិត​បាន​យ៉ាង​ដូច​ម្ដេច? នេះ​គឺ​ជា​សំនួរ​ដ៏​ពិបាក​ឆ្លើយ​មួយ​ក្នុង​ជីវសាស្ត្រ ហើយ​មក​ទល់​ឥឡូវ​នេះ អ្នក​ជីវសាស្ត្រ​គ្រាន់​តែ​បាន​ប៉ាន់​ស្មាន​ប៉ុណ្ណោះ​ឯង។ របស់​គ្មាន​ជីវិត​រស់​រវើក​មិន​ដឹង​ជា​យ៉ាង​ណា​ក៏​ស្រាប់​តែ​ទៅ​ជា​មាន​របៀប​រៀប​រយ ទាំង​មាន​ជីវិត​រស់​រវើក​បាន។ . . . មើល​ទៅ​អ្នក​និពន្ធ​លោកុប្បត្តិ​បាន​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ជានិច្ច»។

ភាព​ត្រឹម​ត្រូវ​ខាង​ប្រវត្ដិសាស្ត្រ

១៨​. តើ​មេធាវី​ម្នាក់​និយាយ​យ៉ាង​ដូច​ម្ដេច​អំពី​ភាព​ត្រឹម​ត្រូវ​ខាង​ប្រវត្ដិសាស្ត្រ​ក្នុង​ព្រះ​គម្ពីរ?

១៨ ព្រះ​គម្ពីរ​មាន​ប្រវត្ដិសាស្ត្រ​បុរាណ​ដ៏​ត្រឹម​ត្រូវ​ជាង​សៀវភៅ​ណា​ទាំង​អស់។ សៀវភៅ មេធាវី​ម្នាក់​ពិនិត្យ​ព្រះ​គម្ពីរ ប្រាប់​បញ្ជាក់​ថា​ព្រះ​គម្ពីរ​មាន​ប្រវត្ដិសាស្ត្រ​ដ៏​ត្រឹម​ត្រូវ​ដូច​នេះ​ថា⁠៖ «រឿង​​ប្រលោមលោក រឿង​ព្រេង និង​សេចក្ដី​ថ្លែង​ភូតភរ នោះ​សុទ្ធតែ​មិន​សូវ​ច្បាស់​ទាល់តែ​សោះ ព្រោះ​រឿង​ទាំង​នោះ​មិន​ប្រាប់​ពេល​វេលា​និង​កន្លែង​ដ៏​ចំ⁠ៗនៃ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង។ ម្ល៉ោះ​ហើយ​នេះ​ក៏​ខុស​នឹង​វិន័យ​ទី​មួយ ដែល​ពួក​មេធាវី​យើង​ធ្លាប់​ដឹង គឺ​ថា ‹សេចក្ដី​ថ្លែង​ត្រូវ​ប្រាប់​ពេល​វេលា​និង​ទី​កន្លែង› ឯ​រឿង​និទាន​ក្នុង​ព្រះ​គម្ពីរ​វិញ​គឺ​បាន​រាយរាប់​ប្រាប់​យើង​នូវ​រឿង ដែល​មាន​ទាក់ទង​នឹង​ពេល​វេលា​និង​ទី​កន្លែង​យ៉ាង​ច្បាស់​លាស់​បំផុត»។

១៩​. តើ​ប្រភព​មួយ​មាន​យោបល់​យ៉ាង​ដូច​ម្ដេច អំពី​ប្រវត្ដិសាស្ត្រ​យ៉ាង​ល្អិតល្អន់​ក្នុង​ព្រះ​គម្ពីរ?

១៩ វចនានុក្រម​ព្រះ​គម្ពីរ​ថ្មី មាន​យោបល់​ថា⁠៖ «[អ្នក​សរសេរ​សៀវភៅ​កិច្ចការ] ប្រាប់​រឿង​និទាន​របស់​លោក តាម​គម្រោង​ប្រវត្ដិសាស្ត្រ​សម័យ​ដំណាល​គ្នា។ សេចក្ដី​សរសេរ​របស់​លោក​គឺ​ពេញ​ទៅ​ដោយ​សេចក្ដី​យោង​អំពី​ចៅក្រម​ក្រុង ចៅហ្វាយ​ខេត្ត ស្តេច​ក្រោម​អំណាច និង​ជន​ស្រដៀង​គ្នា​ឯ​ទៀត ហើយ​សេចក្ដី​យោង​ទាំង​នេះ​ជា​ញឹកញយ​គឺ​ឃើញ​ថា​ត្រូវ​ចំ⁠ៗនឹង​ទី​កន្លែង​និង​ពេល​វេលា​ដែល​ទាក់ទង​នោះ»។

២០, ២១​. តើ​អ្នកប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​ម្នាក់​និយាយ​យ៉ាង​ណា អំពី​ប្រវត្ដិសាស្ត្រ​ក្នុង​ព្រះ​គម្ពីរ?

២០ ក្នុង​ការ​សរសេរ​សៀវភៅ​​គូសហ​ព្រះ​គម្ពីរ លោក អស៍ស្ទីន អ័លីបូន ថ្លែង​ថា⁠៖ «លោក​បណ្ឌិត អ៊ីសាក់ ញូវតុន . . . ក៏​ល្បី​ពូកែ​ខាង​ការ​ទិតៀន​ឯកសារ​បុរាណ​ដែរ ហើយ​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​បរិសុទ្ធ​យ៉ាង​ប្រយ័ត្នប្រយែង។ តើ​លោក​សម្រេច​យ៉ាង​ដូច​ម្ដេច​ចំពោះ​ចំណុច​នេះ? លោក​មាន​ប្រសាសន៍​ថា⁠៖ ‹ខ្ញុំ​ឃើញ​ថា គម្ពីរ​សញ្ញា​ថ្មី​គឺ​មាន​សេចក្ដី​ជាក់​ច្បាស់​ពិត​មែន​ទែន​ជាង​ប្រវត្ដិសាស្ត្រ [ក្រៅ​សាសនា] ណា​ទាំង​អស់›។ លោក​បណ្ឌិត ចនសុន ប្រាប់​ថា យើង​មាន​ទី​សំអាង​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​​សោយ​ទិវង្គត​នៅ​​ខាលវ៉ារ៉ី ដូច​បាន​ប្រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ ច្រើន​ជាង​ទី​សំអាង​ថា សេសារ​-​យូលាស​បាន​ស្លាប់​នៅ​ឯ​​កាពីតុល​ទៅ​ទៀត។ ជា​ប្រាកដ យើង​មាន​ទី​សំអាង​ច្រើន​លើស​ឆ្ងាយ​ណាស់»។

២១ ប្រភព​នេះ​បាន​ប្រាប់​ទៀត​ថា⁠៖ «ចូរ​សួរ​អ្នក​ដែល​ប្រកែក​មិន​ជឿ​រឿង​ប្រវត្ដិសាស្ត្រ​ក្នុង​សៀវភៅ​ដំណឹង​ល្អ ថា​តើ​មូលហេតុ​អ្វី​ដែល​គេ​ជឿ​ថា​សេសារ​បាន​ស្លាប់​នៅ​​កាពីតុល ឬ​ជឿ​ថា​សង្ឃ​រាជ​​លីអូ​ទី៣​បាន​អភិសេក​តាំង​​ឆាឡឺម៉ាញ​ជា​អធិរាជ នៃ​ស្រុក​ខាង​លិច​នៅ​ឆ្នាំ​៨០០? . . . តើ​ដូច​ម្ដេច​បាន​ជា​អ្នក​ដឹង​ថា មាន​ស្តេច​មួយ​អង្គ​ឈ្មោះ ឆាល្ស​ទី១ [នៃ​ប្រទេស​អង់គ្លេស] ថា​គេ​បាន​កាត់​ព្រះ​សិរ​ទ្រង់ ហើយ​ថា ​អូលីវេ ក្រមវែល បាន​ឡើង​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ជំនួស​ទ្រង់​វិញ? . . . លោក​បណ្ឌិត អ៊ីសាក់ ញូវតុន បាន​ទទួល​សេចក្ដី​សរសើរ ដោយ​បាន​ស្រាវជ្រាវ​ឃើញ​ច្បាប់​នៃ​កម្លាំង​ស្រូប​ទាញ . . . យើង​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ទើប​នឹង​បាន​អះអាង​អំពី​បុគ្គល​ទាំង​នេះ ពីព្រោះ​យើង​មាន​ទី​សំអាង​ខាង​ប្រវត្ដិសាស្ត្រ អំពី​សេចក្ដី​ពិត​របស់​ពួក​គេ។ . . . តែ​បើ​បាន​បង្ហាញ​នូវ​ភស្តុតាង​ច្បាស់​ដូច​នេះ​ហើយ នៅ​តែ​មាន​អ្នក​មិន​ព្រម​ជឿ​ទៀត នោះ​យើង​នឹង​ចាត់​ទុក​គេ​ដូច​ជា​រឹងរូស​ល្ងីល្ងើ ឬ​ល្ងង់​មិន​ដឹង​ខ្យល់​ទៅ​ចុះ»។

២២​. ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ភាព​ពិត​មែន​ទែន​ក្នុង​ព្រះ​គម្ពីរ?

២២ បន្ទាប់​មក​ប្រភព​នេះ​ក៏​សន្និដ្ឋាន​ថា⁠៖ «ដូច្នេះ តើ​យើង​ត្រូវ​ថា​យ៉ាង​ដូច​ម្ដេច ចំពោះ​ពួក​អ្នក​ដែល​អះអាង​ថា​ខ្លួន​មិន​ជឿ​ដដែល ថ្វី​បើ​ឥឡូវ​នេះ​មាន​ទី​សំអាង​ដ៏​សម្បូរ​ហូរ​ហៀរ ដែល​បញ្ជាក់​អំពី​ភាព​ពិត​នៃ​បទ​គម្ពីរ​បរិសុទ្ធ​នោះ? . . . ជា​ប្រាកដ យើង​មាន​មូលហេតុ​ដែល​អាច​សន្និដ្ឋាន​ថា នេះ​ជា​កំហុស​នៃ​ចិត្ត មិន​មែន​នៃ​​ខួរក្បាល​ទេ គឺ​ថា​ចិត្ត​គេ​មិន​ចង់​ជឿ​ឡើយ នូវ​អ្វី⁠ៗដែល​បន្ទាប​សេចក្ដី​ក្រអឺត​របស់​គេ ដែល​នឹង​បង្ខំ​គេ​ឲ្យ​រស់​នៅ​តាម​របៀប​ផ្សេង​វិញ»។

សេចក្ដី​សម្រុះ​គ្នា​និង​សេចក្ដី​ត្រង់​ឥត​លាក់​លាម​ក្នុង​ព្រះ​គម្ពីរ

២៣, ២៤​. ហេតុ​អ្វី​បាន​ជា​សេចក្ដី​សម្រុះ​គ្នា​ក្នុង​ព្រះ​គម្ពីរ​ប្លែក​ពី​ធម្មតា​ម្ល៉េះ?

២៣ សូម​គិត​មើល​អំពី​សៀវភៅ​មួយ ដែល​បាន​ចាប់​សរសេរ​មក​ក្នុង​ជំនាន់​ចក្រភព​រ៉ូម រហូត​មក​ដល់​មជ្ឈិម​សម័យ ហើយ​បាន​ត្រូវ​សរសេរ​ចប់​នៅ​សតវត្ស​ទី ២០ នេះ ទាំង​មាន​អ្នក​សរសេរ​ជា​ច្រើន​នាក់​រួម​ចំណែក​ផង។ តើ​អ្នក​នឹក​ថា​នឹង​មាន​លទ្ធផល​យ៉ាង​ណា បើ​ពួក​អ្នក​សរសេរ​មាន​មុខ​របរ​ខុស⁠ៗគ្នា ដូច​ជា​ទាហាន ស្តេច លោក​សង្ឃ អ្នក​នេសាទ អ្នក​គង្វាល និង​គ្រូ​ពេទ្យ? តើ​អ្នក​គិត​ថា​សៀវភៅ​នោះ​នឹង​មាន​សេចក្ដី​សម្រុះ​ជាប់​ទាក់ទង​គ្នា​ទេ? អ្នក​ប្រហែល​ជា​ឆ្លើយ​ថា ‹មិន​ងាយ​សោះ​ឡើយ›! ព្រះ​គម្ពីរ​គឺ​ត្រូវ​សរសេរ​នៅ​ក្រោម​កាលៈទេសៈ​បែប​នោះ​មែន។ ប៉ុន្តែ​ព្រះ​គម្ពីរ​ទាំង​មូល​មាន​ភាព​​សម្រុះ​គ្នា​យ៉ាង​ល្អ មិន​មែន​គ្រាន់​តែ​គំនិត​ទាំង​មូល​ប៉ុណ្ណោះ​ទេ​ដែល​​សម្រុះ​គ្នា​នោះ ឯ​សេចក្ដី​រៀប​រាប់​ដ៏​ល្អិត​ល្អ​ក៏​សម្រុះ​គ្នា​ដែរ។

២៤ ព្រះ​គម្ពីរ​គឺ​មាន​សៀវភៅ ៦៦ ក្បាល​បញ្ចូល​គ្នា ដែល​បាន​ត្រូវ​សរសេរ​មក​ក្នុង​រយៈ​ជាង ១៦០០ ឆ្នាំ ដោយ​បុគ្គល​ប្រហែល​៤០​នាក់ ចាប់​តាំង​ពី​ឆ្នាំ ១៥១៣ មុន​សករាជ​យើង មក​ទល់​នឹង​ឆ្នាំ ៩៨ សករាជ​យើង​នេះ។ ពួក​អ្នក​សរសេរ​មាន​វិជ្ជា​ជីវៈ​ខុស⁠ៗគ្នា ហើយ​ពួក​គេ​ជា​ច្រើន​នាក់​មិន​ដែល​បាន​ទាក់ទង​គ្នា​ឡើយ។ ប៉ុន្តែ​សៀវភៅ​ដែល​បាន​សរសេរ​មក គឺ​ប្រាប់​ផ្ទៃ​រឿង​សំខាន់​មួយ​ដ៏​សម្រុះ​ស៊ី​គ្នា​ពីដើម​ដល់​ចប់ ហាក់​ដូច​ជា​បាន​សរសេរ​ដោយ​ចិត្ត​គំនិត​តែ​មួយ​អញ្ចឹង។ ហើយ​ផ្ទុយ​ពី​ជំនឿ​របស់​មនុស្ស​ខ្លះ ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​នៃ​អារ្យធម៌​បស្ចិម​ប្រទេស​ទេ តែ​ជា​សៀវភៅ​សរសេរ​ដោយ​ពួក​បូព៌ា​ប្រទេស​វិញ។

២៥​. តើ​សេចក្ដី​ទៀងត្រង់​និង​សំដី​ត្រង់​ឥត​លាក់​លាម​ក្នុង​ព្រះ​គម្ពីរ​គាំទ្រ​ពាក្យ​អះអាង​អ្វី​របស់​ពួក​អ្នក​សរសេរ?

២៥ ពួក​អ្នក​សរសេរ​ជំនាន់​បុរាណ​ភាគ​ច្រើន រាយ​ការណ៍​ប្រាប់​តែ​ការ​សម្រេច​ជោគជ័យ​និង​គុណធម៌​របស់​ខ្លួន។ ឯ​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ​វិញ គេ​សារភាព​ប្រាប់​ដោយ​ឥត​លាក់​លាម នូវ​ការ​ខុស​ឆ្គង​របស់​ខ្លួន ព្រម​ទាំង​កំហុស​នៃ​ពួក​ស្តេច​និង​ពួក​អ្នក​ដឹក​នាំ​គេ​ផង។ ជនគណនា ២០:​១-១៣ និង​ចោទិយកថា ៣២:​៥០-៥២ ប្រាប់​អំពី​កំហុស​នៃ​លោក​ម៉ូសេ ហើយ​លោក​ជា​អ្នក​សរសេរ​សៀវភៅ​ទាំង​នោះ។ យ៉ូណាស ១:​១-៣ និង យ៉ូណាស ៤:១ រៀប​រាប់​ប្រាប់​កំហុស​របស់​យ៉ូណាស ដែល​ជា​អ្នក​សរសេរ​ប្រាប់​រឿង​ទាំង​នោះ​ផ្ទាល់។ ម៉ាថាយ ១៧:​១៨-២០; ១៨:​១-៦; ២០:​២០-២៨; និង ម៉ាថាយ ២៦:⁠៥៦ កត់​ទុក​នូវ​ចំណុច​ទន់ខ្សោយ​នៃ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ។ ដូច្នេះ​ហើយ សេចក្ដី​ទៀងត្រង់​និង​សំដី​ត្រង់​ឥត​លាក់​លាម​នៃ​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ ក៏​ជួយ​គាំទ្រ​ពាក្យ​អះអាង​របស់​គេ ដែល​ថា​ព្រះគម្ពីរ​គឺ​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​មក​មែន។

លក្ខណៈ​ដ៏​ប្លែក​ពិសេស​បំផុត​នៃ​ព្រះ​គម្ពីរ

២៦, ២៧​. ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​គឺ​ត្រឹម​ត្រូវ​ម្ល៉េះ​ក្នុង​រឿង​វិទ្យាសាស្ត្រ​និង​រឿង​ឯ​ទៀត?

២៦ មូលហេតុ​ដែល​ព្រះ​គម្ពីរ​គឺ​ត្រឹម​ត្រូវ​ម្ល៉េះ ក្នុង​រឿង​វិទ្យាសាស្ត្រ ប្រវត្ដិសាស្ត្រ​និង​រឿង​ឯ​ទៀត ព្រម​ទាំង​មាន​សេចក្ដី​សម្រុះ​គ្នា​និង​សេចក្ដី​ស្មោះ​យ៉ាង​នេះ គឺ​បាន​សម្ដែង​ឲ្យ​ឃើញ​ដោយ​ព្រះ​គម្ពីរ​ផ្ទាល់។ ព្រះ​គម្ពីរ​ក៏​បង្ហាញ​ថា ព្រះ​អាទិទេព ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ព្រះ​ដែល​បង្កើត​សកលលោក​នេះ គឺ​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ។ ទ្រង់​គ្រាន់​តែ​ប្រើ​មនុស្ស​ឲ្យ​សរសេរ​ប៉ុណ្ណោះ ដោយ​ប្រើ​សកម្ម​ពល​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់​ជំរុញ​ពួក​គេ ឲ្យ​កត់​សេចក្ដី​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។

២៧ សាវ័ក​ប៉ុល​ថ្លែង​ប្រាប់​ក្នុង​ព្រះ​គម្ពីរ​ថា⁠៖ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​ល័ក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។ ហើយ​សាវ័ក​ប៉ុល​ក៏​ថ្លែង​ប្រាប់​ទៀត​ថា⁠៖ «កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​បន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយសារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ»។​—⁠ធីម៉ូថេ​ទី​២ ៣:​១៦, ១៧; ថែស្សាឡូនីចទី១ ២:⁠១៣

២៨​. ដូច្នេះ តើ​ព្រះ​គម្ពីរ​គឺ​មក​ពី​ណា?

២៨ ដូច្នេះ ព្រះ​គម្ពីរ​គឺ​មក​ពី​គំនិត​នៃ​អ្នក​និពន្ធ​តែ​មួយ​—⁠គឺ​ជា​ព្រះ។ ដោយ​ឥទ្ធិឫទ្ធិ​ខ្លាំង​ក្លា​របស់​ទ្រង់ ព្រះ​អាច​រក្សា​ការពារ​បាន​យ៉ាង​ងាយ នូវ​គុណសម្បត្ដិ​ដ៏​ត្រឹម​ត្រូវ​នៃ​ពាក្យ​ចែង​ទុក ឲ្យ​បាន​គង់​វង់​រហូត​ដល់​ជំនាន់​យើង​នេះ។ នៅ​ឆ្នាំ ១៩៤០ លោក ​ហ្វ្រិដិរិក ឃិនយុន ជា​អ្នក​ជំនាញ​ល្បី​ល្បាញ​ម្នាក់​ខាង​ឯកសារ​សរសេរ​នៃ​ព្រះ​គម្ពីរ​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ថា⁠៖ «មូលដ្ឋាន​ចុង​ក្រោយ​សម្រាប់​ការ​សង្ស័យ​ណា​ដែល​ថា ព្រះ​គម្ពីរ​បាន​ត្រូវ​ផ្ដល់​មក​យើង​ទាំង​មាន​សភាព​ដូច​ពី​កាល​គេ​សរសេរ​ដំបូង​នោះ ឥឡូវ​នេះ​បាន​ត្រូវ​បំបាត់​ចោល​ហើយ»។

២៩​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ពន្យល់​ប្រាប់​ថា ព្រះ​អាច​មាន​បន្ទូល​ទាក់ទង​នឹង​មនុស្ស​បាន?

២៩ មនុស្ស​អាច​បញ្ជូន​សារ​ដំណឹង​វិទ្យុ​និង​ទូរទស្សន៍​មក​ឯ​ផែនដី​បាន ពី​អវកាស​ចម្ងាយ​រាប​ពាន់​គីឡូម៉ែត្រ ហើយ​ពី​ស្ថាន​ព្រះ​ចន្ទ​ទៀត​ផង។ គ្រឿង​ស្ទង់​ក្នុង​អវកាស​បាន​បញ្ជូន​ពត៌មាន​និង​រូបភាព ពី​ផ្កាយ​គ្រោះ​ដែល​នៅ​ចម្ងាយ​រាប់​រយ​លាន​គីឡូម៉ែត្រ។ ជា​ប្រាកដ ព្រះ​ដែល​ជា​អ្នក​បង្កើត​មនុស្ស ជា​ព្រះ​ដែល​បង្កើត​រលក​វិទ្យុ ក៏​អាច​ធ្វើ​ដូច្នេះ​បាន​ដែរ។ ទ្រង់​អាច​ប្រើ​ឥទ្ធិឫទ្ធិ​ខ្លាំង​ក្លា​របស់​ទ្រង់​ក្នុង​ការ​បញ្ជូន​ព្រះ​បន្ទូល​និង​រូបភាព​បាន​យ៉ាង​ងាយ ទៅ​ក្នុង​ចិត្ត​គំនិត​នៃ​ពួក​ដែល​ទ្រង់​បាន​រើស​តាំង​ឲ្យ​សរសេរ​ព្រះ​គម្ពីរ​នោះ។

៣០​. តើ​ព្រះ​ចង់​ឲ្យ​មនុស្ស​ស្វែង​រក​គោល​បំណង​នៃ​ទ្រង់​សំរាប់​ពួក​គេ​ទេ?

៣០ ម្យ៉ាង​វិញ​ទៀត មាន​របស់​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ផែនដី​និង​ជីវិត​លើ​ផែនដី ដែល​ផ្ដល់​ទី​សំអាង​ថា ព្រះ​មាន​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​លោក​មែន។ ដូច្នេះ​យើង​ក៏​អាច​យល់​បាន​ថា ទ្រង់​ចង់​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ទ្រង់​ជា​អ្នក​ណា ឲ្យ​ដឹង​នូវ​អ្វី​ជា​គោល​បំណង​នៃ​ទ្រង់ សំរាប់​ពួក​គេ ដោយ​សម្ដែង​ប្រាប់​របស់​ទាំង​នេះ​ក្នុង​សៀវភៅ​មួយ​—⁠គឺ​ជា​ឯកសារ​អចិន្ត្រៃយ៍។

៣១​. ហេតុ​អ្វី​បាន​ជា​ពាក្យ​ដែល​ព្រះ​វិញ្ញាណ​បាន​បណ្ដាល​ឲ្យ​កត់​ទុក គឺ​ល្អ​ប្រសើរ​ជាង​ដំណឹង​ដែល​ប្រាប់​មក​យើង​តាម​តែ​មាត់?

៣១ សូម​ពិចារណា​មើល​ដែរ អំពី​ការ​ល្អ​ប្រសើរ​នៃ​សៀវភៅ​និពន្ធ​ដោយ​ព្រះ ប្រៀប​នឹង​ដំណឹង​ដែល​បាន​ប្រាប់​មក​យើង ដោយ​មាត់​មនុស្ស​ប៉ុណ្ណោះ។ សំដី​តាម​មាត់​គឺ​ជឿ​ទុក​ចិត្ត​មិន​បាន​ទេ ដ្បិត​មនុស្ស​នឹង​បកស្រាយ​ដំណឹង ហើយ​យូរ⁠ៗទៅ ន័យ​ក៏​ត្រូវ​ប្រែប្រួល​អស់។ មនុស្ស​នឹង​ថ្លែង​ប្រាប់​ដំណឹង​ត⁠ៗតាម​មាត់ តាម​តែ​ទស្សនៈ​របស់​ខ្លួន។ ប៉ុន្តែ ឯកសារ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ទុក​ជា​អចិន្ត្រៃយ៍ នោះ​មិន​ងាយ​មាន​ពាក្យ​ខុស​ច្រឡំ​ទេ។ ហើយ​ឯ​​សៀវភៅ​គឺ​អាច​ចម្លង​បោះ​ពុម្ព​និង​បកប្រែ​បាន ដើម្បី​ឲ្យ​មនុស្ស​ដែល​អាន​ភាសា​ផ្សេង⁠ៗបាន​ទទួល​ផល​ប្រយោជន៍​ដែរ។ ដូច្នេះ តើ​នេះ​មិន​សម​ហេតុ​ផល​ទេ​ឬ ដែល​ព្រះ​ជា​អ្នក​បង្កើត​យើង ប្រើ​វិធី​នេះ​ដើម្បី​ប្រាប់​ដំណឹង? គឺ​ប្រាកដ​ជា​សម​ហេតុ​ផល​ណាស់ ដ្បិត​ព្រះ​ជា​អ្នក​បង្កើត​មាន​បន្ទូល​ថា ទ្រង់​បាន​ធ្វើ​ដូច្នេះ​មែន។

ទំនាយ​ដែល​បាន​សម្រេច

៣២​-​៣៤​. តើ​ព្រះ​គម្ពីរ​មាន​អ្វី​ដែល​យើង​មិន​អាច​រក​បាន​ក្នុង​សៀវភៅ​ឯ​ទៀត?

៣២ ថែម​ទៅ​ទៀត ព្រះ​គម្ពីរ​មាន​កំណត់​សម្គាល់​ថា​ជា​​សៀវភៅ​មក​ពី​ព្រះ ក្នុង​របៀប​មួយ​ដ៏​ប្លែក​អស្ចារ្យ គឺ​ថា⁠៖ ព្រះ​គម្ពីរ​ជា​​សៀវភៅ​ទំនាយ ដែល​បាន​សម្រេច​មិន​ដែល​ខុស​ល្អៀង​ឡើយ តាំង​ពីដើម​រហូត​មក។

៣៣ ជា​ឧទាហរណ៍ សេចក្ដី​វិនាស​នៃ​ក្រុង​ទី​រ៉ុស​ជំនាន់​បុរាណ ការ​ធ្លាក់​អំណាច​នៃ​បាប៊ីឡូន ការ​កសាង​ក្រុង​យេរូសាឡិម ការ​ឡើង​និង​ធ្លាក់​អំណាច​នៃ​ពួក​ស្តេច​សាសន៍​មេឌី​-​ពើស៊ី និង​ក្រិក គឺ​បាន​ត្រូវ​ទាយ​ប្រាប់​យ៉ាង​ក្បោះក្បាយ​ក្នុង​ព្រះ​គម្ពីរ។ ទំនាយ​ទាយ​ប្រាប់​ត្រូវ​ដល់​ម្ល៉េះ បាន​ជា​អ្នក​ទិតៀន​ខ្លះ​ខំ​ត្រដរ​ថា ទំនាយ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​ក្រោយ​ពី​ព្រឹត្ដិការណ៍​បាន​កើត​ឡើង​ហើយ។​—⁠អេសាយ ១៣:​១៧-១៩; អេសាយ ៤៤:​២៧–៤៥:១; អេសេគាល ២៦:​៣-៦; ដានីយ៉ែល ៨:​១-៧, ២០-២២

៣៤ ទំនាយ​នៃ​ព្រះ​យេស៊ូ​អំពី​សេចក្ដី​វិនាស​ដល់​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៧០ ស.យ. បាន​សម្រេច​យ៉ាង​ត្រឹម​ត្រូវ។ (លូកា ១៩:​៤១-៤៤; លូកា ២១:​២០, ២១) ហើយ​ទំនាយ​អំពី «ថ្ងៃ​ជាន់​ក្រោយ» ដែល​បាន​ទាយ​ប្រាប់​ដោយ​ព្រះ​យេស៊ូ​និង​សាវ័ក​ប៉ុល នោះ​ក៏​កំពុង​តែ​សម្រេច​ក្នុង​សម័យ​យើង​នេះ​ដែរ។​—⁠ធីម៉ូថេ​ទី​២ ៣:​១-៥, ១៣; ម៉ាថាយ ២៤; ម៉ាកុស ១៣; លូកា ២១

៣៥​. ហេតុ​អ្វី​បាន​ជា​ទំនាយ​ព្រះ​គម្ពីរ​អាច​មាន​មក​តែ​ពី​ព្រះ​ប៉ុណ្ណោះ?

៣៥ គ្មាន​គតិ​មនុស្ស ទោះ​ជា​មាន​ប្រាជ្ញា​ឆ្លាត​យ៉ាង​ណា​ក៏​ដោយ ដែល​អាច​ទាយ​ប្រាប់​អំពី​ព្រឹត្ដិការណ៍​អនាគត​ត្រូវ​យ៉ាង​នេះ​បាន​ទេ។ មាន​តែ​គំនិត​នៃ​ព្រះ​១​អង្គ ដែល​មាន​គ្រប់​ព្រះ​ចេស្ដា គ្រប់​ប្រាជ្ញា ដែល​បង្កើត​សកលលោក ទើប​អាច​ប្រាប់​យើង​បាន ដូច​យើង​អាន​ក្នុង​ពេត្រុសទី២ ១:​២០, ២១ ថា⁠៖ «គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្ដាល​វិញ»។

ព្រះ​គម្ពីរ​មាន​ចម្លើយ​សម្រាប់​យើង

៣៦​. តើ​ព្រះ​គម្ពីរ​អាច​ប្រាប់​យើង​អំពី​អ្វី?

៣៦ ដូច្នេះ ក្នុង​របៀប​ជា​ច្រើន​យ៉ាង ទី​សំអាង​ក្នុង​ព្រះ​គម្ពីរ​ក៏​បង្ហាញ​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​ដែល​បណ្ដាល​មក​ពី​ព្រះ​អាទិទេព។ ជា​បន្ទូល​ពី​ព្រះ ព្រះ​គម្ពីរ​ក៏​ប្រាប់​យើង​អំពី​ហេតុ​អ្វី​បាន​ជា​មនុស្ស​នៅ​លើ​ផែនដី​នេះ ហេតុ​អ្វី​ក៏​មាន​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ ទីណា​ជា​គោល​ដៅ​របស់​យើង ហើយ​ស្ថានភាព​នឹង​ប្រែ​ជា​ប្រសើរ​ឡើង​យ៉ាង​ដូច​ម្ដេច។ ព្រះ​គម្ពីរ​បង្ហាញ​ប្រាប់​យើង​ថា មាន​ព្រះ​ដ៏​ខ្ពស់​ឧត្តម​មួយ​អង្គ ដែល​បង្កើត​មនុស្ស​និង​ផែនដី​ដើម្បី​គោល​បំណង​មួយ ហើយ​ថា​គោល​បំណង​នៃ​ទ្រង់​នឹង​ត្រូវ​តែ​សម្រេច​ជា​មិនខាន។ (អេសាយ ១៤:⁠២៤) ព្រះ​គម្ពីរ​ក៏​បង្ហាញ​ប្រាប់​យើង​ទៀត​អំពី​សាសនា​ពិត និង​របៀប​ដែល​យើង​អាច​រក​សាសនា​ពិត​ឃើញ។ ដូច្នេះ ព្រះ​គម្ពីរ​គឺ​ជា​ប្រភព​តែ​មួយ​គត់​នៃ​ប្រាជ្ញា​ដ៏​ប្រសើរ​ឧត្តម ដែល​អាច​ប្រាប់​យើង​នូវ​ចម្លើយ​ពិត​សំរាប់​សំនួរ​សំខាន់​ទាំង​អស់​នៃ​ជីវិត។​—⁠ទំនុកដំកើង ១៤៦:៣; សុភាសិត ៣:៥; អេសាយ ២:​២-៤

៣៧​. តើ​សំនួរ​អ្វី​ដែល​ត្រូវ​តែ​សួរ​អំពី​ពិភព​គ្រីស្ទ​សាសនា?

៣៧ ថ្វី​បើ​មាន​ភស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​អំពី​ភាព​ពិត​មែន​ទែន​និង​សេចក្ដី​ពិត​ត្រង់​នៃ​ព្រះ​គម្ពីរ តើ​អស់​អ្នក​ដែល​ថា​គេ​ទទួល​ព្រះ​គម្ពីរ អនុវត្ត​តាម​សេចក្ដី​បង្រៀន​នៃ​ព្រះ​គម្ពីរ​ទេ? ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​ជាតិ​សាសន៍​ដែល​អះអាង​ថា គេ​អនុវត្ត​សាសនា​គ្រីស្ទាន គឺ​ពិភព​គ្រីស្ទ​សាសនា​នោះ។ ពួក​គេ​បាន​កាន់​ព្រះ​គម្ពីរ​រាប់​រយ​សតវត្ស​មក​ហើយ។ តើ​គំនិត​និង​អំពើ​ប្រព្រឹត្ត​របស់​គេ ពិត​ជា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​ដ៏​ប្រសើរ​ឧត្តម​នៃ​ព្រះ​ឬ?

[រូបភាព​នៅ​ទំព័រ​១១]

លោក​បណ្ឌិត អ៊ីសាក់ ញូវតុន ជឿ​ថា​ផែនដី​គឺ​បាន​ត្រូវ​ទ្រ​ក្នុង​អវកាស​តាម​ផ្កាយ​និង​តារាវលី​ឯ​ទៀត ដោយសារ​ភូរិពល

ដែល​ព្រះ​គម្ពីរ​រៀប​រាប់​ថា​ផែនដី​ត្រូវ​រុំ​ព័ទ្ធ​ដោយ​អវកាស​ល្ហល្ហេវ​នេះ គឺ​ត្រូវ​ទទួល​ស្គាល់​ដោយ​ពួក​អ្នកប្រាជ្ញ ថា​ជា​ការ​មើល​ឃើញ​ដ៏​អស្ចារ្យ​នៃ​ជំនាន់​ព្រះគម្ពីរ

[រូបភាព​នៅ​ទំព័រ​១២]

ពួក​នាវិក​ជំនាន់​ដើម​ខ្លះ​ខ្លាច​ធ្វើ​ដំណើរ​ធ្លាក់​ពី​គែម​ផែនដី​ដែល​រាង​សំប៉ែត

[រូបភាព​នៅ​ទំព័រ​១៣]

មាន​ទី​សំអាង​បញ្ជាក់​ថា​ព្រះ​យេស៊ូ​បាន​រស់​នៅ ច្រើន​ជាង​ទី​សំអាង​ថា​សេសារ​-​យូលាស អធិរាជ​​ឆាឡឺម៉ាញ អូលីវេ​-​ក្រមវែល ឬ​សង្ឃ​រាជ​​លីអូ​ទី៣​បាន​រស់​នៅ​ទៅ​ទៀត

[រូបភាព​នៅ​ទំព័រ​១៥]

សេចក្ដី​សម្រេច​តាម​ទំនាយ​នៃ​ព្រះ​យេស៊ូ អំពី​សេចក្ដី​វិនាស​ដល់​ក្រុង​យេរូសាឡិម​ក្នុង​ឆ្នាំ ៧០ ស.យ. គឺ​បាន​បញ្ជាក់​ដោយ​សំណង់​កោង​នៃ​ទីតុស នៅ​ក្រុង​រ៉ូម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក