ភាគទី៣
របៀបដែលយើងអាចដឹងថាពិតជាមានព្រះមែន
១, ២ តើគោលការណ៍អ្វីដែលជួយឲ្យយើងយល់ដឹង ថាតើពិតជាមានព្រះមួយអង្គនោះ?
វិធីមួយដើម្បីឲ្យយល់ដឹង ថាតើមានព្រះមួយអង្គឬទេនោះ គឺដោយការអនុវត្តតាមគោលការណ៍ដែលបានស្ថាបនាយ៉ាងជាក់ស្តែងនេះថា៖ របស់ដែលបានបង្កើតមកត្រូវតែមានអ្នកបង្កើត។ បើរបស់ដែលបានបង្កើតមកមានភាពស្មុគស្មាញដ៏លើសលុបនោះ អ្នកបង្កើតក៏ត្រូវតែមានសមត្ថភាពរឹតតែច្រើនដែរ។
២ ជាឧទាហរណ៍ សូមលោកអ្នកអញ្ជើញសង្កេតមើលជុំវិញផ្ទះរបស់លោកអ្នកចុះ។ តុ កៅអី តុរៀន គ្រែ ឆ្នាំង ខ្ទះ ចាន ហើយគ្រឿងប្រដាប់ប្រដាឯទៀតទាំងអស់ត្រូវតែមានអ្នកបង្កើតដែរ ក៏ដូចជាជញ្ជាំង កម្រាលនិងពិតានជាដើម។ ប៉ុន្តែ របស់ទាំងនេះ គឺមិនជាការពិបាកនឹងបង្កើតទេ។ បើរបស់របរដ៏ស្រួលបែបនេះត្រូវតែមានអ្នកបង្កើតមែន តើមិនមែនជាការសមហេតុសមផលឬទេ ដោយថារបស់ដែលមានភាពយ៉ាងស្មុគស្មាញត្រូវតែមានអ្នកបង្កើតដែលមានបញ្ញាជាងអម្បាលម៉ានទៅទៀតនោះ?
សកលលោកដែលគួរឲ្យកោតស្ងើចរបស់យើង
៣, ៤ តើតាមរបៀបណាដែលសកលលោកនេះ ជួយឲ្យយើងយល់ដឹងថាពិតជាមានព្រះមែននោះ?
៣ នាឡិកាមួយត្រូវតែមានជាងធ្វើ។ ចុះយ៉ាងណាវិញ ចំពោះប្រព័ន្ធសុរិយារបស់យើងដែលមានភាពស្មុគស្មាញជាអក្ខោ ដោយមានសុរិយា និងផ្កាយដីនានាដែលវិលជុំវិញសុរិយាពីសតវត្សមួយទៅសតវត្សមួយតាមភាពទៀងទាត់ដែលមិនផ្លាស់ប្ដូរសូម្បីតែមួយចំណែកនៃវិនាទីនោះក៏ដោយ? ហើយតើយ៉ាងណាវិញ ចំពោះតារាវលីដ៏គួរឲ្យកោតស្ងើចដែលយើងរស់នៅក្នុង ឈ្មោះថា ជើងភ្នាយ ដែលមានផ្កាយជាង១០.០០០កោដិនោះ? តើលោកអ្នកធ្លាប់បានសំឡឹងមើលផ្កាយនៃជើងភ្នាយនៅពេលយប់ឬទេ? តើលោកអ្នកមានចិត្តស្ងើចទេ? បើអញ្ចឹង សូមគិតអំពីសកលលោកដ៏ធំសម្បើមយ៉ាងអស្ចារ្យ ដែលមានតារាវលីច្រើនសែនកោដិដែលរាប់មិនអស់ ដូចជាតារាវលីជើងភ្នាយរបស់យើងនេះ! ហើយតារានិងតារាវលីទាំងនោះមានភាពទៀងទាត់ដល់ម្ល៉េះក្នុងការធ្វើដំណើររបស់វាពីសតវត្សមួយទៅសតវត្សមួយ ដែលវាបានត្រូវគេប្រៀបធៀបទៅនឹងនាឡិកាយ៉ាងទៀងទាត់បំផុត។
៤ បើសិនជានាឡិកាដែលមិនសូវស្មុគស្មាញនោះ ផ្ដោះផ្ដងឲ្យដឹងថាមានជាងធ្វើនាឡិកានោះ ជាពិតប្រាកដណាស់ សកលលោកដែលមានភាពស្មុគស្មាញជាអក្ខោហើយយ៉ាងអស្ចារ្យទៅទៀត ក៏ផ្ដោះផ្ដងឲ្យដឹងថាមានអ្នកគូរប្លង់និងអ្នកបង្កើតនោះដែរ។ ដោយហេតុនេះ បានជាព្រះគម្ពីរអញ្ជើញមនុស្សយើងថា៖ «ចូរងើយភ្នែកឯងមើលទៅលើ» គម្ពីរនោះក៏ចែងប្រាប់យើងទៀតថា៖ «ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ»។ តើនោះជាអ្នកណាទៅ? គឺជាព្រះ «ដែលនាំពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ»។ (អេសាយ ៤០:២៦) ដូច្នេះហើយ ការមាននៅរបស់សកលលោកនេះគឺស្រេចទៅលើឥទ្ធិឫទ្ធិដែលមើលមិនឃើញ ជាអ្នកកាន់កាប់ដែលមានបញ្ញា—គឺព្រះ។
ផែនដីនេះបានត្រូវគូរប្លង់មកយ៉ាងប្រសើរឯក
៥-៧ តើហេតុការណ៍ណាខ្លះអំពីផែនដីដែលបង្ហាញថា ផែនដីមានអ្នកគូរប្លង់នោះ?
៥ កាលណាអ្នកវិទ្យាសាស្ត្រសិក្សាលក្ខណៈផែនដីជាច្រើនទៀតនោះ ពួកគេក៏យល់ឃើញយ៉ាងច្បាស់ទៀតថា វាបានត្រូវគូរប្លង់ជាប្រសើរឯកមកសម្រាប់ជាទីអាស្រ័យនៅរបស់មនុស្សលោក។ ផែនដីមានចម្ងាយយ៉ាងត្រឹមត្រូវល្មមពីសុរិយា ដើម្បីឲ្យទទួលរស្មីនិងកំដៅដែលត្រូវការឲ្យបានគ្រប់គ្រាន់។ មួយឆ្នាំមួយដងផែនដីយើងនេះធ្វើដំណើរវិលជុំវិញសុរិយា ដោយមានជំរាលទ្រេតត្រឹមត្រូវណាស់ដែលបណ្ដាលឲ្យមានរដូវផ្សេងៗនៅកន្លែងជាច្រើនលើផែនដី។ ម្យ៉ាងទៀតនោះ ផែនដីវិលជុំវិញអ័ក្សភូគោលរបស់វាជារៀងរាល់២៤ម៉ោង ដែលបណ្ដាលឲ្យមានជារឿយៗនូវរយៈពេលងងឹតនិងភ្លឺផង។ ផែនដីមានបរិយាកាសដែលពោរពេញទៅដោយធាតុឧស្ម័នជាច្រើន ដែលលាយគ្នាតាមភាគត្រឹមត្រូវទាំងអស់ ដើម្បីឲ្យយើងអាចដកដង្ហើមបាន ហើយអាចត្រូវបានការពារពីវិទ្យុសកម្មពីអវកាសដែលអាចបង្កើតឲ្យមានគ្រោះថ្នាក់ដល់យើង។ ផែនដីក៏មានទឹកនិងដីដែលមានជីជាតិដ៏សំខាន់ជាជីវិតសម្ពន្ធសម្រាប់ដាំដំណាំដែរ។
៦ បើមិនមានកត្ដាទាំងនេះព្រមទាំងកត្ដាឯទៀតដែលធ្វើសហប្រតិបត្ដិការនោះទេ ជីវិតគឺមិនអាចកើតមានឡើយ។ តើសេចក្ដីទាំងនេះបានកើតមកដោយចៃដន្យឬ? ទស្សនាវដ្ដីពត៌មានខាងវិទ្យាសាស្ត្របានចែងថា៖ «ស្ថានការណ៍ដ៏ពិសេសនិងទៀងទាត់បែបនេះ គឺហាក់ដូចជាមិនអាចកើតមានឡើងដោយចៃដន្យនោះឡើយ»។ ពិតជាមិនអាចកើតឡើងដូច្នោះទេ។ ការទាំងនេះបានកើតមកដោយសារការគូរប្លង់ដែលពោរពេញទៅដោយបំណងរបស់អ្នកគូរប្លង់ដ៏ល្អបំផុតម្នាក់។
៧ បើលោកអ្នកបានចូលក្នុងផ្ទះដ៏ល្អប្រសើរមួយ ហើយឃើញថាមានម្ហូបអាហារជាបរិបូរ មានម៉ាស៊ីនកម្ដៅនិងម៉ាស៊ីនត្រជាក់ដ៏ល្អ ព្រមទាំងមានប្រព័ន្ធនៃបំពង់ទឹកដ៏ល្អដើម្បីផ្ដល់ឲ្យមានទឹកនោះ តើលោកអ្នកនឹងសន្និដ្ឋានយ៉ាងណា? តើថារបស់ទាំងនេះបានកើតមានឡើងដោយខ្លួនឯងឬ? គឺមិនមែនទេ។ លោកអ្នកប្រាកដជានឹងសន្និដ្ឋានថា បុគ្គលមានបញ្ញាម្នាក់បានគូរប្លង់ព្រមទាំងបានសង់ផ្ទះនោះដោយយកចិត្តទុកដាក់យ៉ាងពិសេស។ ផែនដីនេះក៏បានត្រូវគូរប្លង់ ព្រមទាំងត្រូវបង្កើតមកដោយយកចិត្តទុកដាក់យ៉ាងពិសេសដែរ ដើម្បីនឹងផ្ដល់ឲ្យនូវសេចក្ដីត្រូវការទាំងប៉ុន្មានសម្រាប់អ្នកអាស្រ័យនៅ។ ហើយផែនដីមានភាពស្មុគស្មាញនិងគ្រឿងផ្គត់ផ្គង់យ៉ាងសន្ធឹកជាងផ្ទះឯណាទៅទៀត។
៨ តើមានហេតុការណ៍ណាទៀតអំពីផែនដី ដែលបង្ហាញថាព្រះអង្គយកព្រះទ័យទុកដាក់ជាទីស្រឡាញ់នឹងមនុស្សយើង?
៨ ម្យ៉ាងវិញទៀត សូមលោកអ្នកពិចារណាអំពីរបស់ជាច្រើនក្រៃលែង ដែលបន្ថែមសេចក្ដីសប្បាយរីករាយដល់ជីវិតរបស់មនុស្សយើង។ សូមអញ្ជើញមើលបុប្ផាជាច្រើនប្រភេទ ដែលមានពណ៌ប្រសើរសោភ័ណនិងក្លិនដ៏ក្រអូប ដែលធ្វើឲ្យមនុស្សលោកសប្បាយរីករាយ។ ថែមទៀតនោះ មានម្ហូបដែលមានរសជាតិយ៉ាងឆ្ងាញ់ជាច្រើនប្រភេទដែលយើងចូលចិត្តបរិភោគ។ មានរុក្ខជាតិ ភ្នំ បឹង ព្រមទាំងរបស់ដែលបានបង្កើតមកជាច្រើនទៀតដែលធ្វើឲ្យពេញចិត្តនឹងមើលផង។ ហើយយ៉ាងណាទៅចំពោះសុរិយាលិចដោយមានពណ៌ល្អត្រចង់ ដែលធ្វើឲ្យសេចក្ដីសប្បាយរីករាយរបស់មនុស្សយើងបានកើនឡើងនោះ? ហើយក្នុងពិភពនៃសត្វលោក តើយើងមិនចូលចិត្តមើលចលនាប៉ផ្លិលប៉ផ្លូចប្រឡែងលេងនិងលក្ខណៈជាទីស្រឡាញ់របស់កូនគោ កូនឆ្មា ហើយកូនសត្វឯទៀតឬ? ដូច្នេះហើយ ផែនដីផ្ដល់នូវរបស់ល្អជាច្រើនដែលធ្វើឲ្យមនុស្សសប្បាយរីករាយ ប៉ុន្តែរបស់ទាំងនេះមិនត្រូវការជាចាំបាច់សម្រាប់ជួយទ្រទ្រង់ជីវិតនោះទេ។ របស់ទាំងអស់នេះបង្ហាញថា ផែនដីយើងនេះបានត្រូវគូរប្លង់មកដោយយកព្រះទ័យទុកដាក់ជាទីស្រឡាញ់ ដើម្បីប្រយោជន៍ដល់មនុស្សលោក គឺមិនគ្រាន់តែឲ្យមានជីវិតប៉ុណ្ណោះទេ តែឲ្យយើងសប្បាយនឹងជីវិតនោះផង។
៩ តើអ្នកណាដែលបានបង្កើតផែនដី ហើយហេតុអ្វីបានជាទ្រង់បានបង្កើតផែនដីនោះឡើង?
៩ ហេតុដូច្នេះហើយ សេចក្ដីសន្និដ្ឋានដ៏សមហេតុសមផលគឺថា ត្រូវទទួលស្គាល់អ្នកដែលប្រគល់អំណោយទានទាំងនេះ ដូចអ្នកសរសេរព្រះគម្ពីរម្នាក់ ដែលបានចែងអំពីព្រះយេហូវ៉ាថា៖ «ទ្រង់បានបង្កបង្កើតផ្ទៃមេឃ នឹងផែនដី»។ ដើម្បីបំពេញគោលបំណងយ៉ាងណា? លោកបានឲ្យចម្លើយដោយពណ៌នាព្រះអង្គថា៖ «ជាព្រះដែលទ្រង់សូនធ្វើហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»វិញ។—អេសាយ ៣៧:១៦; ៤៥:១៨
ជីវកោសិកាដ៏អស្ចារ្យ
១០, ១១ តើហេតុអ្វីបានជាជីវកោសិកាជារឿងអស្ចារ្យម្ល៉េះ?
១០ តើយ៉ាងណាទៅចំពោះរបស់ដែលមានជីវិត? តើរបស់ទាំងនោះមិនត្រូវការអ្នកបង្កើតទេឬ? ជាឧទាហរណ៍ សូមពិចារណាមើលនូវលក្ខណៈខ្លះនៃជីវកោសិកាដ៏អស្ចារ្យនោះ។ លោកមីកែល-ដិនតន់ ជាអ្នកជីវសាស្ត្រខាងអណូ ក្នុងសៀវភៅរបស់លោកឈ្មោះ វិវត្តន៍៖ ទ្រឹស្តីមួយដែលកំពុងមានវិបត្ដិ បានសរសេរថា៖ «សូម្បីតែប្រព័ន្ធជីវិតដែលមានភាពសរលបំផុតនៅលើផែនដីសព្វថ្ងៃនេះ ដែលជាកោសិកាវេត្រាណូ តាមការពិតជាវត្ថុដែលមានភាពស្មុគស្មាញយ៉ាងក្រៃលែងវិញ។ ថ្វីបើកោសិកាវេត្រាណូដ៏តូចបំផុតមានទំហំតូចហួសនិស្ស័យក៏ដោយ . . . តែវេត្រាណូនិមួយៗគឺដូចជារោងចក្រដ៏អតិសុខុមមួយ ដែលពោរពេញទៅដោយរាប់ពាន់គ្រឿងយន្តខាងអណូដ៏ស្មុគស្មាញដែលបានត្រូវគូរប្លង់យ៉ាងអស្ចារ្យ . . . មានភាពស្មុគស្មាញយ៉ាងលើសលុបជាងគ្រឿងយន្តណាដែលបានសង់ដោយមនុស្សទៅទៀត ហើយជាដាច់ខាតក៏គ្មានគ្រឿងអ្វីដែលអាចប្រៀបស្មើគ្នានោះក្នុងពិភពអជីវន្តសោះឡើយ»។
១១ ចំពោះក្រមពន្ធុវិជ្ជាក្នុងកោសិកានិមួយៗ លោកបានសរសេរថា៖ «សមត្ថភាពនៃ ‹ឌីអេនអេ› (DNA)ក្នុងការផ្ទុកពត៌មាន មានភាពធំទូលាយលើសលុបជាងប្រព័ន្ធឯទៀតដែលធ្លាប់ឃើញ ហើយវាមានប្រសិទ្ធភាពយ៉ាងល្អក្រៃលែង ដែលគ្រប់ពត៌មានទាំងអស់ដែលត្រូវការដើម្បីនឹងកំណត់លក្ខណៈគ្រប់យ៉ាងនៃសព៌ាង្គកាយដ៏ស្មុគស្មាញដូចមនុស្ស គឺមានទម្ងន់តិចជាងពីរបីភាគក្នុងមួយរយកោដិនៃមួយក្រាមប៉ុណ្ណោះ។ . . . បើប្រៀបធៀបនឹងកំពស់នៃវិស្វកម្មភាពនិងភាពស្មុគស្មាញដែលសម្ដែងមកក្នុងគ្រឿងយន្តខាងអណូនៃជីវិត នោះឃើញថាសូម្បីតែគ្រឿងយន្តដ៏ជឿនលឿនបំផុតរបស់មនុស្ស មើលទៅហាក់ដូចជាការឆ្គងណាស់។ ចំពោះរឿងនេះ ពួកយើងមានចិត្តបន្ទាបខ្លួនណាស់»។
១២ តើអ្នកវិទ្យាសាស្ត្រម្នាក់បាននិយាយយ៉ាងណាអំពីការចាប់ផ្ដើមរបស់កោសិកា?
១២ លោកដិនតន់បន្ថែមទៀតថា៖ «ភាពស្មុគស្មាញរបស់ប្រភេទកោសិកាដ៏សរលបំផុតដែលបានធ្លាប់ស្គាល់នោះ ជាការអស្ចារ្យដល់ម្ល៉េះ បានជាខ្ញុំមិនអាចយល់ព្រមថា កោសិកាបែបនេះអាចត្រូវបង្កើតមួយរំពេច ដោយសារព្រឹត្ដិការណ៍ចំឡែកដែលពិតជាមិនសមហេតុសមផលនោះឡើយ»។ គឺត្រូវតែមានអ្នកគូរប្លង់ហើយអ្នកបង្កើតវិញ។
ខួរក្បាលដ៏អស្ចារ្យរបស់យើង
១៣, ១៤ តើហេតុអ្វីបានជាខួរក្បាលមានភាពអស្ចារ្យជាងជីវកោសិកាទៅទៀត?
១៣ អ្នកវិទ្យាសាស្ត្រនេះក៏និយាយទៀតថា៖ «ចំពោះភាពស្មុគស្មាញនោះ កោសិកាមានភាពតូចតាចណាស់ បើប្រៀបធៀបនឹងប្រព័ន្ធមួយដូចជាខួរក្បាលរបស់ថនិកសត្វ។ ខួរក្បាលមនុស្សមានប្រមាណមួយពាន់កោដិកោសិកាប្រសាទ។ កោសិកាប្រសាទនិមួយៗបង្កើតបានប្រហែលជា ពីមួយម៉ឺនរហូតដល់មួយសែនសរសៃដែលទាក់ទងនឹងកោសិកាប្រសាទឯទៀតនៅក្នុងខួរក្បាល។ បើរាប់បញ្ចូលគ្រប់តំណទាំងអស់ក្នុងខួរក្បាលមនុស្ស មានចំនួនប្រមាណ . . . ដប់លានកោដិតំណ»។
១៤ លោកដិនតន់ក៏បានបន្ថែមទៀតថា៖ «បើសូម្បីតែមួយភាគរយនៃតំណទាំងនោះក្នុងខួរក្បាលបានរៀបចំមកនោះ ការនេះនឹងតំណាងប្រព័ន្ធមួយដែលមានចំនួនតំណលើសជាងតំណដែលមាននៅក្នុងគ្រប់ប្រព័ន្ធខាងគមនាគមន៍ទាំងអស់ក្នុងផែនដីទាំងមូលទៅទៀត»។ បន្ទាប់មកលោកសួរថា៖ «តើវិវត្តន៍ដោយចៃដន្យអាចផ្គុំឡើងនូវប្រព័ន្ធបែបនេះបានឬទេ»? យ៉ាងជាក់ស្តែងណាស់ គឺមិនអាចធ្វើទៅបានទេ។ ជាប្រាកដមែន ខួរក្បាលត្រូវតែមានអ្នកគូរប្លង់ព្រមទាំងអ្នកបង្កើតដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់។
១៥ តើអ្នកឯទៀតបានថ្លែងយោបល់យ៉ាងណាអំពីខួរក្បាល?
១៥ សូម្បីតែកុំព្យូទ័រដ៏ទំនើបបំផុត បើប្រៀបធៀបនឹងខួរក្បាលមនុស្ស នោះហាក់ដូចជាមានបច្ចេកវិជ្ជាកម្រិតទាបណាស់។ អ្នកនិពន្ធខាងវិទ្យាសាស្ត្រលោកមូរថន-ហាន់ បានសរសេរថា៖ «សតិដ៏សកម្មរបស់យើងអាចផ្ទុកពត៌មានបានរាប់រយកោដិច្រើនជាងកុំព្យូទ័រសម្រាប់ការស្រាវជ្រាវដ៏ធំទៅទៀត ដែលមាននៅបច្ចុប្បន្នកាលនេះ»។ ដោយហេតុនេះ បានជាគ្រូពេទ្យវះកាត់ខួរក្បាល លោកវេជ្ជបណ្ឌិត រ៉ប៊ើត-ជេ-វ៉ាយត៍ បានសន្និដ្ឋានថា៖ «ខ្ញុំគ្មានជម្រើសផ្សេងទេក្រៅពីការទទួលស្គាល់ថា ពិតជាមានអ្នកមានបញ្ញាដ៏ខ្ពស់បំផុត ជាអ្នកគូរប្លង់ដែលបានបង្កើតទំនាក់ទំនងរវាងខួរក្បាលនិងសតិដ៏អស្ចារ្យ—រឿងដែលហួសពីសមត្ថភាពរបស់មនុស្សលោកឲ្យយល់បាន។ . . . ខ្ញុំត្រូវតែជឿថា គ្រប់សេចក្ដីទាំងនេះមានការចាប់ផ្ដើមឡើងពីអ្នកមានបញ្ញា គឺមានបុគ្គលម្នាក់ដែលបានបណ្ដាលឲ្យសេចក្ដីទាំងនេះបានកើតមានឡើងមែន»។ គឺប្រាកដជាមានបុគ្គលម្នាក់ដែលស្រឡាញ់មនុស្សយើងដែរ។
ប្រព័ន្ធឈាមដ៏ល្អប្រសើរឯក
១៦-១៨ (ក) តើប្រព័ន្ធឈាមមានភាពប្រសើរឯកតាមរបៀបណាខ្លះ? (ខ) តើយើងគួរតែសន្និដ្ឋានយ៉ាងណា?
១៦ សូមអញ្ជើញពិចារណាដែរ នូវប្រព័ន្ធឈាមដ៏ប្រសើរឯកដែលនាំធាតុចំណីនិងជារកា ហើយជួយការពារពីដំបៅក្លាយ។ ចំពោះគោលិកាក្រហម ជាធាតុសំខាន់មួយនៃប្រព័ន្ធនេះ សៀវភៅ រឿងបឋមសិក្សានៃរូបកាយមនុស្ស បានចែងថា៖ «ឈាមមួយដំណក់មានគោលិកាជាង២៥កោដិផ្សេងៗគ្នា។ . . . រូបកាយមនុស្សមានប្រហែលជា២លាន៥សែនកោដិគោលិកានោះ បើលាតទាំងអស់ទៅ គឺអាចគ្របលើជាង៦ទីធ្លាបាល់ទះបាន។ . . . រៀងរាល់វិនាទី រូបកាយមនុស្សបង្កើតប្រមាណ៣លានគោលិកាថ្មីទៀត»។
១៧ ចំពោះគោលិកាស ជាផ្នែកដ៏សំខាន់មួយទៀតនៃប្រព័ន្ធឈាមដ៏ប្រសើរឯកនោះ សៀវភៅដដែលប្រាប់យើងថា៖ «ថ្វីបើគោលិកាក្រហមមានតែមួយប្រភេទនោះ គោលិកាសមានច្រើនប្រភេទណាស់ ហើយប្រភេទនិមួយៗនោះ មានសមត្ថភាពប្រយុទ្ធនឹងការពាររូបកាយតាមរបៀបផ្សេងៗគ្នា។ ជាឧទាហរណ៍ ប្រភេទមួយយ៉ាងស៊ីបំផ្លាញកោសិកាដែលបានស្លាប់ទៅ។ ប្រភេទផ្សេងៗទៀត បង្កើតអង្គបដិបក្ខដែលស៊ីបំផ្លាញវិសាណូអាក្រក់ ធ្វើឲ្យសាបសូន្យនូវធាតុពុលពីក្រៅរូបកាយ ឬក៏ស៊ីរំលាយវេត្រាណូផង»។
១៨ ប្រព័ន្ធនេះជាការគួរឲ្យអស្ចារ្យ ហើយបានចាត់ចែងមកយ៉ាងខ្ពង់ខ្ពស់មែនហ្ន៎! ពិតមែនហើយ ប្រព័ន្ធបែបនោះដែលបានផ្សំយ៉ាងអស្ចារ្យ ហើយមានសមត្ថភាពនឹងការពាររូបកាយយ៉ាងពេញលេញដូចនោះ គឺត្រូវតែមានអ្នកចាត់ចែងដ៏មានបញ្ញាហើយពោរពេញទៅដោយសេចក្ដីស្រឡាញ់—គឺព្រះ។
ការអស្ចារ្យឯទៀត
១៩ តើភ្នែកអាចប្រៀបធៀបយ៉ាងណានឹងគ្រឿងយន្តធ្វើដោយមនុស្ស?
១៩ ក្នុងរូបកាយមនុស្សគឺមានរបស់ដ៏អស្ចារ្យជាច្រើនទៀត។ របស់មួយនោះគឺជាភ្នែក ដែលបានគូរប្លង់ដោយមានកម្រិតវិសេសវិសាលដល់ម្ល៉េះ គឺគ្មានម៉ាស៊ីនថតណាមានសមត្ថភាពធ្វើដូចបានឡើយ។ តារាវិទូម្នាក់លោក រ៉ប៊ើត-ចែសត្រូ បានមានប្រសាសន៍ថា៖ «ភ្នែកហាក់ដូចជាបានត្រូវគេគូរប្លង់មក ដែលគ្មានអ្នកគូរប្លង់កែវយឹតណាអាចសម្រេចការបានល្អប្រសើរជាងនោះឡើយ»។ ហើយទស្សនាវដ្ដីវិជ្ជាថតរូបប្រជាប្រិយបានចែងថា៖ «ភ្នែកមនុស្សអាចឃើញសេចក្ដីល្អិតល្អន់គ្រប់សព្វទាំងអស់យ៉ាងសន្ធឹកជាងហ្វិលរូបថតទៅទៀត។ ភ្នែកនោះអាចឃើញជាទំហំទាំងបីជ្រុង ដោយមានមុមយ៉ាងទូលាយក្រៃលែង ដោយគ្មានការធ្វើឲ្យខូចនូវរូបសណ្ឋានឡើយ ហើយដោយចលនាដ៏ឥតឈប់ឈរទៅទៀត។ . . . ការប្រៀបធៀបម៉ាស៊ីនថតនឹងភ្នែកមនុស្សមិនមែនជាសទិសភាពដ៏ត្រឹមត្រូវទេ។ ភ្នែកមនុស្សអាចប្រៀបទៅនឹង មហាកុំព្យូទ័រដ៏អស្ចារ្យមួយដែលមានបច្ចេកទេសដ៏ជឿនលឿនបំផុតទាំងមានបញ្ញាអធម្មជាតិ សមត្ថភាពនឹងយកពត៌មានទៅប្រើ មានល្បឿនខ្ពស់ ហើយមានរបៀបប្រតិបត្ដិការដែលមានភាពប្រសើរលើសលុបជាងគ្រឿងយន្ត កុំព្យូទ័រ ឬក៏ម៉ាស៊ីនថតណា ដែលធ្វើដោយមនុស្សទៅទៀត»។
២០ តើមានទិដ្ឋភាពអស្ចារ្យឯទៀតណាខ្លះ អំពីរូបកាយមនុស្ស?
២០ សូមអញ្ជើញគិតដែរ អំពីវិធីដែលសរីរាង្គដ៏ស្មុគស្មាញទាំងអស់ក្នុងរូបកាយ រួបរួមដើរជាមួយគ្នាដោយគ្មានការខំប្រឹងខាងផ្លូវសតិរបស់យើងឡើយ។ ជាឧទាហរណ៍ មនុស្សយើងទទួលម្ហូបគ្រប់ប្រភេទនិងទឹកជាច្រើនយ៉ាងចូលទៅក្នុងពោះយើង ប៉ុន្តែរូបកាយយើងយកទៅប្រើដើម្បីបង្កើតកំឡាំង។ បើដាក់ម្ហូបគ្រប់ប្រភេទបែបនេះទៅក្នុងធុងសាំងរថយន្ត តើនឹងអាចបើកទៅបានទេ? ម្យ៉ាងទៀតនោះ គឺមានអព្ភូតហេតុនៃកំណើតមនុស្ស ដែលអាចបង្កើតកូនង៉ាជាទីស្រឡាញ់—មានរូបរាងដូចឪពុកម្ដាយខ្លួន—ក្នុងកំលុងពេល៩ខែ។ ហើយចុះយ៉ាងណាទៅចំពោះសមត្ថភាពរបស់កូនក្មេង ដែលមានអាយុទើបតែពីរបីឆ្នាំក្នុងការចេះរៀននិយាយភាសាដែលមានភាពស្មុគស្មាញនោះ?
២១ កាលដែលមើលពិចារណារឿងអស្ចារ្យរបស់រូបកាយ តើមនុស្សដែលមានវិនិច្ឆ័យល្អនិយាយយ៉ាងណា?
២១ ពិតមែនហើយ សេចក្ដីដែលបានបង្កើតយ៉ាងអស្ចារ្យនិងយ៉ាងស្មុគស្មាញក្នុងរូបកាយមនុស្ស ធ្វើឲ្យយើងពោរពេញទៅដោយចិត្តកោតស្ងើច។ គ្មានវិស្វករណាអាចធ្វើបាននូវរឿងអស្ចារ្យបែបនេះឡើយ។ តើរឿងទាំងនេះអាចកើតឡើងដោយចៃដន្យប៉ុណ្ណោះឬ? ប្រាកដជាមិនដូច្នោះទេ។ ផ្ទុយទៅវិញ កាលណាមើលពិចារណាគ្រប់ទាំងទិដ្ឋភាពយ៉ាងអស្ចារ្យរបស់រូបកាយមនុស្ស អ្នកដែលមានវិនិច្ឆ័យល្អនឹងនិយាយដូចជាអ្នកសរសេរទំនុកដំកើង ដែលបានចែងថា៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់[ព្រះ] ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់»។—ទំនុកដំកើង ១៣៩:១៤
អ្នកបង្កើតដ៏ឧត្តមបំផុត
២២, ២៣ (ក) តើហេតុអ្វីបានជាយើងគួរតែទទួលស្គាល់ថា ពិតជាមានអ្នកបង្កើតនោះ? (ខ) តើព្រះគម្ពីរបានចែងយ៉ាងត្រឹមត្រូវអំពីព្រះយ៉ាងណា?
២២ ព្រះគម្ពីរបានចែងថា៖ «ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ»។ (ហេព្រើរ ៣:៤) បើសិនជាផ្ទះណា ទោះជាមានសរលភាពយ៉ាងណាក៏ដោយ ត្រូវតែមានអ្នកសង់នោះ អញ្ចឹងសកលលោកដ៏ស្មុគស្មាញយ៉ាងលើសលុបជាងនោះ ព្រមទាំងជីវិតគ្រប់សព្វនៅលើផែនដីដែលមានប្រភេទផ្សេងៗជាច្រើនក្រៃលែង ត្រូវតែមានអ្នកបង្កើតដែរ។ ហើយបើយើងទទួលស្គាល់ការមាននៅនៃមនុស្សដែលបានប្រឌិតឡើងនូវគ្រឿងយន្តដូចជាយន្តហោះ ទូរទស្សន៍ និងកុំព្យូទ័រ តើយើងមិនគួរតែទទួលស្គាល់ការមាននៅរបស់អ្នកដែលបានប្រទានខួរក្បាលទៅមនុស្សលោក ដើម្បីឲ្យគេមានសមត្ថភាពនឹងធ្វើគ្រឿងបែបនេះដែរឬទេ?
២៣ ព្រះគម្ពីរបានទទួលស្គាល់ដោយហៅទ្រង់ថា៖ «ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម»។ (អេសាយ ៤២:៥) ព្រះគម្ពីរបានចែងយ៉ាងត្រឹមត្រូវថា៖ «ឱព្រះអម្ចាស់[យេហូវ៉ា] ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។—វិវរណៈ ៤:១១
២៤ តើមនុស្សយើងអាចដឹងយ៉ាងណា ថាពិតជាមានព្រះមែននោះ?
២៤ ពិតហើយ យើងអាចដឹងជាប្រាកដថាមានព្រះមែន ដោយសាររបស់ដែលទ្រង់បានបង្កើតមក។ «ដ្បិតអ្វីៗរបស់[ព្រះ] ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែល[ព្រះ]បានបង្កើតមក»។—រ៉ូម ១:២០
២៥, ២៦ តើហេតុអ្វីបានជាការប្រើរបស់អ្វីដោយមិនត្រឹមត្រូវ មិនមែនសម្ដែងថារបស់នោះគ្មានអ្នកបង្កើតនោះ?
២៥ ចំពោះរឿងដែលថា របស់របរដែលបានធ្វើមក បានត្រូវប្រើដោយមិនត្រឹមត្រូវ នោះមិនមានន័យថារបស់នោះគ្មានអ្នកបង្កើតឡើយ។ យន្តហោះអាចប្រើបានសម្រាប់បំណងសន្ដិសុខ ដូចជាអាកាសយានសម្រាប់ដឹកនាំមនុស្ស។ ប៉ុន្តែក៏អាចប្រើបានសម្រាប់សេចក្ដីបំផ្លាញដែរ ដូចជាយន្តហោះទម្លាក់គ្រាប់បែក។ ការដែលគេប្រើតាមសេចក្ដីបំផ្លាញនោះ មិនមានន័យថា វាគ្មានអ្នកបង្កើតនោះឡើយ។
២៦ ស្រដៀងនឹងគ្នានោះ ហេតុការណ៍ដែលមនុស្សតែងតែបានក្លាយទៅជាអាក្រក់នោះ មិនមានន័យថា ពួកគេគ្មានអ្នកបង្កើត ឬក៏ថា គ្មានព្រះនោះឡើយ។ ដោយហេតុនេះ ព្រះគម្ពីរបានចែងយ៉ាងត្រឹមត្រូវថា៖ «យីអើ អ្នករាល់គ្នាយល់ផ្ទុយអីម្ល៉េះ! តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ? បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា៖ ‹គេមិនបានបង្កើតអញទេ›? ឬរបស់ដែលគេសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា៖ ‹គេឥតមានដំរិះយោបល់អ្វីឡើយ›ដូច្នេះ»?—អេសាយ ២៩:១៦
២៧ តើហេតុអ្វីបានជាយើងត្រូវយល់ថា ព្រះនឹងឆ្លើយនូវសំនួររបស់យើងអំពីសេចក្ដីទុក្ខវេទនា?
២៧ អ្នកបង្កើតបានសម្ដែងគតិបណ្ឌិតរបស់ទ្រង់ដោយសារភាពស្មុគស្មាញយ៉ាងអស្ចារ្យក្នុងរបស់ដែលទ្រង់បានបង្កើតមក។ ទ្រង់បានបង្ហាញថា ទ្រង់ពិតជាស្រឡាញ់មនុស្សយើងដោយបង្កើតផែនដីឲ្យមានស្ថានភាពយ៉ាងត្រឹមត្រូវសម្រាប់ជីវិត ដោយធ្វើរូបកាយនិងសតិរបស់យើងតាមរបៀបយ៉ាងអស្ចារ្យ ហើយដោយបង្កើតរបស់ជាច្រើនយ៉ាង ដើម្បីឲ្យយើងសប្បាយរីករាយឡើង។ ជាពិតប្រាកដមែន ទ្រង់នឹងសម្ដែងគតិបណ្ឌិតនិងសេចក្ដីស្រឡាញ់ស្រដៀងនឹងគ្នា ដោយប្រគល់នូវចម្លើយចំពោះសំនួរដូចជា៖ តើហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនា? តើទ្រង់នឹងប្រព្រឹត្តដោះស្រាយយ៉ាងណាអំពីរឿងនេះ?
[រូបភាពនៅទំព័រ៥]
ផែនដីនិងបរិយាកាសសម្រាប់ការពារ គឺជាទីលំនៅដ៏វិសេសវិសាលមួយដែលព្រះដ៏ពេញទៅដោយសេចក្ដីស្រឡាញ់បានគូរប្លង់មកសម្រាប់យើង
[រូបភាពនៅទំព័រ៦]
ផែនដីបានត្រូវបង្កើតមកដោយសេចក្ដីស្រឡាញ់ ដើម្បីឲ្យមនុស្សយើងអាចសប្បាយនឹងជីវិតឲ្យបានពេញលេញ
[រូបភាពនៅទំព័រ៧]
[រូបភាពនៅទំព័រ៨]
«ភ្នែកហាក់ដូចជាបានត្រូវគេគូរប្លង់មក ដែលគ្មានអ្នកគូរប្លង់កែវយឹតណាអាចសម្រេចការបានល្អប្រសើរជាងនោះឡើយ»។—អ្នកតារាសាស្ត្រ