បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pr ផ. ២ ទំ. ៦-១០
  • តើអ្នកណាអាចប្រាប់យើងបាន?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកណាអាចប្រាប់យើងបាន?
  • តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ជីវិត​បាន​ចាប់​ផ្ដើម​មក​ដោយ​ចៃដន្យ​ឬ?
  • របស់​ដែល​គ្រោងការ​បង្កើត​មក​ត្រូវ​តែ​មាន​អ្នក​គ្រោងការ​បង្កើត
  • អ្វី​ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង
  • ‹បាន​បង្កើត​មក​យ៉ាង​គួរ​អស្ចារ្យ›
  • របៀបដែលយើងអាចដឹងថាពិតជាមានព្រះមែន
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
  • សមតែស្គាល់អ្នកគ្រោង គម្រោងធម្មជាតិអស្ចារ្យណាស់!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើអាចមានគម្រោងតែគ្មានអ្នកគ្រោងទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
pr ផ. ២ ទំ. ៦-១០

ផ្នែកទី២

តើ​អ្នក​ណា​អាច​ប្រាប់​យើង​បាន?

១, ២​. ដើម្បី​ឲ្យ​ដឹង​នូវ​គោល​បំណង​នៃ​របស់​អ្វី​ដែល​បាន​គ្រោងការ​បង្កើត​មក តើ​ត្រូវ​ប្រើ​វិធី​ដ៏​ប្រសើរ​បំផុត​ណា?

១ តើ​អ្នក​ណា​អាច​ប្រាប់​យើង​បាន​ថា​អ្វី​ទៅ​ដែល​ពិត​ជា​គោល​បំណង​នៃ​ជីវិត​នោះ? បើសិន​ជា​អ្នក​ទៅ​ជួប​អ្នក​គ្រោងការ​បង្កើត​ម៉ាស៊ីន​ណា​ម្នាក់ ហើយ​ឃើញ​គាត់​កំពុង​តែ​ធ្វើ​ម៉ាស៊ីន​ដ៏​ស្មុគស្មាញ​មួយ​ដែល​អ្នក​មិន​ស្គាល់ តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ដឹង​ថា ម៉ាស៊ីន​នោះ​នឹង​សំរាប់​ប្រើ​ធ្វើ​អ្វី? វិធី​ដ៏​ប្រសើរ​បំផុត​គឺ​អ្នក​ត្រូវ​តែ​សួរ​អ្នក​គ្រោងការ​បង្កើត​នោះ​តែ​ម្ដង។

២ ចុះ​យ៉ាង​ណា​ដែរ ចំពោះ​របស់​បង្កើត​មក​យ៉ាង​អស្ចារ្យ ដែល​យើង​ឃើញ​ជុំវិញ​យើង​លើ​ផែនដី​នេះ ដូច​ឃើញ​ក្នុង​ជីវិត​ទាំង​ឡាយ សូម្បី តែ​តូច​បំផុត​ដូច​កោសិកា​ដ៏​រស់​នោះ? សូម្បី តែ​អណូ​និង​បរមាណូ​ដ៏​រឹតតែ​តូច​ណាស់​ទៅ​ទៀត​នៅ​ក្នុង​កោសិកា ក៏​បាន​ត្រូវ​គ្រោងការ​បង្កើត​មក​យ៉ាង​អស្ចារ្យ​ហើយ​រៀប​រយ​ផង។ ហើយ​ចុះ​យ៉ាង​ណា​ទៅ ចំពោះ​ខួរ​ក្បាល​របស់​មនុស្ស​ដែល​ត្រូវ​បាន​គ្រោងការ​បង្កើត​មក​យ៉ាង​ស្ញប់ស្ញែង​នោះ? ចុះ​យ៉ាង​ណា​វិញ​ទៀត ចំពោះ​ប្រព័ន្ធ​សុរិយា​និង​តារាវលី​ជើងភ្នាយ​របស់​យើង និង​សកលលោក​នោះ? តើ​របស់​ដ៏​អស្ចារ្យ​ទាំង​អស់​នេះ​មិន​ត្រូវ​មាន​ព្រះ​ជា​អ្នក​គ្រោងការ​បង្កើត​មួយ​អង្គ​ទេ​ឬ? ជា​ប្រាកដ​ណាស់ ទ្រង់​អាច​ប្រាប់​យើង​នូវ​ហេតុ​ដែល​ទ្រង់​បាន​បង្កើត​របស់​ទាំង​នេះ។

តើ​ជីវិត​បាន​ចាប់​ផ្ដើម​មក​ដោយ​ចៃដន្យ​ឬ?

៣, ៤​. តើ​ភវនីយភាព​ជីវិត​បាន​កើត​ឡើង​ដោយ​ចៃដន្យ​មាន​យ៉ាង​ណា​ដែរ?

៣ សព្វ​វចនាធិប្បាយ​អាមេរិកាណា បាន​កត់​សម្គាល់​ថា «ការ​ស្មុគស្មាញ​និង​ការ​រៀប​រយ​ក្នុង​ជីវិត​ទាំង​ឡាយ គឺ​ជា​ការ​គួរ​ឲ្យ​អស្ចារ្យ​ហួស​កំរិត» ហើយ​ថ្លែង​ប្រាប់​ថា⁠៖ «ការ​ពិនិត្យ​មើល​ផ្កា សត្វល្អិត⁠ៗ ឬ​ថនិកសត្វ​ឲ្យ​បាន​ល្អិតល្អន់ បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណែក​​តម្រៀប​ចូល​គ្នា​យ៉ាង​ល្អ​ក្រៃលែង»។ ក្នុង​ការ​ថ្លែង​សំដៅ​ទៅ​ធាតុ​គីមី​ផ្សំ​គ្នា​ក្នុង​របស់​មាន​ជីវិត តារាវិទូ​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ បឺរណាដ ឡូវ៉ែល បាន​សរសេរ​ប្រាប់​ថា⁠៖ «ភវនីយភាព . . . នៃ​ការ​កើត​ឡើង​ដោយ ចៃដន្យ នៃ​អណូ​​ប្រូតេអ៊ីន​ដ៏​តូច​មួយ​បំផុត នោះ​គឺ​ស្តួចស្តើង​ណាស់។ . . . ជា​ការ​ពិត គឺ​សូន្យ​តែ​ម្ដង»។

៤ តារាវិទូ​ឈ្មោះ ហ្វ្រិដ ហ័យល៍ ក៏​មាន​ប្រសាសន៍​ស្រដៀង​នេះ​ដែរ​ថា⁠៖ «គម្រោង​ទាំង​មូល​នៃ​ជីវសាស្ត្រ​តាម​គេ​និយម នោះ​នៅ​តែ​ជឿ​ថា ជីវិត​បាន​កើត​ឡើង​ដោយ​ចៃដន្យ។ តែ​នៅ​ពេល​ដែល​អ្នក​ជី​វ​គីមី​ស្រាវជ្រាវ​ឃើញ​រឹតតែ​ច្បាស់​ឡើង អំពី​ការ​ស្មុគស្មាញ​ដែល​គួរ​កោត​ស្ងើច​នៃ​ជីវិត នោះ​ក៏​ឃើញ​ច្បាស់​ថា ជីវិត​គឺ​មិន​ងាយ​មាន​ឱកាស​ចាប់​ផ្ដើម​ឡើង​ដោយ​ចៃដន្យ​ឯក​ឯង​នោះ​ទេ ដូច្នេះ​យើង​អាច​បដិសេធ​ឱកាស​ដ៏​តូច​ស្តួចស្តើង​នេះ​ចោល​ទៅ​ចុះ។ ជីវិត​គឺ​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​បាន​ឡើយ»។

៥​-​៧​. តើ​តាម​របៀប​ណា​ដែល​ជីវសាស្ត្រ​ខាង​អណូ​បញ្ជាក់​ថា របស់​មាន​ជីវិត​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​នោះ?

៥ ជីវសាស្ត្រ​ខាង​អណូ ជា​វិស័យ​ថ្មី⁠ៗមួយ​ខាង​វិទ្យាសាស្ត្រ គឺ​ជា​ការ​សិក្សា​អំពី​របស់​មាន​ជីវិត ដែល​មាន​កំរិត​តូច​ដូច​ពន្ធុ អណូ និង​បរមាណូ។ អ្នក​ជីវសាស្ត្រ​ខាង​អណូ​ម្នាក់​ឈ្មោះ មីកែល ​ដឹនតុន មាន​យោបល់​អំពី​ការ​ស្រាវជ្រាវ​ឃើញ​ថា⁠៖ «ការ​ស្មុគស្មាញ​នៃ​កោសិកា​ដ៏​ងាយ​ស្រួល​បំផុត​មួយ ដែល​គេ​បាន​រក​ឃើញ គឺ​អស្ចារ្យ​ដល់​ម្ល៉េះ ដែល​យើង​រក​ជឿ​ពុំ​បាន​សោះ ថា​របស់​បែប​នេះ​ស្រាប់​តែ​បាន​ត្រូវ​បោះ​បញ្ចូល​គ្នា​ដោយ​ព្រឹត្ដិការណ៍​ណា​មួយ​ដ៏​ចម្លែក ដែល​មិន​ងាយ​កើត​ឡើង​បាន»។ «ហើយ​មិន​មែន​គ្រាន់​តែ​ការ​ស្មុគស្មាញ​នៃ​ប្រព័ន្ធ​ជីវិត​ប៉ុណ្ណោះ​ទេ ដែល​ជ្រៅ​ពិបាក​ពេក​នោះ តែ​ក៏​មាន​សេចក្ដី​ប៉ិនប្រសប់​អស្ចារ្យ​ដែរ ដែល​តែង​ឃើញ​មាន​ក្នុង​ការ​គ្រោងការ​បង្កើត​នៃ​ប្រព័ន្ធ​ជីវិត​ទាំង​នោះ»។ «គឺ​នៅ​ត្រឹម​កំរិត​អណូ​ដែល . . . ប្រាជ្ញា​ជ្រាល​ជ្រៅ​នៃ​ការ​គ្រោងការ​បង្កើត​ខាង​​ជីវសាស្ត្រ និង​ភាព​ល្អ​គ្រប់​ល័ក្ខណ៍​នៃ​គោល​បំណង​ដ៏​សម្រេច អាច​ឃើញ​បាន​យ៉ាង​ជាក់​ច្បាស់​បំផុត»។

៦ លោក​ដឹន​តុ​ន​មាន​ប្រសាសន៍​ទៀត​ថា⁠៖ «គ្រប់​ទី​កន្លែង​ដែល​យើង​គយ​គន់​មើល​ទៅ ថ្វី​បើ​មាន​ជម្រៅ​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​ឃើញ​ភាព​សម​សួន និង​សេចក្ដី​ប៉ិនប្រសប់​នៃ​គុណសម្បត្ដិ​មួយ​ដ៏​ល្អ​លើសលប់​ដាច់​គេ ដែល​ធ្វើ​ឲ្យ​គំនិត​ខាង​ការ​ចៃដន្យ​កាន់​តែ​ខ្សោយ​ឡើង⁠ៗ។ តើ​គួរ​ឲ្យ​ជឿ​បាន​ទេ ថា​ដំណើរ​ចៃដន្យ​ព្រាវ⁠ៗអាច​បង្កើត​បាន​របស់​ពិត​មួយ ដែល​មាន​ទាំង​ចំណែក​តូច​បំផុត គឺ​—⁠ប្រូតេអ៊ីន​ឬ​ពន្ធុ​ដ៏​ប្រកប​ការ​បាន​—⁠ដែល​ស្មុគស្មាញ​ហួស​វិស័យ​ប្រាជ្ញា​ឆ្លាត​វៃ​របស់​យើង ជា​របស់​ពិត​មួយ ដែល​ផ្ទុយ​ប្រឆាំង​នឹង​ការ​ចៃដន្យ ដែល​ល្អ​ក្នុង​គ្រប់​ប្រការ​លើស​អ្វី⁠ៗទាំង​អស់​ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្កើត​មក​នោះ»? លោក​ថ្លែង​ប្រាប់​ទៀត​ថា⁠៖ «រវាង​កោសិកា​ដ៏​រស់ និង​ប្រព័ន្ធ​ខាង​​អជីវសាស្ត្រ​ដ៏​រៀប​រយ​ជា​ទីបំផុត ដូច​ជា​ផលិ​ក​ឬ​ទឹក​កក​ស្តើង​ល្អិត នោះ​មាន​សភាព​ខុស​គ្នា​ដ៏​សម្បើម​ក្រៃលែង ដែល​មិន​អាច​យល់​បាន»។ ហើយ​​សាស្ដ្រាចារ្យ​រូប​សាស្ត្រ​ម្នាក់​ទៀត​ឈ្មោះ ​ជេត ​រេយ៍ម៉ូ ថ្លែង​ប្រាប់​ថា⁠៖ «ខ្ញុំ​មាន​ចិត្ត​កោត​ស្ញែង​មែន​ទែន . . . អណូ​និមួយ⁠ៗហាក់​ដូច​ជា​បង្កើត​មក​យ៉ាង​អស្ចារ្យ​តែ​ម្ដង ដើម្បី នឹង​បំពេញ​មុខ​ងារ​របស់​វា»។

៧ អ្នក​ជីវសាស្ត្រ​ខាង​អណូ លោក​ដឹន​តុ​ន សន្និដ្ឋាន​ថា «ពួក​អ្នក​ដែល​នៅ​តែ​ប្រកែក​អះអាង​តាម​មតិ​ខ្លួន ថា​របស់​ពិត​ថ្មី​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ចៃដន្យ​សុទ្ធសាធ» នោះ​គឺ​ជឿ​អភូតកថា​ហើយ។ តាម​ការ​ពិត​លោក​ហៅ​លទ្ធិ​របស់​លោក​ដារ្វីន​អំពី​ជីវិត​កើត​ឡើង​ដោយ​ចៃដន្យ ថា​ជា «អភូតកថា​ដ៏​អស្ចារ្យ​ខាង​ដំណើរ​នៃ​ការ​កើត​លោក​ធាតុ នៃ​សតវត្ស​ទី ២០ នេះ»។

របស់​ដែល​គ្រោងការ​បង្កើត​មក​ត្រូវ​តែ​មាន​អ្នក​គ្រោងការ​បង្កើត

៨, ៩​. សូម​ឲ្យ​ឧទាហរណ៍​ពន្យល់​ថា អ្វី⁠ៗដែល​គ្រោងការ​បង្កើត​មក ត្រូវ​តែ​មាន​អ្នក​គ្រោងការ​បង្កើត​នោះ។

៨ ភវនីយភាព​ដែល​ថា​របស់​គ្មាន​ជីវិត​អាច​ក្លាយ​ទៅ​ជា​មាន​ជីវិត​បាន ដោយ​ការ​ចៃដន្យ​តាម​របៀប​ព្រាវ⁠ៗ នោះ​គឺ​មិន​ងាយ​កើត​ឡើង​បាន​ឡើយ។ ពិត​ហើយ ជីវិត​ទាំង​ឡាយ​ដែល​បាន​បង្កើត​មក​យ៉ាង​ល្អ​ពន់ពេក​នៅ​លើ​ផែនដី គឺ​មិន​អាច​កើត​មក​ដោយ​ចៃដន្យ​ឡើយ ដ្បិត​អ្វី⁠ៗដែល​បាន​គ្រោងការ​បង្កើត​មក ត្រូវ​តែ​មាន​អ្នក​គ្រោងការ​បង្កើត​ជានិច្ច។ តើ​អ្នក​ដឹង​ពី​វិធី​ណា​ផ្សេង​ឬ? គឺ​គ្មាន​សោះ​ឡើយ។ បើ​របស់​ដែល​គ្រោងការ​បង្កើត​មក​រឹតតែ​ពិបាក នោះ​អ្នក​គ្រោងការ​បង្កើត​ក៏​ត្រូវ​តែ​មាន​សមត្ថភាព​រឹតតែ​ច្រើន​ដែរ។

៩ យើង​ក៏​អាច​ពន្យល់​ប្រាប់​រឿង​យ៉ាង​ដូច្នេះ​ដែរ​ថា⁠៖ ពេល​យើង​ឃើញ​គំនូរ​មួយ យើង​ក៏​អាច​យល់​ស្រប​ថា គឺ​មាន​ជាង​គំនូរ​ម្នាក់​ដែរ។ ពេល​យើង​អាន​សៀវភៅ​មួយ យើង​ក៏​យល់​ស្រប​ថា មាន​អ្នក​និពន្ធ​ម្នាក់។ ពេល​យើង​ឃើញ​ផ្ទះ​មួយ យើង​ក៏​អាច​យល់​ស្រប​ថា មាន​អ្នក​សង់​ផ្ទះ​ម្នាក់។ ពេល​យើង​ឃើញ​ភ្លើង​​ចរាចរណ៍ យើង​ក៏​ដឹង​ថា មាន​គណៈ​មួយ​ដែល​តែង​ច្បាប់។ ពួក​អ្នក​ដែល​បង្កើត​របស់​ទាំង​អស់​នោះ គឺ​បង្កើត​មក​ដោយ​មាន​គោល​បំណង។ ហើយ​ថ្វី​បើ​យើង​មិន​យល់​អ្វី⁠ៗអំពី​ពួក​អ្នក​បង្កើត​របស់​ទាំង​នេះ យើង​ក៏​ដឹង​ជា​ប្រាកដ​ថា គឺ​មាន​អ្នក​បង្កើត​របស់​ទាំង​នេះ​មែន។

១០​. តើ​យើង​អាច​ឃើញ​ទី​សំអាង​អ្វី ដែល​បញ្ជាក់​អំពី​អ្នក​គ្រោងការ​បង្កើត​ដ៏​ខ្ពស់​ឧត្តម​មួយ​អង្គ?

១០ ជា​ការ​ស្រដៀង​គ្នា​ដែរ ទី​សំអាង​បញ្ជាក់​ថា​មាន​ព្រះ​ជា​អ្នក​គ្រោងការ​បង្កើត​ដ៏​ខ្ពស់​ឧត្តម​មួយ​អង្គ គឺ​អាច​ឃើញ​ក្នុង​ការ​បង្កើត សេចក្ដី​រៀប​រយ និង​សេចក្ដី​ស្មុគស្មាញ នៃ​ជីវិត​ទាំង​ឡាយ​លើ​ផែនដី។ របស់​ទាំង​នេះ​បង្ហាញ​ថា គឺ​មាន​ព្រះ​មួយ​អង្គ​ដ៏​មាន​ប្រាជ្ញា​ខ្ពស់​ឧត្តម​មែន។ ឯ​របស់​គ្រោងការ​បង្កើត សេចក្ដី​រៀប​រយ និង​សេចក្ដី​ស្មុគស្មាញ​នៃ​សកលលោក​ដ៏​មាន​តារាវលី​រាប់​រយ​កោដិ ដែល​​និមួយ⁠ៗមាន​ផ្កាយ​ជា​ច្រើន​រយ​កោដិ នោះ​ក៏​បញ្ជាក់​ថា​មាន​ព្រះ​ជា​អ្នក​គ្រោងការ​បង្កើត​ដ៏​ខ្ពស់​ឧត្តម​មួយ​ដែរ។ ហើយ​ផ្កាយ​និង​តារាវលី​ទាំង​នេះ គឺ​ដើរ​តាម​ច្បាប់​ដ៏​ត្រូវ​ទៀងទាត់ ដូច​ជា​ច្បាប់​សំរាប់​ចលនា កំដៅ ពន្លឺ សម្លេង អគ្គីសនី​​ចុម្ពិតពល និង​​ភូរិពល។ តើ​អាច​មាន​ច្បាប់​បាន​ទេ បើ​គ្មាន​អ្នក​តែង​ច្បាប់​នោះ? លោក​បណ្ឌិត ​វឺនណ្ហើរ ​វ័នប្រ័ន ជា​អ្នកវិទ្យាសាស្ត្រ​ខាង​កាំជ្រួច បាន​ថ្លែង​ថា⁠៖ «ច្បាប់​ធម្មជាតិ​នៃ​សកលលោក​គឺ​ត្រូវ​ទៀងទាត់​ណាស់ ដែល​យើង​គ្មាន​ការ​ពិបាក​ទេ ក្នុង​ការ​បង្កើត​អវកាស​យាន​ឲ្យ​ហោះ​ទៅ​ឯ​ស្ថាន​ព្រះ​ចន្ទ ហើយ​អាច​កំណត់​វេលា​សំរាប់​ដំណើរ​នោះ​បាន​យ៉ាង​ទៀង ខុស​ល្អៀង​តែ​១​ភាគ​វិនាទី​ប៉ុណ្ណោះ។ ច្បាប់​ទាំង​នេះ​ត្រូវ​តែ​មាន​អ្នក​ណា​ម្នាក់​តែង​ទុក​មក​ហើយ»។

១១​. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​ប្រកែក​ថា មិន​មាន​ព្រះ​ជា​អ្នក​គ្រោងការ​បង្កើត​ដ៏​ខ្ពស់​ឧត្តម​មួយ​អង្គ ព្រោះ​តែ​យើង​មិន​អាច​មើល​ឃើញ​ទ្រង់?

១១ ពិត​មែន​ហើយ ភ្នែក​យើង​មិន​អាច​មើល​ឃើញ​ព្រះ​ដ៏​ខ្ពស់​ឧត្តម ដែល​ជា​អ្នក​គ្រោងការ​បង្កើត​និង​តែង​ច្បាប់​នេះ​ទេ។ ប៉ុន្តែ តើ​យើង​ប្រកែក​ថា​មិន​មាន​របស់​ដូច​ជា ភូរិពល អគ្គីសនី​ចុម្ពិត​ពល អគ្គីសនី ឬ​រលក​វិទ្យុ ដោយ​ព្រោះ​តែ​យើង​មិន​អាច​មើល​ឃើញ​របស់​ទាំង​នោះ​ឬ? យើង​ប្រាកដ​ជា​មិន​ប្រកែក​ទេ ដ្បិត​យើង​អាច​ឃើញ​អនុភាព​នៃ​របស់​ទាំង​នេះ។ ដូច្នេះ​ហេតុ​អ្វី​ក៏​យើង​គួរ​ប្រកែក​ថា មិន​មាន​ព្រះ​ដ៏​ខ្ពស់​ឧត្តម​មួយ​អង្គ ដែល​គ្រោងការ​បង្កើត​ហើយ​តែង​ច្បាប់​មក ព្រោះ​តែ​យើង​មិន​អាច​មើល​ឃើញ​ទ្រង់ ពេល​យើង​អាច​ឃើញ​លទ្ធផល​នៃ​កិច្ចការ​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ​របស់​ទ្រង់?

១២, ១៣​. តើ​ទី​សំអាង​ប្រាប់​យ៉ាង​ដូច​ម្ដេច អំពី​ការ​មាន​ព្រះ​អាទិទេព?

១២ សាស្ដ្រាចារ្យ​រូប​សាស្ត្រ ប៉ុល ដាវី សន្និដ្ឋាន​ថា មនុស្ស​មាន​ជីវិត​គង់​នៅ​គឺ​មិន​មែន​គ្រាន់​តែ​ដោយ​ចៃដន្យ​មិន​ទៀង​នោះ​ទេ។ លោក​ថ្លែង​ប្រាប់​ថា⁠៖ «ពិត​ជា​មាន​បំណង​សំរាប់​យើង​រស់​នៅ​ក្នុង​លោក​នេះ»។ ហើយ​លោក​មាន​ប្រសាសន៍​អំពី​សកលលោក​ថា⁠៖ «តាម​រយៈ​កិច្ចការ​វិទ្យាសាស្ត្រ​របស់​ខ្ញុំ ខ្ញុំ​ក៏​រឹតតែ​ជឿ​ខ្លាំង​ឡើង ថា​លោក​ធាតុ​គឺ​បង្កើត​ឡើង​មក ដោយ​សេចក្ដី​ប៉ិនប្រសប់​អស្ចារ្យ​ណាស់ បាន​ជា​ខ្ញុំ​មិន​អាច​យល់​ស្រប​ថា នេះ​គ្រាន់​តែ​ជា​ហេតុ​ការណ៍​មួយ​ដ៏​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ។ ខ្ញុំ​មើល​ទៅ​គឺ​ថា​ត្រូវ​តែ​មាន​សេចក្ដី​ពន្យល់​ដ៏​ជ្រាល​ជ្រៅ​ជាង​នេះ»។

១៣ ដូច្នេះ ទី​សំអាង​ប្រាប់​យើង​ថា សកលលោក ផែនដី និង​ជីវិត​ទាំង​ឡាយ​លើ​ផែនដី មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ របស់​ទាំង​អស់​នេះ​ផ្ដល់​សេចក្ដី​បញ្ជាក់​ដ៏​ស្ងៀម​ស្ងាត់ អំពី​ព្រះ​​អាទិទេព​មួយ​អង្គ​ដ៏​មាន​ប្រាជ្ញា ព្រះ​ចេស្ដា​ខ្ពង់​ខ្ពស់។

អ្វី​ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង

១៤​. តើ​ព្រះ​គម្ពីរ​សន្និដ្ឋាន​យ៉ាង​ដូច​ម្ដេច អំពី​ព្រះ​អាទិទេព?

១៤ ព្រះ​គម្ពីរ​ជា​សៀវភៅ​ដ៏​ចាស់​បុរាណ​បំផុត​របស់​មនុស្ស​លោក ក៏​មាន​សេចក្ដី​សន្និដ្ឋាន​ដូច​គ្នា​ដែរ។ ជា​ឧទាហរណ៍ ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​ហេព្រើរ សាវ័ក​ប៉ុល​បាន​សរសេរ​ប្រាប់​យើង​ថា⁠៖ «ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ»។ (ហេព្រើរ ៣:៤) សៀវភៅ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​មក ក៏​ប្រាប់​ថា⁠៖ «ឱ[ព្រះ​យេហូវ៉ា] ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិ រី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។​—⁠វិវរណៈ ៤:១១

១៥​. តាម​របៀប​ណា​ដែល​យើង​អាច​យល់​ឃើញ​នូវ​គុណសម្បត្ដិ​ខ្លះ​របស់​ព្រះ?

១៥ ព្រះ​គម្ពីរ​បង្ហាញ​ថា ថ្វី​បើ​យើង​មិន​អាច​មើល​ឃើញ​ព្រះ​ក៏​ដោយ យើង​អាច​យល់​ឃើញ​ថា​ទ្រង់​ជា​ព្រះ​យ៉ាង​ណា ដោយសារ​របស់​ដែល​ទ្រង់​បាន​បង្កើត​មក។ បទ​គម្ពីរ​ថ្លែង​ប្រាប់​ដូច្នេះ​ថា⁠៖ «ដ្បិត​អ្វី⁠ៗរបស់ [ព្រះ​អាទិទេព] ដែល​រក​មើល​មិន​ឃើញ តាំង​ពីដើម​កំណើត​លោកីយ​មក ទោះ​ទាំង​ព្រះ​ចេស្ដា​ដ៏​នៅ​អស់កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក»។​—⁠រ៉ូម ១:២០

១៦​. ហេតុ​អ្វី​ក៏​យើង​គួរ​តែ​ត្រេកអរ ដែល​មនុស្ស​មិន​អាច​ឃើញ​ព្រះ​បាន?

១៦ ដូច្នេះ​ព្រះ​គម្ពីរ​ប្រាប់​យើង​ចាប់​ពី​លទ្ធផល​ដល់​ហេតុ។ ឯ​លទ្ធផល​—⁠គឺ​របស់​ទាំង​ប៉ុន្មាន​ដែល​បាន​បង្កើត​មក​ដ៏​គួរ​ឲ្យ​កោត​ស្ងើច​—⁠ជា​ទី​សំអាង​នៃ​ព្រះ​ដែល​មាន​ប្រាជ្ញា​និង​ឥទ្ធិឫទ្ធិ​ខ្លាំង​ក្លា។ ហើយ​យើង​គួរ​តែ​អរគុណ​វិញ ដែល​យើង​មើល​ព្រះ​មិន​ឃើញ ដ្បិត​ជា​ព្រះ​អាទិទេព​ដែល​បង្កើត​សកលលោក​ទាំង​មូល ទ្រង់​ប្រាកដ​ជា​មាន​ព្រះ​ចេស្ដា​ខ្លាំង​ក្លា​ណាស់ បាន​ជា​មនុស្ស​មាន​សាច់​ឈាម​មិន​អាច​មើល​ឃើញ​ទ្រង់ ហើយ​នៅ​មាន​ជីវិត​គង់​វង់​បាន​ឡើយ។ តាម​ការ​ពិត ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​ថា⁠៖ «គ្មាន​មនុស្ស​ជាតិ​ណា​ម្នាក់​ដែល​មើល​ឃើញ[ព្រះ] ហើយ​រស់​នៅ​បាន​នោះ​ឡើយ»។​—⁠និក្ខមនំ ៣៣:២០ ព.ថ.

១៧, ១៨​. ហេតុ​អ្វី​ក៏​គំនិត​អំពី​ព្រះ​អាទិទេព​មួយ​អង្គ​គួរ​តែ​ជា​ការ​សំខាន់​ចំពោះ​យើង?

១៧ គំនិត​អំពី​ព្រះ​ជា​អ្នក​គ្រោងការ​បង្កើត​មួយ​អង្គ​ដ៏​ឧត្តម ជា​ព្រះ​អាទិទេព​—⁠ដ៏​ជា​ព្រះ​—⁠នោះ​គួរ​តែ​ជា​ការ​សំខាន់​ណាស់​ចំពោះ​យើង។ បើសិន​ជា​ព្រះ​អាទិទេព​បាន​បង្កើត​យើង​មក​មែន នោះ​ទ្រង់​ប្រាកដ​ជា​មាន​មូលហេតុ និង​គោល​បំណង​ក្នុង​ការ​បង្កើត​យើង​មក​ហើយ។ បើ​យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​គោល​បំណង​ក្នុង​ជីវិត នោះ​យើង​គួរ​តែ​សង្ឃឹម​ថា ស្ថានភាព​នឹង​ប្រែ​ទៅ​ជា​ល្អ​ប្រសើរ​ឡើង​វិញ សំរាប់​យើង​ក្នុង​អនាគត។ បើ​មិន​ដូច្នោះ​ទេ នោះ​យើង​បាន​តែ​រស់​ហើយ​ស្លាប់ គឺ​គ្មាន​សេចក្ដី​សង្ឃឹម​អ្វី​សោះ​ឡើយ។ ដូច្នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​តែ​រក​ឲ្យ​ដឹង​ថា ព្រះ​មាន​គោល​បំណង​អ្វី​សំរាប់​យើង ដើម្បី​ឲ្យ​យើង​អាច​សម្រេច​ចិត្ត​ថា ចង់​ឬ​មិន​ចង់​រស់​នៅ​តាម​គោល​បំណង​របស់​ទ្រង់។

១៨ ព្រះ​គម្ពីរ​ក៏​បាន​ថ្លែង​ប្រាប់​ដែរ​ថា ព្រះ​អាទិទេព​គឺ​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ចំពោះ​យើង។ សាវ័ក​ពេត្រុស​ថ្លែង​ប្រាប់​ថា⁠៖ «ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ (ពេត្រុសទី១ ៥:៧; សូម​មើល យ៉ូហាន ៣:⁠១៦ និង​យ៉ូហានទី១ ៤:​៨, ១៦ ដែរ) របៀប​មួយ​ដែល​យើង​អាច​ដឹង​ថា ព្រះ​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​យ៉ាង​ណា​ចំពោះ​យើង គឺ​ដោយ​ការ​ពិចារណា​មើល​អំពី​របៀប​ដ៏​អស្ចារ្យ ដែល​ទ្រង់​បាន​បង្កើត​យើង​មក ទាំង​ចិត្ត​គំនិត​និង​រូប​កាយ។

‹បាន​បង្កើត​មក​យ៉ាង​គួរ​អស្ចារ្យ›

១៩​. តើ​សេចក្ដី​ពិត​អ្វី​ដែល​ដាវីឌ​ជា​អ្នក​តែង​ទំនុកដំកើង បាន​ប្រាប់​យើង​ឲ្យ​កត់​សម្គាល់?

១៩ ដាវីឌ​ដែល​ជា​អ្នក​សរសេរ​ទំនុកដំកើង​ក្នុង​ព្រះ​គម្ពីរ បាន​ទទួល​ស្គាល់​ថា⁠៖ «ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ»។ (ទំនុកដំកើង ១៣៩:⁠១៤) នេះ​គឺ​ត្រូវ​ពិត​មែន ដ្បិត​​ខួរក្បាល​និង​រូប​កាយ​របស់​មនុស្ស​បាន​ត្រូវ​គ្រោងការ​បង្កើត​មក​យ៉ាង​អស្ចារ្យ​ដោយ​ព្រះ​ជា​អ្នក​គ្រោង​ការ​បង្កើត​ដ៏​ខ្ពស់​ឧត្តម​មួយ​អង្គ។

២០​. តើ​សព្វ​វចនាធិប្បាយ​មួយ​រៀប​រាប់​ខួរ​ក្បាល​មនុស្ស​យ៉ាង​ដូច​ម្ដេច?

២០ ជា​ឧទាហរណ៍ ខួរ​ក្បាល​របស់​អ្នក​គឺ​ស្មុគស្មាញ​ឆ្ងាយ​ជាង​កុំព្យូទ័រ​ណា​ទាំង​អស់។ សព្វ​វចនាធិប្បាយ​ប៊្រីធែណនីកា​ថ្មី កត់​សម្គាល់​ថា⁠៖ «ការ​បញ្ជូន​ដំណឹង​ក្នុង​ប្រព័ន្ធ​ប្រសាទ គឺ​ស្មុគស្មាញ​ជាង​ប្រព័ន្ធ​ទាក់ទង​ទូរស័ព្ទ​ដ៏​ធំ​បំផុត។ វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​ខួរ​ក្បាល​មនុស្ស គឺ​ពូកែ​លើស​សមត្ថភាព​នៃ​កុំព្យូទ័រ​ដ៏​ខ្លាំង​ពូកែ​ណា​ទាំង​អស់​ឆ្ងាយ​ណាស់»។

២១​. នៅ​ពេល​យើង​ឃើញ​សមត្ថភាព​នៃ​ខួរ​ក្បាល តើ​យើង​គួរ​សន្និដ្ឋាន​យ៉ាង​ដូច​ម្ដេច?

២១ ហេតុ​ការណ៍​និង​រូបារម្មណ៍​រាប់​រយ​លាន បាន​ត្រូវ​ចាំ​ទុក​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក តែ​ខួរ​ក្បាល​មិន​មែន​គ្រាន់​តែ​ជា​ទី​សំរាប់​ទុក​ដាក់​ហេតុ​ការណ៍​ប៉ុណ្ណោះ​ទេ។ អ្នក​អាច​ប្រើ​ខួរ​ក្បាល​ដើម្បី នឹង​រៀន​ហួច ដុត​នំប៉័ង និយាយ​ភាសា​ថ្មី ប្រើ​កុំព្យូទ័រ ឬ​បើក​យន្តហោះ។ អ្នក​អាច​នឹក​អំពី​វិស្សមកាល​នឹង​សប្បាយ​យ៉ាង​ណា ឬ​អំពី​ផ្លែ​ឈើ​ថា​មាន​រសជាតិ​ឆ្ងាញ់​ពិសា​យ៉ាង​ណា។ អ្នក​អាច​គិតគូរ​ដោះ​ស្រាយ និង​ធ្វើ​របស់​ផ្សេង⁠ៗបាន។ អ្នក​ក៏​អាច​គិត​បំរុង អបអរ ស្រឡាញ់ និង​រាយរាប់​គំនិត​អ្នក​ទាក់​ទង់​ទៅ​នឹង​អតីតកាល បច្ចុប្បន្ន​កាល និង​អនាគតកាល​ទៀត​ផង។ ពីព្រោះ​មនុស្ស​យើង​មិន​អាច​​គ្រោងការ​បង្កើត​អ្វី​មួយ ដែល​គួរ​ឲ្យ​អស្ចារ្យ​ដូច​ខួរ​ក្បាល​បាន នោះ​បុគ្គល​ដែល​បាន​គ្រោងការ​បង្កើត​ខួរ​ក្បាល​ច្បាស់​ជា​មាន​ប្រាជ្ញា និង​សមត្ថភាព​ខ្ពស់​ជាង​មនុស្ស​ណា​ទាំង​អស់​ឆ្ងាយ​ណាស់។

២២​. តើ​ពួក​អ្នកវិទ្យាសាស្ត្រ​និយាយ​ស្រប​អំពី​ខួរ​ក្បាល​មនុស្ស​យ៉ាង​ដូច​ម្ដេច?

២២ អំពី​រឿង​ខួរ​ក្បាល ពួក​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ស្រប​ថា⁠៖ «របៀប​ដែល​ការ​ទាំង​នេះ​បាន​ប្រព្រឹត្ត​ឡើង ដូច​ជា​គ្រឿង​ម៉ាស៊ីន​មួយ ដែល​មាន​គម្រោង​រៀប​រយ​ល្អ​ក្រៃលែង និង​ស្មុគស្មាញ​ដោយ​មាន​សណ្ដាប់​ធ្នាប់​ហើយ​អស្ចារ្យ​យ៉ាង​នេះ គឺ​ពិបាក​យល់​ណាស់។ . . . មនុស្ស​លោក​មិន​ដែល​អាច​​ដោះស្រាយ​សេចក្ដី​ស្មុគស្មាញ​ដ៏​ចម្លែក​និមួយ⁠ៗ នៃ​ខួរ​ក្បាល​បាន​ឡើយ»។ ​(វិទ្យាសាស្ត្រ​អាមេរិកាំង) ហើយ​លោក​រេយ៍ម៉ូ ជា​សាស្ដ្រាចារ្យ​រូប​សាស្ត្រ លោក​មាន​ប្រសាសន៍​ថា⁠៖ «បើ​និយាយ​ឲ្យ​ត្រង់​ទៅ យើង​នៅ​តែ​មិន​យល់​ណាស់​ណា​ទេ អំពី​របៀប​ដែល​ខួរក្បាល​មនុស្ស​ចាំ​ទុក​ដំណឹង ឬ​របៀប​ដែល​ខួរ​ក្បាល​អាច​នឹក​ចេញ​រឿង​ផ្សេង⁠ៗមក​ដោយ​ខ្លួន​ឯង​បាន។ . . . ក្នុង​ខួរ​ក្បាល​មនុស្ស​មាន​កោសិកា​ប្រសាទ ដល់​ទៅ​មួយ​ម៉ឺន​កោដិ​ឯ​ណោះ។ កោសិកា​និមួយ​ទាក់ទង​នឹង​កោសិកា​រាប់​ពាន់​ឯ​ទៀត​តាម​រយៈ​ទី​ប្រសព្វ​នៃ​សរសៃ​វិញ្ញាណ ដែល​តម្រៀប​ផ្ទួន⁠ៗគ្នា​មាន​រាង​ដូច​ដើម​ឈើ។ សរសៃ​វិញ្ញាណ​ដែល​អាច​ត​ភ្ជាប់​គ្នា នោះ​គឺ​ស្មុគស្មាញ​ក្រៃលែង»។

២៣, ២៤​. សូម​ប្រាប់​នូវ​ចំណែក​ខ្លះ⁠ៗ​របស់​រូប​កាយ​ដែល​បាន​បង្កើត​មក​យ៉ាង​អស្ចារ្យ ហើយ​តើ​វិស្វករ​ម្នាក់​មាន​យោបល់​យ៉ាង​ណា?

២៣ ភ្នែក​របស់​អ្នក​គឺ​ច្បាស់​ជាក់លាក់ ហើយ​ងាយ​សម្រប​សម្រួល​ជាង​ប្រដាប់​ថត​រូប​ណា​ទាំង​អស់។ តាម​ការ​ពិត ភ្នែក​របស់​អ្នក​គឺ​ជា​ម៉ាស៊ីន​ថត​ភាពយន្ត​ពណ៌​ធម្មជាតិ ស្វ័យប្រវត្ត​គ្រប់​សព្វ ហើយ​អាច​កែ​តម្រង់​ឲ្យ​ច្បាស់​ដោយ​ខ្លួន​ឯង​បាន។ ​ត្រចៀក​របស់​អ្នក​អាច​ស្ទង់​ស្ដាប់​បាន​សម្លេង​ផ្សេង⁠ៗ ហើយ​ជួយ​អ្នក​ឲ្យ​ដឹង​ទិសដៅ​និង​ឲ្យ​ដឹង​លំ​នឹង​ផង។ ឯ​បេះដូង​របស់​អ្នក​គឺ​ជា​ម៉ាស៊ីន​បូម​មួយ​ដ៏​មាន​សមត្ថភាព ដែល​វិស្វករ​ចំណាន​បំផុត​រក​ធ្វើ​ឲ្យ​ដូច​មិន​បាន​ឡើយ។ ហើយ​ចំណែក​ឯ​ទៀត​នៃ​រូប​កាយ​ក៏​អស្ចារ្យ​ដែរ ដូច​ជា⁠៖ ច្រមុះ​របស់​អ្នក អណ្ដាត និង​ដៃ ព្រម​ទាំង​ប្រព័ន្ធ​ឈាម​រត់​និង​ប្រព័ន្ធ​រំលាយ​អាហារ និង​ចំណែក​ជា​ច្រើន​ឯ​ទៀត។

២៤ ដូច្នេះ វិស្វករ​ម្នាក់​ដែល​គេ​បាន​អញ្ជើញ​មក​ឲ្យ​បង្កើត​កុំព្យូទ័រ​ធំ​១ បាន​វែកញែក​ថា⁠៖ «បើ​កុំព្យូទ័រ​ខ្ញុំ​ប៉ុណ្ណេះ​ត្រូវ​ការ​អ្នក​គូរ​ប្លង់​ទៅ​ហើយ ចុះ​ទម្រាំ​ដល់​ម៉ាស៊ីន​ដ៏​ស្មុគស្មាញ ខាង​​សរីរវិទ្យា​-​ធាតុ​វិទ្យា​-​ជីវសាស្ត្រ ដែល​នៅ​ក្នុង​រូប​កាយ​ខ្ញុំ​នោះ តើ​មិន​ត្រូវ​មាន​អ្នក​បង្ក​បង្កើត​ទេ​ឬ? ហើយ​ឯ​រូប​កាយ​ខ្ញុំ​វិញ គ្រាន់​តែ​ជា​ចំណែក​ដ៏​តូច​ល្អិត​ក្រៃលែង ក្នុង​លោក​ធាតុ​ដ៏​ធំធេង​សឹង​គ្មាន​ព្រំដែន»។

២៥, ២៦​. តើ​អ្វី​ដែល​ព្រះ​ជា​អ្នក​គ្រោងការ​បង្កើត​ដ៏​ឧត្តម​អាច​ប្រាប់​យើង​បាន?

២៥ មនុស្ស​តែង​មាន​គោល​បំណង​ក្នុង​ចិត្ត ពេល​គេ​បង្កើត​​យន្តហោះ កុំព្យូទ័រ កង់ និង​ប្រដាប់​ឯ​ទៀត។ ដូច្នេះ ព្រះ​ដែល​បង្កើត​ខួរ​ក្បាល និង​រូប​កាយ​មនុស្ស ក៏​ត្រូវ​តែ​មាន​គោល​បំណង​មួយ​ដែរ ក្នុង​ការ​បង្កើត​យើង​មក។ ហើយ​អ្នក​បង្កើត​នេះ ត្រូវ​តែ​មាន​ប្រាជ្ញា​ប្រសើរ​ឧត្តម​ជាង​មនុស្ស ដ្បិត​គ្មាន​មនុស្ស​យើង​ណា​ម្នាក់​អាច​បង្កើត​អ្វី​ឲ្យ​បាន​ដូច​របស់​ដែល​ទ្រង់​បាន​បង្កើត​មក​ឡើយ។ ដូច្នេះ គឺ​សម​ហេតុ​សម​ផល​មែន ដែល​មាន​តែ​ទ្រង់​ទេ​ដែល​អាច​ប្រាប់​យើង​បាន​នូវ​មូលហេតុ​ដែល​ទ្រង់​បង្កើត​យើង​មក មូលហេតុ​ដែល​ទ្រង់​ដាក់​យើង​នៅ​លើ​ផែនដី​នេះ ហើយ​និង​គោល​ដៅ​របស់​យើង។

២៦ នៅ​ពេល​ដែល​យើង​រៀន​ចេះ​ដឹង​នូវ​របស់​ទាំង​នេះ នោះ​យើង​នឹង​អាច​ប្រើ​ខួរ​ក្បាល​និង​រូប​កាយ​ដ៏​អស្ចារ្យ ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង ដើម្បី នឹង​បំពេញ​គោល​បំណង​ក្នុង​ជីវិត​របស់​យើង។ តែ​តើ​យើង​អាច​រៀន​អំពី​គោល​បំណង​របស់​ទ្រង់​នៅ​ឯ​ណា? តើ​ទ្រង់​ប្រទាន​ឲ្យ​យើង​នូវ​ដំណឹង​ពី​ណា​មក?

[រូបភាព​នៅ​ទំព័រ​៧]

បើ​ចង់​ដឹង​នូវ​មូលហេតុ​ដែល​របស់​មួយ​បាន​ត្រូវ​គ្រោងការ​បង្កើត​មក ប្រសើរ​បំផុត​គឺ​ត្រូវ​សួរ​អ្នក​គ្រោងការ​បង្កើត​នោះ​តែ​ម្ដង

[រូបភាព​នៅ​ទំព័រ​៨]

សេចក្ដី​ស្មុគស្មាញ​និង​ការ​បង្កើត​នៃ​របស់​មាន​ជីវិត គឺ​អាច​ឃើញ​ក្នុង​អណូ ឌី-អិន-អេ (DNA)

[រូបភាព​នៅ​ទំព័រ​៩]

«វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​ខួរ​ក្បាល​មនុស្ស គឺ​ពូកែ​លើស​សមត្ថភាព​នៃ​កុំព្យូទ័រ​ដ៏​ខ្លាំង​ពូកែ​ណា​ទាំង​អស់​ឆ្ងាយ​ណាស់»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក