សមតែស្គាល់អ្នកគ្រោង ព្រោះគម្រោងធម្មជាតិអស្ចារ្យណាស់!
មនុស្ស ជាច្រើនធ្លាប់ឮអំពីបុរសជនជាតិអ៊ីតាលីម្នាក់ដែលជាជាងគំនូរហើយចេះឆ្លាក់រូបស្អាតៗផង(ឈ្មោះ Michelangelo)។ បើមានឱកាសឃើញស្នាដៃរបស់គាត់ យើងប្រហែលជាឯកភាពជាមួយអ្នកស្រាវជ្រាវផ្នែកគំនូរនិងរូបចម្លាក់ពីបុរាណ ដែលនិយាយពីគាត់ថា «ជាជាងគំនូរពូកែជាងគេដែលគ្មាននរណាប្រៀបផ្ទឹមបានឡើយ»។ គាត់ពិតជាប៉ិនប្រសប់មែន! បើដូច្នេះ តើយើងអាចកោតស្ងើចចំពោះគំនូររបស់គាត់ តែមិនទទួលស្គាល់គាត់ជាម្ចាស់គំនូរបានទេ?
ឥឡូវ សូមគិតអំពីជីវិតនៅផែនដីដែលចម្រុះគ្នាច្រើនប្រភេទនិងសែនស្មុគស្មាញហួសពីការនឹកស្មាន។ ទាក់ទងនឹងរឿងនេះ កាសែតមួយបានដកស្រង់ពាក្យរបស់សាស្ដ្រាចារ្យផ្នែកជីវវិទ្យាម្នាក់ថា៖ «ជីវវិទ្យាបញ្ជាក់ភ័ស្តុតាងពីគម្រោងក្នុងធម្មជាតិ»។ គាត់ក៏មានប្រសាសន៍ទៀតថា៖ «ជីវិតទាំងឡាយសុទ្ធតែមានដំណើរការស្របទៅតាមគម្រោងនោះ»។ (កាសែត The New York Times) តើសមគួរឲ្យយើងទទួលស្គាល់គម្រោងដ៏អស្ចារ្យក្នុងធម្មជាតិ តែមិនគិតថាមានអ្នកគ្រោងទេឬ?
លោកប៉ុលនៅសម័យបុរាណ តែងតែយកចិត្តទុកដាក់ចំពោះអ្វីៗដែលគាត់សង្កេតមើលនៅជុំវិញខ្លួន ហើយគាត់រៀបរាប់អំពីមនុស្សដែល‹គោរពបូជាដល់របស់ដែលកើតមក ជាជាងដល់អ្នកដែលបង្កើតរបស់ទាំងនោះ›។ (រ៉ូម ១:២៥) មូលហេតុដែលមនុស្សខ្លះបដិសេធនិងមិនទទួលស្គាល់ថា គម្រោងដ៏អស្ចារ្យក្នុងធម្មជាតិបញ្ជាក់ថាមានអ្នកគ្រោងនោះ គឺដោយសារពួកគេដាក់ខ្លួនទៅតាមទស្សនៈនិយមខាងទ្រឹស្តីវិវត្តន៍។ ប៉ុន្តែ សូមគិតទៅមើល តើទ្រឹស្តីវិវត្តន៍ពិតជាសមស្របនឹងវិទ្យាសាស្ត្រទេ? សូមកត់សម្គាល់ទស្សនៈរបស់លោកគ្រីស្តុហ្វ ហ្សឺនប៊នជាអ្នកធំក្នុងសាសនាកាតូលិកនៅទីក្រុងវីយ៉ែន។ កាសែតមួយបានចុះផ្សាយពាក្យរបស់គាត់ថា៖ «ទ្រឹស្តីណាដែលបដិសេធភ័ស្តុតាង ហើយមិនព្រមទទួលស្គាល់ទីសំអាងជាច្រើនក្នុងធម្មជាតិដែលបញ្ជាក់ពីគម្រោងដ៏អស្ចារ្យ នោះជាទស្សនៈវិជ្ជា មិនមែនវិទ្យាសាស្ត្រទេ» (កាសែត The New York Times)។
តើនេះនាំឲ្យវិទ្យាសាស្ត្រអស់តម្លៃទេ?
យ៉ាងណាក៏ដោយ មនុស្សខ្លះគិតថា មានជំនឿទៅលើអ្នកបង្កើតនាំឲ្យយើង«លែងចង់ស្រាវជ្រាវ»ទៀត។ អត្ថបទមួយក្នុងទស្សនាវដ្ដីខាងវិទ្យាសាស្ត្របានបញ្ជាក់ពីទស្សនៈនេះដោយអះអាងថា៖ «ការស្រាវជ្រាវយ៉ាងឥតឈប់ឈរខាងវិទ្យាសាស្ត្រនឹងមកដល់ទីបញ្ចប់ ពីព្រោះត្រូវទប់ស្កាត់ដោយចម្លើយថា ‹អ្នកគ្រោងបានរៀបចំយ៉ាងនោះ›»។ (ទស្សនាវដ្ដី New Scientist) តើយើងគួរព្រួយថា ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនឹងមកដល់ទីបញ្ចប់មែនឬ? ទេ។ តាមការពិត ការទទួលស្គាល់ថាមានអ្នកគ្រោងគួរជំរុញយើងឲ្យចង់ស្រាវជ្រាវថែមទៀត។ ហេតុអ្វី?
ពេលមនុស្សសន្មតថា សកលលោកនិងជីវិតទាំងឡាយនៅផែនដីបានកើតមកដោយចៃដន្យ ហើយបានវិវត្តន៍មកដោយឯកឯង នោះជាការដែលមិនព្យាយាមរកហេតុផលទៅវិញ។ ផ្ទុយទៅវិញ បើយើងជឿថា មាននរណាម្នាក់បានបង្កើតរបស់សព្វសារពើ នេះប្រហែលជាជំរុញយើងឲ្យចង់ស្រាវជ្រាវថែមទៀតពីលក្ខណៈរបស់គាត់ និងរបៀបដែលគាត់បានបង្កើតសកលលោកទាំងមូលដោយប្រាជ្ញា។ សូមគិតម្ដងទៀតអំពីជាងគំនូរដែលមានឈ្មោះល្បីជាអ្នកដែលចេះឆ្លាក់រូបស្អាតៗ។ បើអ្នកស្រាវជ្រាវផ្នែកគំនូរនិងរូបចម្លាក់ពីបុរាណដឹងថា អ្នកណាជាម្ចាស់គំនូរឬរូបចម្លាក់ណាមួយ ពួកគេមិនបែរជាខ្ជិលនឹងពិនិត្យមើលបច្ចេកទេសនិងសម្ភារៈដែលគាត់ប្រើនោះទេ។ ស្រដៀងគ្នាដែរ បើយើងទទួលស្គាល់ថាមានអ្នកបង្កើតរបស់សព្វសារពើក្នុងធម្មជាតិ នោះយើងក៏នឹងចង់ស្រាវជ្រាវថែមទៅទៀតអំពីចំណុចល្អិតល្អន់និងគម្រោងដ៏ស្មុគស្មាញនៃអ្វីៗដែលគាត់បានបង្កើតមក។
ជាជាងបង្អាក់ការស្រាវជ្រាវ សំណេរក្នុងគម្ពីរបរិសុទ្ធលើកទឹកចិត្តយើងឲ្យស្រាវជ្រាវរកចម្លើយសម្រាប់សំណួរទាំងឡាយ មិនថាសំណួរនោះទាក់ទងនឹងវិទ្យាសាស្ត្រឬរឿងព្រះក៏ដោយ។ ស្តេចដាវីឌនាសម័យបុរាណបានរំពឹងគិតពីរូបកាយដ៏អស្ចារ្យរបស់មនុស្សយើង។ ជាលទ្ធផល គាត់មានប្រសាសន៍ថា៖ ‹ខ្ញុំបានបង្កើតមកយ៉ាងគួរកោត គួរអស្ចារ្យ។ ស្នាដៃនៃលោកសុទ្ធតែអស្ចារ្យទាំងអស់ នេះខ្ញុំដឹងច្បាស់ហើយ›។ (ទំនុកដំកើង ១៣៩:១៤) តាមពិត គម្ពីររៀបរាប់ពីពេលដែលអ្នកបង្កើតបានសួរបុរសឈ្មោះយ៉ូបថា៖ «តើឯងបានពិចារណាឃើញទទឹងបណ្ដោយនៃផែនដីឬ?»។ (យ៉ូប ៣៨:១៨) សំណួរនេះច្បាស់ជាមិនបង្អាក់ចម្ងល់និងការស្រាវជ្រាវទេ។ ផ្ទុយទៅវិញ ក្នុងករណីនេះ អ្នកដែលគ្រោងធម្មជាតិយ៉ាងអស្ចារ្យបានអញ្ជើញលោកយ៉ូបឲ្យសិក្សាស្រាវជ្រាវស្នាដៃរបស់គាត់។ សូមគិតផងដែរ ពីពាក្យដែលលោកអេសាយបានសរសេរ ដែលលើកទឹកចិត្តយើងឲ្យស្វែងយល់ដឹងកាន់តែច្រើនអំពីអ្នកដែលបានបង្កើតរបស់សព្វសារពើ។ គាត់សរសេរថា៖ ‹ចូរងើយភ្នែកមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ?›។ រួចមក បទគម្ពីរនៅសៀវភៅអេសាយ ៤០:២៦ នោះ ពន្យល់នូវហេតុការណ៍ពិតដែលវិទ្យាសាស្ត្រឯកភាពដែរ ថាសកលលោកនេះកើតមកពីប្រភពថាមពលដែលមានតេជានុភាពដ៏ខ្លាំងក្លា។
ត្រូវមែន សំណួរដែលមនុស្សសួរអំពីកំណើតធម្មជាតិមិនតែងតែស្រួលឆ្លើយទេ។ ជួនកាលការពិបាកនេះមកពីមនុស្សយើងមានកម្រិតសមត្ថភាពក្នុងការយល់ដឹង ហើយយើងក៏មិនដឹងអ្វីៗទាំងអស់ស្តីអំពីសកលលោកនេះដែរ។ លោកយ៉ូបក៏ទទួលស្គាល់បញ្ហានេះ។ គាត់សរសើរតម្កើងអ្នកបង្កើតដែលដាក់ផែនដីនេះនៅក្នុងលម្ហអាកាស ហាក់ដូចជាព្យួរនៅទទេធេង។ គាត់ក៏សរសើរអ្នកបង្កើតដែលរៀបចំឲ្យមានទឹកនៅក្នុងពពកដែលរសាត់នៅលើមេឃ។ (យ៉ូប ២៦:៧-៩) ក៏ប៉ុន្តែ លោកយ៉ូបទទួលស្គាល់ថា អ្វីៗដ៏អស្ចារ្យទាំងនេះ «គ្រាន់តែជាកិច្ចខាងក្រៅ»ឬកិច្ចការតូចតាចប៉ុណ្ណោះ របស់អ្នកបង្កើត។ (យ៉ូប ២៦:១៤) លោកយ៉ូបប្រាកដជាចង់រៀនថែមទៀតអំពីធម្មជាតិក្នុងពិភពលោកដែលនៅជុំវិញគាត់។ ណាមួយទៀត ស្តេចដាវីឌបានទទួលស្គាល់កម្រិតសមត្ថភាពរបស់គាត់ដែរ ពេលសរសេរថា៖ ‹ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ ហើយខ្ពស់ដល់ម្ល៉េះបានជាខ្ញុំឈោងមិនដល់សោះ›។—ទំនុកដំកើង ១៣៩:៦
ពេលដែលយើងទទួលស្គាល់ថា មានអ្នកដែលបានបង្កើតរបស់សព្វសារពើមែន នេះមិនបង្អាក់ដល់ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រឡើយ។ ការប្រាថ្នាចង់ស្វែងរកចំណេះអំពីធម្មជាតិនិងព្រះឲ្យបានកាន់តែច្បាស់ នោះគ្មានល័ក្ខខ័ណ្ឌទេ។ ដូច្នេះ មនុស្សត្រូវតែធ្វើការស្រាវជ្រាវជារៀងរហូត។ ស្តេចមួយអង្គពីបុរាណដែលមានឈ្មោះល្បីជាអ្នកប្រាជ្ញ គាត់បានសរសេរថា៖ ‹ទោះបីមនុស្សពុំអាចយល់ស្នាដៃដែលព្រះបានធ្វើចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានអោយគេចេះគិតអំពីពេលវេលាដែលនៅស្ថិតស្ថេរ›។—សាស្ដា ៣:១១, ខ.ស.
ជំនឿថាព្រះជាអ្នកគ្រោងធម្មជាតិ តើគ្រាន់តែ‹ជាការដោះសា›ទេ?
អ្នកវិទ្យាសាស្ត្រខ្លះអះអាងថា ពេលគ្មានទីសំអាងសម្រាប់ចំណុចណាមួយក្នុងធម្មជាតិ នោះមនុស្សដែលជឿទៅលើព្រះពន្យល់ថា ‹នេះជាផែនការរបស់អ្នកគ្រោងធម្មជាតិទេតើ›។ នេះមានន័យថា ពេលទ័លគំនិត ពួកគេចេះតែផ្អែកទៅលើព្រះ‹ជាការដោះសា›។ តើពួកគេទ័លគំនិតអំពីរឿងអ្វីខ្លះ? តើពួកគេគ្រាន់តែខ្វះចំណេះបន្ដិចបន្តួចប៉ុណ្ណោះឬ? មិនមែនទេ។ ពួកគេទ័លគំនិតពីចំណុចក្នុងទ្រឹស្តីវិវត្តន៍របស់លោកដាវីន ដែលគ្មានអ្នកណាអាចពន្យល់កើត។ ចំណុចទាំងនេះប្រាសចាកច្បាប់ធម្មជាតិ ហើយទ្រឹស្តីវិវត្តន៍ក៏មិនអាចបញ្ជាក់ពីហេតុការណ៍ឡើយ។ ដូច្នេះ និយាយឲ្យចំទៅ អ្នកវិទ្យាសាស្ត្រដែលជឿទៅលើទ្រឹស្តីវិវត្តន៍ដែលគ្មានទីសំអាង បានយកទ្រឹស្តីរបស់លោកដាវីន‹ជាការដោះសា›វិញ។
ក៏ប៉ុន្តែ អ្នកបង្កើតដែលរៀបរាប់នៅក្នុងគម្ពីរមិនមែន‹ជាការដោះសា›ទេ។ ផ្ទុយទៅវិញ កំណត់ហេតុនោះពន្យល់អំពីលំដាប់លំដោយ ចំណុចល្អិតល្អន់និងគ្រប់ទិដ្ឋភាពដែលទាក់ទងនឹងការបង្កើត។ អ្នកតែងសៀវភៅទំនុកដំកើងបានបញ្ជាក់ពីកិច្ចការគ្រប់យ៉ាងរបស់ព្រះយេហូវ៉ាក្នុងការបង្កើតរបស់សព្វសារពើ។ គាត់សរសេរថា៖ «ព្រះអង្គជាប្រភពនៃជីវិត ហើយយើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ»។ (ទំនុកតម្កើង ៣៦:១០, ខ.ស. [៣៦:៩]) គម្ពីររៀបរាប់អំពីព្រះយេហូវ៉ា«ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដីនឹងសមុទ្រ ហើយរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង»។ (កិច្ចការ ៤:២៤; ១៤:១៥; ១៧:២៤) បុរសម្នាក់នៅសតវត្សរ៍ទីមួយមានគោលបំណងល្អក្នុងការបង្រៀនថា ព្រះជាអ្នក«បង្កើតរបស់សព្វសារពើ»។—អេភេសូរ ៣:៩
បន្ថែមទៅទៀត ព្រះបានរៀបចំឲ្យមាន‹របៀបរៀបរយនៅលើផ្ទៃមេឃ› ដែលសំដៅទៅលើច្បាប់ធម្មជាតិដែលអ្នកវិទ្យាសាស្ត្រនៅតែស្រាវជ្រាវមិនចេះអស់។ (យ៉ូប ៣៨:៣៣) ព្រះមានគម្រោងដ៏អស្ចារ្យសម្រាប់អ្វីៗទាំងអស់ ដើម្បីបំពេញគោលបំណងរបស់លោក ឲ្យផែនដីពេញទៅដោយជីវិតដែលចម្រុះគ្នាច្រើនប្រភេទដល់ម្ល៉េះ បានជាយើងមិនអាចរាប់បានឡើយ។
គម្រោងធម្មជាតិដ៏សមហេតុសមផល
ទីបំផុត គប្បីឲ្យយើងគិតរកការពន្យល់ដែលសមហេតុសមផល។ លោកចន ហ៊គិន ជាអ្នកដែលសរសេរអំពីរឿងវិទ្យាសាស្ត្រ ហើយគាត់ឲ្យតម្លៃចំពោះទ្រឹស្តីផ្សេងៗរបស់ពួកវិទ្យាសាស្ត្រថា៖ «ពេលទីសំអាងមិនប្រាកដប្រជា នោះមិនគួរឲ្យខ្មាសទេ បើយើងពឹងទៅលើអ្វីដែលសមហេតុសមផល»។
តើការអះអាងថា ជីវិតកើតមកដោយឯកឯងនិងដោយចៃដន្យ ពិតជាសមហេតុសមផលទេ? ទោះបើមនុស្សជាច្រើនចូលចិត្តទ្រឹស្តីវិវត្តន៍ក្ដី អ្នកចេះដឹងច្រើននាក់ ដែលរួមបញ្ចូលអ្នកវិទ្យាសាស្ត្រមួយចំនួនផងដែរ ក៏ជឿថាមានអ្នកបង្កើតមួយអង្គដែលប្រកបដោយប្រាជ្ញា។ សាស្ដ្រាចារ្យខាងវិទ្យាសាស្ត្រម្នាក់មានប្រសាសន៍ថា មហាជន«ភាគច្រើនមានទស្សនៈសមហេតុសមផល ថាមានអ្នកគ្រោងធម្មជាតិមែន»។ ហេតុអ្វីក៏ពួកគេមានទស្សនៈយ៉ាងនេះ? មនុស្សជាច្រើនឯកភាពនឹងអ្វីដែលលោកប៉ុលបានសរសេរនៅសម័យបុរាណថា៖ «គ្រប់ទាំងផ្ទះតែងមានគេធ្វើ»។ (ហេព្រើរ ៣:៤) រួចមក គាត់លើកហេតុផលដោយសន្និដ្ឋានថា៖ «តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ»។ យោងទៅតាមអ្វីដែលកត់ទុកក្នុងគម្ពីរ មិនជាការសមហេតុសមផលទេ ឲ្យយើងជឿថាផ្ទះមួយខ្នងត្រូវការអ្នកគ្រោងនិងជាងសំណង់ តែកោសិកាដ៏ស្មុគស្មាញបានកើតឡើងដោយឯកឯងទៅវិញ។
គម្ពីររៀបរាប់អំពីមនុស្សដែល«គិតក្នុងចិត្តថា៖ ‹គ្មានព្រះទេ›» ថាជា «មនុស្សល្ងង់ខ្លៅ» ពីព្រោះពួកគេបដិសេធថាអត់មានអ្នកដែលបានគ្រោងហើយបង្កើតធម្មជាតិឡើយ។ (ទំនុកដំកើង ១៤:១) ក្នុងខគម្ពីរនោះ អ្នកតែងបទទំនុកដំកើងប្រដៅតម្រង់អស់អ្នកដែលមិនទាន់ជឿថាមានអ្នកបង្កើត។ ជាជាងទទួលស្គាល់ហេតុផល មនុស្សខ្លះប្រកាន់ទស្សនៈរបស់ខ្លួនវិញ។ ប៉ុន្តែ មនុស្សឆ្លាតដែលចេះវែកញែករកហេតុផលនិងគិតវែងឆ្ងាយ មានចិត្តរាបទាបក្នុងការទទួលស្គាល់ថា មានអ្នកបង្កើតមែន។—អេសាយ ៤៥:១៨
ចំពោះមនុស្សដែលចេះគិត ពួកគេគ្មានសង្ស័យសោះ ថាមានភ័ស្តុតាងជាច្រើនដែលបញ្ជាក់យ៉ាងច្បាស់ពីអ្នកគ្រោងធម្មជាតិដ៏ខ្ពង់ខ្ពស់។
យើងអាចស្គាល់អ្នកគ្រោងធម្មជាតិបាន
បើយើងទទួលស្គាល់ថា យើងបានកើតមកតាមគម្រោងដ៏អស្ចារ្យ តើអ្នកបង្កើតបានគ្រោងទុកយើងដើម្បីអ្វី? តើជីវិតយើងមានគោលបំណងអ្វី? បើផ្អែកទៅលើវិទ្យាសាស្ត្រតែប៉ុណ្ណោះ យើងមិនអាចឆ្លើយសំណួរទាំងនេះឲ្យគ្រប់ជ្រុងជ្រោយបានឡើយ។ ចំពោះសំណួរអំពីហេតុដែលយើងបានគ្រោងទុកមក និងគោលបំណងនៃជីវិត យើងត្រូវការចម្លើយដ៏គួរឲ្យជឿបាននិងនាំឲ្យស្កប់ចិត្តផង។ គម្ពីរបរិសុទ្ធអាចផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។ គម្ពីរសម្គាល់ព្រះយេហូវ៉ាជាអ្នកបង្កើត ព្រមទាំងរៀបរាប់អំពីលោកជាអ្នកដែលមានគោលបំណង ហើយទង្វើទាំងអស់របស់លោកតែងតែមានមូលហេតុដ៏ត្រឹមត្រូវ។ គម្ពីរក៏ពន្យល់អំពីគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ ដែលផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមចំពោះពេលអនាគត។
ក៏ប៉ុន្តែ តើមានព័ត៌មានអ្វីបន្ថែមទៀតអំពីព្រះយេហូវ៉ា? តើព្រះយេហូវ៉ាមានលក្ខណៈបែបណា? ពួកស្មរបន្ទាល់ដែលជាសាក្សីរបស់ព្រះយេហូវ៉ា សូមអញ្ជើញលោកអ្នកឲ្យរៀនដើម្បីស្គាល់អ្នកគ្រោងដ៏អស្ចារ្យរបស់យើងច្រើនថែមទៀត។ លោកអ្នកអាចយល់កាន់តែច្បាស់អំពីឈ្មោះនិងគុណសម្បត្ដិរបស់ព្រះយេហូវ៉ា ព្រមទាំងពិនិត្យមើលនូវរបៀបដែលព្រះបានប្រព្រឹត្តទៅលើមនុស្សជាតិ។ ពេលសិក្សាគម្ពីរជាបណ្ដាំរបស់ព្រះយេហូវ៉ា លោកអ្នកនឹងយល់នូវមូលហេតុដែលយើងមិនគ្រាន់តែកោតស្ងើចចំពោះគម្រោងដ៏អស្ចារ្យក្នុងធម្មជាតិ តែក៏សរសើរព្រះដែលជាអ្នកគ្រោងដ៏អស្ចារ្យផង!—ទំនុកដំកើង ៨៦:១២; វិវរណៈ ៤:១១
[រូបភាពនៅទំព័រ៤]
លោកMichelangelo
[រូបភាពនៅទំព័រ៥]
វិទ្យាសាស្ត្រនិងជំនឿថា មានអ្នកគ្រោងធម្មជាតិអាចស៊ីគ្នា
[រូបភាពនៅទំព័រ៦]
ជីវិតដែលចម្រុះគ្នាច្រើនប្រភេទ ហើយចេះប្រែប្រួលទៅតាមកាលៈទេសៈបញ្ជាក់ពីគម្រោងដ៏អស្ចារ្យក្នុងធម្មជាតិ
[រូបភាពនៅទំព័រ៧]
បើមានគម្រោងដ៏អស្ចារ្យក្នុងធម្មជាតិ នោះក៏ត្រូវតែមានអ្នកគ្រោងដែរ