សំណួរពីយុវវ័យ
ការវិវត្តន៍ឬមានអ្នកបង្កើត? ភាគទី៣: ហេតុអ្វីគួរជឿថាអ្វីៗទាំងអស់មានអ្នកបង្កើត?
ប្អូនជើនិតបានរៀបរាប់ថា៖«បើយើងជឿថាអ្វីៗទាំងអស់មានព្រះបានបង្កើត នោះអ្នកឯទៀតនឹងគិតថាយើងជាមនុស្សល្ងង់ ហើយថាយើងជាកូនក្មេងដែលចេះតែជឿតាមឪពុកម្ដាយបង្រៀន ឬថាយើងត្រូវពង្វក់ដោយសារសាសនាហើយ»។
តើប្អូនមានអារម្មណ៍ស្រដៀងនឹងជើនិតទេ? បើមែន ប្អូនប្រហែលជាមិនជឿជាក់ទៅលើជំនឿរបស់ប្អូនដែលថាមានអ្នកបង្កើតនោះទេ។ ការពិត គ្មានអ្នកណាម្នាក់ចង់ឲ្យគេចាត់ទុកថាយើងជាមនុស្សល្ងង់នោះឡើយ។ ប៉ុន្តែ តើអ្វីអាចជួយប្អូន?
ការមិនជឿជាក់នឹងជំនឿខ្លួន
១. បើយើងជឿថាមានអ្នកបង្កើត អ្នកឯទៀតនឹងគិតថាយើងប្រឆាំងនឹងវិទ្យាសាស្ត្រហើយ។
ប្អូនម៉ារៀបានរៀបរាប់ថា៖«គ្រូរបស់ខ្ញុំបាននិយាយថាអ្នកដែលជឿថាមានព្រះដែលបានបង្កើតអ្វីៗទាំងអស់ គឺជាអ្នកដែលខ្ជិលរកការបកស្រាយអំពីរបៀបដែលពិភពលោកនេះដំណើរការ»។
អ្វីដែលប្អូនគួរដឹង៖ អស់អ្នកដែលអះអាងបែបនេះមិនដឹងការពិតទាំងស្រុងទេ។ សូម្បីតែអ្នកវិទ្យាសាស្ត្រល្បីល្បាញពីររូបគឺ កាលីលេអូ កាលីលេ និងអ៊ីសាក់ ញូវតុន ក៏ជឿថាមានព្រះដែលបានបង្កើតអ្វីៗទាំងអស់ដែរ។ ទោះជាពួកគាត់ជឿដូច្នោះក្ដី មិនបានន័យថាពួកគាត់ប្រឆាំងនឹងវិទ្យាសាស្ត្រនោះទេ។ រីឯអ្នកវិទ្យាសាស្ត្រខ្លះនៅសព្វថ្ងៃនេះ ឃើញថាការជឿថាមានអ្នកបង្កើតក៏មិនប្រឆាំងនឹងវិទ្យាសាស្ត្រនោះដែរ។
សូមសាកធ្វើដូច្នេះ៖ សូមវាយពាក្យ(រួមទាំងសញ្ញាអព្ភន្តរផងដែរ)«ទស្សនៈអំពីដើមកំណើតនៃជីវិត»ក្នុងប្រអប់ស្វែងរក ពីគេហទំព័រjw.org/km រួចជ្រើសរើសវីដេអូដែលប្អូនចាប់អារម្មណ៍។ សូមស្វែងយល់ថាតើអ្វីបានជួយពួកគាត់ឲ្យសន្និដ្ឋានថាជីវិតទាំងឡាយមានអ្នកបង្កើតមែន។
សរុបសេចក្ដី៖ ការជឿថាអ្វីៗទាំងអស់មានអ្នកបង្កើត មិនមានន័យថាយើងប្រឆាំងនឹងវិទ្យាសាស្ត្រទេ។ ការពិតពេលយើងរៀនកាន់តែច្រើនអំពីអ្វីៗក្នុងធម្មជាតិ យើងកាន់តែជឿជាក់ថាអ្វីៗទាំងអស់មានអ្នកបង្កើតមែន។—រ៉ូម ១:២០
២. បើយើងជឿលើកំណត់ហេតុគម្ពីរអំពីការបង្កើត នោះអ្នកឯទៀតនឹងគិតថាយើងជាអ្នកងប់ងុលនឹងសាសនាហើយ។
ប្អូនចាស្មីនបានរៀបរាប់ថា៖«មនុស្សជាច្រើនគិតថាការជឿថាអ្វីៗទាំងអស់មានអ្នកបង្កើតគឺជារឿងគួរឲ្យអស់សំណើចណាស់។ ពួកគេគិតថាកំណត់ហេតុក្នុងសៀវភៅដើមកំណើតគឺគ្រាន់តែជារឿងព្រេងប៉ុណ្ណោះ»។
អ្វីដែលប្អូនគួរដឹង៖ មនុស្សជាច្រើនយល់ច្រឡំអំពីកំណត់គម្ពីរស្ដីអំពីការបង្កើត។ ជាឧទាហរណ៍ អ្នកវិទ្យាសាស្ត្រខ្លះអះអាងថាផែនដីទើបតែបានត្រូវបង្កើត ឬថាជីវិតទាំងឡាយបានត្រូវបង្កើតក្នុងរយៈពេល៦ថ្ងៃ ដែលមួយថ្ងៃមានរយៈពេល២៤ម៉ោង។ ប៉ុន្តែ គម្ពីរមិនបានគាំទ្រទស្សនៈទាំងពីរនោះទេ។
ដើមកំណើត ១:១ ចែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតមេឃនិងផែនដី»។ នេះស្របនឹងវិទ្យាសាស្ត្រដែលថាផែនដីមានអាយុកាលរាប់ពាន់លានឆ្នាំ។
ពាក្យ«ថ្ងៃ»ដែលប្រើក្នុងសៀវភៅដើមកំណើតអាចសំដៅទៅគ្រាមួយដែលមានរយៈពេលវែង។ តាមពិតនៅដើមកំណើត ២:៤ ពាក្យ«ថ្ងៃ»ឬ«គ្រា»សំដៅទៅលើទាំង៦ថ្ងៃនៃការបង្កើត។
សរុបសេចក្ដី៖ កំណត់ហេតុអំពីការបង្កើតគឺស្របគ្នានឹងហេតុការណ៍ពិតខាងវិទ្យាសាស្ត្រ។
ពិចារណាអំពីជំនឿរបស់ប្អូន
ការជឿថាមានអ្នកបង្កើតមិនមែនជាការជឿដោយងងឹតងងល់ទេ តែផ្អែកទៅលើទីសំអាងដែលសមហេតុសមផល។ សូមពិចារណាចំណុចដូចតទៅនេះ៖
អ្វីៗដែលនៅជុំវិញប្អូន បង្រៀនប្អូនថាអ្វីទាំងនោះមានអ្នកគ្រោងបង្កើត។ ពេលប្អូនឃើញម៉ាស៊ីនថតរូប យន្តហោះ ឬផ្ទះ ប្អូនសន្និដ្ឋានភ្លាមៗថារបស់ទាំងនោះមានអ្នកគ្រោងបង្កើត។ ដូច្នេះ ហេតុអ្វីបានជាសន្និដ្ឋានថាភ្នែកមនុស្ស សត្វស្លាបនៅលើមេឃ ឬភពផែនដីរបស់យើងគ្មានអ្នកគ្រោងបង្កើតទៅវិញ?
សូមគិតអំពីចំណុចនេះ៖ ពួកវិស្វករច្រើនតែចម្លងលក្ខណៈពិសេសផ្សេងៗក្នុងធម្មជាតិដើម្បីបង្កើនគុណភាពផលិតផលដែលពួកគេបង្កើតឡើង ហើយពួកគេក៏ចង់ឲ្យអ្នកឯទៀតទទួលស្គាល់ស្នាដៃរបស់ខ្លួនដែរ។ តើសមហេតុសមផលទេដែលទទួលស្គាល់វិស្វករនិងស្នាដៃរបស់គាត់ តែបែរជាមិនទទួលស្គាល់ព្រះដែលជាអ្នកបង្កើតនិងស្នាដៃដ៏អស្ចារ្យរបស់លោកទៅវិញ?
តើសមហេតុសមផលទេឲ្យគិតថាយន្តហោះមានអ្នកគ្រោងបង្កើត តែសត្វស្លាបគ្មានអ្នកគ្រោងបង្កើតទៅវិញ?
ជំនួយផ្សេងៗដែលជួយប្អូនឲ្យពិនិត្យមើលភ័ស្តុតាង
ប្អូនអាចពង្រឹងការជឿជាក់របស់ប្អូនថាអ្វីៗទាំងអស់មានអ្នកបង្កើត ដោយពិនិត្យមើលភ័ស្តុតាងក្នុងធម្មជាតិ។
សូមសាកធ្វើដូច្នេះ៖ សូមវាយពាក្យ(រួមទាំងសញ្ញាអព្ភន្តរផងដែរ)«តើមានអ្នកគ្រោងបង្កើតឬទេ?»ក្នុងប្រអប់ស្វែងរក ពីបណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម រួចជ្រើសរើសអត្ថបទដែលប្អូនចាប់អារម្មណ៍ក្នុងអត្ថបទតភាគ«តើមានអ្នកគ្រោងបង្កើតឬទេ?»។ អត្ថបទនីមួយៗបញ្ជាក់អំពីលក្ខណៈពិសេសក្នុងធម្មជាតិ។ សូមមើលថាតើអត្ថបទទាំងនោះជួយប្អូនយ៉ាងណាឲ្យជឿជាក់ថាមានអ្នកគ្រោងបង្កើត?
ស្រាវជ្រាវស៊ីជម្រៅជាង៖ សូមមើលសៀវភៅខាងក្រោមនេះដើម្បីស្រាវជ្រាវភ័ស្តុតាងដែលបញ្ជាក់ថាអ្វីៗទាំងអស់មានអ្នកបង្កើត។
សៀវភៅតើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
ផែនដីស្ថិតនៅទីតាំងល្អបំផុតសម្រាប់ទ្រទ្រង់ជីវិត (សូមមើលទំព័រ៤-១០)។
ចម្លងតាមគំរូដែលមានក្នុងធម្មជាតិ (សូមមើលទំព័រ១១-១៧)។
វិទ្យាសាស្ត្រនិងកំណត់ហេតុពីសៀវភៅដើមកំណើតមានភាពស្របគ្នា (សូមមើលទំព័រ២៤-២៨)។
សៀវភៅដើមកំណើតនៃជីវិត សំណួរទាំងប្រាំដែលយើងគួរឆ្ងល់
ជីវិតមិនអាចមានឡើងពីអ្វីដែលគ្មានជីវិតបានទេ (សូមមើលទំព័រ៤-៧)។
សារពាង្គកាយរបស់យើងគឺមានភាពស៊ាំញ៉ាំជាខ្លាំង ហើយវាដំណើរការទៅតាមមុខងាររបស់វា និងមានតួនាទីច្បាស់លាស់ដែលមិនអាចកើតឡើងដោយឯកឯងបានទេ (សូមមើលទំព័រ៨-១២)។
សមត្ថភាពអានព័ត៌មានពីក្នុងឌីអិនអេ(DNA) គឺប្រសើរជាងបច្ចេកវិទ្យានៅក្នុងសម័យនេះឆ្ងាយណាស់ (សូមមើលទំព័រ១៣-២១)។
សត្វទាំងឡាយមិនមែនកើតចេញពីសត្វប្រភេទតែមួយទេ។ ឯកសារកំណត់ហេតុហ្វូស៊ីលបង្ហាញថាមានអម្បូរសត្វផ្សេងៗ មិនមែនវិវត្តន៍បន្តិចម្ដងៗទេ (សូមមើលទំព័រ២២-២៩)។
ប្អូនថូម៉ាស់បានរៀបរាប់ថា៖«អ្វីៗក្នុងធម្មជាតិពង្រឹងជំនឿខ្ញុំកាន់តែខ្លាំងថាពិតជាមានព្រះមែន គឺចាប់ពីសត្វនានានៅផែនដីរហូតដល់សកលលោកដែលមានរបៀបរៀបរយ»។