តើអាចមានគម្រោងតែគ្មានអ្នកគ្រោងទេ?
ជិត១៥០ឆ្នាំមុន លោកឆាល ដាវីនបានបង្កើតទ្រឹស្តីមួយដើម្បីពន្យល់ពីកំណើតធម្មជាតិដែលចម្រុះគ្នាច្រើនប្រភេទនិងស្មុគស្មាញ។ គាត់បង្រៀនថា ទាំងអស់នេះវិវត្តន៍មកតាមកម្លាំងរៀងៗខ្លួន។ ប៉ុន្តែ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា របៀបរៀបរយក្នុងធម្មជាតិបញ្ជាក់ថាអ្វីៗទាំងអស់សុទ្ធតែមានគម្រោង។ អ្នកទាំងនេះមិនឯកភាពនឹងទ្រឹស្តីវិវត្តន៍របស់លោកដាវីន ហើយក៏មិនយល់ស្របនូវគំនិតនិយមនាសម័យនេះដែលទាក់ទងនឹងរឿងនោះដែរ។ សូម្បីតែអ្នកវិទ្យាសាស្ត្រជាច្រើនដែលមនុស្សចាត់ទុកជាអ្នកប្រាជ្ញ ក៏មិនយល់ស្របថា ធម្មជាតិដែលចម្រុះគ្នាច្រើនប្រភេទនៅផែនដី គ្រាន់តែជាលទ្ធផលនៃការវិវត្តន៍ដោយឯកឯងឡើយ។
អ្នកវិទ្យាសាស្ត្រទាំងនេះជំទាស់ថា មានមូលហេតុផ្សេងទៀតដែលនាំឲ្យមានភាពប្លែកគ្នាច្រើនម្ល៉េះៗក្នុងធម្មជាតិ។ ពួកគេបង្រៀនថា ការទទួលស្គាល់នូវគម្រោងដ៏អស្ចារ្យក្នុងធម្មជាតិនោះ គឺសមហេតុសមផល។ ណាមួយទៀត ជីវវិទ្យានិងគណិតវិទ្យាក៏បញ្ជាក់ពីគម្រោងក្នុងធម្មជាតិដូចនោះដែរ។ ពួកគេចង់បញ្ចូលទ្រឹស្តីថ្មីនេះក្នុងកម្មវិធីសិក្សានៅឯសាលារៀន។ ការឈ្លោះប្រកែកពីរឿងទ្រឹស្តីវិវត្តន៍នេះ ច្រើនតែកើតឡើងនៅសហរដ្ឋអាម៉េរិក។ ប៉ុន្តែ នៅប្រទេសតួគី ប៉ាគីស្ថាន ស៊ែប ហូឡង់និងអង់គ្លេសគេក៏ចាប់ផ្ដើមមានរឿងជម្លោះដូចគ្នាដែរ។
បំបាត់គំនិត
ពេលដែលអ្នកប្រាជ្ញទាំងនេះនិយាយអំពីគម្រោងដ៏អស្ចារ្យក្នុងធម្មជាតិ គំនិតមួយតែងតែបាត់រហូត ពោលគឺ គំនិតស្តីអំពីអ្នកគ្រោង។ តើលោកអ្នកជឿថា របស់សព្វសារពើក្នុងធម្មជាតិអាចមានគម្រោងដ៏អស្ចារ្យដោយគ្មានអ្នកគ្រោងឬ? ទស្សនាវដ្ដីមួយរៀបរាប់ពីអ្នកប្រាជ្ញដែលផ្សាយមតិនេះថា ពួកគេ«មិននិយាយចំៗស្តីអំពីអ្នកណាឬពីអ្វីដែលបានគ្រោងការទាំងអស់នេះទេ»។ (ទស្សនាវដ្ដី The New York Times Magazine) អ្នកនិពន្ធម្នាក់ឈ្មោះក្លូឌា វ៉ាលីសមានប្រសាសន៍អំពីអ្នកដែលឃោសនាទ្រឹស្តីថ្មីស្តីអំពីគម្រោងដ៏អស្ចារ្យក្នុងធម្មជាតិ ថាពួកគេ«ប្រុងប្រយ័ត្នដោយមិនប្រើពាក្យព្រះទាល់តែសោះ»។ អត្ថបទក្នុងទស្សនាវដ្ដីមួយទៀតបញ្ជាក់ថា ទ្រឹស្តីថ្មីនេះ«មិនរៀបរាប់ពីអ្នកគ្រោង ឬថាអ្នកគ្រោងនោះជានរណាទេ» (ទស្សនាវដ្ដី Newsweek)។
ប៉ុន្តែ យើងមិនអាចជៀសរួចពីសំណួរដែលសួរថា តើអ្នកណាបានគ្រោងអ្វីៗដ៏អស្ចារ្យក្នុងធម្មជាតិ? បើចង់ពន្យល់អំពីគម្រោងធម្មជាតិក្នុងសកលលោកដែលទាក់ទងនឹងជីវិតតែម្ដង ធ្វើដូចម្ដេចឲ្យយើងលប់បំបាត់គំនិតថា មានអ្នកគ្រោងកើត?
ការទទួលស្គាល់ថា ធម្មជាតិមានអ្នកគ្រោងឬមិនមាននោះ ច្រើនតែទាក់ទងនឹងសំណួរទាំងប៉ុន្មានដូចតទៅនេះ។ បើយើងទទួលស្គាល់ថាមានអ្នកគ្រោង តើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនឹងលែងមានតម្លៃទៀតឬ? តើមិនចាំបាច់គិតពីអ្នកគ្រោង លើកលែងតែពេលដែលគេពុំអាចពន្យល់ពីគម្រោងដ៏អស្ចារ្យក្នុងធម្មជាតិឬ? តើសមហេតុសមផលឲ្យយើងជឿថា មានគម្រោងតែគ្មានអ្នកគ្រោងឬ? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ និងសំណួរឯទៀតដែរ។
[រូបភាពនៅទំព័រ៣]
លោកឆាល ដាវីនជឿថា ធម្មជាតិដ៏ស្មុគស្មាញបានវិវត្តន៍មកតាមកម្លាំងរៀងៗខ្លួន
[រូបភាពនៅទំព័រ៣]
លោកឆាល ដាវីន: រូបថតរបស់លោកស្រីJ. M. Cameron/U.S. National Archives photo