ភាគទី៥
អំណោយទានដ៏ល្អអស្ចារ្យនៃចិត្តសេរី
១, ២ តើមានអំណោយទានដ៏អស្ចារ្យណាមួយ ដែលជាផ្នែកនៃលក្ខណៈចិត្តគំនិតរបស់មនុស្សយើង?
ដើម្បីឲ្យយល់ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនា ហើយតើទ្រង់នឹងប្រព្រឹត្តដោះស្រាយយ៉ាងណាចំពោះរឿងនេះ យើងត្រូវតែដឹងនូវរបៀបដែលទ្រង់បានបង្កើតមនុស្សយើងមក។ ព្រះអង្គមិនគ្រាន់តែបង្កើតយើងមកឲ្យមានរូបកាយនិងខួរក្បាលប៉ុណ្ណោះទេ។ តែទ្រង់បានបង្កើតយើងឲ្យមានគុណសម្បត្ដិពិសេសខាងសតិនិងខាងអារម្មណ៍ដែរ។
២ ផ្នែកមួយដ៏សំខាន់នៃលក្ខណៈចិត្តគំនិតរបស់យើងគឺចិត្តសេរី។ ពិតហើយ ព្រះទ្រង់បានដាក់នៅក្នុងមនុស្សយើងនូវញាណសតិនៃសេរីភាពខាងការជ្រើសរើស។ នោះពិតជាអំណោយទានដ៏ល្អអស្ចារ្យពីទ្រង់មែន។
របៀបដែលមនុស្សយើងបានត្រូវបង្កើតមក
៣-៥ តើហេតុអ្វីបានជាមនុស្សយើងមានអំណរគុណចំពោះចិត្តសេរីនោះ?
៣ សូមឲ្យយើងពិចារណាយ៉ាងណាដែលចិត្តសេរីទាក់ទងនឹងការអនុញ្ញាតរបស់ព្រះនូវសេចក្ដីទុក្ខវេទនា។ ជាបឋម សូមអញ្ជើញលោកអ្នកគិតអំពីរឿងនេះសិន៖ តើលោកអ្នកមានអំណរគុណឬទេ ចំពោះសេរីភាពដែលលោកអ្នកមានក្នុងការជ្រើសរើសនូវ សេចក្ដីដែលលោកអ្នកចង់ប្រព្រឹត្តនិងនិយាយ ហើយអ្វីដែលលោកអ្នកនឹងបរិភោគនិងស្លៀកពាក់ ប្រភេទនៃការងារដែលលោកអ្នកនឹងធ្វើ ហើយនៅទីណានិងតាមរបៀបណាដែលលោកអ្នកនឹងរស់នៅជីវភាពខ្លួននោះ? ឬក៏តើលោកអ្នកចង់ឲ្យអ្នកណាមួយបញ្ជាដោយអំណាចផ្ដាច់ការ ឲ្យអ្នកធ្វើគ្រប់សព្វនៅគ្រប់ពេលវេលាទាំងអស់នៃជីវិតរបស់លោកអ្នកឬ?
៤ គ្មានមនុស្សធម្មតាណាចង់បាត់បង់នូវការកាន់កាប់គ្រប់មុខលើជីវភាពខ្លួនឡើយ។ ហេតុអ្វីបានជាមិនចង់អញ្ចឹង? គឺមកពីគុណសម្បត្ដិដែលព្រះបានបង្កើតក្នុងមនុស្សយើងនោះ។ ព្រះគម្ពីរបានចែងប្រាប់យើងថា ព្រះបានបង្កើតមនុស្ស ‹ដូចជារូបអង្គព្រះ›គឺឲ្យមានគុណសម្បត្ដិដូចទ្រង់ ហើយគុណសម្បត្ដិមួយរបស់ព្រះអង្គនោះ គឺជាញាណសតិនៃសេរីភាពខាងការជ្រើសរើស។ (លោកុប្បត្តិ ១:២៦; ចោទិយកថា ៧:៦) កាលដែលព្រះបានបង្កើតមនុស្សលោក ទ្រង់បានប្រទានដល់គេនូវញាណសតិដ៏អស្ចារ្យដូចទ្រង់នោះដែរ—អំណោយទាននៃចិត្តសេរី។ នោះជាហេតុមួយដែលនាំឲ្យយើងមានចិត្តអន្ទះអន្ទែង បើកាលណាអ្នកគ្រប់គ្រងសង្កត់សង្កិនយកយើងធ្វើជាខ្ញុំកញ្ជះនោះ។
៥ ដោយហេតុនេះហើយ សេចក្ដីប្រាថ្នាចំពោះសេរីភាពមិនមែនកើតមកដោយចៃដន្យទេ ពីព្រោះព្រះទ្រង់ជាព្រះដែលប្រកបទៅដោយសេរីភាព។ ព្រះគម្ពីរបានចែងថា៖ «កន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់[យេហូវ៉ា] នោះក៏មានសេរីភាពដែរ»។ (កូរិនថូសទី២ ៣:១៧) ដូច្នេះ ព្រះបានប្រគល់ដល់យើងនូវចិត្តសេរីជាផ្នែកមួយនៃលក្ខណៈចិត្តគំនិតរបស់យើង។ ដោយព្រោះតែទ្រង់ជ្រាបនូវដំណើរប្រតិបត្ដិការនៃសតិនិងអារម្មណ៍របស់យើង ទ្រង់ក៏ជ្រាបថា មនុស្សយើងនឹងមានសុភមង្គលដ៏ប្រសើរបើកាលណាយើងមានចិត្តសេរីនោះ។
៦ តើព្រះបានបង្កើតខួរក្បាលរបស់មនុស្សយើង ឲ្យប្រើស្របនឹងចិត្តសេរីនោះយ៉ាងណាខ្លះ?
៦ ដើម្បីរួមជាមួយនឹងអំណោយទាននៃចិត្តសេរី ព្រះបានប្រទានដល់មនុស្សយើងនូវសមត្ថភាពចេះគិត ថ្លឹងថ្លែងរឿងផ្សេងៗ សម្រេចចិត្ត ហើយដឹងការខុសត្រូវ។ (ហេព្រើរ ៥:១៤) ដូច្នេះ ចិត្តសេរីត្រូវស្រេចទៅលើការជ្រើសរើសដោយបញ្ញា។ មនុស្សយើងមិនបានបង្កើតមកឲ្យដូចជាស្វ័យគមដែលគ្មានសតិ និងគ្មានបំណងចិត្តនោះឡើយ។ យើងក៏មិនបានបង្កើតមកដើម្បីនឹងប្រព្រឹត្តតាមសភាវគតិដូចជាសត្វនោះដែរ។ ផ្ទុយទៅវិញ ខួរក្បាលដ៏អស្ចារ្យរបស់មនុស្សយើងបានត្រូវរៀបចំមក ដើម្បីឲ្យប្រើស្របនឹងសេរីភាពរបស់យើងខាងការជ្រើសរើសនោះវិញ។
ការចាប់ផ្ដើមដ៏ល្អបំផុត
៧, ៨ តើព្រះបានប្រទានដល់ឪពុកម្ដាយដើមរបស់យើងនូវការចាប់ផ្ដើមដ៏ល្អប្រសើរណា?
៧ ដើម្បីនឹងបង្ហាញតើព្រះមានសេចក្ដីស្រឡាញ់ប៉ុន្មាននោះ ឪពុកម្ដាយដំបូងរបស់យើងអ័ដាមនិងអេវ៉ាបានត្រូវប្រទានឲ្យនូវគ្រប់អ្វីៗទាំងអស់ ដែលមនុស្សអាចចង់បានដោយសមហេតុសមផល ជាមួយនឹងអំណោយទាននៃចិត្តសេរី។ ពួកគេបានត្រូវដាក់នៅក្នុងសួនមនោរមដ៏ធំមួយ។ ពួកគេមានទ្រព្យវត្ថុជាបរិបូរ។ គេមានសតិនិងរូបកាយដ៏ល្អឥតខ្ចោះ ហើយដោយហេតុនេះបានជាគេមិនត្រូវចាស់ជរា មានជម្ងឺ ឬក៏ស្លាប់ឡើយ—ពួកគេអាចរស់នៅដ៏អស់កល្បជានិច្ចបាន។ ពួកគេនឹងអាចបង្កើតបានកូនដ៏ល្អឥតខ្ចោះជាច្រើន ដែលអាចប្រកបទៅដោយសុភមង្គលនៅអនាគតដ៏អស់កល្បជានិច្ចនោះដែរ។ ហើយជាយថាហេតុ ប្រជាជនដែលកំពុងតែកើនជាច្រើនឡើងនឹងអាចមានកិច្ចការដ៏គួរឲ្យពេញចិត្ត នៃការធ្វើឲ្យផែនដីទាំងមូលទៅជាសួនមនោរម។—លោកុប្បត្តិ ១:២៦-៣០; លោកុប្បត្តិ ២:១៥
៨ ចំពោះរបស់ដែលបានប្រទាននោះ ព្រះគម្ពីរបានចែងប្រាប់ថា៖ «រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។ (លោកុប្បត្តិ ១:៣១) ព្រះគម្ពីរក៏បានចែងទៀតអំពីព្រះថា៖ «ការរបស់ទ្រង់សុទ្ធតែគ្រប់លក្ខណ៍»។ (ចោទិយកថា ៣២:៤) ពិតមែនហើយ អ្នកបង្កើតយើងបានប្រទានដល់គ្រួសារមនុស្សលោកនូវការចាប់ផ្ដើមដ៏ល្អគ្រប់លក្ខណ៍។ គឺមិនអាចមានភាពល្អប្រសើរជាងនោះទៀតឡើយ។ ការនេះបានសម្ដែងថា ព្រះអង្គជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ណាស់ហ្ន៎!
សេរីភាពដែលមានព្រំដែន
៩, ១០ តើហេតុអ្វីបានជាចិត្តសេរីត្រូវមានលក្ខខណ្ឌដ៏ត្រឹមត្រូវនោះ?
៩ យ៉ាងណាក៏ដោយ តើព្រះមានបំណងឲ្យចិត្តសេរីរបស់មនុស្សគ្មានព្រំដែនអ្វីទាំងអស់ឬ? សូមអញ្ជើញនឹកក្នុងមនោគតិនូវទីក្រុងដែលមានចរាចរអ៊ូអរដោយគ្មានច្បាប់ចរាចរសោះ ហើយមនុស្សគ្រប់ៗគ្នាអាចបើកបរគ្រប់ទិសនិងតាមល្បឿនស្រេចតែចិត្តចង់។ បើសិនជាមានស្ថានភាពបែបនោះ តើលោកអ្នកនឹងចង់បើកបរឬទេ? គឺពិតជាមិនចង់ទេ ពីព្រោះការនោះជាការច្របូកច្របល់ខាងចរាចរ ហើយពិតជានឹងបណ្ដាលឲ្យមានគ្រោះថ្នាក់ជាច្រើនផង។
១០ ចំពោះអំណោយទានពីព្រះនៃចិត្តសេរី គឺយ៉ាងនោះដែរ។ សេរីភាពដែលគ្មានព្រំដែននឹងនាំឲ្យមានអនាធិបតេយ្យក្នុងសង្គមមនុស្ស។ គឺត្រូវតែមានច្បាប់ដើម្បីនឹងដឹកនាំសកម្មភាពរបស់មនុស្ស។ បន្ទូលរបស់ព្រះបានចែងថា៖ «គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ»។ (ពេត្រុសទី១ ២:១៦) ព្រះទ្រង់មានព្រះទ័យចង់ឲ្យចិត្តសេរីមានព្រំដែនដើម្បីប្រយោជន៍ដល់មនុស្សគ្រប់ៗគ្នា។ បំណងព្រះហឫទ័យរបស់ព្រះចំពោះមនុស្សយើង មិនមែនឲ្យមានសព្វសេរីភាពទេ តែឲ្យមានសេរីភាពដែលមានលក្ខខណ្ឌ ដែលនៅក្រោមការគ្រប់គ្រងនៃច្បាប់នោះវិញ។
ច្បាប់របស់អ្នកណា?
១១ តើមនុស្សយើងបានត្រូវបង្កើតមកដើម្បីឲ្យគោរពតាមច្បាប់របស់អ្នកណា?
១១ តើមនុស្សយើងបានត្រូវបង្កើតមកដើម្បីឲ្យគោរពតាមច្បាប់របស់អ្នកណា? ចំណែកមួយទៀតនៃបទគម្ពីរនៅ ពេត្រុសទី១ ២:១៦ ចែងថា៖ «ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ»។ ការនេះមិនមែនមានន័យជាទាសភាពដែលសង្កត់សង្កិនទេ តែផ្ទុយទៅវិញ នេះមានន័យថា មនុស្សយើងបានត្រូវបង្កើតមកឲ្យមានចិត្តសប្បាយរីករាយដ៏ប្រសើរបំផុត កាលណាយើងចុះចូលនឹងច្បាប់របស់ព្រះ។ (ម៉ាថាយ ២២:៣៥-៤០) ច្បាប់របស់ទ្រង់ផ្ដល់ឲ្យមានការដឹកនាំដ៏ប្រសើរបំផុត លើសជាងច្បាប់ណាដែលបានប្រឌិតឡើងដោយមនុស្សលោកទៅទៀត។ «អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ»។—អេសាយ ៤៨:១៧
១២ តើមនុស្សយើងមានសេរីភាពខាងការជ្រើសរើសយ៉ាងណា នៅក្នុងព្រំដែននៃច្បាប់របស់ព្រះ?
១២ យ៉ាងណាក៏ដោយ ច្បាប់របស់ព្រះ អនុញ្ញាតឲ្យមានសេរីភាពខាងការជ្រើសរើសជាច្រើនយ៉ាង នៅក្នុងព្រំដែននោះ។ ការនេះនាំឲ្យមានលទ្ធផលជាច្រើនបែបច្រើនយ៉ាង ព្រមទាំងធ្វើឲ្យគ្រួសារមនុស្សលោកជាការគួរឲ្យចាប់អារម្មណ៍យ៉ាងពិសេសអស្ចារ្យ។ សូមអញ្ជើញគិតនូវប្រភេទជាច្រើនយ៉ាង នៃចំណីអាហារ ខោអាវ ភ្លេង សិល្បៈ និងទីលំនៅ នៅជុំវិញផែនដីទាំងមូល។ ពិតមែនហើយ យើងចង់សម្រេចចិត្តខ្លួនឯងជាជាងឲ្យអ្នកដទៃសម្រេចឲ្យយើងចំពោះរឿងទាំងនេះ។
១៣ ដើម្បីឲ្យបានប្រយោជន៍ផ្ទាល់ខ្លួនយើង តើមនុស្សយើងត្រូវតែស្ដាប់បង្គាប់ច្បាប់ធម្មជាតិណាខ្លះ?
១៣ ដូច្នេះមនុស្សយើងបានត្រូវបង្កើតមកដើម្បីទទួលសុភមង្គលដ៏ល្អបំផុត បើកាលណាយើងចុះចូលនឹងច្បាប់របស់ព្រះស្តីពីកិរិយាមារយាទរបស់មនុស្ស។ ក៏មានភាពស្រដៀងនឹងគ្នាចំពោះការចុះចូលនឹងច្បាប់ធម្មជាតិរបស់ព្រះនោះដែរ។ ជាឧទាហរណ៍ បើយើងមិនយកចិត្តទុកដាក់នឹងច្បាប់ភូរិពល ហើយលោតទំលាក់ខ្លួនពីទីខ្ពស់ យើងនឹងត្រូវមានរបួសឬក៏អាចបាត់បង់ជីវិតដែរ។ បើកាលណាយើងមិនអើពើនឹងច្បាប់ខាងក្នុងរូបកាយរបស់យើង ហើយលែងបរិភោគម្ហូបអាហារ ផឹកទឹក ឬក៏ដកដង្ហើមខ្យល់នោះ យើងនឹងត្រូវស្លាប់ជាមិនខាន។
១៤ តើយ៉ាងណាដែលយើងអាចដឹងថា មនុស្សលោកមិនបានត្រូវបង្កើតមកដោយមិនពឹងផ្អែកទៅលើព្រះអង្គនោះ?
១៤ ដូចជាយើងត្រូវបានបង្កើតមកឲ្យមានសេចក្ដីត្រូវការនឹងចុះចូលច្បាប់ខាងធម្មជាតិរបស់ព្រះជាពិតប្រាកដយ៉ាងណា នោះយើងក៏បានត្រូវបង្កើតមកឲ្យមានសេចក្ដីត្រូវការនឹងចុះចូលនូវច្បាប់របស់ព្រះខាងសីលធម៌និងសង្គមយ៉ាងនោះដែរ។ (ម៉ាថាយ ៤:៤) មនុស្សលោកមិនបានត្រូវបង្កើតមកឲ្យរស់នៅដោយមិនពឹងផ្អែកទៅលើអ្នកបង្កើតរបស់គេ ហើយនៅមានជោគជ័យនោះឡើយ។ ហោរាយេរេមាបានសរសេរថា៖ «ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។ ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ»។ (យេរេមា ១០:២៣, ២៤) ដូច្នេះ តាមរបៀបគ្រប់យ៉ាងទាំងអស់ មនុស្សលោកបានត្រូវបង្កើតមកដើម្បីនឹងរស់នៅជីវិតរបស់គេនៅក្រោមការគ្រប់គ្រងរបស់ព្រះ មិនមែនស្រេចទៅលើចិត្តខ្លួនគេនោះឡើយ។
១៥ តើការគោរពតាមច្បាប់របស់ព្រះ ត្រូវបានជាបន្ទុកដ៏ធ្ងន់ចំពោះអ័ដាមនិងអេវ៉ាឬ?
១៥ សេចក្ដីគោរពតាមច្បាប់របស់ព្រះ គឺមិនមែនជាបន្ទុកដ៏ធ្ងន់ចំពោះឪពុកម្ដាយដើមរបស់យើងនោះទេ។ ផ្ទុយទៅវិញ ការអនុវត្តតាមសេចក្ដីនោះនឹងនាំឲ្យមានប្រយោជន៍សម្រាប់ខ្លួនគេ ព្រមទាំងសម្រាប់ក្រុមគ្រួសារមនុស្សលោកទាំងមូលផង។ បើសិនជាមនុស្សមួយគូទីមួយបានប្រព្រឹត្តនៅក្នុងព្រំដែននៃច្បាប់របស់ព្រះ នោះគ្រប់ការទាំងអស់នឹងមានភាពល្អគ្រប់មុខជាមិនខាន។ តាមការពិតទៅ នៅសព្វថ្ងៃនេះមនុស្សយើងមុខជាអាចរស់នៅក្នុងសួនមនោរមដ៏អស្ចារ្យ ដែលពោរពេញទៅដោយសេចក្ដីកំសាន្តចិត្ត ជាក្រុមគ្រួសារដែលប្រកបទៅដោយសាមគ្គីភាពនិងសេចក្ដីស្រឡាញ់! គឺនឹងមិនមាននូវអំពើសហ័ស សេចក្ដីទុក្ខវេទនា និងសេចក្ដីស្លាប់ឡើយ។
[រូបភាពនៅទំព័រ១១]
អ្នកបង្កើតបានប្រទានដល់មនុស្សលោកនូវការចាប់ផ្ដើមដ៏ល្អគ្រប់លក្ខណ៍
[រូបភាពនៅទំព័រ១២]
តើលោកអ្នកចង់បើកបរក្នុងចរាចរដ៏អ៊ូអរឬទេបើសិនជាគ្មានច្បាប់ចរាចរនោះ?