ចូរឲ្យតម្លៃចំពោះចិត្តសេរី ដែលអ្នកបានទទួលជាអំណោយ
«នៅកន្លែងណាដែលមានសកម្មពលរបស់ព្រះយេហូវ៉ា កន្លែងនោះមានសេរីភាព»។—កូរិនថូសទី២ ៣:១៧
១, ២. (ក) តើមនុស្សមានទស្សនៈខុសគ្នាយ៉ាងណាអំពីចិត្តសេរី? (ខ) តើគម្ពីរបង្រៀនយើងយ៉ាងណាអំពីចិត្តសេរីរបស់យើង ហើយតើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
ពេលស្ត្រីម្នាក់ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន គាត់បានប្រាប់មិត្តភក្ដិថា៖ «ខ្ញុំមិនចង់គិតវែកញែកទេ គ្រាន់តែប្រាប់ខ្ញុំឲ្យធ្វើអ្វីមក។ នេះងាយស្រួលជាង»។ ស្ត្រីនោះចង់ឲ្យមិត្តភក្ដិប្រាប់គាត់ថាគាត់គួរធ្វើអ្វី ជាជាងប្រើចិត្តសេរីរបស់ខ្លួនដែលជាអំណោយមួយដ៏មានតម្លៃពីព្រះដែលជាអ្នកបង្កើតរបស់គាត់។ ចុះយ៉ាងណាអ្នកវិញ? តើអ្នកចូលចិត្តធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ឬតើអ្នកចង់ឲ្យអ្នកឯទៀតធ្វើការសម្រេចចិត្តឲ្យអ្នក? តើអ្នកមានទស្សនៈយ៉ាងណាចំពោះចិត្តសេរី?
២ មនុស្សមានទស្សនៈខុសៗគ្នាអំពីចិត្តសេរី។ មនុស្សខ្លះនិយាយថាចិត្តសេរីគឺមិនមានទេ ពីព្រោះព្រះបានកំណត់ការប្រព្រឹត្តទាំងអស់របស់យើងរួចហើយ។ អ្នកឯទៀតនិយាយថាចិត្តសេរីអាចមានលុះត្រាតែយើងមានសេរីភាពយ៉ាងពេញលេញ។ ក៏ប៉ុន្តែ គម្ពីរបង្រៀនថាយើងបានត្រូវបង្កើតឲ្យមានសមត្ថភាពនិងសេរីភាពដើម្បីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ (សូមអាន យ៉ូស្វេ ២៤:១៥) គម្ពីរក៏មានចម្លើយចំពោះសំណួរដូចតទៅនេះ៖ តើចិត្តសេរីរបស់យើងមានកម្រិតឬទេ? ដើម្បីធ្វើការសម្រេចចិត្ត តើយើងគួរប្រើសេរីភាពរបស់យើងយ៉ាងដូចម្ដេច? តើការសម្រេចចិត្តរបស់យើងបង្ហាញយ៉ាងណាថាយើងស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំង? តើតាមរបៀបណាយើងអាចបង្ហាញថាយើងគោរពការសម្រេចចិត្តរបស់អ្នកឯទៀត?
តើយើងអាចរៀនអ្វីពីព្រះយេហូវ៉ានិងលោកយេស៊ូ?
៣. តើព្រះយេហូវ៉ាប្រើសេរីភាពយ៉ាងពេញលេញរបស់លោកយ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ាមានសេរីភាពយ៉ាងពេញលេញ ហើយយើងអាចរៀនពីរបៀបដែលលោកប្រើសេរីភាពរបស់លោក។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានជ្រើសរើសប្រជាជាតិអ៊ីស្រាអែលឲ្យធ្វើជារាស្ត្ររបស់លោក ពោលគឺ«ជារបស់ផងទ្រង់»ឬជាទ្រព្យវិសេសរបស់លោក។ (ចោទិយកថា ៧:៦-៨) មានមូលហេតុដែលលោកជ្រើសរើសពួកគេ។ ព្រះយេហូវ៉ាចង់ធ្វើតាមសេចក្ដីសន្យាដែលលោកបានធ្វើជាមួយនឹងអាប្រាហាំដែលជាមិត្តសម្លាញ់របស់លោក។ (លោកុប្បត្តិ ២២:១៥-១៨) លើសពីនេះទៅទៀត ព្រះយេហូវ៉ាតែងតែបង្ហាញសេចក្ដីស្រឡាញ់និងយុត្ដិធម៌ ពេលលោកប្រើសេរីភាពរបស់លោក។ យើងអាចឃើញដូច្នេះតាមរបៀបដែលលោកប្រៀនប្រដៅជនជាតិអ៊ីស្រាអែល នៅពេលដែលពួកគេមិនបានស្ដាប់បង្គាប់លោក។ ពេលពួកគេពិតជាស្ដាយក្រោយចំពោះអ្វីដែលពួកគេបានធ្វើ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណាចំពោះពួកគេ។ លោកបានមានប្រសាសន៍ថា៖ «អញនឹងកែការរាថយរបស់គេឲ្យជា ហើយអញនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត»។ (ហូសេ ១៤:៤) ព្រះយេហូវ៉ាបានទុកគំរូល្អឲ្យយើងដោយប្រើសេរីភាពរបស់លោកដើម្បីជួយអ្នកឯទៀត!
មុនមកផែនដី លោកយេស៊ូបានសម្រេចចិត្តរក្សាភក្ដីភាពចំពោះព្រះដោយមិនចូលរួមជាមួយនឹងសាថាននិងការបះបោររបស់វា
៤, ៥. (ក) តើអ្នកណាបានទទួលមុនគេនូវចិត្តសេរីដែលជាអំណោយពីព្រះ ហើយតើលោកបានប្រើចិត្តសេរីនោះយ៉ាងដូចម្ដេច? (ខ) តើយើងម្នាក់ៗត្រូវស្គាល់ចម្លើយចំពោះសំណួរអ្វី?
៤ ព្រះយេហូវ៉ាបានសម្រេចចិត្តបង្កើតទេវតានិងមនុស្សជាតិឲ្យមានចិត្តសេរី។ ព្រះយេហូវ៉ាបានបង្កើតលោកយេស៊ូមុនអ្វីៗទាំងអស់។ លោកយេស៊ូបានត្រូវបង្កើតឲ្យមានលក្ខណៈដូចព្រះ ហើយមានចិត្តសេរី។ (កូឡុស ១:១៥) តើលោកយេស៊ូបានប្រើសេរីភាពរបស់លោកយ៉ាងដូចម្ដេច? មុនមកផែនដី លោកយេស៊ូបានសម្រេចចិត្តរក្សាភក្ដីភាពចំពោះព្រះដោយមិនចូលរួមជាមួយនឹងសាថាននិងការបះបោររបស់វា។ ពេលលោកយេស៊ូមកផែនដី លោកបានសម្រេចចិត្តបដិសេធការល្បួងរបស់សាថាន។ (ម៉ាថាយ ៤:១០) ក្រោយមក នៅយប់មុនលោកយេស៊ូស្លាប់ លោកបានប្រាប់បិតារបស់លោកយ៉ាងច្បាស់ថាលោកចង់ធ្វើតាមបំណងប្រាថ្នារបស់បិតាលោក។ លោកបានមានប្រសាសន៍ថា៖ «បិតាអើយ! បើលោកចង់ សូមដកពែងនេះចេញពីខ្ញុំ។ ប៉ុន្តែសូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។ (លូកា ២២:៤២) តើយើងពិតជាអាចយកតម្រាប់លោកយេស៊ូដោយប្រើចិត្តសេរីរបស់យើងដើម្បីលើកកិត្ដិយសព្រះយេហូវ៉ានិងធ្វើតាមបំណងប្រាថ្នារបស់លោកឬទេ?
៥ មែនហើយ យើងអាចយកតម្រាប់លោកយេស៊ូបាន ដោយសារយើងក៏បានត្រូវបង្កើតឲ្យមានលក្ខណៈដូចព្រះ។ (លោកុប្បត្តិ ១:២៦) ក៏ប៉ុន្តែ យើងមិនមានសេរីភាពពេញលេញដូចព្រះយេហូវ៉ាទេ។ បណ្ដាំរបស់ព្រះពន្យល់ថាព្រះយេហូវ៉ាបានដាក់កម្រិតលើសេរីភាពរបស់យើង ហើយថាលោកតម្រូវឲ្យយើងទទួលយកកម្រិតទាំងនេះ។ ជាឧទាហរណ៍ ក្នុងក្រុមគ្រួសារ ប្រពន្ធគួរចុះចូលនឹងប្ដីរបស់ខ្លួន ហើយកូនគួរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ពួកគេ។ (អេភេសូរ ៥:២២; ៦:១) តើកម្រិតបែបនេះមានឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលយើងប្រើចិត្តសេរីរបស់យើង? ចម្លើយចំពោះសំណួរនេះជាប់ទាក់ទងនឹងអនាគតជារៀងរហូតរបស់យើង។
ការប្រើចិត្តសេរីតាមរបៀបត្រឹមត្រូវនិងតាមរបៀបមិនត្រឹមត្រូវ
៦. សូមលើកឧទាហរណ៍មួយដែលបង្ហាញអំពីមូលហេតុដ៏សំខាន់ដែលសេរីភាពរបស់យើងមានកម្រិត។
៦ តើសេរីភាពដែលមានកម្រិតគឺជាសេរីភាពដ៏ពិតប្រាកដឬ? គឺជាសេរីភាពដ៏ពិតប្រាកដមែន! ហេតុអ្វី? ពីព្រោះកម្រិតអាចការពារយើង។ ឧបមាថា យើងសម្រេចចិត្តបើកបរទៅក្រុងដ៏ឆ្ងាយមួយ។ ប៉ុន្តែ សូមស្រមៃគិតថាគ្មានច្បាប់ចរាចរណ៍ ហើយយើងទាំងអស់គ្នាអាចបើកលឿនប៉ុណ្ណាតាមចិត្ត និងបើកនៅខាងណាតាមចិត្តដែរ។ តើអ្នកនឹងមានសុវត្ថិភាពពេលធ្វើដំណើរនៅលើផ្លូវនោះឬទេ? ច្បាស់ជាមិនមានសុវត្ថិភាពទេ។ គឺចាំបាច់ត្រូវតែមានកម្រិតដើម្បីឲ្យទាំងអស់គ្នាអាចទទួលប្រយោជន៍ពីសេរីភាពដ៏ពិតប្រាកដ។ សូមយើងពិចារណាគំរូខ្លះនៅក្នុងគម្ពីរដែលបង្ហាញអំពីរបៀបដែលកម្រិតដែលព្រះយេហូវ៉ាបានដាក់អាចនាំឲ្យយើងទទួលប្រយោជន៍។
៧. (ក) តើអ្វីជាភាពខុសគ្នារវាងអាដាមនិងសត្វ? (ខ) សូមរៀបរាប់អំពីរបៀបមួយដែលអាដាមបានប្រើចិត្តសេរីរបស់គាត់។
៧ ពេលព្រះយេហូវ៉ាបានបង្កើតអាដាមដែលជាមនុស្សដំបូង លោកបានឲ្យគាត់នូវអំណោយដូចដែលលោកបានឲ្យដល់បណ្ដាទេវតា ពោលគឺចិត្តសេរី។ ប៉ុន្តែ ព្រះមិនបានបង្កើតសត្វឲ្យមានចិត្តសេរីទេ។ ដំបូងអាដាមបានប្រើចិត្តសេរីរបស់គាត់តាមរបៀបត្រឹមត្រូវ។ តើគាត់បានធ្វើដូច្នេះយ៉ាងដូចម្ដេច? អាដាមសប្បាយរីករាយក្នុងការដាក់ឈ្មោះឲ្យសត្វទាំងឡាយ។ ព្រះ‹នាំសត្វទាំងនោះមកឯអ័ដាម ដើម្បីឲ្យដឹងជាគាត់នឹងហៅយ៉ាងដូចម្ដេច›។ ក្រោយអាដាមបានសង្កេតមើលសត្វនីមួយៗ គាត់បានដាក់ឈ្មោះដែលមានអត្ថន័យឲ្យពួកវា។ ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរការសម្រេចចិត្តរបស់អាដាមទេ។ ផ្ទុយទៅវិញ «ឈ្មោះណាដែលអ័ដាមបានដាក់ឲ្យដល់ជីវិតផងទាំងឡាយ នោះបានសំរេចជាឈ្មោះរបស់សត្វនោះឯង»។—លោកុប្បត្តិ ២:១៩
៨. តើអាដាមបានប្រើចិត្តសេរីរបស់គាត់តាមរបៀបមិនត្រឹមត្រូវយ៉ាងណា ហើយតើនេះនាំឲ្យមានលទ្ធផលអ្វី?
៨ ព្រះយេហូវ៉ាបានឲ្យភារកិច្ចដល់អាដាមដើម្បីធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ លោកបានប្រាប់គាត់ថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើងឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។ (លោកុប្បត្តិ ១:២៨) ប៉ុន្តែ អាដាមបានសម្រេចចិត្តបរិភោគផ្លែឈើដែលព្រះបានហាមឃាត់ ហើយដោយធ្វើដូច្នេះគាត់មិនបានព្រមទទួលកម្រិតដែលព្រះយេហូវ៉ាបានដាក់ឲ្យនោះទេ។ ដោយសារអាដាមបានប្រើចិត្តសេរីរបស់គាត់តាមរបៀបមិនត្រឹមត្រូវ នោះមនុស្សជាតិបានរងទុក្ខរាប់ពាន់ឆ្នាំមកហើយ។ (រ៉ូម ៥:១២) សូមយើងចាំអំពីផលវិបាកដ៏ធ្ងន់ធ្ងរដែលមកពីការសម្រេចចិត្តរបស់អាដាម។ នេះនឹងជំរុញចិត្តយើងឲ្យប្រើសេរីភាពរបស់យើងតាមរបៀបត្រឹមត្រូវ ហើយព្រមទទួលកម្រិតដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង។
ជនជាតិអ៊ីស្រាអែលបានសម្រេចចិត្តធ្វើជារាស្ត្ររបស់ព្រះ ហើយបានព្រមទទួលកម្រិតដែលព្រះបានដាក់ឲ្យ
៩. តើព្រះយេហូវ៉ាបានឲ្យជនជាតិអ៊ីស្រាអែលសម្រេចចិត្តធ្វើអ្វី ហើយតើពួកគេបានសន្យាអ្វី?
៩ មនុស្សជាតិទាំងអស់បានទទួលភាពមិនល្អឥតខ្ចោះនិងសេចក្ដីស្លាប់ពីអាដាមនិងអេវ៉ា។ ក៏ប៉ុន្តែ យើងនៅតែមានសិទ្ធិប្រើចិត្តសេរីដែលយើងបានទទួលជាអំណោយ។ យើងអាចឃើញដូច្នេះតាមរបៀបដែលព្រះបានប្រព្រឹត្តចំពោះប្រជាជាតិអ៊ីស្រាអែល។ ព្រះយេហូវ៉ាបានឲ្យពួកគេសម្រេចចិត្តថាពួកគេនឹងធ្វើជាទ្រព្យវិសេសរបស់លោកឬយ៉ាងណា។ (និក្ខមនំ ១៩:៣-៦) ប្រជាជាតិនោះបានសម្រេចចិត្តធ្វើជារាស្ត្ររបស់ព្រះ ហើយបានព្រមទទួលកម្រិតដែលព្រះបានដាក់ឲ្យ។ ពួកគេបាននិយាយថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក»។ (និក្ខមនំ ១៩:៨) គួរឲ្យសោកស្ដាយណាស់ ក្រោយមកបណ្ដាជននោះបានសម្រេចចិត្តឈប់ធ្វើតាមសេចក្ដីសន្យារបស់ពួកគេចំពោះព្រះយេហូវ៉ា។ យើងអាចទាញមេរៀនដ៏សំខាន់ពីគំរូនេះ។ សូមយើងឲ្យតម្លៃជានិច្ចចំពោះចិត្តសេរីដែលជាអំណោយដែលយើងបានទទួល ហើយបន្តនៅជាប់នឹងព្រះយេហូវ៉ានិងធ្វើតាមច្បាប់របស់លោក។—កូរិនថូសទី១ ១០:១១
១០. តើមានគំរូអ្វីនៅហេប្រឺ ជំពូក១១ដែលបង្ហាញថាមនុស្សមិនល្អឥតខ្ចោះអាចប្រើចិត្តសេរីដើម្បីលើកកិត្ដិយសព្រះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
១០ ហេប្រឺ ជំពូក១១ រៀបរាប់អំពីឈ្មោះរបស់បុរសស្ត្រីដ៏ស្មោះត្រង់១៦នាក់ដែលបានសម្រេចចិត្តទទួលយកកម្រិតដែលព្រះយេហូវ៉ាបានដាក់ឲ្យ។ ជាលទ្ធផល ពួកគាត់បានទទួលពរជាច្រើន ហើយមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់ថ្ងៃអនាគត។ ជាឧទាហរណ៍ ណូអេមានជំនឿខ្លាំង ហើយបានសម្រេចចិត្តធ្វើតាមការណែនាំរបស់ព្រះដោយសង់ទូកដើម្បីសង្គ្រោះក្រុមគ្រួសាររបស់គាត់និងកូនចៅជំនាន់ក្រោយ។ (ហេប្រឺ ១១:៧) អាប្រាហាំនិងសារ៉ាសុខចិត្តស្ដាប់បង្គាប់ព្រះ ហើយបានទៅស្រុកដែលលោកបានសន្យាឲ្យពួកគាត់។ ទោះជាពួកគាត់មាន«ឱកាសត្រឡប់»ទៅក្រុងអ៊ើរវិញក៏ដោយ ពួកគាត់បានផ្ដោតអារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះសម្រាប់ថ្ងៃអនាគត។ គម្ពីរចែងថាពួកគាត់«ខំប្រឹងដើម្បីទទួលកន្លែងដែលប្រសើរជាង»។ (ហេប្រឺ ១១:៨, ១៣, ១៥, ១៦) ម៉ូសេបានលះចោលទ្រព្យសម្បត្ដិនៅស្រុកអេស៊ីប ហើយបានសម្រេចចិត្ត«ឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងសប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»។ (ហេប្រឺ ១១:២៤-២៦) សូមយើងមានជំនឿដូចបុរសស្ត្រីទាំងនេះ ហើយឲ្យតម្លៃចំពោះចិត្តសេរីដែលយើងបានទទួលជាអំណោយ ដោយប្រើចិត្តសេរីនោះដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។
១១. (ក) តើចិត្តសេរីបើកឱកាសឲ្យធ្វើអ្វី? (ខ) តើអ្វីជំរុញចិត្តអ្នកឲ្យប្រើចិត្តសេរីតាមរបៀបត្រឹមត្រូវ?
១១ ប្រហែលជាមើលទៅគឺងាយស្រួលជាងពេលអ្នកឯទៀតធ្វើការសម្រេចចិត្តឲ្យយើង តែយ៉ាងនេះយើងនឹងមិនអាចទទួលពរដ៏អស្ចារ្យមួយដែលមកពីចិត្តសេរីបានឡើយ។ តើពរនោះគឺជាអ្វី? គម្ពីរពន្យល់នៅចោទិយកថា ៣០:១៩, ២០។ (សូមអាន) ខ១៩ បង្ហាញថាព្រះបានឲ្យជនជាតិអ៊ីស្រាអែលជ្រើសរើស។ នៅខ២០ ព្រះយេហូវ៉ាបានផ្ដល់ឱកាសឲ្យពួកគេដើម្បីបង្ហាញថាពួកគេស្រឡាញ់លោកខ្លាំងយ៉ាងណា។ យើងក៏អាចជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែរ។ ម្យ៉ាងទៀត យើងក៏មានឱកាសដ៏ពិសេសដែរ គឺយើងអាចប្រើចិត្តសេរីរបស់យើងដើម្បីលើកកិត្ដិយសព្រះយេហូវ៉ា ហើយបង្ហាញថាយើងស្រឡាញ់លោកខ្លាំងយ៉ាងណា!
កុំប្រើចិត្តសេរីដែលអ្នកទទួលជាអំណោយតាមរបៀបមិនត្រឹមត្រូវ
១២. ស្តីអំពីចិត្តសេរីដែលយើងបានទទួលជាអំណោយ តើយើងត្រូវជៀសវាងធ្វើអ្វី?
១២ ឧបមាថាអ្នកឲ្យអំណោយដ៏មានតម្លៃដល់មិត្តភក្ដិម្នាក់។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា បើគាត់បោះចោលអំណោយនោះក្នុងធុងសំរាម ឬអាក្រក់ជាងនេះទៅទៀត បើគាត់ប្រើអំណោយនោះដើម្បីធ្វើបាបបុគ្គលណាម្នាក់? អ្នកនឹងឈឺចិត្ត។ ព្រះយេហូវ៉ាបានឲ្យចិត្តសេរីជាអំណោយដល់យើង។ ដូច្នេះ លោកច្បាស់ជាឈឺចិត្តពេលលោកឃើញមនុស្សប្រើសេរីភាពរបស់ពួកគេតាមរបៀបមិនត្រឹមត្រូវដោយធ្វើការសម្រេចចិត្តមិនល្អ ឬធ្វើបាបអ្នកឯទៀត។ គម្ពីរចែងថា នៅ«គ្រាចុងក្រោយបង្អស់» មនុស្សនឹង«រមិលគុណ»។ (ធីម៉ូថេទី២ ៣:១, ២) ដូច្នេះ តើយើងអាចបង្ហាញយ៉ាងណាថាយើងមានចិត្តកតញ្ញូចំពោះអំណោយដ៏មានតម្លៃដែលយើងបានទទួលពីព្រះយេហូវ៉ា? ម្យ៉ាងទៀត តើតាមរបៀបណាយើងអាចជៀសវាងការប្រើអំណោយនោះតាមរបៀបមិនត្រឹមត្រូវ?
១៣. ដើម្បីជៀសវាងការប្រើសេរីភាពរបស់យើងជាគ្រិស្តសាសនិកតាមរបៀបមិនត្រឹមត្រូវ តើយើងគួរធ្វើអ្វី?
១៣ យើងទាំងអស់គ្នាមានសេរីភាពក្នុងការជ្រើសរើសមិត្តភក្ដិ ការកម្សាន្ត សម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួន។ ក៏ប៉ុន្តែ យើងប្រហែលជានឹងប្រើសេរីភាពរបស់យើងជាលេសដើម្បីធ្វើការសម្រេចចិត្តដែលព្រះមិនចូលចិត្ត ឬដើម្បីធ្វើតាមអ្វីដែលមនុស្សក្នុងពិភពលោកពេញនិយម។ (សូមអាន ពេត្រុសទី១ ២:១៦) ជាជាងប្រើសេរីភាពរបស់យើងជាឱកាសដើម្បីធ្វើអ្វីមិនត្រឹមត្រូវ យើងគួរប្រើសេរីភាពនោះដើម្បី«ធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។—កូរិនថូសទី១ ១០:៣១; កាឡាទី ៥:១៣
១៤. ហេតុអ្វីយើងត្រូវទុកចិត្តព្រះយេហូវ៉ាពេលយើងប្រើចិត្តសេរីរបស់យើង?
១៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អញនេះគឺយេហូវ៉ាជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ»។ (អេសាយ ៤៨:១៧) យើងត្រូវទុកចិត្តព្រះយេហូវ៉ា ហើយទទួលយកកម្រិតដែលលោកបានដាក់ឲ្យដើម្បីយើងអាចធ្វើការសម្រេចចិត្តដ៏ល្អ។ ដោយចិត្តរាបទាប យើងទទួលស្គាល់ថា «ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) ទាំងអាដាមទាំងជនជាតិអ៊ីស្រាអែលដែលមិនស្មោះត្រង់បានជ្រើសរើសការពឹងផ្អែកទៅលើខ្លួនឯងជាជាងព្រមទទួលកម្រិតដែលព្រះយេហូវ៉ាបានដាក់ឲ្យ។ សូមយើងទាញមេរៀនពីគំរូដ៏អាក្រក់របស់ពួកគេ។ ជាជាងពឹងផ្អែកទៅលើខ្លួនឯង សូមយើង«ទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត[របស់យើង]»។—សុភាសិត ៣:៥
ការគោរពការសម្រេចចិត្តរបស់អ្នកឯទៀត
១៥. តើយើងរៀនអ្វីពីគោលការណ៍នៅកាឡាទី ៦:៥?
១៥ យើងក៏ត្រូវគោរពសិទ្ធិសេរីភាពរបស់អ្នកឯទៀតស្តីអំពីការធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនក្នុងជីវិតដែរ។ ហេតុអ្វី? ដោយសារយើងទាំងអស់គ្នាបានទទួលអំណោយដែលជាចិត្តសេរី នោះគ្មានគ្រិស្តសាសនិកពីរនាក់ដែលនឹងធ្វើការសម្រេចចិត្តដូចគ្នាជានិច្ចទេ។ នេះរួមបញ្ចូលការសម្រេចចិត្តរបស់យើងអំពីការប្រព្រឹត្តនិងការគោរពប្រណិប័តន៍របស់យើង។ សូមនឹកចាំគោលការណ៍នៅកាឡាទី ៦:៥។ (សូមអាន) ពេលយើងទទួលស្គាល់ថាគ្រិស្តសាសនិកម្នាក់ៗត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់គាត់ នោះយើងនឹងគោរពសិទ្ធិសេរីភាពដែលអ្នកឯទៀតមានដើម្បីប្រើចិត្តសេរីរបស់ពួកគេ។
យើងអាចធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដោយមិនបង្ខំអ្នកឯទៀតឲ្យធ្វើការសម្រេចចិត្តដូចយើង (សូមមើលវគ្គ១៥)
១៦, ១៧. (ក) តើចិត្តសេរីបានទៅជាបញ្ហាមួយក្នុងក្រុមជំនុំនៅក្រុងកូរិនថូសយ៉ាងដូចម្ដេច? (ខ) តើប៉ូលបានជួយគ្រិស្តសាសនិកទាំងនោះយ៉ាងដូចម្ដេច ហើយតើនេះបង្រៀនយើងអ្វី?
១៦ សូមយើងពិចារណាកំណត់ហេតុក្នុងគម្ពីរដែលបង្ហាញអំពីមូលហេតុដែលយើងត្រូវគោរពការសម្រេចចិត្តរបស់បងប្អូន។ គ្រិស្តសាសនិកក្នុងក្រុមជំនុំនៅក្រុងកូរិនថូសបានឈ្លោះប្រកែកគ្នាអំពីការបរិភោគសាច់ដែលប្រហែលជាបានត្រូវគេដាក់សែនរូបព្រះ ប៉ុន្តែក្រោយមកបានត្រូវយកទៅលក់នៅផ្សារសាច់។ សមត្ថភាពវិនិច្ឆ័យរបស់គ្រិស្តសាសនិកខ្លះបានអនុញ្ញាតឲ្យពួកគាត់បរិភោគសាច់នោះ ពីព្រោះពួកគាត់បានដឹងថារូបព្រះមិនមែនជាអ្វីសោះ។ ក៏ប៉ុន្តែ គ្រិស្តសាសនិកខ្លះទៀតដែលធ្លាប់គោរពបូជារូបព្រះទាំងនោះមានអារម្មណ៍ថាការបរិភោគសាច់គឺប្រៀបដូចជាការគោរពបូជា។ (កូរិនថូសទី១ ៨:៤, ៧) បញ្ហានេះគឺធ្ងន់ធ្ងរ ហើយអាចធ្វើឲ្យក្រុមជំនុំបែកបាក់គ្នា។ តើប៉ូលបានជួយគ្រិស្តសាសនិកទាំងនោះឲ្យដោះស្រាយបញ្ហាដ៏សំខាន់នេះយ៉ាងដូចម្ដេច?
១៧ ដំបូងប៉ូលបានរំលឹកក្រុមទាំងពីរនេះថាអាហារមិនពង្រឹងចំណងមិត្តភាពរបស់ពួកគាត់ជាមួយនឹងព្រះទេ។ (កូរិនថូសទី១ ៨:៨) បន្ទាប់មក ប៉ូលបានព្រមានពួកគាត់មិនឲ្យយក«សិទ្ធិ»ដែលពួកគាត់មានដើម្បីធ្វើការសម្រេចចិត្តទៅជាហេតុនាំឲ្យអ្នកដែលមានសមត្ថភាពវិនិច្ឆ័យខ្សោយជំពប់ដួល។ (កូរិនថូសទី១ ៨:៩) ក្រោយមក គាត់បានប្រាប់ពួកអ្នកដែលមានសមត្ថភាពវិនិច្ឆ័យខ្សោយមិនឲ្យវិនិច្ឆ័យពួកអ្នកដែលសម្រេចចិត្តបរិភោគសាច់បែបនោះ។ (កូរិនថូសទី១ ១០:២៥, ២៩, ៣០) ដូច្នេះ ក្នុងស្ថានភាពដ៏សំខាន់នោះដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ គ្រិស្តសាសនិកម្នាក់ៗត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន។ ហេតុនេះ យើងគួរគោរពសិទ្ធិសេរីភាពរបស់បងប្អូនយើងក្នុងការធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន សូម្បីតែក្នុងរឿងតូចក្ដី មែនទេ?—កូរិនថូសទី១ ១០:៣២, ៣៣
១៨. តើអ្នកនឹងបង្ហាញយ៉ាងណាថាអ្នកឲ្យតម្លៃចំពោះចិត្តសេរីដែលអ្នកបានទទួលជាអំណោយ?
១៨ ព្រះយេហូវ៉ាបានឲ្យយើងនូវអំណោយដែលជាចិត្តសេរី ហើយចិត្តសេរីនេះនាំឲ្យយើងមានសេរីភាពពិតប្រាកដ។ (កូរិនថូសទី២ ៣:១៧) យើងឲ្យតម្លៃចំពោះអំណោយនេះ ដោយសារអំណោយនេះឲ្យយើងធ្វើការសម្រេចចិត្តដែលបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ាខ្លាំងយ៉ាងណា។ ដូច្នេះ សូមយើងបន្តធ្វើការសម្រេចចិត្តដែលលើកកិត្ដិយសលោក ហើយសូមយើងគោរពសិទ្ធិរបស់អ្នកឯទៀតដើម្បីធ្វើការសម្រេចចិត្តអំពីរបៀបដែលពួកគេប្រើអំណោយដ៏មានតម្លៃនេះ។