បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • dg ភាគទី ១០ ទំ. ២២-២៨
  • ពិភពលោកថ្មីដ៏អស្ចារ្យដែលព្រះនឹងបង្កើតមក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពិភពលោកថ្មីដ៏អស្ចារ្យដែលព្រះនឹងបង្កើតមក
  • តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​សុចរិត​ដាក់​ជំនួស​អំពើ​អាក្រក់
  • សុខភាព​ដ៏​ល្អ​ឥតខ្ចោះ​ត្រូវ​មាន​ឡើង​វិញ
  • មនុស្ស​ស្លាប់​នឹង​ត្រឡប់​មក​វិញ
  • ពិភពលោក​ដែល​ពិត​ជា​ក្សេមក្សាន្ត
  • ផែនដី​នឹង​ត្រូវ​កែ​ប្រែ​ទៅ​ជា​សួន​មនោរម
  • ការ​ជួសជុល​នូវ​សេចក្ដី​ខូចខាត​ពី​អតីតកាល
  • រស់នៅជានិរន្ដរ៍លើផែនដីមនោរម្យ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ដ
    ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត
  • គ្រាដែលព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនានោះ ជិតមកដល់ទីបញ្ចប់ហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
dg ភាគទី ១០ ទំ. ២២-២៨

ភាគ​ទី១០

ពិភពលោក​ថ្មី​ដ៏​អស្ចារ្យ​ដែល​ព្រះ​នឹង​បង្កើត​មក

១, ២ តើ​អ្វី​នឹង​កើត​ឡើង​បន្ទាប់​ពី​សង្គ្រាម​អើម៉ាគេដូន​បាន​បោស​សំអាត​ផែនដី​នោះ?

បន្ទាប់​ពី​សង្គ្រាម​អើម៉ាគេដូន​បាន​បោស​សំអាត​ផែនដី តើ​អ្វី​នឹង​កើត​ឡើង​ទៀត​នោះ? នៅ​ពេល​នោះ​សម័យ​ថ្មី​ដែល​ប្រកប​ទៅ​ដោយ​សិរី​ល្អ​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង។ ពួក​អ្នក​រួច​រស់​ជីវិត​ពី​សង្គ្រាម​អើម៉ាគេដូន ដែល​បាន​សម្ដែង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ការ​គ្រប់​គ្រង​របស់​ព្រះ នឹង​ត្រូវ​បាន​នាំ​ទៅ​ចូល​ពិភពលោក​ថ្មី។ គឺ​នឹង​មាន​សម័យ​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ក្នុង​ប្រវត្ដិសាស្ត្រ ដែល​នៅ​ពេល​នោះ​ផល​ប្រយោជន៍​យ៉ាង​អស្ចារ្យ​ហូរ​មក​ពី​ព្រះ​ដល់​ក្រុម​គ្រួសារ​មនុស្ស​លោក!

២ នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​រាជាណាចក្រ​របស់​ព្រះ ពួក​អ្នក​រួច​រស់​ជីវិត​នឹង​ចាប់​ផ្ដើម​ធ្វើ​សួន​មនោរម​ឲ្យ​លូត​លាស់​ឡើង។ ពួកគេ​នឹង​បូជា​កម្លាំង​របស់​គេ​ចំពោះ​សកម្មភាព​ដែល​មិន​សម្រាប់​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ តែ​ដើម្បី​នាំ​ប្រយោជន៍​ចំពោះ​មនុស្ស​គ្រប់⁠ៗ​គ្នា​ដែល​រស់​នៅ⁠ៗ​ពេល​នោះ។ ផែនដី​នឹង​ត្រូវ​ចាប់​ផ្ដើម​កែ​ប្រែ​ឲ្យ​ទៅ​ជា​ទី​លំនៅ​ដ៏​ស្អាត ក្សេមក្សាន្ត ហើយ​ជា​ទី​ស្កប់​ចិត្ត​ចំពោះ​មនុស្ស​លោក​ដែរ។

សេចក្ដី​សុចរិត​ដាក់​ជំនួស​អំពើ​អាក្រក់

៣ តើ​សេចក្ដី​ធូរ​ស្បើយ​យ៉ាង​ណា​ដែល​យើង​នឹង​អាច​ទទួល​ក្រោយ​ពី​អើម៉ាគេដូន​ភ្លាម​នោះ?

៣ ការ​បំផ្លាញ​លោកីយ​របស់​សាតាំង នឹង​ធ្វើ​ឲ្យ​មាន​លទ្ធភាព​នូវ​ការ​ទាំងអស់​នេះ។ សាសនា​មិន​ពិត ប្រព័ន្ធ​សង្គម ឬ​ក៏​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​មនុស្ស​លោក​បែក​ខ្ញែក​ពី​គ្នា​នោះ នឹង​មិន​មាន​ទៀត​ឡើយ។ ក៏​នឹង​គ្មាន​ឃោសនា​ពី​សាតាំង​ដែល​បំភាន់​មនុស្ស​ទៀត​ទេ ដ្បិត​គ្រប់​ទីភ្នាក់ងារ​ដែល​ធ្វើ​ឃោសនា​បែប​នេះ នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​មួយ​នឹង​របប​សម័យ​របស់​សាតាំង​ដែរ។ សូម​អញ្ជើញ​គិត​ចុះ⁠៖ «បរិយាកាស» ដែល​ពោរ​ពេញ​ទៅ​ដោយ «ជាតិពុល» ទាំងមូល​នៃ​លោកីយ​របស់​សាតាំង នឹង​ត្រូវ​លែង​មាន​ទៀត​ហើយ! តើ​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ធូរ​ស្បើយ​យ៉ាង​ណា​ទៅ​ហ្ន៎!

៤ សូម​ពណ៌នា​អំពី​ការ​ផ្លាស់ប្ដូរ​ក្នុង​សេចក្ដី​បង្រៀន​ដែល​នឹង​កើត​មាន​ឡើង។

៤ នៅ​ពេល​នោះ គំនិត​នៃ​ការ​គ្រប់​គ្រង​មនុស្ស​ដែល​នាំ​ឲ្យ​មាន​អំពើ​អាក្រក់​នឹង​ត្រូវ​ផ្លាស់​ជំនួស​ដោយ​ការ​បង្រៀន​ដែល​នាំ​ប្រយោជន៍​ពី​ព្រះ​វិញ។ «ឯ​កូនចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា»។ (អេសាយ ៥៤:⁠១៣) ដោយ​មាន​ការ​អប់រំ​ដ៏​មាន​ប្រយោជន៍​នេះ​ជា​រៀង​រាល់​ឆ្នាំ នោះ​ច្បាស់​ជា «គ្រប់​ទាំងអស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។ (អេសាយ ១១:⁠៩) មនុស្ស​នឹង​លែង​រៀន​អំពើ​អាក្រក់​ទៀត​ឡើយ តែ «ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត»វិញ។ (អេសាយ ២៦:⁠៩) គំនិត​និង​សកម្មភាព​ដែល​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក នឹង​ជា​ការ​ធម្មតា​ជា​រៀង​រាល់​ថ្ងៃ។​—⁠កិច្ចការ ១៧:⁠៣១; ភីលីព ៤:៨

៥ អ្វី​នឹង​កើត​មាន​ឡើង​ចំពោះ​គ្រប់​អំពើ​សហ័ស​និង​គ្រប់​មនុស្ស​អាក្រក់​ទាំងអស់?

៥ ដោយ​ហេតុ​នេះ នឹង​លែង​មាន​ឃាតកម្ម អំពើ​ឃោរឃៅ ការ​រំលោភ ការ​លួច​ប្លន់ ឬ​ក៏​អំពើ​ឧក្រិដ្ឋ​អ្វី​ទៀត​ឡើយ។ គ្មាន​អ្នក​ណា​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ដោយសារ​អំពើ​អាក្រក់​របស់​អ្នក​ដទៃ​ឡើយ។ បទ​គម្ពីរ​សុភាសិត ១០:⁠៣០ ចែង​ថា⁠៖ «មនុស្ស​សុចរិត នឹង​មិន​ត្រូវ​រង្គើ​ឡើយ តែ​មនុស្ស​អាក្រក់ នឹង​អាស្រ័យ​នៅ​ផែនដី​មិន​បាន» ឡើយ។

សុខភាព​ដ៏​ល្អ​ឥតខ្ចោះ​ត្រូវ​មាន​ឡើង​វិញ

៦, ៧ (ក) តើ​ហេតុ​ការណ៍​ដ៏​ជាក់​ស្តែង​ណា ដែល​ការ​គ្រប់​គ្រង​រាជាណាចក្រ​នឹង​ត្រូវ​បំបាត់​ចោល​នោះ? (ខ) តើ​ព្រះ​យេស៊ូវ​បាន​សម្ដែង​ការ​នេះ​យ៉ាង​ណា កាល​ដែល​ទ្រង់​គង់​នៅ​ផែនដី​នៅ​ឡើយ?

៦ នៅ​ក្នុង​ពិភពលោក​ថ្មី គ្រប់​លទ្ធផល​អាក្រក់​ទាំងអស់​ដែល​កើត​មក​ពី​ការ​បះបោរ​ដើម នឹង​ត្រូវ​បាត់​សាប​សូន្យ​អស់។ ជា​ឧទាហរណ៍ ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​នឹង​ត្រូវ​បំបាត់​នូវ​ជម្ងឺ​និង​សេចក្ដី​ចាស់​ជរា។ នៅ​សព្វ​ថ្ងៃ​នេះ ទោះបី​លោក​អ្នក​ប្រហែល​ជា​សប្បាយ​នឹង​សុខភាព​ល្អ​យ៉ាង​ណា​ក៏​ដោយ ហេតុ​ការណ៍​ដ៏​ជាក់​ស្តែង​នោះ​គឺ​ថា កាល​ដែល​លោក​អ្នក​ចាស់​ទៅ ភ្នែក​អ្នក​នឹង​កាន់​តែ​អន់ ធ្មេញ​អ្នក​នឹង​ពុក​ទៅ ត្រចៀក​អ្នក​ស្ដាប់​មិន​សូវ​ឮ ស្បែក​អ្នក​កើត​មាន​ជ្រួញ សរីរាង្គ​ខាង​ក្នុង​ត្រូវ​ដើរ​មិន​ស្រួល រហូត​ដល់​ទី​បញ្ចប់​លោក​អ្នក​ក៏​ត្រូវ​ស្លាប់​ទៅ​វិញ។

៧ ប៉ុន្តែ លទ្ធផល​ទាំងអស់​ដ៏​គួរ​ឲ្យ​លំបាក​នេះ​ដែល​យើង​បាន​ទទួល​ជា​មរតក​ពី​ឪពុក​ម្ដាយ​ដើម​របស់​យើង នោះ​នឹង​ទៅ​ជា​របស់​នៃ​អតីតកាល​ហើយ។ តើ​អ្នក​នៅ​ចាំ​ពី​ការ​សម្ដែង​របស់​ព្រះ​យេស៊ូវ​អំពី​សុខភាព​ទេ នៅ​ពេល​ដែល​ទ្រង់​គង់​នៅ​ផែនដី​នៅ​ឡើយ​នោះ? ព្រះ​គម្ពីរ​បាន​រាយការណ៍​ថា⁠៖ «នោះ​មាន​ហ្វូង​មនុស្ស​មក​ឯ​ទ្រង់​កកកុញ នាំ​ទាំង​មនុស្ស​ខ្វិន ខ្វាក់ គ ពិការ នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន មក​ដាក់​នៅ​ទៀប​ព្រះ​បាទ​ទ្រង់។ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា ដល់​ម្ល៉េះ​បាន​ជា​បណ្ដា​មនុស្ស​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំមួន មនុស្ស​ខ្វិន​ដើរ​រួច នឹង​មនុស្ស​ខ្វាក់​មើល​ឃើញ»។​—⁠ម៉ាថាយ ១៥:​៣០, ៣១

៨, ៩ សូម​ពណ៌នា​នូវ​សុភមង្គល​ដែល​នឹង​ត្រូវ​កើត​មាន​ឡើង​នៅ​ពិភពលោក​ថ្មី កាល​ដែល​សុខភាព​ដ៏​ល្អ​ឥតខ្ចោះ​នឹង​ត្រូវ​បាន​ធ្វើ​ដូច​ដើម​វិញ។

៨ នៅ​ក្នុង​ពិភពលោក​ថ្មី កាល​ដែល​គ្រប់​បញ្ហា​ទាំងអស់​របស់​យើង​ត្រូវ​បំបាត់​ចេញ​នោះ តើ​នឹង​មាន​សុភមង្គល​ដ៏​សម្បើម​យ៉ាង​ណា​ទៅ​ហ្ន៎! សេចក្ដី​ទុក្ខវេទនា​ដែល​កើត​ពី​សុខភាព​មិន​ល្អ នឹង​មិន​ដែល​ធ្វើ​ទុក្ខ​ដល់​មនុស្ស​យើង​ទៀត​ឡើយ។ «ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង គេ​នឹង​មិន​ថា ‹ខ្ញុំ​ឈឺ› ទៀត​ឡើយ»។ «គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន។ គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង»។​—⁠អេសាយ ៣៣:⁠២៤; ៣៥:​៥, ៦

៩ តើ​នឹង​ទៅ​ជា​ការ​រំភើប​ចិត្ត​ឬ​ទេ ពេល​ភ្ញាក់​ឡើង​ជា​រៀង​រាល់​ព្រឹក ហើយ​ដឹង​ថា​យើង​ឥឡូវ​សប្បាយ​នឹង​សុខភាព​ដ៏​ស្វាហាប់​នោះ? តើ​នឹង​មិន​មែន​ទៅ​ជា​ការ​ស្កប់​ចិត្ត​ឬ​ទេ ដែល​មនុស្ស​ចាស់​ជរា​នឹង​ដឹង​ថា ពួក​គាត់​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​សមត្ថ​កាល​ឡើង​វិញ ហើយ​នឹង​ទទួល​ជា​ស្រេច​នូវ​ភាព​ល្អ​ឥតខ្ចោះ​ដែល​ពីដើម អ័ដាម​និង​អេវ៉ា​បាន​ធ្លាប់​មាន​នោះ? សេចក្ដី​សន្យា​របស់​ព្រះ​គម្ពីរ​គឺ​ថា⁠៖ «យ៉ាង​នោះ​សាច់​គេ​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូនក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ»។ (យ៉ូប ៣៣:⁠២៥) តើ​នឹង​ជា​ការ​សប្បាយ​យ៉ាង​ណា​ទៅ ក្នុង​ការ​បោះចោល​នូវ វ៉ែនតា គ្រឿង​ជំនួយ​ត្រចៀក ឈើឆ្ពាប និង​ថ្នាំ​ទាំងអស់​ចោល! មន្ទីរពេទ្យ គ្រូពេទ្យ និង​គ្រូ​ពេទ្យ​ធ្មេញ​ទាំង​ឡាយ នឹង​មិន​ត្រូវ​ការ​ទៀត​ឡើយ។

១០ តើ​អ្វី​នឹង​កើត​មាន​ឡើង​ចំពោះ​សេចក្ដី​ស្លាប់​នោះ?

១០ មនុស្ស​ដែល​សប្បាយ​នឹង​សុខភាព​ដ៏​ស្វាហាប់​នោះ នឹង​មិន​ដែល​ចង់​ស្លាប់​ឡើយ។ ហើយ​ពួកគេ​នឹង​មិន​ត្រូវ​ស្លាប់​ទេ ដ្បិត​មនុស្ស​លោក​នឹង​មិន​នៅ​ក្រោម​អានុភាព​នៃ​ភាព​មិន​ល្អ​ឥតខ្ចោះ ឬ​ក៏​នៃ​សេចក្ដី​ស្លាប់​ទៀត​ឡើយ។ ព្រះ​គ្រីស្ទ​នឹង «សោយ​រាជ្យ ទាល់តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់។ ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់»។ «អំណោយ​ទាន​នៃ​ព្រះ . . . គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច»។​—⁠កូរិនថូសទី១ ១៥:​២៥, ២៦; រ៉ូម ៦:⁠២៣; សូម​អាន អេសាយ ២៥:៨ ដែរ។

១១ តើ​សៀវភៅ​វិវរណៈ​បាន​ថ្លែង​សង្ខេប​អំពី​ផល​ប្រយោជន៍​របស់​ពិភពលោក​ថ្មី​យ៉ាង​ណា?

១១ ក្នុង​ការ​ថ្លែង​សង្ខេប​អំពី​ផល​ប្រយោជន៍​ដែល​នឹង​ហូរ​មក​ពី​ព្រះ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដល់​ក្រុម​គ្រួសារ​មនុស្ស​ដែល​រស់​នៅ​ក្នុង​សួន​មនោរម​នោះ សៀវភៅ​ក្រោយ​បង្អស់​នៃ​ព្រះ​គម្ពីរ​បាន​ចែង​ថា⁠៖ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។​—⁠វិវរណៈ ២១:​៣, ៤

មនុស្ស​ស្លាប់​នឹង​ត្រឡប់​មក​វិញ

១២ តើ​ព្រះ​យេស៊ូវ​បាន​សម្ដែង​នូវ​អំណាច​នៃ​សេចក្ដី​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ព្រះ​ប្រគល់​ឲ្យ​ទ្រង់​តាម​របៀប​ណា?

១២ ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​ប្រោស​មនុស្ស​ឈឺ​និង​ពិការ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ​ទេ។ ទ្រង់​ក៏​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ដោយ​ប្រព្រឹត្ត​ការ​នេះ ទ្រង់​បាន​សម្ដែង​អំណាច​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​រស់​ឡើង​វិញ​ដែល​ព្រះ​បាន​ប្រគល់​ដល់​ទ្រង់។ តើ​អ្នក​នៅ​ចាំ​ទេ កាល​ដែល​ព្រះ​យេស៊ូវ​បាន​ចូល​ផ្ទះ​របស់​បុរស​ម្នាក់ ដែល​កូន​ស្រី​គាត់​បាន​ស្លាប់​ទៅ​ហើយ​នោះ? ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នឹង​ក្មេង​ស្រី​ស្លាប់​នោះ​ថា⁠៖ «កូន​ស្រី​អើយ អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង»! តើ​មាន​កើត​លទ្ធផល​យ៉ាង​ណា? «ស្រាប់​តែ​កូន​ស្រី​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ»។ ដោយ​ឃើញ​ការ​នោះ «មនុស្ស​រាល់​គ្នា គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃលែង»។ ពួកគេ​មាន​សេចក្ដី​សប្បាយ​រីករាយ​ជា​ខ្លាំង​ម្ល៉េះ ដែល​គេ​ទប់​ចិត្ត​មិន​បាន​ឡើយ!​—⁠ម៉ាកុស ៥:​៤១, ៤២; សូម​មើល​ដែរ​នៅ លូកា ៧:​១១​-​១៦; យ៉ូហាន ១១:​១​-​៤៥

១៣ តើ​មនុស្ស​ប្រភេទ​ណា​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៣ នៅ​ក្នុង​ពិភពលោក​ថ្មី «ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ»។ (កិច្ចការ ២៤:⁠១៥) នៅ​គ្រា​នោះ ព្រះ​យេស៊ូវ​នឹង​ប្រើ​អំណាច​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ ដើម្បី​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ថា «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ»។ (យ៉ូហាន ១១:⁠២៥) ទ្រង់​បាន​មាន​បន្ទូល​ទៀត​ថា⁠៖ «អស់​អ្នក​ណា​នៅ​ក្នុង​ផ្នូរ​រំឭក[ក្នុង​សតិ​របស់​ព្រះ] នឹង​ឮ​សម្លេង​ទ្រង់[ព្រះ​យេស៊ូវ] ហើយ​នឹង​ចេញ​មក»។​—⁠យ៉ូហាន ៥:​២៨, ២៩​ពថ

១៤ ដោយ​ព្រោះ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត តើ​របស់​អ្វី​នឹង​ត្រូវ​បំបាត់​ទៅ​នោះ?

១៤ នៅ​ពេល​ដែល​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​មក​វិញ​មួយ​ក្រុម​ហើយ​មួយ​ក្រុម​ទៀត ដើម្បី​មក​ចូលរួម​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គេ នោះ​នឹង​មាន​អំណរអរ​យ៉ាង​សម្បើម​នៅ​ពេញ​ផែនដី​ទាំងមូល! ក៏​មិន​មាន​បញ្ជី​ដំណឹង​មរណភាព​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ចំពោះ​អ្នក​នៅ​រស់​ទៀត​ឡើយ។ ជំនួស​ការ​នោះ ប្រហែល​នឹង​មាន​សេចក្ដី​ផ្ទុយ​វិញ⁠៖ សេចក្ដី​ប្រកាស​អំពី​មនុស្ស​ដែល​ទើប​នឹង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​នាំ​ឲ្យ​មាន​អំណរអរ​ចំពោះ​អ្នក​ដែល​បាន​ស្រឡាញ់​គេ​ពីមុន​មក​នោះ។ ដូច្នេះ​ហើយ នឹង​គ្មាន​បុណ្យ​ខ្មោច គ្មាន​គំនរ​អុស​បូជា​សព គ្មាន​ឈាបនដ្ឋាន ឬ​ក៏​កន្លែង​បញ្ចុះ​សព​ទៀត​ឡើយ!

ពិភពលោក​ដែល​ពិត​ជា​ក្សេមក្សាន្ត

១៥ តើ​បទ​ទំនាយ​របស់​មីកា​នឹង​ត្រូវ​បាន​សម្រេច​ជា​គ្រប់​សព្វ​តាម​របៀប​ណា?

១៥ សេចក្ដី​ក្សេមក្សាន្ត​ដ៏​ពិត​ប្រាកដ​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវភាព​នឹង​ត្រូវ​បាន​សម្រេច​ហើយ។ សង្គ្រាម ពួក​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​មាន​សង្គ្រាម ហើយ​ការ​ធ្វើ​សាស្ដ្រាវុធ​នឹង​ទៅ​ជា​របស់​នៃ​អតីតកាល​ទៅ​វិញ។ តើ​ហេតុ​អ្វី​បាន​ជា​អញ្ចឹង? គឺ​ពីព្រោះ​ការ​ប្រកាន់​សាសន៍ ការ​ប្រកាន់​កុលសម្ពន្ធ និង​ការ​ប្រកាន់​ជាតិ​ដែល​បំបែក​មនុស្ស​លោក​ពី​គ្នា​នឹង​ត្រូវ​បាត់​ទៅ​ទាំងអស់​ហើយ។ នៅ​ពេល​នោះ ការ​នេះ​នឹង​ត្រូវ​បាន​សម្រេច​យ៉ាង​គ្រប់​សព្វ⁠៖ «អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​តទៅ»។​—⁠មីកា ៤:៣

១៦ តើ​ព្រះ​នឹង​រ៉ាប់​រង​យ៉ាង​ណា​ថា​នឹង​គ្មាន​លទ្ធភាព​ឲ្យ​មាន​សង្គ្រាម​ទៀត​នោះ?

១៦ ដោយ​យល់​នូវ​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ពោរ​ពេញ​ទៅ​ដោយ​ការ​បង្ហូរ​ឈាម ក្នុង​សង្គ្រាម​ដ៏​ឥត​ឈប់ឈរ ហេតុ​ការណ៍​នេះ​ហាក់​ដូច​ជា​ការ​ដែល​ប្លែក​ពី​ធម្មតា​ណាស់។ ប៉ុន្តែ​ការ​អាក្រក់​នេះ​បាន​កើត​មាន​ឡើង ពីព្រោះ​មនុស្ស​លោក​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មនុស្ស​និង​ពួក​ព្រាយបិសាច​នោះ។ នៅ​ក្នុង​ពិភពលោក​ថ្មី ដោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​នោះ ការ​នេះ​នឹង​កើត​មាន​ឡើង​ទៅ​វិញ⁠៖ «ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ​យេហូវ៉ា . . . ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់​រហូត​ដល់​ចុង​ផែនដី។ ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង»។​—⁠ទំនុកដំកើង ៤៦:​៨, ៩

១៧, ១៨ នៅ​ក្នុង​ពិភពលោក​ថ្មី តើ​នឹង​មាន​ទំនាក់ទំនង​យ៉ាង​ណា​រវាង​មនុស្ស​នឹង​សត្វ​នោះ?

១៧ មនុស្ស​និង​សត្វ​នឹង​មាន​សន្ដិភាព​រវាង​គ្នា​នឹង​គ្នា ដូច​ជា​មាន​នៅ​ក្នុង​សួន​អេដែន​ដែរ។ (លោកុប្បត្តិ ១:⁠២៨; ២:⁠១៩) ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា⁠៖ «នៅ​ថ្ងៃ​នោះ អញ​ក៏​នឹង​តាំង​សញ្ញា​ឲ្យ​គេ ជា​មួយ​នឹង​សត្វ​នៅ​ផែនដី នឹង​សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​លូនវារ​នៅ​ដី​ផង . . . ឲ្យ​គេ​បាន​ដេក​ទៅ​ដោយ​សុខសាន្ត»។​—⁠ហូសេ ២:⁠១៨

១៨ តើ​សន្ដិភាព​នោះ​នឹង​មាន​រហូត​ដល់​កម្រិត​ណា? «ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លារខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ​នឹង​សិង្ហស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូច⁠ៗ​ជា​អ្នក​គង្វាល​វា»។ សត្វ​នឹង​មិន​ដែល​គំរាម​កំហែង​មនុស្ស ឬ​ក៏​សត្វ​គ្នា​ឯង​ទៀត​ឡើយ។ សូម្បី​តែ «សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ»!​—⁠អេសាយ ១១:​៦​-​៩; អេសាយ ៦៥:⁠២៥

ផែនដី​នឹង​ត្រូវ​កែ​ប្រែ​ទៅ​ជា​សួន​មនោរម

១៩ ផែនដី​នឹង​ត្រូវ​កែ​ប្រែ​ទៅ​ជា​អ្វី?

១៩ ផែនដី​ទាំងមូល​នឹង​ត្រូវ​កែ​ប្រែ​ទៅ​ជា​សួន​មនោរម ជា​ទី​លំនៅ​សម្រាប់​មនុស្ស​លោក។ ដោយ​ហេតុ​នេះ បាន​ជា​ព្រះ​យេស៊ូវ​អាច​សន្យា​ដល់​បុរស​ម្នាក់​ដែល​ជឿ​ទៅ​លើ​ទ្រង់​ថា⁠៖ «អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ»។ ព្រះ​គម្ពីរ​បាន​ចែង​ថា⁠៖ «ទី​រហោ​ស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុឡាប។ . . . ដ្បិត​នៅ​ទី​រហោ​ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ»។​—⁠លូកា ២៣:⁠៤៣; អេសាយ ៣៥:​១, ៦

២០ តើ​ហេតុ​អ្វី​បាន​ជា​ការ​អត់​បាយ​នឹង​មិន​ធ្វើ​ទុក្ខ​ដល់​មនុស្ស​លោក​ទៀត​នោះ?

២០ នៅ​ក្រោម​ព្រះ​រាជាណាចក្រ ការ​អត់​បាយ​នឹង​មិន​ធ្វើ​ទុក្ខ​ដល់​មនុស្ស​រាប់​រយ​លាន​នាក់​ទៀត​ឡើយ។ «នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ»។ «ដើម​ឈើ​នៅ​ផែនដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចំរើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខសាន្ត»។​—⁠ទំនុកដំកើង ៧២:⁠១៦; អេសេគាល ៣៤:⁠២៧

២១ តើ​ការ​គ្មាន​ទី​ជ្រកកោន តំបន់​របស់​មនុស្ស​ក្រីក្រ និង​សង្កាត់​ដ៏​អាក្រក់ នឹង​ទៅ​ជា​យ៉ាង​ណា?

២១ ភាព​ក្រ មនុស្ស​ដែល​គ្មាន​ទីលំនៅ តំបន់​រស់​នៅ​របស់​មនុស្ស​ក្រីក្រ ឬ​ក៏​សង្កាត់​ដែល​ពោរ​ពេញ​ទៅ​ដោយ​បទឧក្រិដ្ឋ​នឹង​មិន​មាន​ទៀត​ទាល់តែ​សោះ។ «មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ។ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ»។ «គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ»។​—⁠អេសាយ ៦៥:​២១, ២២; មីកា ៤:៤

២២ តើ​ព្រះ​គម្ពីរ​បាន​ពណ៌នា​នូវ​ពរ​ដែល​មក​ពី​ការ​គ្រប់​គ្រង​របស់​ព្រះ​យ៉ាង​ណា?

២២ មនុស្ស​លោក​នឹង​ទទួល​ពរ​ទាំងអស់​នេះ ហើយ​ពរ​ជា​ច្រើន​ទៀត​នៅ​ក្នុង​សួន​មនោរម​នោះ។ ទំនុកដំកើង ១៤៥:⁠១៦ ចែង​ថា⁠៖ «ទ្រង់[ព្រះ]លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។ ដោយ​យល់​ដល់​ហេតុ​ការណ៍​ទាំងអស់​នេះ បទ​ទំនាយ​ពី​ព្រះ​គម្ពីរ​បាន​ប្រកាស​ថា⁠៖ «ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ។ . . . ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច»។​—⁠ទំនុកដំកើង ៣៧:​១១, ២៩

ការ​ជួសជុល​នូវ​សេចក្ដី​ខូចខាត​ពី​អតីតកាល

២៣ តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​ជួសជុល​គ្រប់​ទាំង​សេចក្ដី​ទុក្ខវេទនា​ដែល​មនុស្ស​យើង​បាន​ពិសោធ​យ៉ាង​ណា?

២៣ ការ​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​នឹង​ជួសជុល​គ្រប់​សេចក្ដី​ខូចខាត ដែល​កើត​ឡើង​ដល់​ក្រុម​គ្រួសារ​មនុស្ស​លោក​ក្នុង​កំលុង​ពេល​៦​ពាន់​ឆ្នាំ​កន្លង​ទៅ​នោះ។ អំណរអរ​នៅ​គ្រា​នោះ​នឹង​កើត​ឡើង​យ៉ាង​សន្ធឹក ហួស​ជាង​គ្រប់​សេចក្ដី​ទុក្ខវេទនា​ទាំងអស់​ដែល​មនុស្ស​បាន​ពិសោធ​មក។ ជីវិត​យើង​នឹង​មិន​ត្រូវ​រំខាន​ដោយសារ​សេចក្ដី​នឹក​ចាំ​អាក្រក់​អំពី​សេចក្ដី​ទុក្ខវេទនា​ពីមុន​ឡើយ។ គំនិត​និង​សកម្មភាព​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍ នឹង​ទៅ​ជា​ជីវិត​ប្រចាំ​ថ្ងៃ​នៃ​មនុស្ស ហើយ​ការ​នោះ​នឹង​ជួយ​បំភ្លេច​បន្ដិច​ម្ដង⁠ៗ​នូវ​សេចក្ដី​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​ពីមុន​ទាំង​ប៉ុន្មាន​ឲ្យ​បាន​អស់​សូន្យ​ទៅ។

២៤, ២៥ (ក) តើ​ហោរា​អេសាយ​បាន​ទាយ​ថា អ្វី​នឹង​ត្រូវ​កើត​ឡើង​នោះ? (ខ) តើ​ហេតុ​អ្វី​បាន​ជា​យើង​អាច​ដឹង​ជា​ប្រាកដ​ថា សេចក្ដី​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខវេទនា​នៅ​អតីតកាល​នឹង​ត្រូវ​រសាយ​អស់​ទៅ?

២៤ ព្រះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​បាន​ប្រកាស​ថា⁠៖ «អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី[រដ្ឋាភិបាល​សួគ៌ា​ថ្មី​លើ​មនុស្ស​លោក] ហើយ​នឹង​ផែនដី​ថ្មី[សង្គម​មនុស្ស​ដ៏​សុចរិត] ឯ​របស់​ពីមុន⁠ៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីករាយ​ឡើង​ជា​ដរាប ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ»។ «ផែនដី​ទាំងមូល​បាន​ស្រាកស្រាន្ត​អស់​ហើយ ក៏​ស្ងៀមស្ងប់​ដែរ។ គេ​ទំលាយ​សំឡេង​ច្រៀង​ចេញ​មក»។​—⁠អេសាយ ១៤:៧; ៦៥:​១៧, ១៨

២៥ ដូច្នេះ ដោយសារ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ ព្រះ​នឹង​ជួសជុល​ឲ្យ​បាន​ពេញលេញ​នូវ​ស្ថានការណ៍​អាក្រក់​ដែល​មាន​តាំង​ពី​ពេល​យូរ​យារ​មក​នោះ។ ក្នុង​កំលុង​ពេល​ជា​អនន្តភាព ព្រះ​អង្គ​នឹង​សម្ដែង​សេចក្ដី​ស្រឡាញ់​យ៉ាង​ធំ​សម្បើម​ចំពោះ​មនុស្ស​យើង ដើម្បី​សង​យើង ដោយ​ប្រទាន​ពរ​ជា​ច្រើន​ក្រៃលែង លើស​ជាង​សេចក្ដី​ទុក្ខ​ព្រួយ​ដែល​យើង​បាន​រង​ទុក្ខ​ក្នុង​ពេល​អតីតកាល​ទៅ​ទៀត។ សេចក្ដី​ទុក្ខវេទនា​ពីមុន​ដែល​យើង​បាន​ពិសោធ​នោះ នឹង​ត្រូវ​រសាយ​ចេញ​ពី​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​យើង យើង​នឹង​មិន​ត្រូវ​នឹក​ចាំ​ការ​នោះ​ទៀត​ឡើយ។

២៦ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​នឹង​សង​យើង ចំពោះ​សេចក្ដី​ទុក្ខវេទនា​នៅ​អតីតកាល​នោះ?

២៦ នោះ​ហើយ​ជា​របៀប​ដែល​ព្រះ​នឹង​សង​យើង​ចំពោះ​សេចក្ដី​ទុក្ខវេទនា ដែល​មនុស្ស​យើង​បាន​រងទ្រាំ​នៅ​ក្នុង​លោកីយ​នេះ។ ទ្រង់​ជ្រាប​ថា​មិន​មក​ពី​កំហុស​របស់​យើង​ទេ ដែល​យើង​បាន​កើត​ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​នោះ ដ្បិត​យើង​បាន​ទទួល​ជា​មរតក​នូវ​ភាព​មិន​ល្អ​ឥតខ្ចោះ​ពី​ឪពុក​ម្ដាយ​ដើម​របស់​យើង។ ហើយ​មិន​មក​ពី​កំហុស​របស់​យើង​ទេ ដែល​យើង​ត្រូវ​បាន​កើត​ក្នុង​លោកីយ​របស់​សាតាំង​នោះ​ដែរ ដ្បិត​បើសិនជា​អ័ដាម​និង​អេវ៉ា​បាន​រក្សា​ទុក​នូវ​សេចក្ដី​ស្មោះ​ដ៏​គ្រប់​លក្ខណ៍​នោះ គឺ​យើង​នឹង​ត្រូវ​កើត​មក​ក្នុង​សួន​មនោរម​ទៅ​ហើយ។ ដូច្នេះ ដោយ​មេត្ដា​ធម៌​យ៉ាង​ធំ​សម្បើម ព្រះ​នឹង​សង​យើង​ដោយ​ប្រទាន​ពរ​យ៉ាង​សន្ធឹក​ជាង​សេចក្ដី​អាក្រក់​នៅ​អតីតកាល​ដែល​បាន​ធ្វើ​ទុក្ខ​ទោស​ដល់​មនុស្ស​យើង​ទៅ​ទៀត។

២៧ តើ​បទ​ទំនាយ​ណា​នឹង​ត្រូវ​បាន​សម្រេច​ឡើង​យ៉ាង​អស្ចារ្យ​ក្នុង​ពិភពលោក​ថ្មី?

២៧ នៅ​ក្នុង​ពិភពលោក​ថ្មី មនុស្ស​លោក​នឹង​ត្រូវ​ពិសោធ​នូវ​សេរីភាព​ដែល​បាន​ទាយ​ទុក​នៅ​ក្នុង​គម្ពីរ​រ៉ូម ៨:​២១, ២២⁠៖ «ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុករលួយ ឲ្យ​បាន​សេរីភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ។ ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំង​ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ»។ មនុស្ស​នឹង​ត្រូវ​ឃើញ​សេចក្ដី​សម្រេច​ដ៏​គ្រប់​សព្វ​នៃ​សេចក្ដី​អធិស្ឋាន​នេះ⁠៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»។ (ម៉ាថាយ ៦:⁠១០) ស្ថានការណ៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ផែនដី​ជា​សួន​មនោរម នឹង​បាន​សម្រេច​ឡើង​ដូច​ស្ថានការណ៍​នៅ​ឯ​ស្ថានសួគ៌​ដែរ។

[រូបភាព​នៅ​ទំព័រ​២៣]

នៅ​ក្នុង​ពិភពលោក​ថ្មី​មនុស្ស​ចាស់​ជរា​នឹង​ត្រឡប់​ទៅ​ជា​សមត្ថ​កាល​នៃ​យុវជន​វិញ

[រូបភាព​នៅ​ទំព័រ​២៤]

គ្រប់​ជម្ងឺ​និង​ពិការភាព​ទាំងអស់​នឹង​ត្រូវ​បំបាត់​ឲ្យ​អស់ នៅ​ក្នុង​ពិភពលោក​ថ្មី

[រូបភាព​នៅ​ទំព័រ​២៥]

នៅ​ក្នុង​ពិភពលោក​ថ្មី​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

[រូបភាព​នៅ​ទំព័រ​២៦]

‹គេ​នឹង​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ទេ›

[រូបភាព​នៅ​ទំព័រ​២៧]

មនុស្ស​លោក​និង​សត្វ​នានា​នឹង​មាន​សព្វ​សន្ដិភាព​រវាង​គ្នា​នឹង​គ្នា​ក្នុង​សួន​មនោរម

[រូបភាព​នៅ​ទំព័រ​២៧]

‹ព្រះ​នឹង​លា​ព្រះ​ហស្ត​ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ›

[រូបភាព​នៅ​ទំព័រ​២៨]

រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​លើស​ជាង​គ្រប់​សេចក្ដី​ទុក្ខវេទនា​ដែល​យើង​បាន​រង​ទុក្ខ​ទាំង​ប៉ុន្មាន​ទៅ​ទៀត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក