ជំពូកទី៣
តើព្រះពិត ទ្រង់ជាអ្នកណា?
១. ហេតុអ្វីបានជាមនុស្សជាច្រើនយល់ស្របនឹងពាក្យផ្ដើមនៃព្រះគម្ពីរ?
ពេលអ្នកគយគន់មើលទៅលើមេឃ ក្នុងរាត្រីយប់ស្រឡះ តើអ្នកមិនស្ងើចចិត្តទេឬ ដោយឃើញផ្កាយជាច្រើនយ៉ាងនេះ? តើអ្នកពន្យល់យ៉ាងដូចម្ដេច អំពីផ្កាយដ៏មានច្រើនពេញមេឃ? ហើយចុះចំពោះរបស់នៅលើផែនដី ដូចជាផ្កាដែលមានពណ៌ល្អឆើតឆាយ បក្សាបក្សីដែលចេះស្រែកច្រៀងយ៉ាងពីរោះ ត្រីបាឡែនដ៏ខ្លាំងក្លាដែលលោតក្នុងមហាសមុទ្រវិញនោះ? របស់ដូចនេះមានច្រើនថែមទៀតដែលរាប់មិនអស់ឡើយ។ របស់ទាំងអស់នេះ មិនអាចកើតឡើងដោយចៃដន្យបានទេ។ គ្មានអ្វីគួរឲ្យងឿងឆ្ងល់ឡើយ ដែលមនុស្សជាច្រើនស្របនឹងពាក្យផ្ដើមនៃព្រះគម្ពីរ ដែលថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»!—លោកុប្បត្តិ ១:១
២. តើព្រះគម្ពីរចែងយ៉ាងណាអំពីព្រះ ហើយលើកទឹកចិត្តយើងឲ្យធ្វើអ្វី?
២ មនុស្សជាតិទាស់ទែងខ្វែងគំនិតគ្នាជាខ្លាំងចំពោះរឿងព្រះ។ អ្នកខ្លះយល់ថាព្រះគឺជាអំណាចដ៏ខ្វះសេចក្ដីជិតស្និទ្ធ។ មនុស្សរាប់លាននាក់ទៀតថ្វាយបង្គំខ្មោចជីដូនជីតា ដោយជឿថាព្រះទ្រង់គង់នៅឆ្ងាយដាច់សង្វែងពេក រកទាក់ទងពុំបានឡើយ។ ប៉ុន្តែ ព្រះគម្ពីរបង្ហាញឲ្យឃើញថា ព្រះពិតទ្រង់គឺជាបុគ្គលមែនទែនមួយរូប ដែលមានព្រះទ័យកក់ក្ដៅចាប់អារម្មណ៍ចំពោះយើងម្នាក់ៗ។ ហេតុនេះហើយដែលព្រះគម្ពីរលើកទឹកចិត្តយើងឲ្យ«ស្វែងរកព្រះ» ដោយប្រាប់ថា៖ «ទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗ»ទេ។—កិច្ចការ ១៧:២៧
៣. ហេតុអ្វីយើងមិនអាចរៀបរាប់រូបអង្គនៃព្រះបាន?
៣ តើព្រះមានរូបរាងយ៉ាងណា? អ្នកបំរើនៃទ្រង់ពីរបីនាក់បានឃើញវត្តមានដ៏រុងរឿងនៃទ្រង់ក្នុងចក្ខុនិមិត្ត។ ក្នុងចក្ខុនិមិត្តទាំងនេះ ទ្រង់បានប្រើនិមិត្តរូប សម្ដែងនូវរូបអង្គទ្រង់គង់លើបល្ល័ង្ក ទាំងមានពន្លឺភ្លឺចិញ្ចាចចិញ្ចែងចេញពីទ្រង់ផង។ ប៉ុន្តែ ពួកអ្នកដែលបានឃើញចក្ខុនិមិត្តបែបនេះ មិនដែលរៀបរាប់ថាព្រះភក្ដ្រទ្រង់ជាយ៉ាងណាឡើយ។ (ដានីយ៉ែល ៧:៩, ១០; វិវរណៈ ៤:២, ៣) នេះគឺពីព្រោះ «ព្រះទ្រង់ជាវិញ្ញាណ» ទ្រង់ឥតមានរួបកាយសាច់ឈាមទេ។ (យ៉ូហាន ៤:២៤) តាមការពិត យើងមិនអាចរៀបរាប់រូបអង្គនៃព្រះអាទិទេពរបស់យើងឲ្យត្រូវចំដូចបេះបិទបានឡើយ ពីព្រោះ«គ្មានអ្នកណាដែលឃើញព្រះ»សោះ។ (យ៉ូហាន ១:១៨; និក្ខមនំ ៣៣:២០) ប៉ុន្តែ ព្រះគម្ពីរបង្រៀនយើងច្រើនណាស់អំពីព្រះ។
ព្រះពិតទ្រង់មានព្រះនាមមួយ
៤. តើអ្វីខ្លះជាមុខតំណែងដ៏មានន័យ ដែលប្រើសំរាប់ព្រះក្នុងព្រះគម្ពីរ?
៤ ក្នុងព្រះគម្ពីរ ព្រះពិតគឺត្រូវសម្គាល់ដោយប្រើពាក្យដូចជា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» «ព្រះដ៏ខ្ពស់បំផុត» «ព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើង» «អ្នកបង្រៀនដ៏ធំ» «ព្រះដ៏ជាម្ចាស់ធំបំផុត» និង «ស្តេចនៃអស់ទាំងកល្ប»។ (លោកុប្បត្តិ ១៧:១; ទំនុកដំកើង ៥០:១៤; សាស្ដា ១២:១; អេសាយ ៣០:២០; កិច្ចការ ៤:២៤; ធីម៉ូថេទី១ ១:១៧) ដោយសញ្ជឹងគិតអំពីមុខតំណែងបែបនេះ អាចជួយយើងឲ្យកើនចំណេះអំពីព្រះ។
៥. តើព្រះនាមនៃព្រះជាអ្វី ហើយព្រះនាមនេះមានសរសេរចេញញឹកញយយ៉ាងណា ក្នុងបទគម្ពីរហេព្រើរ?
៥ ប៉ុន្តែ ព្រះទ្រង់មានព្រះនាមដ៏ឯកមួយ ដែលមានសរសេរចេញជិត៧.០០០ដង ក្នុងតែបទគម្ពីរហេព្រើរប៉ុណ្ណោះ—គឺច្រើនដងជាងមុខតំណែងណាទាំងអស់របស់ទ្រង់។ ប្រហែល១៩០០ឆ្នាំមុន ដោយមានជំនឿឆ្វេង ពួកសាសន៍យូដាក៏ឈប់អានព្រះនាមព្រះទៀត។ ភាសាហេព្រើរក្នុងព្រះគម្ពីរគឺបានត្រូវសរសេរដោយឥតប្រើស្រៈ។ ដូច្នេះ យើងមិនអាចដឹងជាប្រាកដបានទេ អំពីរបៀបដែលលោកម៉ូសេ ស្តេចដាវីឌ ឬ អ្នកឯទៀតកាលពីជំនាន់បុរាណ បានអានព្យញ្ជនៈបួនតួיהוה) ដែលប្រកបជាព្រះនាមព្រះនេះ។ អ្នកប្រាជ្ញខ្លះឲ្យយោបល់ថា ព្រះនាមនៃព្រះអាចអានថា «យ៉ាវ៉េ» តែពួកគេក៏មិនអាចប្រាកដបានដែរ។ របៀបអាន «យេហូវ៉ា»ជាភាសាខ្មែរ នេះបានត្រូវប្រើអស់ជាច្រើនទសវត្សមកហើយ ហើយឯរបៀបអានដូចគ្នានេះជាភាសាជាច្រើនឯទៀត ក៏បានត្រូវគេទទួលស្គាល់ជាទូទៅសព្វថ្ងៃនេះ។—សូមមើល និក្ខមនំ ៦:៣ និងអេសាយ ២៦:៤
ហេតុអ្វីអ្នកគួរតែប្រើព្រះនាមនៃព្រះ
៦. តើទំនុកដំកើង ៨៣:១៨ ចែងយ៉ាងណាអំពីព្រះយេហូវ៉ា ហើយហេតុអ្វីយើងគួរតែប្រើព្រះនាមទ្រង់?
៦ ព្រះនាមយេហូវ៉ាដ៏ឯករបស់ព្រះគឺប្រើសំរាប់សម្គាល់ទ្រង់ ឲ្យឃើញខុសប្លែកពីព្រះទាំងអស់ឯទៀត។ ហេតុនេះហើយដែលព្រះនាមនោះមានឃើញជាញឹកញយក្នុងព្រះគម្ពីរ ជាពិសេសក្នុងបទគម្ពីរហេព្រើរ។ អ្នកបកប្រែជាច្រើននាក់មិនបានប្រើព្រះនាមព្រះទេ ប៉ុន្តែទំនុកដំកើង ៨៣:១៨ ចែងប្រាប់យ៉ាងច្បាស់ថា៖ «ទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ ដូច្នេះគឺជាការត្រឹមត្រូវដែលយើងត្រូវប្រើព្រះនាមផ្ទាល់របស់ព្រះ ពេលយើងនិយាយអំពីទ្រង់។
៧. តើន័យនៃព្រះនាមយេហូវ៉ានេះបង្រៀនយើងអ្វីខ្លះអំពីព្រះ?
៧ ព្រះនាមយេហូវ៉ាគឺជាកិរិយាសព្ទម្យ៉ាងនៃភាសាហេព្រើរដែលមានន័យថា «ក្លាយជា»។ ដូច្នេះ ព្រះនាមនៃព្រះមានន័យថា «ទ្រង់ដែលធ្វើឲ្យក្លាយជា»។ ដោយហេតុនេះ ព្រះយេហូវ៉ាក៏សម្គាល់រូបអង្គទ្រង់ ជាអ្នកមានគោលបំណងដ៏ធំ។ ទ្រង់តែងតែធ្វើឲ្យគោលបំណងនៃទ្រង់បានក្លាយជាសម្រេចដូចប្រាថ្នា។ មានតែព្រះពិតទេដែលអាចមានព្រះនាមនេះយ៉ាងត្រឹមត្រូវ ដ្បិតមនុស្សមិនដែលប្រាកដបានឡើយ ថាបំណងរបស់គេនឹងបានសម្រេចនោះ។ (យ៉ាកុប ៤:១៣, ១៤) គឺព្រះយេហូវ៉ាតែប៉ុណ្ណោះដែលអាចមានបន្ទូលថា៖ «នោះពាក្យអញ ដែលចេញពីមាត់អញទៅ . . . កើតផលយ៉ាងដូច្នោះដែរ . . . នឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ»។—អេសាយ ៥៥:១១
៨. តើព្រះយេហូវ៉ាប្រកាសប្រាប់គោលបំណងអ្វីតាមរយៈលោកម៉ូសេ?
៨ លោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបដែលជាឰយុកោហេព្រើរបាន«អំពាវនាវដល់ព្រះនាមនៃព្រះយេហូវ៉ា»រៀងៗខ្លួន ប៉ុន្តែពួកគេមិនដឹងន័យគ្រប់សព្វនៃព្រះនាមព្រះទេ។ (លោកុប្បត្តិ ២១:៣៣; ២៦:២៥; ៣២:៩; និក្ខមនំ ៦:៣) ពេលដែលព្រះយេហូវ៉ាបង្ហាញនូវគោលបំណងនៃទ្រង់ក្រោយមក ដើម្បីដោះលែងពួកសាសន៍អ៊ីស្រាអែល ជាកូនចៅរបស់ពួកគេពីទាសភាពនៅស្រុកអេស៊ីប ហើយប្រទាន«ស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរ»ឲ្យពួកគេផង នោះមើលទៅហាក់ដូចជាមិនអាចសម្រេចបានឡើយ។ (និក្ខមនំ ៣:១៧) ប៉ុន្តែ ព្រះទ្រង់បានបញ្ជាក់ប្រាប់ន័យដ៏នៅជាប់អស់កល្បនៃព្រះនាមទ្រង់ ដោយមានបន្ទូលដល់លោកម៉ូសេជាព្យាការីរបស់ទ្រង់ថា៖ «ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ‹ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា› នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ»។—និក្ខមនំ ៣:១៥
៩. តើស្តេចផារ៉ោនមានទស្សនៈយ៉ាងណាចំពោះព្រះយេហូវ៉ា?
៩ លោកម៉ូសេបានទូលដល់ផារ៉ោនជាស្តេចអេស៊ីប សូមឲ្យទ្រង់អនុញ្ញាតឲ្យពួកសាសន៍អ៊ីស្រាអែលទៅថ្វាយបង្គំព្រះយេហូវ៉ានៅឯទីរហោស្ថាន។ ប៉ុន្តែ ស្តេចផារ៉ោនដែលមានគេរាប់ទ្រង់ទុកដូចជាព្រះដែរ ហើយជាអ្នកថ្វាយបង្គំព្រះអេស៊ីបឯទៀត ក៏មានបន្ទូលឆ្លើយតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្ដាប់តាមទ្រង់ នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។—និក្ខមនំ ៥:១, ២
១០. នៅស្រុកអេស៊ីបជំនាន់បុរាណ តើព្រះយេហូវ៉ាចាប់ប្រតិបត្ដិធ្វើអ្វីខ្លះ ដើម្បីសម្រេចគោលបំណងនៃទ្រង់ ដែលទាក់ទងនឹងសាសន៍អ៊ីស្រាអែល?
១០ ដូច្នេះព្រះយេហូវ៉ាទ្រង់ក៏ចាប់ប្រតិបត្ដិការតាមលំដាប់លំដោយ ដើម្បីសម្រេចគោលបំណងនៃទ្រង់ ប្រព្រឹត្តស្របតាមន័យនៃព្រះនាមទ្រង់។ ទ្រង់បាននាំសេចក្ដីវេទនាដប់មុខមកលើសាសន៍អេស៊ីបជំនាន់បុរាណ។ សេចក្ដីវេទនាចុងក្រោយ បានធ្វើឲ្យកូនច្បងទាំងអស់របស់អេស៊ីបស្លាប់ទៅ គឺមានរួមទាំងបុត្ររបស់ស្តេចផារ៉ោន ដ៏ក្រអឺតក្រអោងនេះ។ រួចមក ពួកអេស៊ីបក៏ប្រញាប់ប្រញាល់បើកឲ្យសាសន៍អ៊ីស្រាអែលចេញទៅ។ ប៉ុន្តែ ពួកអេស៊ីបខ្លះបានស្ងើចចិត្តណាស់ ចំពោះឫទ្ធិបារមីនៃព្រះយេហូវ៉ា បានជាពួកគេចាកចេញពីស្រុកអេស៊ីបជាមួយពួកអ៊ីស្រាអែលដែរ។—និក្ខមនំ ១២:៣៥-៣៨
១១. តើព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុអ្វីនៅសមុទ្រក្រហម ហើយពួកសត្រូវរបស់ទ្រង់បានត្រូវបង្ខំឲ្យសារភាពទទួលស្គាល់អ្វី?
១១ ស្តេចផារ៉ោនដ៏មានព្រះទ័យរឹងរូសហើយនិងកងទ័ពនៃទ្រង់ យករទេះចំបាំងរាប់រយគ្រឿងរបស់គេ ក៏ធ្វើដំណើរចេញទៅតាមចាប់យកបាវបំរើទ្រង់មកវិញ។ កាលដែលពួកអេស៊ីបដេញជិតដល់ហើយ នោះព្រះយេហូវ៉ាក៏ប្រើអព្ភូតហេតុរំលែកសមុទ្រក្រហម ចំហចេញបាតសមុទ្រជាដីគោក ឲ្យពួកអ៊ីស្រាអែលឆ្លងទៅឯត្រើយម្ខាង។ ពេលពួកអ្នកដេញតាមចូលដល់បាតសមុទ្រ ព្រះយេហូវ៉ា«ធ្វើឲ្យរបូតកងពីរទេះគេចេញ ឲ្យគេបរដោយពិបាក»។ ពួកអ្នកចំបាំងអេស៊ីបក៏ស្រែកឡើងថា៖ «ចូរយើងរាល់គ្នារត់ពីសាសន៍អ៊ីស្រាអែលនេះចេញ ដ្បិតព្រះយេហូវ៉ាទ្រង់ច្បាំងនឹងយើងជំនួសគេហើយ»។ ប៉ុន្តែ យឺតពេកទៅហើយ។ ទឹកដែលនៅអមសងខាងដូចជាជញ្ជាំងដ៏ធំបានរលំធ្លាក់«គ្របលើអស់ទាំងរទេះ នឹងពលសេះ ហើយនឹងពលទ័ពផារ៉ោនទាំងអស់»។ (និក្ខមនំ ១៤:២២-២៥, ២៨) ដូច្នេះ ព្រះយេហូវ៉ាបានធ្វើឲ្យព្រះនាមទ្រង់បានល្បីល្បាញ ហើយព្រឹត្ដិការណ៍នោះឥតមានគេភ្លេចឡើយរហូតដល់សព្វថ្ងៃនេះ។—យ៉ូស្វេ ២:៩-១១
១២, ១៣. (ក) តើព្រះនាមនៃព្រះមានន័យយ៉ាងដូចម្ដេចចំពោះយើងសព្វថ្ងៃនេះ? (ខ) តើមនុស្សត្រូវតែរៀនធ្វើអ្វីជាបន្ទាន់ ហើយហេតុអ្វី?
១២ ព្រះនាមនៃព្រះដែលទ្រង់បានធ្វើឲ្យល្បីល្បាញនេះ មានន័យសំខាន់ណាស់ ចំពោះយើងសព្វថ្ងៃនេះ។ ព្រះនាមទ្រង់ យេហូវ៉ា គឺតំណាងការធានាថា គោលបំណងនៃទ្រង់ទាំងអស់ ទ្រង់នឹងធ្វើឲ្យបានសម្រេចមែន។ នោះគឺមានរួមទាំងការសម្រេចគោលបំណងដើមដំបូងនៃទ្រង់ ឲ្យផែនដីយើងក្លាយទៅជាសួនមនោរម្យផង។ (លោកុប្បត្តិ ១:២៨; ២:៨) ដើម្បីនឹងសម្រេចការនេះ ព្រះទ្រង់នឹងកំចាត់ចោលអស់អ្នកដែលប្រឆាំងនឹងព្រះអធិបតេយ្យភាពនៃទ្រង់សព្វថ្ងៃនេះ ដ្បិតទ្រង់បានមានបន្ទូលថា៖ «គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។ (អេសេគាល ៣៨:២៣) បន្ទាប់មក ព្រះនឹងសម្រេចកិច្ចសន្យានៃទ្រង់ ដឹកនាំពួកអ្នកថ្វាយបង្គំទ្រង់ចូលទៅក្នុងពិភពលោកថ្មីនៃសេចក្ដីសុចរិត។—ពេត្រុសទី២ ៣:១៣
១៣ អស់អ្នកដែលចង់បានព្រះគុណនៃព្រះ ត្រូវតែរៀនអំពាវនាវដល់ព្រះនាមនៃទ្រង់ក្នុងសេចក្ដីជំនឿ។ ព្រះគម្ពីរសន្យាថា៖ ‹អស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា នោះនឹងបានសង្គ្រោះ›។ (រ៉ូម ១០:១៣) ត្រូវហើយ ព្រះនាមយេហូវ៉ានេះ មានន័យណាស់។ អំពាវនាវដល់ព្រះយេហូវ៉ាដ៏ជាព្រះ និងជាអ្នកដោះលែងរបស់អ្នក អាចនាំអ្នកទៅដល់ឯសុភមង្គលដ៏នៅជាប់ជារៀងរហូត។
គុណសម្បត្ដិនៃព្រះពិត
១៤. តើលក្ខណៈដ៏សំខាន់អ្វីខ្លះរបស់ព្រះ ដែលព្រះគម្ពីរបញ្ជាក់ប្រាប់?
១៤ ការរៀនអំពីការដោះលែងសាសន៍អ៊ីស្រាអែលពីអេស៊ីប បញ្ជាក់នូវលក្ខណៈបួនដ៏សំខាន់ដែលព្រះមាន ក្នុងភាពថ្លឹងស្មើត្រឹមត្រូវឥតខ្ចោះ។ ការដែលទ្រង់ទាក់ទងនឹងស្តេចផារ៉ោន បង្ហាញឲ្យឃើញនូវឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ទ្រង់។ (និក្ខមនំ ៩:១៦) របៀបដ៏ប៉ិនប្រសប់ដែលព្រះដោះស្រាយស្ថានការណ៍ដ៏ស្មុគស្មាញនោះបង្ហាញថា ទ្រង់មានប្រាជ្ញាដ៏ខ្ពង់ខ្ពស់គ្មានអ្នកណាប្រៀបផ្ទឹមបានឡើយ។ (រ៉ូម ១១:៣៣) ទ្រង់បង្ហាញឲ្យឃើញយុត្ដិធម៌របស់ទ្រង់ ក្នុងការកំណត់ដាក់ទោស ពូកអ្នករឹងរូសប្រឆាំងនិងសង្កត់ជិះជាន់រាស្ត្ររបស់ទ្រង់។ (ចោទិយកថា ៣២:៤) គុណសម្បត្ដិដ៏ល្អប្រសើរនៃព្រះគឺសេចក្ដីស្រឡាញ់។ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏អស្ចារ្យ ដោយសម្រេចកិច្ចសន្យារបស់ទ្រង់ ចំពោះពួកកូនចៅលោកអ័ប្រាហាំ។ (ចោទិយកថា ៧:៨) ទ្រង់ក៏បង្ហាញសេចក្ដីស្រឡាញ់ ដោយអនុញ្ញាតឲ្យសាសន៍អេស៊ីបខ្លះលះបង់ព្រះក្លែងក្លាយរបស់គេ ហើយទទួលផលប្រយោជន៍យ៉ាងច្រើន ដោយចូលមកឯខាងព្រះពិតតែមួយវិញ។
១៥, ១៦. តើព្រះបានសម្ដែងសេចក្ដីស្រឡាញ់ក្នុងរបៀបណា?
១៥ ពេលអ្នកអានព្រះគម្ពីរ អ្នកនឹងសម្គាល់ឃើញថា សេចក្ដីស្រឡាញ់គឺជា គុណសម្បត្ដិដ៏សំខាន់បំផុតរបស់ព្រះ ហើយទ្រង់សម្ដែងសេចក្ដីស្រឡាញ់នេះ ក្នុងរបៀបជាច្រើនយ៉ាង។ ជាឧទាហរណ៍ គឺដោយសារសេចក្ដីស្រឡាញ់ដែលព្រះបានក្លាយជាអ្នកបង្កបង្កើត ហើយចែកសេចក្ដីអំណរនៃជីវិតដល់ពួកសត្តនិករវិញ្ញាណ។ ពួកទេវតារាប់រយលានរូបស្រឡាញ់ព្រះហើយសរសើរដំកើងទ្រង់។ (យ៉ូប ៣៨:៤, ៧; ដានីយ៉ែល ៧:១០) ព្រះក៏បង្ហាញសេចក្ដីស្រឡាញ់ដែរ ក្នុងការបង្កើតផែនដីនិងរៀបចំផែនដីសំរាប់ឲ្យមនុស្សរស់នៅយ៉ាងសប្បាយ។—លោកុប្បត្តិ ១:១, ២៦-២៨; ទំនុកដំកើង ១១៥:១៦
១៦ សេចក្ដីស្រឡាញ់នៃព្រះផ្ដល់ផលប្រយោជន៍ដល់យើងជាច្រើនរករាប់មិនអស់ឡើយ។ មួយគឺថាព្រះដោយសេចក្ដីស្រឡាញ់បានបង្កើតរូបកាយយើងមកយ៉ាងល្អអស្ចារ្យ ដើម្បីឲ្យយើងអាចសប្បាយនឹងជីវិត។ (ទំនុកដំកើង ១៣៩:១៤) សេចក្ដីស្រឡាញ់នៃទ្រង់ក៏ឃើញ ក្នុងការដែលទ្រង់ប្រទានឲ្យ«ភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ»។ (កិច្ចការ ១៤:១៧) ព្រះទ្រង់បានទាំង «ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង»។ (ម៉ាថាយ ៥:៤៥) សេចក្ដីស្រឡាញ់ក៏ជំរុញព្រះហឫទ័យនៃព្រះអាទិទេព មកជួយយើងឲ្យបានទទួលចំណេះអំពីព្រះនិងបំរើទ្រង់ដោយសប្បាយ ជាអ្នកថ្វាយបង្គំទ្រង់។ ជាប្រាកដ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ប៉ុន្តែ បុគ្គលិកលក្ខណៈនៃទ្រង់មានច្រើនភិនភេទថែមទៀត។
«ព្រះដ៏មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស»
១៧. តើយើងរៀនបានដឹងអ្វីអំពីព្រះនៅនិក្ខមនំ ៣៤:៦, ៧?
១៧ ក្រោយពេលសាសន៍អ៊ីស្រាអែលបានឆ្លងសមុទ្រក្រហម ពួកគេនៅតែត្រូវការស្គាល់ព្រះឲ្យបានច្បាស់ថែមទៀត។ លោកម៉ូសេដឹងនូវសេចក្ដីត្រូវការនេះ ហើយអធិស្ឋានថា៖ «បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិតមែន នោះសូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត»។ (និក្ខមនំ ៣៣:១៣) លោកម៉ូសេបានស្គាល់ព្រះច្បាស់ថែមទៀត ពេលបានឮព្រះមានបន្ទូលថ្លែងប្រាប់ដោយអង្គទ្រង់ថា៖ «យេហូវ៉ា គឺយេហូវ៉ា ដ៏ជាព្រះ ទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្ដីមេត្ដាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែ ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។ (និក្ខមនំ ៣៤:៦, ៧) ព្រះទ្រង់ថ្លឹងថ្លែងសេចក្ដីស្រឡាញ់ និងយុត្ដិធម៌ មិនបិទបាំងការពារអ្នកប្រព្រឹត្តអំពើបាបដោយចេតនា ពីលទ្ធផលអាក្រក់ដែលកើតមកពីការធ្វើខុសរបស់គេឡើយ។
១៨. តើព្រះយេហូវ៉ាបានសម្ដែងយ៉ាងដូចម្ដេច ឲ្យឃើញថាទ្រង់មានព្រះហឫទ័យមេត្ដាករុណា?
១៨ ដូចលោកម៉ូសេបានជ្រាប ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្ដាករុណា។ មនុស្សដែលមានសេចក្ដីមេត្ដា ចេះអាណិតអាសូរដល់អ្នកដែលឈឺចាប់ ហើយខំរកវិធីជួយគេ។ ដូច្នេះ ព្រះបានសម្ដែងសេចក្ដីអាណិតមេត្ដាដល់មនុស្សជាតិ ដោយប្រទានជំនួយ ដើម្បីជួយជាអចិន្ត្រៃយ៍ ឲ្យរួចពីការឈឺចាប់ ជម្ងឺ និងសេចក្ដីស្លាប់។ (វិវរណៈ ២១:៣-៥) ពួកអ្នកថ្វាយបង្គំព្រះប្រហែលត្រូវរងវិបត្ដិភ័យ ពីព្រោះស្ថានភាពក្នុងលោកីយ៍ដ៏អាក្រក់នេះ ឬក៏ពួកគេប្រព្រឹត្តខុសឆ្គងដោយខ្វះប្រាជ្ញា ហើយជួបប្រទះនឹងបញ្ហាអ្វីមួយ។ ប៉ុន្តែ បើពួកគេមានចិត្តរាបទាបបែរមកព្រះយេហូវ៉ា រកទ្រង់ជួយ នោះទ្រង់នឹងសម្រាលទុក្ខហើយជួយពួកគេ។ ហេតុអ្វី? ពីព្រោះទ្រង់ ដោយសេចក្ដីមេត្ដាករុណា សម្ដែងសេចក្ដីទន់សន្ដោសចំពោះអ្នកថ្វាយបង្គំទ្រង់។—ទំនុកដំកើង ៨៦:១៥; ពេត្រុសទី១ ៥:៦, ៧
១៩. ហេតុអ្វីយើងអាចនិយាយថាព្រះមានព្រះហឫទ័យទន់សន្ដោស?
១៩ មនុស្សជាច្រើនដែលកាន់អំណាចគ្រប់គ្រង ប្រព្រឹត្តយ៉ាងឃោរឃៅចំពោះមនុស្សឯទៀត។ រីឯព្រះយេហូវ៉ាវិញ ទ្រង់មានព្រះហឫទ័យទន់សន្ដោសម្ល៉េះហ្ន៎ ចំពោះអ្នកបំរើដ៏មានចិត្តរាបទាបរបស់ទ្រង់! ទោះបីជាទ្រង់មានអំណាចខ្ពស់បំផុតក្នុងសកលលោកក៏ដោយ ទ្រង់សម្ដែងសេចក្ដីសប្បុរសយ៉ាងល្អប្រសើរ ក្នុងរបៀបធម្មតាចំពោះមនុស្សជាតិ។ (ទំនុកដំកើង ៨:៣, ៤; លូកា ៦:៣៥) ព្រះយេហូវ៉ាក៏មានព្រះហឫទ័យទន់សន្ដោសចំពោះមនុស្សម្នាក់ៗដែរ ព្រមឆ្លើយតបដល់ពាក្យអង្វរករដ៏ជាក់លាក់របស់គេ ដែលសុំចង់បានព្រះគុណ។ (និក្ខមនំ ២២:២៦, ២៧; លូកា ១៨:១៣, ១៤) ប្រាកដហើយ ព្រះមិនត្រូវចាំបាច់សម្ដែងព្រះគុណ ឬ សេចក្ដីមេត្ដាករុណាចំពោះអ្នកណាឡើយ។ (និក្ខមនំ ៣៣:១៩) ដូច្នេះ យើងត្រូវតែមានសេចក្ដីអបអរយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីមេត្ដាករុណានិងសេចក្ដីទន់សន្ដោសរបស់ព្រះ។—ទំនុកដំកើង ១៤៥:១, ៨
យឺតនឹងខ្ញាល់ មិនរើសមុខ ហើយសុចរិត
២០. តើអ្វីបង្ហាញថា ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមិនចេះរើសមុខផង?
២០ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់។ ប៉ុន្តែ នេះមិនមែនមានន័យថា ទ្រង់មិនព្រមចាប់ប្រតិបត្ដិធ្វើអ្វីនោះឡើយ ដ្បិតទ្រង់បានប្រព្រឹត្តដូច្នេះមែនក្នុងការកំចាត់ស្តេចផារ៉ោន ដ៏រឹងរូសនិងកងទ័ពរបស់ទ្រង់ក្នុងសមុទ្រក្រហម។ ព្រះយេហូវ៉ាក៏មិនចេះរើសមុខអ្នកណាឡើយ។ ដូច្នេះពួកសាសន៍អ៊ីស្រាអែល ដែលជារាស្ត្រក៏ប្រកបដោយព្រះគុណរបស់ទ្រង់ ដល់ទីបំផុតក៏បានបាត់បង់ព្រះគុណនៃទ្រង់ ពីព្រោះពួកគេនៅតែរឹងរូសប្រព្រឹត្តអំពើបាបជាដរាប។ ព្រះទ្រង់ទទួលយកមនុស្សពីគ្រប់ទាំងសាសន៍ ជាអ្នកថ្វាយបង្គំទ្រង់ ប៉ុន្តែ គឺទទួលយកតែអស់អ្នកណាដែលគោរពតាមផ្លូវក៏សុចរិតរបស់ទ្រង់ប៉ុណ្ណោះ។—កិច្ចការ ១០:៣៤, ៣៥
២១. (ក) តើវិវរណៈ ១៥:២-៤ បង្រៀនយើងអ្វីខ្លះអំពីព្រះ? (ខ) តើអ្វីនឹងជួយឲ្យយើងស្រួលប្រព្រឹត្តតាមសេចក្ដីដែលព្រះមានបន្ទូលថាជាការត្រឹមត្រូវ?
២១ សៀវភៅវិវរណៈនៃព្រះគម្ពីរបញ្ជាក់ប្រាប់នូវសារៈសំខាន់នៃការរៀនអំពី «ការសុចរិត»របស់ព្រះ។ សៀវភៅនេះប្រាប់យើងថា សត្តនិករស្ថានសួគ៌ច្រៀង៖ «ឱព្រះយេហូវ៉ា ជាព្រះដ៏មានព្រះចេស្ដាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃអស់ទាំងកល្បអើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ឱព្រះយេហូវ៉ាអើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលស្មោះត្រង់គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ»។ (វិវរណៈ ១៥:២-៤) យើងសម្ដែងសេចក្ដីកោតខ្លាចដ៏ត្រឹមត្រូវដល់ព្រះយេហូវ៉ា ឬសេចក្ដីគោរពជ្រាលជ្រៅចំពោះទ្រង់ ដោយប្រព្រឹត្តតាមអ្វីដែលទ្រង់មានបន្ទូលថាជាការត្រឹមត្រូវ។ យើងអាចធ្វើដូច្នេះបានយ៉ាងស្រួល ដោយរំឭកខ្លួនយើង អំពីប្រាជ្ញានិងសេចក្ដីស្រឡាញ់នៃព្រះ។ សេចក្ដីបង្គាប់នៃទ្រង់ទាំងអស់គឺសុទ្ធតែសំរាប់ផលប្រយោជន៍យើងរាល់គ្នា។—អេសាយ ៤៨:១៧, ១៨
‹ព្រះយេហូវ៉ាជាព្រះនៃយើងតែមួយអង្គទ្រង់›
២២. ហេតុអ្វីពួកអ្នកដែលទទួលស្គាល់ព្រះគម្ពីរមិនថ្វាយបង្គំព្រះត្រីឯកភាព?
២២ សាសន៍អេស៊ីបកាលពីបុរាណថ្វាយបង្គំព្រះជាច្រើនមុខ ប៉ុន្តែ ព្រះយេហូវ៉ាជា‹ព្រះដែលមានសេចក្ដីប្រច័ណ្ឌ›។ (និក្ខមនំ ២០:៥) លោកម៉ូសេបានរំឭកសាសន៍អ៊ីស្រាអែលថា «ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់»។ (ចោទិយកថា ៦:៤) ព្រះយេស៊ូគ្រីស្ទមានបន្ទូលប្រាប់ពាក្យទាំងនេះថែមទៀត។ (ម៉ាកុស ១២:២៨, ២៩) ដូច្នេះ ពួកអ្នកដែលទទួលស្គាល់ព្រះគម្ពីរ ជាបន្ទូលនៃព្រះ មិនថ្វាយបង្គំព្រះត្រីឯកភាព ដែលមានបុគ្គលបីឬព្រះបីរូបរួមបញ្ចូលគ្នាជាព្រះមួយនោះឡើយ។ តាមពិត ពាក្យ «ព្រះត្រីឯកភាព» នេះអត់ទាំងមាននៅក្នុងព្រះគម្ពីរផង។ ព្រះពិតទ្រង់ជាបុគ្គលមួយរូប ផ្សេងពីព្រះយេស៊ូគ្រីស្ទ។ (យ៉ូហាន ១៤:២៨; កូរិនថូសទី១ ១៥:២៨) ឯព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះមិនមែនជាបុគ្គលមួយរូបណាទេ គឺជាសកម្មពលនៃព្រះយេហូវ៉ា ដែលព្រះដ៏មានគ្រប់ព្រះចេស្ដា ប្រើក្នុងការសម្រេចគោលបំណងនៃទ្រង់។—លោកុប្បត្តិ ១:២; កិច្ចការ ២:១-៤, ៣២, ៣៣; ពេត្រុសទី២ ១:២០, ២១
២៣. (ក) តើតាមរបៀបណាដែលអ្នកនឹងមានសេចក្ដីស្រឡាញ់ចំពោះព្រះកាន់តែខ្លាំងឡើង? (ខ) តើព្រះយេស៊ូមានបន្ទូលយ៉ាងណាអំពីការស្រឡាញ់ព្រះ ហើយយើងត្រូវតែរៀនអ្វីពីព្រះគ្រីស្ទ?
២៣ ពេលអ្នកពិចារណាមើលព្រះយេហូវ៉ា ថាទ្រង់ជាព្រះដ៏ល្អប្រសើរយ៉ាងណានោះ តើអ្នកមិនយល់ស្របទេឬ ថាទ្រង់សមនឹងទទួលការថ្វាយបង្គំពីអ្នក? កាលអ្នករៀនបន្ទូលនៃទ្រង់ គឺព្រះគម្ពីរ អ្នកនឹងស្គាល់ទ្រង់បានច្បាស់ថែមទៀត ហើយនឹងជ្រាបនូវអ្វីៗដែលទ្រង់តម្រូវពីអ្នក ដើម្បីអ្នកបានទទួលសេចក្ដីសុខនិងសុភមង្គល ដ៏នៅជាប់អស់កល្បជានិច្ច។ (ម៉ាថាយ ៥:៣, ៦) ថែមទៅទៀត អ្នកនឹងមានសេចក្ដីស្រឡាញ់ចំពោះព្រះកាន់តែខ្លាំងឡើងផង។ នោះគឺសមត្រឹមត្រូវមែន ដ្បិតព្រះយេស៊ូមានបន្ទូលថា៖ «ឯងត្រូវស្រឡាញ់ ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង»។ (ម៉ាកុស ១២:៣០) ប្រាកដហើយ ព្រះយេស៊ូមានសេចក្ដីស្រឡាញ់បែបនេះមែនចំពោះព្រះ។ ប៉ុន្តែ តើព្រះគម្ពីរបង្ហាញឲ្យឃើញយ៉ាងណាដែរ អំពីព្រះយេស៊ូគ្រីស្ទ? តើទ្រង់មានមុខងារអ្វីក្នុងគោលបំណងរបស់ព្រះយេហូវ៉ា?
សាកល្បងចំណេះរបស់អ្នក
តើព្រះនាមនៃព្រះជាអ្វី ហើយព្រះនាមនេះមានប្រើញឹកញយយ៉ាងណាក្នុងបទគម្ពីរហេព្រើរ?
ហេតុអ្វីអ្នកគួរតែប្រើព្រះនាមនៃព្រះ?
តើគុណសម្បត្ដិអ្វីរបស់ព្រះយេហូវ៉ា ដែលធ្វើឲ្យអ្នកចូលចិត្តជាពិសេស?
[រូបភាពនៅទំព័រ២៩]
តើអ្នកស្គាល់ព្រះអាទិទេពរបស់សព្វសារពើបានច្បាស់ណាស់ណាដែរ?