ជំពូកទី៤
ព្រះមានឈ្មោះ
ពេលកូនជួបអ្នកណាម្នាក់ជាលើកដំបូង តើកូនតែងតែសួរអ្វីមុនគេ?— មែនហើយ កូនសួរឈ្មោះគាត់។ យើងទាំងអស់គ្នាមានឈ្មោះ។ ព្រះបានដាក់ឈ្មោះបុរសទី១នៅផែនដី។ លោកបានដាក់ឈ្មោះឲ្យគាត់ថាអាដាម។ ប្រពន្ធរបស់អាដាមឈ្មោះអេវ៉ា។
ក៏ប៉ុន្តែ មិនគ្រាន់តែមនុស្សទេដែលមានឈ្មោះ។ សូមគិតមើល អ្វីផ្សេងទៀតក៏មានឈ្មោះដែរ។ ពេលកូនមានឆ្កែឬឆ្មា កូនដាក់ឈ្មោះឲ្យវា មែនទេ?— មែនហើយ ការមានឈ្មោះគឺសំខាន់ណាស់។
សូមងើយមើលផ្កាយច្រើនរាប់មិនអស់នៅពេលយប់។ តើកូនគិតថា ផ្កាយទាំងនោះមានឈ្មោះទេ?— ត្រូវហើយ ព្រះបានដាក់ឈ្មោះផ្កាយនីមួយៗនៅលើមេឃ។ គម្ពីរប្រាប់ថា៖ ‹លោករាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់›។—ទំនុកតម្កើង ១៤៧:៤
តើកូនដឹងថាផ្កាយទាំងអស់មានឈ្មោះទេ?
តើកូនគិតថា អ្នកណាជាបុគ្គលដ៏សំខាន់បំផុតក្នុងសកលលោកទាំងមូល?— ពិតមែន គឺជាព្រះ។ តើកូនគិតថាលោកមានឈ្មោះទេ?— លោកយេស៊ូបាននិយាយថា ព្រះមានឈ្មោះ។ នៅពេលមួយលោកយេស៊ូបានអធិដ្ឋានទៅព្រះថា៖ ‹ខ្ញុំបានសម្ដែងឲ្យអ្នកកាន់តាមខ្ញុំស្គាល់ឈ្មោះរបស់លោក›។ (យ៉ូហាន ១៧:២៦) តើកូនស្គាល់ឈ្មោះរបស់ព្រះទេ?— ខ្លួនលោកផ្ទាល់បានប្រាប់ឈ្មោះរបស់លោកដល់យើង។ លោកនិយាយថា៖ ‹ខ្ញុំជាយេហូវ៉ា នេះហើយជាឈ្មោះរបស់ខ្ញុំ›។ ដូច្នេះ ឈ្មោះរបស់ព្រះគឺយេហូវ៉ា។—អេសាយ ៤២:៨
តើកូនមានអារម្មណ៍យ៉ាងណាពេលអ្នកឯទៀតចាំឈ្មោះរបស់កូន?— កូនសប្បាយចិត្ត មែនទេ?— ព្រះយេហូវ៉ាក៏ចង់ឲ្យមនុស្សស្គាល់ឈ្មោះរបស់លោកដែរ។ ដូច្នេះ ពេលយើងនិយាយអំពីព្រះ យើងគួរប្រើឈ្មោះរបស់លោកគឺយេហូវ៉ា។ គ្រូដ៏ល្អប្រសើរបានប្រើឈ្មោះរបស់ព្រះ គឺយេហូវ៉ា ពេលដែលលោកនិយាយជាមួយមនុស្សឯទៀត។ ពេលមួយ លោកយេស៊ូបាននិយាយថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត»។—ម៉ាកុស ១២:៣០
លោកយេស៊ូដឹងថាឈ្មោះ«យេហូវ៉ា»គឺសំខាន់ណាស់។ ដូច្នេះ លោកបានបង្រៀនអ្នកកាន់តាមលោកឲ្យប្រើឈ្មោះរបស់ព្រះ។ លោកក៏បានបង្រៀនពួកគាត់ឲ្យប្រើឈ្មោះរបស់ព្រះពេលអធិដ្ឋានដែរ។ លោកយេស៊ូដឹងច្បាស់ថា ព្រះចង់ឲ្យមនុស្សទាំងអស់ស្គាល់ឈ្មោះរបស់លោកគឺយេហូវ៉ា។
យូរយារមកហើយព្រះបានបង្ហាញសារៈសំខាន់នៃឈ្មោះរបស់លោកដល់បុរសម្នាក់ឈ្មោះម៉ូសេ។ គាត់ជាកូនអ៊ីស្រាអែលម្នាក់។ ពួកកូនអ៊ីស្រាអែលបានត្រូវហៅថាជនជាតិអ៊ីស្រាអែល។ ពួកគេធ្លាប់រស់នៅស្រុកអេស៊ីប។ មនុស្សរស់នៅស្រុកនោះហៅថាជនជាតិអេស៊ីប។ ជនជាតិអេស៊ីបបានយកពួកកូនអ៊ីស្រាអែលធ្វើជាខ្ញុំបម្រើ ហើយប្រព្រឹត្តយ៉ាងឃោរឃៅទៅលើពួកគេ។ ពេលម៉ូសេធំឡើង គាត់ព្យាយាមជួយជនជាតិរបស់គាត់ម្នាក់។ នេះបានធ្វើឲ្យផារ៉ូដែលជាស្តេចនៃស្រុកអេស៊ីបខឹង។ ស្តេចនោះចង់សម្លាប់ម៉ូសេ! ហេតុនោះ ម៉ូសេក៏រត់ចេញពីស្រុកអេស៊ីប។
ម៉ូសេបានទៅរស់នៅស្រុកមួយទៀត គឺស្រុកម៉ាឌាន។ នៅទីនោះម៉ូសេបានរៀបការ ហើយមានកូន។ គាត់ជាអ្នកឃ្វាលចៀម។ ថ្ងៃមួយ ពេលម៉ូសេជាប់រវល់ឃ្វាលចៀមនៅជិតភ្នំ គាត់បានឃើញអ្វីដ៏អស្ចារ្យ។ គឺជាគុម្ពបន្លាដែលមានភ្លើងឆេះ តែឆេះមិនសុសទេ! ម៉ូសេបានចូលទៅកាន់តែជិតដើម្បីមើលឲ្យបានច្បាស់ជាង។
តើកូនដឹងថាមានអ្វីបានកើតឡើងទេ?— ម៉ូសេបានឮសំឡេងចេញពីកណ្ដាលគុម្ពបន្លាដែលមានភ្លើងឆេះ ហៅគាត់ថា៖ ‹ម៉ូសេ! ម៉ូសេ!›។ តើអ្នកណានិយាយពាក្យទាំងនោះ?— គឺព្រះជាអ្នកនិយាយ! ព្រះមានការងារច្រើនឲ្យម៉ូសេធ្វើ។ ព្រះមានប្រសាសន៍ថា៖ ‹ចូរមក ខ្ញុំនឹងចាត់អ្នកឲ្យទៅឯផារ៉ូ ជាស្តេចនៃស្រុកអេស៊ីប ដើម្បីឲ្យអ្នកបាននាំរាស្ត្រខ្ញុំ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីប›។ ព្រះសន្យាថានឹងជួយម៉ូសេ។
នៅគុម្ពបន្លាដែលមានភ្លើងឆេះ តើម៉ូសេបានរៀនមេរៀនដ៏សំខាន់អ្វី?
ក៏ប៉ុន្តែ ម៉ូសេបានឆ្លើយតបទៅព្រះថា៖ ‹មើល បើខ្ញុំទៅឯពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីប ហើយប្រាប់គេថាព្រះបានចាត់ឲ្យខ្ញុំមក រួចគេសួរខ្ញុំថា៖ «តើព្រះឈ្មោះអ្វី?» តើត្រូវឲ្យខ្ញុំប្រាប់គេថាដូចម្ដេច?›។ ព្រះនិយាយទៅម៉ូសេឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាបានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា ហើយលោកប្រាប់ខ្ញុំថា យេហូវ៉ាជាឈ្មោះរបស់លោកជារៀងរហូត›។ (និក្ខមនំ ៣:១-១៥) នេះបង្ហាញថាព្រះនឹងរក្សាឈ្មោះរបស់លោកគឺយេហូវ៉ា។ លោកនឹងមិនប្ដូរឈ្មោះនោះទេ។ ព្រះចង់ឲ្យមនុស្សស្គាល់លោកតាមឈ្មោះរបស់លោកជារៀងរហូត គឺយេហូវ៉ា។
តើព្រះបានធ្វើឲ្យមនុស្សស្គាល់ឈ្មោះរបស់លោកនៅសមុទ្រក្រហមយ៉ាងដូចម្ដេច?
ពេលម៉ូសេត្រឡប់មកស្រុកអេស៊ីបវិញ ពួកអេស៊ីបគិតថាព្រះយេហូវ៉ាគ្រាន់តែជាព្រះតូចតាចរបស់ពួកកូនអ៊ីស្រាអែលប៉ុណ្ណោះ។ ពួកគេមិនបានគិតថាលោកជាព្រះនៃផែនដីទាំងមូលទេ។ ដូច្នេះ ព្រះយេហូវ៉ាបានប្រាប់ស្តេចស្រុកអេស៊ីបថា៖ ‹ខ្ញុំនឹងធ្វើឲ្យគេបានស្គាល់ឈ្មោះខ្ញុំនៅទូទាំងផែនដី›។ (និក្ខមនំ ៩:១៦) ព្រះយេហូវ៉ាបានធ្វើឲ្យគេស្គាល់ឈ្មោះលោកមែន។ តើកូនដឹងថាលោកបានធ្វើដូច្នោះយ៉ាងដូចម្ដេច?—
ពិតមែន លោកបានចាត់ឲ្យម៉ូសេនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។ ពេលពួកអ៊ីស្រាអែលមកដល់សមុទ្រក្រហម ព្រះយេហូវ៉ាបានញែកទឹកសមុទ្រចេញពីគ្នាដើម្បីឲ្យមានផ្លូវគោក។ ដូច្នេះ ពួកអ៊ីស្រាអែលអាចដើរកាត់តាមផ្លូវគោកនោះដោយសុវត្ថិភាព។ ក៏ប៉ុន្តែ បន្ទាប់ពីផារ៉ូនិងពួកកងទ័ពបានចូលទៅដល់បាតសមុទ្រដែលរីងស្ងួត ស្រាប់តែទឹកដែលបានត្រូវទប់ទាំងសងខាងធ្លាក់គ្របមកលើពួកអេស៊ីប ហើយពួកគេក៏លង់ស្លាប់អស់។
មិនយូរប៉ុន្មានក្រោយមក មនុស្សទូទាំងផែនដីបានឮអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅសមុទ្រក្រហម។ តើយើងដឹងថាពួកគេបានឮរឿងនោះតាមរបៀបណា?— ប្រហែល៤០ឆ្នាំក្រោយមក ពួកអ៊ីស្រាអែលបានមកស្រុកកាណាន ជាស្រុកដែលព្រះយេហូវ៉ាបានសន្យាឲ្យដល់ពួកគេ។ នៅទីនោះនារីម្នាក់ឈ្មោះរ៉ាហាបបានប្រាប់បុរសជនជាតិអ៊ីស្រាអែលពីរនាក់ថា៖ ‹យើងឮថាព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីប›។—យ៉ូស្វេ ២:១០
សព្វថ្ងៃនេះ មនុស្សជាច្រើនដូចពួកអេស៊ីបនៅជំនាន់នោះដែរ។ ពួកគេមិនជឿថាព្រះយេហូវ៉ាជាព្រះនៃផែនដីទាំងមូលទេ។ ដូច្នេះ ព្រះយេហូវ៉ាចង់ឲ្យអ្នកបម្រើរបស់លោកប្រាប់មនុស្សឯទៀតអំពីលោក។ នេះជាអ្វីដែលលោកយេស៊ូបានធ្វើ។ មិនយូរប៉ុន្មានមុនលោកស្លាប់ លោកបានអធិដ្ឋានជម្រាបព្រះយេហូវ៉ាថា៖ «ខ្ញុំបានសម្ដែងឲ្យពួកគាត់ស្គាល់នាមរបស់លោក»។—យ៉ូហាន ១៧:២៦
លោកយេស៊ូបានធ្វើឲ្យមនុស្សស្គាល់ឈ្មោះរបស់ព្រះ តើកូនអាចបង្ហាញឬចង្អុលឈ្មោះរបស់ព្រះក្នុងគម្ពីរបានទេ?
តើកូនចង់ធ្វើដូចលោកយេស៊ូទេ? បើចង់ សូមកូនប្រាប់មនុស្សឯទៀតថាឈ្មោះរបស់ព្រះគឺយេហូវ៉ា។ កូនប្រហែលជាឃើញថាមនុស្សជាច្រើនមិនស្គាល់ឈ្មោះលោកទេ។ ដូច្នេះ កូនអាចបង្ហាញពួកគេបទគម្ពីរនៅទំនុកតម្កើង ៨៣:១៨។ ឥឡូវសូមកូនយកគម្ពីរ ហើយយើងនឹងរកបទគម្ពីរនោះជាមួយគ្នា។ បទគម្ពីរនោះចែងថា៖ «ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។
តើកូនបានរៀនអ្វីពីបទគម្ពីរនេះ?— មែនហើយ យើងរៀនថាយេហូវ៉ាជាឈ្មោះដែលមានអត្ថន័យសំខាន់ជាងឈ្មោះឯទៀតទាំងអស់។ គឺជាឈ្មោះរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ជាបិតារបស់លោកយេស៊ូ និងជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់។ បន្ថែមទៀតសូមកូនចាំពាក្យរបស់លោកយេស៊ូដែលថា ត្រូវស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្តរបស់យើង។ តើកូនស្រឡាញ់ព្រះយេហូវ៉ាទេ?—
តើតាមរបៀបណាដែលយើងអាចបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា?— វិធីមួយ គឺដោយយើងខំរៀនដើម្បីស្គាល់លោកដូចជាមិត្តម្នាក់។ វិធីមួយទៀត យើងត្រូវប្រាប់មនុស្សឯទៀតអំពីឈ្មោះរបស់លោក។ យើងអាចបង្ហាញពួកគេពីគម្ពីរតែម្ដងថាឈ្មោះរបស់លោកគឺយេហូវ៉ា។ យើងក៏អាចប្រាប់អំពីអ្វីដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើត និងរបស់ល្អៗជាច្រើនដែលលោកបានធ្វើដែរ។ នេះពិតជាធ្វើឲ្យព្រះយេហូវ៉ារីករាយចិត្តណាស់ ពីព្រោះលោកចង់ឲ្យមនុស្សទាំងអស់ដឹងអំពីលោក។ យើងអាចរួមចំណែកក្នុងកិច្ចការនោះ មែនទេ?—
ពេលយើងនិយាយអំពីព្រះយេហូវ៉ា មិនមែនមនុស្សទាំងអស់ចង់ស្ដាប់ទេ។ សូម្បីតែពេលលោកយេស៊ូជាគ្រូដ៏ល្អប្រសើរនិយាយអំពីព្រះ ក៏មនុស្សជាច្រើនមិនស្ដាប់លោកដែរ។ ប៉ុន្តែ នោះមិនធ្វើឲ្យលោកយេស៊ូឈប់និយាយអំពីព្រះយេហូវ៉ាឡើយ។
ដូច្នេះ សូមឲ្យយើងធ្វើដូចលោកយេស៊ូ។ សូមបន្តនិយាយអំពីព្រះយេហូវ៉ា។ បើធ្វើដូច្នេះ ព្រះយេហូវ៉ានឹងពេញចិត្តយើង ពីព្រោះយើងបង្ហាញថាយើងស្រឡាញ់ឈ្មោះរបស់លោក។
ឥឡូវសូមអានបទគម្ពីរពីរបីថែមទៀតជាមួយគ្នាដែលបង្ហាញថា ឈ្មោះរបស់ព្រះគឺសំខាន់នៅ អេសាយ ១២:៤, ៥ ម៉ាថាយ ៦:៩ យ៉ូហាន ១៧:៦ និងរ៉ូម ១០:១៣។