បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • kl ជំ. ១៩ ទំ. ១៨១-១៩១
  • ពេលចំណេះអំពីព្រះជ្រួតជ្រាបពេញផែនដី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលចំណេះអំពីព្រះជ្រួតជ្រាបពេញផែនដី
  • ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ក្រោយ​ពេល​អើម៉ាគេដូន​—⁠ផែនដី​មនោរម្យ
  • មនុស្ស​ជាតិ​បាន​ត្រូវ​កែ​ប្រែ
  • ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដ៏​សប្បាយ​រីករាយ
  • សេចក្ដី​គ្រប់​ល័ក្ខណ៍​នៅ​ទីបំផុត!
  • តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?
  • គោលបំណងរបស់ព្រះសម្រាប់ផែនដី ជិតនឹងសម្រេចហើយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • អ្នកអាចមានអនាគតដ៏សែនសប្បាយ!
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
kl ជំ. ១៩ ទំ. ១៨១-១៩១

ជំពូក​ទី១៩

ពេល​ចំណេះ​អំពី​ព្រះ​ជ្រួត​ជ្រាប​ពេញ​ផែនដី

១, ២​. តើ​របស់​ព្រះ​យេហូវ៉ា​បាន​បង្ក​បង្កើត​មក បាន​ត្រូវ​ជា​ខូច​យ៉ាង​ដូច​ម្ដេច?

ឧបមា​ថាជាង​គំនូរ​ដ៏​ចំណាន​ម្នាក់​ទើប​បាន​គូរ​គំនូរ​ដ៏​ស្អាត​អស្ចារ្យ​មួយ។ គាត់​អាច​ចាត់​យ៉ាង​ត្រឹម​ត្រូវ​ថា គំនូរ​នេះ​ស្អាត​ល្អ​ណាស់​—⁠ជា​ស្នា​ដៃ​ឯក! ប៉ុន្តែ​ស្រាប់​តែ​នៅ​ពេល⁠យប់​គូ​ប្រជែង​ដ៏​ច្រណែន​ឈ្នានីស​ម្នាក់​បាន​បំផ្លាញ​គំនូរ​នោះ​ឲ្យ​ខូច​អស់។ យើង​អាច​យល់​បាន​ថា នេះ​ធ្វើ​ឲ្យ​ជាង​គំនូរ​ឈឺ​ចិត្ត​ក្រៃលែង។ ចិត្ត​គាត់​ចង់​ឲ្យ​ជន​បំផ្លិច​បំផ្លាញ​នេះ​ជាប់​ឃុំ​ណាស់! ហើយ​អ្នក​ក៏​អាច​នឹក​ដល់​ដែរ​ថា​ជាង​គំនូរ​នេះ មាន​ចិត្ត​ចង់​យក​គំនូរ​ដែល​គាត់​បាន​គូរ​មក​កែ​ឆ្នៃ​ឲ្យ​មាន​សម្ផស្ស​ស្រស់​ដូច​ដើម​វិញ។

២ ដូច​ជាង​គំនូរ​នោះ ព្រះ​យេហូវ៉ា​បាន​បង្ក​បង្កើត​ស្នា​ដៃ​ឯក​មួយ​ក្នុង​ការ​រៀប​ចំ​ផែនដី និង​ការ​ដាក់​មនុស្ស​ជាតិ​ឲ្យ​រស់​នៅ​លើ​នោះ។ ក្រោយ​ពី​បាន​បង្កើត​បុរស​និង​ស្ត្រី ទ្រង់​បាន​ប្រកាស​ថា ស្នា​ដៃ​របស់​ទ្រង់​ទាំង​អស់​លើ​ផែនដី​ជា​«ការ​ល្អ​ប្រពៃ»។ (លោកុប្បត្តិ ១:⁠៣១) អ័ដាម​និង​អេវ៉ា​ជា​កូន​របស់​ព្រះ​ផ្ទាល់ ហើយ​ទ្រង់​ស្រឡាញ់​ពួក​គេ។ ទ្រង់​បាន​ទត​ឃើញ​អនាគត​ដ៏​សប្បាយ​រុងរឿង​សំរាប់​ពួក​គេ។ ពិត​មែន សាតាំង​បាន​នាំ​ពួក​គេ​ឲ្យ​បះបោរ ប៉ុន្តែ​របស់​សព្វសារពើ​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្ក​បង្កើត​មក​នេះ គឺ​មិន​មែន​ខូច​បង់​អស់​រក​ជួសជុល​កែ​ឡើង​វិញ​ពុំ​បាន​នោះ​ឡើយ។​—⁠លោកុប្បត្តិ ៣:​២៣, ២៤; ៦:​១១, ១២

៣​. តើ​អ្វី​ជា​«ជីវិត​ពិត​ប្រាកដ»?

៣ ព្រះ​ទ្រង់​បាន​តាំង​ព្រះ​ហឫទ័យ​កែ​តម្រូវ​បញ្ហា​នេះ។ ទ្រង់​ពិត​ជា​ចង់​ឲ្យ​យើង​រស់​នៅ​តាម​របៀប​ដែល​ទ្រង់​មាន​បំណង​ពីដើម​មក​ណាស់។ ជីវិត​ដ៏​ខ្លី​ពោរពេញ​ទៅ​ដោយ​បញ្ហា​របស់​យើង​នេះ គឺ​មិន​មែន​ជា​«ជីវិត​ពិត​ប្រាកដ»​ទេ ពីព្រោះ​ជីវិត​នេះ​គឺ​អន់​ណាស់ មិន​បាន​ស្រប​ដូច​ចំណង់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា​សោះ​ឡើយ។ «ជីវិត​ពិត​ប្រាកដ» ដែល​ព្រះ​ទ្រង់​ចង់​ឲ្យ​យើង​មាន នោះ​គឺ​«ជីវិត​អស់កល្ប​ជានិច្ច» នៅ​ក្រោម​ស្ថានការណ៍​ដ៏​គ្រប់​ល័ក្ខណ៍។​—⁠ធីម៉ូថេទី១ ៦:​១២, ១៩

៤, ៥​. (ក) តើ​សេចក្ដី​សង្ឃឹម​អំពី​សួន​មនោរម្យ​នឹង​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​ក៏​យើង​គួរ​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​សំរាប់​អនាគត?

៤ ចំណេះ​អំពី​ព្រះ​នាំ​ឲ្យ​មាន​ភារកិច្ច​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ (យ៉ាកុប ៤:⁠១៧) ប៉ុន្តែ សូម​គិត​នូវ​ពរ​ដែល​អ្នក​នឹង​បាន ប្រសិន​បើ​អ្នក​អនុវត្ត​តាម​ចំណេះ​នោះ ហើយ​ឈោង​ចាប់​យក​ជីវិត​អស់កល្ប​ជានិច្ច។ ក្នុង​បន្ទូល​របស់​ទ្រង់ គឺ​ព្រះ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ពណ៌នា​ប្រាប់​ថា​ជីវិត​នោះ​នឹង​បាន​ល្អ​ត្រចង់​យ៉ាង​ណា លើ​ផែនដី​មនោរម្យ​ដែល​កាន់​តែ​ជិត​មក​ដល់​ហើយ។ ប្រាកដ​ហើយ ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​មិន​មែន​បំរើ​ព្រះ ដោយ​ចង់​តែ​បាន​រង្វាន់​នោះ​ទេ។ យើង​បំរើ​ព្រះ ពីព្រោះ​យើង​ស្រឡាញ់​ទ្រង់។ (ម៉ាកុស ១២:​២៩, ៣០) ម្យ៉ាង​វិញ​ទៀត យើង​មិន​មែន​មាន​សិទ្ធិ​ទទួល​ជីវិត​ដោយសារ​ការ​បំរើ​ព្រះ​យេហូវ៉ា​នោះ​ឡើយ។ ជីវិត​អស់កល្ប​ជានិច្ច​គឺ​ជា​អំណោយ​ពី​ព្រះ។ (រ៉ូម ៦:⁠២៣) ជា​ការ​ល្អ​ប្រសើរ​សំរាប់​យើង ក្នុង​ការ​រំពឹង​គិត​អំពី​ជីវិត​បែប​នេះ ពីព្រោះ​សេចក្ដី​សង្ឃឹម​អំពី​សួន​មនោរម្យ រំឭក​យើង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ប្រភេទ​ណា​—⁠គឺ​ជា​ព្រះ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​«ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ (ហេព្រើរ ១១:⁠៦) សេចក្ដី​សង្ឃឹម​ដ៏​ក្រហម​ឆ្អិន​ឆ្អៅ​ក្នុង​ចិត្ត​គំនិត​យើង នឹង​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​សេចក្ដី​លំបាក​ក្នុង​លោកីយ៍​របស់​សាតាំង។​—⁠យេរេមា ២៣:⁠២០

៥ ឥឡូវ​នេះ ចូរ​យើង​ប្រឹង​ស្មារតី​ទៅ​លើ​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​អស់កល្ប​ជានិច្ច​លើ​ផែនដី​មនោរម្យ​នៅ​អនាគត ជា​សេចក្ដី​សង្ឃឹម​ដែល​សំអាង​លើ​ព្រះ​គម្ពីរ។ តើ​ជីវិត​នឹង​បាន​ជា​យ៉ាង​ណា ពេល​ដែល​ចំណេះ​អំពី​ព្រះ​ជ្រួត​ជ្រាប​ពេញ​ផែនដី?

ក្រោយ​ពេល​អើម៉ាគេដូន​—⁠ផែនដី​មនោរម្យ

៦​. តើ​អ្វី​ជា​អើម៉ាគេដូន ហើយ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​មនុស្ស​ជាតិ?

៦ ដូច​បាន​បង្ហាញ​មក​នៅ​មុន​នេះ ព្រះ​យេហូវ៉ា​បន្ដិច​ទៀត​នឹង​បំផ្លាញ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​ចេញ។ លោកីយ៍​នេះ​គឺ​កំពុង​តែ​ខិត​ជិត​ដល់​អ្វី ដែល​ព្រះ​គម្ពីរ​ហៅ​ថា​អើម៉ាគេដូន។ ពាក្យ​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​គិត​អំពី​ហាយនភាព​នុយក្លេអែ​ ដែល​កើត​ឡើង​មក​ដោយ​ពួក​សាសន៍​នានា​ធ្វើ​សឹក​សង្គ្រាម​នឹង​គ្នា ប៉ុន្តែ​សង្គ្រាម​អើម៉ាគេដូន គឺ​មិន​មែន​បែប​នោះ​ទេ។ ដូច​វិវរណៈ ១៦:​១៤​-​១៦ បង្ហាញ​មក សង្គ្រាម​អើម៉ាគេដូន​គឺ​ជា​«ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បំផុត»។ នេះ​ជា​សង្គ្រាម​ដែល​ជាប់​ទាក់ទង​នឹង​«អស់​ទាំង​ស្តេច នៅ​ផែនដី​ទាំង​មូល» ឬ​ពួក​សាសន៍​ទាំង​ឡាយ។ រាជបុត្រា​របស់​ព្រះ​យេហូវ៉ា ជា​ស្តេច​ដែល​បាន​រើស​តាំង​មក មិន​យូរ​ទេ​នឹង​សម្រុក​ចូល​ធ្វើ​សង្គ្រាម។ លទ្ធផល​គឺ​ប្រាកដ​ជាក់​ស្តែង​ណាស់។ អស់​អ្នក​ដែល​ប្រឆាំង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ជា​ចំណែក​នៃ​របប​ដ៏​អាក្រក់​របស់​សាតាំង​នឹង​ត្រូវ​កំទេច​ចោល។ មាន​តែ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ​ដែល​នឹង​នៅ​គង់​វង់។​—⁠វិវរណៈ ៧:​៩, ១៤; ១៩:​១១​-​២១

៧​. តើ​សាតាំង​និង​ពួក​បិសាច​របស់​វា​នឹង​នៅ​ឯ​ណា​ក្នុង​គ្រា​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​នៃ​ព្រះ​គ្រីស្ទ ហើយ​នេះ​មាន​ប្រយោជន៍​យ៉ាង​ណា​ដល់​មនុស្ស​ជាតិ?

៧ ចូរ​នឹក​គិត​ថា​អ្នក​មាន​ជីវិត​គង់​វង់​ពី​មហា​វិនាស​នោះ។ តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា ក្នុង​ពិភពលោក​ថ្មី​ដែល​ព្រះ​បាន​សន្យា? (ពេត្រុសទី២ ៣:⁠១៣) យើង​មិន​ចាំបាច់​គិត​ស្មាន​ទេ ដ្បិត​ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង ហើយ​អ្វី​ដែល​ចែង​មក​នោះ​គឺ​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ណាស់។ យើង​ជ្រាប​ថា សាតាំង​និង​ពួក​បិសាច​របស់​វា​នឹង​ត្រូវ​កាត់​ចេញ​មិន​ឲ្យ​មាន​អនុភាព ត្រូវ​ឃុំ​ទុក​ចោល​ក្នុង​ជង្ហុក​ធំ​ដែល​គ្មាន​សកម្មភាព​ក្នុង​គ្រា​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ។ ពួក​អាក្រក់​ដែល​តាម​ព្យាបាទ​ទាំង​នេះ​នឹង​លែង​មក​ចាំ​ឆ្មក់​ពី​ក្រោយ បង្ក​បញ្ហា ហើយ​ខំ​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​ឥត​ស្មោះ​ត្រង់​ប្រឆាំង​នឹង​ព្រះ​ទៀត​ហើយ។ នេះ​នឹង​បាន​ធូរ​ស្បើយ​អ្វី​ម្ល៉េះ​ហ្ន៎!​—⁠វិវរណៈ ២០:​១​-​៣

៨, ៩​. ក្នុង​ពិភពលោក​ថ្មី តើ​អ្វី​កើត​ឡើង​ដល់​ទុក្ខ​វេទនា ជម្ងឺ​និង​ជរា​ភាព?

៨ ក្រោយ​មក ជម្ងឺ​គ្រប់​បែប​យ៉ាង​នឹង​លែង​មាន​ទៀត​ហើយ។ (អេសាយ ៣៣:⁠២៤) នៅ​ពេល​នោះ មនុស្ស​ពិការ​នឹង​ក្រោក​ឈរ ដើរ រត់ ហើយ​រាំ​លេង​នឹង​ជើង​ដែល​ល្អ​រឹង​មាំ។ ក្រោយ​ពេល​បាន​រស់​នៅ​ក្នុង​ភាព​ស្ងាត់​ជ្រងំ​ពុំ​អាច​ឮ​អ្វី​អស់​ជា​ច្រើន​ឆ្នាំ​មក នោះ​មនុស្ស​ថ្លង់​នឹង​ឮ​សម្លេង​អរ​សប្បាយ​នៅ​ជុំវិញ​គេ។ មនុស្ស​ខ្វាក់​នឹង​មាន​ចិត្ត​ស្ងើច កាល​ដែល​ពិភពលោក​ពោរពេញ​ទៅ​ដោយ​ពណ៌​ឆើតឆាយ និង​ទ្រង់ទ្រាយ​គ្រប់​បែប​យ៉ាង​លាត​ត្រដាង​នៅ​ពី​មុខ​ភ្នែក​របស់​គេ។ (អេសាយ ៣៥:​៥, ៦) នៅ​ទីបំផុត ពួក​គេ​អាច​មើល​ឃើញ​មុខ​នៃ​ពួក​ស្ងួនភ្ងា​របស់​គេ! ពេល​នោះ គេ​ប្រហែល​ជា​ស្រវាំង​ភ្នែក​មួយ​ភ្លែត​ដោយ​ព្រោះ​ទឹក​ភ្នែក​នៃ​សេចក្ដី​អំណរ។

៩ សូម​គិត​មើល​ចុះ! លែង​ត្រូវ​ការ​វ៉ែនតា លែង​ត្រូវ​ការ​ឈើ​ឆ្ពាប​និង​ឈើ​ច្រត់ លែង​ត្រូវ​ការ​ថ្នាំ​សង្កូវ លែង​ត្រូវ​ការ​មន្ទីរពេទ្យ​ធ្មេញ​ឬ​មន្ទីរពេទ្យ​ជម្ងឺ​ទៀត! ជម្ងឺ​ចិត្ត​និង​ដំណើរ​ធ្លាក់​ទឹក​ចិត្ត​នឹង​លែង​មក​ដក​ហូត​សុភមង្គល​ពី​មនុស្ស​ទៀត​ហើយ។ គ្មាន​កុមារភាព​នឹង​ត្រូវ​រង​ទុក្ខ​ដោយ​រោគ​ទៀត​ឡើយ។ ការ​បំផ្លិច​បំផ្លាញ​នៃ​ជរា​ភាព​នឹង​ត្រូវ​កែ​ឡើង​វិញ។ (យ៉ូប ៣៣:⁠២៥) យើង​នឹង​ក្លាយ​ទៅ​ជា​មាំមួន​ជាង​មុន ហើយ​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង។ រៀង​រាល់​ព្រឹក យើង​នឹង​ក្រោក​ឡើង​ពី​ការ​គេង​យ៉ាង​ស្រួល​នៅ​ពេល​យប់ ទាំង​មាន​កម្លាំង​ខ្លាំង​ជា​ថ្មី ពេញ​ទៅ​ដោយ​សេចក្ដី​ស្វាហាប់ ហើយ​មាន​ចំណង់​ចិត្ត​ទទួល​ថ្ងៃ​ថ្មី​នៃ​ជីវិត​ដ៏​រស់​រវើក និង​ទទួល​កិច្ចការ​ជា​ទី​ពេញ​ចិត្ត។

១០​. តើ​កិច្ចការ​អ្វី​ដែល​ពួក​មាន​ជីវិត​រស់​រាន​ពី​សង្គ្រាម​អើម៉ាគេដូន​នឹង​ទទួល​ធ្វើ?

១០ នឹង​មាន​កិច្ចការ​ធ្វើ​យ៉ាង​សប្បាយ សំរាប់​ពួក​អ្នក​ដែល​រស់​រាន​មាន​ជីវិត​ពី​សង្គ្រាម​អើម៉ាគេដូន។ ពួក​គេ​នឹង​កសាង​ផែនដី​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​សួន​មនោរម្យ។ ដំណែល​សេស​សល់​ណា​មួយ​នៃ​របប​ចាស់​ដ៏​ក្រខ្វក់​នេះ​នឹង​ត្រូវ​ជម្រះ​ចោល​ចេញ។ នៅ​ទី​កន្លែង​ដែល​មនុស្ស​ក្រីក្រ​រស់​នៅ​និង​ដី​ហិន​ហោច នោះ​នឹង​មាន​សួន​ឧទ្យាន​និង​សួនច្បារ​ផុស​ឡើង​ជំនួស​វិញ។ មនុស្ស​គ្រប់​រូប​នឹង​មាន​ផ្ទះ​នៅ​យ៉ាង​សុខ​ស្រួល យ៉ាង​ចូល​ចិត្ត។ (អេសាយ ៦៥:⁠២១) កាល​ដែល​វេលា​កំពុង​កន្លង​ទៅ ដែន​មនោរម្យ​ទាំង​ប៉ុន្មាន​នៃ​ផែនដី​នោះ នឹង​រីក​ធំ​ឡើង​ហើយ​ភ្ជាប់​គ្នា​រហូត​ដល់​ពិភពលោក​ទាំង​មូល បាន​ស្រស់​បំព្រង​ពេញ​កំរិត​ដូច​ព្រះ​អាទិទេព​បាន​កំណត់​ទុក​កាល​នៅ​ឯ​សួនច្បារ​អេដែន។ ជា​ទី​ពេញ​ចិត្ត​ម្ល៉េះ​ហ្ន៎ ដោយ​មាន​ចំណែក​ក្នុង​កិច្ចការ​កសាង​នេះ!

១១​. តើ​នៅ​ពេល​អនាគត​មនុស្ស​នឹង​មាន​ទំនាក់ទំនង​យ៉ាង​ណា ជា​មួយ​បរិយាការ​ផែនដី​និង​ជីវិត​សត្វ?

១១ កិច្ចការ​ទាំង​នេះ​នឹង​សម្រេច​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ដើម្បី​កុំ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​បរិយាការ។ មនុស្ស​នឹង​បាន​សុខសាន្ត​ជា​មួយ​នឹង​សត្វ។ ជាជាង​សម្លាប់​សត្វ​ដោយ​ឥត​ត្រាប្រណី មនុស្ស​នឹង​ចាប់​កាន់​កាប់​លើ​ផែនដី មើល​ថែរក្សា​វា​ឲ្យ​បាន​ល្អ។ សូម​នឹក​គិត​មើល សត្វ​ចចក​និង​កូន​ចៀម សត្វ​តោ​និង​កូន​គោ ស៊ី​ចំណី​ជា​មួយ​គ្នា​—⁠ហើយ​សត្វ​ពាហនៈ​វិញ​ក៏​ឥត​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។ សូម្បី​តែ​ក្មេង​តូច​ម្នាក់ ក៏​មិន​ត្រូវ​ខ្លាច​សត្វ​សាហាវ​ដែរ ហើយ​ភាព​សុខសាន្ត​នៃ​ពិភពលោក​ថ្មី ក៏​នឹង​លែង​មាន​ការ​រំខាន​ពី​មនុស្ស​កាច​សាហាវ​ដែរ។ (អេសាយ ១១:​៦​-​៨) នេះ​ជា​ពិភពលោក​ថ្មី​ដ៏​សុខ​ក្សេមក្សាន្ត​អ្វី​ម្ល៉េះ​ហ្ន៎!

មនុស្ស​ជាតិ​បាន​ត្រូវ​កែ​ប្រែ

១២​. តើ​អេសាយ ១១:៩ កំពុង​តែ​សម្រេច​យ៉ាង​ដូច​ម្ដេច​សព្វ​ថ្ងៃ​នេះ ហើយ​វា​នឹង​សម្រេច​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​សួន​មនោរម្យ?

១២ អេសាយ ១១:៩ ប្រាប់​យើង​នូវ​ហេតុ​ដែល​នឹង​លែង​មាន​គ្រោះថ្នាក់​ធ្លាក់​មក​លើ​គ្រប់​ផ្ទៃ​ផែនដី​ទៀត។ ព្រះ​គម្ពីរ​ចែង​ថា⁠៖ «គ្រប់​ទាំង​អស់​នឹង​[មាន​ចំណេះ​អំពី, ព.ថ]​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។ នេះ​គឺ​ទាក់ទង​ទៅ​លើ​មនុស្ស ពីព្រោះ​សត្វ​មិន​អាច​ទទួល​យក​‹ចំណេះ​អំពី​ព្រះ​យេហូវ៉ា›​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​ការ​កែ​ប្រែ​បាន​ដែរ ពីព្រោះ​សត្វ​គឺ​ត្រូវ​គ្រប់គ្រង​ដោយ​សភាវគតិ។ ប៉ុន្តែ ចំណេះ​អំពី​ព្រះ​អាទិទេព​របស់​យើង គឺ​អាច​កែ​ប្រែ​មនុស្ស​បាន។ អ្នក​មុខ​ជា​បាន​ធ្វើ​ការ​កែ​ប្រែ​ខ្លះ​រួច​ទៅ​ហើយ ដោយ​ប្រើ​ចំណេះ​អំពី​ព្រះ​ក្នុង​ជីវិត​អ្នក។ មនុស្ស​រាប់​លាន​នាក់​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ ដូច្នេះ ទំនាយ​នេះ​បាន​ចាប់​ផ្ដើម​សម្រេច​ទៅ​ហើយ​ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​បំរើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ទំនាយ​នេះ​ក៏​ចង្អុល​ទៅ​គ្រា​ដែល​មនុស្ស​ក្នុង​ពិភពលោក​ទាំង​មូល​នឹង​បំបាត់​ចោល​លក្ខណៈ​ពាល​ដូច​សត្វ ឬ​លក្ខណៈ​ឃោរឃៅ ហើយ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ស្រឡាញ់​សន្ដិភាព​វិញ​ជា​រៀង​រហូត​ត​ទៅ។

១៣​. តើ​កម្មវិធី​អប់រំ​អ្វី​ដែល​នឹង​មាន​ឡើង​នៅ​លើ​ផែនដី?

១៣ ជា​ការ​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎ ពេល​ដែល​ចំណេះ​អំពី​ព្រះ​ជ្រួត​ជ្រាប​ពេញ​ផែនដី! នោះ​នឹង​មាន​កម្មវិធី​អប់រំ​យ៉ាង​ធំ​មួយ ក្រោម​ការ​ដឹក​នាំ​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​ជា​ស្តេច និង​ពួក​១៤៤.០០០​នាក់ ដែល​ជា​អ្នក​គ្រប់គ្រង​រួម​របស់​ទ្រង់។ នៅ​ពេល​នោះ ​«បញ្ជី»​ថ្មី​នឹង​បាន​យក​មក​ប្រើ។ នេះ​ជា​បង្គាប់​របស់​ព្រះ​ដែល​បាន​សរសេរ​ចុះ ដើម្បី​ទុក​ជា​មូលដ្ឋាន​សំរាប់​អប់រំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី។ (វិវរណៈ ២០:⁠១២) មនុស្ស​ជាតិ​នឹង​រៀន​អំពី​សន្ដិភាព មិន​មែន​អំពី​សង្គ្រាម​ទេ។ គ្រឿង​អាវុធ​ដែល​បំផ្លិច​បំផ្លាញ​ទាំង​អស់​នឹង​លែង​មាន​ទៀត​ជា​រៀង​រហូត។ (ទំនុកដំកើង ៤៦:⁠៩) ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ពិភពលោក​ថ្មី​នឹង​ទទួល​ការ​អប់រំ​ឲ្យ​ចេះ​ប្រព្រឹត្ត​នឹង​មនុស្ស​ដូច​គ្នា ដោយ​សេចក្ដី​ស្រឡាញ់ សេចក្ដី​គោរព និង​ដោយ​សេចក្ដី​ថ្លៃថ្នូរ។

១៤​. តើ​ពិភពលោក​នឹង​ខុស​ប្លែក​យ៉ាង​ណា ពេល​ដែល​មនុស្ស​ជាតិ​គឺ​ជា​គ្រួសារ​មួយ​ដែល​មាន​ឯកភាព?

១៤ មនុស្ស​ជាតិ​នឹង​ក្លាយ​ទៅ​ជា​គ្រួសារ​មួយ​ដែល​មាន​ឯកភាព។ នឹង​មិន​មាន​ឧបសគ្គ​ដល់​ឯកភាព​និង​ភាតរភាព​ទៀត។ (ទំនុកដំកើង ១៣៣:​១​-​៣) យើង​មិន​ចាំបាច់​ចាក់​សោ​ផ្ទះ​របស់​យើង ដើម្បី​ការពារ​កុំ​ឲ្យ​ចោរ​ចូល​នោះ​ឡើយ។ សន្ដិភាព​នឹង​ជ្រួត​ជ្រាប​ក្នុង​គ្រប់​ដួង​ចិត្ត​មនុស្ស គ្រប់​ផ្ទះ និង​គ្រប់​ភូមិភាគ​ទាំង​អស់​នៃ​ផែនដី។​—⁠មីកា ៤:៤

ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដ៏​សប្បាយ​រីករាយ

១៥​. តើ​ពីរ​ក្រុម​ណា​ដែល​នឹង​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែនដី?

១៥ ក្នុង​គ្រា​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​នោះ នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពួក​អ្នក​ដែល​បាន​ធ្វើ​បាបកម្ម​ដោយ​ចេតនា​ទាស់​នឹង​វិញ្ញាណ​បរិសុទ្ធ ឬ​សកម្ម​ពល​នៃ​ព្រះ ដោយ​ប្រព្រឹត្ត​ទាំង​ចិត្ត​រឹងរូស​ប្រឆាំង​នឹង​ការ​សម្ដែង​និង​ការ​ដឹក​នាំ​នៃ​វិញ្ញាណ​បរិសុទ្ធ នឹង​មិន​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ។ (ម៉ាថាយ ២៣:​១៥, ៣៣; ហេព្រើរ ៦:​៤​-​៦) ប្រាកដ​ហើយ ព្រះ​នឹង​សម្រេច​ថា​អ្នក​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ។ ប៉ុន្តែ​នឹង​មាន​ពីរ​ក្រុម​ផ្សេង​គ្នា​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​—⁠គឺ​«មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត»។ (កិច្ចការ ២៤:⁠១៥) ពីព្រោះ​នឹង​មាន​របៀប​រៀប​រយ យើង​អាច​សន្និដ្ឋាន​ដោយ​សម​ហេតុ​ផល​ថា ក្រុម​ទី​មួយ​ដែល​នឹង​ទទួល​ស្វាគមន៍​ឲ្យ​មាន​ជីវិត​ឡើង​វិញ​នៅ​លើ​ផែនដី គឺ​ជា​ពួក​សុចរិត​គឺ​អស់​អ្នក​ដែល​បាន​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់។​—⁠ហេព្រើរ ១១:​៣៥​-​៣៩

១៦​. (ក) តើ​អ្នក​ណា​ដែល​នៅ​ក្នុង​ចំណោម​«ពួក​សុចរិត»​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី? (ខ) តើ​ពួក​ស្មោះ​ត្រង់​មួយ​ណា​ពី​បុរាណ ដែល​អ្នក​ចង់​ជួប​ជា​ពិសេស ហើយ​ហេតុ​អ្វី?

១៦ ជាជាង​ឮ​ដំណឹង​អំពី​សង្គ្រាម មហន្តរាយ និង​សេចក្ដី​ស្លាប់ ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នឹង​ទទួល​សេចក្ដី​រាយ​ការណ៍​ដ៏​អស្ចារ្យ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ជា​ការ​រំភើប​ចិត្ត​ណាស់ ដោយ​បាន​ដឹង​អំពី​ការ​រស់​ឡើង​វិញ​នៃ​បុរស​និង​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់ ដូច​ជា អេបិល ហេណុក ណូអេ អ័ប្រាហាំ សារ៉ា យ៉ូប ម៉ូសេ នាង​រ៉ាហាប នាងរស់ ដាវីឌ អេលីយ៉ា និង​នាងអេសធើរ។ ហេតុ​ការណ៍​ប្រវត្ដិសាស្ត្រ​ពិត​ដ៏​រំភើប​ចិត្ត​អ្វី​ម្ល៉េះ ដែល​ពួក​គេ​នឹង​សម្ដែង​ប្រាប់ កាល​ដែល​ពួក​គេ​រៀប​រាប់​នូវ​ប្រវត្ដិ​ដ៏​ល្អិតល្អន់​អំពី​ដំណើរ​រឿង​ព្រះ​គម្ពីរ​ជា​ច្រើន​នោះ! ច្បាស់​ណាស់ ពួក​គេ​និង​ពួក​សុចរិត​ជា​ច្រើន​នាក់​ដែល​បាន​ស្លាប់​ទៅ​នៅ​ពេល​ថ្មី⁠ៗនេះ ក៏​មាន​ចិត្ត​ចង់​ដឹង​ដែរ​អំពី​ទីបញ្ចប់​នៃ​របប​របស់​សាតាំង និង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ ហើយ​ជម្រះ​អធិបតេយ្យភាព​របស់​ទ្រង់​ឲ្យ​ស្រឡះ​ពី​ទោស​កំហុស​គ្រប់​បែប​យ៉ាង។

១៧​. តើ​ជំនួយ​អ្វី​ដែល​ពួក​ស្មោះ​ត្រង់​នឹង​ផ្ដល់​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៧ ពួក​ស្មោះ​ត្រង់​ទាំង​នេះ​នឹង​មាន​ប្រយោជន៍​ណាស់ ក្នុង​គ្រា​ដែល​ក្រុម​បន្ទាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គឺ​ពេល​ដែល​«ពួក​ទុច្ចរិត»​រាប់​ពាន់​លាន​នាក់ បាន​ត្រូវ​ដោះ​លែង​ឲ្យ​រួច​ពី​ចំណង​មរណៈ​មក! មនុស្ស​ជាតិ​ភាគ​ច្រើន​មិន​ដែល​មាន​ឱកាស​ស្គាល់​ព្រះ​យេហូវ៉ា​សោះ។ សាតាំង​បាន​‹ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​គេ​ស្រពិល›។ (កូរិនថូសទី២ ៤:⁠៤) ប៉ុន្តែ ផល​អាក្រក់​នៃ​ស្នា​ដៃ​របស់​អារក្ស​នឹង​ត្រូវ​កែ​ឡើង​វិញ។ ពួក​ទុច្ចរិត​នឹង​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​ដ៏​ល្អ​ស្អាត​និង​សុខ​ក្សេមក្សាន្ត។ ពួក​គេ​នឹង​បាន​ទទួល​ស្វាគមន៍​ដោយ​មនុស្ស​ដែល​បាន​ត្រូវ​ចាត់​ចែង​រៀប​ចំ​យ៉ាង​ល្អ ដើម្បី​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​ដែល​កំពុង​សោយ​រាជ្យ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ កាល​ដែល​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​ស្គាល់​ហើយ​ស្រឡាញ់​ព្រះ​អាទិទេព​របស់​គេ នោះ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​នឹង​ជ្រួត​ជ្រាប​ផែនដី ក្នុង​របៀប​ដែល​មិន​ដែល​មាន​តាំង​ពី​មុន​មក។

១៨​. តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​ដូច​ម្ដេច ពេល​អ្នក​ទទួល​ស្វាគមន៍​ពួក​ស្ងួនភ្ងា​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៨ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ធ្វើ​ឲ្យ​ចិត្ត​យើង​បាន​សប្បាយ​រីករាយ​អ្វី​ម្ល៉េះ​ហ្ន៎! តើ​អ្នក​ណា​ដែល​មិន​ធ្លាប់​បាន​រង​ទុក្ខ​ដោយ​ព្រោះ​សេចក្ដី​ស្លាប់​ដែល​ជា​សត្រូវ​របស់​យើង​នោះ? ប្រាកដ​ណាស់ តើ​ចិត្ត​អ្នក​ណា​មួយ​ដែល​មិន​ដែល​ត្រូវ​បំបែក​បំបាក់ ពេល​ដែល​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​ឬ​មិត្តភាព​បាន​ត្រូវ​បណ្ដាច់​ទៅ កាល​ដែល​ជម្ងឺ ជរា​ភាព គ្រោះថ្នាក់ ឬ​អំពើ​ឃោរឃៅ​ទាមទារ​យក​ជីវិត​នៃ​ពួក​អ្នក​ជា​ទី​ស្រឡាញ់​នោះ? ដូច្នេះ សូម​នឹក​គិត​មើល នូវ​អំណរ​នៃ​ការ​ជួបជុំ​គ្នា​វិញ​ក្នុង​សួន​មនោរម្យ។ ម្ដាយ​ឪពុក កូន​ប្រុស​កូន​ស្រី បងប្អូន​ញាតិ​មិត្ត នឹង​រត់​ចំហ​​ដៃ​មក​ឱប​គ្នា សើច​ផង​យំ​ផង​ដោយ​សេចក្ដី​អំណរ។

សេចក្ដី​គ្រប់​ល័ក្ខណ៍​នៅ​ទីបំផុត!

១៩​. តើ​អព្ភូតហេតុ​អ្វី​នឹង​កើត​ឡើង​ក្នុង​គ្រា​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ?

១៩ ក្នុង​គ្រា​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ អព្ភូតហេតុ​ដ៏​អស្ចារ្យ​នឹង​កើត​ឡើង។ ចំពោះ​មនុស្ស​ជាតិ នេះ​គឺ​ប្រហែល​ជា​ទិដ្ឋភាព​រំភើប​បំផុត​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ។ ព្រះ​យេហូវ៉ា​នឹង​បង្គាប់​ព្រះ​រាជ្យ​បុត្រា​ទ្រង់ ឲ្យ​ប្រទាន​ផល​ប្រយោជន៍​នៃ​យញ្ញបូជា​លោះ​ដល់​មនុស្ស​ប្រុស​ស្រី​ទាំង​អស់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​និង​ស្ដាប់​បង្គាប់។ តាម​របៀប​នេះ បាប​ទាំង​អស់​នឹង​ត្រូវ​ដក​ចេញ ហើយ​មនុស្ស​ជាតិ​នឹង​បាន​ក្លាយ​ទៅ​ជា​គ្រប់​ល័ក្ខណ៍។​—⁠យ៉ូហានទី១ ២:២; វិវរណៈ ២១:​១​-​៤

២០​. (ក) តើ​សេចក្ដី​គ្រប់​ល័ក្ខណ៍​មាន​ន័យ​យ៉ាង​ណា? (ខ) នៅ​ពេល​ណា​ដែល​ពួក​មាន​ជីវិត​រស់​រាន​ពី​អើម៉ាគេដូន​និង​ពួក​ដែល​ប្រោស​ឲ្យ​រស់​ឡើង​វិញ ចាប់​ផ្ដើម​រស់​នៅ​ក្នុង​ន័យ​ពេញលេញ?

២០ សេចក្ដី​គ្រប់​ល័ក្ខណ៍! តើ​នេះ​មាន​ន័យ​យ៉ាង​ណា? នេះ​នឹង​មាន​ន័យ​ថា ត្រឡប់​មក​ឯ​ជីវិត​ដែល​អ័ដាម​និង​អេវ៉ា​ធ្លាប់​បាន​សប្បាយ មុន​ពេល​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ខាង​រូប​កាយ ខាង​គំនិត ខាង​ចិត្ត ខាង​សីលធម៌ ខាង​វិញ្ញាណ​—⁠ក្នុង​របៀប​គ្រប់​យ៉ាង​ដែល​យើង​អាច​គិត​ដល់​—⁠មនុស្ស​គ្រប់​ល័ក្ខណ៍​នឹង​បាន​ល្អ​គ្រប់​សព្វ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​ទាំង​ស្រុង។ ប៉ុន្តែ តើ​មនុស្ស​ទាំង​អស់​នៅ​ពេល​នោះ​នឹង​ដូច​គ្នា​សុទ្ធសាធ​ឬ? គឺ​មិន​មែន​សោះ​ឡើយ! របស់​ព្រះ​យេហូវ៉ា​បាន​បង្ក​បង្កើត​មក​—⁠ដើម​ឈើ ផ្កា សត្វ—​ទាំង​អស់​សុទ្ធតែ​បង្រៀន​យើង​ថា ទ្រង់​ស្រឡាញ់​របស់​ច្រើន​យ៉ាង។ មនុស្ស​គ្រប់​ល័ក្ខណ៍​នឹង​មាន​បុគ្គលិកលក្ខណៈ​និង​ការ​ប៉ិនប្រសប់​ខុស⁠ៗគ្នា។ មនុស្ស​ម្នាក់⁠ៗនឹង​បាន​សប្បាយ​នឹង​ជីវិត​ដូច​ព្រះ​ទ្រង់​បាន​មាន​បំណង​មក។ វិវរណៈ ២០:៥ ចែង​ថា⁠៖ «មនុស្ស​ស្លាប់​ឯ​ទៀត មិន​បាន​រស់​វិញ​ទេ ទាល់តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ»។ ដូច​ពួក​ហ្វូង​ធំ​ដែល​មាន​ជីវិត​រស់​រាន​ពី​សង្គ្រាម​អើម៉ាគេដូន ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នឹង​មាន​ជីវិត​រស់​នៅ​ពេញ​កំរិត ពេល​ដែល​ពួក​គេ​ឈោង​ដល់​សេចក្ដី​គ្រប់​ល័ក្ខណ៍​ដ៏​គ្មាន​បាប​សោះ។

២១​. (ក) តើ​អ្វី​នឹង​កើត​ឡើង​នៅ​ទីបញ្ចប់​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ? (ខ) នៅ​­ទីបំផុត តើ​អ្វី​នឹង​កើត​ឡើង​ដល់​សាតាំង​និង​ពួក​អ្នក​ដែល​ចូល​ខាង​វា?

២១ មនុស្ស​គ្រប់​ល័ក្ខណ៍​នឹង​ប្រឈម​នឹង​ការ​ល្បង​ចុង​ក្រោយ​មួយ។ នៅ​ចុង​គ្រា​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ សាតាំង​និង​ពួក​បិសាច​របស់​វា​នឹង​ត្រូវ​ពន្លែង​ចេញ​ពី​ជង្ហុក​ធំ​មក​មួយ​រយៈ​ខ្លី ហើយ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​បំបែរ​មនុស្ស​ជា​លើក​ចុង​ក្រោយ​ឲ្យ​ចេញ​ពី​ព្រះ​យេហូវ៉ា។ អ្នក​ខ្លះ​នឹង​ទុក​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​គប្បី​ខ្ពស់​ជាង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ប៉ុន្តែ​ការ​បះបោរ​នេះ​នឹង​មាន​នៅ​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។ ព្រះ​យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ពួក​មាន​ចិត្ត​កំណាញ់​ទាំង​នេះ​ជា​មួយ​សាតាំង​និង​ពួក​បិសាច​របស់​វា។ អស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ពេល​នោះ នឹង​លែង​មាន​ទៀត​ហើយ​ជា​រៀង​រហូត​ត​ទៅ។​—⁠វិវរណៈ ២០:​៧​-​១០

តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

២២​. តើ​អ្នក​ទន្ទឹង​ចាំ​ចង់​ធ្វើ​អ្វី​ក្នុង​សួន​មនោរម្យ?

២២ ភាព​អស់កល្ប​ជានិច្ច​នឹង​លាត​ត្រដាង នៅ​ពី​មុខ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះយេហូវ៉ា និង​រស់​នៅ​លើ​ផែនដី​មនោរម្យ។ យើង​រក​នឹក​គិត​មិន​ដល់​ឡើយ​នូវ​អំណរ​របស់​ពួក​គេ ហើយ​អ្នក​វិញ​ក៏​អាច​មាន​ចំណែក​នេះ​ដែរ។ ភ្លេង គំនូរ សិល្ប​វត្ថុ​—⁠ការ​សម្រេច​របស់​មនុស្ស​ជាតិ​ដ៏​គ្រប់​ល័ក្ខណ៍​នឹង​ល្អ​លើស​ស្នា​ដៃ​នៃ​ពួក​ជាង​ជំនាញ​ក្នុង​លោកីយ៍​ចាស់​នេះ​ទៅ​ទៀត! ម្យ៉ាង​ទៀត មនុស្ស​នឹង​បាន​គ្រប់​ល័ក្ខណ៍ ហើយ​ពួក​គេ​នឹង​មាន​ពេល​វេលា​វែង​ទៅ​មុខ​មិន​ចេះ​ដាច់​សោះ​ឡើយ។ សូម​គិត​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ ដោយ​ខ្លួន​អ្នក​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍។ សូម​នឹក​គិត​ដែរ​អំពី​ចំណេះ​ដែល​អ្នក​និង​មនុស្ស​គ្នីគ្នា​ឯ​ទៀត​នឹង​ទទួល​អំពី​របស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ក​បង្កើត​មក​—⁠គឺ​តាំង​ពី​តារាវលី​រាប់​រយ​កោដិ​ដែល​លាត​សន្ធឹង​ពេញ​សកលលោក រហូត​ដល់​ចុណ្ណ​ភាគ​តូច​ល្អិត​ជាង​បរមាណូ​ទៅ​ទៀត។ អ្វី⁠ៗ​ដែល​មនុស្ស​ជាតិ​បាន​សម្រេច​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា ព្រះ​វរបិតា​ស្ថានសួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង​បាន​គាប់​ព្រះ​ហឫទ័យ​ថែម​ទៀត។​—⁠ទំនុកដំកើង ១៥០:​១​-​៦

២៣​. ហេតុ​អ្វី​ក៏​ជីវិត​ក្នុង​សួន​មនោរម្យ​មិន​ដែល​ធុញទ្រាន់​សោះ?

២៣ ជីវិត​នៅ​ពេល​នោះ​គឺ​មិន​មែន​ធុញទ្រាន់​ទេ។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ​មុខ ជីវិត​នឹង​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ឡើង។ អ្នក​ឃើញ​ទេ ចំណេះ​អំពី​ព្រះ​គឺ​គ្មាន​ទីបញ្ចប់​ទេ។ (រ៉ូម ១១:⁠៣៣) អស់​ទាំង​កល្ប​ជានិច្ច នោះ​តែង​មាន​របស់​ជា​ច្រើន​ទៀត​ដែល​យើង​នឹង​រៀន​ចេះ និង​កន្លែង​ផ្សេង​ទៀត​ដែល​យើង​នឹង​រុករក។ (សាស្ដា ៣:⁠១១) ហើយ​កាល​ដែល​អ្នក​រៀន​អំពី​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត នោះ​អ្នក​នឹង​តែង​មាន​ជីវិត​រស់​នៅ​—⁠ជា​រៀង​រហូត​ត​ទៅ មិន​មែន​គ្រាន់​តែ​ពីរបី​ឆ្នាំ​ប៉ុណ្ណោះ​ទេ!​—⁠ទំនុកដំកើង ២២:⁠២៦

២៤, ២៥​. ហេតុ​អ្វី​ក៏​ឥឡូវ​នេះ​អ្នក​គួរ​រស់​នៅ​ឲ្យ​ស្រប​តាម​ចំណេះ​អំពី​ព្រះ?

២៤ តើ​អនាគត​ដ៏​សប្បាយ​រីករាយ​លើ​ផែនដី​មនោរម្យ មិន​មែន​ជា​អ្វី​ដែល​សម​ឲ្យ​អ្នក​ខំ​ខ្នះខ្នែង​ឬ​ខំ​បូជា​ដើម្បី​ឲ្យ​បាន​ទទួល​ទេ​ឬ? គឺ​សម​ជា​ប្រាកដ​ហើយ! ព្រះ​យេហូវ៉ា​បាន​ប្រទាន​កូនសោ​សំរាប់​អនាគត​ដ៏​រុងរឿង​នេះ​ដល់​អ្នក។ កូនសោ​នោះ​គឺ​ជា​ចំណេះ​អំពី​ព្រះ។ តើ​អ្នក​នឹង​ប្រើ​កូនសោ​នោះ​ឬ​ទេ?

២៥ ប្រសិន​បើ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់។ (យ៉ូហានទី១ ៥:⁠៣) កាល​ដែល​អ្នក​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់ នោះ​អ្នក​នឹង​ពិសោធ​នឹង​ពរ​ដ៏​ល្អ​ជា​ច្រើន! ប្រសិន​បើ​អ្នក​អនុវត្ត​តាម​ចំណេះ​អំពី​ព្រះ នោះ​អ្នក​បាន​ជីវិត​កាន់​តែ​សប្បាយ​ឡើង សូម្បី​ក្នុង​ពិភពលោក​ដ៏​មាន​បញ្ហា​នេះ។ ហើយ​ឯ​រង្វាន់​នៅ​អនាគត​គឺ​ធំ​ក្រៃលែង ដ្បិត​នេះ​ជា​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច! ឥឡូវ​នេះ ជា​ពេល​ត្រឹម​ត្រូវ​ដែល​អ្នក​ត្រូវ​ចាត់​វិធានការ។ សូម​ប្ដេជ្ញា​រស់​នៅ​ឲ្យ​ស្រប​តាម​ចំណេះ​អំពី​ព្រះ។ សូម​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​លើក​កិត្ដិយស​ដល់​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់ ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា​សាតាំង​ជា​អ្នក​កុហក​វិញ។ ក្រោយ​មក ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​ប្រាជ្ញា​និង​ចំណេះ នឹង​បាន​ត្រេកអរ​ចំពោះ​អ្នក​ក្នុង​ព្រះទ័យ​ដ៏​ល្អ ដ៏​ស្រឡាញ់​របស់​ទ្រង់។ (យេរេមា ៣១:៣; សេផានា ៣:⁠១៧) ហើយ​ទ្រង់​នឹង​ស្រឡាញ់​អ្នក​ជានិច្ច​រហូត​ត​ទៅ!

សាកល្បង​ចំណេះ​របស់​អ្នក

តើ​អ្វី​ជា​ជីវិត​«ពិត​ប្រាកដ»?

ក្រោយ​ពេល​សង្គ្រាម​អើម៉ាគេដូន តើ​នឹង​មាន​អ្វី​កើត​ឡើង​លើ​ផែនដី?

តើ​អ្នក​ណា​នឹង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែនដី?

តើ​តាម​របៀប​ណា​ដែល​មនុស្ស​ជាតិ​នឹង​ក្លាយ​ទៅ​ជា​គ្រប់​ល័ក្ខណ៍ហើយ​ក្រោយ​បំផុត​នឹង​ត្រូវ​ល្បង​នោះ?

តើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា អំពី​សួន​មនោរម្យ?

[រូបភាព​នៅ​ទំព័រ​១៨៨, ១៨៩]

តើ​អ្នក​សង្ឃឹម​ថា​បាន​រស់​នៅ​ក្នុង​សួន​មនោរម្យ​ឬ​ទេ ពេល​ដែល​ចំណេះ​អំពី​ព្រះ​ជ្រួត​ជ្រាប​ពេញ​ផែនដី​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក