មេរៀនទី១១
ជំនឿនិងទំនៀមទម្លាប់ដែលមិនផ្គាប់ព្រះហឫទ័យព្រះ
តើមានជំនឿនិងទំនៀមទម្លាប់បែបណាខ្លះដែលខុស? (១)
តើគ្រីស្ទានគួរជឿថាព្រះគឺជាព្រះត្រីឯកភាពឬ? (២)
ហេតុអ្វីក៏គ្រីស្ទានពិតមិនធ្វើបុណ្យណូអែល បុណ្យអ៊ីស្ទើរ៍ ឬបុណ្យថ្ងៃកំណើត? (៣, ៤)
តើមនុស្សស្លាប់អាចធ្វើទុក្ខដល់មនុស្សរស់បានទេ? (៥) តើព្រះយេស៊ូបានសោយទិវង្គតលើឈើឆ្កាងឬ? (៦)តើការផ្គាប់ព្រះហឫទ័យព្រះគឺសំខាន់យ៉ាងណា? (៧)
១. មិនមែនជំនឿនិងទំនៀមទម្លាប់ទាំងអស់សុទ្ធតែអាក្រក់នោះទេ។ ប៉ុន្តែ ព្រះមិនយល់ព្រមទទួលស្គាល់ទេ បើសិនជាជំនឿនិងទំនៀមទម្លាប់ទាំងនេះ គឺមកពីសាសនាក្លែងក្លាយ ឬក៏ប្រឆាំងនឹងសេចក្ដីបង្រៀនព្រះគម្ពីរ។—ម៉ាថាយ ១៥:៦
២. ព្រះត្រីឯកភាព៖ តើព្រះយេហូវ៉ាជាព្រះត្រីឯកភាពឬ—គឺថាមានបីអង្គក្នុងព្រះតែមួយនោះ? គឺមិនមែនទេ! ព្រះយេហូវ៉ាដ៏ជាព្រះវរបិតាគឺជា«ព្រះពិតតែ១»។ (យ៉ូហាន ១៧:៣; ម៉ាកុស ១២:២៩) ព្រះយេស៊ូគឺជារាជបុត្រាច្បងរបស់ព្រះអង្គ ហើយទ្រង់ស្ថិតនៅក្រោមអំណាចនៃព្រះ។ (កូរិនថូសទី១ ១១:៣) ព្រះវរបិតាគឺធំជាងរាជបុត្រា។ (យ៉ូហាន ១៤:២៨) វិញ្ញាណបរិសុទ្ធមិនមែនជាបុគ្គលមួយរូបទេ គឺជាសកម្មពលរបស់ព្រះវិញ។—លោកុប្បត្តិ ១:២; កិច្ចការ ២:១៨
៣. បុណ្យណូអែលនិងបុណ្យអ៊ីស្ទើរ៍៖ ព្រះយេស៊ូមិនបានចាប់កំណើតនៅថ្ងៃទី២៥ ខែធ្នូនោះទេ។ ទ្រង់បានចាប់កំណើតប្រហែលនៅថ្ងៃទី១ ខែតុលា ជាគ្រានៃឆ្នាំដែលពួកអ្នកគង្វាលទុកហ្វូងសត្វចិញ្ចឹមរបស់គេនៅឯវាលខាងក្រៅក្រោលនៅពេលយប់។ (លូកា ២:៨-១២) ព្រះយេស៊ូមិនដែលបានបញ្ជាពួកគ្រីស្ទានឲ្យធ្វើបុណ្យនៃកំណើតរបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលប្រាប់ពួកសិស្សទ្រង់ឲ្យធ្វើពិធីបុណ្យរំឭកឬចងចាំការសោយទិវង្គតរបស់ទ្រង់។ (លូកា ២២:១៩, ២០) បុណ្យណូអែលនិងទំនៀមទម្លាប់បុណ្យនេះគឺមកពីសាសនាក្លែងក្លាយជំនាន់បុរាណ។ ទំនៀមទម្លាប់បុណ្យអ៊ីស្ទើរ៍ដូចជាការប្រើស៊ុតនិងទន្សាយក៏ដូច្នោះដែរ។ គ្រីស្ទានជំនាន់ដើមមិនបានធ្វើបុណ្យណូអែលឬបុណ្យអ៊ីស្ទើរ៍ទេ ហើយគ្រីស្ទានពិតសព្វថ្ងៃនេះក៏មិនធ្វើបុណ្យទាំងនេះដែរ។
៤. ថ្ងៃកំណើត៖ មានតែពិធីបុណ្យថ្ងៃកំណើតពីរទេ ដែលរៀបរាប់ក្នុងព្រះគម្ពីរ ដែលធ្វើឡើងដោយអ្នកដែលមិនថ្វាយបង្គំព្រះយេហូវ៉ា។ (លោកុប្បត្តិ ៤០:២០-២២; ម៉ាកុស ៦:២១, ២២ ២៤-២៧) គ្រីស្ទានជំនាន់ដើមមិនធ្វើបុណ្យថ្ងៃកំណើតទេ។ ទំនៀមទម្លាប់នៃការធ្វើបុណ្យថ្ងៃកំណើតគឺមកពីសាសនាក្លែងក្លាយជំនាន់បុរាណ។ ពួកគ្រីស្ទានពិតឲ្យជំនូនគ្នាហើយសប្បាយកំសាន្តកាយជាមួយគ្នានៅថ្ងៃផ្សេងៗឯទៀតនៃឆ្នាំ។
៥. ការខ្លាចដល់មនុស្សស្លាប់៖ មនុស្សស្លាប់មិនអាចធ្វើអ្វីបានឬដឹងយល់អ្វីឡើយ។ យើងមិនអាចជួយពួកមនុស្សស្លាប់បានទេ ហើយពួកគេក៏មិនអាចធ្វើទុក្ខយើងបានដែរ។ (ទំនុកដំកើង ១៤៦:៤; សាស្ដា ៩:៥, ១០) ព្រលឹងគឺស្លាប់បាន វាឥតរស់នៅបន្តទៅទៀតឡើយក្រោយពេលបានស្លាប់ហើយនោះ។ (អេសេគាល ១៨:៤) ប៉ុន្តែ ជួនកាលពួកទេវតាអាក្រក់ដែលហៅថាពួកអារក្ស តាំងខ្លួនធ្វើជាវិញ្ញាណនៃមនុស្សស្លាប់។ ទំនៀមទម្លាប់ណាដែលមានទាក់ទងនឹងការខ្លាចដល់ឬការថ្វាយបង្គំមនុស្សស្លាប់ នោះគឺខុសហើយ។—អេសាយ ៨:១៩
៦. ឈើឆ្កាង៖ ព្រះយេស៊ូមិនបានសោយទិវង្គតលើឈើឆ្កាងទេ។ ទ្រង់បានសោយទិវង្គតលើបង្គោលឬសសរ។ ពាក្យក្រិកដែលបកប្រែជា«ឈើឆ្កាង»នៅក្នុងព្រះគម្ពីរជាច្រើនមានន័យថាជាឈើមួយដើមប៉ុណ្ណោះ។ សញ្ញាឈើឆ្កាងគឺមកពីសាសនាក្លែងក្លាយជំនាន់បុរាណ។ ឈើឆ្កាងគឺឥតមានប្រើឬយកមកថ្វាយបង្គំដោយពួកគ្រីស្ទានជំនាន់ដើមឡើយ។ ដូច្នេះ តើអ្នកគិតថាប្រើឈើឆ្កាងក្នុងការថ្វាយបង្គំគឺជាការត្រឹមត្រូវឬ?—ចោទិយកថា ៧:២៦; កូរិនថូសទី១ ១០:១៤
៧. ប្រហែលជាពិបាកណាស់ក្នុងការលះបង់ជំនឿនិងទំនៀមទម្លាប់ទាំងនេះចោល។ ពួកបងប្អូនញាតិមិត្តទាំងឡាយប្រហែលខំពន្យល់បញ្ចុះបញ្ចូលមិនឲ្យអ្នកប្ដូរជំនឿរបស់អ្នក។ ប៉ុន្តែរកផ្គាប់ព្រះហឫទ័យនៃព្រះគឺសំខាន់ជាងផ្គាប់ចិត្តរបស់មនុស្ស។—សុភាសិត ២៩:២៥; ម៉ាថាយ ១០:៣៦, ៣៧
[រូបភាពនៅទំព័រ២២]
ព្រះមិនមែនជាព្រះត្រីឯកភាពទេ
[រូបភាពនៅទំព័រ២៣]
បុណ្យណូអែលនិងបុណ្យអ៊ីស្ទើរ៍គឺមកពីសាសនាក្លែងក្លាយជំនាន់បុរាណ
[រូបភាពនៅទំព័រ២៣]
គ្មានមូលហេតុអ្វីដែលយើងគួរថ្វាយបង្គំឬខ្លាចដល់ពួកមនុស្សស្លាប់ឡើយ