ព្រះយេស៊ូគ្រីស្ទ តើទ្រង់ជាអ្នកណា?
«សូម្បីតែមនុស្សជាច្រើន ដែលមិនមែនជាគ្រីស្ទាន ក៏ជឿថា ទ្រង់ជាគ្រូដ៏ឧត្តមនិងប្រកបដោយប្រាជ្ញាដែរ។ ទ្រង់ប្រាកដជាបុគ្គលម្នាក់ ដែលធ្លាប់រស់នៅ ហើយមានអានុភាពយ៉ាងខ្លាំងលើគេ»។ (សព្វវចនាធិប្បាយសៀវភៅពិភពលោក) តើ«ទ្រង់»ជាអ្នកណា? គឺជាព្រះយេស៊ូគ្រីស្ទ ជាអ្នកដែលបង្កើតសាសនាគ្រីស្ទាន។ តើអ្នកស្គាល់ទ្រង់ជាអ្នកណាទេ? តើទ្រង់មានអានុភាពលើជីវិតរបស់អ្នកតាមរបៀបណាមួយឬទេ?
ព្រឹត្ដិការណ៍នៃកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូ បានត្រូវកត់ទុកក្នុងព្រះគម្ពីរ ជាឯកសារប្រវត្ដិបួនច្បាប់ ដែលបានត្រូវហៅថាដំណឹងល្អ។ តើដំណើររឿងទាំងនេះត្រឹមត្រូវយ៉ាងណាដែរ? ក្រោយពីបានពិនិត្យមើលសៀវភៅទាំងនេះ នោះអ្នកប្រវត្ដិសាស្ត្រដ៏ល្បីម្នាក់ឈ្មោះ វិល ដូរេន បានសរសេរថា៖ «ដែលមនុស្សដ៏តូចតាចបីបួននាក់ នោះក្នុងតំណតែមួយអាចបង្កើតបាន បុគ្គលិកលក្ខណៈមួយដ៏ខ្លាំងក្លានិងដ៏ចូលចិត្តទៀតនោះ ហើយការប្រព្រឹត្តដែលថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់ ព្រមទាំងមានមតិដែលនាំឲ្យផុសគំនិតខាងឯភាតរភាពមនុស្ស នោះនឹងជាអព្ភូតហេតុ ដ៏អស្ចារ្យជាងអព្ភូតហេតុណា ដែលបានកត់ទុកក្នុងសៀវភៅដំណឹងល្អ»។
ប៉ុន្តែចំពោះមនុស្សជាច្រើនលាននាក់នៅបូព៌ាប្រទេស និងកន្លែងផ្សេងៗទៀត នោះព្រះយេស៊ូគ្រីស្ទជាបុគ្គលដែលគេមិនស្គាល់ទេ។ ពួកគេប្រហែលជាជឿថាទ្រង់ធ្លាប់រស់មែន ប៉ុន្តែពួកគេគិតថា ទ្រង់គ្មានទំនាក់ទំនងនឹងជីវិតរបស់គេឡើយ។ ពួកអ្នកឯទៀតចាត់ទុកចំពោះព្រះយេស៊ូ ថាមិនគួរនឹងគេយកចិត្តទុកដាក់នោះទេ ដោយព្រោះនូវអ្វីដែលពួកអ្នកដែលអះអាងថាកាន់តាមទ្រង់បានធ្វើនោះ។ មនុស្សខ្លះនៅប្រទេសជប៉ុននឹងនិយាយថា ‹ពួកគ្រីស្ទានបានទម្លាក់គ្រាប់បែកបរមាណូទៅលើក្រុងណាហ្កាសាគី ដែលជាទីក្រុងមួយ ដែលមានពួកអ្នកកាន់សាសនាគ្រីស្ទានច្រើនជាង ទីក្រុងភាគច្រើននៅក្នុងប្រទេសជប៉ុន›។
ក៏ប៉ុន្តែ តើអ្នកនឹងបន្ទោសគ្រូពេទ្យចំពោះការឈឺថ្កាត់របស់អ្នកជម្ងឺឬ បើសិនជាអ្នកជម្ងឺឥតបានធ្វើតាមសំបុត្រទិញថ្នាំនោះ? ប្រាកដជាមិនអ៊ីចឹងទេ។ ពួកមនុស្សនៅក្នុងពិភពគ្រីស្ទសាសនា បានឥតអើពើយ៉ាងយូរហើយនូវសំបុត្រទិញថ្នាំ ដែលព្រះយេស៊ូបានប្រទាន ដើម្បីឲ្យដោះស្រាយនឹងបញ្ហាដែលគេមានជារៀងរាល់ថ្ងៃនោះ។ ដូច្នេះ ជាជាងបដិសេធនឹងព្រះយេស៊ូ ដោយព្រោះពួកខ្លះដែលអះអាងជាគ្រីស្ទាន ឥតបានធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់នោះ សូមអញ្ជើញរៀនអ្វីខ្លះអំពីទ្រង់ដោយខ្លួនអ្នកផ្ទាល់ទៅ។ ចូរពិនិត្យមើលព្រះគម្ពីរ ហើយមើលថាតើព្រះយេស៊ូពិតជាអ្នកណា និងពីរបៀបដែលទ្រង់ព្រមទាំងអាចកែប្រែជីវិតរបស់អ្នកផងដែរ។
សេចក្ដីស្រឡាញ់ គឺជាសំបុត្រទិញថ្នាំរបស់ទ្រង់
ព្រះយេស៊ូគ្រីស្ទជាគ្រូដ៏ឧត្តម ដែលបានរស់នៅក្នុងស្រុកប៉ាឡេស្ទីន ជិត២.០០០ឆ្នាំកន្លងទៅហើយ។ យើងមិនសូវដឹងប៉ុន្មានអំពីកុមារភាពរបស់ទ្រង់ទេ។ (ម៉ាថាយ ជំពូក១និងជំពូក២; លូកា ជំពូក១និងជំពូក២) នៅពេលដែលទ្រង់មានព្រះជន្មាយុ៣០ព្រះវស្សា នោះព្រះយេស៊ូបានចាប់ផ្ដើមកិច្ចបំរើរបស់ទ្រង់ ដើម្បី«ធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧; លូកា ៣:២១-២៣) ពួកអ្នករាយការណ៍បួននាក់ ខាងឯប្រវត្ដិជីវិតរបស់ព្រះយេស៊ូ នោះបានបញ្ជាក់ពីកិច្ចបំរើផ្សាយបីឆ្នាំកន្លះចុងក្រោយ នៃការគង់នៅលើផែនដីយ៉ាងបណ្ដោះអាសន្នរបស់ទ្រង់។
នៅក្នុងកំឡុងកិច្ចបំរើរបស់ទ្រង់ នោះព្រះយេស៊ូបានប្រទានឲ្យពួកសិស្សទ្រង់នូវកូនសោ ដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិតរបស់គេ។ តើអ្វីទៅជាកូនសោនោះ? នេះគឺជាសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទានដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្ដិសាស្ត្រ ដែលបានហៅថាជា ធម្មទាននៅលើភ្នំ នោះព្រះយេស៊ូបានបង្រៀនពួកសិស្សទ្រង់ នូវរបៀបបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្នីគ្នា។ ទ្រង់មានបន្ទូលថា៖ «ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថាយ ៧:១២) គោលការណ៍នេះគឺបានត្រូវហៅថាជាក្បួនមាត្រាមាស។ «មនុស្សលោក»ដែលព្រះយេស៊ូមានបន្ទូលសំដៅនេះ ក៏រួមបញ្ចូលពួកសត្រូវរបស់យើងដែរ។ នៅក្នុងធម្មទានដដែលនេះ ទ្រង់មានបន្ទូលថា៖ «ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ . . . ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ»។ (ម៉ាថាយ ៥:៤៤) តើសេចក្ដីស្រឡាញ់បែបនេះ នឹងដោះស្រាយបញ្ហាជាច្រើនដែលយើងជួបប្រទះសព្វថ្ងៃនេះឬទេ? មេដឹកនាំសាសនាហិណ្ឌូម្នាក់ឈ្មោះ មហាន់ដាស់ ហ្គានឌីបានគិតអ៊ីចឹងមែន។ គេបានដកស្រង់ពាក្យរបស់គាត់ ដែលថា៖ «ប្រសិនបើ[យើង]ប្រតិបត្ដិតាមសេចក្ដីបង្រៀននៃព្រះយេស៊ូ ដែលទ្រង់មានបន្ទូលនៅលើភ្នំនោះ . . . បញ្ហាពេញពិភពលោកក៏ដោះស្រាយរួចដែរ»។ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូអំពីសេចក្ដីស្រឡាញ់ បើអនុវត្តតាម នោះនឹងអាចប្រោសឲ្យជាពីទុក្ខលំបាករបស់មនុស្សលោកផងទាំងឡាយបាន។
សេចក្ដីស្រឡាញ់របស់ទ្រង់ដែលមានសកម្មភាព
ព្រះយេស៊ូបានប្រព្រឹត្តតាមអ្វីដែលទ្រង់បានបង្រៀន។ ទ្រង់បានទុកប្រយោជន៍នៃអ្នកឯទៀតមុននឹងប្រយោជន៍របស់ទ្រង់ផ្ទាល់ ហើយបានសម្ដែងសេចក្ដីស្រឡាញ់ដោយមានសកម្មភាព។ នៅថ្ងៃមួយ ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់កំពុងតែបំរើបណ្ដាជនជាច្រើន ដោយឥតបានសំរាកទទួលអាហារនោះទេ។ ព្រះយេស៊ូបានឃើញថា ពួកសិស្សរបស់ទ្រង់ត្រូវការ«ឈប់សំរាកបន្ដិចសិន» ដូច្នេះពួកគេក៏បានធ្វើដំណើរទៅកន្លែងដាច់ស្រយាលពីពួកបណ្ដាជន។ ប៉ុន្តែ ពួកបណ្ដាជនបានទៅដល់នោះមុនពួកគេ ហើយកំពុងតែរង់ចាំពួកគេផង។ តើអ្នកនឹងមានទឹកចិត្តយ៉ាងណាដែរ ប្រសិនបើអ្នកនៅក្នុងស្ថានភាពដូចព្រះយេស៊ូនោះ? ព្រះយេស៊ូ«មានព្រះហឫទ័យក្ដួលអាណិតដល់គេ» ហើយក៏«ទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន»។ (ម៉ាកុស ៦:៣០-៣៤) ព្រះហឫទ័យក្ដួលអាណិតដ៏ខ្លាំងនេះ បានជំរុញឲ្យទ្រង់ផ្ដល់ជំនួយចំពោះអ្នកដទៃ។
អ្វីដែលព្រះយេស៊ូបានធ្វើជាផលប្រយោជន៍ចំពោះអ្នកដទៃ នោះមិនគ្រាន់តែជាការបង្រៀនខាងវិញ្ញាណប៉ុណ្ណោះទេ។ ទ្រង់ក៏បានប្រទានជំនួយដែលមានប្រយោជន៍ដែរ។ ជាឧទាហរណ៍ ទ្រង់បានបំប៉នមនុស្សប្រុស៥.០០០នាក់ (ថែមពីលើពួកស្ត្រីនិងកូនក្មេង) ដែលបានស្ដាប់ទ្រង់រហូតដល់ថ្ងៃខ្ពស់នៅក្នុងថ្ងៃមួយ។ ទ្រង់បានបំប៉ន៤.០០០នាក់ទៀតនៅពេលក្រោយមក។ នៅលើកមុននោះ ទ្រង់បានប្រើនំប៉័ងប្រាំដុំនិងត្រីពីរ ហើយនៅពេលក្រោយមក ទ្រង់បានប្រើនំប៉័ងប្រាំពីរដុំនិងត្រីតូចតែប៉ុណ្ណោះ។ (ម៉ាថាយ ១៤:១៤-២១; ១៥:៣២-៣៨; ម៉ាកុស ៦:៣៥-៤៤; ៨:១-៩) អព្ភូតហេតុមែនឬ? ត្រូវហើយ ទ្រង់ជាអ្នកធ្វើឲ្យមានអព្ភូតហេតុមែន។
ព្រះយេស៊ូក៏បានប្រោសមនុស្សឈឺជាច្រើនដែរ។ ទ្រង់បានប្រោសមនុស្សខ្វាក់ មនុស្សពិការ មនុស្សឃ្លង់ និងមនុស្សថ្លង់ឲ្យជាដែរ។ ម៉េច! ទ្រង់ព្រមទាំងបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង! (លូកា ៧:២២; យ៉ូហាន ១១:៣០-៤៥) នៅពេលមួយ អ្នកឃ្លង់ម្នាក់បានអង្វរទ្រង់ថា៖ «បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ តើព្រះយេស៊ូបានតបឆ្លើយយ៉ាងដូចម្ដេច? ទ្រង់«ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា៖ ‹ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ›»។ (ម៉ាកុស ១:៤០, ៤១) ព្រះយេស៊ូបានត្រូវជំរុញ ដោយមានសេចក្ដីប្រាថ្នាខ្លាំងចង់ជួយពួកគេ។ តាមរយៈអព្ភូតហេតុបែបនេះ នោះទ្រង់បានសម្ដែងនូវសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកដែលរងទុក្ខវេទនា។
តើនេះគួរឲ្យពិបាកជឿឬទេ? ប៉ុន្តែ ព្រះយេស៊ូបានធ្វើអព្ភូតហេតុភាគច្រើននៅតាមសាធារណៈ។ សូម្បីតែពួកប្រឆាំងទ្រង់ ដែលបានខំរកកំហុសទ្រង់នៅគ្រប់លើកគ្រប់សា ក៏មិនអាចបដិសេធនូវហេតុការណ៍ពិត ដែលទ្រង់បានធ្វើអព្ភូតហេតុនោះដែរ។ (យ៉ូហាន ៩:១-៣៤) ម្យ៉ាងទៀត អព្ភូតហេតុរបស់ទ្រង់គឺមានបំណង។ អព្ភូតហេតុទាំងនោះបានជួយមនុស្សឲ្យសម្គាល់ព្រះយេស៊ូ ជាបុគ្គលដែលបានត្រូវបញ្ជូនមកដោយព្រះ។—យ៉ូហាន ៦:១៤
គ្រាន់តែពិនិត្យមើលយ៉ាងសង្ខេបអំពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ និងព្រះជន្មរបស់ទ្រង់ ធ្វើឲ្យយើងស្រឡាញ់ទ្រង់ ហើយនេះជំរុញយើងឲ្យចង់យកតម្រាប់តាមសេចក្ដីស្រឡាញ់របស់ទ្រង់។ ក៏ប៉ុន្តែ នោះគឺមិនគ្រាន់តែជាផ្លូវតែមួយ ដែលព្រះយេស៊ូមានឥទ្ធិពលលើជីវិតរបស់អ្នកនោះឡើយ។ ទ្រង់មិនគ្រាន់តែជាគ្រូដ៏ឧត្តមដែលបានបង្រៀនអំពីសេចក្ដីស្រឡាញ់នោះទេ។ ទ្រង់បានបញ្ជាក់ថា ទ្រង់ធ្លាប់រស់នៅមុនទ្រង់បានជាមនុស្ស ជារាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់។ (យ៉ូហាន ១:១៤; ៣:១៦; ៨:៥៨; ១៧:៥; យ៉ូហានទី១ ៤:៩) ហើយទ្រង់ក៏រស់នៅក្រោយពីទ្រង់ជាមនុស្សនោះដែរ ដែលធ្វើឲ្យទ្រង់កាន់តែមានសារ:សំខាន់ដល់អ្នកទៅទៀត។ ព្រះគម្ពីរបញ្ជាក់ថា ព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយឥឡូវនេះបានតាំងឡើងជាស្តេចនៅក្នុងព្រះរាជាណាចក្រនៃព្រះ។ (វិវរណៈ ១១:១៥) ព្រះយេស៊ូបានមានបន្ទូលថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, ព.ថ.; ២០:៣១) ប្រាកដហើយ ការទទួលចំណេះអំពីព្រះយេស៊ូគ្រីស្ទអាចមានន័យដល់ជីវិតដ៏មិនចេះចប់នៅក្នុងសួនមនោរម្យ។ តើនេះអាចមានន័យយ៉ាងដូចម្ដេច? សូមលោកអ្នកអញ្ជើញរៀនថែមទៀតអំពីព្រះយេស៊ូ ហើយមើលនូវរបៀបដែល«សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង»ឲ្យត្រាប់តាមទ្រង់នោះទៅ។ (កូរិនថូសទី២ ៥:១៤) ស្មរបន្ទាល់ព្រះយេហូវ៉ានឹងមានចិត្តដ៏រីករាយក្នុងការជួយលោកអ្នក។—យ៉ូហាន ១៣:៣៤, ៣៥
បើគ្មានសេចក្ដីបញ្ជាក់ថែមទៀតទេ នោះបទគម្ពីរនៅក្នុងសៀវភៅនេះ គឺបានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។ បើមាន«ព.ថ.»នៅបន្ទាប់ពីបទគម្ពីរណា នោះបញ្ជាក់ថាបទនោះបានដកស្រង់ចេញពីសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធជាភាសាអង់គ្លេស។