តើព្រះយេស៊ូអាចកែប្រែជីវិតរបស់អ្នកយ៉ាងដូចម្ដេច?
ព្រះយេស៊ូគ្រីស្ទជាគ្រូដ៏ឧត្តម ដែលបានរស់នៅក្នុងស្រុកប៉ាឡេស្ទីន ជិត២.០០០ឆ្នាំកន្លងទៅហើយ។ យើងមិនសូវដឹងប៉ុន្មានអំពីកុមារភាពរបស់ទ្រង់ទេ។ យ៉ាងណាក៏ដោយ គឺបានត្រូវបញ្ជាក់យ៉ាងល្អថា នៅពេលដែលទ្រង់មានព្រះជន្មាយុ៣០ព្រះវស្សា នោះទ្រង់បានចាប់ផ្ដើមកិច្ចបំរើរបស់ទ្រង់ ដើម្បី«ធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧; លូកា ៣:២១-២៣) ពួកសិស្សបួននាក់ ដែលបានសរសេរអំពីខ្សែជីវិតរបស់ព្រះយេស៊ូ នោះសំដៅទៅលើបីឆ្នាំកន្លះដែលមានជាលំដាប់នោះ។
នៅក្នុងកំឡុងកិច្ចបំរើរបស់ទ្រង់ នោះព្រះយេស៊ូបានប្រទានឲ្យពួកសិស្សទ្រង់នូវបញ្ញត្តមួយ ដែលអាចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងពិភពលោក។ តើបញ្ញត្តនោះជាអ្វីទៅ? ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។ (យ៉ូហាន ១៣:៣៤) ត្រូវហើយ សេចក្ដីដោះស្រាយនូវបញ្ហាជាច្រើនរបស់មនុស្សលោក គឺសេចក្ដីស្រឡាញ់។ នៅគ្រាមួយទៀត ពេលព្រះយេស៊ូបានត្រូវគេចោទសួរថាតើសេចក្ដីបង្គាប់មួយណាគឺសំខាន់ជាងគេបង្អស់ នោះទ្រង់បានតបឆ្លើយថា៖ « ‹ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង› នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា‹ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង› »។—ម៉ាថាយ ២២:៣៧-៤០
ព្រះយេស៊ូបានបង្ហាញដល់យើងតាមរយៈពាក្យសំដីនិងការប្រព្រឹត្ត នូវរបៀបឲ្យចេះស្រឡាញ់ព្រះនិងមនុស្សគ្នីគ្នា។ សូមឲ្យយើងពិនិត្យមើលនូវគំរូខ្លះៗ ហើយមើលថាតើយើងអាចរៀនអ្វីពីទ្រង់។
សេចក្ដីបង្រៀនរបស់ទ្រង់
នៅក្នុងធម្មទានដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្ដិសាស្ត្រ នោះព្រះយេស៊ូគ្រីស្ទបានប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ នឹងទ្រព្យសម្បត្ដិផងបានទេ»។ (ម៉ាថាយ ៦:២៤) តើសេចក្ដីបង្រៀនរបស់ព្រះយេស៊ូអំពីការទុកព្រះជាទីមួយក្នុងជីវិតរបស់យើង នៅមានប្រយោជន៍សព្វថ្ងៃនេះឬទេ កាលដែលមនុស្សជាច្រើនជឿថា ប្រាក់អាចដោះស្រាយបានបញ្ហាទាំងអស់នោះ? ពិតហើយ យើងត្រូវការប្រាក់ដើម្បីចិញ្ចឹមជីវិត។ (សាស្ដា ៧:១២) ក៏ប៉ុន្តែ ប្រសិនបើយើងអនុញ្ញាតឲ្យ«ទ្រព្យសម្បត្ដិ»ជាចៅហ្វាយរបស់យើង នោះ«ការដែលស្រឡាញ់ប្រាក់»នឹងកាន់កាប់យើង ដោយគ្របសង្កត់ជីវិតយើងទាំងមូល។ (ធីម៉ូថេទី១ ៦:៩, ១០) មនុស្សជាច្រើនដែលបានធ្លាក់ទៅក្នុងអន្ទាក់នេះនៅទីបំផុត ក៏បានបាត់បង់គ្រួសារ សុខភាព ហើយព្រមទាំងជីវិតរបស់គេទៀតផង។
ផ្ទុយទៅវិញ ការចាត់ទុកព្រះជាចៅហ្វាយរបស់យើង នឹងផ្ដល់ឲ្យមានខ្លឹមសារដល់ជីវិត។ ជាព្រះដ៏ជាអ្នកបង្កើត ទ្រង់ជាប្រភពនៃជីវិត ដូច្នេះហើយមានតែទ្រង់ទេ ដែលសមទទួលការថ្វាយបង្គំរបស់យើងនោះ។ (ទំនុកដំកើង ៣៦:៩; វិវរណៈ ៤:១១) អស់អ្នកដែលរៀនអំពីគុណសម្បត្ដិទាំងប៉ុន្មានរបស់ទ្រង់ ហើយស្រឡាញ់ទ្រង់នោះ គឺបានជំរុញឲ្យធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់។ (សាស្ដា ១២:១៣; យ៉ូហានទី១ ៥:៣) ដោយធ្វើដូច្នេះ នោះយើងបានទទួលប្រយោជន៍ផ្ទាល់ខ្លួន។—អេសាយ ៤៨:១៧
នៅក្នុងធម្មទាននៅលើភ្នំ ព្រះយេស៊ូក៏បានបង្រៀនសិស្សទ្រង់ នូវរបៀបបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្នីគ្នាដែរ។ ទ្រង់បានមានបន្ទូលថា៖ «ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថាយ ៧:១២) ពាក្យថា«មនុស្សលោក» ដែលព្រះយេស៊ូបានប្រើនៅទីនេះ ក៏រួមបញ្ចូលពួកសត្រូវរបស់យើងដែរ។ នៅក្នុងធម្មទានដដែលនេះ ទ្រង់ក៏បានមានបន្ទូលថា៖ «ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្ដាសា»។ (ម៉ាថាយ ៥:៤៣, ៤៤) តើសេចក្ដីស្រឡាញ់បែបនេះ នឹងដោះស្រាយបញ្ហាជាច្រើន ដែលយើងជួបប្រទះសព្វថ្ងៃនេះឬទេ? មេដឹកនាំសាសនាហិណ្ឌូម្នាក់ឈ្មោះ មហាន់ដាស់ ហ្គានឌីបានគិតអ៊ីចឹងមែន។ គេបានដកស្រង់ពាក្យរបស់គាត់ ដែលថា៖ «ប្រសិនបើ[យើង]ប្រតិបត្ដិតាមសេចក្ដីបង្រៀននៃព្រះគ្រីស្ទ ដែលទ្រង់មានបន្ទូលនៅលើភ្នំនោះ . . . បញ្ហាពេញពិភពលោកក៏ដោះស្រាយរួចដែរ»។ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូអំពីសេចក្ដីស្រឡាញ់ បើអនុវត្តតាម នោះនឹងអាចប្រោសឲ្យជាពីទុក្ខលំបាករបស់មនុស្សលោកផងទាំងឡាយបាន។
ការប្រព្រឹត្តរបស់ទ្រង់
ព្រះយេស៊ូមិនគ្រាន់តែបានបង្រៀនសេចក្ដីដ៏ជ្រាលជ្រៅ អំពីរបៀបបង្ហាញសេចក្ដីស្រឡាញ់នោះទេ ក៏ប៉ុន្តែទ្រង់ក៏បានប្រព្រឹត្តតាមអ្វីដែលទ្រង់បានបង្រៀនដែរ។ ជាឧទាហរណ៍ ទ្រង់បានទុកប្រយោជន៍នៃអ្នកឯទៀតមុននឹងប្រយោជន៍របស់ទ្រង់ផ្ទាល់។ នៅថ្ងៃមួយ ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់បានរវល់ដល់ម្ល៉េះក្នុងការជួយមនុស្ស ដែលពួកគេឥតបានសំរាកទទួលអាហារនោះទេ។ ព្រះយេស៊ូបានឃើញថា ពួកសិស្សរបស់ទ្រង់ត្រូវការឈប់សំរាកបន្ដិចសិន ហើយទ្រង់នាំពួកគេទៅកន្លែងដាច់ស្រយាលពីពួកបណ្ដាជន។ ប៉ុន្តែ ពេលពួកគេទៅដល់កន្លែងនោះ គេបានឃើញពួកបណ្ដាជនកំពុងតែរង់ចាំពួកគេទៅហើយ។ តើអ្នកនឹងមានទឹកចិត្តយ៉ាងណាដែរ ពេលឃើញពួកបណ្ដាជនដែលតម្រូវឲ្យអ្នកធ្វើការ ពេលដែលអ្នកគិតថា អ្នកត្រូវការការសំរាកបន្ដិចសិននោះ? ព្រះយេស៊ូ«មានព្រះហឫទ័យក្ដួលអាណិតដល់គេ» ហើយក៏«ទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន»។ (ម៉ាកុស ៦:៣៤) សេចក្ដីខ្វល់ខ្វាយនេះដល់អ្នកឯទៀត តែងតែបានជំរុញទ្រង់ឲ្យជួយពួកគេ។
ព្រះយេស៊ូមិនគ្រាន់តែបានបង្រៀនមនុស្សប៉ុណ្ណោះទេ ទ្រង់ក៏បានប្រទានជំនួយដែលមានប្រយោជន៍ដែរ។ ជាឧទាហរណ៍ នៅគ្រាមួយ ទ្រង់បានផ្ដល់ចំណីអាហារដល់មនុស្សជាង៥.០០០នាក់ ដែលបានស្ដាប់ទ្រង់រហូតដល់ថ្ងៃខ្ពស់នៅក្នុងថ្ងៃនោះ។ មិនយូរប៉ុន្មានក្រោយមក នោះទ្រង់បានផ្ដល់ចំណីអាហារដល់បណ្ដាមនុស្សដ៏ធំទៀត ម្ដងទៀត គឺមានជាង៤.០០០នាក់ ដែលបានស្ដាប់ទ្រង់អស់រយៈបីថ្ងៃ ដែលឥតមានអ្វីទទួលទាននោះ។ នៅលើកមុននោះ ទ្រង់បានប្រើនំប៉័ងប្រាំដុំនិងត្រីពីរ ហើយនៅពេលក្រោយមក ទ្រង់បានប្រើនំប៉័ងប្រាំពីរដុំនិងត្រីតូចៗខ្លះតែប៉ុណ្ណោះ។ (ម៉ាថាយ ១៤:១៤-២២; ១៥:៣២-៣៨) អព្ភូតហេតុមែនឬ? ត្រូវហើយ ទ្រង់ជាអ្នកធ្វើឲ្យមានអព្ភូតហេតុមែន។
ព្រះយេស៊ូក៏បានប្រោសមនុស្សឈឺជាច្រើនដែរ។ ទ្រង់បានប្រោសមនុស្សខ្វាក់ មនុស្សពិការ មនុស្សឃ្លង់ និងមនុស្សថ្លង់ឲ្យជាដែរ។ ម៉េច! ទ្រង់ព្រមទាំងបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង! (លូកា ៧:២២; យ៉ូហាន ១១:៣០-៤៥) នៅពេលមួយ អ្នកឃ្លង់ម្នាក់បានអង្វរទ្រង់ថា៖ «បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ តើព្រះយេស៊ូបានតបឆ្លើយយ៉ាងដូចម្ដេច? ទ្រង់«ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា៖ ‹ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ› »។ (ម៉ាកុស ១:៤០, ៤១) តាមរយៈអព្ភូតហេតុបែបនេះ នោះទ្រង់បានសម្ដែងនូវសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកដែលរងទុក្ខវេទនា។
តើអ្នកមានការពិបាកជឿលើអព្ភូតហេតុរបស់ទ្រង់ឬទេ? អ្នកខ្លះមានចិត្តអ៊ីចឹងមែន។ ក៏ប៉ុន្តែចូរចាំថា ព្រះយេស៊ូបានធ្វើអព្ភូតហេតុជាសាធារណៈ។ សូម្បីតែពួកប្រឆាំងទ្រង់ ដែលបានខំរកកំហុសទ្រង់នៅគ្រប់លើកគ្រប់សា ក៏មិនអាចបដិសេធនូវហេតុការណ៍ពិត ដែលទ្រង់បានធ្វើអព្ភូតហេតុនោះដែរ។ (យ៉ូហាន ៩:១-៣៤) ថែមទៀតនោះ អព្ភូតហេតុរបស់ទ្រង់គឺមានបំណង។ អព្ភូតហេតុទាំងនោះបានជួយមនុស្សឲ្យសម្គាល់ទ្រង់ ជាបុគ្គលដែលបានត្រូវបញ្ជូនមកដោយព្រះ។—យ៉ូហាន ៦:១៤
ការធ្វើអព្ភូតហេតុទាំងនេះ នោះព្រះយេស៊ូមិនបានខំរកឲ្យគេចាប់អារម្មណ៍នឹងទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់បានលើកដំកើងព្រះ ដែលជាប្រភពនៃអំណាចរបស់ទ្រង់។ នៅក្នុងក្រុងកាពើណឹម ម្ដងនោះទ្រង់បាននៅក្នុងផ្ទះមួយដែលមានពេញដោយបណ្ដាមនុស្ស។ មនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ចង់បានឲ្យទ្រង់ប្រោសឲ្យជា ក៏ប៉ុន្តែមិនអាចចូលទៅជិតទ្រង់ទេ។ ដូច្នេះមិត្តៗរបស់គាត់បានសំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងនោះចុះទៅ។ ពេលឃើញសេចក្ដីជំនឿរបស់គេ នោះព្រះយេស៊ូបានប្រោសមនុស្សស្លាប់ដៃស្លាប់ជើងនេះឲ្យជាទៅ។ ជាលទ្ធផល ពួកបណ្ដាជន«សរសើរដំកើងដល់ព្រះ» ហើយបាននិយាយថា៖ «យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ»។ (ម៉ាកុស ២:១-៤, ១១, ១២) អព្ភូតហេតុរបស់ព្រះយេស៊ូបាននាំឲ្យមានសេចក្ដីសរសើរដល់ព្រះ ហើយបានជួយអស់អ្នកដែលក្រខ្សត់។
ក៏ប៉ុន្តែ ការប្រោសជាអព្ភូតហេតុដល់មនុស្សឈឺ មិនមែនជាគោលចំណុចនៃកិច្ចផ្សាយបំរើរបស់ព្រះយេស៊ូឡើយ។ បុគ្គលម្នាក់ដែលបានសរសេរខ្សែជីវិតនៃព្រះជន្មរបស់ព្រះយេស៊ូ បានពន្យល់ថា៖ «បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ»។ (យ៉ូហាន ២០:៣១) ត្រូវហើយ ព្រះយេស៊ូបានយាងមកផែនដីនេះ ដើម្បីឲ្យមនុស្សដែលជឿទ្រង់ ប្រហែលអាចមានជីវិត។
យញ្ញបូជារបស់ទ្រង់
អ្នកប្រហែលជាសួរថា ‹ព្រះយេស៊ូបានយាងមកផែនដីមែន តើទ្រង់មកពីកន្លែងណា?› ព្រះយេស៊ូបានមានបន្ទូលផ្ទាល់ថា៖ «ខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ (យ៉ូហាន ៦:៣៨) ទ្រង់ធ្លាប់មានអត្ថិភាព មុនមានកំណើតជាមនុស្ស ជារាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់។ បើអ៊ីចឹង តើអ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះ ដែលបានបញ្ជូនទ្រង់ឲ្យមកផែនដីនេះ? អ្នកសរសេរសៀវភៅដំណឹងល្អម្នាក់ឈ្មោះ យ៉ូហាននិយាយថា៖ «ព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) តើនេះអាចមានលទ្ធភាពយ៉ាងដូចម្ដេចទៅ?
ព្រះគម្ពីរលាតត្រដាងនូវរបៀបដែលសេចក្ដីស្លាប់ បានក្លាយទៅជាបទពិសោធន៍របស់មនុស្សលោក ដែលមិនអាចជៀសវាងបាន។ គូស្វាមីភរិយាដំបូង បានទទួលពីព្រះនូវសេចក្ដីសង្ឃឹមនៃការរស់នៅជានិរន្តរ៍។ ប៉ុន្តែ ពួកគេបានសម្រេចចិត្តបះបោរនឹងព្រះដ៏ជាអ្នកបង្កើតរបស់គេ។ (លោកុប្បត្តិ ៣:១-១៩) ជាលទ្ធផលនៃការប្រព្រឹត្តនេះ នោះមនុស្សដំបូងប្រព្រឹត្តអំពើបាប ហើយកូនចៅរបស់អ័ដាមនិងអេវ៉ាមានសេចក្ដីស្លាប់ជាមរតក ដែលជាកេរ្ដិ៍ដំណែលដ៏ឥតចង់បាន។ (រ៉ូម ៥:១២) ដើម្បីឲ្យមនុស្សលោកទទួលបានជីវិតដ៏ពិត នោះបាបនិងសេចក្ដីស្លាប់ត្រូវតែបំបាត់សូន្យទៅ។
គ្មានអ្នកវិទ្យាសាស្ត្រណាម្នាក់អាចបំបាត់ចោលសេចក្ដីស្លាប់ តាមរបៀប(ពន្ធុវិជ្ជា)ណាឡើយ។ ក៏ប៉ុន្តែ ព្រះដ៏ជាអ្នកបង្កើតមនុស្សលោកមានមធ្យោបាយ ក្នុងការនាំមនុស្សលោកដែលស្ដាប់បង្គាប់ឲ្យបានគ្រប់ល័ក្ខណ៍ ដើម្បីឲ្យពួកគេរស់នៅជានិរន្តរ៍។ នៅក្នុងព្រះគម្ពីរសំវិធានការនេះគឺបានត្រូវហៅថា ការលោះ។ គូស្វាមីភរិយាដំបូងបានលក់ខ្លួននិងកូនចៅរបស់គេ ចូលទៅក្នុងសេវកភាពនៃអំពើបាបនិងសេចក្ដីស្លាប់។ ពួកគេបានប្ដូរជីវិតមនុស្សដ៏គ្រប់ល័ក្ខណ៍ដែលស្ដាប់បង្គាប់ព្រះ ជាមួយនឹងជីវិតដែលឥតពឹងពាក់លើព្រះ ក្នុងការសម្រេចចិត្តរបស់គេ ចំពោះអ្វីដែលត្រឹមត្រូវនិងអ្វីដែលខុសនោះ។ ដើម្បីទិញមកវិញនូវជីវិតមនុស្សដ៏គ្រប់ល័ក្ខណ៍ នោះគឺត្រូវបង់តម្លៃដែលស្មើនឹងជីវិតមនុស្សដ៏គ្រប់ល័ក្ខណ៍ ដែលឪពុកម្ដាយដំបូងរបស់យើងបានបាត់បង់នោះ។ ដោយមានភាពឥតគ្រប់ល័ក្ខណ៍ជាមរតក នោះមនុស្សលោកឥតមានសមត្ថភាពដើម្បីនឹងផ្ដល់ឲ្យតម្លៃនោះទេ។—ទំនុកដំកើង ៤៩:៧
ដូច្នេះព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ដើម្បីជួយ។ ព្រះទ្រង់បានផ្ទេរជីវិតដ៏គ្រប់ល័ក្ខណ៍នៃរាជបុត្រាតែមួយគត់ដែលព្រះបានបង្កើតផ្ទាល់ ទៅក្នុងផ្ទៃរបស់ស្ត្រីក្រមុំម្នាក់ ដែលប្រសូតបានព្រះយេស៊ូ។ ជាច្រើនទសវត្សកន្លងទៅនេះ អ្នកប្រហែលជាបដិសេធនឹងគំនិតនៃស្រីក្រមុំម្នាក់អាចសម្រាលកូន។ ក៏ប៉ុន្តែ សព្វថ្ងៃនេះ ពួកអ្នកវិទ្យាសាស្ត្រអះអាងថាបានត្រូវចម្លងថនិកសត្វ ហើយដាក់បញ្ចូលពន្ធុពីសត្វមួយទៅសត្វមួយទៀត។ បើអ៊ីចឹង តើមានអ្នកណាម្នាក់មានហេតុត្រឹមត្រូវសង្ស័យនឹងសមត្ថភាពរបស់ព្រះដ៏ជាអ្នកបង្កើត ដើម្បីជៀសវាងដំណើរធម្មតានៃការបង្កើតកូននោះ?
ដោយសារអត្ថិភាពនៃជីវិតមនុស្សដ៏គ្រប់ល័ក្ខណ៍ នោះតម្លៃដើម្បីរំដោះមនុស្សចេញពីបាបនិងសេចក្ដីស្លាប់ ក៏អាចធ្វើទៅបាន។ ក៏ប៉ុន្តែ ទារកដែលបានប្រសូតនៅលើផែនដីជាព្រះយេស៊ូ ត្រូវតែធំឡើងទៅជា«គ្រូពេទ្យ» ដែលអាចផ្ដល់ឲ្យ«ថ្នាំកែរោគ» ដើម្បីធ្វើឲ្យជាដល់រោគារបស់មនុស្សលោក។ ទ្រង់បានសម្រេចការនេះ ដោយប្រកបជីវិតរស់នៅដ៏គ្រប់ល័ក្ខណ៍ ដែលឥតមានបាបសោះ។ ព្រះយេស៊ូមិនគ្រាន់តែបានឃើញនូវការផ្ដន្ទាទោសលើមនុស្សនៅក្រោមបាបនោះទេ ក៏ប៉ុន្តែបានពិសោធន៍នូវកំរិតខាងរូបកាយជាមនុស្ស។ នេះបានធ្វើឲ្យទ្រង់ជាគ្រូពេទ្យដែលកាន់តែមានមេត្ដាទៅទៀត។ (ហេព្រើរ ៤:១៥) ការប្រោសដ៏ជាអព្ភូតហេតុ ដែលទ្រង់បានធ្វើក្នុងកំឡុងព្រះជន្មរបស់ទ្រង់នៅលើផែនដី បានសឲ្យឃើញថា ទ្រង់មានព្រះហឫទ័យនិងអំណាចដើម្បីប្រោសមនុស្សឈឺឲ្យជាវិញ។—ម៉ាថាយ ៤:២៣
ក្រោយពីកិច្ចបំរើអស់រយៈបីឆ្នាំកន្លះនៅលើផែនដីនេះ នោះព្រះយេស៊ូបានត្រូវធ្វើគុតដោយពួកអ្នកប្រឆាំងរបស់គេ។ ទ្រង់បានបង្ហាញថា មនុស្សគ្រប់ល័ក្ខណ៍ម្នាក់អាចស្ដាប់បង្គាប់ដល់ព្រះដ៏ជាអ្នកបង្កើត ទោះជាមានការល្បងមើលដ៏ខ្លាំងបំផុតក៏ដោយ។ (ពេត្រុសទី១ ២:២២) ជីវិតមនុស្សដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ដែលបានធ្វើយញ្ញបូជានេះ បានក្លាយទៅជាតម្លៃលោះ ដែលអាចរំដោះមនុស្សលោកពីបាបនិងសេចក្ដីស្លាប់។ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ»។ (យ៉ូហាន ១៥:១៣) នៅថ្ងៃទីបី ក្រោយពីទ្រង់បានសោយទិវង្គត នោះព្រះយេស៊ូបានត្រូវប្រោសឲ្យមានព្រះជន្មជាវិញ្ញាណ ហើយប៉ុន្មានសប្ដាហ៍ក្រោយមក ទ្រង់បានយាងទៅស្ថានសួគ៌ ដើម្បីផ្ដល់តម្លៃលោះឲ្យព្រះយេហូវ៉ា។ (កូរិនថូសទី១ ១៥:៣, ៤; ហេព្រើរ ៩:១១-១៤) ដោយធ្វើអ៊ីចឹង ព្រះយេស៊ូអាចប្រើតម្លៃនៃយញ្ញបូជារបស់ទ្រង់ប្រយោជន៍ឲ្យអស់អ្នកដែលធ្វើតាមទ្រង់។
តើអ្នកសុខចិត្តនឹងទទួលប្រយោជន៍ពីរបៀបនេះនៃការប្រោសឲ្យជាខាងវិញ្ញាណ ខាងចិត្ត និងរូបកាយឬទេ? បើសុខចិត្តនោះគឺតម្រូវឲ្យមានជំនឿលើព្រះយេស៊ូគ្រីស្ទ។ ហេតុអ្វីក៏មិនមកឯគ្រូពេទ្យដោយខ្លួនអ្នកទៅ? អ្នកអាចធ្វើដូច្នេះ ដោយរៀនអំពីព្រះយេស៊ូគ្រីស្ទ និងរៀនអំពីមុខនាទីរបស់ទ្រង់ ក្នុងការសង្គ្រោះមនុស្សលោកដ៏ស្មោះត្រង់។ ស្មរបន្ទាល់ព្រះយេហូវ៉ានឹងមានចិត្តរីករាយក្នុងការជួយអ្នក។
[រូបភាពនៅទំព័រ៥]
ព្រះយេស៊ូមានព្រះហឫទ័យនិងអំណាចដើម្បីប្រោសមនុស្សឈឺឲ្យជា
[រូបភាពនៅទំព័រ៧]
តើការសោយទិវង្គតរបស់ព្រះយេស៊ូមានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច?