របៀបដែលពួកគេធ្លាប់ផ្សាយប្រាប់ដំណឹងល្អនេះ
ពួកគ្រីស្ទានបានត្រូវបញ្ជាថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ ប៉ុន្តែរឿងនេះមិនមានន័យថា ពួកគេនឹងត្រូវបង្ខំ ឬក៏ធ្វើឲ្យអ្នកដទៃផ្លាស់ប្ដូរដោយប្រើកម្លាំងនោះឡើយ។ មុខងារដែលបានប្រគល់ទៅព្រះយេស៊ូគឺ «ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ» «ប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ» ហើយ «នឹងប្រោសមនុស្សដែលមានចិត្តសង្រេង»។ (ម៉ាថាយ ២៨:១៩; អេសាយ ៦១:១, ២; លូកា ៤:១៨, ១៩) ស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងធ្វើមុខងារនេះដោយប្រកាសដំណឹងល្អពីព្រះគម្ពីរ។ ដូចជាព្យាការីអេសេគាលពីបុរាណនោះ សព្វថ្ងៃនេះស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងស្វែងរក «ពួកមនុស្ស ដែលដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្ត»។—អេសេគាល ៩:៤
វិធីល្បីល្បាញដែលគេប្រើដើម្បី ស្វែងរកមនុស្សដែលមានចិត្តព្រួយដោយព្រោះតែស្ថានភាពសព្វថ្ងៃនេះ គឺវិធីដើរផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ពួកគេខំប្រឹងអស់ពីសមត្ថភាពឲ្យជួបសាធារណជន ដូចជាព្រះយេស៊ូបានធ្វើកាលដែល «ទ្រង់យាងទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិ . . . ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ»។ សិស្សពីដើមរបស់ទ្រង់បានធ្វើយ៉ាងដូច្នោះដែរ។ (លូកា ៨:១; ៩:១-៦; ១០:១-៩) សព្វថ្ងៃនេះ នៅគ្រប់កន្លែងណាដែលអាចធ្វើបាន ស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងទៅដល់ផ្ទះទាំងអស់ច្រើនដងរៀងរាល់ឆ្នាំ ដើម្បីឲ្យបាននិយាយជាមួយនឹងម្ចាស់ផ្ទះពីរបីនាទី អំពីកម្មវត្ថុមួយតាមតំបន់ឬក៏តាមពិភពលោក ដែលជាកង្វល់ឬក៏គេមានការចាប់អារម្មណ៍នោះ។ គេអាចពិចារណាពីរបីបទគម្ពីរ ហើយបើសិនជាម្ចាស់ផ្ទះយកចិត្តទុកដាក់ ស្មរបន្ទាល់នោះអាចរៀបចំត្រឡប់មកវិញតាមពេលសមគួរ ដើម្បី និយាយជាមួយគ្នាថែមទៅទៀត។ អ្នកស្ដាប់អាចទទួលបាននូវព្រះគម្ពីរហើយប្រកាសនវត្ថុដែលជួយពន្យល់ព្រះគម្ពីរ ហើយបើអ្នកម្ចាស់ផ្ទះចង់ គេអាចមានការសិក្សាព្រះគម្ពីរនៅផ្ទះគេដោយឥតគិតថ្លៃ។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានដឹកនាំរាប់លានការសិក្សាព្រះគម្ពីរជាទៀងទាត់ ជាមួយបុគ្គលនិងក្រុមគ្រួសារទូទាំងពិភពលោក។
វិធីមួយទៀតដែល «ដំណឹងល្អ» នៃព្រះរាជាណាចក្របានត្រូវប្រកាសប្រាប់ដល់អ្នកដទៃ គឺតាមវិធីកិច្ចប្រជុំដែលមានក្នុងសាលព្រះរាជាណាចក្រនៅកន្លែងនានា។ ពួកស្មរបន្ទាល់មានកិច្ចប្រជុំនៅទីនោះជារៀងរាល់សប្ដាហ៍។ កិច្ចប្រជុំមួយជាសុន្ទរកថាសាធារណៈអំពីប្រធានណាមួយដែលចាប់អារម្មណ៍នៅពេលថ្មីៗ ហើយបន្តបន្ទាប់នោះមានការសិក្សាប្រធានឬក៏ទំនាយណាមួយខាងព្រះគម្ពីរ ដោយប្រើទស្សនាវដ្ដីប៉មយាម ជាប្រភពនៃរឿងនោះ។ កិច្ចប្រជុំមួយទៀតគឺជាសាលាសម្រាប់អប់រំស្មរបន្ទាល់ម្នាក់ៗឲ្យធ្វើជាអ្នកប្រកាសដំណឹងឲ្យបានប្រសើរ ហើយបន្តគ្នានោះ មានការពិគ្រោះអំពីកិច្ចបន្ទាល់នៅក្នុងកន្លែងផ្សព្វផ្សាយតាមតំបន់។ ថែមទៀតនោះ មួយសប្ដាហ៍ម្ដងស្មរបន្ទាល់រួមប្រជុំគ្នាក្នុងផ្ទះឯកជន ជាក្រុមតូចៗ ដើម្បីសិក្សាព្រះគម្ពីរដែរ។
សាធារណជនអាចចូលរួមនឹងកិច្ចប្រជុំទាំងនេះ។ នៅឯកិច្ចប្រជុំទាំងនេះមិនដែលមានការរៃលុយឡើយ។ កិច្ចប្រជុំយ៉ាងនេះមានប្រយោជន៍សម្រាប់មនុស្សគ្រប់ៗគ្នា។ ព្រះគម្ពីរបានចែងថា៖ «ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បី នឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ។ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ ការសិក្សានិងការស្រាវជ្រាវដោយខ្លួនឯងនោះជាការចាំបាច់ ប៉ុន្តែរួមប្រជុំជាមួយអ្នកដទៃជួយឲ្យចម្រើនដូចដែលបានចែងថា៖ «ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ»។—ហេព្រើរ ១០:២៤, ២៥; សុភាសិត ២៧:១៧
ស្មរបន្ទាល់ព្រះយេហូវ៉ាឆ្លៀតយកប្រយោជន៍ពីឱកាសជាច្រើន ដើម្បី និយាយអំពីដំណឹងល្អកាលគេជួបមនុស្សឯទៀតតាមជីវភាពធម្មតារបស់គេនោះ។ គេប្រហែលជានិយាយបន្ដិចបន្តួចជាមួយនឹងអ្នកជិតខាងម្នាក់ ឬក៏ជាមួយនឹងអ្នកធ្វើដំណើរជាមួយគ្នានៅរថយន្តធំ ឬនៅយន្តហោះ ឬការសន្ទនាយូរបន្ដិចជាមួយនឹងមិត្តសំឡាញ់ ឬជាមួយនឹងបងប្អូនម្នាក់ ឬមានការសន្ទនាជាមួយនឹងអ្នកដែលធ្វើការជាមួយនៅពេលសម្រាកបរិភោគអាហារ។ កិច្ចបន្ទាល់ជាច្រើនដែលព្រះយេស៊ូបានធ្វើគឺតាមរបៀបទាំងនេះ—កាលដែលទ្រង់ដើរតាមមាត់សមុទ្រ គង់នៅលើចង្កេះភ្នំតូចៗ ពេលដែលទទួលទាននៅផ្ទះរបស់គេ ទៅរួមមង្គលការរបស់គេ ឬក៏បានធ្វើដំណើរដោយទូកនេសាទត្រីនៅសមុទ្រកាលីឡេផង។ ទ្រង់បានបង្រៀនតាមសាលាប្រជុំហើយក្នុងព្រះវិហារនៅក្រុងយេរូសាឡិម។ នៅទីណាក៏ដោយដែលទ្រង់គង់នៅ ទ្រង់បានស្វែងរកឱកាសដើម្បីឲ្យមានព្រះបន្ទូលអំពីព្រះរាជាណាចក្រ។ ស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងយកតម្រាប់តាមទ្រង់តាមរបៀបនេះដែរ។—ពេត្រុសទី១ ២:២១
ផ្សាយប្រកាសដោយគំរូ
វិធីប្រកាសប្រាប់ដំណឹងល្អទាំងអស់នេះនឹងមិនមានខ្លឹមសារចំពោះលោកអ្នកទេ បើសិនជាមនុស្សដែលធ្វើសេចក្ដីប្រកាសនោះ មិនបានអនុវត្តតាមការបង្រៀនទាំងនោះខ្លួនឯងជាមុនសិន។ បើនិយាយយ៉ាងនេះរួចទៅធ្វើយ៉ាងនោះវិញ ឈ្មោះថាជាការលាក់ពុត ហើយការលាក់ពុតខាងសាសនាបានធ្វើឲ្យមនុស្សរាប់លាននាក់បែរចេញពីព្រះគម្ពីរ។ ការបន្ទោសទៅលើព្រះគម្ពីរក្នុងរឿងនេះជាការមិនត្រឹមត្រូវទេ។ ពួកអាចារ្យនិងពួកផារីស៊ីធ្លាប់មានបទគម្ពីរហេព្រើរនោះ ប៉ុន្តែព្រះយេស៊ូបានកាត់ទោសពួកគេថាជាអ្នកមានពុតទៅវិញ។ ទ្រង់មានបន្ទូលអំពីការអានរបស់គេពីក្រិត្យវិន័យរបស់លោកម៉ូសេ រួចមានបន្ទូលដល់ពួកសិស្សរបស់ទ្រង់ទៀតថា៖ «ដូច្នេះគ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ។ ប៉ុន្តែកុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ»។ (ម៉ាថាយ ២៣:៣) គំរូខាងជីវភាពដ៏ត្រឹមត្រូវរបស់ពួកគ្រីស្ទាន អាចប្រកាសបានប្រសើរជាងការទេសនារាប់ម៉ោងទៅទៀត។ សេចក្ដីនេះបានត្រូវចែងប្រាប់ដល់ភរិយាជាគ្រីស្ទាន ដែលមានស្វាម៉ីមិនមែនជាអ្នកជឿថា៖ «នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ»។—ពេត្រុសទី១ ៣:១, ២
ហេតុដូច្នេះហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាខ្នះខ្នែងណែនាំឲ្យមនុស្សស្គាល់ដំណឹងល្អនេះតាមរបៀបនេះដែរ៖ ដោយធ្វើជាគំរូដ៏ល្អក្នុងមារយាទគ្រីស្ទានដែលគេអនុសាសទៅអ្នកដទៃទៀតនោះ។ ពួកគេខ្នះខ្នែងធ្វើតាមពាក្យសំដីនេះ៖ «អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថាយ ៧:១២) គេខ្នះខ្នែងប្រព្រឹត្តបែបនេះនឹងមនុស្សទាំងអស់គ្នា គឺមិនគ្រាន់តែជាមួយនឹងស្មរបន្ទាល់គ្នាឯង ពួកសំឡាញ់ ពួកអ្នកជិតខាង ឬក៏នឹងបងប្អូនប៉ុណ្ណោះទេ។ ដោយពួកគេមិនមានភាពល្អឥតខ្ចោះនោះ ពួកគេមិនបានជោគជ័យ១០០ភាគរយជានិច្ចនោះឡើយ។ ប៉ុន្តែជាសេចក្ដីប៉ងប្រាថ្នាពីចិត្តរបស់គេ ឲ្យធ្វើការល្អដល់មនុស្សគ្រប់ៗគ្នា មិនគ្រាន់តែដោយការផ្សាយប្រកាសដំណឹងល្អនៃព្រះរាជាណាចក្រប៉ុណ្ណោះទេ គឺថែមទាំងជួយអ្នកដទៃតាមរបៀបផ្សេងៗ កាលណាដែលអាចធ្វើទៅបានផង។—យ៉ាកុប ២:១៤-១៧
[រូបភាពនៅទំព័រ១៩]
កោះហាវៃ
[រូបភាពនៅទំព័រ១៩]
ប្រទេសវេនីហ្សូអេឡា
[រូបភាពនៅទំព័រ១៩]
ប្រទេសយូកូស្លាវា
[រូបភាពនៅទំព័រ២០]
សាលព្រះរាជាណាចក្រជាកន្លែងដែលបានគូរប្លង់មក ឲ្យមានប្រយោជន៍សម្រាប់ការពិគ្រោះព្រះគម្ពីរ
[រូបភាពនៅទំព័រ២១]
ក្នុងជីវភាពគ្រួសាររបស់គេ ក៏ដូចជាកាលដែលគេជួបមនុស្សដទៃដែរ ពួកស្មរបន្ទាល់ខ្នះខ្នែងដោយចិត្តស្មោះ ដើម្បីអនុវត្តតាមអ្វីដែលគេអនុសាសដល់អ្នកដទៃ