តើលោកអ្នកចង់រៀនព្រះគម្ពីរទេ?
ហេតុអ្វីលោកអ្នកគួររៀនព្រះគម្ពីរ?
ព្រះគម្ពីរគឺខុសប្លែកពីសៀវភៅឯទៀត ដោយព្រោះព្រះគម្ពីរមានការណែនាំដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ពីព្រះ។ (ថែស្សាឡូនីចទី១ ២:១៣) បើសិនជាអ្នកអនុវត្តតាមអ្វីដែលព្រះគម្ពីរបង្រៀននោះ អ្នកនឹងទទួលប្រយោជន៍ជាច្រើន។ អ្នកនឹងបង្កើននូវសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ ថែមទាំងចាប់ផ្ដើមមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងទ្រង់ ដែលជាអ្នកដែលប្រទាន«គ្រប់ទាំងរបស់ដ៏ល្អ . . . ទាំងអំណោយទានដ៏គ្រប់លក្ខណ៍»។ (យ៉ាកុប ១:១៧) អ្នកនឹងចេះទូលទ្រង់តាមរយៈសេចក្ដីអធិស្ឋាន។ ពេលដែលអ្នកមានបញ្ហា អ្នកអាចបានជំនួយពីទ្រង់។ បើសិនជាអ្នករស់នៅសមស្របតាមខ្នាតតម្រាដែលមានក្នុងព្រះគម្ពីរ នោះព្រះនឹងប្រទានឲ្យអ្នកមានជីវិតជារៀងរហូត។—រ៉ូម ៦:២៣
ព្រះគម្ពីរមានសេចក្ដីពិតដែលជួយបំភ្លឺយើងឲ្យចេះយល់ដឹង។ អស់អ្នកដែលទទួលចំណេះពីព្រះគម្ពីរ ត្រូវរំដោះឲ្យរួចពីគំនិតយល់ច្រឡំជាច្រើន ដែលមានឥទ្ធិពលខ្លាំងទៅលើជីវិតរបស់មនុស្សរាប់លាននាក់។ ជាឧទាហរណ៍ បើសិនជាអ្នកយល់ដឹងសេចក្ដីពិតអំពីអ្វីដែលកើតឡើងក្រោយយើងស្លាប់ នោះនឹងជួយឲ្យអ្នករួចពីការខ្លាចមនុស្សស្លាប់អាចធ្វើទុក្ខដល់យើង ឬថាសាច់ញាតិនិងមិត្តសំឡាញ់របស់យើងដែលបានស្លាប់ទៅហើយនោះកំពុងតែរងទុក្ខវេទនា។ (អេសេគាល ១៨:៤) សេចក្ដីបង្រៀនក្នុងព្រះគម្ពីរស្តីពីការប្រោសឲ្យរស់ឡើងវិញ ក៏ជួយសម្រាលទុក្ខមនុស្សដែលមានអ្នកជាទីស្រឡាញ់របស់គេស្លាប់ទៅហើយនោះ។ (យ៉ូហាន ១១:២៥) បើសិនជាយើងយល់ដឹងសេចក្ដីពិតអំពីទេវតាអាក្រក់ នោះជួយយើងយល់ដឹងថា មន្តអាគមជាអ្វីដែលប្រកបទៅដោយគ្រោះថ្នាក់ និងយល់ដឹងពីមូលហេតុដែលផែនដីនេះ គឺពោរពេញទៅដោយបញ្ហាជាច្រើនម្ល៉េះ។
គោលការណ៍ដែលព្រះប្រទានមកតាមរយៈព្រះគម្ពីរ ក៏បង្ហាញយើងពីរបៀបរស់នៅដែលនាំឲ្យមានប្រយោជន៍ខាងរាងកាយដែរ។ តួយ៉ាងដូចជា ការ«ដឹងខ្នាត»ជួយឲ្យមានសុខភាពល្អ។ (ធីម៉ូថេទី១ ៣:២) ដោយការ«សំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង»យើងអាចជៀសវាងពីអ្វីដែលអាចបង្ខូចសុខភាពយើង។ (កូរិនថូសទី២ ៧:១) ការអនុវត្តន៍តាមឱវាទរបស់ព្រះ ដែលបានត្រូវកត់ទុកក្នុងព្រះគម្ពីរ ក៏បង្កើតឲ្យមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍និងសេចក្ដីគោរពចំពោះខ្លួនឯងដែរ។—កូរិនថូសទី១ ៦:១៨
បើសិនជាអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះ អ្នកនឹងសប្បាយចិត្តជាង។ ចំណេះក្នុងព្រះគម្ពីរជួយយើងឲ្យមានចិត្តស្ងប់ និងមានចិត្តសប្បាយរីករាយ ថែមទាំងផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹម។ ព្រះគម្ពីរជួយយើងបណ្ដុះឲ្យមានគុណសម្បត្ដិដែលជាទីពេញចិត្ត ដូចជាចិត្តមេត្ដាករុណា សេចក្ដីស្រឡាញ់ អំណរ មេត្រីភាព សេចក្ដីស្លូតបូត និងជំនឿ។ (កាឡាទី ៥:២២, ២៣; អេភេសូរ ៤:២៤, ៣២) គុណសម្បត្ដិបែបនេះ ជួយយើងឲ្យធ្វើជាស្វាមី ភរិយា មាតា បិតា បុត្រធីតាដ៏ប្រសើរជាង។
តើអ្នកធ្លាប់ឆ្ងល់អំពីអនាគតទេ? បទទំនាយក្នុងព្រះគម្ពីរ ជួយយើងដឹងថា យើងកំពុងតែរស់នៅក្នុងគ្រាមួយដ៏សំខាន់ក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិ។ បទទំនាយទាំងនេះមិនគ្រាន់តែពណ៌នាអំពីស្ថានការណ៍ពិភពលោកសព្វថ្ងៃនេះទេ តែក៏បង្ហាញថា បន្ដិចទៀតព្រះនឹងធ្វើឲ្យផែនដីនេះទៅជាសួនមនោរម្យមួយ។—វិវរណៈ ២១:៣, ៤
ជំនួយក្នុងការឲ្យយល់ព្រះគម្ពីរ
ប្រហែលជាអ្នកបានខិតខំអានព្រះគម្ពីរ តែគិតថាព្រះគម្ពីរគឺពិបាកយល់ណាស់។ ប្រហែលជាអ្នកមិនដឹងថា អ្នកត្រូវមើលកន្លែងណាក្នុងព្រះគម្ពីរដើម្បីរកចម្លើយចំពោះសំណួររបស់អ្នកបានទេ។ បើអ៊ីចឹង មិនមែនមានតែអ្នកទេដែលមានបញ្ហានោះ។ យើងទាំងអស់គ្នាត្រូវការជំនួយដើម្បីយល់ព្រះបន្ទូលរបស់ព្រះ។ ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងប្រមាណ២៣៥ប្រទេស បង្រៀនមនុស្សរាប់លាននាក់អំពីព្រះគម្ពីរដោយឥតគិតថ្លៃ។ ពួកគេនឹងសប្បាយចិត្តជួយលោកអ្នកដែរ។
តាមធម្មតា គឺមានប្រយោជន៍ច្រើនបំផុត បើសិនជាអ្នកសិក្សាព្រះគម្ពីរជាបណ្ដើរៗ ដោយចាប់ផ្ដើមរៀនសេចក្ដីបង្រៀនបឋមៗ។ (ហេព្រើរ ៦:១) ពេលអ្នករៀនបន្ត អ្នកនឹងអាចទទួលនូវ«អាហាររឹង»គឺជា សេចក្ដីពិតដ៏ជ្រៅជាង។ (ហេព្រើរ ៥:១៤) ព្រះគម្ពីរជាប្រភពព័ត៌មានដ៏ចម្បង។ សៀវភៅផ្សេងៗអំពីព្រះគម្ពីរ ដូចជាសៀវភៅដែលមានចំណងជើងថាតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? នឹងជួយអ្នកយល់នូវខបទគម្ពីរស្តីពីរឿងសព្វបែបយ៉ាង។
តើអ្នកសុខចិត្តចំណាយពេលវេលាជារៀងរាល់សប្ដាហ៍ ដើម្បីយល់ព្រះគម្ពីរទេ?
តាមធម្មតា កម្មវិធីសិក្សាព្រះគម្ពីរអាចត្រូវរៀបចំនៅពេលមួយនិងនៅកន្លែងមួយ ដែលសមរម្យហើយល្អសំរាប់លោកអ្នក។ មនុស្សជាច្រើនរៀនក្នុងផ្ទះរបស់គេផ្ទាល់។ អ្នកខ្លះថែមទាំងសិក្សាតាមទូរស័ព្ទទៀតផង។ កម្មវិធីសិក្សានោះមិនមែនជាថ្នាក់ដែលមានមនុស្សជាច្រើនចូលរួមទេ តែជាការរៀបចំដ៏ឯកជនមួយ ដែលសមស្របទៅតាមកាលៈទេសៈរបស់អ្នកផ្ទាល់ ហើយតាមកម្រិតនៃចំណេះដឹងនិងការអប់រំរបស់អ្នក។ គឺគ្មានការប្រឡងទេ ហើយអ្នកនឹងមិនត្រូវគេធ្វើឲ្យអាម៉ាស់មុខទេ។ សំណួររបស់អ្នកអំពីព្រះគម្ពីរនឹងត្រូវឆ្លើយ ហើយអ្នកនឹងរៀនពីរបៀបដែលអាចមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះ។
អ្នកមិនត្រូវបង់លុយដើម្បីសិក្សាព្រះគម្ពីរតាមការរៀបចំនេះទេ។ (ម៉ាថាយ ១០:៨) មនុស្សគ្រប់សាសនានិងមនុស្សគ្មានសាសនា ដែលមានចំណាប់អារម្មណ៍ស្មោះស្ម័គ្រទៅលើការបង្កើនចំណេះអំពីព្រះបន្ទូលរបស់ព្រះ អាចទទួលការសិក្សាបែបនេះដោយឥតគិតថ្លៃ។
តើអ្នកណាខ្លះអាចចូលរួមការពិគ្រោះនោះបាន? ក្រុមគ្រួសារទាំងមូលរបស់អ្នក។ មិត្តភក្ដិណាដែលអ្នកចង់អញ្ជើញឲ្យគេមកក៏អាចចូលរួមបានដែរ។ ឬក៏បើសិនជាអ្នកចង់សិក្សាម្នាក់ឯង ក៏អាចធ្វើទៅបានដែរ។
មនុស្សជាច្រើនឆ្លៀតពេលមួយម៉ោងក្នុងមួយសប្ដាហ៍ដើម្បីសិក្សាព្រះគម្ពីរ។ បើសិនជាអ្នកអាចចំណាយពេលច្រើនជាង ឬក៏មានពេលតិចជាងនោះរៀងរាល់សប្ដាហ៍ ស្មរបន្ទាល់ព្រះយេហូវ៉ានឹងរៀបចំជួយលោកអ្នកបាន។
ការអញ្ជើញឲ្យរៀន
យើងសូមអញ្ជើញលោកអ្នកឲ្យទាក់ទងស្មរបន្ទាល់ព្រះយេហូវ៉ា។ វិធីមួយអ្នកអាចធ្វើអ៊ីចឹង គឺដោយសរសេរទៅកាន់អាសយដ្ឋានខាងក្រោមនេះ។ ក្រោយនោះនឹងមានការរៀបចំដើម្បីសិក្សាព្រះគម្ពីរជាមួយអ្នកនៅផ្ទះរបស់អ្នកដោយឥតគិតថ្លៃទេ។
□ សូមផ្ញើឲ្យខ្ញុំសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?មួយក្បាល។ សូមប្រាប់ភាសា
□ សូមទាក់ទងខ្ញុំដើម្បីសិក្សាព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។
បើគ្មានការបញ្ជាក់ថែមទៀតទេនោះ បទគម្ពីរនៅក្នុងខិត្តប័ណ្ណនេះបានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។