អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកអ្នកចង់រៀនគម្ពីរឬទេ?
វគ្គសិក្សាគម្ពីរសម្រាប់មនុស្សទាំងអស់
មនុស្សជាច្រើនស្គាល់សាក្សីព្រះយេហូវ៉ាដោយសារកិច្ចផ្សព្វផ្សាយរបស់ពួកគេ។ ប៉ុន្តែ តើលោកអ្នកដឹងទេថា សាក្សីព្រះយេហូវ៉ាក៏មានវគ្គសិក្សាគម្ពីរដែលធ្វើឡើងនៅទូទាំងពិភពលោកដែរ?
នៅឆ្នាំ២០១៤ សាក្សីព្រះយេហូវ៉ាជាង៨លាននាក់ក្នុង២៤០ប្រទេសបានបង្រៀនគម្ពីរដល់មនុស្សជិត៩លាន៥សែននាក់ជារៀងរាល់ខែ។a ដើម្បីយល់ថាចំនួនសិស្សគម្ពីរនេះគឺច្រើនយ៉ាងណា លោកអ្នកអាចប្រៀបធៀបនឹងចំនួនប្រជាជននៅប្រទេសខ្លះ។ ការពិត មាន១៤០ប្រទេសដែលប្រទេសនីមួយៗមានចំនួនប្រជាជនតិចជាងចំនួនសិស្សគម្ពីរទាំងនេះ!
ដើម្បីឲ្យការអប់រំនេះដំណើរការទៅបាន សាក្សីព្រះយេហូវ៉ាបោះពុម្ពគម្ពីរ សៀវភៅផ្សេងៗ ទស្សនាវដ្ដី និងសៀវភៅជំនួយសិក្សាគម្ពីរជារៀងរាល់ឆ្នាំ ប្រមាណ១.៥០០លានក្បាល ហើយជាង៧០០ភាសា។ ចំនួនបោះពុម្ពដែលគ្មានគូប្រៀបនេះ គឺផ្ដល់លទ្ធភាពឲ្យមនុស្សរៀនគម្ពីរជាភាសាណាមួយដែលពួកគេជ្រើសរើស។
ចម្លើយចំពោះសំណួរដែលមនុស្សជាច្រើនសួរអំពីវគ្គសិក្សាគម្ពីរ
តើវគ្គសិក្សាត្រូវធ្វើឡើងយ៉ាងដូចម្ដេច?
លោកអ្នកអាចជ្រើសរើសប្រធានបទផ្សេងៗអំពីគម្ពីរ ហើយពិនិត្យមើលខគម្ពីរដែលទាក់ទងនឹងប្រធានបទទាំងនោះ។ ឧទាហរណ៍ គម្ពីរមានចម្លើយចំពោះសំណួរជាច្រើន ដូចជា៖ តើព្រះពិតជានរណា? តើលោកជាព្រះបែបណា? តើព្រះមាននាមឬទេ? តើលោករស់នៅឯណា? តើយើងអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោកឬទេ? ចម្លើយចំពោះសំណួរទាំងនេះអាចរកឃើញក្នុងគម្ពីរ។
ដើម្បីជួយមនុស្សរកឃើញចម្លើយ ជាធម្មតាយើងប្រើសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?b សៀវភៅនេះបានត្រូវរៀបចំជាពិសេសដើម្បីជួយឲ្យមនុស្សយល់សេចក្ដីបង្រៀនបឋមៗក្នុងគម្ពីរ។ សេចក្ដីបង្រៀនទាំងនោះរួមមាន អំពីព្រះ លោកយេស៊ូគ្រិស្ត ទុក្ខវេទនារបស់មនុស្សជាតិ ការប្រោសឲ្យរស់ឡើងវិញ សេចក្ដីអធិដ្ឋាន និងប្រធានបទផ្សេងទៀតជាច្រើន។
តើលោកអ្នកអាចរៀនគម្ពីរនៅពេលណានិងនៅកន្លែងណា?
លោកអ្នកអាចជ្រើសរើសរៀនគម្ពីរនៅពេលវេលានិងទីកន្លែងដែលស្រួលសម្រាប់លោកអ្នក។
តើការសិក្សាម្ដងៗមានរយៈពេលប៉ុន្មាន?
មនុស្សជាច្រើនបានលៃទុកពេលមួយម៉ោងឬច្រើនជាងជារៀងរាល់សប្ដាហ៍ដើម្បីរៀនគម្ពីរ។ ប៉ុន្តែរយៈពេលរៀនគឺអាចផ្លាស់ប្ដូរបាន។ យើងនឹងកែសម្រួលពេលវេលាស្របតាមកាលវិភាគរបស់លោកអ្នក។ អ្នកខ្លះរៀនគម្ពីរតែ១០ឬ១៥នាទីប៉ុណ្ណោះជារៀងរាល់សប្ដាហ៍។
តើត្រូវបង់លុយសម្រាប់វគ្គសិក្សានេះឬទេ?
វគ្គសិក្សានិងសៀវភៅជំនួយសម្រាប់សិក្សាគឺឥតគិតថ្លៃ។ នេះស្របតាមការណែនាំដែលលោកយេស៊ូបានឲ្យដល់អ្នកកាន់តាមលោក ដែលថា៖ «អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។—ម៉ាថាយ ១០:៨
តើត្រូវការរយៈពេលប៉ុន្មានសម្រាប់វគ្គសិក្សានេះ?
រយៈពេលនៃវគ្គសិក្សាគឺអាស្រ័យទៅលើលោកអ្នក។ សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? មាន១៩មេរៀន។ លោកអ្នកអាចសម្រេចចិត្តរៀនមេរៀនទាំងអស់ ឬរៀនមេរៀនខ្លះក៏បាន ហើយលោកអ្នកអាចរៀនស្របទៅតាមកម្រិតសមត្ថភាពរបស់លោកអ្នក។
តើខ្ញុំត្រូវតែក្លាយទៅជាសាក្សីព្រះយេហូវ៉ាឬទេ?
អត់ទេ។ យើងទទួលស្គាល់ថាមនុស្សម្នាក់ៗមានសិទ្ធិសម្រេចចង់ជឿឬមិនជឿ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកដែលបានរៀនចប់មេរៀនបឋមៗក្នុងគម្ពីរ អាចធ្វើការសម្រេចចិត្តយ៉ាងប្រាកដប្រជា។
តើខ្ញុំអាចរកព័ត៌មានថែមទៀតនៅឯណា?
គេហទំព័រjw.org/km ផ្ដល់នូវព័ត៌មានត្រឹមត្រូវអំពីជំនឿនិងសកម្មភាពផ្សេងៗរបស់សាក្សីព្រះយេហូវ៉ា។
តើខ្ញុំអាចស្នើសុំរៀនគម្ពីរយ៉ាងដូចម្ដេច?
លោកអ្នកអាចចូលគេហទំព័រwww.jw.org/km រួចបំពេញពាក្យស្នើសុំរៀនគម្ពីរ។
លោកអ្នកអាចសរសេរសំបុត្រទៅអាសយដ្ឋានដែលមាននៅទំព័រទី២ក្នុងទស្សនាវដ្ដីនេះ។
a ជាទូទៅការបង្រៀនគម្ពីរគឺជាការបង្រៀនដល់បុគ្គលម្នាក់ៗ ឬដល់មនុស្សមួយក្រុមតូច។
b បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។ សៀវភៅនេះជាង២៣០លានក្បាល បានត្រូវបោះពុម្ពជាង២៦០ភាសា។