បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/៧ ទំ. ៨-១០
  • វិធីរក្សាអំណរក្នុងគ្រាដែលមានវ័យចាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • វិធីរក្សាអំណរក្នុងគ្រាដែលមានវ័យចាស់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • អ្នកអាចរក្សាចិត្តសុភាពសូម្បីតែនៅពេលដែលពិបាកធ្វើដូច្នេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • មូលហេតុដែលចិត្តសុភាពគឺសំខាន់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • តើរបៀបស្លៀកពាក់របស់អ្នកនាំឲ្យព្រះទទួលការសរសើរតម្កើងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ព្រះយេហូវ៉ាមើលថែរក្សាអ្នកបម្រើដែលមានវ័យចាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/៧ ទំ. ៨-១០

វិធី​រក្សា​អំណរ​ក្នុង​គ្រា​ដែល​មាន​វ័យ​ចាស់

ពេល​ដែល​អ្នក​គិត​អំពី​គ្រា​ដែល​មាន​វ័យ​ចាស់ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? ពេល​គិត​អំពី​វ័យ​ចាស់ មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ ខ្វល់​ខ្វាយ និង​ភ័យ​ខ្លាច​ទៀត​ផង។ នេះ​គឺ​ដោយ​សារ​វ័យ​ចាស់​ច្រើន​តែ​ទាក់​ទង​អ្វី​មិន​ល្អ ដូច​ជា​ការ​មាន​ស្បែក​ជ្រីវជ្រួញ រាង​កាយ​ទ្រុឌ​ទ្រោម ការ​ភ្លេច​ភ្លាំង និង​ការ​មាន​ជំងឺ​ធ្ងន់​ធ្ងរ។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តាម​ពិត​ដំណាក់​កាល​ចាស់​ជរា​របស់​មនុស្ស​ម្នាក់​ៗ​គឺ​ខុស​ៗ​គ្នា។ ពួក​គាត់​ខ្លះ​នៅ​មាន​សុខភាព​ល្អ ទាំង​ខាង​ផ្លូវ​កាយ​ទាំង​ខាង​ផ្លូវ​ចិត្ត។ ការ​ជឿន​លឿន​ផ្នែក​វេជ្ជសាស្ត្រ​នាំ​ឲ្យ​មាន​វិធី​ព្យាបាល​ផ្សេង​ៗ ឬ​ការ​ទប់​ស្កាត់​ជំងឺ​ធ្ងន់​ធ្ងរ។ ជា​លទ្ធផល នៅ​ប្រទេស​ខ្លះ មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​រស់​បាន​យូរ​ជាង ហើយ​មាន​សុខភាព​ល្អ​ជាង។

ប៉ុន្តែ ទោះ​ជា​មនុស្ស​វ័យ​ចាស់​មាន​ឬ​គ្មាន​បញ្ហា​បែប​នោះ​ក៏​ដោយ ពួក​គាត់​ភាគ​ច្រើន​ចង់​រក្សា​អំណរ​ក្នុង​គ្រា​ដែល​មាន​វ័យ​ចាស់។ តើ​អាច​ធ្វើ​ដូច្នេះ​បាន​តាម​របៀប​ណា? យើង​អាច​ធ្វើ​បាន​ឬ​មិន​បាន គឺ​អាស្រ័យ​ទៅ​លើ​ចិត្ត​គំនិត ការ​ព្យាយាម និង​សមត្ថភាព​របស់​យើង ក្នុង​ការ​សម្រប​ខ្លួន​ទៅ​តាម​ដំណាក់​កាល​ថ្មី​ក្នុង​ជីវិត។ ដើម្បី​ជួយ​យើង​ធ្វើ​ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​គោល​ការណ៍​គម្ពីរ​ខ្លះ​ៗ​ដែល​ស្រួល​អនុវត្ត​និង​មាន​ប្រយោជន៍។

មាន​ចិត្ត​សុភាព: ​«​ប្រាជ្ញា​តែង​នៅ​នឹង​មនុស្ស​សុភាព​»។ (​សុភាសិត ១១:២​) នៅ​ក្នុង​ខ​នេះ ​«​មនុស្ស​សុភាព​»​អាច​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​វ័យ​ចាស់ ដែល​ទទួល​ស្គាល់​ថា គាត់​មិន​អាច​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដូច​ពី​មុន​ទេ។ អ៊ំ​ប្រុស​ឆាល​អាយុ​៩៣​ឆ្នាំ​រស់​នៅ​ប្រទេស​ប្រេស៊ីល មាន​ប្រសាសន៍​ដោយ​ត្រង់​ថា​៖ ​«​បើ​យើង​រស់​យូរ​ហើយ យើង​ត្រូវ​តែ​ចាស់។ យើង​មិន​អាច​ធ្វើ​ឲ្យ​ពេល​វេលា​ត្រឡប់​ថយ​ក្រោយ​បាន​ឡើយ​»។

ទោះ​ជា​យ៉ាង​នោះ​ក្ដី ការ​មាន​ចិត្ត​សុភាព​មិន​មាន​ន័យ​ថា​យើង​ត្រូវ​មាន​គំនិត​មិន​ត្រឹម​ត្រូវ​នោះ​ទេ ដូច​ជា​និយាយ​ថា​«​ឥឡូវ​ខ្ញុំ​ចាស់​ហើយ ខ្ញុំ​ធ្វើ​អី​មិន​កើត​ទៀត​ទេ​»។ ចិត្ត​គំនិត​បែប​នេះ​អាច​ធ្វើ​ឲ្យ​អស់​កម្លាំង​ចិត្ត។ សៀវភៅ​សុភាសិត ២៤:១០​ចែង​ថា​៖ ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។ ផ្ទុយ​ទៅ​វិញ មនុស្ស​សុភាព​បង្ហាញ​ប្រាជ្ញា ដោយ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព។

អ៊ំ​ប្រុស​ខូរ៉ាដូ​អាយុ​៧៧​ឆ្នាំ​រស់​នៅ​ប្រទេស​អ៊ីតាលី បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​យើង​បើក​ឡាន​ឡើង​ទួល យើង​គ្រាន់​តែ​ប្ដូរ​លេខ ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ម៉ាស៊ីន​រលត់​ប៉ុណ្ណោះ​»។ ដូច្នេះ ពេល​បុគ្គល​ម្នាក់​ចាស់​ទៅ គាត់​ត្រូវ​សម្រប​ទៅ​តាម​កម្រិត​សមត្ថភាព​របស់​គាត់។ អ៊ំ​ប្រុស​ខូរ៉ាដូ​និង​ប្រពន្ធ​គាត់​ធ្វើ​កិច្ច​ការ​ផ្ទះ​តាម​សម្រួល ដើម្បី​ជៀស​វាង​កុំ​ធ្វើ​ការ​ងារ​ច្រើន​ពេក​រហូត​ដល់​បាក់​កម្លាំង។ អ៊ំ​ស្រី​ម៉ារៀន​អាយុ​៨១​ឆ្នាំ​រស់​នៅ​ប្រទេស​ប្រេស៊ីល គាត់​ក៏​បាន​សម្រប​ទៅ​តាម​ស្ថានភាព​របស់​ខ្លួន​ដែរ។ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ធ្វើ​អ្វី​ទាំង​អស់​តាម​សម្រួល។ បន្ទាប់​ពី​ធ្វើ​កិច្ច​ការ​មួយ​ហើយ បើ​ត្រូវ​ការ​សម្រាក ខ្ញុំ​សម្រាក​មួយ​ភ្លែត​ដោយ​អង្គុយ​ចុះ ឬ​ទម្រេត​ខ្នង​បន្ដិច​អានសៀវភៅ ឬ​ស្ដាប់​បទ​ភ្លេង ក្រោយ​មក​ខ្ញុំ​បន្ត​ធ្វើ​កិច្ច​ការ​មួយ​ទៀត។ ខ្ញុំ​បាន​រៀន​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្ញុំ​»។

មាន​តុល្យ​ភាព: ស្ត្រី​គួរ​«​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​រៀប​រយ បែប​រមទម និង​ដោយ​មាន​គំនិត​សម​ហេតុ​សម​ផល​»។ (​ធីម៉ូថេ​ទី១ ២:៩​) ឃ្លា​ដែល​ថា​«​សម្លៀក​បំពាក់​រៀប​រយ​»​សំដៅ​ទៅ​លើ​ការ​ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​ស្អាត​បាត​សម​ទៅ​តាម​វ័យ​របស់​ខ្លួន។ អ៊ំ​ស្រី​បាប្រឺ​អាយុ​៧៤​ឆ្នាំ​រស់​នៅ​ប្រទេស​កាណាដា បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ស្លៀក​ពាក់​រៀប​រយ​និង​ស្អាត​បាត មិន​មែន​ឲ្យ​តែ​បាន​ៗ ដោយ​មាន​គំនិត​ថា‹ចាស់​ហើយ គ្មាន​អ្នក​ណា​មើល​នោះ​ទេ›​»។ អ៊ំ​ស្រី​ហ្វឺន​អាយុ​៩១​ឆ្នាំ​រស់​នៅ​ប្រទេស​ប្រេស៊ីល បាន​ប្រាប់​ថា​៖ ​«​ម្ដង​ម្កាល​ខ្ញុំ​ទិញ​ខោ​អាវ​ថ្មី ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​»។ ចុះ​យ៉ាង​ណា​បុរស​វ័យ​ចាស់? អ៊ំ​ប្រុស​អាន់តូនយ៉ូ​អាយុ​៧៣​ឆ្នាំ​រស់​នៅ​ប្រទេស​ប្រេស៊ីល បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ស្លៀក​ពាក់​ខោ​អាវ​ស្អាត​ៗ​ដើម្បី​មើល​ទៅ​ថ្លៃ​ថ្នូរ​»។ ស្តី​អំពី​អនាម័យ​ខ្លួន​ប្រាណ អ៊ំ​ប្រុស​អាន់តូនយ៉ូ​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ងូត​ទឹក​និង​កោរ​ពុក​មាត់​ជា​រៀង​រាល់​ថ្ងៃ​»។

ម្យ៉ាង​វិញ​ទៀត គឺ​ជា​ការ​សំខាន់​ដែល​អ្នក​មិន​គិត​ហួស​ហេតុ​ពេក​អំពី​ការ​សម្អិតសម្អាង​ខ្លួន រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​លែង​មាន​«​គំនិត​សម​ហេតុ​សម​ផល​»​ទៀត។ អ៊ំ​ស្រី​បូកអ៊ីម​អាយុ​៦៩​ឆ្នាំ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​យ៉ាង​សមរម្យ។ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​គួរ​ពាក់​ខោ​អាវ​ខ្លះ​ដែល​ខ្ញុំ​ធ្លាប់​ពាក់​កាល​ពី​នៅ​ក្មេង​នោះ​ទេ​»។

មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ: ​«​អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធតែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី​លៀង​នៅ​ជា​និច្ច​»។ (​សុភាសិត ១៥:១៥​) ពេល​ដែល​អ្នក​កាន់​តែ​ចាស់​ទៅ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន​ឯង បើ​អ្នក​គិត​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​អ្នក​ធ្លាប់​ធ្វើ​កាល​ពី​អ្នក​នៅ​ក្មេង​នៅ​ពេញ​កម្លាំង។ នេះ​ជា​អារម្មណ៍​ធម្មតា​ទេ។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ សូម​ព្យាយាម​យក​ឈ្នះ​អារម្មណ៍​មិន​ល្អ​ទាំង​នោះ។ ការ​គិត​អំពី​អតីតកាល​អាច​ធ្វើ​ឲ្យ​អ្នក​អស់​សង្ឃឹម​និង​ធ្លាក់​ទឹក​ចិត្ត ហើយ​អារម្មណ៍​នោះ​ធ្វើ​ឲ្យ​អ្នក​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្សេង​ដែល​អ្នក​នៅ​តែ​អាច​ធ្វើ​បាន។ អ៊ំ​ប្រុស​ចូសេហ្វ​អាយុ​៧៩​ឆ្នាំ​រស់​នៅ​ប្រទេស​កាណាដា មាន​ទស្សនៈ​ល្អ​អំពី​រឿង​នេះ គាត់​ប្រាប់​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ៗ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ឈប់​គិត​អំពី​អ្វី​ដែល​ឥឡូវ​ខ្ញុំ​ធ្វើ​មិន​បាន​ទៀត​»។

ការ​អាន​និង​ការ​សិក្សា​សៀវភៅ​ផ្សេង​ៗ​ក៏​អាច​ជួយ​អ្នក​មាន​អារម្មណ៍​ល្អ​ជាង ហើយ​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ថ្មី​ៗ​ផង​ដែរ។ ដូច្នេះ សូម​ខំ​រក​ឱកាស​អាន​និង​រៀន​ឲ្យ​ចេះ​ធ្វើ​អ្វី​ថ្មី​ៗ។ អ៊ំ​ប្រុស​អឺណេស្តូ​អាយុ​៧៤​ឆ្នាំ​រស់​នៅ​ប្រទេស​ហ្វីលីពីន បាន​ទៅ​លេង​បណ្ណាល័យ​ដើម្បី​អាន​សៀវភៅ​ផ្សេង​ៗ​ដែល​គាត់​ចាប់​អារម្មណ៍។ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​ផ្សេង​ៗ ពី​ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ៗ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​»។ អ៊ំ​ប្រុស​ឡេនណឺត​អាយុ​៧៥​ឆ្នាំ​រស់​នៅ​ប្រទេស​ស៊ុយអែត បាន​ធ្វើ​អ្វី​មួយ​ដ៏​ពិបាក គឺ​គាត់​បាន​រៀន​ភាសា​ថ្មី។

មាន​ចិត្ត​ទូលាយ: ​«​ចូរ​ទម្លាប់​ឲ្យ​គេ ហើយ​គេ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​»។ (​លូកា ៦:៣៨​) សូម​មាន​ទម្លាប់​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត​និង​ចេះ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត។ នេះ​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​បាន​សម្រេច​អ្វី​មួយ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល។ អ៊ំ​ស្រី​អូហ្សឺ​អាយុ​៨៥​ឆ្នាំ​រស់​នៅ​ប្រទេស​ប្រេស៊ីល ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ទោះ​ជា​គាត់​មិន​សូវ​មាន​កម្លាំង​ច្រើន​ក៏​ដោយ។ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ទូរស័ព្ទ និង​សរសេរសំបុត្រ​ទៅ​សួរ​សុខទុក្ខ​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ដែល​កំពុង​ឈឺ ឬ​ធ្លាក់​ទឹក​ចិត្ត។ ជួន​កាល ខ្ញុំ​ផ្ញើ​អំណោយ​បន្ដិច​បន្តួច​ទៅ​ពួក​គាត់។ ខ្ញុំ​ក៏​ចូល​ចិត្ត​ធ្វើ​ម្ហូប​ឬ​បង្អែម​ឲ្យ​មិត្ត​ភក្ដិ​ដែល​ឈឺ​ដែរ​»។

ពេល​យើង​បង្ហាញ​ចិត្ត​ទូលាយ​ដល់​អ្នក​ឯ​ទៀត នោះ​ពួក​គេ​នឹង​បង្ហាញ​ចិត្ត​ទូលាយ​មក​យើង​វិញ។ អ៊ំ​ប្រុស​យ៉ាន​អាយុ​៦៦​ឆ្នាំ​រស់​នៅ​ប្រទេស​ស៊ុយអែត មាន​ប្រសាសន៍​ថា​៖ ​«​ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត ពួក​គេ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​មក​យើង​វិញ​»។ មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​រីក​រាយ​និង​បង្កើត​ឲ្យ​មាន​បរិយាកាស​កក់​ក្ដៅ។

មាន​ភាព​រាក់​ទាក់: ​«​អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ ហើយ​ក៏​មាន​ចិត្ត​គ្នាន់​ក្នាញ់​ទាស់​នឹង​អស់​ទាំង​សេចក្ដី​ដែល​មាន​ទំនង​»។ (​សុភាសិត ១៨:១​) មាន​ពេល​ខ្លះ​ដែល​អ្នក​ចង់​នៅ​តែ​ម្នាក់​ឯង ប៉ុន្តែ សូម​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត។ អ៊ំ​ប្រុស​អ៊ីនណឺសឺន​អាយុ​៧២​ឆ្នាំ​រស់​នៅ​ប្រទេស​នីហ្សេរីយ៉ា ចូល​ចិត្ត​នៅ​ជា​មួយ​នឹង​មិត្ត​ភក្ដិ។ គាត់​ប្រាប់​ថា​៖ ​«​ខ្ញុំ​មាន​អំណរ​ពេល​សេពគប់​ជា​មួយ​នឹង​មនុស្ស​គ្រប់​វ័យ​»។ អ៊ំ​ប្រុស​បឺយេ​អាយុ​៨៥​ឆ្នាំ​រស់​នៅ​ប្រទេស​ស៊ុយអែត បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​ព្យាយាម​នៅ​ជិត​មនុស្ស​វ័យ​ក្មេង។ ភាព​ស្វាហាប់​ដែល​ពួក​គេ​មាន ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ក្មេង​ម្ដង​ទៀត​»។ ម្ដង​ម្កាល អ្នក​អាច​អញ្ជើញ​មិត្ត​ភក្ដិ​មក​លេង​ផ្ទះ​របស់​អ្នក។ អ៊ំ​ប្រុស​ហាន់​ស៊ី​ក​អាយុ​៧២​ឆ្នាំ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រៀប​រាប់​ថា​៖ ​«​ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​ចូល​ចិត្ត​អញ្ជើញ​មិត្ត​ភក្ដិ​មក​ជប់​លៀង​ឬ​ពិសា​អាហារ​ល្ងាច​ជា​មួយ​គ្នា មិន​ថា​ពួក​គាត់​ជា​មនុស្ស​ចាស់​ឬ​ក្មេង​ក្ដី​»។

មនុស្ស​រាក់​ទាក់​ជា​អ្នក​ដែល​ចូល​ចិត្ត​សន្ទនា។ ប៉ុន្តែ ការ​សន្ទនា​ត្រូវ​មាន​ការ​និយាយ​និង​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ សូម​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​អ្នក​ឯ​ទៀត។ អ៊ំ​ស្រី​អ៊ីលីនណឺ​អាយុ​៧១​ឆ្នាំ​រស់​នៅ​ប្រទេស​ម៉ូសំប៊ិក មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​មនុស្ស​រួស​រាយ ហើយ​ខ្ញុំ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​ថ្លៃ​ថ្នូរ។ ខ្ញុំ​ស្ដាប់​អ្វី​ដែល​ពួក​គេ​និយាយ ដើម្បី​អាច​ដឹង​ថា​ពួក​គេ​គិត​និង​ចូល​ចិត្ត​អ្វី​ខ្លះ​»។ អ៊ំ​ប្រុស​ហ្សូស៊េ​អាយុ​៧៣​ឆ្នាំ​រស់​នៅ​ប្រទេស​ប្រេស៊ីល បាន​រៀប​រាប់​ថា​៖ ​«​មនុស្ស​ចូល​ចិត្ត​នៅ​ជិត​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពួក​គេ ពោល​គឺ​អ្នក​ដែល​បង្ហាញ​ការ​យោគ​យល់​និង​ចំណាប់​អារម្មណ៍​ចំពោះ​អ្នក​ដទៃ។ អ្នក​នោះ​ជា​អ្នក​ដែល​ចេះ​និយាយ​សរសើរ​គេ​នៅ​ចំ​ពេល ហើយ​ជា​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កំប្លែង​»។

ពេល​អ្នក​និយាយ​អំពី​គំនិត​របស់​អ្នក សូម​និយាយ​«​ប្រកប​ដោយ​ភាព​សប្បុរស​»។ (​កូឡុស ៤:៦​) សូម​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ឯ​ទៀត និង​ចេះ​លើក​ទឹក​ចិត្ត​ពួក​គេ។

មាន​អំណរ​គុណ: ​«​ចូរ​បង្ហាញ​អំណរ​គុណ​»។ (​កូឡុស ៣:១៥​) ពេល​អ្នក​ទទួល​ជំនួយ​ណា​មួយ សូម​បង្ហាញ​អំណរ​គុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​នោះ។ ការ​បង្ហាញ​អំណរ​គុណ​ជួយ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។ អ៊ំ​ស្រី​ម៉ារី​ប៉ូល​អាយុ​៧៤​ឆ្នាំ​រស់​នៅ​ប្រទេស​កាណាដា បាន​រៀប​រាប់​ថា​៖ ​«​ប្ដី​និង​ខ្ញុំ​ទើប​តែ​រើ​ទៅ​នៅ​ផ្ទះ​តូច​ជាង។ មាន​បង​ប្អូន​ជា​ច្រើន​បាន​មក​ជួយ​យើង។ យើង​មាន​អារម្មណ៍​ថា​ពាក្យ​អរគុណ​ប៉ុណ្ណោះ គឺ​មិន​ស្មើ​នឹង​អ្វី​ដែល​ពួក​គាត់​បាន​ជួយ​យើង​ទេ។ ក្រោយ​ពី​នោះ​មក យើង​បាន​ផ្ញើ​សំបុត្រ​អរគុណ​ពួក​គាត់ ហើយ​បាន​អញ្ជើញ​ពួក​គាត់​ខ្លះ​មក​ពិសា​អាហារ​នៅ​ផ្ទះ​យើង​»។ អ៊ំ​ស្រី​ចេវឺន​អាយុ​៧៦​ឆ្នាំ​រស់​នៅ​កូរ៉េ​ខាង​ត្បូង ដឹង​គុណ​បង​ប្អូន​ដែល​បាន​មក​ទទួល​គាត់​ទៅ​សាល​ប្រជុំ។ គាត់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ដឹង​គុណ​ចំពោះ​អ្វី​ទាំង​អស់​ដែល​បង​ប្អូន​បាន​ជួយ​ខ្ញុំ។ ខ្ញុំ​បាន​បង្ហាញ​អំណរ​គុណ​ដោយ​ជួយ​ចេញ​ថ្លៃ​សាំង។ ពេល​ខ្លះ ខ្ញុំ​ជូន​អំណោយ​បន្ដិច​បន្តួច​ដោយ​ភ្ជាប់​ជា​មួយ​នឹង​សំបុត្រ​អរគុណ​ផង​ដែរ​»។

សំខាន់​ជាង​នោះ​ទៅ​ទៀត សូម​មាន​អំណរ​គុណ​ចំពោះ​ជីវិត​របស់​អ្នក ព្រោះ​ជីវិត​គឺ​មក​ពី​ព្រះ។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​អង្គជា​ប្រភព​នៃ​ជីវិត​»។ (​ទំនុក​តម្កើង ៣៦:១០, ខ.ស.​)។ បើ​អ្នក​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ ហើយ​ព្យាយាម​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី នោះ​អ្នក​អាច​រក្សា​អំណរ​ក្នុង​គ្រា​ដែល​មាន​វ័យ​ចាស់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក