ជំពូកទីប្រាំពីរ
អ្វីដែលយើងរៀនពីការដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ
១, ២. (ក) ប្រសិនបើព្រះយេហូវ៉ាបានប្រហារជីវិតអ្នកបះបោរភ្លាមនៅសួនអេដែន តើនោះនឹងមានអានុភាពលើយើងយ៉ាងដូចម្ដេច? (ខ) តើសំវិធានការណាដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលព្រះយេហូវ៉ាបានរៀបចំឲ្យយើង?
យ៉ាកុបជាបុព្វបុរសម្នាក់បានពោលថា៖ «អស់ទាំងឆ្នាំអាយុនៃទូលបង្គំបានតិចណាស់ ហើយអាក្រក់ផង»។ (លោកុប្បត្តិ ៤៧:៩) ស្រដៀងគ្នាដែរ យ៉ូបក៏បានថ្លែងថាមនុស្ស«សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង»។ (យ៉ូប ១៤:១) មនុស្សយើងសឹងតែគ្រប់គ្នាក៏បានពិសោធន៍នូវការពិបាក ភាពអយុត្ដិធម៌ និងព្រឹត្ដិការណ៍ដ៏ខ្លោចផ្សាដូចពួកគាត់ដែរ។ ប៉ុន្តែ កំណើតរបស់យើងមិនមែនដោយសារភាពអយុត្ដិធម៌មកពីព្រះទេ។ ពិតមែន យើងឥតមានគំនិតនិងរាងកាយដ៏គ្រប់ល័ក្ខណ៍ ហើយក៏មិនមានលំនៅដែលជាសួនមនោរម្យដូចអ័ដាមនិងអេវ៉ាធ្លាប់មាននោះដែរ។ ប៉ុន្តែ ចុះយ៉ាងណាវិញ ប្រសិនបើព្រះយេហូវ៉ាបានប្រហារជីវិតអ័ដាមនិងអេវ៉ាចោលភ្លាម ពេលពួកគាត់បានបះបោរនោះ? ច្បាស់ជាគ្មានជំងឺ សេចក្ដីទុក្ខសោក ឬសេចក្ដីស្លាប់ ហើយក៏គ្មានមនុស្សជាតិដែរ។ យើងនឹងមិនបានកើតមកឡើយ។ ដោយមេត្ដាករុណា ព្រះបានអនុញ្ញាតឲ្យអ័ដាមនិងអេវ៉ាមានពេលវេលា ដើម្បីបង្កើតកូន ថ្វីបើកូនទាំងនេះមានភាពឥតគ្រប់ល័ក្ខណ៍ក៏ដោយ។ តាមរយៈព្រះគ្រីស្ទ ព្រះយេហូវ៉ាបានធ្វើសំវិធានការឲ្យយើងទទួលបានអ្វីដែលអ័ដាមបានបាត់បង់ នោះគឺជាជីវិតអស់កល្បជានិច្ចលើផែនដីមនោរម្យ។—យ៉ូហាន ១០:១០; រ៉ូម ៥:១២
២ យើងទទួលការលើកទឹកចិត្តមែន! ដោយសារយើងអាចទន្ទឹងចាំដោយរំភើបចិត្តនូវពេលវេលាដែលយើងអាចរស់នៅជារៀងរហូតក្នុងពិភពលោកថ្មី ដែលមានបរិស្ថានដ៏ល្អបំព្រង ពេលយើងនឹងលែងមានជំងឺ សេចក្ដីទុក្ខសោក ការឈឺចាប់ និងសេចក្ដីស្លាប់ ក៏គ្មានមនុស្សអាក្រក់ទៀតដែរ។ (សុភាសិត ២:២១, ២២; វិវរណៈ ២១:៤, ៥) ប៉ុន្តែ ពីកំណត់ហេតុក្នុងព្រះគម្ពីរ យើងដឹងថាទោះជាសេចក្ដីសង្គ្រោះរបស់យើងគឺសំខាន់ចំពោះយើងនិងចំពោះព្រះយេហូវ៉ាក៏ដោយ ក៏មានអ្វីដ៏សំខាន់ជាងដែលទាក់ទងនឹងរឿងនេះដែរ។
សំរាប់ជាប្រយោជន៍ចំពោះព្រះនាមដ៏ឧត្តមរបស់ទ្រង់
៣. តើអ្វីដែលជាប់ទាក់ទងនឹងការសម្រេចនៃគោលបំណងរបស់ព្រះយេហូវ៉ា ចំពោះផែនដីនិងមនុស្សលោក?
៣ ព្រះនាមរបស់ព្រះគឺជាប់ទាក់ទងនឹងសេចក្ដីសម្រេចនៃគោលបំណងរបស់ទ្រង់ ស្តីអំពីផែនដីនិងមនុស្សជាតិ។ ព្រះនាមយេហូវ៉ា គឺមានន័យថា«ទ្រង់ដែលធ្វើឲ្យក្លាយជា»។ ដូច្នេះ ព្រះនាមរបស់ទ្រង់តំណាងកេរ្ដិ៍ឈ្មោះរបស់ទ្រង់ជាព្រះមហាក្សត្រសកលលោក ព្រះដែលមានគោលបំណង និងព្រះនៃសេចក្ដីពិត។ ដោយសារឋានៈរបស់ព្រះយេហូវ៉ា នោះសន្ដិភាពនិងសុវត្ថិភាពនៃសកលលោកទាំងមូល តម្រូវឲ្យបុគ្គលទាំងអស់គោរពព្រះនាមរបស់ទ្រង់ គោរពនូវអ្វីដែលព្រះនាមទ្រង់រួមបញ្ចូល ហើយស្ដាប់បង្គាប់ទ្រង់។
៤. តើគោលបំណងរបស់ព្រះយេហូវ៉ាចំពោះផែនដីរួមបញ្ចូលអ្វីខ្លះ?
៤ ក្រោយពីព្រះយេហូវ៉ាបានបង្កើតអ័ដាមនិងអេវ៉ា នោះទ្រង់ប្រទានកិច្ចការឲ្យពួកគាត់ធ្វើ។ ទ្រង់មានបន្ទូលប្រាប់ពួកគាត់យ៉ាងច្បាស់ថា គោលបំណងរបស់ពួកគាត់មិនគ្រាន់តែបង្ក្រាបផែនដី និងពង្រីកដែនសួនមនោរម្យឲ្យមានពេញផែនដីប៉ុណ្ណោះទេ តែក៏ត្រូវបង្កើតកូនឲ្យរស់នៅលើផែនដីផងដែរ។ (លោកុប្បត្តិ ១:២៨) តើគោលបំណងរបស់ទ្រង់នឹងទទួលបរាជ័យដោយសារពួកគាត់ប្រព្រឹត្តអំពើបាបនោះឬ? បើព្រះយេហូវ៉ាមិនអាចសម្រេចតាមគោលបំណងរបស់ទ្រង់ ចំពោះផែនដីនិងមនុស្សលោក នោះនឹងនាំឲ្យខូចកិត្ដិយសយ៉ាងណាទៅហ្ន៎! ដល់ព្រះនាមនៃព្រះយេហូវ៉ាដ៏មានព្រះចេស្ដាបំផុត។
៥. (ក) ប្រសិនបើមនុស្សមួយគូដំបូងបរិភោគពីដើមឈើសំរាប់ដឹងខុសត្រូវ តើពួកគាត់នឹងស្លាប់នៅពេលណា? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ាសម្រេចតាមបន្ទូលរបស់ទ្រង់នៅលោកុប្បត្តិ ២:១៧ ហើយដំណាលគ្នានោះទ្រង់ក៏ធ្វើតាមគោលបំណងរបស់ទ្រង់ចំពោះផែនដីនេះដែរ?
៥ ព្រះយេហូវ៉ាបានព្រមានអ័ដាមនិងអេវ៉ាថា ប្រសិនបើពួកគាត់មិនស្ដាប់បង្គាប់ និងបរិភោគផ្លែពីដើមដឹងខុសត្រូវ នោះពួកគាត់នឹងស្លាប់«នៅថ្ងៃណា»ដែលពួកគាត់បរិភោគ។ (លោកុប្បត្តិ ២:១៧) ព្រះយេហូវ៉ាបានធ្វើតាមពាក្យបន្ទូលរបស់ទ្រង់ ដោយជំនុំជំរះពួកគាត់នៅថ្ងៃដែលពួកគាត់ប្រព្រឹត្តអំពើបាប និងបានកាត់ទោសឲ្យស្លាប់។ ចំពោះព្រះយេហូវ៉ា នោះអ័ដាមនិងអេវ៉ាបានស្លាប់នៅថ្ងៃនោះឯង។ ប៉ុន្តែ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ចំពោះផែនដីនេះ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកគាត់បង្កើតកូនមុននឹងពួកគាត់ស្លាប់ទៅ។ យ៉ាងណាក៏ដោយ ដោយសារព្រះចាត់ទុក១.០០០ឆ្នាំប្រៀបដូចជាមួយថ្ងៃ នោះពេលអ័ដាមបានស្លាប់ពេលគាត់មានអាយុ៩៣០ឆ្នាំ គឺនៅក្នុងរយៈពេលមួយ«ថ្ងៃ»មែន។ (ពេត្រុសទី២ ៣:៨; លោកុប្បត្តិ ៥:៣-៥) ដូច្នេះ នេះបានបញ្ជាក់ភាពពិតត្រង់នៃបន្ទូលរបស់ព្រះយេហូវ៉ាស្តីអំពីពេលដែលពួកគាត់នឹងទទួលទោស ហើយគោលបំណងរបស់ទ្រង់ចំពោះផែនដីក៏មិនបានទទួលបរាជ័យ ដោយសារពួកគាត់ស្លាប់ទៅដែរ។ ប៉ុន្តែ ព្រះអនុញ្ញាតឲ្យមនុស្សឥតគ្រប់ល័ក្ខណ៍និងមនុស្សអាក្រក់បន្តរស់នៅមួយរយៈពេល។
៦, ៧. (ក) យោងទៅតាមនិក្ខមនំ ៩:១៥, ១៦ ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកមនុស្សអាក្រក់រស់នៅមួយរយៈពេល? (ខ) ក្នុងករណីរបស់ស្តេចផារ៉ោន តើបានឃើញព្រះចេស្ដារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ហើយតើព្រះនាមទ្រង់បានត្រូវប្រកាសប្រាប់យ៉ាងណា? (គ) ពេលរបបលោកីយ៍ដ៏អាក្រក់នេះចប់ទៅ តើនឹងមានអ្វីជាលទ្ធផល?
៦ អ្វីដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់អ្នកគ្រប់គ្រងនៃសាសន៍អេស៊ីបនៅសម័យម៉ូសេ ក៏បញ្ជាក់ថែមទៀតនូវមូលហេតុដែលព្រះអនុញ្ញាតឲ្យមានមនុស្សអាក្រក់នោះ។ ពេលស្តេចផារ៉ោនបានហាមមិនឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប នោះព្រះយេហូវ៉ាមិនបានប្រហារស្តេចផារ៉ោនភ្លាមៗនោះទេ។ ព្រះយេហូវ៉ាបានសម្ដែងនូវព្រះចេស្ដារបស់ទ្រង់តាមវិធីដ៏អស្ចារ្យៗ ពេលទ្រង់នាំឲ្យមានសេចក្ដីវេទនាដប់ប្រការលើស្រុកនោះ។ ពេលព្រមានអំពីសេចក្ដីវេទនាទីប្រាំពីរ នោះព្រះយេហូវ៉ាមានបន្ទូលប្រាប់ផារ៉ោន ថាទ្រង់អាចកំទេចចោលស្តេចផារ៉ោននិងរាស្ត្ររបស់ផារ៉ោនបានយ៉ាងងាយ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ប៉ុន្តែអញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធីបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទួទៅគ្រប់លើផែនដី»។—និក្ខមនំ ៩:១៥, ១៦
៧ ពេលព្រះយេហូវ៉ាបានរំដោះពួកអ៊ីស្រាអែល នោះព្រះនាមរបស់ទ្រង់បានល្បីសុសសាយមែន។ (យ៉ូស្វេ ២:១, ៩-១១) សព្វថ្ងៃនេះ ជិត៣.៥០០ឆ្នាំក្រោយមក មនុស្សមិនទាន់ភ្លេចនូវអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅពេលនោះទេ។ ព្រះនាមផ្ទាល់របស់ព្រះយេហូវ៉ាបានត្រូវប្រកាស ហើយសេចក្ដីពិតអំពីទ្រង់ក៏បានប្រកាសដែរ។ នេះបានស្ថាបនានូវកិត្ដិនាមរបស់ព្រះយេហូវ៉ា ជាព្រះដែលប្រព្រឹត្តតាមសេចក្ដីសន្យារបស់ទ្រង់ និងចាត់វិធានការដើម្បីជាប្រយោជន៍ដល់រាស្ត្ររបស់ទ្រង់ដែរ។ (យ៉ូស្វេ ២៣:១៤) នេះក៏សម្ដែងទៀតថា ដោយសារទ្រង់មានព្រះចេស្ដាបំផុត គឺគ្មានអ្វីអាចមកបង្ខាំងគោលបំណងរបស់ទ្រង់បានឡើយ។ (អេសាយ ១៤:២៤, ២៧) ដូច្នេះហើយ យើងអាចមានទំនុកចិត្តថា មិនយូរប៉ុន្មានទៀត នោះទ្រង់នឹងចាត់វិធានការដើម្បីជាប្រយោជន៍ដល់ពួកអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់ ដោយកំទេចចោលរបបលោកីយ៍ដ៏អាក្រក់របស់សាតាំង។ ការសម្ដែងនូវព្រះចេស្ដាដ៏ធំបំផុតនេះនិងសិរីរុងរឿងដែលការសម្ដែងនោះនឹងនាំមកដល់ព្រះនាមព្រះយេហូវ៉ា នឹងមិនត្រូវអ្នកណាភ្លេចឡើយ។ ផលប្រយោជន៍ពីនោះនឹងមានជារៀងរហូត។—អេសេគាល ៣៨:២៣; វិវរណៈ ១៩:១, ២
‹អើហ្ន៎! ប្រាជ្ញារបស់ព្រះជ្រៅណាស់!›
៨. តើប៉ុលដាស់តឿនយើងឲ្យពិនិត្យមើលកត្ដាអ្វី?
៨ ក្នុងសំបុត្ររបស់សាវ័កប៉ុលជូនទៅជននៅទីក្រុងរ៉ូម គាត់បានលើកសំនួរនេះថា៖ «តើព្រះមានសេចក្ដីទុច្ចរិតឬ?»។ គាត់ឆ្លើយយ៉ាងច្បាស់ថា៖ «ទេ! គ្មានសោះ!»។ រួចមក គាត់បានបញ្ជាក់នូវសេចក្ដីមេត្ដាករុណារបស់ព្រះ និងសំដៅទៅអ្វីដែលព្រះយេហូវ៉ាមានបន្ទូល អំពីការអនុញ្ញាតឲ្យស្តេចផារ៉ោនរស់នៅអស់មួយរយៈពេលនោះ។ ប៉ុលក៏បានបង្ហាញថាមនុស្សជាតិយើង ក៏ប្រៀបដូចដីឥដ្ឋក្នុងដៃរបស់ជាងស្មូនដែរ។ រួចមក គាត់ពោលថា៖ «ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្ដា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ ហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ដែលគួរនឹងសេចក្ដីមេត្ដាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្ដេចទៅ?»។—រ៉ូម ៩:១៤-២៤
៩. (ក) តើអ្នកណាជា«គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញ»? (ខ) ហេតុអ្វីបានជាព្រះយេហូវ៉ាអត់ធន់ដោយទប់ព្រះទ័យចំពោះពួកអ្នកដែលប្រឆាំងនឹងទ្រង់? ហើយតើលទ្ធផលចុងក្រោយនឹងបានជាប្រយោជន៍ចំពោះអ្នកដែលស្រឡាញ់ទ្រង់យ៉ាងដូចម្ដេច?
៩ តាំងតែពីការបះបោរក្នុងសួនអេដែន អ្នកណាដែលបានប្រឆាំងនឹងព្រះយេហូវ៉ានិងច្បាប់របស់ទ្រង់ គឺជា«គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញ»។ តាំងតែពីនោះមកគ្រប់ពេលវេលា ព្រះយេហូវ៉ាបានបន្តអត់ធន់។ មនុស្សអាក្រក់បានមើលងាយចំពោះអ្វីដែលទ្រង់បានធ្វើ បានបៀតបៀនពួកអ្នកបំរើរបស់ទ្រង់ ព្រមទាំងធ្វើគុតដល់រាជបុត្រាទ្រង់ទៀតផង។ ព្រះយេហូវ៉ាបានទប់ព្រះទ័យយ៉ាងខ្លាំង ដោយអនុញ្ញាតឲ្យមានពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យឃើញយ៉ាងច្បាស់នូវលទ្ធផលដ៏ហិនហោចនៃការបះបោរប្រឆាំងនឹងព្រះ និងឲ្យឃើញនូវការគ្រប់គ្រងរបស់មនុស្សដែលមិនពឹងពាក់លើទ្រង់។ នៅពេលទន្ទឹមនេះ ការសោយទិវង្គតរបស់ព្រះយេស៊ូបានផ្ដល់នូវខ្សែរយៈ សំរាប់រំដោះមនុស្សដែលចេះស្ដាប់បង្គាប់ និង‹ដើម្បីបំផ្លាញការរបស់អារក្សចេញ›។—យ៉ូហានទី១ ៣:៨; ហេព្រើរ ២:១៤, ១៥
១០. ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រាំទ្រនឹងពួកមនុស្សអាក្រក់ ក្នុងកំឡុង១.៩០០ឆ្នាំកន្លងទៅនេះ?
១០ ក្នុងកំឡុង១.៩០០ឆ្នាំតាំងពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នោះព្រះយេហូវ៉ាបានប្រណីហើយទ្រាំទ្រថែមទៀតនឹង«គ្រឿងប្រដាប់គួរនឹងក្រោធ» ដោយមិនទាន់កំទេចចោលពួកគេភ្លាមៗនៅឡើយទេ។ ហេតុអ្វី? មូលហេតុមួយ គឺព្រះយេហូវ៉ាបានរៀបចំឲ្យមានអ្នកដែលនឹងរួមជាមួយព្រះយេស៊ូគ្រីស្ទក្នុងព្រះរាជាណាចក្រស្ថានសួគ៌។ ពួកនេះមានចំនួន១៤៤.០០០នាក់ ហើយពួកគេជា«ពួកគ្រឿងប្រដាប់ដែលគួរនឹងសេចក្ដីមេត្ដាករុណា» ដែលសាវ័កប៉ុលបានពោលប្រាប់នោះ។ ជាដំបូងបង្អស់ បុគ្គលពីចំណោមជនជាតិយូដាបានត្រូវអញ្ជើញឲ្យរួបរួមក្នុងគណៈខាងស្ថានសួគ៌នេះ។ ក្រោយមក ព្រះបានអញ្ជើញសាសន៍ដទៃ។ ព្រះយេហូវ៉ាមិនបានបង្ខំពួកអ្នកទាំងនេះឲ្យបំរើទ្រង់នោះទេ។ ប៉ុន្តែ អស់អ្នកដែលតបឆ្លើយយ៉ាងអបអរនឹងសំវិធានការរបស់ទ្រង់ នោះទ្រង់ប្រទាននូវឯកសិទ្ធិជាអ្នកគ្រប់គ្រងជាមួយរាជបុត្រានៅក្នុងព្រះរាជាណាចក្រស្ថានសួគ៌។ ឥឡូវនេះ ការរៀបចំគណៈខាងស្ថានសួគ៌នេះគឺជិតចប់ហើយ។—លូកា ២២:២៩; វិវរណៈ ១៤:១-៤
១១. (ក) តើក្រុមណាខ្លះដែលកំពុងតែទទួលប្រយោជន៍ពីការអត់ធន់របស់ព្រះយេហូវ៉ា? (ខ) តើមនុស្សស្លាប់នឹងទទួលប្រយោជន៍យ៉ាងដូចម្ដេច?
១១ ចុះយ៉ាងណាវិញចំពោះប្រជាជនដែលនឹងរស់នៅលើផែនដីនេះ? ការអត់ធន់របស់ព្រះយេហូវ៉ា ក៏ផ្ដល់លទ្ធភាពឲ្យមានការប្រមូល«មនុស្សមួយហ្វូងយ៉ាងធំ»ពីគ្រប់ទាំងសាសន៍ដែរ។ ឥឡូវនេះ ពួកគេមានចំនួនរាប់លាននាក់។ ព្រះយេហូវ៉ាបានសន្យាថា ក្រុមខាងផែនដីនេះនឹងរួចរស់ជីវិតផុតពីរបបលោកីយ៍នេះ និងមានសេចក្ដីសង្ឃឹមទទួលបានជីវិតអស់កល្បជានិច្ចលើផែនដីមនោរម្យ។ (វិវរណៈ ៧:៩, ១០; ទំនុកដំកើង ៣៧:២៩; យ៉ូហាន ១០:១៦) នៅគ្រាកំណត់របស់ព្រះ នោះមនុស្សស្លាប់ជាច្រើននាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ និងមានឱកាសធ្វើជារាស្ត្រនៃព្រះរាជាណាចក្រនៅស្ថានសួគ៌។ នៅកិច្ចការ ២៤:១៥ បន្ទូលរបស់ព្រះទាយប្រាប់ថា៖ «ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—យ៉ូហាន ៥:២៨, ២៩
១២. (ក) តើយើងបានរៀនអ្វីអំពីព្រះយេហូវ៉ា ដែលទ្រង់បានត្រាប្រណីដល់លោកីយ៍អាក្រក់ជួជាតិនេះ? (ខ) តើអ្នកមានអារម្មណ៍យ៉ាងណាអំពីរបៀបដែលព្រះយេហូវ៉ាបានដោះស្រាយរឿងទាំងនេះ?
១២ តើមានភាពអយុត្ដិធម៌ក្នុងរឿងទាំងនេះទេ? មិនមានភាពអយុត្ដិធម៌ទេ ពីព្រោះដោយមិនទាន់បំផ្លាញចោលពួកមនុស្សអាក្រក់ ឬ«គ្រឿងប្រដាប់គួរនឹងក្រោធ» នោះព្រះបង្ហាញនូវសេចក្ដីមេត្ដាដល់អ្នកដទៃទៀត ហើយនេះក៏សមស្របនឹងគោលបំណងរបស់ទ្រង់។ នេះបង្ហាញថា ទ្រង់ប្រកបដោយសេចក្ដីមេត្ដាករុណានិងសេចក្ដីស្រឡាញ់មែន។ យើងក៏រៀនច្រើនអំពីព្រះយេហូវ៉ាដែរ ដោយសារយើងបានឃើញគោលបំណងរបស់ទ្រង់សម្រេចជាបណ្ដើរៗនោះ។ យើងបានកោតស្ងើចនឹងលក្ខណៈផ្សេងៗនៃបុគ្គលិកលក្ខណៈរបស់ទ្រង់ ដូចជាយុត្ដិធម៌ សេចក្ដីមេត្ដាករុណា ការអត់ធន់ និងប្រាជ្ញាដ៏ជ្រៅរបស់ទ្រង់។ ដោយសារព្រះយេហូវ៉ាបានដោះស្រាយដោយប្រាជ្ញានូវរឿងទាក់ទងនឹងអធិបតេយ្យសកលលោក ឬសិទ្ធិគ្រប់គ្រងរបស់ទ្រង់ នោះនឹងជាភស្តុតាងមិនអាចប្រកែកបានអំពីហេតុការណ៍ដែលថា របៀបគ្រប់គ្រងរបស់ទ្រង់គឺប្រសើរជាងគេបំផុត។ យើងយល់ស្របជាមួយនឹងសាវ័កប៉ុល ដោយពោលថា៖ «អើហ្ន៎! ប្រាជ្ញា នឹងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ! ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន? ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន?»។—រ៉ូម ១១:៣៣
ឱកាសដើម្បីបង្ហាញភក្ដីភាពរបស់យើង
១៣. ពេលយើងរងទុក្ខ តើយើងមានឱកាសធ្វើអ្វី? ហើយតើអ្វីដែលនឹងជួយយើងឲ្យមានប្រតិកម្មតបដោយប្រាជ្ញា?
១៣ អ្នកបំរើជាច្រើនរបស់ព្រះ ក៏ស្ថិតនៅក្នុងស្ថានភាពដែលនាំឲ្យពួកគេរងទុក្ខផ្ទាល់ខ្លួនដែរ។ ពួកគេរងទុក្ខជាបន្ត ពីព្រោះព្រះមិនទាន់កំទេចចោលមនុស្សអាក្រក់ និងនាំឲ្យមានការស្ដារឡើងវិញនូវមនុស្សលោកដូចបានត្រូវទាយប្រាប់នោះទេ។ តើនេះធ្វើឲ្យយើងថ្នាំងថ្នាក់ក្នុងចិត្តទេ? ឬតើយើងអាចយល់ឃើញថាស្ថានការណ៍បែបនេះ ជាឱកាសដើម្បីរួមចំណែកសឲ្យឃើញថាអារក្សជាអ្នកភូតភរវិញ? យើងអាចមានកម្លាំងធ្វើដូច្នេះ ប្រសិនបើយើងនឹកចាំនូវសេចក្ដីស្នើសុំនេះ ដែលថា៖ «កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ! ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។ (សុភាសិត ២៧:១១) សាតាំងដែលជាអ្នកដៀលតិះព្រះយេហូវ៉ា បានចោទថាបើមនុស្សបាត់បង់នូវទ្រព្យសម្បត្ដិ ឬមានការរងទុក្ខ នោះពួកគេនឹងបន្ទោសព្រះ ថែមទាំងប្រមាថទ្រង់ទៀតផង។ (យ៉ូប ១:៩-១១; ២:៤, ៥) យើងនឹងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ កាលដែលយើងនៅមានភក្ដីភាពចំពោះទ្រង់ ពេលប្រឈមមុខនឹងការពិបាក។ យើងក៏បង្ហាញថាការចោទរបស់សាតាំងគឺមិនពិតក្នុងករណីរបស់យើងដែរ។
១៤. ប្រសិនបើយើងទុកចិត្តលើព្រះយេហូវ៉ា ពេលមានសេចក្ដីទុក្ខលំបាក តើយើងអាចទទួលប្រយោជន៍អ្វី?
១៤ ប្រសិនបើយើងទុកចិត្តលើព្រះយេហូវ៉ាពេលមានសេចក្ដីទុក្ខលំបាក នោះយើងអាចបណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិដ៏មានតម្លៃជាច្រើន។ ជាឧទាហរណ៍ ដោយសារអ្វីដែលព្រះយេស៊ូបានរងទុក្ខ នោះទ្រង់«បានរៀនស្ដាប់បង្គាប់»តាមរបៀបដែលទ្រង់មិនធ្លាប់ជ្រាបដឹងពីមុនឡើយ។ យើងក៏អាចរៀនពីសេចក្ដីទុក្ខលំបាករបស់យើងដែរ គឺបណ្ដុះបណ្ដាលឲ្យមានការអត់ធន់ ការស៊ូទ្រាំ និងការអបអរយ៉ាងខ្លាំងចំពោះមាគ៌ាដ៏សុចរិតរបស់ព្រះយេហូវ៉ា។—ហេព្រើរ ៥:៨, ៩; ១២:១១; យ៉ាកុប ១:២-៤
១៥. ពេលយើងស៊ូទ្រាំដោយអត់ធ្មត់នឹងការពិបាក តើអ្នកដទៃទទួលប្រយោជន៍យ៉ាងណា?
១៥ អ្នកឯទៀតក៏នឹងឃើញនូវអ្វីដែលយើងធ្វើដែរ។ ដោយព្រោះអ្វីដែលយើងរងទុក្ខ មកពីយើងស្រឡាញ់សេចក្ដីសុចរិត នោះក្រោយមកអ្នកខ្លះទៀតក៏នឹងយល់ថា នរណាជាគ្រីស្ទានពិតនៅសព្វថ្ងៃនេះ។ បើពួកគេចូលរួមថ្វាយបង្គំព្រះជាមួយនឹងយើង នោះពួកគេក៏នឹងទទួលពរនៃជីវិតអស់កល្បជានិច្ចដែរ។ (ម៉ាថាយ ២៥:៣៤-៣៦, ៤០, ៤៦) ព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់ចង់ឲ្យមនុស្សមានឱកាសនោះដែរ។
១៦. តើទស្សនៈរបស់យើងចំពោះការពិបាកផ្ទាល់ខ្លួន ទាក់ទងនឹងរឿងសាមគ្គីភាពយ៉ាងណា?
១៦ ជាការគួរឲ្យសរសើរមែន ពេលយើងចាត់ទុកស្ថានការណ៍ដ៏ពិបាក ជាឱកាសឲ្យយើងបង្ហាញនូវភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ា ព្រមទាំងរួមចំណែកក្នុងការសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់! ពេលយើងធ្វើដូច្នេះ ក៏ផ្ដល់ជាភស្តុតាងថា យើងប្រាកដជាចូលមកជិតព្រះនិងព្រះគ្រីស្ទដោយសាមគ្គីភាព។ ព្រះយេស៊ូបានអធិស្ឋានថ្វាយព្រះយេហូវ៉ា ជាប្រយោជន៍សំរាប់គ្រីស្ទានពិតទាំងអស់ថា៖ «ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះ[ពួកសិស្សជិតស្និទ្ធរបស់ទ្រង់]តែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ! ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង»។—យ៉ូហាន ១៧:២០, ២១
១៧. តើយើងអាចមានទំនុកចិត្តយ៉ាងណា ប្រសិនបើយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ា?
១៧ ប្រសិនបើយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ា នោះទ្រង់នឹងប្រទានដល់យើងនូវអំណោយយ៉ាងសទ្ធា។ ព្រះបន្ទូលរបស់ទ្រង់ចែងថា៖ «ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ! ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។ (កូរិនថូសទី១ ១៥:៥៨) ព្រះបន្ទូលរបស់ទ្រង់ក៏ចែងថា៖ «ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»នោះទេ។ (ហេព្រើរ ៦:១០) យ៉ាកុប ៥:១១ ចែងថា៖ «មើល! យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ»។ តើយ៉ូបបានទទួលលទ្ធផលយ៉ាងណា? «ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត»។ (យ៉ូប ៤២:១០-១៦) ត្រូវហើយ ព្រះយេហូវ៉ា«ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) រង្វាន់ដែលយើងទន្ទឹងចាំនោះគឺអស្ចារ្យមែន គឺជាជីវិតអស់កល្បជានិច្ចលើផែនដីមនោរម្យ!
១៨. នៅទីបំផុត តើនឹងមានអ្វីកើតឡើងចំពោះការនឹកចាំដ៏ឈឺចាប់ដែលយើងធ្លាប់មាននោះ?
១៨ ការគ្រប់គ្រងរបស់ព្រះរាជាណាចក្រនឹងកែប្រែឲ្យបានដូចដើមវិញ នូវការខូចខាតទាំងប៉ុន្មានរបស់មនុស្សលោក ដែលមានអស់រាប់ពាន់ឆ្នាំមកហើយ។ អំណរដែលយើងមាននៅពេលនោះ នឹងបំបាត់ចោលនូវការរងទុក្ខណាដែលយើងមាននៅសព្វថ្ងៃនេះ។ យើងនឹងមិនមានការនឹកចាំនូវអ្វីដ៏អាក្រក់ៗអំពីការរងទុក្ខពីមុនមករំខានយើងឡើយ។ គំនិតនិងការប្រព្រឹត្តដ៏លើកទឹកចិត្តដែលនឹងមានប្រចាំថ្ងៃសំរាប់មនុស្ស ដែលរស់នៅក្នុងពិភពលោកថ្មី នឹងបំបាត់ចោលនូវការនឹកចាំពីអ្វីដែលអាក្រក់ៗជាបណ្ដើរៗ។ ព្រះយេហូវ៉ាប្រកាសថា៖ «អញនឹងបង្កើតផ្ទៃមេឃថ្មី[រាជរដ្ឋាភិបាលថ្មីនៅស្ថានសួគ៌ដែលគ្រប់គ្រងលើមនុស្សលោក] ហើយនឹងផែនដីថ្មី[សង្គមមនុស្សដ៏សុចរិត] ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបង្កើតនោះ»។ ត្រូវហើយ ក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា មនុស្សសុចរិតនឹងអាចពោលថា៖ «ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ។ គេទំលាយសំឡេងច្រៀងចេញមក»។—អេសាយ ១៤:៧; ៦៥:១៧, ១៨
ការពិគ្រោះសើរើឡើងវិញ
• ថ្វីបើព្រះយេហូវ៉ាអនុញ្ញាតឲ្យមានអំពើអាក្រក់ តើតាមរបៀបណាដែលទ្រង់បានបង្ហាញយ៉ាងត្រឹមត្រូវ នូវសេចក្ដីគោរពចំពោះព្រះនាមទ្រង់?
• តើតាមរបៀបណាដែលការត្រាប្រណីរបស់ព្រះចំពោះ«គ្រឿងប្រដាប់គួរនឹងក្រោធ» ក៏ឲ្យយើងទទួលបាននូវសេចក្ដីមេត្ដាករុណារបស់ទ្រង់ដែរ?
• តើយើងគួរខំប្រឹងឲ្យយល់នូវអ្វី ក្នុងស្ថានការណ៍ដែលធ្វើឲ្យមានការរងទុក្ខ?
[រូបភាពនៅទំព័រ៦៧]
ព្រះយេហូវ៉ា«ទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាង ជាន់ដើមទៅទៀត»