យើងអាចទទួលប្រយោជន៍ពីការស៊ូទ្រាំនឹងទុក្ខលំបាក
«យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានសុភមង្គល»។—យ៉ាកុប ៥:១១, ខ.ស.
១, ២. តើអ្វីដែលបង្ហាញថាព្រះយេហូវ៉ាមិនដែលមានបំណងឲ្យមនុស្សរងទុក្ខ?
គ្មានមនុស្សធម្មតាណាម្នាក់ចង់រងទុក្ខលំបាកទេ។ ព្រះយេហូវ៉ាដែលជាអ្នកបង្កើតមនុស្ស ក៏មិនចង់ឲ្យយើងរងទុក្ខដែរ។ ពេលមើលបណ្ដាំដែលទ្រង់បណ្ដាលឲ្យមនុស្សសរសេរ យើងដឹងថាទ្រង់មិនដែលមានបំណងនេះទេ។ ក្នុងបណ្ដាំនោះ យើងអាចកត់សម្គាល់នូវអ្វីដែលបានកើតឡើងក្រោយព្រះយេហូវ៉ាបានបង្កើតមនុស្សលោក។ មុនដំបូង ព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុស។ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង»។ (លោកុប្បត្តិ ២:៧) មនុស្សទីមួយឈ្មោះអ័ដាមមានរូបរាងនិងចិត្តគំនិតល្អឥតខ្ចោះ។ គាត់មិនចេះឈឺ ហើយក៏មិនត្រូវស្លាប់។
២ តើអ័ដាមរស់នៅទីណា? ហើយក្រោមស្ថានភាពបែបណា? «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសំរាប់ជាអាហារផង»។ (លោកុប្បត្តិ ២:៨, ៩) ត្រូវមែន អ័ដាមមានលំនៅស្ថានដ៏អស្ចារ្យ។ គាត់មិនរងទុក្ខអ្វីសោះក្នុងសួនច្បារអេដែន។
៣. តើមនុស្សមួយគូដំបូងអាចមានឯកសិទ្ធិធ្វើអ្វី? ហើយក្រោមស្ថានភាពបែបណា?
៣ សៀវភៅលោកុប្បត្តិ ២:១៨ រៀបរាប់ថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា៖ ‹ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ។ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា›»។ ក្រោយមក ព្រះយេហូវ៉ាចាប់ផ្ដើមបង្កើតភរិយាល្អឥតខ្ចោះមួយរូបឲ្យអ័ដាម។ យ៉ាងនេះ ពួកគេទាំងពីរនាក់អាចរួមរស់នឹងគ្នាជាក្រុមគ្រួសារដែលមានសុភមង្គល។ (លោកុប្បត្តិ ២:២១-២៣) គម្ពីររៀបរាប់ទៀតថា៖ «ទ្រង់ប្រទានពរដល់គេហើយមានបន្ទូលថា៖ ‹ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ! [ហើយចូរ]បង្ក្រាបផែនដី[ផង]›»។ (លោកុប្បត្តិ ១:២៨) មនុស្សមួយគូដំបូងនោះមានឯកសិទ្ធិអស្ចារ្យមួយ។ ពួកគេអាចពង្រីកសួនច្បារអេដែនរហូតដល់ពេញផែនដី ដើម្បីធ្វើឲ្យផែនដីទាំងមូលក្លាយទៅជាសួនមនោរម។ ពួកគេក៏អាចបង្កើតកូនដែលចេះតែសប្បាយជានិច្ច ហើយគ្មានទុក្ខលំបាកអ្វីសោះ។ នៅដើមកំណើតមនុស្សជាតិ ពួកគេពិតជាមានស្ថានភាពល្អប្រណីតមែន!—លោកុប្បត្តិ ១:៣១
មនុស្សចាប់ផ្ដើមរងទុក្ខ
៤. ពេលពិនិត្យមើលប្រវត្ដិសាស្ត្រ តើនេះបង្ហាញយ៉ាងណាអំពីស្ថានភាពនៃមនុស្សជាតិ?
៤ ក៏ប៉ុន្តែ ការពិនិត្យមើលស្ថានភាពនៃមនុស្សជាតិតាំងពីដើមមក បង្ហាញឲ្យដឹងច្បាស់ថា បំណងដើមនោះមិនបានសម្រេចទេ។ មនុស្សបានធ្វើអំពើអាក្រក់ជាច្រើន ហើយមនុស្សជាតិទាំងឡាយបានរងទុក្ខយ៉ាងខ្លាំងផង។ ក្នុងអំឡុងពេលរាប់រយឆ្នាំកន្លងទៅនេះ កូនចៅរបស់អ័ដាមនិងអេវ៉ាចេះតែមានជំងឺតម្កាត់ ភាពចាស់ជរាហើយនៅទីបំផុតត្រូវតែស្លាប់ដែរ។ ផែនដីមិនពេញទៅដោយមនុស្សដែលមានចិត្តសប្បាយក្នុងសួនមនោរមទាល់តែសោះ! សៀវភៅរ៉ូម ៨:២២ ពិពណ៌នាយ៉ាងច្បាស់លាស់នូវស្ថានភាពដែលមានទូទៅថា៖ «ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ»។
៥. តើជីដូនជីតាដំបូងបាននាំឲ្យមនុស្សជាតិកើតទុក្ខយ៉ាងដូចម្ដេច?
៥ ទុក្ខលំបាកជាច្រើនដែលមានយ៉ាងយូរ មិនបានបណ្ដាលមកពីព្រះយេហូវ៉ាទេ។ (សាំយូអែលទី២ ២២:៣១) តាមពិត មនុស្សត្រូវតែទទួលកំហុសខ្លះ។ «គេសុទ្ធតែជាមនុស្សខូចអាក្រក់ គេបានប្រព្រឹត្តការដែលគួរស្អប់ខ្ពើម»។ (ទំនុកដំកើង ១៤:១) កាលដំបូង ជីដូនជីតារបស់មនុស្សជាតិបានស្ថិតក្នុងស្ថានភាពដែលសុទ្ធតែល្អ។ ពួកគេអាចស្ថិតក្នុងស្ថានភាពបែបនោះជារៀងរហូតបាន ឲ្យតែពួកគេស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ប៉ុន្តែ អ័ដាមនិងអេវ៉ាសម្រេចចិត្តមិនចុះចូលចំពោះព្រះយេហូវ៉ា។ ដោយសារជីដូនជីតាដំបូងនោះបានដកខ្លួនចេញពីព្រះយេហូវ៉ា នោះពួកគេក៏លែងមានភាពល្អឥតខ្ចោះទៀត។ ពួកគេចេះតែចាស់ទៅៗរហូតដល់ក្ស័យជីវិត។ ជាលទ្ធផល ភាពមិនល្អឥតខ្ចោះបានឆ្លងដល់យើង។—លោកុប្បត្តិ ៣:១៧-១៩; រ៉ូម ៥:១២
៦. តើសាតាំងមានកំហុសប៉ុណ្ណាស្តីអំពីការលំបាកដែលមនុស្សរងទុក្ខ?
៦ បុគ្គលវិញ្ញាណដែលក្រោយមកបានទទួលឈ្មោះថា សាតាំងជាមេកំណាច ក៏មានកំហុសជាអ្នកដែលបណ្ដាលឲ្យមនុស្សមានទុក្ខលំបាកដែរ។ ពេលកើតមក វាមានចិត្តសេរី។ ប៉ុន្តែ វាប្រើចិត្តសេរីដោយមានបំណងចង់ញុះញង់មនុស្សឲ្យថ្វាយបង្គំវា។ តាមពិត មនុស្សគួរតែថ្វាយបង្គំព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ មិនមែនថ្វាយបង្គំរបស់ដែលទ្រង់បានបង្កើតមកទេ។ គឺសាតាំងនោះឯងដែលញុះញង់អ័ដាមនិងអេវ៉ាឲ្យឈប់ចុះចូលចំពោះព្រះយេហូវ៉ា ដោយអះអាងថាពួកគេអាចមានលក្ខណៈ«ដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោកុប្បត្តិ ៣:៥
គឺព្រះយេហូវ៉ាតែមួយប៉ុណ្ណោះដែលមានសិទ្ធិគ្រប់គ្រង
៧. តើលទ្ធផលអាក្រក់ដែលមកពីការបះបោរប្រឆាំងនឹងព្រះយេហូវ៉ាបង្ហាញយ៉ាងណា?
៧ លទ្ធផលអាក្រក់ដែលមកពីការបះបោរនោះ បង្ហាញយ៉ាងច្បាស់ថា គឺព្រះយេហូវ៉ាតែមួយប៉ុណ្ណោះដែលមានសិទ្ធិគ្រប់គ្រងជាមហាក្សត្រនៃសកលលោក។ ណាមួយទៀត មានតែការគ្រប់គ្រងរបស់ទ្រង់ប៉ុណ្ណោះ ដែលសុចរិត។ រយៈពេលប៉ុន្មានពាន់ឆ្នាំកន្លងទៅនេះបង្ហាញឲ្យដឹងថា វិធីគ្រប់គ្រងរបស់សាតាំងដែលបានក្លាយទៅជា«ចៅហ្វាយរបស់លោកីយនេះ» នោះសុទ្ធតែអាក្រក់ហើយទុច្ចរិតផង ក៏ពេញទៅដោយអំពើហិង្សា ហើយមិនផ្ដល់ប្រយោជន៍អ្វីសោះ។ (យ៉ូហាន ១២:៣១) ការគ្រប់គ្រងមិនល្អយូរយារមកហើយរបស់មនុស្សជាតិក្រោមអំណាចសាតាំង បង្ហាញថាមនុស្សគ្មានលទ្ធភាពគ្រប់គ្រងដោយរបៀបសុចរិតឡើយ។ (យេរេមា ១០:២៣) យ៉ាងនេះ ការគ្រប់គ្រងសព្វបែបយ៉ាងដែលមិនទទួលស្គាល់ព្រះយេហូវ៉ា នឹងបរាជ័យជាពុំខាន។ ត្រង់ចំណុចនេះ ប្រវត្ដិសាស្ត្រនៃមនុស្សលោកបានផ្ដល់ទីសំអាងយ៉ាងជាក់ច្បាស់ហើយ។
៨. តើព្រះយេហូវ៉ាមានគោលបំណងអ្វីស្តីអំពីការគ្រប់គ្រងសព្វបែបយ៉ាងរបស់មនុស្សជាតិ? តើព្រះយេហូវ៉ានឹងសម្រេចការនោះដោយរបៀបណា?
៨ រាប់ពាន់ឆ្នាំហើយ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សសាកគ្រប់គ្រងដោយខ្លួនឯង គឺដោយមិនពឹងទៅលើទ្រង់។ ដូច្នេះ មកដល់ពេលឥឡូវនេះ ព្រះយេហូវ៉ាមានហេតុដកអ្នកគ្រប់គ្រងទាំងឡាយចេញពីផែនដី និងស្ថាបនារាជរដ្ឋាភិបាលរបស់ទ្រង់ជំនួសផង។ បទទំនាយមួយរៀបរាប់អំពីព្រឹត្ដិការណ៍នោះថា៖ «នៅគ្រានៃស្តេចទាំងនោះ[ដែលសំដៅទៅលើអ្នកគ្រប់គ្រងនាសម័យនេះ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង[ជារាជរដ្ឋាភិបាលរបស់ទ្រង់នៅឯស្ថានសួគ៌ក្រោមអំណាចរបស់ព្រះគ្រិស្ត] ដែលមិនត្រូវបំផ្លាញឡើយ។ [រាជរដ្ឋាភិបាលរបស់ព្រះ]នឹងបំបាក់បំបែកហើយលេបបំបាត់នគរទាំងនោះវិញ។ នគរ[របស់ព្រះ]នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ (ដានីយ៉ែល ២:៤៤) មនុស្សនិងវិញ្ញាណកំណាចនឹងលែងគ្រប់គ្រងទៀត ហើយនឹងមានតែរាជាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌តែមួយគត់ ដែលនឹងគ្រប់គ្រងនៅលើផែនដី។ ព្រះគ្រិស្តជាស្តេចនៃរាជរដ្ឋាភិបាលនោះ ហើយមនុស្សស្មោះត្រង់១៤៤.០០០នាក់ពីផែនដីនឹងគ្រប់គ្រងជាមួយទ្រង់ដែរ។—វិវរណៈ ១៤:១
ការរងទុក្ខនាំឲ្យមានប្រយោជន៍
៩, ១០. តើព្រះយេស៊ូទទួលប្រយោជន៍អ្វីខ្លះពីការរងទុក្ខ?
៩ គប្បីឲ្យយើងពិនិត្យមើលលក្ខណៈនៃអស់អ្នកដែលនឹងគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌។ មុនដំបូង ព្រះគ្រិស្តយេស៊ូបានបង្ហាញថាទ្រង់មានលក្ខណៈល្អដើម្បីគ្រប់គ្រងជាស្តេច។ ព្រះយេស៊ូជា«មេជាង»ដែលធ្វើការជិតស្និទ្ធយ៉ាងយូរអង្វែងស្របទៅតាមឆន្ទៈរបស់ព្រះយេហូវ៉ាជាបិតាទ្រង់។ (សុភាសិត ៨:២២-៣១) ពេលព្រះយេហូវ៉ាចាត់ព្រះយេស៊ូឲ្យចុះមកផែនដី ទ្រង់ក៏ធ្វើដូច្នេះដោយស្ម័គ្រពីចិត្ត។ ពេលនៅផែនដី ព្រះយេស៊ូផ្ដោតអារម្មណ៍ទៅលើកិច្ចការប្រកាសសារអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ានិងភាពខ្ពង់ខ្ពស់របស់ទ្រង់។ ព្រះយេស៊ូបានតាំងគំរូល្អឲ្យយើងរាល់គ្នា ដោយចុះចូលទាំងស្រុងចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត។—ម៉ាថាយ ៤:១៧; ៦:៩
១០ ព្រះយេស៊ូបានរងទុក្ខដែរ ពេលគេបៀតបៀននិងធ្វើគុតទ្រង់។ ក្នុងកិច្ចបម្រើផ្សាយរបស់ព្រះយេស៊ូ ទ្រង់កត់សម្គាល់ថា មនុស្សជាតិទាំងឡាយកំពុងរងទុក្ខយ៉ាងខ្លោចផ្សា។ តើមានប្រយោជន៍ទេ ឲ្យព្រះយេស៊ូរងទុក្ខនិងឃើញទុក្ខលំបាករបស់មនុស្ស? មានប្រយោជន៍មែន។ សៀវភៅហេព្រើរ ៥:៨ ចែងថា៖ «ទោះបើទ្រង់ជាព្រះរាជបុត្រា[របស់ព្រះយេហូវ៉ា]ក៏ដោយ គង់តែទ្រង់បានរៀនស្ដាប់បង្គាប់ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ»។ អ្វីដែលព្រះយេស៊ូរងទុក្ខនិងឃើញ បានជួយទ្រង់ឲ្យចេះយោគយល់និងមានចិត្តអាណិតមេត្ដាច្រើនជាង។ ព្រះយេស៊ូបានពិសោធផ្ទាល់ខ្លួននូវទុក្ខលំបាករបស់មនុស្សជាតិ។ ព្រះយេស៊ូអាចបង្ហាញចិត្តអាណិតអាសូរចំពោះអស់អ្នកដែលរងទុក្ខ ហើយនេះអាចជួយទ្រង់ឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃតួនាទីរបស់ទ្រង់ជាអ្នកដែលអាចប្រោសលោះពួកគេ។ សូមកត់សម្គាល់អ្វីដែលសាវ័កប៉ុលបានសរសេរក្នុងសៀវភៅហេព្រើរ ដែលបញ្ជាក់ពីប្រយោជន៍ទាំងនេះ។ គាត់សរសេរថា៖ «ហេតុនោះបានជាគួរឲ្យទ្រង់បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃដែលមានព្រះទ័យមេត្ដាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ។ ដ្បិតដែលទ្រង់បានរងទុក្ខលំបាក ទាំងត្រូវសេចក្ដីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នកដែលត្រូវសេចក្ដីល្បួងបានដែរ»។ «សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ។ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្ដា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ»។—ហេព្រើរ ២:១៧, ១៨; ៤:១៤-១៦; ម៉ាថាយ ៩:៣៦; ១១:២៨-៣០
១១. ចំពោះអស់អ្នកដែលនឹងគ្រប់គ្រងជាស្តេចនិងសង្ឃនៅពេលអនាគត តើការឆ្លងកាត់ទុក្ខលំបាកនៅផែនដីផ្ដល់ប្រយោជន៍អ្វីខ្លះ?
១១ ដូចគ្នាដែរ មនុស្ស១៤៤.០០០នាក់ដែលបាន‹លោះចេញ›ពីផែនដី ដើម្បីគ្រប់គ្រងជាមួយព្រះគ្រិស្តយេស៊ូក្នុងរាជាណាចក្ររបស់ព្រះនៅឯស្ថានសួគ៌ ក៏ទទួលប្រយោជន៍ពីការរងទុក្ខដែរ។ (វិវរណៈ ១៤:៤) ពួកគេទាំងអស់គ្នាបានកើតមកជាមនុស្សនៅផែនដី ហើយក៏ធំឡើងក្នុងពិភពលោកដែលពេញទៅដោយទុក្ខលំបាក ដូច្នេះពួកគេបានឆ្លងកាត់ទុក្ខលំបាកផងដែរ។ ពួកគេជាច្រើនបានរងការបៀតបៀន ហើយខ្លះបានស្លាប់បាត់បង់ជីវិតទៀត ដោយព្រោះតែមានចិត្តស្មោះចំពោះព្រះយេហូវ៉ា និងពេញចិត្តធ្វើតាមព្រះយេស៊ូ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេ‹មិនមានសេចក្ដីខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់ ដោយទ្រាំទុក្ខលំបាកក្នុងដំណឹងល្អ›ទេ។ (ធីម៉ូថេទី២ ១:៨) អ្វីៗដែលពួកគេបានឆ្លងកាត់នៅផែនដី នាំឲ្យពួកគេមានលក្ខណៈល្អដើម្បីជំនុំជម្រះមនុស្សលោកពីស្ថានសួគ៌។ ពួកគេរៀនឲ្យចេះបង្ហាញចិត្តមេត្ដាករុណាអាណិតអាសូរ ហើយនេះបណ្ដាលឲ្យពួកគេមានចិត្តចង់ជួយមនុស្សឲ្យបានកាន់តែច្រើន។—វិវរណៈ ៥:១០; ១៤:២-៥; ២០:៦
សុភមង្គលរបស់អស់អ្នក ដែលមានក្ដីសង្ឃឹមរស់នៅលើផែនដីមនោរម
១២, ១៣. តើអស់អ្នកដែលមានក្ដីសង្ឃឹមរស់នៅលើផែនដីមនោរមអាចទទួលប្រយោជន៍អ្វីខ្លះពីការរងទុក្ខឥឡូវ?
១២ ចំពោះអស់អ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីមនោរមដែលគ្មានជំងឺតម្កាត់ ចិត្តសោកសង្រេងនិងសេចក្ដីស្លាប់ តើការរងទុក្ខឥឡូវអាចនាំឲ្យមានប្រយោជន៍ទេ? តាមពិត គ្មានអ្នកណាម្នាក់ចង់រងទុក្ខលំបាកនិងការឈឺចាប់អ្វីឡើយ។ ប៉ុន្តែ ការស៊ូទ្រាំនឹងទុក្ខលំបាកអាចជួយយើងបណ្ដុះឲ្យមានលក្ខណៈសម្បត្ដិល្អៗថែមទៀត ហើយនេះអាចនាំឲ្យមានសុភមង្គលផង។
១៣ សូមពិចារណាមើលអ្វីដែលចែងទុកក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា ដែលទ្រង់បណ្ដាលឲ្យមនុស្សសរសេរ។ គម្ពីរចែងថា៖ «បើអ្នករាល់គ្នាត្រូវរងទុក្ខដោយព្រោះសេចក្ដីសុចរិតវិញ នោះអ្នករាល់គ្នាមានពរពិត»ឬ«មានសុភមង្គលហើយ»។ «បើសិនជាគេតិះដៀលអ្នករាល់គ្នាដោយព្រោះព្រះគ្រីស្ទ នោះមានពរ»ឬ«សុភមង្គលហើយ»។ (ពេត្រុសទី១ ៣:១៤; ខ.ស.; ៤:១៤; ខ.ស.) «អ្នករាល់គ្នាមានពរ[ឬ«សុភមង្គលហើយ»] ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ពីអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ! ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរាដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ»។ (ម៉ាថាយ ៥:១១, ១២; ខ.ស.) «មានពរ[ឬ«សុភមង្គល»]ហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត»។—យ៉ាកុប ១:១២; ខ.ស.
១៤. តើអ្វីនាំឲ្យអ្នកថ្វាយបង្គំព្រះយេហូវ៉ាមានសុភមង្គលពេលរងទុក្ខ?
១៤ គ្មាននរណាម្នាក់សប្បាយពេលរងទុក្ខលំបាកទេ។ ដូច្នេះ សុភមង្គលនិងចិត្តស្កប់ស្កល់ដែលយើងអាចទទួលនោះ គឺដោយដឹងថា គេធ្វើទុក្ខដល់យើងពីព្រោះយើងខំបំពេញតាមឆន្ទៈរបស់ព្រះយេហូវ៉ា ហើយធ្វើតាមគំរូរបស់ព្រះយេស៊ូទៀត។ ជាឧទាហរណ៍ នៅសតវត្សរ៍ទីមួយ ក្រោយសាវ័កខ្លះរបស់ព្រះយេស៊ូបានជាប់គុកមួយរយៈ តុលាការជាន់ខ្ពស់នៃជនជាតិយូដាបានថ្កោលទោសពួកគេជាអ្នកដែលផ្សព្វផ្សាយអំពីព្រះយេស៊ូគ្រិស្ត។ ជាលទ្ធផល គេបានវាយពួកសាវ័ក ហើយក្រោយមកដោះលែងពួកគេ។ តើពួកសាវ័កមានអារម្មណ៍យ៉ាងណា? កំណត់ហេតុក្នុងគម្ពីររៀបរាប់ថា ពួកគេបាន«ចេញពីពួកក្រុមជំនុំទៅដោយអរសប្បាយ ពីព្រោះព្រះបានរាប់[ពួកគេ]ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀលដោយព្រោះព្រះនាមទ្រង់»។ (កិច្ចការ ៥:១៧-៤១) ការវាយពួកគេយ៉ាងឈឺចាប់នោះ មិននាំឲ្យសប្បាយទេ។ ប៉ុន្តែ ពួកគេអរសប្បាយដោយដឹងថា ការនោះបានកើតឡើងដោយព្រោះពួកគេមានចិត្តស្មោះចំពោះព្រះយេហូវ៉ា ហើយបានធ្វើតាមគំរូរបស់ព្រះយេស៊ូ។—កិច្ចការ ១៦:២៥; កូរិនថូសទី២ ១២:១០; ពេត្រុសទី១ ៤:១៣
១៥. ពេលយើងស៊ូទ្រាំនឹងទុក្ខលំបាកឥឡូវ តើនេះអាចនាំឲ្យមានប្រយោជន៍អ្វីខ្លះនៅពេលអនាគត?
១៥ បើយើងស៊ូទ្រាំនឹងការប្រឆាំងនិងទុក្ខបៀតបៀនដោយរក្សាឲ្យមានទស្សនៈត្រឹមត្រូវ នេះអាចជួយយើងឲ្យចេះស៊ូទ្រាំតទៅទៀតដែរ។ យើងនឹងមានសមត្ថភាពស៊ូទ្រាំពេលរងទុក្ខលំបាកផ្សេងៗទៀតនៅពេលអនាគត។ យើងអានក្នុងគម្ពីរថា៖ «បងប្អូនអើយ! កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន»ឬ‹នាំអោយចេះស៊ូទ្រាំ›។ (យ៉ាកុប ១:២, ៣; ខ.ស.) ស្រដៀងគ្នាដែរ ខគម្ពីរក្នុងសៀវភៅរ៉ូមប្រាប់យើងថា៖ «យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ[ឬ«នាំឲ្យចេះស៊ូទ្រាំ»]។ សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក[ឬ«ធ្វើឲ្យព្រះពេញចិត្តនឹងយើង»] សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម។ ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ»។ (រ៉ូម ៥:៣-៥; ព.ថ.) ដូច្នេះ ពេលយើងស៊ូទ្រាំនឹងទុក្ខលំបាកកាន់តែច្រើនពេលឥឡូវនេះ ដោយសារយើងជាគ្រិស្តសាសនិក នេះនឹងជួយយើងឲ្យចេះស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗទៀតក្នុងសម័យអាក្រក់នេះ។
ព្រះយេហូវ៉ានឹងប្រទានរង្វាន់
១៦. តើព្រះយេហូវ៉ានឹងប្រទានរង្វាន់អ្វីដល់អស់អ្នកដែលនឹងគ្រប់គ្រងជាស្តេចនិងសង្ឃនៅពេលអនាគត?
១៦ សូម្បីតែពេលដែលយើងបាត់បង់ទ្រព្យសម្បត្ដិកាលដែលគេប្រឆាំងនឹងយើង ឬមួយក៏យើងរងទុក្ខបៀតបៀនដោយព្រោះមានចិត្តស្មោះជាគ្រិស្តសាសនិកក្ដី យើងនៅតែមានចិត្តស្កប់ស្កល់ដោយដឹងថា ព្រះយេហូវ៉ានឹងប្រទានរង្វាន់ឲ្យយើងយ៉ាងពេញលេញ។ ជាឧទាហរណ៍ សាវ័កប៉ុលបានសរសេរជូនចំពោះបងប្អូនខ្លះដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ថា៖ «អ្នករាល់គ្នា[បាន]ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថាខ្លួនមានទ្រព្យសម្បត្ដិដែលប្រសើរជាង»។ (ហេព្រើរ ១០:៣៤) សូមគិតអំពីអំណរដែលពួកគេនឹងមានពេលបំពេញភារកិច្ចក្រោមអំណាចព្រះយេហូវ៉ានិងព្រះគ្រិស្ត ដោយរួមចំណែកក្នុងការប្រទានពរទៅលើមនុស្សនៅផែនដីក្នុងពិភពលោកថ្មី។ សាវ័កប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំរាប់អស់ទាំងសេចក្ដីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្ដីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ»។ (រ៉ូម ៨:១៨) ប្រាកដណាស់ អ្វីដែលគាត់សរសេរចំពោះគ្រិស្តសាសនិកស្មោះត្រង់ទាំងនោះ ជាការពិតមែន!
១៧. តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះអស់អ្នកដែលមានក្ដីសង្ឃឹមរស់នៅលើផែនដីមនោរម ដែលបម្រើទ្រង់ដោយស្មោះត្រង់នៅពេលឥឡូវនេះ?
១៧ ស្រដៀងគ្នាដែរចំពោះអស់អ្នកដែលមានក្ដីសង្ឃឹមរស់នៅលើផែនដីមនោរម មិនថាពួកគេបាត់បង់អ្វីខ្លះ ឬសុខចិត្តលះចោលអ្វីខ្លះក្នុងកិច្ចបម្រើព្រះយេហូវ៉ានាសម័យនេះក្ដី នោះទ្រង់នឹងប្រទានរង្វាន់យ៉ាងសន្ធឹកក្នុងគ្រាដែលទ្រង់សម្រេចគោលបំណងរបស់ទ្រង់នៅពេលអនាគត។ ព្រះយេហូវ៉ានឹងប្រទានឲ្យពួកគេមានភាពល្អឥតខ្ចោះ និងជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដីមនោរម។ ក្នុងពិភពលោកថ្មីនោះ ព្រះយេហូវ៉ានឹង«ជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។ (វិវរណៈ ២១:៤) អ្វីដែលព្រះយេហូវ៉ាសន្យានោះ គឺអស្ចារ្យណាស់! ពេលយល់ដល់បំណងចិត្តរបស់ព្រះយេហូវ៉ា អ្វីក៏ដោយដែលយើងបាត់បង់និងលះចោលក្នុងពិភពលោកនេះ គ្មានតម្លៃអ្វីសោះ បើប្រៀបធៀបទៅនឹងជីវិតដ៏អស្ចារ្យដែលទ្រង់នឹងប្រទានឲ្យអ្នកបម្រើស្មោះត្រង់របស់ទ្រង់នៅពេលអនាគត ដោយព្រោះពួកគេបានស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ។
១៨. តើសេចក្ដីសន្យាអ្វីក្នុងបណ្ដាំរបស់ព្រះយេហូវ៉ាអាចជួយសម្រាលទុក្ខយើង?
១៨ ទោះបើយើងត្រូវស៊ូទ្រាំនឹងទុក្ខលំបាកអ្វីក៏ដោយ ទុក្ខវេទនានោះមិនអាចរារាំងអំណរដែលយើងនឹងមានពេលរស់ជារៀងរហូតក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា។ ស្ថានភាពដ៏អស្ចារ្យក្នុងពិភពលោកថ្មីនោះ នឹងលប់ចេញនូវអនុស្សាវរីយ៍ដ៏ជូរចត់ពីទុក្ខលំបាកដែលយើងធ្លាប់ឆ្លងកាត់។ សៀវភៅអេសាយ ៦៥:១៧, ១៨ ចែងថា៖ «របស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែ ត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបង្កើតនោះ»។ អាស្រ័យហេតុនេះ គប្បីណាស់ដែលលោកយ៉ាកុបជាប្អូនរបស់ព្រះយេស៊ូប្រកាសថា៖ «យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានសុភមង្គល»។ (យ៉ាកុប ៥:១១, ខ.ស.) ត្រូវមែន! បើយើងមានចិត្តស្មោះត្រង់ក្នុងការស៊ូទ្រាំនឹងទុក្ខលំបាកនាសម័យនេះ យើងអាចទទួលប្រយោជន៍នៅពេលឥឡូវនេះបាន ហើយនៅពេលអនាគតផងដែរ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើមនុស្សជាតិបានចាប់ផ្ដើមរងទុក្ខលំបាកយ៉ាងដូចម្ដេច?
• តើពួកអ្នកដែលនឹងគ្រប់គ្រងនៅលើផែនដីមនោរម និងអស់អ្នកដែលនឹងរស់នៅក្នុងសួនមនោរមនោះ អាចទទួលប្រយោជន៍អ្វីខ្លះពីការរងទុក្ខពេលឥឡូវនេះ?
• ទោះបើយើងរងទុក្ខលំបាកក្ដី ហេតុអ្វីបានជាយើងអាចមានសុភមង្គលឥឡូវនេះ?
[រូបភាពនៅទំព័រ១៨]
ជីដូនជីតាដំបូងរបស់មនុស្សជាតិអាចមានអនាគតដ៏ល្អអស្ចារ្យ!
[រូបភាពនៅទំព័រ១៩]
ពេលព្រះយេស៊ូឃើញមនុស្សរងទុក្ខលំបាកនោះ នេះបានជួយទ្រង់បណ្ដុះឲ្យមានលក្ខណៈសមជាស្តេចនិងសម្ដេចសង្ឃដ៏ល្អ
[រូបភាពនៅទំព័រ២១]
ពួកសាវ័កបាន‹អរសប្បាយពីព្រោះព្រះបានរាប់ពួកគេជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀលដោយព្រោះជំនឿរបស់ពួកគេ›