ការសម្រាលទុក្ខសំរាប់អស់អ្នកដែលរងទុក្ខ
ក្នុងកំឡុងរាប់សតវត្សកន្លងទៅហើយនេះ ទស្សនវិទូនិងសាសនាវិទូជាច្រើននាក់ពិបាកឆ្លើយណាស់នូវសំនួរថា មូលហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនា។ មនុស្សខ្លះអះអាងថា កំហុសសំរាប់ការរងទុក្ខវេទនាត្រូវធ្លាក់ទៅលើព្រះវិញ ដោយសារទ្រង់មានគ្រប់ព្រះចេស្ដានោះ។ សៀវភៅធម្មទានរបស់លោកខ្លេម៉ិនទីន ដែលបានសរសេរនៅសតវត្សទីមួយបានអះអាងថា ព្រះគ្រប់គ្រងដោយប្រើព្រះហស្តទាំងពីររបស់ទ្រង់។ «ព្រះហស្តឆ្វេង»របស់ទ្រង់គឺអារក្ស ហើយទ្រង់ប្រើអារក្សដើម្បីបណ្ដាលឲ្យមានការឈឺចាប់។ «ព្រះហស្តស្ដាំ»របស់ទ្រង់គឺព្រះយេស៊ូ ហើយទ្រង់ប្រើព្រះយេស៊ូដើម្បីសង្គ្រោះនិងប្រទានពរទៅលើមនុស្ស។
អ្នកឯទៀត មិនព្រមជឿថាព្រះអាចអនុញ្ញាតឲ្យមានការរងទុក្ខទេ ថ្វីបើទ្រង់មិនបណ្ដាលឲ្យមានការរងទុក្ខនោះក៏ដោយ។ ដូច្នេះ ពួកគេបែរទៅជាបដិសេធថា ការពិតគ្មានអ្នករងទុក្ខទេ។ លោកស្រី មេរី បេកឺ អេឌីបានសរសេរថា៖ «សេចក្ដីអាក្រក់គឺជាអ្វីដែលនៅក្នុងគំនិតមនុស្សតែប៉ុណ្ណោះ ហើយវាមិនមែនជាអ្វីដ៏ពិតប្រាកដនោះទេ។ បើមនុស្សយល់ការពិតថា គ្មានបាប គ្មានជំងឺ និងគ្មានសេចក្ដីស្លាប់ នោះអ្វីៗទាំងនេះនឹងលែងមានតទៅទៀត»។—វិទ្យាសាស្ត្រនិងសុខភាពដោយផ្អែកលើបទគម្ពីរ
ដោយឃើញព្រឹត្ដិការណ៍គួរឲ្យខ្លោចផ្សាជាច្រើនក្នុងប្រវត្ដិសាស្ត្រ ពិសេសចាប់តាំងពីសង្គ្រាមលោកលើកទីមួយមកទល់សម័យយើងនេះ នោះមនុស្សជាច្រើនបានសន្និដ្ឋានថា ព្រះគ្មានសមត្ថភាពទប់ស្កាត់ការរងទុក្ខវេទនាឡើយ។ បណ្ឌិតជនជាតិជ្វីបម្នាក់ឈ្មោះដាវីឌ វូល ស៊ីលវើមិន បានសរសេរថា៖«ខ្ញុំគិតថា ហាយនភាពនៃពួកជ្វីបដោយពួកណាត្ស៊ីបានបង្ហាញឲ្យឃើញថា ព្រះមិនមានគ្រប់ព្រះចេស្ដាឡើយ។ ហេតុដែលព្រះឲ្យមានអំពើអាក្រក់នេះមិនគួរឲ្យយល់សោះ លើកលែងតែភាពល្អរបស់ទ្រង់អាចមានដំណាលគ្នានឹងសេចក្ដីអាក្រក់ដែលមានក្នុងពិភពលោកនេះ ហើយហេតុតែមួយគត់ដែលភាពល្អនិងសេចក្ដីអាក្រក់អាចមាននៅដំណាលគ្នានោះ គឺពីព្រោះព្រះគ្មានគ្រប់ព្រះចេស្ដាឡើយ»។
ក៏ប៉ុន្តែ ការអះអាងថាព្រះបណ្ដាលឲ្យមនុស្សរងទុក្ខ ឬក៏មិនអាចទប់ស្កាត់ការរងទុក្ខ ឬមួយក៏ថាការរងទុក្ខគឺជាអ្វីដែលនៅក្នុងគំនិតរបស់មនុស្សតែប៉ុណ្ណោះ ជាការអះអាងដែលមិនសម្រាលទុក្ខរបស់អស់អ្នកដែលកំពុងតែរងទុក្ខទេ។ សំខាន់ជាងនោះទៅទៀត ជំនឿទាំងនេះគឺផ្ទុយទាំងស្រុងពីលក្ខណៈរបស់ព្រះដែលព្រះគម្ពីរចែងថា ទ្រង់ប្រកបទៅដោយយុត្ដិធម៌ ថាមពលខ្លាំងក្លា និងយកព្រះទ័យទុកដាក់នឹងយើង។ (យ៉ូប ៣៤:១០, ១២; យេរេមា ៣២:១៧; យ៉ូហានទី១ ៤:៨) ដូច្នេះ តើព្រះគម្ពីរចែងយ៉ាងណាអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានការរងទុក្ខដូច្នេះ?
តើការរងទុក្ខបានចាប់ផ្ដើមយ៉ាងដូចម្ដេច?
ព្រះមិនបានបង្កើតមនុស្សឲ្យរងទុក្ខទេ។ ផ្ទុយទៅវិញ ទ្រង់បានបង្កើតមនុស្សពីរនាក់ដំបូង ឈ្មោះអ័ដាមនិងអេវ៉ា ឲ្យមានសតិនិងរូបកាយដ៏គ្រប់ល័ក្ខណ៍ និងបានរៀបចំសួនច្បារមួយដ៏សែនស្អាតដើម្បីជាលំនៅរបស់ពួកគេ ថែមទាំងបានប្រគល់កិច្ចការសំខាន់ដល់ពួកគេដែលជាទីពេញចិត្ត។ (លោកុប្បត្តិ ១:២៧, ២៨, ៣១; ២:៨) ប៉ុន្តែ ដើម្បីមានសុភមង្គលជារៀងរហូត ពួកគេត្រូវទទួលស្គាល់ការគ្រប់គ្រងរបស់ព្រះ និងទទួលស្គាល់ថាទ្រង់មានសិទ្ធិសម្រេចខុសត្រូវសំរាប់ពួកគេ។ សិទ្ធិនេះរបស់ព្រះត្រូវតំណាងដោយដើមឈើមួយហៅថា «ដើមដឹងខុសត្រូវ»។ (លោកុប្បត្តិ ២:១៧) អ័ដាមនិងអេវ៉ាអាចបង្ហាញថា ពួកគេចុះចូលចំពោះព្រះដោយស្ដាប់បង្គាប់ដោយសារពួកគេមិនបរិភោគផ្លែពីដើមនោះឡើយ។a
គួរឲ្យស្ដាយណាស់ អ័ដាមនិងអេវ៉ាមិនបានព្រមស្ដាប់បង្គាប់ព្រះឡើយ។ បុគ្គលវិញ្ញាណមួយរូបដែលក្រោយមកមានឈ្មោះថា អារក្សសាតាំង បានបះបោរប្រឆាំងនឹងព្រះ ហើយបានបញ្ចុះបញ្ចូលអេវ៉ាថា ការស្ដាប់បង្គាប់ព្រះជាការបង់ប្រយោជន៍ខ្លួន។ ការពិត វាបានអះអាងថា ព្រះមិនបានប្រទានឲ្យអ្វីមួយដ៏វិសេស គឺជាការគ្រប់គ្រងលើខ្លួនឯង ឬថាសិទ្ធិសម្រេចខុសត្រូវដោយខ្លួនឯង។ សាតាំងបានអះអាងថា បើអេវ៉ាបរិភោគពីដើមឈើនោះ ‹ភ្នែកនាងនឹងបានភ្លឺឡើង ហើយនាងនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង›។ (លោកុប្បត្តិ ៣:១-៦; វិវរណៈ ១២:៩) លទ្ធភាពសម្រេចខុសត្រូវដោយខ្លួនឯងដោយមិនពឹងពាក់ព្រះ បានទាក់ទាញចិត្តអេវ៉ាណាស់ រួចនាងបរិភោគផ្លែឈើដែលត្រូវហាមនោះ និងក្រោយមកអ័ដាមក៏បានបរិភោគដែរ។
នៅថ្ងៃដដែលនោះ អ័ដាមនិងអេវ៉ាបានចាប់ផ្ដើមទទួលលទ្ធផលពីការបះបោរនោះ។ ដោយសារពួកគេបានបដិសេធការគ្រប់គ្រងរបស់ព្រះ នោះពួកគេក៏បានបាត់បង់នូវអត្ថប្រយោជន៍និងសុភមង្គលដែលបានមកពីការចុះចូលចំពោះព្រះ។ ព្រះបានបណ្ដេញពួកគេចេញពីសួនមនោរម្យ និងបានមានបន្ទូលទៅកាន់អ័ដាមថា៖ «ដីត្រូវបណ្ដាសាដោយព្រោះឯង។ ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត។ ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ»។ (លោកុប្បត្តិ ៣:១៧, ១៩) អ័ដាមនិងអេវ៉ាត្រូវទ្រាំនឹងជំងឺ ការឈឺចាប់ ភាពចាស់ជរា និងសេចក្ដីស្លាប់។ នៅពេលនោះឯង ការរងទុក្ខបានទៅជាផ្នែកធម្មតានៃជីវិតមនុស្សជាតិ។—លោកុប្បត្តិ ៥:២៩
ការដោះស្រាយរឿងចំណោទ
អ្នកប្រហែលជាឆ្ងល់ថា៖ ‹ហេតុអ្វីព្រះមិនគ្រាន់តែអត់ឱនទោសអំពើបាបរបស់អ័ដាមនិងអេវ៉ា›? គឺពីព្រោះការធ្វើដូច្នេះនឹងនាំឲ្យមានការមិនគោរពថែមទៀតចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ និងប្រហែលជាបណ្ដាលឲ្យបុគ្គលផ្សេងទៀតហ៊ានបះបោរប្រឆាំងនឹងទ្រង់នៅអនាគត ដែលអាចនាំឲ្យរងទុក្ខកាន់តែខ្លាំងទៅទៀត។ (សាស្ដា ៨:១១) ម្យ៉ាងទៀត ការត្រាប្រណីចំពោះការមិនស្ដាប់បង្គាប់យ៉ាងនេះ គឺហាក់ដូចជាព្រះចូលរួមក្នុងអំពើអាក្រក់នេះដែរ។ លោកម៉ូសេដែលបានសរសេរផ្នែកខ្លះនៃព្រះគម្ពីរបានរំឭកយើងថា៖ «ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌។ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៤) ដើម្បីប្រព្រឹត្តសមស្របទៅតាមគោលការណ៍របស់ទ្រង់ផ្ទាល់ ព្រះត្រូវអនុញ្ញាតឲ្យអ័ដាមនិងអេវ៉ាទទួលលទ្ធផលពីការមិនស្ដាប់បង្គាប់។
ហេតុអ្វីបានជាព្រះមិនបានបំផ្លាញចោលភ្លាមៗនូវអ័ដាម អេវ៉ា និងអារក្សសាតាំង ដែលវាជាអ្នកបណ្ដាលឲ្យគេបំបះបំបោរដោយវាមិនចេញមុខនោះ? ព្រះពិតជាមានអំណាចធ្វើដូច្នេះមែន។ បើទ្រង់ធ្វើដូច្នេះ អ័ដាមនិងអេវ៉ាមិនអាចបង្កើតកូនដែលត្រូវរងទុក្ខវេទនានិងភ្លក់សេចក្ដីស្លាប់នោះទេ។ ក៏ប៉ុន្តែ បើទ្រង់បានប្រើអំណាចរបស់ទ្រង់ធ្វើដូច្នេះ នោះមិនអាចបញ្ជាក់ថា ទ្រង់គ្រប់គ្រងលើមនុស្សជាតិនិងបុគ្គលវិញ្ញាណយ៉ាងត្រឹមត្រូវនោះទេ។ ម្យ៉ាងទៀត បើអ័ដាមនិងអេវ៉ាបានស្លាប់ដោយគ្មានកូន នេះបានន័យថាគោលបំណងរបស់ព្រះដើម្បីឲ្យផែនដីពេញទៅដោយមនុស្សគ្រប់ល័ក្ខណ៍ ត្រូវទទួលបរាជ័យទាំងស្រុង។ (លោកុប្បត្តិ ១:២៨) ជាការពិតហើយ «ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ . . . ព្រះអង្គមានព្រះបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ព្រះអង្គតែងតែសំរេចតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង»។—ជំរឿនប្រជាជន[ជនគណនា] ២៣:១៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ
ដោយសារប្រាជ្ញាដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ា ទ្រង់បានសម្រេចព្រះទ័យអនុញ្ញាតឲ្យការបះបោរប្រឆាំងនោះបន្តទៅមុខមួយរយៈ។ ជនបះបោរទាំងនេះនឹងមានឱកាសទទួលលទ្ធផលពីការបដិសេធព្រះ។ ប្រវត្ដិសាស្ត្រសម្ដែងឲ្យឃើញថា មនុស្សត្រូវការនូវការណែនាំពីព្រះ ហើយក៏បង្ហាញថាការគ្រប់គ្រងរបស់ព្រះ គឺប្រសើរលើសជាងការគ្រប់គ្រងរបស់មនុស្សជាតិ។ នៅទន្ទឹមគ្នានោះ ព្រះបានចាត់វិធានការដើម្បីធ្វើឲ្យគោលបំណងដើមរបស់ទ្រង់សំរាប់ផែនដីត្រូវសម្រេច។ ទ្រង់សន្យាថា «ពូជ»ឬកូនមួយនឹងមក‹កិនក្បាលសាតាំង› ថែមទាំងបំបាត់មួយដងជាការស្រេចនូវការបះបោររបស់វានិងលទ្ធផលខ្លោចផ្សា។—លោកុប្បត្តិ ៣:១៥
ព្រះយេស៊ូគ្រីស្ទគឺជាពូជសន្យានោះ។ យ៉ូហានទី១ ៣:៨ ចែងថា «ព្រះរាជបុត្រានៃព្រះបានលេចមក . . . ដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ»។ ព្រះយេស៊ូបានធ្វើដូច្នេះដោយបូជាព្រះជន្មដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ និងដោយបង់តម្លៃលោះដើម្បីរំដោះកូនរបស់អ័ដាមឲ្យរួចពីបាបនិងសេចក្ដីស្លាប់ដែលឆ្លងមកពីអ័ដាម។ (យ៉ូហាន ១:២៩; ធីម៉ូថេទី១ ២:៥, ៦) ព្រះសន្យាថា ទ្រង់នឹងបំបាត់ទុក្ខវេទនាឲ្យសាបសូន្យទៅ សំរាប់អស់អ្នកដែលពិតជាមានជំនឿទៅលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ (យ៉ូហាន ៣:១៦; វិវរណៈ ៧:១៧) តើនេះនឹងកើតឡើងនៅពេលណា?
ទីបញ្ចប់នៃការរងទុក្ខ
ការបដិសេធចោលអំណាចរបស់ព្រះបាននាំឲ្យមានការរងទុក្ខវេទនាដែលរកពណ៌នាពុំបានឡើយ។ គឺជាការសមរម្យណាស់ដែលព្រះនឹងសម្ដែងអំណាចរបស់ទ្រង់តាមវិធីដ៏ពិសេសមួយ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់មនុស្សជាតិ និងសម្រេចគោលបំណងដើមរបស់ទ្រង់សំរាប់ផែនដី។ ព្រះយេស៊ូបានមានបន្ទូលអំពីសំវិធានការនេះពេលទ្រង់បង្រៀនសិស្សរបស់ទ្រង់ឲ្យអធិស្ឋានថា៖ «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! . . . សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:៩, ១០, កំណែជាអក្សរទ្រេត
ពេលវេលាដែលព្រះបានអនុញ្ញាតឲ្យមនុស្សសាកល្បងគ្រប់គ្រងដោយខ្លួនឯង គឺជិតចប់ហើយ។ ព្រះរាជាណាចក្ររបស់ព្រះបានត្រូវតាំងឡើងនៅស្ថានសួគ៌នៅឆ្នាំ១៩១៤ ដោយមានព្រះយេស៊ូគ្រីស្ទជាស្តេច ដូចទំនាយក្នុងព្រះគម្ពីរបានចែងទុកជាមុន។b មិនយូរទៀត ព្រះរាជាណាចក្រនោះនឹងបំផ្លាញរដ្ឋាភិបាលទាំងឡាយរបស់មនុស្ស។—ដានីយ៉ែល ២:៤៤
ក្នុងកំឡុងកិច្ចបំរើដ៏ខ្លីរបស់ព្រះយេស៊ូនៅលើផែនដីនេះ ទ្រង់បានបង្ហាញឲ្យឃើញទុកជាមុននូវប្រយោជន៍ខ្លះៗដែលការគ្រប់គ្រងរបស់ព្រះនឹងនាំមកសំរាប់មនុស្សជាតិ។ សៀវភៅដំណឹងល្អផ្ដល់ភស្តុតាងថា ព្រះយេស៊ូបង្ហាញសេចក្ដីមេត្ដាករុណាចំពោះមនុស្សជាតិដែលក្រីក្រនិងត្រូវគេជិះជាន់។ ទ្រង់បានប្រោសមនុស្សឈឺឲ្យបានជា បានប្រទានអាហារដល់មនុស្សឃ្លាន និងបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ បន្ថែមទៅទៀតនោះទ្រង់ក៏កាន់កាប់ទៅលើកម្លាំងធម្មជាតិដែរ។ (ម៉ាថាយ ១១:៥; ម៉ាកុស ៤:៣៧-៣៩; លូកា ៩:១១-១៦) សូមគិតអំពីប្រយោជន៍ដែលព្រះយេស៊ូនឹងផ្ដល់ឲ្យនៅពេលដែលទ្រង់ប្រើយញ្ញបូជាលោះដើម្បីជំរះបាបរបស់មនុស្សជាតិទាំងឡាយ! ព្រះគម្ពីរសន្យាថា តាមរយៈការគ្រប់គ្រងរបស់ព្រះគ្រីស្ទ ព្រះនឹង«ជូតអស់ទាំងទឹកភ្នែក ពីភ្នែក[មនុស្ស]ចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។—វិវរណៈ ២១:៤
ការសម្រាលទុក្ខសំរាប់អស់អ្នកដែលកំពុងតែរងទុក្ខវេទនា
យើងទទួលបានការលើកទឹកចិត្តច្រើនណាស់ ដោយដឹងថា ព្រះយេហូវ៉ាដែលជាព្រះរបស់យើង ហើយមានគ្រប់ព្រះចេស្ដានិងប្រកបទៅដោយសេចក្ដីស្រឡាញ់នោះ ទ្រង់ពិតជាយកព្រះទ័យទុកដាក់នឹងយើងមែន ហើយបន្ដិចទៀតទ្រង់នឹងបំបាត់នូវទុក្ខវេទនារបស់មនុស្សជាតិ! ធម្មតា មនុស្សម្នាក់ដែលមានជំងឺធ្ងន់ធ្ងរនឹងសុខចិត្តទទួលការព្យាបាលដែលនឹងធ្វើឲ្យគាត់ជាសះស្បើយ សូម្បីបើការព្យាបាលនោះធ្វើឲ្យឈឺចាប់ក៏ដោយ។ ដូចគ្នាដែរ បើយើងដឹងថារបៀបដែលព្រះនឹងដោះស្រាយបញ្ហានេះនឹងនាំមកនូវប្រយោជន៍ជានិរន្តរ៍ នោះចំណេះនេះអាចជួយសម្រាលទុក្ខយើង មិនថាយើងជួបនឹងការពិបាកអ្វីក៏ដោយជាបណ្ដោះអាសន្ននោះ។
លោករីកាដូក្នុងអត្ថបទមុន គឺជាបុគ្គលមួយរូបដែលបានទទួលការសម្រាលទុក្ខពីសេចក្ដីសន្យាក្នុងព្រះគម្ពីរ។ រីកាដូប្រាប់ថា៖«ក្រោយប្រពន្ធខ្ញុំស្លាប់ទៅ ខ្ញុំចង់នៅដាច់ពីគេណាស់។ ប៉ុន្តែ ក្រោយមកខ្ញុំទទួលស្គាល់ថា ការធ្វើដូច្នេះនឹងមិនធ្វើឲ្យប្រពន្ធខ្ញុំរស់ឡើងវិញទេ ហើយគ្រាន់តែធ្វើឲ្យខ្ញុំឈឺចាប់កាន់តែខ្លាំងថែមទៀតប៉ុណ្ណោះ»។ ផ្ទុយទៅវិញ រីកាដូបានបន្តព្យាយាមក្នុងទម្លាប់ចូលរួមកិច្ចប្រជុំគ្រីស្ទាននិងការផ្សព្វផ្សាយប្រាប់សារព្រះគម្ពីរដល់អ្នកឯទៀត។ រីកាដូប្រាប់ថា៖ «ពេលខ្ញុំទទួលការគាំទ្រពីព្រះយេហូវ៉ាដោយសេចក្ដីស្រឡាញ់ និងទទួលស្គាល់ថាទ្រង់កំពុងតែឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់ខ្ញុំ សូម្បីតែក្នុងរឿងតូចតាចក៏ដោយ នេះបានធ្វើឲ្យខ្ញុំចូលទៅកាន់តែជិតទ្រង់ថែមទៀត។ ការទទួលស្គាល់សេចក្ដីស្រឡាញ់របស់ព្រះបានផ្ដល់សមត្ថភាពឲ្យខ្ញុំស៊ូទ្រាំនឹងការលំបាកខ្លាំងបំផុតដែលខ្ញុំធ្លាប់ជួប»។ រីកាដូសារភាពថា៖«ខ្ញុំនៅតែនឹកប្រពន្ធខ្ញុំណាស់ ប៉ុន្តែ ឥឡូវនេះខ្ញុំជឿជាក់ថា ទោះជាព្រះយេហូវ៉ាអនុញ្ញាតឲ្យអ្វីកើតឡើងក៏ដោយ នោះមិនអាចធ្វើទុក្ខដល់យើងជារៀងរហូតបានឡើយ»។
ដូចជារីកាដូនិងមនុស្សរាប់លានឯទៀត តើអ្នករង់ចាំគ្រាមួយដែលការរងទុក្ខរបស់មនុស្សជាតិ«នឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិត»ឬ? (អេសាយ ៦៥:១៧) អ្នកប្រាកដជាអាចទទួលពរនេះពីព្រះរាជាណាចក្ររបស់ព្រះបាន បើអ្នកធ្វើតាមឱវាទក្នុងព្រះគម្ពីរដែលថា «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ!»។—អេសាយ ៥៥:៦
ដើម្បីជួយអ្នកធ្វើដូច្នេះ ចូរឲ្យការអាននិងសិក្សាយ៉ាងហ្មត់ចត់នូវព្រះបន្ទូលរបស់ព្រះមានអាទិភាពក្នុងជីវិតរបស់អ្នក។ ចូរខិតខំឲ្យស្គាល់ព្រះនិងព្រះយេស៊ូគ្រីស្ទដែលទ្រង់បានចាត់ឲ្យមក។ ចូរព្យាយាមរស់នៅសមស្របទៅតាមខ្នាតតម្រារបស់ព្រះ និងបង្ហាញថាអ្នកសុខចិត្តចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់។ ការធ្វើយ៉ាងនេះនឹងនាំឲ្យអ្នកមានសុភមង្គលរឹតតែច្រើនឡើង ទោះជាអ្នកជួបប្រទះនឹងការល្បងលអ្វីក៏ដោយ។ ហើយនៅអនាគត លទ្ធផលគឺអ្នកនឹងបានជីវិតក្នុងពិភពលោកមួយដែលគ្មានការរងទុក្ខទៀតឡើយ។—យ៉ូហាន ១៧:៣
[កំណត់សម្គាល់]
a សម្គាល់ហេតុក្នុងព្រះគម្ពីរយេរូសាឡិមពន្យល់លោកុប្បត្តិ ២:១៧ថា៖«ការដឹងខុសត្រូវ»នេះគឺជា«សិទ្ធិសម្រេចថា . . . អ្វីដែលល្អនិងអ្វីដែលអាក្រក់ និងសិទ្ធិប្រព្រឹត្តតាមការសម្រេចនោះ។ នេះក៏ជាការដណ្ដើមយកសិទ្ធិបង្កើតគោលការណ៍សំរាប់អ្វីល្អនិងអ្វីអាក្រក់សំរាប់ខ្លួនឯង ដោយមិនព្រមទទួលស្គាល់ថា ខ្លួនជារបស់ដែលបានត្រូវបង្កើតមកឡើយ»។ សម្គាល់ហេតុនោះចែងបន្ថែមថា៖ «បាបទីមួយគឺជាការរំលោភបំពានទៅលើការគ្រប់គ្រងរបស់ព្រះ»។
b បើចង់បានពត៌មានល្អិតល្អន់ស្តីអំពីទំនាយព្រះគម្ពីរជាប់ទាក់ទងនឹងឆ្នាំ១៩១៤ សូមមើលជំពូកទី១០និង១១ក្នុងសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[ប្រអប់នៅទំព័រ៦, ៧]
តើយើងអាចស៊ូទ្រាំ ពេលរងទុក្ខលំបាកដោយដូចម្ដេច?
«ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើ[ព្រះ]»។ (ពេត្រុសទី១ ៥:៧) អារម្មណ៍ច្របូកច្របល់ អារម្មណ៍ខឹង និងអារម្មណ៍ឯកកោគឺមានជាធម្មតា នៅពេលដែលយើងស៊ូទ្រាំឬពេលយើងរងទុក្ខលំបាកឬក៏ឃើញអ្នកដែលយើងស្រឡាញ់រងទុក្ខ។ យ៉ាងណាក៏ដោយ អ្នកអាចប្រាកដថា ព្រះយេហូវ៉ាយល់អារម្មណ៍របស់អ្នក។ (និក្ខមនំ ៣:៧; អេសាយ ៦៣:៩) ដូចជាបុរសនៅសម័យបុរាណ យើងអាចទូលប្រាប់ទ្រង់អស់ពីដួងចិត្តអំពីការសង្ស័យនិងការខ្វល់ខ្វាយរបស់យើង។ (និក្ខមនំ ៥:២២; យ៉ូប ១០:១-៣; យេរេមា ១៤:១៩; ហាបាគុក ១:១៣) ទ្រង់ប្រហែលជាមិនធ្វើអព្ភូតហេតុបំបាត់ការរងទុក្ខនោះទេ ប៉ុន្តែ ទ្រង់អាចឆ្លើយតបចំពោះសេចក្ដីអធិស្ឋានរបស់យើងដោយផ្ដល់ជាប្រាជ្ញានិងកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីយើងអាចស៊ូទ្រាំ។—យ៉ាកុប ១:៥, ៦
«ចំពោះទុក្ខលំបាកដ៏ខ្លាំងដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ដោយគិតថាជាព្រឹត្ដិការណ៍អ្វីមួយដ៏ចំឡែកឡើយ»។ (ពេត្រុសទី១ ៤:១២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) នៅទីនេះពេត្រុសកំពុងតែនិយាយអំពីការបៀតបៀន។ ប៉ុន្តែពាក្យនេះក៏សំដៅទៅលើការរងទុក្ខណាក៏ដោយដែលអ្នកជឿព្រះត្រូវស៊ូទ្រាំនោះ។ មនុស្សជាតិរងទុក្ខដោយការខ្វះខាត ជំងឺ និងការបាត់បង់អ្នកជាទីស្រឡាញ់។ ព្រះគម្ពីរចែងថា «គ្រានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុន»អាចកើតឡើងចំពោះមនុស្សគ្រប់រូប។ (សាស្ដា ៩:១១, ព.ថ.) អ្វីៗបែបនេះគឺជាផ្នែកធម្មតានៃជីវិតមនុស្សជាតិសព្វថ្ងៃនេះ។ ការទទួលស្គាល់ចំណុចនេះនឹងជួយយើងស៊ូទ្រាំនៅពេលរងទុក្ខឬជួបហេតុដែលធ្វើឲ្យអភ័ព្វ។ (ពេត្រុសទី១ ៥:៩) សំខាន់បំផុត បើអ្នកនឹកចាំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថា៖ «ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ» នេះនឹងសម្រាលទុក្ខអ្នកច្រើនណាស់។—ទំនុកដំកើង ៣៤:១៥; សុភាសិត ១៥:៣; ពេត្រុសទី១ ៣:១២
«ចូរអរសប្បាយ ដោយមានសង្ឃឹម»។ (រ៉ូម ១២:១២) ជាជាងរំពឹងគិតអំពីអំណរដែលបាត់បង់នោះ យើងអាចរំពឹងគិតអំពីសេចក្ដីសន្យារបស់ព្រះថាទ្រង់នឹងបញ្ចប់ការរងទុក្ខ។ (សាស្ដា ៧:១០) សេចក្ដីសង្ឃឹមដែលមានមូលដ្ឋានរឹងមាំនេះនឹងការពារយើងដូចជាមួកការពារក្បាល។ នៅពេលមានសេចក្ដីសង្ឃឹម យើងនឹងមិនពិបាកចិត្តពេកពេលជួបទុក្ខលំបាកឬជួបហេតុដែលធ្វើឲ្យអភ័ព្វក្នុងជីវិតឡើយ ហើយសេចក្ដីសង្ឃឹមក៏ជួយការពារមិនឲ្យទុក្ខលំបាកបង្ខូចសុខភាពខាងផ្លូវចិត្ត គំនិត និងខាងវិញ្ញាណរបស់យើងដែរ។—ថែស្សាឡូនីចទី១ ៥:៨
[រូបភាពនៅទំព័រ៥]
អ័ដាមនិងអេវ៉ា បានបដិសេធ ការគ្រប់គ្រងរបស់ព្រះ
[រូបភាពនៅទំព័រ៧]
ព្រះសន្យាថានឹងមានពិភពលោកមួយ ដែលគ្មានការរងទុក្ខទៀត