បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ៩ ទំ. ៧៩-៨៩
  • ឥទ្ធិពលនៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឥទ្ធិពលនៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ដំណើរ​រស់​ឡើង​វិញ​ជា​មូលដ្ឋាន​គ្រឹះ​ចំពោះ​ជំនឿ​គ្រីស្ទាន
  • ការ​ប្រើ «កូនសោ​នៃ​ហាដេស»
  • សេចក្ដី​សង្ឃឹម​អំពី​ដំណើរ​រស់​ឡើង​វិញ​បាន​ពង្រឹង​កម្លាំង​យើង
  • ដំណើររស់ឡើងវិញជាសេចក្ដីបង្រៀនដែលមានអានុភាពលើអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ តើមានអត្ថន័យអ្វីចំអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • មនុស្សសុចរិតនឹងរស់ឡើងវិញ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • វិធីតែមួយគត់ដើម្បីបំបាត់ចោលសេចក្ដីស្លាប់!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ៩ ទំ. ៧៩-៨៩

ជំពូក​ទី​ប្រាំ​បួន

ឥទ្ធិពល​នៃ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ

១​. បើ​គ្មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​ទេ តើ​មនុស្ស​ស្លាប់​នឹង​ទៅ​ជា​យ៉ាង​ណា?

តើ​អ្នក​ធ្លាប់​មាន​បុគ្គល​ជា​ទី​ស្រឡាញ់​ស្លាប់​ឬ​ទេ? បើ​គ្មាន​ដំណើរ​រស់​ឡើង​វិញ នោះ​យើង​គ្មាន​សេចក្ដី​សង្ឃឹម​ឃើញ​បុគ្គល​ជា​ទី​ស្រឡាញ់​ទាំង​នោះ​ម្ដង​ទៀត​ឡើយ។ ពួក​អ្នក​ជា​ទី​ស្រឡាញ់​ដែល​ស្លាប់​ទៅ​នោះ​នឹង​បន្ត​នៅ​ក្នុង​ស្ថានភាព​ដូច​ជា​ព្រះ​គម្ពីរ​ពិពណ៌នា​មក​ថា⁠៖ «តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ . . . ដ្បិត​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់[ផ្នូរ] ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិតគូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ»។​—⁠សាស្ដា ៩:​៥, ១០

២​. ដោយសារ​ដំណើរ​រស់​ឡើង​វិញ​នោះ តើ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អ្វី?

២ ដោយ​សេចក្ដី​មេត្ដាករុណា​និង​តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ ព្រះ​យេហូវ៉ា​បាន​បើក​ឱកាស​ដ៏​វិសេស​បំផុត​សំរាប់​មនុស្ស​ជា​ច្រើន​ឥត​គណនា​ដែល​បាន​ស្លាប់​ទៅ ឲ្យ​រស់​ឡើង​វិញ​និង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។ នេះ​បាន​សេចក្ដី​ថា អ្នក​អាច​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​កក់ក្ដៅ​ថា នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ អ្នក​នឹង​ជួប​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។​—⁠ម៉ាកុស ៥:​​៣៥,​ ៤១, ៤២; កិច្ចការ ៩:​៣៦​-​៤១

៣​. (ក) តើ​តាម​របៀប​ណា​ដែល​ដំណើរ​រស់​ឡើង​វិញ បាន​ស​ឲ្យ​ឃើញ​ថា​ជា​ការ​សំខាន់​ចំពោះ​ការ​សម្រេច​នូវ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​នៅ​ពេល​ណា​ជា​ពិសេស ដែល​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​ជា​ប្រភព​នៃ​កម្លាំង​ដល់​យើង?

៣ យើង​មិន​ចាំបាច់​ភ័យខ្លាច​ចំពោះ​សេចក្ដី​ស្លាប់​ទេ ពីព្រោះ​យើង​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ។ ព្រះ​យេហូវ៉ា​អាច​អនុញ្ញាត​ឲ្យ​សាតាំង​រក​គ្រប់​វិធី​ក្នុង​ការ​បញ្ជាក់​នូវ​ពាក្យ​ចោទ​បង្កាច់​បង្ខូច​របស់​វា​ដែល​ថា​«មនុស្ស​នឹង​សុខ​ចិត្តលះបង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ» តែ​ទ្រង់​មិន​ឲ្យ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​មាន​គ្រោះថ្នាក់​រហូត​នោះ​ឡើយ។ (យ៉ូប ២:⁠៤) ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​រហូត​ដល់​សោយទិវង្គត ដូច្នេះ​ហើយ​ព្រះ​ក៏​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​នៅ​ស្ថានសួគ៌​វិញ។ ដូច្នេះ ព្រះ​យេស៊ូ​អាច​ប្រទាន​នូវ​តម្លៃ​នៃ​យញ្ញបូជា​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់ នៅ​ចំពោះ​បល្ល័ង្ក​នៅ​ស្ថានសួគ៌​របស់​ព្រះ​វរបិតា ហើយ​ជា​លទ្ធផល​អាច​សង្គ្រោះ​ជីវិត​យើង​បាន។ តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ អស់​អ្នក​ដែល​នៅ​ក្នុង​ចំណោម​«ហ្វូង​តូច»​ជា​ពួក​អ្នក​គ្រង​មរតក​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ក៏​មាន​សេចក្ដី​សង្ឃឹម​រួបរួម​ជា​មួយ​នឹង​ទ្រង់​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌​ដែរ។ (លូកា ១២:⁠៣២) ចំពោះ​អ្នក​ដទៃ​ទៀត ពួក​គេ​ក៏​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​ដែរ គឺ​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី​មនោរម្យ។ (ទំនុកដំកើង ៣៧:​១១, ២៩) គ្រីស្ទាន​ទាំង​អស់​គ្នា​ចាត់​ទុក​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ ជា​ប្រភព​នៃ​កម្លាំង​«ដ៏​លើស​លប់» ពេល​ពួក​គេ​ឆ្លង​កាត់​សេចក្ដី​ទុក្ខ​លំបាក ដែល​នាំ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​នោះ។​—⁠កូរិនថូសទី២ ៤:៧

ដំណើរ​រស់​ឡើង​វិញ​ជា​មូលដ្ឋាន​គ្រឹះ​ចំពោះ​ជំនឿ​គ្រីស្ទាន

៤​. (ក) តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​ដំណើរ​រស់​ឡើង​វិញ​ជា​«សេចក្ដី​បង្រៀន​ដ៏​ចំបង»? (ខ) តើ​មនុស្ស​ទូទៅ​គិត​យ៉ាង​ណា​អំពី​ដំណើរ​រស់​ឡើង​វិញ?

៤ ដូច​ជា​ចែង​ក្នុង​ហេព្រើរ ៦:​១, ២ នោះ​ដំណើរ​រស់​ឡើង​វិញ​គឺ​ជា​«សេចក្ដី​បថ​ម​សិក្សា[«សេចក្ដី​បង្រៀន​ដ៏​ចំ​បង», ព.ថ.]»។ ដំណើរ​រស់​ឡើង​វិញ​ជា​ផ្នែក​មួយ​នៃ​មូលដ្ឋាន​គ្រឹះ​នៃ​ជំនឿ បើ​មិន​ដូច្នេះ​ទេ យើង​មិន​អាច​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ​បាន​នោះ​ដែរ។ (កូរិនថូសទី១ ១៥:​១៦​-​១៩) ប៉ុន្តែ សេចក្ដី​បង្រៀន​អំពី​ដំណើរ​រស់​ឡើង​វិញ​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​អ្វី​ដ៏​ចម្លែក​ចំពោះ​មនុស្ស​ទូទៅ​ក្នុង​ពិភពលោក។ ដោយ​គ្មាន​ភាព​ខាង​វិញ្ញាណ​នោះ មនុស្ស​កាន់​តែ​ច្រើន​ឡើង⁠ៗ ចាត់​ទុក​ជីវភាព​រស់​នៅ​នា​ពេល​ឥឡូវ​នេះ​តែ​ប៉ុណ្ណោះ ជា​អ្វី​ដ៏​ពិត​ប្រាកដ។ ដូច្នេះ​ហើយ ពួក​គេ​រស់​នៅ​ដើម្បី​ស្វះស្វែង​រក​តែ​ការ​កំសាន្ត។ ប៉ុន្តែ ក៏​មាន​មនុស្ស​ដែល​កាន់សាសនា​តាម​ប្រពៃណី​ទំនៀម​ទំលាប់ មាន​ពួក​អ្នក​ដែល​នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា និង​អ្នក​មិន​មែន​នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ផង​ដែរ ដែល​គិត​ថា​ពួក​គេ​មាន​ព្រលឹង​អមតៈ។ ប៉ុន្តែ​ជំនឿ​បែប​នោះ​មិន​អាច​សម​ស្រប​នឹង​សេចក្ដី​បង្រៀន​អំពី​ដំណើរ​រស់​ឡើង​វិញ​ក្នុង​ព្រះ​គម្ពីរ​ឡើយ ពីព្រោះ​បើ​មនុស្ស​មាន​ព្រលឹង​អមតៈ នោះ​គឺ​មិន​ចាំបាច់​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ​ទេ។ បើ​យើង​ខំ​បញ្ចូល​ជំនឿ​ទាំង​ពីរ​នេះ នោះ​នឹង​ធ្វើ​ឲ្យ​គំនិត​យើង​ច្របូកច្របល់​កាន់​តែ​ខ្លាំង​ឡើង និង​មិន​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ទេ។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​និង​មនុស្ស​ដែល​ចង់​ស្គាល់​សេចក្ដី​ពិត​នោះ?

៥​. (ក) មុន​នឹង​បុគ្គល​ម្នាក់​អាច​យល់​អំពី​ដំណើរ​រស់​ឡើង​វិញ តើ​គាត់​ត្រូវ​តែ​យល់​ដឹង​អំពី​អ្វី​ជា​មុន​សិន? (ខ) តើ​ខគម្ពីរ​មួយ​ណា​ដែល​អ្នក​នឹង​ប្រើ​ដើម្បី​ពន្យល់​អំពី​ព្រលឹង និង​ស្ថានភាព​នៃ​មនុស្ស​ស្លាប់? (គ)⁠ ⁠តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា បើ​បុគ្គល​ម្នាក់​ប្រើ​ព្រះ​គម្ពីរ​កំណែ​ណា​មួយ ដែល​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ពិបាក​យល់​អំពី​សេចក្ដី​ពិត​នោះ?

៥ មុន​នឹង​មនុស្ស​បែប​នេះ​យល់​ថា ដំណើរ​រស់​ឡើង​វិញ​ជា​សំវិធានការ​ដ៏​អស្ចារ្យ​នោះ ពួក​គេ​ត្រូវ​តែ​មាន​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​អំពី​ព្រលឹង និង​ស្ថានភាព​នៃ​មនុស្ស​ស្លាប់​ជា​មុន​សិន។ ចំពោះ​មនុស្ស​ដែល​ស្រេក​ឃ្លាន​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ ជា​ធម្មតា​ការ​បង្ហាញ​ខគម្ពីរ​ពីរបី​គឺ​គ្រប់គ្រាន់​ហើយ ដើម្បី​ឲ្យ​ពួក​គេ​យល់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ។ (លោកុប្បត្តិ ២:៧; សាស្ដា ៩:៥; អេសេគាល ១៨:⁠៤) ប៉ុន្តែ សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​សម័យ​ទំនើប​និង​កំណែ​ថ្មី​ខ្លះៗ ធ្វើ​ឲ្យ​ពិបាក​យល់​នូវ​សេចក្ដី​ពិត​អំពី​ព្រលឹង​ទៅ​វិញ។ ដូច្នេះ អ្នក​ប្រហែល​ជា​ត្រូវ​ពិនិត្យ​មើល​នូវ​ពាក្យ​ដែល​បាន​ប្រើ​តាម​ភាសា​ដើម​នៃ​ព្រះ​គម្ពីរ។

៦​. តើ​អ្នក​អាច​ជួយ​ពន្យល់​បុគ្គល​ម្នាក់​យ៉ាង​ដូច​ម្ដេច​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ព្រលឹង?

៦ សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ខ្លះ បកប្រែ​ពាក្យ​ហេព្រើរ​នីហ្វែស និង​ពាក្យ​ដដែល​នោះ​ជា​ភាសា​ក្រិក​សែគី​ជា​«ព្រលឹង»​ជា​រៀង​រហូត។ សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​កំណែ​ផ្សេង​ជា​ច្រើន​ទៀត ដូច​ជា​ព្រះ​គម្ពីរ​ភាសា​ខ្មែរ បកប្រែ​ពាក្យ​ហេព្រើរ​នីហ្វែស និង​ពាក្យ​ដដែល​នោះ​ជា​ភាសា​ក្រិក សែគី ទៅ​ជា​ពាក្យ​ផ្សេង⁠ៗ​ដូច​ជា «ព្រលឹង» «សត្តនិករ» «មនុស្ស» «បុគ្គល» និង​«ជីវិត»។ ការ​សិក្សា​យ៉ាង​ផ្ចិតផ្ចង់​នូវ​របៀប​ដែល​ពាក្យ​ភាសា​ហេព្រើរ​និង​ជា​ភាសា​ក្រិក​ដែល​ត្រូវ​បកប្រែ​ថា​«ព្រលឹង»​បាន​ត្រូវ​ប្រើ​ក្នុង​ព្រះ​គម្ពីរ​នឹង​ជួយ​ពួក​សិស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​យល់​ថា ព្រលឹង អាច​សំដៅ​ទៅ​ទាំង​មនុស្ស​ទាំង​សត្វ​ដែរ។ ប៉ុន្តែ ពាក្យ​ទាំង​នេះ​មិន​ដែល​បង្ហាញ​ថា ព្រលឹង​គឺ​អ្វី​ដែល​មើល​មិន​ឃើញ ហើយ​ជា​របស់​ដែល​គ្មាន​រូប​រាង ដែល​អាច​ចេញ​ពី​រូប​កាយ​ពេល​ស្លាប់​ទៅ និង​បន្ត​ដឹង​ស្មារតី​នៅ​កន្លែង​ណា​ផ្សេង​នោះ​ឡើយ។

៧​. តើ​អ្នក​អាច​ពន្យល់​យ៉ាង​ណា​ពី​ព្រះ​គម្ពីរ​អំពី​ស្ថានភាព​នៃ​មនុស្ស​នៅ​ក្នុង​ហ្សីអូល នៅ​ក្នុង​ហាដេស និង​នៅ​ក្នុង​ហ្គេហេណា?

៧ សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ពីរ​ជា​ភាសា​ខ្មែរ ពាក្យ​ហេព្រើរ​ថា​ហ្សីអូល ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ​ក្រិក​ហាដេស​នោះ​ត្រូវ​បកប្រែ​ខុស​ពី​គ្នា ដូច​ជា​«ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់» ឬ​ក៏​«ស្ថាន​មនុស្ស​ស្លាប់»។ ពាក្យ​ភាសា​ក្រិក​ថា​ហ្គេហេណា​បាន​ត្រូវ​បកប្រែ​ជា​ស្ថាន​នរក នរក និង​ភ្លើង​នរក។ នៅ​ក្នុង​ភាសា​ដើម​នៃ​ព្រះ​គម្ពីរ​គឺ​បញ្ជាក់​ថា ទាំង​ពាក្យ​ហ្សីអូល​និង​ពាក្យ​ហាដេស សំដៅ​ទៅ​ផ្នូរ​មនុស្ស​ប៉ុណ្ណោះ ថែម​ទាំង​ទាក់ទង​នឹង​សេចក្ដី​ស្លាប់ មិន​មែន​ជីវិត​នោះ​ទេ។ (ទំនុកដំកើង ៨៩:⁠៤៨; វិវរណៈ ២០:⁠១៣) បទ​គម្ពីរ​ក៏​ចង្អុល​ប្រាប់​នូវ​សេចក្ដី​សង្ឃឹម​អំពី​ការ​ចេញ​ពី​ផ្នូរ តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ​ផង​ដែរ។ (យ៉ូប ១៤:⁠១៣; កិច្ចការ ២:⁠៣១) ផ្ទុយ​ទៅវិញ គឺ​គ្មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​នៅ​ពេល​ខាង​មុខ ចំពោះ​អស់​អ្នក​ដែល​ទៅហ្គេហេណា​ទេ ហើយ​ក៏​មិន​ដែល​ប្រាប់​ថា​ព្រលឹង​មាន​ស្មារតី​នៅ​ទី​នោះ​ដែរ។​—⁠ម៉ាថាយ ១០:⁠២៨

៨​. តើ​ការ​យល់​យ៉ាង​ច្បាស់​អំពី​ដំណើរ​រស់​ឡើង​វិញ អាច​មាន​អានុភាព​លើ​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា?

៨ ក្រោយ​បាន​ពន្យល់​ចំណុច​ទាំង​នេះ​តាម​របៀប​ស្រួល​យល់ នោះ​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​យល់​ថា​ដំណើរ​រស់​ឡើង​វិញ មាន​ន័យ​យ៉ាង​ណា​ចំពោះ​គាត់​ផ្ទាល់។ គាត់​អាច​ចាប់​ផ្ដើម​ដឹង​គុណ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ ដោយ​ប្រទាន​នូវ​សំវិធានការ​ដ៏​អស្ចារ្យ​នេះ។ អស់​អ្នក​ដែល​សោកសៅ​ដោយសារ​បុគ្គល​ជា​ទី​ស្រឡាញ់​ស្លាប់​ទៅ ក៏​អាច​បាន​ធូរ​ស្រាល​វិញ​ដោយសារ​សេចក្ដី​សង្ឃឹម​ដ៏​សប្បាយ ចំពោះ​ការ​ជួប​បុគ្គល​នោះ​វិញ​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ។ ការ​យល់​ដឹង​នូវ​ចំណុច​ទាំង​នេះ ក៏​ជា​កត្ដា​ដ៏​សំខាន់​ចំពោះ​ការ​យល់​នូវ​អត្ថន័យ​នៃ​ការ​សោយទិវង្គត​របស់​ព្រះ​គ្រីស្ទ​ដែរ។ ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​ដឹង​ថា ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជំនឿ​គ្រីស្ទាន ដែល​បើក​ផ្លូវ​ឲ្យ​អ្នក​ដទៃ​រស់​ឡើង​វិញ​ដែរ។ ពួក​គាត់​បាន​ផ្សព្វផ្សាយ​យ៉ាង​ខ្នះខ្នែង​អំពី​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ និង​អំពី​សេចក្ដី​សង្ឃឹម​ដោយសារ​ដំណើរ​រស់​ឡើង​វិញ​នោះ។ ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​យល់​និង​ដឹង​គុណ​ចំពោះ​ដំណើរ​រស់​ឡើង​វិញ ក៏​មាន​ចិត្ត​ខ្នះខ្នែង​នឹង​ប្រាប់​អ្នក​ដទៃ​អំពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​នេះ​ដែរ។​—⁠កិច្ចការ ៥:​៣០​-​៣២; ១០:​៤២, ៤៣

ការ​ប្រើ «កូនសោ​នៃ​ហាដេស»

៩​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រើ​«កូនសោ​នៃ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​[«ហាដេស», ព.ថ.]»​មុន​ដំបូង​នោះ?

៩ ពួក​អ្នក​ដែល​ចូល​រួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​ស្ថានសួគ៌ នឹង​ត្រូវ​ទទួល​មរណភាព​ជាយ​ថា​ហេតុ។ ប៉ុន្តែ ពួក​គាត់​ក៏​ដឹង​អំពី​ការ​ធានា​រ៉ាប់​រង ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា⁠៖ «អញ​បាន​ស្លាប់ តែ​មើល! អញ​រស់​នៅ​អស់កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូនសោ​នៃ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់[«ហាដេស», ព.ថ.]ដែរ»។ (វិវរណៈ ១:⁠១៨) តើ​ទ្រង់​ចង់​មាន​ន័យ​យ៉ាង​ណា? ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​អំពី​បទ​ពិសោធន៍​របស់​ទ្រង់​ផ្ទាល់។ ទ្រង់​ក៏​បាន​សោយទិវង្គត​ដែរ។ ប៉ុន្តែ ព្រះ​មិន​បាន​ទុក​ព្រះ​យេស៊ូ​នៅ​ក្នុង​ហាដេស​ទេ។ នៅ​ថ្ងៃ​ទី​បី នោះ​ព្រះ​យេហូវ៉ា​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូ​មាន​ជីវិត​ជា​បុគ្គល​វិញ្ញាណ និង​បាន​ប្រទាន​ឲ្យ​ទ្រង់​នូវ​អមត​ភាព។ (កិច្ចការ ២:​៣២, ៣៣; ១០:⁠៤០) ក្រៅ​ពី​នោះ ព្រះ​ក៏​ប្រទាន​ដល់​ព្រះ​យេស៊ូ​នូវ​«កូនសោ​នៃ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់[«ហាដេស», ព.ថ.]ដែរ» ដើម្បី​យក​ទៅ​រំដោះ​មនុស្ស​ឯ​ទៀត​ចេញ​ពី​ផ្នូរ និង​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​នៃ​អំពើ​បាប​របស់​អ័ដាម។ ព្រះ​យេស៊ូ​អាច​ប្រោស​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ពីព្រោះ​ទ្រង់​មាន​កូនសោ​ទាំង​នោះ។ ព្រះ​យេស៊ូ​បាន​ប្រោស​សមាជិក​ចាក់​ប្រេង​តាំង​នៃ​ក្រុមជំនុំ​របស់​ទ្រង់​មុន​គេ ដោយ​ប្រទាន​នូវ​រង្វាន់​ដ៏​វិសេស​មួយ គឺ​ជីវិត​អមតៈ​នៅ​ស្ថានសួគ៌ ដូច​ជា​ព្រះ​វរបិតា​របស់​ទ្រង់​បាន​ប្រទាន​ដល់​ទ្រង់​ដែរ។​—⁠រ៉ូម ៦:៥; ភីលីព ៣:​២០, ២១

១០​. តើ​ដំណើរ​រស់​ឡើង​វិញ​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​កើត​ឡើង​នៅ​ពេល​ណា?

១០ តើ​នៅ​ពេល​ណា​ដែល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង នឹង​ពិសោធន៍​នូវ​ការ​រស់​ឡើង​វិញ​នៅ​ស្ថានសួគ៌? ព្រះ​គម្ពីរ​បង្ហាញ​ថា នេះ​បាន​ចាប់​ផ្ដើម​ហើយ។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ពួក​គេ​នឹង​ត្រូវ​ប្រោស​‹ក្នុង​កំឡុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ› ហើយ​វត្តមាន​របស់​ទ្រង់​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ (កូរិនថូសទី១ ១៥:⁠២៣) ឥឡូវ​នេះ នៅ​ពេល​ដែល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ស្លាប់​ក្នុង​វត្តមាន​ព្រះ​យេស៊ូ នោះ​ពួក​គេ​មិន​ចាំបាច់​រង់ចាំ​រហូត​ដល់​ព្រះ​អម្ចាស់​របស់​ពួក​គេ យាង​ត្រឡប់​មក​វិញ​ទេ។ ពេល​ពួក​គេ​ទទួល​មរណភាព​នោះ ភ្លាមៗ​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​ជា​បុគ្គល​វិញ្ញាណ ដោយ​«បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច»។ ពួក​គេ​នឹង​មាន​សុភមង្គល​ខ្លាំង​មែន ពីព្រោះ​កិច្ចការ​ដ៏​ល្អ​របស់​ពួក​គេ នឹង​«តាម​គេ​ជាប់!»។​—⁠កូរិនថូសទី១ ១៥:​៥១, ៥២; វិវរណៈ ១៤:⁠១៣

១១​. តើ​មនុស្ស​ទូទៅ​នឹង​មាន​ដំណើរ​រស់​ឡើង​វិញ​បែប​ណា? ហើយ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា?

១១ ប៉ុន្តែ មិន​មែន​មាន​តែ​ដំណើរ​រស់​ឡើង​វិញ​នៃ​ពួក​អ្នក​ដែល​ទទួល​ជីវិត​នៅ​ស្ថានសួគ៌​និង​ទទួល​មរតក​ខាង​ព្រះ​រាជាណាចក្រ​ប៉ុណ្ណោះ​នោះ​ទេ។ ហេតុ​ដែល​វិវរណៈ ២០:៦ ហៅ​នោះ​ថា​«ខណ​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង» បង្ហាញ​ថា​នឹង​មាន​ដំណើរ​រស់​ឡើង​វិញ​មួយ​ទៀត​ជា​បន្ទាប់។ អស់​អ្នក​ដែល​នឹង​ទទួល​ប្រយោជន៍​ពី​ដំណើរ​រស់​ឡើង​វិញ​មួយ​នេះ នឹង​មាន​សេចក្ដី​សង្ឃឹម​ដ៏​សប្បាយ​រីករាយ​ចំពោះ​ជីវិត​ជា​រៀង​រហូត​លើ​ផែនដី​មនោរម្យ។ តើ​ដំណើរ​រស់​ឡើង​វិញ​ក្រោយ​នេះ​នឹង​មាន​នៅ​ពេល​ណា? សៀវភៅ​វិវរណៈ​បង្ហាញ​ថា នឹង​កើត​ឡើង​ក្រោយ​ពី​«ផែនដី នឹង​ផ្ទៃ​មេឃ» គឺ​របប​លោកីយ៍​ដ៏​អាក្រក់​នៅ​បច្ចុប្បន្ន​នេះ និង​ពួក​អ្នក​គ្រប់គ្រង​បាន​ត្រូវ​ដក​ចេញ​សិន។ ទីបញ្ចប់​នៃ​របប​ចាស់​នេះ​គឺ​កាន់​តែ​កៀក​ណាស់​ទៅ​ហើយ។ ក្រោយ​មក នៅ​គ្រា​កំណត់​របស់​ព្រះ នោះ​ការ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នឹង​ចាប់​ផ្ដើម។​—⁠វិវរណៈ ២០:​១១, ១២

១២​. តើ​អ្នក​ណា​ដែល​នឹង​រួម​បញ្ចូល​ក្នុង​ចំណោម​មនុស្ស​ស្មោះ​ត្រង់ ដែល​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែនដី? តើ​ហេតុ​អ្វី​បាន​ជា​នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត?

១២ តើ​ការ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ​នឹង​រួម​បញ្ចូល​អ្នក​ណា​ខ្លះ? គឺ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ពី​សម័យ​បុរាណ បុរស​និង​ស្ត្រី ដែល​មាន​ជំនឿ​ដ៏​រឹងមាំ​លើ​សេចក្ដី​សង្ឃឹម​នៃ​ដំណើរ​រស់​ឡើង​វិញ ដែល​‹មិន​ព្រម​ទទួល​ការ​ប្រោស​លោះ​ណា​ឡើយ›។ នេះ​បាន​សេចក្ដី​ថា​ពួក​គេ​នឹង​មិន​បង្ខូច​ភក្ដីភាព​របស់​ពួក​គេ​ចំពោះ​ព្រះ ដើម្បី​ជៀសវាង​ពី​ការ​ស្លាប់​មុន​អាយុ​យ៉ាង​សាហាវ​នោះ​ទេ។ គឺ​ជា​ការ​រីករាយ​មែន ដើម្បី​សំណេះ​សំ​ណា​ល​ឲ្យ​ស្គាល់​ពួក​គេ​ផ្ទាល់​ខ្លួន និង​ស្ដាប់​នូវ​ពត៌មាន​ដ៏​ល្អិតល្អន់ ដែល​ឥឡូវ​បាន​រៀប​រាប់​យ៉ាង​សង្ខេប​ប៉ុណ្ណោះ​ក្នុង​ព្រះ​គម្ពីរ! ពួក​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​លើ​ផែនដី​ក៏​នឹង​មាន អេបិល ជា​ស្មរបន្ទាល់​ដំបូង ដែល​មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា ហេណុក​និង​ណូអេ ដែល​ជា​អ្នក​ប្រកាស​សារ​របស់​ព្រះ​យ៉ាង​ក្លាហាន​ពី​មុន​ទឹក​ជំនន់ អ័ប្រាហាំ​និង​សារ៉ា​ដែល​បាន​ទទួល​ពួក​ទេវតា​យ៉ាង​រាក់ទាក់ ក៏​មាន​ម៉ូសេ ដែល​តាម​រយៈ​គាត់​នោះ​ច្បាប់​របស់​ព្រះ​បាន​ផ្ដល់​មក​នៅ​ភ្នំ​ស៊ីណាយ ក៏​មាន​ព្យាការី​ដ៏​ក្លាហាន គឺ​យេរេមា ដែល​បាន​ឃើញ​នូវ​សេចក្ដី​ហិនវិនាស​នៃ​ទី​ក្រុង​យេរូសាឡិម នៅ​ឆ្នាំ​៦០៧ ម.ស.យ. ហើយ​យ៉ូហាន​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ ដែល​បាន​ឮ​ព្រះ​ប្រកាស​ថា​ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ទ្រង់។ ក្រៅ​ពី​នោះ​ទៀត ក៏​មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ដែល​បាន​ស្លាប់ ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​ផង​ដែរ។​—⁠ហេព្រើរ ១១:​៤-៣៨; ម៉ាថាយ ១១:⁠១១

១៣, ១៤​. (ក) តើ​ហាដេស​និង​មនុស្ស​ស្លាប់​ក្នុង​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា? (ខ) តើ​អ្នក​ណា​ដែល​នឹង​រួម​បញ្ចូល​ក្នុង​ដំណើរ​រស់​ឡើង​វិញ? ហើយ​ហេតុ​អ្វី?

១៣ ក្រោយ​មក ក្រៅ​ពី​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ក៏​មាន​អ្នក​ឯ​ទៀត​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ផ្នូរ​ទៀត​ឡើយ។ កំរិត​ដែល​មនុស្ស​នឹង​ចេញ​ឲ្យ​អស់​ពី​ផ្នូរ គឺ​អាច​ឃើញ​ដោយ​មើល​នូវ​របៀប​ព្រះ​យេស៊ូ​នឹង​ប្រើ​‹កូនសោ​ហាដេស› សំរាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក។ នេះ​បាន​ត្រូវ​បញ្ជាក់​ក្នុង​ចក្ខុនិមិត្ត​ពេល​សាវ័ក​យ៉ូហាន​បាន​ឃើញ ហាដេស​«បោះ​ទៅ​ក្នុង​បឹង​ភ្លើង»។ (វិវរណៈ ២០:⁠១៤) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? នេះ​មាន​ន័យ​ថា ហាដេស​ដែល​ជា​ផ្នូរ​ទូទៅ នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង។ ដោយសារ​មនុស្ស​ស្លាប់​នឹង​ចេញ​អស់​ពី​ផ្នូរ នោះ​ផ្នូរ​ក៏​នឹង​លែង​មាន​ទៀត ពីព្រោះ​ក្រៅ​ពី​ការ​ប្រោស​ពួក​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ព្រះ​យេស៊ូ​នឹង​ប្រោស​មនុស្ស​ទុច្ចរិត​មក​វិញ​ដែរ​ដោយសារ​សេចក្ដី​មេត្ដាករុណា។ បន្ទូល​របស់​ព្រះ​ធានា​រ៉ាប់​រង​យើង​ថា⁠៖ «ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។​—⁠កិច្ចការ ២៤:⁠១៥

១៤ ពួក​មនុស្ស​ទុច្ចរិត​គឺ​មិន​មែន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​ជាប់​ទោស ហើយ​ទទួល​សេចក្ដី​ស្លាប់​ម្ដង​ទៀត​នោះ​ទេ។ នៅ​ក្នុង​បរិ​ស្ថាន​ដ៏​ល្អ​ដែល​នឹង​មាន​ទូទាំង​ផែនដី​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​រាជាណាចក្រ នោះ​ពួក​គេ​ក៏​នឹង​ត្រូវ​ទទួល​ជំនួយ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​រស់​នៅ​សម​ស្រប​ទៅ​តាម​មាគ៌ា​របស់​ព្រះ​យេហូវ៉ា។ ចក្ខុនិមិត្ត​នេះ​ក៏​បាន​បង្ហាញ​ថា​«បញ្ជី​ជីវិត»​នឹង​ត្រូវ​បើក​ឡើង។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​នឹង​មានឱកាស​ធ្វើ​ឲ្យ​ឈ្មោះ​របស់​ពួក​គេ​បាន​ចារ​ក្នុង​សៀវភៅ​នោះ​ដែរ។ ពួក​គេ​នឹង​ត្រូវ​«ជំនុំជំរះ . . . តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន» ដែល​ពួក​គេ​បាន​ធ្វើ​ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ពួក​គេ។ (វិវរណៈ ២០:​១២, ១៣) ដូច្នេះ ដំណើរ​រស់​ឡើង​វិញ​របស់​ពួក​គេ បើ​មើល​លទ្ធផល​ចុង​ក្រោយ នោះ​ក៏​អាច​ទៅ​ជា​ការ​«រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត» និង​អាច​ជៀសវាង​ពី​ការ​«រស់​ឡើង​វិញ ឲ្យ​ជាប់​មាន​ទោស»។​—⁠យ៉ូហាន ៥:​២៨, ២៩

១៥​. (ក) តើ​អ្នក​ណា​ដែល​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? (ខ) តើ​ចំណេះ​ដឹង​អំពី​សេចក្ដី​ពិត​នៃ​ដំណើរ​រស់​ឡើង​វិញ គួរ​មាន​អានុភាព​លើ​យើង​យ៉ាង​ណា?

១៥ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ និង​មនុស្ស​ដែល​បាន​ស្លាប់​ទៅ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ទេ។ មនុស្ស​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​អាច​ត្រូវ​អត់​ឱន​ទោស​ឲ្យ​បាន​ទេ។ បុគ្គល​បែប​នេះ គឺ​មិន​មែន​នៅ​ក្នុង​ហាដេស​ទេ តែ​នៅ​ក្នុង​ហ្គេហេណា​វិញ ជា​ទី​ដែល​ពួក​គេ​នឹង​ទទួល​សេចក្ដី​ហិនវិនាស​ជា​រៀងរហូត។ ពួក​អ្នក​ដែល​ព្រះ​នឹង​កំទេច​ចោល​ក្នុង​«សេចក្ដី​វេទនា​ជា​ខ្លាំង»​ដែល​កាន់​តែ​ជិត​ដល់​ហើយ ក៏​នៅ​ក្នុង​ហ្គេហេណា​ដែរ។ (ម៉ាថាយ ១២:​៣១, ៣២, ២៣:⁠៣៣; ២៤:​⁠២១, ២២; ២៥:​៤១, ៤៦; ថែស្សាឡូនីចទី២ ១:​៦​-​៩) ដូច្នេះ​ហើយ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​មេត្ដា​យ៉ាង​ធំធេង ដោយ​រំដោះ​មនុស្ស​ស្លាប់​ចេញ​ពី​ហាដេស តែ​សេចក្ដី​សង្ឃឹម​អំពី​ដំណើរ​រស់​ឡើង​វិញ មិន​ផ្ដល់​ឲ្យ​យើង​មាន​មូលហេតុ​ធ្វើ​ព្រងើយ​កន្តើយ​នឹង​របៀប​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ពួក​អ្នក​ដែល​បះបោរ​ដោយ​ចេតនា​ទាស់​នឹង​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា ក៏​នឹង​គ្មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ ចំណេះ​ដឹង​អំពី​នេះ គួរ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​បង្ហាញ​ថា យើង​អបអរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ព្រះ ដោយ​រស់​នៅ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វិញ។

សេចក្ដី​សង្ឃឹម​អំពី​ដំណើរ​រស់​ឡើង​វិញ​បាន​ពង្រឹង​កម្លាំង​យើង

១៦​. តើ​សេចក្ដី​សង្ឃឹម​អំពី​ដំណើរ​រស់​ឡើង​វិញ អាច​ជា​ប្រភព​នៃ​កម្លាំង​ដ៏​ខ្លាំង​យ៉ាង​ដូច​ម្ដេច?

១៦ យើង​រាល់​គ្នា​ដែល​ពិត​ជា​ជឿ​លើ​សេចក្ដី​សង្ឃឹម​អំពី​ដំណើរ​រស់​ឡើង​វិញ គឺ​អាច​ទទួល​កម្លាំង​យ៉ាង​ខ្លាំង​ពី​សេចក្ដី​សង្ឃឹម​នេះ។ នៅ​បច្ចុប្បន្ន​នេះ ពេល​យើង​មាន​អាយុ​ចាស់​ជរា​នោះ យើង​ដឹង​ថា យើង​មិន​អាច​ពន្យារ​សេចក្ដី​ស្លាប់​បាន​ទេ ទោះ​ជា​មាន​ការ​ព្យាបាល​យ៉ាង​ណា​ក៏​ដោយ។ (សាស្ដា ៨:⁠៨) ប្រសិន​បើ​យើង​បាន​បំរើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​អង្គការ​របស់​ទ្រង់​ដោយ​ភក្ដីភាព នោះ​យើង​អាច​សង្ឃឹម​ទៅ​អនាគត​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង។ នៅ​គ្រា​កំណត់​របស់​ព្រះ នោះ​យើង​ដឹង​ថា​តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ យើង​នឹង​អាច​សប្បាយ​នឹង​ជីវិត​ម្ដង​ទៀត។ នៅ​ពេល​នោះ​តើ​ជីវិត​នឹង​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎! ដ្បិត​សាវ័ក​ប៉ុល​បាន​ហៅ​ជីវិត​នោះ​គឺ​ជា​«ជីវិត​អស់កល្ប​ជានិច្ច[«ជីវិត​ដ៏​រុងរឿង», ព​.​ថ​.]។​—⁠ធីម៉ូថេទី១ ៦:⁠១៩; ហេព្រើរ ៦:​១០​-​១២

១៧​. តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា?

១៧ ដោយ​យើង​ដឹង​ថា នឹង​មាន​ដំណើរ​រស់​ឡើង​វិញ និង​ស្គាល់​អំពី​ព្រះ​ដែល​ជា​ប្រភព​នៃ​ដំណើរ​រស់​ឡើង​វិញ​នេះ ក៏​ជួយ​យើង​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ដែរ។ នេះ​ពង្រឹង​កម្លាំង​យើង​ឲ្យ​មាន​ភក្ដីភាព​ចំពោះ​ព្រះ ទោះ​ជា​ពួក​អ្នក​បៀតបៀន​ដ៏​ឃោរឃៅ​គំរាម​កំហែង​ចង់​សម្លាប់​យើង​ក៏​ដោយ។ ជា​យូរយារ​មក​ហើយ​សាតាំង​បាន​ប្រើ​នូវ​ការ​ខ្លាច​ស្លាប់​ទាំង​នៅ​អាយុ​ខ្លី ជា​មធ្យោបាយ​ដើម្បី​ឲ្យ​មនុស្ស​ស្ថិតនៅ​ក្រោម​កណ្ដាប់​ដៃ​របស់​វា។ ប៉ុន្តែ ព្រះ​យេស៊ូ​ឥត​មាន​សេចក្ដី​ខ្លាច​អំពី​រឿង​នេះ​ទេ។ ទ្រង់​បាន​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​សោយទិវង្គត។ តាម​រយៈ​យញ្ញបូជា​លោះ​របស់​ទ្រង់ ព្រះ​យេស៊ូ​ក៏​បាន​ប្រទាន​ឲ្យ​មធ្យោបាយ​ដើម្បី​រំដោះ​អ្នក​ដទៃ​ចេញ​ពី​សេចក្ដី​ខ្លាច​បែប​នេះ​ដែរ។​—⁠ហេព្រើរ ២:​១៤, ១៥

១៨​. តើ​អ្វី​ដែល​បាន​ជួយ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា បង្កើត​នូវ​កេរ្ដិ៍​ឈ្មោះ​ដ៏​ល្បី​រន្ទឺ​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍?

១៨ ដោយសារ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា មាន​ជំនឿ​លើ​អំណោយ​នៃ​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ និង​ជំនឿ​លើ​ដំណើរ​រស់​ឡើង​វិញ​នោះ ពួក​អ្នក​បំរើ​របស់ព្រះ​យេហូវ៉ា​បាន​បង្កើត​នូវ​កេរ្ដិ៍​ឈ្មោះ​ដ៏​ល្បី​រន្ទឺ ដែល​បញ្ជាក់​ថា​ពួក​គេ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍។ ពេល​នៅ​ក្រោម​ការ​បង្ខិត​បង្ខំ នោះ​ពួក​គេ​ស​ឲ្យ​ឃើញ​ថា​«មិន​បាន​ស្ដាយ[«ស្រឡាញ់», ព​.​ថ​.]ជីវិត​របស់​ខ្លួន»​ច្រើន​ជាង​ពួក​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា​នោះ​ទេ។ (វិវរណៈ ១២:⁠១១) ដោយ​ប្រាជ្ញា នោះ​ពួក​គេ​មិន​បោះបង់​ចោល​គោលការណ៍​គ្រីស្ទាន ដើម្បី​សង្គ្រោះ​ជីវិត​របស់​ពួក​គេ​ទេ។ (លូកា ៩:​២៤, ២៥) ពួក​គេ​ដឹង​ថា ទោះ​ជា​ពួក​គេ​ស្លាប់​នៅ​ឥឡូវ​នេះ​ក៏​ដោយ ដោយសារ​ការ​គាំទ្រ​យ៉ាង​ស្មោះ​ត្រង់​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ឲ្យ​ពួក​គេ​តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ។ តើ​អ្នក​មាន​ជំនឿ​បែប​នេះ​ឬ​ទេ? អ្នក​នឹង​មាន​ជំនឿ​បែប​នេះ ប្រសិន​បើ​អ្នក​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​បើ​អ្នក​ពិត​ជា​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​សារៈ​សំខាន់​នៃ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​នោះ។

ការ​ពិគ្រោះ​សា​ឡើង​វិញ

• ហេតុ​អ្វី​បាន​ជា​បុគ្គល​ម្នាក់​ត្រូវ​តែ​យល់​អំពី​ព្រលឹង​និង​ស្ថានភាព​នៃ​មនុស្ស​ស្លាប់ មុន​នឹង​គាត់​អាច​អបអរ​នឹង​ដំណើរ​រស់​ឡើង​វិញ​នោះ?

• តើ​អ្នក​ណា​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? តើ​ការ​ដឹង​អំពី​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យើង?

• តើ​សេចក្ដី​សង្ឃឹម​អំពី​ដំណើរ​រស់​ឡើង​វិញ ពង្រឹង​កម្លាំង​យើង​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​៨៤, ៨៥]

ព្រះ​យេហូវ៉ា​សន្យា​ថា​ទាំង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត​នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក