មនុស្សសុចរិតនឹងរស់ឡើងវិញ
«ខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ . . . គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—កិច្ចការ ២៤:១៥
១. តើមនុស្សលោកទាំងអស់បានជួបប្រទះស្ថានការណ៍អ្វី តាំងពីអ័ដាមនិងអេវ៉ាបានធ្លាក់ទៅក្នុងអំពើបាបនោះ?
«ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល, ព.ថ.] ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។ (សាស្ដា ៩:១០) នេះជាពាក្យជម្រើសដ៏ប្រសើរ ដែលស្តេចសាឡូម៉ូនដ៏មានប្រាជ្ញាបានរៀបរាប់អំពីស្ថានការណ៍ ដែលមនុស្សគ្រប់តំណបានជួបប្រទះ តាំងពីឪពុកម្ដាយដំបូងរបស់យើងអ័ដាមនិងអេវ៉ាបានធ្លាក់ទៅក្នុងអំពើបាប។ ជាយថាហេតុ សេចក្ដីស្លាប់បានលេបបំបាត់មនុស្សគ្រប់ៗគ្នា—គឺទាំងអ្នកមាន អ្នកក្រ ស្តេចនិងមនុស្សសាមញ្ញ ស្មោះត្រង់ និងឥតស្មោះត្រង់ ដោយគ្មានការលើកលែងឡើយ។ ពិតមែនហើយ «សេចក្ដីស្លាប់បានសោយរាជ្យ»។—រ៉ូម ៥:១៧
២. ហេតុអ្វីក៏អ្នកស្មោះត្រង់ខ្លះបានអាក់អន់ចិត្តក្នុងកំឡុងគ្រាចុងបញ្ចប់នេះ?
២ សូម្បីតែនៅសព្វថ្ងៃនេះ សេចក្ដីស្លាប់ក៏នៅតែសោយរាជ្យដដែល ថ្វីបើមានការជឿនលឿនខាងវិទ្យាពេទ្យដ៏ទំនើបក្ដី។ ថ្វីបើនេះមិនជារឿងប្លែកនោះ អ្នកខ្លះប្រហែលជាអាក់អន់ចិត្ត នៅពេលដែលគេបានប្រឈមមុខនឹងសត្រូវដ៏យូរយារនេះនៅទីបំផុត។ ហេតុអ្វី? ពីព្រោះនៅកំឡុងទសវត្សនៃឆ្នាំ១៩២០ សមាគមប៉មយាមបានប្រកាសជាសារថា«មនុស្សរាប់លាននាក់ដែលកំពុងតែរស់នៅសព្វថ្ងៃនេះ នឹងមិនត្រូវស្លាប់ឡើយ»។ តើមនុស្សរាប់លាននាក់នេះជាអ្នកណា? នេះជាពួក«ចៀម»ដែលនៅក្នុងសេចក្ដីនិទានរបស់ព្រះយេស៊ូអំពីចៀមនិងពពែ។ (ម៉ាថាយ ២៥:៣១-៤៦) ទំនាយបានចែងមកថា ពួកដែលមានលក្ខណៈដូចចៀមនេះនឹងលេចចេញឡើងក្នុងកំឡុងគ្រាចុងបញ្ចប់ ហើយពួកគេនឹងមានសេចក្ដីសង្ឃឹមរស់នៅអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ។ កាលដែលពេលវេលាចេះតែកន្លងទៅ ប្រជារាស្ត្ររបស់ព្រះក៏បានទទួលការយល់ដឹងកាន់តែច្បាស់ឡើងៗ អំពីតួនាទីនៃពួក«ចៀម»នេះក្នុងគោលបំណងរបស់ព្រះយេហូវ៉ា។ គេបានយល់ដឹងថា ពួកអ្នកគោរពកោតខ្លាចទាំងនេះ ត្រូវបានញែកចេញពីពួក«ពពែ»ដែលរឹងចចេស ហើយបន្ទាប់ពីពួកពពែត្រូវបានបំផ្លាញចោលទៅ ពួកចៀមនឹងទទួលជាមរតកនូវពិភពផែនដីនៃព្រះរាជាណាចក្រដែលបានរៀបចំមកសំរាប់ពួកគេ។
ការប្រមូលពួកអ្នកដែលមានលក្ខណៈដូចចៀម
៣. តាំងពីឆ្នាំ១៩៣៥មក តើប្រជារាស្ត្ររបស់ព្រះបានយកចិត្តទុកដាក់នឹងអ្វី?
៣ តាំងពីឆ្នាំ១៩៣៥ ‹អ្នកបំរើស្មោះត្រង់› បានខំយកចិត្តទុកដាក់ក្នុងការស្វែងរកពួកអ្នកដែលមានលក្ខណៈដូចចៀម ហើយបានប្រមូលពួកគេឲ្យចូលមកក្នុងអង្គការរបស់ព្រះយេហូវ៉ា។ (ម៉ាថាយ ២៤:៤៥; យ៉ូហាន ១០:១៦) ពួកជនគ្រីស្ទានដែលមានចិត្តរាបទាបទាំងនេះ បានយល់ដឹងថា ឥឡូវនេះព្រះយេស៊ូកំពុងតែសោយរាជ្យក្នុងព្រះរាជាណាចក្រសួគ៌ានៃព្រះយេហូវ៉ា ទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះកាន់តែជិតមកដល់ ហើយពិភពលោកថ្មីដែលពេញទៅដោយសេចក្ដីសុចរិតគឺកំពុងតែឈានចូលមកជានិច្ច។ (ពេត្រុសទី២ ៣:១៣; វិវរណៈ ១២:១០) នៅក្នុងពិភពលោកថ្មីនោះ ពាក្យលើកទឹកចិត្តនេះរបស់អេសាយនឹងបានសម្រេច៖ «ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប»។—អេសាយ ២៥:៨
៤. ថ្វីបើខំទន្ទឹងចាំមើលអធិបតេយ្យភាពនៃព្រះយេហូវ៉ាបានបង្ហាញឲ្យឃើញត្រឹមត្រូវនៅអើម៉ាគេដូន តើអ្វីបានកើតឡើងដល់ពួកចៀមឯទៀតជាច្រើន?
៤ ដោយសារតែទីបញ្ចប់នៃលោកីយ៍របស់សាតាំងនេះជិតមកដល់ហើយ ពួកជនគ្រីស្ទានដែលមានលក្ខណៈដូចចៀមមានចិត្តចង់រស់នៅយ៉ាងខ្លាំង រហូតដល់អធិបតេយ្យភាពនៃព្រះយេហូវ៉ាត្រូវបានបង្ហាញឲ្យឃើញថាត្រឹមត្រូវ ក្នុងពេលដែលសេចក្ដីវេទនានៅខាងមុខនេះនឹងធ្លាក់លើបាប៊ីឡូនដ៏ធំនិងពួកសំណល់ទាំងប៉ុន្មាននៃលោកីយ៍របស់សាតាំង។ (វិវរណៈ ១៩:១-៣, ១៩-២១) ចំពោះមនុស្សមួយចំនួនធំ នេះមិនបានសម្រេចដូចបំណងចិត្តទេ។ មនុស្សជាច្រើនដែលបានសង្ឃឹមនឹងចូលក្នុងចំណោម«មនុស្សរាប់លាននាក់»ដែលមិនត្រូវស្លាប់ ក៏បានស្លាប់ទៅមែន។ ជនខ្លះត្រូវគេសម្លាប់ដោយសារតែសេចក្ដីពិត នៅក្នុងគុកនិងក្នុងជំរំឃុំឃាំងមនុស្ស ឬដោយពួកនិយមសាសនាហួសហេតុ។ រីឯអ្នកឯទៀត ពួកគេបានស្លាប់ដោយគ្រោះថ្នាក់ ឬពីហេតុធម្មជាតិផ្សេងៗ—ដូចជាជម្ងឺនិងភាពចាស់ជរា។ (ទំនុកដំកើង ៩០:៩, ១០; សាស្ដា ៩:១១) ជាការច្បាស់ណាស់ មនុស្សជាច្រើននឹងត្រូវស្លាប់មុននឹងទីបញ្ចប់បានមកដល់។ តើតាមរបៀបណាដែលមនុស្សទាំងនេះនឹងឃើញសេចក្ដីសម្រេចនៃកិច្ចសន្យានៃពិភពលោកថ្មីដែលមានសេចក្ដីសុចរិតនោះ?
សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ
៥, ៦. តើមានអនាគតអ្វីចំពោះពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ដែលបានស្លាប់មុនអើម៉ាគេដូននោះ?
៥ សាវ័កប៉ុលបានផ្ដល់ឲ្យចម្លើយនេះ ពេលដែលគាត់បានមានប្រសាសន៍នៅពីមុខចៅហ្វាយខេត្តរ៉ូម ឈ្មោះភេលីច។ ដូចបានចែងមកនៅកិច្ចការ ២៤:១៥ ប៉ុលបានប្រកាសយ៉ាងអង់អាចថា៖ «ខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ . . . គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញធ្វើឲ្យយើងមានចិត្តក្លាហាន ពេលជួបប្រទះស្ថានការណ៍ដ៏ពិបាកទាំងឡាយ។ ដោយសារតែមានសេចក្ដីសង្ឃឹមនេះ បងប្អូនប្រុសស្រីដ៏ជាទីស្រឡាញ់របស់យើងដែលមានជម្ងឺ ហើយដឹងថាគេមុខជានឹងស្លាប់នោះ នឹងមិនធ្លាក់ទឹកចិត្តហួសហេតុឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេដឹងថា គេនឹងទទួលរង្វាន់នៃសេចក្ដីស្មោះត្រង់ជាមិនខាន។ ដោយព្រោះតែសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ បងប្អូនប្រុសស្រីដ៏ក្លាហានរបស់យើងដែលជួបប្រទះសេចក្ដីស្លាប់ក្នុងកណ្ដាប់ដៃនៃពួកអ្នកបៀតបៀន ដឹងថាពួកអ្នកបៀតបៀនរបស់គេនឹងពុំអាចមានជ័យជំនះលើគេបានឡើយ។ (ម៉ាថាយ ១០:២៨) កាលណាជនណាម្នាក់នៅក្នុងក្រុមជំនុំបានស្លាប់ទៅ យើងមានចិត្តសោកស្ដាយណាស់ដែលបានបាត់បង់បុគ្គលនោះ។ នៅគ្រាដំណាលគ្នានេះ បើសិនជាគាត់ ឬនាងជាសមាជិកម្នាក់នៃចៀមឯទៀត យើងមានចិត្តរីករាយណាស់ ដែលជនមានជំនឿនេះបានសម្ដែងការស្មោះត្រង់រហូតដល់ទីបញ្ចប់ ហើយឥឡូវនេះកំពុងតែសំរាកដោយមានសេចក្ដីសង្ឃឹមទៅអនាគតនៅក្នុងពិភពលោកថ្មីរបស់ព្រះ។—ថែស្សាឡូនីចទី១ ៤:១៣
៦ មែនហើយ សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញជាលក្ខណៈដ៏សំខាន់បំផុតនៃជំនឿរបស់យើង។ ប៉ុន្តែ ហេតុអ្វីបានជាជំនឿរបស់យើងទៅលើដំណើររស់ឡើងវិញមានសភាពខ្លាំងម្ល៉េះ ហើយតើអ្នកណាទៀតមានសេចក្ដីសង្ឃឹមបែបនេះដែរ?
៧. តើអ្វីជាដំណើររស់ឡើងវិញ ហើយមានបទគម្ពីរណាខ្លះបញ្ជាក់អំពីការនេះ?
៧ ពាក្យភាសាក្រិកចំពោះ«ដំណើររស់ឡើងវិញ»គឺអាណាស្ទាសិស ដែលមានន័យចំៗថា«ក្រោកឈរឡើង»។ ពាក្យនេះសំដៅចំពោះការក្រោកពីស្លាប់ឡើង។ គួរឲ្យចាប់អារម្មណ៍ដែរ ពាក្យ«ដំណើររស់ឡើងវិញ»មិនមាននៅក្នុងបទគម្ពីរភាសាហេព្រើរទេ តែសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅទីនោះ។ ឧទាហរណ៍ យើងឃើញការនេះសម្ដែងមកក្នុងពាក្យសំដីរបស់លោកយ៉ូប ពេលកំពុងតែរងទុក្ខវេទនា៖ «ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល, ព.ថ.]ទៅអេះ . . . ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង»! (យ៉ូប ១៤:១៣) ស្រដៀងគ្នានេះដែរ នៅហូសេ ១៣:១៤ យើងអានថា៖ «អញនឹងដោះគេ ឲ្យរួចពីកណ្ដាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល, ព.ថ.]ក៏នឹងលោះគេ ឲ្យរួចពីសេចក្ដីស្លាប់ដែរ ឱសេចក្ដីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា»? នៅកូរិនថូសទី១ ១៥:៥៥ សាវ័កប៉ុលបានស្រង់ពាក្យទាំងនេះ ហើយបានបង្ហាញថា ជ័យជំនះទៅលើសេចក្ដីស្លាប់ដែលបានទាយមក គឺត្រូវសម្រេចតាមរយៈដំណើររស់ឡើងវិញ។ (មែនហើយ ក្នុងបទគម្ពីរនោះ ប៉ុលបាននិយាយអំពីដំណើររស់ឡើងវិញទៅស្ថានសួគ៌)
ពួកអ្នកមានជំនឿ«បានរាប់ជាសុចរិត»
៨, ៩. (ក) តើមនុស្សមានខ្ចោះអាចមានចំណែកក្នុងដំណើររស់ឡើងវិញនៃមនុស្សសុចរិតយ៉ាងដូចម្ដេចបាន? (ខ) តើអ្វីជាមូលដ្ឋាននៃសេចក្ដីសង្ឃឹមរបស់យើងចំពោះជីវិតដែលមិនស្លាប់នោះ?
៨ ក្នុងការថ្លែងប្រាប់លោកភេលីច ដូចនៅខាងលើនេះ ប៉ុលបានមានប្រសាសន៍ថា មនុស្សសុចរិតនិងមនុស្សទុច្ចរិតនឹងបានរស់ឡើងវិញទាំងអស់គ្នា។ តើមនុស្សសុចរិតដែលនឹងរស់ឡើងវិញនោះជាពួកណា? គ្មានមនុស្សណាកើតសុចរិតទេ។ យើងទាំងអស់គ្នាជាមនុស្សមានបាបតាំងពីកំណើតមក ហើយយើងប្រព្រឹត្តអំពើបាបទូទាំងមួយជីវិតរបស់យើង—ដែលធ្វើឲ្យយើងសមទទួលសេចក្ដីស្លាប់ចំពោះទោសពីរប្រការ។ (រ៉ូម ៥:១២; ៦:២៣) យ៉ាងណាក៏ដោយ យើងរកឃើញឃ្លាដែលថា«បានរាប់ជាសុចរិត»នៅក្នុងព្រះគម្ពីរ។ ឃ្លានេះសំដៅទៅលើមនុស្សដែលមិនល្អឥតខ្ចោះ ដែលព្រះយេហូវ៉ាបានអត់ឱនទោសឲ្យពួកគេហើយ។
៩ ឃ្លានេះត្រូវបានប្រើជាញឹកញាប់ក្នុងការសំដៅទៅលើពួកជនគ្រីស្ទានចាក់ប្រេងតាំង ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ នៅរ៉ូម ៥:១ សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ»។ ជនគ្រីស្ទានចាក់ប្រេងតាំងទាំងអស់ត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ។ តើមានជំនឿទៅលើអ្វី? ដូចជាប៉ុលបានពន្យល់យ៉ាងក្បោះក្បាយនៅក្នុងសៀវភៅរ៉ូម នេះគឺជាជំនឿទៅលើព្រះយេស៊ូគ្រីស្ទ។ (រ៉ូម ១០:៤, ៩, ១០) ព្រះយេស៊ូបានទទួលមរណភាពជាមនុស្សល្អឥតខ្ចោះ ហើយដូច្នេះ ក៏ត្រូវបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយបានឡើងទៅស្ថានសួគ៌ ដើម្បីថ្វាយតម្លៃនៃព្រះជន្មមនុស្សរបស់ទ្រង់ ជំនួសយើងទាំងអស់គ្នា។ (ហេព្រើរ ៧:២៦, ២៧; ៩:១១, ១២) កាលដែលព្រះយេហូវ៉ាបានទទួលយកយញ្ញបូជានោះ គឺប្រៀបដូចជាព្រះយេស៊ូបានទិញមនុស្សជាតិមកវិញពីទាសភាពនៃអំពើបាបនិងសេចក្ដីស្លាប់។ អស់អ្នកណាដែលអនុវត្តជំនឿទៅលើការរៀបចំនេះ នឹងទទួលប្រយោជន៍ជាច្រើនពីការនេះ។ (កូរិនថូសទី១ ១៥:៤៥) ទៅលើមូលដ្ឋាននេះ មនុស្សប្រុសស្រីដ៏ស្មោះត្រង់ទាំងឡាយ នឹងមានសេចក្ដីសង្ឃឹមទទួលជាមរតកនូវជីវិត ដែលមិនអាចបណ្ដាច់ដោយសត្រូវដ៏ឃោរឃៅ គឺសេចក្ដីស្លាប់បានទៀតឡើយ។—យ៉ូហាន ៣:១៦
១០, ១១. (ក) តើពួកជនគ្រីស្ទានចាក់ប្រេងតាំងដ៏ស្មោះត្រង់រង់ចាំដំណើររស់ឡើងវិញមួយណា? (ខ) តើពួកអ្នកថ្វាយបង្គំព្រះមុនសម័យគ្រីស្ទានទន្ទឹងចាំដំណើររស់ឡើងវិញប្រភេទណាដែរ?
១០ ដោយសារតែយញ្ញបូជាលោះរបស់ព្រះយេស៊ូ ពួកអ្នកចាក់ប្រេងតាំងដ៏ស្មោះត្រង់ ដែលបានរាប់ជាសុចរិត មានសេចក្ដីសង្ឃឹមដ៏ជាក់លាក់ចំពោះដំណើររស់ឡើងវិញដូចព្រះយេស៊ូ ជាបុគ្គលវិញ្ញាណដែលមានជីវិតអមតៈ។ (វិវរណៈ ២:១០) ដំណើររស់ឡើងវិញរបស់គេ ត្រូវបានចែងមកនៅវិវរណៈ ២០:៦ ដែលថា៖ «មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្ដីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ នឹងព្រះគ្រីស្ទ ហើយនឹងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ»។ នេះជាដំណើររស់ឡើងវិញទៅស្ថានសួគ៌។ សូមកត់សម្គាល់ដែរថា ព្រះគម្ពីរចែងអំពីការនេះជា«ខណរស់ឡើងវិញជាន់មុនដំបូង» ដែលបញ្ជាក់ថានឹងមានដំណើររស់ឡើងវិញផ្សេងទៀត។
១១ នៅហេព្រើរ ជំពូក១១ ប៉ុលបានសំដៅទៅឯប្រវត្ដិដ៏វែងនៃពួកអ្នកបំរើព្រះមុនសម័យគ្រីស្ទាន ដែលបានសម្ដែងជំនឿដ៏មុតមាំទៅលើព្រះយេហូវ៉ា។ ពួកទាំងនេះក៏មានជំនឿទៅលើដំណើររស់ឡើងវិញដែរ។ នៅខ៣៥ ក្នុងជំពូកនោះ ប៉ុលបានថ្លែងអំពីដំណើររស់ឡើងវិញតាមបែបអស្ចារ្យ ដែលបានកើតឡើងក្នុងកំឡុងប្រវត្ដិសាស្ត្រអ៊ីស្រាអែល ដោយមានប្រសាសន៍ថា៖ «ពួកស្រីៗបានទទួលមនុស្សស្លាប់របស់ខ្លួនមក ដោយរស់ពីស្លាប់ឡើងវិញ ខ្លះត្រូវគេធ្វើទុក្ខវេទនា ឥតទទួលការប្រោសលោះឲ្យរួចឡើយ គឺដើម្បីឲ្យបានរស់ឡើងវិញបែបប្រសើរជាង»។ ពួកស្មរបន្ទាល់ដ៏ស្មោះត្រង់ពីសម័យបុរាណទាំងនេះអាចទន្ទឹងចាំដំណើររស់ឡើងវិញដែលប្រសើរជាងដំណើររស់ឡើងវិញដែលលោកអេលីសេបានធ្វើទៅទៀត។ (ពង្សាវតារក្សត្រទី១ ១៧:១៧-២២; ពង្សាវតារក្សត្រទី២ ៤:៣២-៣៧; ១៣:២០, ២១) សេចក្ដីសង្ឃឹមរបស់គេ គឺទៅលើដំណើររស់ឡើងវិញក្នុងពិភពលោក ដែលគ្មានការធ្វើទារុណកម្មដល់ពួកអ្នកបំរើព្រះដោយសារជំនឿរបស់គេ គឺជាពិភពលោកដែលពួកស្ត្រីនឹងមិនបាត់បង់ពួកអ្នកស្ងួនភ្ងារបស់ខ្លួនក្នុងសេចក្ដីស្លាប់។ ត្រូវហើយ ពួកគេបានទន្ទឹងចាំដំណើររស់ពីស្លាប់ឡើងវិញ ក្នុងពិភពលោកថ្មីដែលយើងកំពុងតែរង់ចាំដែរ។ (អេសាយ ៦៥:១៧-២៥) ព្រះយេហូវ៉ាមិនបានបង្ហាញប្រាប់ពួកគេជាច្រើនអំពីពិភពលោកថ្មីនេះ ដូចជាទ្រង់បានបង្ហាញប្រាប់យើងទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានដឹងថាការនេះនឹងកើតមានឡើង ហើយពួកគេចង់មានចំណែកក្នុងនោះដែរ។
ដំណើររស់ឡើងវិញនៅលើផែនដី
១២. តើពួកអ្នកស្មោះត្រង់មុនសម័យគ្រីស្ទានបានរាប់ជាសុចរិតទេ? សូមពន្យល់។
១២ តើយើងគួរតែគិតថា ការភ្ញាក់ឡើងវិញនៃមនុស្សប្រុសស្រីដ៏ស្មោះត្រង់មុនសម័យគ្រីស្ទាននៅក្នុងពិភពលោកថ្មី ជាផ្នែកនៃដំណើររស់ឡើងវិញនៃមនុស្សសុចរិតឬ? តាមមើលទៅគឺច្បាស់ជាដូច្នេះមែន ពីព្រោះព្រះគម្ពីរបានចែងអំពីពួកគេថាជាមនុស្សសុចរិត។ ជាឧទាហរណ៍ សិស្សឈ្មោះយ៉ាកុបបានថ្លែងអំពីបុរសនិងស្ត្រីម្នាក់ពីសម័យបុរាណថាជាអ្នកដែលរាប់ជាសុចរិត។ ស្ត្រីនោះគឺជានាងរ៉ាហាប ដែលមិនមែនជាសាសន៍អ៊ីស្រាអែល តែបានអនុវត្តជំនឿទៅលើព្រះយេហូវ៉ា ហើយបានមានចំណែកជាសាសន៍ហេព្រើរ។ បុរសនោះជាអ័ប្រាហាំ ត្រូវជាជីដូនជីតានៃសាសន៍ហេព្រើរ។ យើងបានអានអំពីលោកថា៖ «‹អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក› ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ»។ (យ៉ាកុប ២:២៣) ដូច្នេះហើយ មនុស្សប្រុសស្រីពីសម័យបុរាណដែលបានអនុវត្តជំនឿដ៏មុតមាំទៅលើព្រះយេហូវ៉ានិងកិច្ចសន្យារបស់ទ្រង់ ហើយនៅស្មោះត្រង់រហូតដល់ស្លាប់ នោះព្រះយេហូវ៉ារាប់ជាសុចរិតទៅលើមូលដ្ឋាននៃជំនឿរបស់គេ ហើយពួកគេច្បាស់ជានឹងមានការចូលរួមក្នុង‹ដំណើររស់ឡើងវិញនៃមនុស្សសុចរិត›។
១៣, ១៤. (ក) តើយ៉ាងដូចម្ដេចបានជាយើងដឹងថា ជនគ្រីស្ទានដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី អាចរាប់ជាសុចរិតបាន? (ខ) តើនេះមានន័យយ៉ាងណាចំពោះពួកគេ?
១៣ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះបុគ្គលដែលមានលក្ខណៈដូចចៀមនៅសព្វថ្ងៃនេះ ជាអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ដែលបានថ្វាយខ្លួនគេទៅព្រះយេហូវ៉ា ហើយបានស្លាប់យ៉ាងស្មោះត្រង់ក្នុងកំឡុងគ្រាចុងបញ្ចប់នេះ? តើពួកគេនឹងមានការចូលរួមក្នុងដំណើររស់ឡើងវិញនៃមនុស្សសុចរិតទេ? តាមមើលទៅគឺមានមែន។ ក្នុងការសម្ដែងនិមិត្តមួយ សាវ័កយ៉ូហានបានឃើញមនុស្សស្មោះត្រង់មួយហ្វូងធំ។ សូមកត់សម្គាល់ពីរបៀបដែលគាត់រៀបរាប់អំពីពួកគេ៖ «ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀមទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ គេបន្លឺសំឡេងថា សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។—វិវរណៈ ៧:៩, ១០
១៤ សូមកត់សម្គាល់ថាមនុស្សរាបទាបទាំងនេះជឿជាក់យ៉ាងម៉ឺងម៉ាត់អំពីការសង្គ្រោះរបស់គេ ហើយពួកគេសន្មតការនេះជាស្នាព្រះហស្តនៃព្រះយេហូវ៉ានិងព្រះយេស៊ូ ជា«កូនចៀម»។ ម្យ៉ាងវិញទៀត ពួកគេកំពុងតែឈរនៅពីមុខព្រះយេហូវ៉ានិងកូនចៀម ដោយស្លៀកពាក់ស។ ហេតុអ្វីក៏ស្លៀកពាក់សដូច្នេះ? បុគ្គលសួគ៌ាម្នាក់បានប្រាប់យ៉ូហានថា៖ «គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ (វិវរណៈ ៧:១៤) នៅក្នុងព្រះគម្ពីរ ពណ៌សជាសញ្ញានៃភាពបរិសុទ្ធ ភាពសុចរិត។ (ទំនុកដំកើង ៥១:៧; ដានីយ៉ែល ១២:១០; វិវរណៈ ១៩:៨) ការឃើញហ្វូងធំស្លៀកពាក់ពណ៌ស នោះបញ្ជាក់ថាព្រះយេហូវ៉ាចាត់ទុកពួកគេជាសុចរិត។ តើអាចធ្វើយ៉ាងដូចម្ដេចបាន? ដោយសារតែពួកគេប្រៀបដូចជាបានបោកអាវរបស់គេក្នុងឈាមរបស់កូនចៀម។ ពួកគេបានអនុវត្តជំនឿទៅលើការបង្ហូរឈាមរបស់ព្រះយេស៊ូគ្រីស្ទ ហើយក៏ត្រូវបានរាប់ជាសុចរិត ជាមិត្តសំឡាញ់របស់ព្រះ ដោយមានបំណងនឹងរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង។ ដូច្នេះហើយ ជនគ្រីស្ទានស្មោះត្រង់ដែលបានថ្វាយខ្លួន ហើយបានជាផ្នែកនៃ«ហ្វូងធំ»ដែលបានស្លាប់មុននឹងសេចក្ដីវេទនាជាខ្លាំង អាចជឿជាក់ថាពួកគេនឹងមានចំណែកក្នុងដំណើររស់ឡើងវិញនៃមនុស្សសុចរិតនៅលើផែនដី។
១៥. ដោយសារមនុស្សសុចរិតនិងមនុស្សទុច្ចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ តើដំណើររស់ឡើងវិញនៃមនុស្សសុចរិតមានប្រៀបជាងយ៉ាងណា?
១៥ ដំណើររស់ឡើងវិញនោះត្រូវបានរៀបរាប់មកនៅវិវរណៈ ជំពូក២០ ខ១៣។ នេះជាអ្វីដែលបានចែងមក៖ «សមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់[ហាដេស, ព.ថ.] ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»។ ដូច្នេះ ក្នុងកំឡុងថ្ងៃជំនុំជំរះមួយពាន់ឆ្នាំដ៏ធំរបស់ព្រះយេហូវ៉ា អស់អ្នកណាដែលនៅក្នុងសតិរបស់ព្រះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ—ទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិត។ (កិច្ចការ ១៧:៣១) ជាការប្រសើរណាស់ចំពោះមនុស្សសុចរិត! ដ្បិតពួកគេបានរស់នៅជីវិតដ៏ស្មោះត្រង់របស់គេរួចហើយ។ ពួកគេបានមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ារួចហើយៗ ក៏មានការទុកចិត្តទៅលើការសម្រេចនៃគោលបំណងរបស់ទ្រង់ដែរ។ ពួកស្មរបន្ទាល់សុចរិតមុនសម័យគ្រីស្ទាននឹងភ្ញាក់ពីស្លាប់ឡើងវិញ ដោយមានចិត្តខ្នះខ្នែងចង់ដឹងអំពីរបៀបដែលកិច្ចសន្យានៃព្រះយេហូវ៉ាអំពីពូជនោះបានសម្រេចជាយ៉ាងណា។ (ពេត្រុសទី១ ១:១០-១២) ចំពោះពួកអ្នកនៃចៀមឯទៀតដែលព្រះយេហូវ៉ារាប់ជាសុចរិតនៅសម័យយើង នឹងចេញពីផ្នូរមក ដោយមានចិត្តខ្នះខ្នែងចង់ឃើញផែនដីមនោរម្យដែលពួកគេបាននិយាយ កាលដែលពួកគេបានប្រកាសដំណឹងល្អនៅក្នុងរបបលោកីយ៍នេះ។ គ្រានោះនឹងទៅជាគ្រាដ៏សប្បាយយ៉ាងណាទៅហ្ន៎!
១៦. តើយើងអាចនិយាយយ៉ាងណា អំពីដំណើររស់ឡើងវិញនៅថ្ងៃជំនុំជំរះនៃពួកអ្នកដែលបានស្លាប់ក្នុងសម័យយើងនេះ?
១៦ ក្នុងកំឡុងថ្ងៃជំនុំជំរះមួយពាន់ឆ្នាំនោះ តើនៅពេលវេលាប្រាកដណា ដែលពួកអ្នកស្លាប់ស្មោះត្រង់ក្នុងគ្រាចុងបំផុតនៃរបបលោកីយ៍របស់សាតាំង ត្រូវប្រោសឲ្យរស់ឡើងវិញ? ព្រះគម្ពីរពុំបានចែងអំពីការនេះទេ។ ប៉ុន្តែ តើមិនជាសមហេតុសមផលទេឬ ដោយគិតថា មនុស្សសុចរិតជាច្រើនដែលបានស្លាប់នៅក្នុងសម័យយើង នឹងមានដំណើររស់ឡើងវិញជាន់មុនដំបូង ហើយដូច្នេះពួកគេអាចចូលរួមជាមួយហ្វូងធំដែលជាពួករួចរស់ជីវិតពីអើម៉ាគេដូន ក្នុងកិច្ចការទទួលស្វាគមន៍ពួកអ្នកជំនាន់មុនៗពីសេចក្ដីស្លាប់មកវិញ? ត្រូវហើយ គឺសមហេតុសមផលមែន!
សេចក្ដីសង្ឃឹមដែលជួយសម្រាលទុក្ខ
១៧, ១៨. (ក) តើសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញផ្ដល់ឲ្យការសម្រាលទុក្ខអ្វី? (ខ) តើយើងមានចិត្តជំរុញប្រកាសអ្វីខ្លះអំពីព្រះយេហូវ៉ា?
១៧ សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញផ្ដល់ឲ្យកម្លាំងចិត្តនិងការសម្រាលទុក្ខដល់ជនគ្រីស្ទទាំងអស់នៅសព្វថ្ងៃនេះ។ បើសិនជាយើងនៅស្មោះត្រង់ជានិច្ច គ្មានហេតុការណ៍ដែលមើលមិនឃើញ និងគ្មានសត្រូវណាអាចលួចរង្វាន់នេះពីយើងបានឡើយ! ឧទាហរណ៍ ក្នុងសៀវភៅប្រចាំឆ្នាំ១៩៩២នៃស្មរបន្ទាល់ព្រះយេហូវ៉ា នៅទំព័រ១៧៧ មានរូបភាពនៃជនគ្រីស្ទានក្លាហានជាច្រើននៅប្រទេសអេស្យូពី ដែលបានស្លាប់ជាជាងសម្របសម្រួលដល់ជំនឿរបស់គេ។ ចំណងជើងនោះអានថា៖ «មុខមាត់ដែលយើងសង្ឃឹមនឹងឃើញនៅគ្រាដំណើររស់ឡើងវិញ»។ ជាឯកសិទ្ធិមួយចំពោះយើងក្នុងការស្គាល់មនុស្សទាំងនេះនិងអ្នកជាច្រើនឯទៀត ដែលបានសម្ដែងសេចក្ដីស្មោះត្រង់ដូចនេះរហូតដល់ស្លាប់!
១៨ តើយ៉ាងណាដែរ ចំពោះពួកអ្នកស្ងួនភ្ងានិងបងប្អូនផ្ទាល់របស់យើង ដែលមិនបានរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង ដោយសារចាស់ជរា ឬពិការភាពនោះ? យោងទៅតាមសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ ពួកគេនឹងមានអនាគតដ៏អស្ចារ្យ បើពួកគេនៅស្មោះត្រង់ជានិច្ចនោះ។ ហើយបើសិនជាយើងអនុវត្តជំនឿយ៉ាងក្លាហានទៅលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ យើងក៏មានអនាគតដ៏អស្ចារ្យដែរ។ ហេតុអ្វី? ពីព្រោះយើងសង្ឃឹមទៅលើ‹ដំណើររស់ឡើងវិញនៃមនុស្សសុចរិតនិងមនុស្សទុច្ចរិត›ដូចប៉ុលដែរ។ យើងសូមថ្លែងអំណរគុណដល់ព្រះយេហូវ៉ាអស់អំពីចិត្តរបស់យើងចំពោះសេចក្ដីសង្ឃឹមនេះ។ នេះច្បាស់ជាជំរុញចិត្តយើងឲ្យបន្លឺពាក្យរបស់ទំនុកដំកើង ដែលថា៖ «ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្ដាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្ដាលបណ្ដាជនទាំងឡាយ ដ្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយក៏គួរសរសើរណាស់»។—ទំនុកដំកើង ៩៦:៣, ៤
តើអ្នកអាចពន្យល់ទេ?
◻ តើមានបទគម្ពីរណាខ្លះ ដែលបញ្ជាក់អំពីសេចក្ដីសង្ឃឹមរបស់យើងទៅលើដំណើររស់ឡើងវិញនៅផែនដី?
◻ តើពួកជនគ្រីស្ទាននៅសម័យនេះត្រូវបានរាប់ជាសុចរិតទៅលើមូលដ្ឋានអ្វី?
◻ តើតាមរបៀបណាដែលសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញផ្ដល់ឲ្យយើងនូវការក្លាហាននិងប្ដេជ្ញាចិត្តនោះ?
[រូបភាពនៅទំព័រ១៨]
ពួកជនគ្រីស្ទានចាក់ប្រេងតាំងសង្ឃឹមទៅលើដំណើររស់ឡើងវិញទៅស្ថានសួគ៌ ដូចប៉ុលដែរ