សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ តើមានអត្ថន័យអ្វីចំពោះអ្នក?
«ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។—ទំនុកដំកើង ១៤៥:១៦
១-៣. តើមនុស្សខ្លះមានសេចក្ដីសង្ឃឹមអ្វីចំពោះពេលអនាគត? សូមលើកឧទាហរណ៍។
នៅពេលព្រឹកមួយ ប្អូនគ្រីស្តុហ្វើដែលមានអាយុប្រាំបួនឆ្នាំនិងបងប្រុសបង្កើតរបស់គាត់បានចូលរួមកិច្ចបំរើផ្សាយពីផ្ទះមួយទៅផ្ទះមួយជាមួយឪពុកមានិងម្ដាយមីងព្រមទាំងកូនពីរនាក់របស់គាត់នៅតំបន់ជិតទីក្រុងម៉ានឆេស្ទើ ប្រទេសអង់គ្លេស។ ទស្សនាវដ្ដីមួយទៀតរបស់យើង គឺទស្សនាវដ្ដីភ្ញាក់រឭក!ជាភាសាអង់គ្លេស ពន្យល់អំពីអ្វីដែលបានកើតឡើងថា៖ «នៅពេលរសៀលនោះ ពួកគេបានចេញដំណើរជាមួយគ្នាទៅលេងក្រុងប្លាកភូល ដែលនៅឆ្នេរសមុទ្រមិនឆ្ងាយពីទីក្រុងម៉ានឆេស្ទើ។ ប្រាំមួយនាក់នោះរួមជាមួយប្រាំមួយនាក់ទៀតបានស្លាប់ក្នុងមួយរំពេចពេលមានគ្រោះថ្នាក់ចរាចរណ៍ដែលប៉ូលិសហៅថា ‹ហាយនការណ៍ដ៏គួរឲ្យរន្ធត់›»។
២ រាត្រីមុនព្រឹត្ដិការណ៍ដ៏ខ្លោចផ្សានោះ ក្រុមគ្រួសាររបស់គ្រីស្តុហ្វើបានចូលរួមកម្មវិធីប្រជុំដែលជាការសិក្សាសៀវភៅតាមក្រុមជំនុំ ហើយពេលនោះមានការពិគ្រោះអំពីសេចក្ដីស្លាប់។ បិតារបស់គ្រីស្តុហ្វើរៀបរាប់ថា៖ «គ្រីស្តុហ្វើជាក្មេងប្រុសដែលចេះគិតវែងឆ្ងាយ។ នៅរាត្រីនោះ កូនខ្ញុំបានពិភាក្សាយ៉ាងច្បាស់អំពីពិភពលោកថ្មីនិងសេចក្ដីសង្ឃឹមរបស់កូនចំពោះពេលអនាគត។ ក្រោយមក ពេលដែលយើងកំពុងតែពិគ្រោះជាមួយគ្នាទៀតនោះ គ្រីស្តុហ្វើស្រដីភ្លាមៗថា៖ ‹ប្រយោជន៍មួយដែលយើងទទួលជាស្មរបន្ទាល់ព្រះយេហូវ៉ាគឺថា ទោះបីសេចក្ដីស្លាប់នាំឲ្យយើងឈឺចាប់ក៏ដោយ យើងក៏ដឹងថានៅថ្ងៃមួយយើងនឹងជួបគ្នានៅលើផែនដីនេះម្ដងទៀត›។ យើងខ្ញុំដែលមានវត្តមាននៅទីនោះមិនបាននឹកស្មានដល់ទេ ថាពាក្យទាំងនោះបានដិតជាប់ខាងជ្រៅទៅក្នុងចិត្តយើង»។a
៣ ច្រើនឆ្នាំមុននោះ គឺនៅឆ្នាំ១៩៤០ ស្មរបន្ទាល់ព្រះយេហូវ៉ាជនជាតិអូទ្រីសម្នាក់ឈ្មោះហ្វ្រនដឹងថាគេនឹងប្រហារជីវិតគាត់ដោយកាត់ក្បាល ពីព្រោះគាត់មិនព្រមលះបង់ភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ពេលនៅទីកន្លែងឃុំឃាំងនៅទីក្រុងប៊ែឡាំងនោះ បងហ្វ្រនបានសរសេរសំបុត្រមួយផ្ញើទៅមាតាថា៖ «អាស្រ័យលើចំណេះដឹងរបស់ខ្ញុំ ការស្បថធ្វើ[ទាហាន]ជាអំពើបាបដែលគួរផ្ដន្ទាទោសដោយត្រូវស្លាប់។ តាមទស្សនៈរបស់ខ្ញុំ ការស្បថធ្វើដូច្នេះជាការអាក្រក់ណាស់ និងខ្ញុំពុំអាចទទួលដំណើររស់ឡើងវិញបានទេ។ . . . ហើយឥឡូវ អ្នកម្ដាយនិងបងប្អូនប្រុសស្រីទាំងឡាយអើយ! ថ្ងៃនេះគេបានប្រាប់ពីទោសដែលខ្ញុំត្រូវទទួល ពោលគឺត្រូវស្លាប់ តែសូមកុំរន្ធត់ឡើយថ្វីបើគេប្រហារជីវិតខ្ញុំនៅព្រឹកស្អែកក៏ដោយ។ ដ្បិតខ្ញុំមានកម្លាំងពីព្រះដូចបងប្អូនគ្រីស្ទានពីអតីតកាលបានពឹងទ្រង់ដែរ។ . . . ប្រសិនបើអ្នកម្ដាយនិងបងប្អូនទាំងអស់គ្នាកាន់ជំហរមាំមួនរហូតដល់ស្លាប់ដែរ នោះយើងនឹងជួបគ្នាម្ដងទៀតពេលត្រូវប្រោសឲ្យរស់ឡើងវិញ។ . . . ឥឡូវខ្ញុំសូមជម្រាបលាទំរាំដល់ពេលដែលយើងជួបគ្នាម្ដងទៀត»។b
៤. តើបទពិសោធន៍ដែលរៀបរាប់អម្បាញ់មិញនោះ មានឥទ្ធិពលអ្វីមកលើអ្នក? តើយើងនឹងពិនិត្យមើលអ្វីទៀត?
៤ សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញមានអត្ថន័យសំខាន់ណាស់ចំពោះប្អូនគ្រីស្តុហ្វើ និងបងហ្វ្រន។ គាត់ទាំងពីរនាក់មានសេចក្ដីសង្ឃឹមដ៏រឹងមាំណាស់។ រឿងទាំងនេះច្បាស់ជាមានអានុភាពលើចិត្តយើងដែរ! ដោយមានបំណងបង្កើនចិត្តកតញ្ញូចំពោះព្រះយេហូវ៉ានិងចង់ពង្រឹងសេចក្ដីសង្ឃឹមរបស់យើងទៅលើដំណើររស់ឡើងវិញនោះ យើងនឹងពិនិត្យមើលមូលហេតុដែលត្រូវមានដំណើររស់ឡើងវិញ ហើយពីឥទ្ធិពលដែលនេះត្រូវមានមកលើយើងផ្ទាល់។
ចក្ខុនិមិត្តអំពីដំណើររស់ឡើងវិញនៅលើផែនដី
៥, ៦. ចក្ខុនិមិត្តដែលសាវ័កយ៉ូហានបានកត់ទុកនៅវិវរណៈ ២០:១២, ១៣ តើនោះបង្ហាញអំពីអ្វី?
៥ ពេលដែលសាវ័កយ៉ូហានបានឃើញចក្ខុនិមិត្តអំពីព្រឹត្ដិការណ៍ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ គាត់ក៏ឃើញដំណើររស់ឡើងវិញនៅលើផែនដីកំពុងតែកើតមានឡើងដែរ។ យ៉ូហានរាយការណ៍ថា៖ «ខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច . . . ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់[ឬ«ហាដេស», ព.ថ.] ក៏ប្រគល់ពួកមនុស្សស្លាប់ដែលនៅឯណោះមកវិញដែរ»។ (វិវរណៈ ២០:១២, ១៣) មិនថាមនុស្សធ្លាប់មានឋានៈធំប៉ុនណាឬមកពីវណ្ណៈណាក៏ដោយ ពោលគឺ ‹អ្នកធំឬអ្នកតូច›ក្ដី ពេលស្លាប់ទៅនោះ ពួកគេចូលហាដេស (ហ្សីអូល) ដែលសំដៅទៅកន្លែងណាក៏បានដែលមានសពមនុស្សស្លាប់។ តែមនុស្សទាំងអស់ដែលនៅក្នុងនោះនឹងចេញមក។ ពួកអ្នកដែលបានបាត់បង់ជីវិតនៅក្នុងសមុទ្រក៏នឹងមានជីវិតរស់ឡើងវិញនៅគ្រានោះដែរ។ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះជាផ្នែកមួយនៃបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។
៦ ការសោយរាជ្យមួយពាន់ឆ្នាំនៃព្រះគ្រីស្ទនឹងចាប់ផ្ដើមដោយចាប់ចងសាតាំងនិងបោះវាចោលទៅក្នុងជង្ហុកធំ។ ក្នុងកំឡុងការសោយរាជ្យនោះ មនុស្សដែលរស់ឡើងវិញនិងពួកអ្នកដែលរួចរស់ជីវិតពីគ្រាវេទនាយ៉ាងធំនឹងលែងមានគេនាំឲ្យវង្វេងទៀតដោយឥទ្ធិពលពីសាតាំង ពីព្រោះវានឹងត្រូវអសកម្មវិញ។ (វិវរណៈ ២០:១-៣) មួយពាន់ឆ្នាំប្រហែលជាមើលទៅដូចជាយូរណាស់ តែតាមការពិត ព្រះយេហូវ៉ាចាត់ទុកមួយពាន់ឆ្នាំដូចជា«១ថ្ងៃ»ប៉ុណ្ណោះ។—ពេត្រុសទី២ ៣:៨
៧. ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ តើការជំនុំជំរះនឹងមានមូលដ្ឋានលើអ្វី?
៧ យោងទៅតាមចក្ខុនិមិត្តនោះ ការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទជាគ្រាជំនុំជំរះ។ សាវ័កយ៉ូហានបានសរសេរថា៖ «ខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង។ ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ។ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន . . . រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»។ (វិវរណៈ ២០:១២, ១៣) សូមកត់សម្គាល់ថា ការជំនុំជំរះនេះមិនមានមូលដ្ឋានលើអ្វីដែលមនុស្សបានឬមិនបានធ្វើមុនស្លាប់នោះទេ។ (រ៉ូម ៦:៧) ផ្ទុយទៅវិញ ការជំនុំជំរះនេះសំដៅទៅលើ«បញ្ជី»ដែលនឹងបើកឡើងនៅពេលអនាគត។ ការប្រព្រឹត្តរបស់មនុស្សម្នាក់ៗក្រោយគាត់បានរៀននូវអ្វីដែលកត់ទុកក្នុងបញ្ជីនោះ នេះនឹងយកជាមូលដ្ឋានសំរាប់ការសម្រេចថា ត្រូវសរសេរឈ្មោះរបស់គាត់ក្នុង«បញ្ជីជីវិត»ឬក៏អត់។
ដំណើរ«រស់ឡើងវិញឲ្យបានជីវិត»ឬ«ឲ្យជាប់មានទោស»
៨. ចំពោះមនុស្សដែលត្រូវប្រោសឲ្យមានជីវិតឡើងវិញនោះ តើអាចមានលទ្ធផលពីរយ៉ាងអ្វី?
៨ នៅដើមចក្ខុនិមិត្តនៃយ៉ូហាននោះ មានការពណ៌នាអំពីព្រះយេស៊ូថា ទ្រង់មាន«កូនសោនៃសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់[ឬ«ហាដេស», ព.ថ.]ដែរ»។ (វិវរណៈ ១:១៨) ព្រះយេហូវ៉ាប្រើព្រះយេស៊ូជា«ព្រះអម្ចាស់ជីវិត»ដែលបានទទួលអំណាចដើម្បីជំនុំជំរះ«ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង»។ (កិច្ចការ ៣:១៥; ធីម៉ូថេទី២ ៤:១) តើព្រះយេស៊ូនឹងធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺដោយប្រោសមនុស្សស្លាប់ដែលប្រៀបដូចជាដេកលក់ឲ្យមានជីវិតឡើងវិញ។ ពេលដែលព្រះយេស៊ូបានផ្សព្វផ្សាយដល់ហ្វូងមនុស្សនោះ ទ្រង់មានបន្ទូលថា៖ «កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។ រួចមក ទ្រង់មានបន្ទូលថែមទៀតថា៖ «ពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើងឲ្យជាប់មានទោស»។ (យ៉ូហាន ៥:២៨-៣០) ដូច្នេះ តើបុរសស្ត្រីស្មោះភក្ដីពីបុរាណអាចទន្ទឹងចាំអ្វីនៅពេលអនាគត?
៩. (ក) ពេលមានជីវិតរស់ឡើងវិញនោះ តើមនុស្សជាច្រើននឹងរៀនអ្វី? (ខ) តើត្រូវមានកិច្ចការអប់រំអ្វីជាទូទៅនោះ?
៩ ពេលដែលបងប្អូនស្មោះភក្ដីពីបុរាណនោះរស់ឡើងវិញដោយមានជីវិតម្ដងទៀត ពួកគាត់នឹងទទួលស្គាល់ភ្លាមៗថា សេចក្ដីសន្យាដែលគាត់ធ្លាប់ទុកចិត្តទៅលើនោះ បានសម្រេចហើយ។ ពួកគាត់នឹងចាប់អារម្មណ៍ចង់រៀនអំពីអត្តសញ្ញាណនៃពូជរបស់ស្ត្រីនៃព្រះ ដែលបានរៀបរាប់ក្នុងបទទំនាយមុនគេបង្អស់ក្នុងព្រះគម្ពីរ គឺនៅលោកុប្បត្តិ ៣:១៥។ ពួកគាត់នឹងមានចិត្តរីករាយពេលឮថា ព្រះមេស្ស៊ីដែលបានសន្យាទុកជាមុននោះ គឺព្រះយេស៊ូ ដែលទ្រង់បានរក្សាចិត្តស្មោះភក្ដីរហូតដល់សោយទិវង្គត ហើយទ្រង់បានថ្វាយព្រះជន្មជាយញ្ញបូជាលោះ! (ម៉ាថាយ ២០:២៨) ពួកអ្នកដែលនឹងទទួលស្វាគមន៍អស់អ្នកដែលមានជីវិតរស់ឡើងវិញនោះ ក៏នឹងមានចិត្តសប្បាយពេលជួយឲ្យពួកគាត់យល់ថា តម្លៃលោះនោះជាអ្វីដែលបង្ហាញពីព្រះទ័យមេត្ដាករុណានិងព្រះគុណដែលយើងគ្មានសិទ្ធិទទួលពីព្រះយេហូវ៉ា។ ពេលបងប្អូនដែលបានរស់ឡើងវិញរៀនអំពីអ្វីដែលរាជាណាចក្ររបស់ព្រះកំពុងតែសម្រេចស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាចំពោះផែនដីនោះ ពួកគាត់ពិតជានឹងសរសើរព្រះយេហូវ៉ាដោយរៀបរាប់អស់ពីដួងចិត្ត។ ពួកគាត់នឹងមានឱកាសច្រើនដើម្បីបង្ហាញនូវភក្ដីភាពចំពោះព្រះវរបិតានៅស្ថានសួគ៌ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ និងចំពោះរាជបុត្រាទ្រង់ផងដែរ។ មនុស្សទាំងអស់ដែលរស់នៅពេលនោះនឹងមានអំណរដោយចូលរួមក្នុងកិច្ចការអប់រំដែលត្រូវមានទូទៅដើម្បីបង្រៀនមនុស្សរាប់សិបលាននាក់ដែលចេញពីផ្នូរមក ឲ្យព្រមទទួលតម្លៃលោះជាសំវិធានការពីព្រះ។
១០, ១១. (ក) តើគ្រាគ្រប់គ្រងមួយពាន់ឆ្នាំនឹងឲ្យមនុស្សទាំងអស់នៅលើផែនដីមានឱកាសធ្វើអ្វី? (ខ) តើនេះគួរជំរុញឲ្យយើងធ្វើអ្វី?
១០ ពេលដែលអ័ប្រាហាំរស់ឡើងវិញនោះ គាត់នឹងមានចិត្តធូរស្រាលដោយមានជីវិតរស់ក្រោមការគ្រប់គ្រងនៃ«ក្រុង១»ដែលគាត់បានរង់ចាំ។ (ហេព្រើរ ១១:១០) យ៉ូបដែលជាបុរសស្មោះភក្ដីពីបុរាណនោះ នឹងមានក្ដីអំណររីករាយណាស់ពេលឮថា ដំណើរជីវិតរបស់គាត់បានពង្រឹងកម្លាំងរបស់អ្នកបំរើឯទៀតរបស់ព្រះយេហូវ៉ាដែលមានការល្បងលចិត្តស្មោះគ្រប់ល័ក្ខណ៍របស់ពួកគេនោះ! ហើយដានីយ៉ែលក៏នឹងមានចិត្តចង់ដឹងណាស់ អំពីការសម្រេចនៃបទទំនាយដែលព្រះបានបណ្ដាលឲ្យគាត់សរសេរ!
១១ ប្រាកដហើយ មនុស្សទាំងអស់ដែលនឹងទទួលជីវិតក្នុងពិភពលោកថ្មីដ៏សុចរិតនោះ មិនថាដោយត្រូវប្រោសឲ្យរស់ឡើងវិញឬនឹងរួចរស់ជីវិតពេលឆ្លងកាត់គ្រាវេទនាយ៉ាងធំក្ដី ពួកគេនឹងរៀនច្រើនណាស់អំពីបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាចំពោះផែនដីនិងមនុស្សដែលរស់នៅទីនោះ។ សេចក្ដីសង្ឃឹមរស់ជារៀងរហូតទាំងសរសើរព្រះយេហូវ៉ាជានិរន្តរ៍នោះ នឹងពិតជាធ្វើឲ្យមនុស្សពេញចិត្តទទួលការអប់រំក្នុងកំឡុងពេលមួយពាន់ឆ្នាំនោះ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់បំផុតគឺជាទង្វើរបស់យើងនីមួយៗពេលដែលយើងរៀនពីព័ត៌មានក្នុងបញ្ជីនោះ។ តើយើងនឹងអនុវត្តតាមអ្វីដែលយើងរៀនឬទេ? តើយើងនឹងរំពឹងគិតទាំងអនុញ្ញាតឲ្យព័ត៌មានដ៏សំខាន់ចាំបាច់នោះជ្រាបចូលមកក្នុងចិត្តយើងឬទេ ដើម្បីពង្រឹងកម្លាំងយើងឲ្យទប់ទល់នឹងការបង្ខិតបង្ខំចុងក្រោយបង្អស់របស់សាតាំងក្នុងការប៉ុនប៉ងបង្វែរយើងចេញពីសេចក្ដីពិត?
១២. តើអ្វីអាចជួយមនុស្សម្នាក់ៗឲ្យរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការអប់រំនិងការកែប្រែផែនដីឲ្យក្លាយជាសួនមនោរម្យ?
១២ កុំឲ្យយើងភ្លេចនូវពរដ៏អស្ចារ្យដែលបានទទួលដោយសារប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ។ ពួកអ្នកដែលនឹងមានជីវិតឡើងវិញនោះ នឹងមិនពិការឬមានជំងឺដូចសព្វថ្ងៃនេះទេ។ (អេសាយ ៣៣:២៤) មនុស្សទាំងឡាយក្នុងពិភពលោកថ្មីអាចមានរូបកាយមាំមួននិងសុខភាពល្អឥតខ្ចោះ ហើយនេះនឹងជួយឲ្យពួកគេរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការអប់រំនិងការណែនាំមនុស្សរាប់សិបលាននាក់ដែលមានជីវិតរស់ឡើងវិញឲ្យចេះដើរតាមផ្លូវដែលនាំទៅដល់ជីវិត។ ពួកអ្នកក្នុងពិភពលោកថ្មីនោះនឹងរួមចំណែកក្នុងកិច្ចការដ៏ធំបំផុតដែលធ្លាប់មាននៅលើផែនដី ពោលគឺ ការកែប្រែផែនដីទាំងមូលឲ្យក្លាយជាសួនមនោរម្យដើម្បីលើកតម្កើងព្រះយេហូវ៉ា។
១៣, ១៤. តើការលែងសាតាំងចេញនៅពេលល្បងលចុងក្រោយបង្អស់នោះមានបំណងអ្វី? ហើយតើអាចមានលទ្ធផលអ្វីសំរាប់យើងម្នាក់ៗ?
១៣ ពេលលែងសាតាំងចេញពីជង្ហុកធំដើម្បីមានការល្បងលចុងក្រោយបង្អស់នោះ វានឹងខិតខំនាំមនុស្សឲ្យវង្វេងម្ដងទៀត។ យោងទៅតាមវិវរណៈ ២០:៧-៩ ‹អស់ទាំងសាសន៍ដែលវង្វេង›ឬក្រុមមនុស្សដែលចុះចូលក្រោមអានុភាពដ៏អាក្រក់របស់សាតាំង នឹងត្រូវទទួលសេចក្ដីជំនុំជំរះឲ្យវិនាសទៅដោយ«មានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ»។ ការបំផ្លាញចោលមនុស្សដែលបានទទួលជីវិតរស់ឡើងវិញក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំនោះ បង្ហាញថាពួកគេបានទទួលជីវិតរស់ឡើងវិញឲ្យតែជាប់មានទោស។ ផ្ទុយទៅវិញ ពួកអ្នកដែលរស់ឡើងវិញហើយរក្សាឲ្យមានចិត្តស្មោះគ្រប់ល័ក្ខណ៍នោះ នឹងទទួលអំណោយមួយជាជីវិតជារៀងរហូត។ ពិតណាស់ ពួកគេ«នឹងរស់ឡើងវិញឲ្យបានជីវិត»មែន!—យ៉ូហាន ៥:២៩
១៤ តើសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញអាចជួយសំរាលទុក្ខយើងពេលឥឡូវនេះបានយ៉ាងណា? ប្រាកដហើយ តើយើងត្រូវធ្វើអ្វីដើម្បីប្រាកដថា យើងនឹងទទួលប្រយោជន៍ពីដំណើររស់ឡើងវិញនៅពេលអនាគតនោះ?
មេរៀនដែលយើងអាចរៀនពេលឥឡូវនេះ
១៥. តើជំនឿទៅលើដំណើររស់ឡើងវិញអាចជួយនៅពេលឥឡូវនេះបានយ៉ាងណា?
១៥ ប្រហែលជាអ្នកមានបងប្អូនញាតិមិត្តជាទីស្រឡាញ់បានស្លាប់ទៅពេលថ្មីៗនេះ ហើយអ្នកប្រហែលជាពិបាកចិត្តណាស់ ពេលប្រឈមមុខនឹងការបាត់បង់ដ៏ធំធេងនេះ។ តែសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់រំងាប់និងមានកម្លាំងចិត្តឡើងវិញ។ មនុស្សដែលមិនមានសង្ឃឹមដូចយើង ក៏មិនមានអារម្មណ៍បែបនេះទេ។ ប៉ុលបានជួយសំរាលទុក្ខបងប្អូននៅទីក្រុងថែស្សាឡូនីចដោយសរសេរថា៖ «ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹងពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹម»។ (ថែស្សាឡូនីចទី១ ៤:១៣) តើអ្នកនឹកស្រមៃឃើញខ្លួនឯងក្នុងពិភពលោកថ្មី កំពុងតែមើលមនុស្សរស់ឡើងវិញឬទេ? ចូរទទួលការសំរាលទុក្ខពេលឥឡូវនេះចុះ! ដោយរំពឹងគិតអំពីឱកាសជួបបងប្អូនជាទីស្រឡាញ់ម្ដងទៀត។
១៦. តើអ្នកនឹងមានអារម្មណ៍យ៉ាងណាពេលដែលមានជីវិតរស់ឡើងវិញ?
១៦ ប្រហែលជាអ្នកកំពុងតែរងទុក្ខសព្វថ្ងៃនេះដោយមានជំងឺរ៉ាំរ៉ៃដែលគ្រូពេទ្យព្យាបាលមិនកើត ដែលជាលទ្ធផលពីការបះបោររបស់អ័ដាម។ កុំឲ្យការពិបាកចិត្តនេះនាំឲ្យអ្នកភ្លេចនូវសេចក្ដីសង្ឃឹមដ៏គួរឲ្យរីករាយ ថាខ្លួនអ្នកផ្ទាល់អាចរស់ឡើងវិញដែរ ហើយក៏នឹងរស់ម្ដងទៀតដោយមានសុខភាពល្អនិងមានកម្លាំងឡើងវិញក្នុងពិភពលោកថ្មី។ កាលដែលភ្នែកអ្នកបើកឡើងវិញនៅពេលនោះ ហើយអ្នកឃើញមុខបងប្អូនកំពុងតែស្វាគមន៍អ្នកដោយក្ដីអំណរពីព្រោះអ្នកមានជីវិតរស់ឡើងវិញនោះ អ្នកច្បាស់ជានឹងអរព្រះគុណថ្វាយព្រះដោយសារសេចក្ដីសប្បុរសដ៏ស្មោះរបស់ទ្រង់។
១៧, ១៨. តើអ្វីជាមេរៀនសំខាន់ពីរ ដែលយើងគួរចងចាំនោះ?
១៧ សូមពិចារណាមេរៀនពីរដែលយើងគួរចងចាំឲ្យជាប់ក្នុងចិត្តទំរាំដល់ពេលនោះ។ មេរៀនទីមួយសំដៅទៅលើសារៈសំខាន់នៃការបំរើព្រះយេហូវ៉ាអស់ពីចិត្តពេលឥឡូវនេះ។ យើងអាចយកតម្រាប់តាមគំរូរបស់ម្ចាស់យើង គឺព្រះយេស៊ូគ្រីស្ទ ដោយលះបង់ប្រយោជន៍ខ្លួនឯងក្នុងជីវិតនេះ ដែលបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងអ្នកជិតខាង។ បើការប្រឆាំងឬទុក្ខបៀតបៀនបណ្ដាលឲ្យយើងបាត់បង់ការងារឬដកហូតនូវសេរីភាពរបស់យើង នោះយើងនៅតែតាំងចិត្តរក្សាឲ្យមានជំនឿមុតមាំ មិនថាយើងជួបប្រទះទុក្ខលំបាកណាក៏ដោយ។ បើអ្នកប្រឆាំងគំរាមកំហែងថានឹងសម្លាប់យើង សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញអាចជួយសំរាលទុក្ខនិងពង្រឹងកម្លាំងយើងដើម្បីរក្សាឲ្យមានភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងរាជាណាចក្ររបស់ទ្រង់។ ពិតមែនហើយ ចិត្តខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្សនោះ អាចជួយយើងមានសង្ឃឹមទទួលបាននូវពរដែលនឹងមានជារៀងរហូតដែលព្រះយេហូវ៉ានឹងប្រទានដល់មនុស្សសុចរិត។
១៨ មេរៀនទីពីរសំដៅទៅលើរបៀបដែលយើងប្រឈមមុខនឹងការល្បងលពីភាពមិនគ្រប់ល័ក្ខណ៍របស់យើង។ ចំណេះដឹងអំពីសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញព្រមជាមួយការអបអរចំពោះព្រះគុណពីព្រះយេហូវ៉ាដែលយើងគ្មានសិទ្ធិទទួលនោះ តែងតែពង្រឹងកម្លាំងចិត្តយើងរក្សាឲ្យមានជំនឿរឹងមាំ។ សាវ័កយ៉ូហានបានព្រមានថា៖ «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ។ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ។ ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៥-១៧) ការទាក់ទាញពីលោកីយ៍នេះដោយប្រើវត្ថុនិយមក៏មិនមានអានុភាពលើយើងពេលដែលប្រៀបធៀបរបស់នោះជាមួយនឹង«ជីវិតអស់កល្បជានិច្ច»។ (ធីម៉ូថេទី១ ៦:១៧-១៩) បើមានការល្បងលឲ្យប្រព្រឹត្តអំពើអសីលធម៌ យើងនឹងបដិសេធយ៉ាងម៉ឺងម៉ាត់។ យើងដឹងថា បើយើងស្លាប់មុនសង្គ្រាមអើម៉ាគេដូន តែមានចរិយាដែលមិនផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា នេះអាចធ្វើឲ្យសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញក្លាយជាមោឃវិញ។
១៩. តើមានឯកសិទ្ធិដ៏ប្រៀបផ្ទឹមពុំបានអ្វី ដែលយើងមិនគួរភ្លេចសោះ?
១៩ សំខាន់បំផុត យើងមិនគួរភ្លេចសោះនូវឯកសិទ្ធិដែលប្រៀបផ្ទឹមពុំបានឡើយ ពោលគឺ ការធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយនៅពេលឥឡូវនេះហើយជារៀងរហូតផងដែរ។ (សុភាសិត ២៧:១១) ការរក្សាឲ្យមានចិត្តស្មោះភក្ដីរហូតដល់ក្ស័យជីវិត ឬការបង្ហាញចិត្តស្មោះគ្រប់ល័ក្ខណ៍រហូតដល់ទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ បង្ហាញដល់ព្រះយេហូវ៉ាថាយើងគាំទ្រខាងណាស្តីអំពីរឿងអធិបតេយ្យសកលលោក។ មិនថាយើងរួចរស់ជីវិតពីគ្រាវេទនាយ៉ាងធំឬត្រូវប្រោសឲ្យរស់ឡើងវិញដោយអព្ភូតហេតុក្ដី ជីវិតក្នុងសួនមនោរម្យនៅលើផែនដីនឹងនាំឲ្យមានចិត្តរីករាយណាស់!
ការបំពេញចិត្តប្រាថ្នារបស់យើង
២០, ២១. ទោះបើយើងនៅមានចម្ងល់ស្តីអំពីដំណើររស់ឡើងវិញក៏ដោយ តើអ្វីនឹងជួយយើងរក្សាឲ្យមានចិត្តស្មោះភក្ដី? សូមពន្យល់។
២០ ទោះជាមានការពិគ្រោះអំពីដំណើររស់ឡើងវិញក្ដី ក៏នៅតែមានសំនួរខ្លះដែលយើងមិនទាន់ឆ្លើយដូចជា: តើព្រះយេហូវ៉ានឹងរៀបចំស្ថានការណ៍យ៉ាងណា សំរាប់ពួកអ្នកដែលមានស្វាមីឬភរិយាមុនបានស្លាប់ទៅនោះ? (លូកា ២០:៣៤, ៣៥) តើមនុស្សនឹងរស់ឡើងវិញនៅកន្លែងដែលគាត់បានស្លាប់ទៅឬ? តើមនុស្សស្លាប់នឹងរស់ឡើងវិញជិតញាតិសន្ដានរបស់ខ្លួនឬ? ហើយក៏មានសំនួរជាច្រើនទៀតស្តីអំពីការរៀបចំឲ្យមនុស្សរស់ឡើងវិញ។ យ៉ាងណាក្ដី យើងត្រូវនឹកចាំនូវពាក្យរបស់យេរេមាដែលថា៖ «ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់។ បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ»។ (បរិទេវ ៣:២៥, ២៦) តាមកំណត់ពេលរបស់ព្រះយេហូវ៉ា ទ្រង់នឹងឆ្លើយសំនួរទាំងអស់ដើម្បីឲ្យយើងពេញចិត្តជាទីបំផុត។ ហេតុអ្វីបានជាយើងអាចមានជំនឿជឿជាក់ដូច្នេះ?
២១ សូមរំពឹងគិតអំពីពាក្យដែលព្រះបានបណ្ដាលឲ្យអ្នកតែងបទទំនុកដំកើងសរសេរនោះ ពេលដែលគាត់ច្រៀងអំពីព្រះយេហូវ៉ាថា៖ «ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុកដំកើង ១៤៥:១៦) ពេលដែលយើងចាស់ទៅៗ ចិត្តប្រាថ្នារបស់យើងចេះតែកែប្រែដែរ។ អ្វីដែលយើងសង្ឃឹមចង់បានពេលនៅក្មេង មិនមែនជាអ្វីដែលយើងប្រាថ្នាចង់បានពេលឥឡូវនេះទេ។ បទពិសោធន៍និងសេចក្ដីសង្ឃឹមរបស់យើងតែងតែមានឥទ្ធិពលទៅលើទស្សនៈដែលយើងមានចំពោះជីវិត។ យ៉ាងណាក្ដី មិនថាយើងមានចិត្តប្រាថ្នាសមត្រឹមត្រូវណាក៏ដោយក្នុងពិភពលោកថ្មីនោះ ព្រះយេហូវ៉ានឹងបំពេញចិត្តប្រាថ្នាទាំងនោះពិតមែន។
២២. តើមានមូលហេតុល្អអ្វីឲ្យយើងសរសើរព្រះយេហូវ៉ា?
២២ អ្វីដែលជារឿងសំខាន់ចំបងសំរាប់យើងរាល់គ្នានៅពេលឥឡូវនេះ គឺឲ្យយើងមានចិត្តស្មោះត្រង់។ «រីឯអ្នករ៉ាប់រង ត្រូវឲ្យគេបានស្មោះត្រង់»។ (កូរិនថូសទី១ ៤:២) យើងជាអ្នករ៉ាប់រងឬអ្នកទទួលភារកិច្ចផ្សាយដំណឹងល្អដ៏អស្ចារ្យអំពីរាជាណាចក្ររបស់ព្រះ។ ចិត្តខ្នះខ្នែងរបស់យើងក្នុងការប្រកាសប្រាប់ដំណឹងល្អនេះដល់មនុស្សទាំងអស់ដែលយើងជួបនោះ ក៏ជួយយើងដើរតាមផ្លូវដែលនាំទៅដល់ជីវិត។ ចូរចាំមិនភ្លេចថា «គ្រប់ទាំងអស់ស្រេចនៅ»ឬព្រឹត្ដិការណ៍ផ្សេងៗអាចកើតមានឡើង«នៅពេលវេលា»ដែលយើងមិននឹកស្មានទេ។ (សាស្ដា ៩:១១) បើយើងចង់បន្ថយកង្វល់កង្វាយស្តីអំពីព្រឹត្ដិការណ៍ដែលអាចកើតមានឡើងដោយយើងនឹកមិនដល់នោះ ចូរកាន់ខ្ជាប់នឹងសេចក្ដីសង្ឃឹមដ៏អស្ចារ្យទៅលើដំណើររស់ឡើងវិញ។ ចូរដឹងថា បើមើលទៅដូចជាអ្នកនឹងស្លាប់មុនព្រះគ្រីស្ទចាប់ផ្ដើមការសោយរាជ្យមួយពាន់ឆ្នាំរបស់ទ្រង់ ចូរទទួលការសំរាលទុក្ខពីជំនឿដោយជឿជាក់ថា នឹងមានការប្រោសលោះជាមិនខាន។ តាមកំណត់ពេលរបស់ព្រះយេហូវ៉ា អ្នកក៏អាចលាន់មាត់ដូចពាក្យដែលយ៉ូបបានទូលថ្វាយព្រះដែលជាអ្នកបង្កើតថា៖ «ទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប»។ ចូរយើងសរសើរព្រះយេហូវ៉ាចុះ! ដោយសារទ្រង់មានព្រះហឫទ័យនឹកចាំមនុស្សស្លាប់និងចង់ប្រោសពួកគេឲ្យមានជីវិតឡើងវិញ។—យ៉ូប ១៤:១៥
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! ជាភាសាអង់គ្លេស ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៨៨ ទំព័រ១០ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
b សៀវភៅស្មរបន្ទាល់ព្រះយេហូវ៉ា ពួកអ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះ ជាភាសាអង់គ្លេស ទំព័រ៦៦២ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនៅចាំទេ?
• ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំ តើការជំនុំជំរះមនុស្សនឹងមានមូលដ្ឋានលើអ្វី?
• ហេតុអ្វីបានជាមនុស្សខ្លះនឹង«រស់ឡើងវិញឲ្យបានជីវិត»តែអ្នកឯទៀត«រស់ឡើងឲ្យជាប់មានទោស»?
• តើសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញអាចជួយយើងពេលឥឡូវនេះបានយ៉ាងណា?
• បើយើងនៅមានចម្ងល់ទៀតអំពីដំណើររស់ឡើងវិញ តើពាក្យនៅទំនុកដំកើង ១៤៥:១៦ អាចជួយយើងបានយ៉ាងណា?
[រូបភាពនៅទំព័រ២១]
តើជំនឿទៅលើដំណើររស់ឡើងវិញអាចជួយយើងពេលឥឡូវនេះបានយ៉ាងណា?