តើអ្នកណាត្រូវរស់ឡើងវិញ?
«កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។—យ៉ូហាន ៥:២៨, ២៩
១. តើម៉ូសេឮសេចក្ដីប្រកាសដ៏អស្ចារ្យអ្វី នៅក្បែរគុម្ពបន្លាដែលមានភ្លើងឆេះ? ហើយក្រោយៗមកទៀត តើអ្នកណាបាននឹកចាំពីបន្ទូលនោះ?
ព្រឹត្ដិការណ៍ចំឡែកៗបានកើតឡើងជាង៣.៥០០ឆ្នាំមុននេះ។ លោកម៉ូសេបានថែរក្សាចៀមដែលជាកម្មសិទ្ធិរបស់បុព្វបុរសឈ្មោះយេត្រូ។ នៅក្បែរភ្នំហូរែប ទេវតានៃព្រះយេហូវ៉ាលេចមកក្នុងអណ្ដាតភ្លើងនៅកណ្ដាលគុម្ពបន្លាឲ្យម៉ូសេឃើញ។ កំណត់ហេតុក្នុងសៀវភៅនិក្ខមនំចែងថា៖ «លោកក៏មើលទៅឃើញភ្លើងឆេះគុម្ពបន្លា តែឥតបានសុសទេ»។ រួចមក មានព្រះសូរសៀងចេញពីគុម្ពបន្លាទៅកាន់ម៉ូសេថា៖ «អញជាព្រះនៃព្ធយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប»។ (និក្ខមនំ ៣:១-៦) ក្រោយៗមក គឺនៅសតវត្សរ៍ទីមួយ គ.ស. ព្រះយេស៊ូដែលជារាជបុត្រារបស់ព្រះ បាននឹកចាំពីបន្ទូលនោះដែរ។
២, ៣. (ក) តើអ័ប្រាហាំ អ៊ីសាកនិងយ៉ាកុបមានសេចក្ដីសង្ឃឹមអ្វី? (ខ) តើគួរឲ្យឆ្ងល់អំពីអ្វីខ្លះ?
២ ព្រះយេស៊ូបានពិគ្រោះជាមួយនឹងពួកសាឌូស៊ីដែលមិនជឿទៅលើដំណើររស់ឡើងវិញ។ ព្រះយេស៊ូបានប្រកាសថា៖ «រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញ នោះទាំងលោកម៉ូសេក៏បានបង្ហាញ ក្នុងរឿងពីគុម្ពបន្លាហើយ ក្នុងកាលដែលលោកហៅព្រះអម្ចាស់[ព្រះយេហូវ៉ា]ថា‹ជាព្រះនៃលោកអ័ប្រាហាំ នៃលោកអ៊ីសាក ហើយនៃលោកយ៉ាកុប›។ ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះមនុស្សទាំងអស់[នេះ]រស់សំរាប់ទ្រង់»។ (លូកា ២០:២៧, ៣៧, ៣៨) ដោយមានបន្ទូលដូច្នេះ ព្រះយេស៊ូបានបញ្ជាក់ថា ព្រះចាត់ទុកអ័ប្រាហាំ អ៊ីសាកនិងយ៉ាកុបជាមនុស្សដែលព្រះនៅតែនឹកចាំ ទោះជាពួកគាត់បានស្លាប់ទៅយ៉ាងយូរហើយក៏ដោយ។ ដូចយ៉ូប ពួកគាត់កំពុងតែរង់ចាំ«ដរាបដល់កំណត់» ពោលគឺរយៈពេលស្លាប់ដែលប្រៀបដូចជាការដេកលក់ស៊ប់។ (យ៉ូប ១៤:១៤) ពួកគាត់នឹងមានជីវិតរស់ឡើងវិញក្នុងពិភពលោកថ្មីរបស់ព្រះ។
៣ ប៉ុន្តែ ចុះយ៉ាងណាចំពោះមនុស្សរាប់សិបលាននាក់ឯទៀតក្នុងប្រវត្ដិសាស្ត្រមនុស្សលោកដែលបានស្លាប់ទៅដែរ? តើពួកគេនឹងមានជីវិតរស់ឡើងវិញដែរឬទេ? ដើម្បីរកចម្លើយដែលធ្វើឲ្យស្កប់ចិត្តចំពោះសំនួរនេះ ចូរយើងពិនិត្យមើលព្រះបន្ទូលរបស់ព្រះដើម្បីដឹងថា ពេលស្លាប់នោះ តើមនុស្សទៅណា?
តើមនុស្សស្លាប់ទៅណា?
៤. (ក) ពេលស្លាប់ទៅ តើមនុស្សទៅណា? (ខ) តើហ្សីអូលជាអ្វី?
៤ ព្រះគម្ពីរប្រកាសប្រាប់ថា មនុស្សស្លាប់«ឥតដឹងអ្វីឡើយ»។ ពេលស្លាប់នោះ មនុស្សមិនទទួលទារុណកម្មក្នុងភ្លើងនរក ហើយក៏មិនកើតទុក្ខដោយរង់ចាំយូរក្នុងស្ថានកណ្ដាលនរកនិងស្ថានសួគ៌ទេ តែមនុស្សគ្រាន់តែត្រឡប់ទៅជាដីវិញប៉ុណ្ណោះ។ ហេតុនេះហើយបានជាព្រះបន្ទូលរបស់ព្រះជូនយោបល់ថា៖ «ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ! ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់[ឬ«ហ្សីអូល», ព.ថ.] ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។ (សាស្ដា ៩:៥, ១០; លោកុប្បត្តិ ៣:១៩) មនុស្សភាគច្រើនមិនស្គាល់ពាក្យ«ហ្សីអូល»ទេ។ ទោះជាយើងមិនដឹងអំពីដើមកំណើតនៃពាក្យនេះក្ដី ហ្សីអូលជាពាក្យភាសាហេព្រើរដែលព្រះគម្ពីរពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ បកប្រែទៀងទាត់ថា «ស្ថានឃុំព្រលឹងមនុស្សស្លាប់»។ សាសនាជាច្រើនបង្រៀនថា មនុស្សស្លាប់នៅរស់ តែព្រះបន្ទូលដែលព្រះបណ្ដាលឲ្យមនុស្សសរសេរនោះបង្ហាញថា ពួកអ្នកនៅហ្សីអូលបានស្លាប់ហើយ ពោលគឺ លែងដឹងស្មារតីទៀត។ ហ្សីអូលសំដៅទៅកន្លែងណាក៏បានដែលមានសពមនុស្សស្លាប់។
៥, ៦. ពេលស្លាប់នោះ តើយ៉ាកុបទៅណា? ហើយតើគាត់នៅជាមួយអ្នកណាខ្លះនៅទីនោះ?
៥ ក្នុងព្រះគម្ពីរ ពាក្យ«ហ្សីអូល»ត្រូវសរសេរមុនគេបង្អស់ក្នុងសៀវភៅលោកុប្បត្តិ ៣៧:៣៥។ ពេលដែលបុព្វបុរសឈ្មោះយ៉ាកុបស្មានថាកូនស្ងួនភ្ងាឈ្មោះយ៉ូសែបបានស្លាប់ទៅនោះ យ៉ាកុបមិនព្រមឲ្យអ្នកដទៃដោះទុក្ខគាត់ទេ តែបានលាន់មាត់ថា៖ «អញនឹងចុះទៅឯកូនអញនៅ[ហ្សីអូល]ទាំងកាន់ទុក្ខផង!»។ យ៉ាកុបជឿថា កូនបានស្លាប់ហើយ ដូច្នេះយ៉ាកុបក៏មានចិត្តចង់ស្លាប់និងចូលហ្សីអូលដែរ។ ច្រើនឆ្នាំក្រោយមក កូនធំៗប្រាំបួននាក់របស់យ៉ាកុបចង់ឲ្យប្អូនពៅរួមដំណើរទៅស្រុកអេស៊ីប ដើម្បីរកចំណីអាហារដោយសារមានទុរភិក្សនៅគ្រានោះ។ ក៏ប៉ុន្តែ យ៉ាកុបបានបដិសេធយ៉ាងដាច់ខាតដោយនិយាយថា៖ «កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ។ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់[ហ្សីអូល]ដោយទុក្ខព្រួយហើយ»។ (លោកុប្បត្តិ ៤២:៣៦, ៣៨) ខគម្ពីរទាំងពីរនេះប្រើពាក្យហ្សីអូលដើម្បីសំដៅទៅលើសេចក្ដីស្លាប់ មិនមែនសំដៅទៅលើជីវិតប្រភេទផ្សេងក្រោយពីស្លាប់នោះឡើយ។
៦ កំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិបានឲ្យដឹងថា យ៉ូសែបបានក្លាយជាអ្នកចាត់ចែងអាហារនៅស្រុកអេស៊ីប។ ជាលទ្ធផល យ៉ាកុបបានធ្វើដំណើរទៅស្រុកអេស៊ីបដើម្បីជួបយ៉ូសែបម្ដងទៀតដោយចិត្តសប្បាយរីករាយ។ ក្រោយនោះមក យ៉ាកុបមានអាយុវែងហើយស្នាក់នៅស្រុកអេស៊ីបរហូតដល់ស្លាប់ ពេលដែលមានអាយុ១៤៧ឆ្នាំ។ ស្របទៅតាមសំណូមពររបស់យ៉ាកុបមុនគាត់ស្លាប់ទៅនោះ កូនប្រុសបានដឹកសពបិតាទៅកប់ក្នុងរូងភ្នំស្រុកម៉ាក់ពេឡានៅស្រុកកាណាន។ (លោកុប្បត្តិ ៤៧:២៨; ៤៩:២៩-៣១; ៥០:១២, ១៣) យ៉ាងនេះ យ៉ាកុបបានទៅនៅជាមួយបិតាឈ្មោះអ៊ីសាកនិងជីតាឈ្មោះអ័ប្រាហាំ។
‹ប្រមូលទៅមូលនឹងពួកអយ្យកោ›
៧, ៨. (ក) ពេលស្លាប់ តើអ័ប្រាហាំទៅណា? សូមពន្យល់។ (ខ) តើអ្វីបង្ហាញថាមនុស្សឯទៀតបានចូលហ្សីអូលដែរ?
៧ យូរឆ្នាំមុន ពេលដែលព្រះយេហូវ៉ាបញ្ជាក់ប្រាប់អ័ប្រាហាំអំពីកិច្ចព្រមព្រៀងទ្រង់ ហើយបានសន្យាថាពូជរបស់លោកនឹងចំរើនជាច្រើនឡើងនោះ ទ្រង់បានពន្យល់អំពីអ្វីដែលត្រូវកើតឡើងដល់អ័ប្រាហាំ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ឯឯងនឹងទៅឯពួកឰយុកោឯងដោយសុខសាន្ត ហើយគេនឹងកប់ឯង ក្រោយដែលឯងមានអាយុវែងល្អហើយ»។ (លោកុប្បត្តិ ១៥:១៥) ហើយនេះបានកើតឡើងពិតមែន។ លោកុប្បត្តិ ២៥:៨ ចែងថា៖ «កាលគាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះក៏ផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិគាត់វិញ»។ តើញាតិទាំងនោះជានរណា? លោកុប្បត្តិ ១១:១០-២៦ រៀបរាប់អំពីពួកអយ្យកោរបស់អ័ប្រាហាំតាំងពីសិមដែលជាកូនរបស់ណូអេ។ ដូច្នេះ ពេលដែលអ័ប្រាហាំស្លាប់ទៅនោះ គាត់ត្រូវប្រមូលទៅមូលនឹងពួកអ្នកទាំងនោះនៅហ្សីអូល។
៨ ពាក្យ«ប្រមូលទៅមូលនឹងញាតិ»នោះ មានជាច្រើនដងក្នុងបទគម្ពីរភាសាហេព្រើរ។ យ៉ាងនេះ ជាការសមហេតុផលឲ្យយើងសន្និដ្ឋានថា កូនរបស់អ័ប្រាហាំ ឈ្មោះអ៊ីសម៉ាអែល ព្រមទាំងបងប្រុសរបស់ម៉ូសេ ឈ្មោះអើរ៉ុន បានចូលហ្សីអូលពេលស្លាប់ ហើយត្រូវរង់ចាំនៅទីនោះទំរាំពេលត្រូវរស់ឡើងវិញ។ (លោកុប្បត្តិ ២៥:១៧; ជនគណនា ២០:២៣-២៩) ដូចគ្នាដែរ ម៉ូសេបានចូលហ្សីអូល ទោះជាគ្មានអ្នកណាដឹងថាផ្នូរគាត់នៅឯណាក្ដី។ (ជនគណនា ២៧:១៣; ចោទិយកថា ៣៤:៥, ៦) ស្រដៀងគ្នានេះ យ៉ូស្វេដែលជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែលបន្ទាប់ពីម៉ូសេ ព្រមទាំងមនុស្សមួយតំណនោះក៏បានចូលហ្សីអូលពេលស្លាប់ដែរ។—ពួកចៅហ្វាយ ២:៨-១០
៩. (ក) តើព្រះគម្ពីរបង្ហាញយ៉ាងណា ថាពាក្យ«ហ្សីអូល»ជាភាសាហេព្រើរ និងពាក្យ«ហាដេស»ជាភាសាក្រិចសំដៅទៅលើកន្លែងតែមួយ? (ខ) តើពួកអ្នកនៅហ្សីអូលឬហាដេសមានសេចក្ដីសង្ឃឹមអ្វី?
៩ រាប់សតវត្សរ៍ក្រោយមក ដាវីឌបានឡើងជាស្តេចនៃកុលសម្ព័ន្ធទាំង១២នៃសាសន៍អ៊ីស្រាអែល។ ពេលដែលទ្រង់សោយទិវង្គតនោះ ទ្រង់បាន«ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់»។ (ពង្សាវតារក្សត្រទី១ ២:១០) តើដាវីឌចូលហ្សីអូលដែរឬទេ? គួរឲ្យចាប់អារម្មណ៍មែន នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. សាវ័កពេត្រុសបានសំដៅទៅលើការសោយទិវង្គតរបស់ដាវីឌ ហើយបានដកស្រង់ពាក្យពីទំនុកដំកើង ១៦:១០ ដែលថា៖ «ទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុង[ហ្សីអូល]ទេ»។ ក្រោយបានប្រាប់ថាដាវីឌនៅក្នុងផ្នូរទ្រង់នៅឡើយ ពេត្រុសបានពន្យល់អំពីរបៀបដែលពាក្យនៅទំនុកដំកើងនោះសំដៅទៅលើព្រះយេស៊ូ ហើយថាដាវីឌ«បានឃើញការនោះជាមុន បានជា[ទ្រង់]សំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់[ឬ«ហាដេស», ព.ថ.]ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ។ ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា»។ (កិច្ចការ ២:២៩-៣២) នៅខនោះពេត្រុសបានប្រើពាក្យហាដេស ជាពាក្យភាសាក្រិចដែលមានអត្ថន័យដូចហ្សីអូលដែលជាភាសាហេព្រើរ។ ដូច្នេះ ពួកអ្នកនៅហាដេសមានស្ថានភាពដូចពួកអ្នកដែលនៅហ្សីអូល។ គឺប្រៀបដូចជាពួកគេដេកលក់ហើយកំពុងតែរង់ចាំថ្ងៃដែលត្រូវប្រោសឲ្យរស់ឡើងវិញ។
តើមានមនុស្សទុច្ចរិតនៅហ្សីអូលទេ?
១០, ១១. ហេតុអ្វីបានជាយើងអាចសន្និដ្ឋានថា មនុស្សទុច្ចរិតខ្លះចូលហ្សីអូលឬហាដេសពេលស្លាប់?
១០ ក្រោយពីម៉ូសេបាននាំមុខប្រជាជនចេញពីស្រុកអេស៊ីបនោះ មានការបះបោរផ្ទុះឡើងក្នុងទីរហោស្ថាន។ ម៉ូសេបានប្រាប់ដល់ប្រជាជនថា គេត្រូវញែកខ្លួនដោយឡែកពីចំណោមពួកមេបះបោរ ឈ្មោះកូរេ ដាថាននិងអ័ប៊ីរ៉ាម។ អ្នកទាំងនោះត្រូវស្លាប់ដោយរបៀបសាហាវ។ ម៉ូសេបានពន្យល់ថា៖ «បើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅតាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ។ តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ នឹងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ទៅក្នុង[ហ្សីអូល] នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយដល់ព្រះយេហូវ៉ាហើយ»។ (ជនគណនា ១៦:២៩, ៣០) ដូច្នេះ មិនថាមនុស្សស្លាប់ទៅដោយដីហាឡើងលេបពួកគេឬមានភ្លើងឆេះក្ដី ដូចក្នុងករណីលោកកូរេនិងពួកលេវី២៥០នាក់ដែលជាជនពាក់ព័ន្ធនឹងគាត់ នោះអ្នកបះបោរទាំងអស់នេះបានចូលហ្សីអូលឬហាដេស។—ជនគណនា ២៦:១០
១១ លោកស៊ីម៉ាយជាអ្នកជេរប្រមាថស្តេចដាវីឌ ហើយគាត់បានទទួលទោសពីសាឡូម៉ូនដែលជាអ្នកស្នងរាជ្យពីដាវីឌ។ ដាវីឌបានបង្គាប់ថា៖ «កុំទុកឲ្យវានៅជាឥតទោសឡើយ ដ្បិតឯងជាអ្នកប្រាជ្ញ ឯងដឹងជាត្រូវប្រព្រឹត្តយ៉ាងណាដល់វា ត្រូវឲ្យសក់ស្កូវវាចុះទៅដល់[ហ្សីអូល]ដោយឈាម»។ សាឡូម៉ូនបានបង្គាប់ឲ្យលោកបេណាយ៉ាកាត់ទោស។ (ពង្សាវតារក្សត្រទី១ ២:៨, ៩, ៤៤-៤៦) អតីតមេទ័ពរបស់សាសន៍អ៊ីស្រាអែល ឈ្មោះយ៉ូអាប់ ជាមនុស្សម្នាក់ទៀតដែលបេណាយ៉ាបានប្រហារជីវិត។ សក់ស្កូវរបស់គាត់ក៏មិនបាន«ចុះទៅដល់[ហ្សីអូល]ដោយសុខសាន្ត»ដែរ។ (ពង្សាវតារក្សត្រទី១ ២:៥, ៦, ២៨-៣៤) គំរូទាំងពីរនេះបង្ហាញអំពីសច្ចភាពនៃចំរៀងដែលព្រះបានបណ្ដាលឲ្យដាវីឌតែងថា៖ «ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯ[ហ្សីអូល]វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់»។—ទំនុកដំកើង ៩:១៧
១២. តើអ័ហ៊ីថូផែលជាអ្នកណា? ហើយពេលស្លាប់នោះ តើគាត់ទៅណា?
១២ លោកអ័ហ៊ីថូផែលជាទីប្រឹក្សារបស់ដាវីឌ។ ដាវីឌបានព្រមទទួលឱវាទពីគាត់ហាក់ដូចជាមកពីព្រះយេហូវ៉ាផ្ទាល់។ (សាំយូអែលទី២ ១៦:២៣) គួរឲ្យស្ដាយណាស់ អ្នកបំរើនេះដែលដាវីឌធ្លាប់ទុកចិត្ត បានក្លាយជាអ្នកក្បត់វិញ ហើយបានរួមដៃជាមួយនឹងបុត្រារបស់ដាវីឌ ឈ្មោះអាប់សាឡំម ក្នុងការធ្វើរដ្ឋប្រហារ។ តាមមើលទៅ ដាវីឌបានសំដៅទៅលើការក្បត់នោះពេលដែលទ្រង់សរសេរថា៖ «មិនមែនជាខ្មាំងសត្រូវដែលបកកេរខ្ញុំ យ៉ាងនោះខ្ញុំនឹងធន់ទ្រាំបាន។ ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំ នោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ»។ ដាវីឌបានសរសេរទៀតថា៖ «សូមឲ្យសេចក្ដីស្លាប់លោមកគ្របលើគេ! ឲ្យគេចុះទាំងរស់ទៅក្នុង[ហ្សីអូល] ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ ហើយនៅខាងក្នុងគេផង»។ (ទំនុកដំកើង ៥៥:១២-១៥) ពេលស្លាប់ទៅនោះ អ័ហ៊ីថូផែលនិងពួកគ្នីគ្នារបស់គាត់បានចូលហ្សីអូល។
តើអ្នកណាខ្លះចូលហ្គេហេណា?
១៣. ហេតុអ្វីបានជាយូដាសបានត្រូវហៅជា‹១នាក់ដែលបានតម្រូវឲ្យត្រូវវិនាស›?
១៣ សូមប្រៀបធៀបស្ថានភាពរបស់ដាវីឌនិងអ្វីដែលព្រះយេស៊ូពិសោធក្នុងនាមជាដាវីឌដ៏ឧត្តមជាង។ បុគ្គលម្នាក់ពីចំណោមសាវ័ក១២នាក់របស់ព្រះយេស៊ូ ពោលគឺយូដាស អ៊ីស្ការីយ៉ុត បានក្លាយជាអ្នកក្បត់ដូចអ័ហ៊ីថូផែលនោះដែរ។ តែការក្បត់របស់យូដាសគឺអាក្រក់ជាងការប្រព្រឹត្តរបស់អ័ហ៊ីថូផែលទៅទៀត។ យូដាសបានប្រឆាំងនឹងរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់។ ពេលដែលរាជបុត្រារបស់ព្រះបានអធិស្ឋាននៅដំណាច់កិច្ចបំរើផ្សាយរបស់ទ្រង់នៅលើផែនដី ទ្រង់បានរាយការណ៍អំពីពួកអ្នកកាន់តាមទ្រង់ថា៖ «កាលទូលបង្គំនៅក្នុងលោកីយជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នកដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសំរេចតាមបទគម្ពីរ»។ (យ៉ូហាន ១៧:១២) ពេលដែលព្រះយេស៊ូសំដៅទៅលើយូដាសជា‹១នាក់ដែលបានតម្រូវឲ្យត្រូវវិនាស›នោះ ទ្រង់បង្ហាញថា ពេលដែលយូដាសស្លាប់ទៅនោះ គាត់គ្មានសេចក្ដីសង្ឃឹមរស់ឡើងវិញទេ។ យូដាសមិនស្ថិតក្នុងការនឹកចាំរបស់ព្រះសោះឡើយ។ យូដាសមិនបានចូលហ្សីអូលទេ តែបានចូលហ្គេហេណាវិញ។ តើហ្គេហេណាជាអ្វីទៅ?
១៤. តើហ្គេហេណាតំណាងអ្វី?
១៤ ព្រះយេស៊ូបានកាត់ទោសពួកមេដឹកនាំសាសនានៅសម័យទ្រង់ដោយព្រោះគេធ្វើឲ្យសិស្សម្នាក់«ទៅជាគួរធ្លាក់ទៅនរក[ឬ«ហ្គេហេណា», ព.ថ.]»។a (ម៉ាថាយ ២៣:១៥) នៅសម័យនោះ ប្រជាជនបានស្គាល់យ៉ាងច្បាស់នូវច្រកភ្នំហ៊ីនណំម ជាកន្លែងដែលគេចាក់សំរាម។ ពេលប្រហារជីវិតឧក្រិដ្ឋជន គេក៏បានចោលសពវានៅទីនោះ ដោយចាត់ទុកវាជាមនុស្សដែលមិនគួរឲ្យយកសពមកកប់ឲ្យបានសមរម្យនោះទេ។ មុននោះទៅទៀត ព្រះយេស៊ូបានមានបន្ទូលអំពីហ្គេហេណាពេលដែលទ្រង់ធ្វើធម្មទាននៅលើភ្នំ។ (ម៉ាថាយ ៥:២៩, ៣០) អ្នកស្ដាប់បានយល់ច្បាស់នូវអត្ថន័យជានិមិត្តរូបថា ហ្គេហេណាតំណាងនូវការបំផ្លាញចោលទាំងស្រុង ដោយគ្មានសេចក្ដីសង្ឃឹមឲ្យរស់ឡើងវិញឡើយ។ ក្រៅពីយូដាស អ៊ីស្ការីយ៉ុតនៅសម័យព្រះយេស៊ូនោះ តើមានមនុស្សណាទៀតចូលហ្គេហេណាជាជាងចូលហ្សីអូលឬហាដេសពេលស្លាប់ឬទេ?
១៥, ១៦. ពេលស្លាប់ទៅនោះ តើមនុស្សណាខ្លះបានចូលហ្គេហេណា? ហើយហេតុអ្វីបានជាពួកគេទៅទីនោះ?
១៥ មនុស្សដំបូងបង្អស់ គឺអ័ដាមនិងអេវ៉ា បានត្រូវបង្កើតមកជាមនុស្សគ្រប់ល័ក្ខណ៍។ ពួកគេបានប្រព្រឹត្តអំពើបាបដោយចេតនា។ ពួកគេទាំងពីរនាក់អាចរស់ជារៀងរហូតបាន ឬអាចស្លាប់ក៏បាន។ ពួកគេមិនបានស្ដាប់បង្គាប់ព្រះទេ តែបានគាំទ្រសាតាំងវិញ។ ពេលស្លាប់ទៅនោះ ពួកគេគ្មានសេចក្ដីសង្ឃឹមទទួលប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះគ្រីស្ទទេ។ ផ្ទុយទៅវិញ ពួកគេបានចូលហ្គេហេណា។
១៦ កូនច្បងរបស់អ័ដាម ឈ្មោះកាអ៊ីន បានសម្លាប់ប្អូនខ្លួនឈ្មោះអេបិល ហើយបន្ទាប់មកបានត្រូវបំបរបង់ចេញពីញាតិសន្ដានខ្លួន។ សាវ័កយ៉ូហានបានពណ៌នាអំពីកាអ៊ីនជាអ្នក«ដែលកើតពីមេកំណាចមក»។ (យ៉ូហានទី១ ៣:១២) គឺសមហេតុសមផលឲ្យយើងសន្និដ្ឋានថា ពេលដែលកាអ៊ីនស្លាប់ទៅនោះ គាត់បានចូលហ្គេហេណាដូចមាតាបិតាគាត់ដែរ។ (ម៉ាថាយ ២៣:៣៣, ៣៥) នេះគឺខុសស្រឡះពីស្ថានភាពនៃអេបិលដែលជាមនុស្សសុចរិតវិញ! ប៉ុលបានពន្យល់ថា៖ «ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង បានជាទោះបើគាត់ស្លាប់ក៏ដោយ គង់តែនៅមាននិយាយទៅទៀត ដោយសារដង្វាយនោះឯង»។ (ហេព្រើរ ១១:៤) ពិតមែនហើយ អេបិលកំពុងតែរង់ចាំនៅហ្សីអូលទំរាំដល់ពេលត្រូវប្រោសឲ្យរស់ឡើងវិញ។
ដំណើររស់ឡើងវិញ«ជាន់មុនដំបូង»ដែល«ប្រសើរជាង»
១៧. (ក) ក្នុងកំឡុង«គ្រាចុងបំផុត»នេះ តើអ្នកណាចូលហ្សីអូល? (ខ) តើពួកអ្នកនៅហ្សីអូលនិងហ្គេហេណាមានសេចក្ដីសង្ឃឹមអ្វី?
១៧ មនុស្សជាច្រើនដែលអានព័ត៌មាននេះនឹងឆ្ងល់អំពីស្ថានភាពនៃមនុស្សដែលស្លាប់ក្នុងកំឡុង«គ្រាចុងបំផុត»នេះ។ (ដានីយ៉ែល ៨:១៩) សៀវភៅវិវរណៈជំពូកទី៦ ពណ៌នាអំពីដំណើរនៃអ្នកជិះសេះបួននាក់នៅគ្រាចុងបំផុតនោះ។ គួរឲ្យចាប់អារម្មណ៍ណាស់ថា អ្នកដែលជិះសេះចុងក្រោយគេបង្អស់មានឈ្មោះថា សេចក្ដីស្លាប់ ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ឬហាដេសក៏តាមអ្នកនោះទៅ។ នេះបានន័យថា មនុស្សជាច្រើនដែលស្លាប់មុនអាយុដោយសារអ្វីដែលអ្នកជិះសេះមុនទាំងប៉ុន្មានបានធ្វើនោះ ត្រូវចូលហាដេសនិងរង់ចាំនៅទីនោះទាល់តែប្រោសឲ្យរស់ឡើងវិញក្នុងពិភពលោកថ្មីរបស់ព្រះ។ (វិវរណៈ ៦:៨) បើដូច្នេះ តើពួកអ្នកនៅហ្សីអូល (ហាដេស) និងហ្គេហេណាមានសេចក្ដីសង្ឃឹមអ្វី? និយាយឲ្យចំទៅ ពួកអ្នកនៅហ្សីអូលឬហាដេសនឹងរស់ឡើងវិញ តែពួកអ្នកនៅហ្គេហេណានឹងទទួលសេចក្ដីហិនវិនាសហើយលែងមានជីវិតទៀតជារៀងរហូត។
១៨. តើ«ខណរស់ឡើងវិញជាន់មុនដំបូង»ផ្ដល់ឲ្យមានសេចក្ដីសង្ឃឹមអ្វី?
១៨ សាវ័កយ៉ូហានបានសរសេរថា៖ «មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្ដីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ នឹងព្រះគ្រីស្ទ ហើយនឹងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ»។ ពួកអ្នកដែលនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទ នឹងមានចំណែកក្នុង«ខណរស់ឡើងវិញជាន់មុនដំបូង»។ ប៉ុន្តែ ចុះយ៉ាងណាចំពោះមនុស្សជាតិឯទៀត តើពួកគេមានសេចក្ដីសង្ឃឹមអ្វី?—វិវរណៈ ២០:៦
១៩. តើមនុស្សខ្លះនឹងទទួលប្រយោជន៍អ្វីពីដំណើរ«រស់ឡើងវិញបែបប្រសើរជាង»?
១៩ ការប្រោសមនុស្សឲ្យរស់ឡើងវិញជាអព្ភូតហេតុដែលមានតាំងពីជំនាន់អេលីយ៉ានិងអេលីសេដែលជាអ្នកបំរើព្រះ។ ប៉ុលបានរៀបរាប់អំពីព្រឹត្ដិការណ៍ពីមុនថា៖ «ពួកស្រីៗបានទទួលមនុស្សស្លាប់របស់ខ្លួនមក ដោយរស់ពីស្លាប់ឡើងវិញ ខ្លះត្រូវគេធ្វើទុក្ខវេទនា ឥតទទួលការប្រោសលោះឲ្យរួចឡើយ គឺដើម្បីឲ្យបានរស់ឡើងវិញបែបប្រសើរជាង»។ ពិតមែនហើយ ពួកអ្នកស្មោះភក្ដីទាំងនោះដែលមានចិត្តស្មោះគ្រប់ល័ក្ខណ៍ បានរង់ចាំគ្រាត្រូវប្រោសឲ្យរស់ឡើងវិញដែលឲ្យពួកគាត់រស់មិនគ្រាន់តែប៉ុន្មានឆ្នាំហើយស្លាប់ម្ដងទៀតនោះទេ តែពួកគាត់នឹងរស់រានមានជីវិតជារៀងរហូតវិញ! ដំណើររស់ឡើងវិញនោះពិតជាការប្រោសឲ្យ«រស់ឡើងវិញបែបប្រសើរជាង»មែន។—ហេព្រើរ ១១:៣៥
២០. តើអត្ថបទជាបន្ទាប់នឹងពិគ្រោះអំពីអ្វី?
២០ ប្រសិនបើយើងស្លាប់មុនពេលដែលព្រះយេហូវ៉ានាំឲ្យរបបលោកីយ៍ដ៏អាក្រក់នេះមកដល់ទីបញ្ចប់ យើងមានសេចក្ដីសង្ឃឹមដ៏ជាក់ច្បាស់មួយស្តីអំពីដំណើរ«រស់ឡើងវិញបែបប្រសើរជាង» នេះគឺប្រសើរជាងក្នុងលក្ខណៈថា នឹងមានជីវិតជារៀងរហូត។ ព្រះយេស៊ូបានសន្យាថា៖ «កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩) អត្ថបទជាបន្ទាប់នឹងពិគ្រោះបន្តទៅទៀតអំពីគោលបំណងនៃដំណើររស់ឡើងវិញ។ អត្ថបទនោះនឹងបង្ហាញនូវរបៀបដែលសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញអាចពង្រឹងកម្លាំងយើងដើម្បីរក្សាឲ្យមានចិត្តស្មោះគ្រប់ល័ក្ខណ៍ ហើយជួយយើងបណ្ដុះឲ្យមានស្មារតីលះបង់។
[កំណត់សម្គាល់]
a ពាក្យភាសាក្រិចហ្គេហេណាដែលមានន័យថា «ច្រកភ្នំហ៊ីនណំម» បានត្រូវបកប្រែយ៉ាងទៀងទាត់ក្នុងព្រះគម្ពីរពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដោយប្រើពាក្យ«នរក»វិញ។
តើអ្នកនៅចាំទេ?
• ហេតុអ្វីបានជាព្រះយេហូវ៉ាបានត្រូវពណ៌នាជាព្រះ«នៃមនុស្សរស់»?
• តើពួកអ្នកនៅហ្សីអូលមានស្ថានភាពអ្វី?
• តើអ្វីនឹងកើតឡើងដល់ពួកអ្នកនៅហ្គេហេណា?
• តើមនុស្សខ្លះនឹងទទួលប្រយោជន៍អ្វីពីដំណើរ«រស់ឡើងវិញបែបប្រសើរជាង»?
[រូបភាពនៅទំព័រ១៥]
ដូចអ័ប្រាហាំ មនុស្សដែលចូលហ្សីអូលអាចរស់ឡើងវិញបាន
[រូបភាពនៅទំព័រ១៦]
ហេតុអ្វីក៏អ័ដាមនិងអេវ៉ាព្រមទាំងកាអ៊ីននិងយូដាស អ៊ីស្ការីយ៉ុតបានចូលហ្គេហេណា?