បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៦ ទំ. ១៧-២២
  • តើអ្នកពិតជាជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកពិតជាជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មនុស្ស​នឹង​គេច​ផុត​ពី​ស្លាប់​ដោយ​រស់​ឡើង​វិញ
  • ការ​សម្រាល​ទុក្ខ ដោយ​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
  • តើ​ជំនឿ​នេះ​ជះ​ឥទ្ធិពល​បែប​ណា​លើ​ជីវិត​យើង?
  • សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញគឺពិតប្រាកដមែន!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ដំណើររស់ឡើងវិញជាសេចក្ដីបង្រៀនដែលមានអានុភាពលើអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ឥទ្ធិពលនៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ តើមានអត្ថន័យអ្វីចំអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៦ ទំ. ១៧-២២

តើ​អ្នក​ពិត​ជា​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ?

​«មនុស្ស[ស្លាប់​នឹង]​រស់​ឡើង​វិញ»។—កិច្ចការ ២៤:១៥

១​. ហេតុ​អ្វី​មើល​ទៅ​ដូច​ជា​យើង​មិន​អាច​ជៀស​វាង​ពី​ការ​ស្លាប់?

​«ក្នុង​ជីវិត​នេះ មាន​តែ​សេចក្ដី​ស្លាប់​និង​ការ​បង់​ពន្ធ​ប៉ុណ្ណោះ​ដែល​យើង​គេច​មិន​ផុត»។ លោក​បិនយ៉ា​មិន ហ្វ្រាងលិន​ដែល​ជា​រដ្ឋ​បុរស​ម្នាក់​ជនជាតិ​អាម៉េរិក បាន​សរសេរ​ពាក្យ​ទាំង​នេះ​នៅ​ឆ្នាំ​១៧៨៩។ មនុស្ស​ខ្លះ​គិត​ថា នេះ​ជា​ពាក្យ​ពេចន៍​ដែល​ប្រកប​ដោយ​ប្រាជ្ញា ប៉ុន្តែ​តាម​ការ​ពិត មនុស្ស​ជា​ច្រើន​អាច​គេច​មិន​បង់​ពន្ធ​បាន។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ឡើយ។ បើ​ពឹង​ទៅ​លើ​សមត្ថភាព​ខ្លួន​ឯង យើង​មិន​អាច​ជៀស​វាង​ពី​ការ​ស្លាប់​បាន​ទេ។ យើង​ទាំង​អស់​គ្នា​ចេះ​តែ​ចាស់​ទៅ​ហើយ​ស្លាប់​ផង។ ក្នុង​គម្ពីរ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ (ការ​ស្លាប់) ប្រៀប​ដូច​ជា​អ្វី​ដែល​ត្របាក់​ស៊ី​មនុស្ស​ដែល​ជា​ទី​ស្រឡាញ់ និង​មិន​ចេះ​ស្កប់ស្កល់​ឡើយ។ (សុភាសិត ២៧:២០) ប៉ុន្តែ សូម​គិត​អំពី​ចំណុច​មួយ​នេះ​ដែល​អាច​សម្រាល​ទុក្ខ​យើង​បាន។

២, ៣​. (ក) ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ជឿ​ថា​ពួក​គេ​អាច​គេច​ផុត​ពី​ការ​ស្លាប់​បាន? (ខ) តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

២ គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ហេតុ​ឲ្យ​យើង​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ។ នេះ​ជា​សេចក្ដី​សង្ឃឹម​ពិត មិន​មែន​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ​ទេ ហើយ​គ្មាន​អ្វី​ក៏​ដោយ​ក្នុង​សកលលោក​នេះ​ដែល​អាច​បង្អាក់​ដល់​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ដូច្នេះ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ ជឿ​ថា​ពួក​គេ​នឹង​គេច​ផុត​ពី​ការ​ស្លាប់​បាន។ តើ​ពួក​គេ​អាច​គេច​ផុត​បាន​យ៉ាង​ណា? «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​គ្មាន​កំណត់​ចំនួន នឹង​រួច​រស់​ជីវិត​ពី​«គ្រា​វេទនា​យ៉ាង​ធំ»​នា​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ។ (វិវរណៈ ៧:៩, ១០, ១៤) ពួក​គេ​នឹង​រស់​ត​ទៅ​ទៀត​ដោយ​មាន​សង្ឃឹម​ទទួល​ជីវិត​គ្មាន​ទីបញ្ចប់។ ដូច្នេះ ពួក​គេ​អាច​គេច​ផុត​ពី​ការ​ស្លាប់ ហើយ​នៅ​ទីបំផុត ព្រះ​នឹង‹បំផ្លាញ​សេចក្ដី​ស្លាប់›ចោល​តែ​ម្ដង។—កូរិនថូសទី១ ១៥:២៦

៣ គួរ​គប្បី​ឲ្យ​យើង​ជឿជាក់​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ដូច​ដែល​សាវ័ក​ប៉ុល​ជឿ​និង​មាន​ប្រសាសន៍​ថា​៖ ‹មនុស្ស​សុចរិត​នឹង​មនុស្ស​ទុច្ចរិត​នឹង​រស់​ឡើង​វិញ​ទាំង​អស់​គ្នា›។ (កិច្ចការ ២៤:១៥) ឥឡូវ​យើង​សូម​ឆ្លើយ​សំណួរ​បី​ស្តី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ទី​មួយ ហេតុ​អ្វី​បាន​ជា​យើង​អាច​ជឿជាក់​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ? ទី​ពីរ តើ​ជំនឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​អាច​សម្រាល​ទុក្ខ​អ្នក​បាន​យ៉ាង​ណា? ទី​បី តើ​ជំនឿ​នេះ​ជះ​ឥទ្ធិពល​បែប​ណា​លើ​ជីវិត​របស់​អ្នក​នៅ​សព្វ​ថ្ងៃ​នេះ?

មនុស្ស​នឹង​គេច​ផុត​ពី​ស្លាប់​ដោយ​រស់​ឡើង​វិញ

៤​. តើ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ទាក់ទង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

៤ មាន​កត្ដា​មួយ​ចំនួន​ធានា​ថា មនុស្ស​នឹង​គេច​ផុត​ពី​ស្លាប់​ដោយ​រស់​ឡើង​វិញ​មែន។ មូលហេតុ​សំខាន់​បំផុត គឺ​ដោយសារ​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ឲ្យ​មនុស្ស​រស់។ សូម​ចាំ​ថា សាតាំង​បាន​ញុះញង់​មនុស្ស​ឲ្យ​ធ្វើ​អំពើ​បាប ហើយ​ជា​លទ្ធផល​នោះ មនុស្ស​ទាំង​អស់​ចេះ​តែ​ស្លាប់។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​ហៅ​សាតាំង​ថា «ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក»។ (យ៉ូហាន ៨:៤៤) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា អង្គការ​របស់​ទ្រង់​នៅ​ស្ថានសួគ៌​ដែល​ប្រៀប​ដូច​ជា​«ស្ត្រី»​មួយ​រូប នឹង​បង្កើត​«ពូជ»​មួយ​ដែល​នឹង​កិន​ក្បាល​«ពស់​ពី​បុរាណ» គឺ​សាតាំង ហើយ​បំផ្លាញ​វា​ឲ្យ​សាប​សូន្យ​ទៅ។ (លោកុប្បត្តិ ៣:១​-​៦, ១៥; វិវរណៈ ១២:៩, ១០; ២០:១០) បន្ដិច​ម្ដងៗ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ឲ្យ​មនុស្ស​ដឹង​អំពី​គោល​បំណង​របស់​ទ្រង់​ស្តី​អំពី​អ្វី​ដែល​ព្រះ​មេស្ស៊ី​នឹង​សម្រេច​ក្នុង​នាម​ជា​ពូជ​សន្យា​នោះ។ យូរ​ក្រោយ​មក ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ដឹង​ថា ពូជ​នោះ​នឹង​មិន​គ្រាន់​តែ​បំផ្លាញ​សាតាំង​ចោល​ទេ តែ​នឹង​បំផ្លាញ​អ្វី​ទៀត​ដែរ។ គម្ពីរ​ដែល​ជា​បណ្ដាំ​ព្រះ​យេហូវ៉ា​ចែង​ថា​៖ «ហេតុ​នោះ​បាន​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ»។ (យ៉ូហានទី១ ៣:៨) មនុស្ស​តែង​តែ​ស្លាប់​ពីព្រោះ​យើង​បាន​ទទួល​បាប​ទុក​ជា​មត៌ក​ពី​អ័ដាម។ ដូច្នេះ សេចក្ដី​ស្លាប់​នោះ​ឯង​ជា​«ការ»​ដ៏​អាក្រក់​មួយ​របស់​សាតាំង ដែល​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ដក​ចេញ​និង​បំផ្លាញ​ចោល​ដោយសារ​ព្រះ​យេស៊ូ​គ្រិស្ត។ យ៉ាង​នេះ ការ​បូជា​ជីវិត​របស់​ព្រះ​យេស៊ូ​ទុក​ជា​តម្លៃ​លោះ និង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ជា​អ្វី​ដ៏​សំខាន់​ណាស់!—កិច្ចការ ២:២២​-​២៤; រ៉ូម ៦:២៣

៥​. តើ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នឹង​លើក​តម្កើង​ឈ្មោះ​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៥ ព្រះ​យេហូវ៉ា​មាន​បំណង​លើក​តម្កើង​ឈ្មោះ​ពិសិដ្ឋ​របស់​ទ្រង់។ សាតាំង​បាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ព្រះ​យេហូវ៉ា ហើយ​វា​ចេះ​តែ​ភូត​កុហក​រហូត។ សាតាំង​បាន​និយាយ​កុហក​ពេល​វា​ប្រាប់​អ័ដាម​និង​អេវ៉ា​ថា បើ​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​យេហូវ៉ា​ហាម​នោះ ពួក​គេ‹នឹង​មិន​ស្លាប់​ទេ›។ (លោកុប្បត្តិ ២:១៦, ១៧; ៣:៤) តាំង​ពី​គ្រា​នោះ​មក សាតាំង​បាន​ផ្សាយ​រឿង​មិន​ពិត​ដូចៗ​គ្នា ដូច​ជា​សេចក្ដី​បង្រៀន​ថា​មនុស្ស​យើង​មាន​ព្រលឹង​ដែល​គេច​ពី​រូប​កាយ​ពេល​យើង​ស្លាប់។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ នោះ​ជា​ទី​សំអាង​ថា សេចក្ដី​បង្រៀន​អំពី​ព្រលឹង​អមតៈ​សុទ្ធតែ​ជា​ពាក្យ​កុហក។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​មួយ​ដង​ជា​សម្រេច​ថា មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទេ ដែល​អាច​ការពារ​ជីវិត​មនុស្ស​បាន និង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង។

៦, ៧​. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ? តើ​យើង​អាច​ដឹង​អំពី​អារម្មណ៍​របស់​ទ្រង់​បាន​យ៉ាង​ដូច​ម្ដេច?

៦ ព្រះ​យេហូវ៉ា​រង់ចាំ​ដោយ​រីករាយ​នូវ​ឱកាស​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ គម្ពីរ​ព្រះ​រៀប​រាប់​យ៉ាង​ច្បាស់​លាស់​អំពី​អារម្មណ៍​របស់​ទ្រង់​ស្តី​អំពី​ការ​ប្រោស​លោះ​នោះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ពាក្យ​ដែល​ទ្រង់​បណ្ដាល​ឲ្យ​បុរស​ស្មោះ​ត្រង់​ឈ្មោះ​យ៉ូប​សរសេរ។ គាត់​សរសេរ​ថា​៖ ‹បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ? បើ​មាន នោះ​ខ្ញុំ​នឹង​រង់ចាំ​[«គ្រប់​ពេល​វេលា»]​ដរាប​ដល់​កំណត់។ នោះ​ទ្រង់​នឹង​ហៅ ហើយ​ខ្ញុំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ​ទ័យ​[«រីករាយ​នឹង»]​ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ›។ (យ៉ូប ១៤:១៤, ១៥; ខ.ស.) តើ​ពាក្យ​ទាំង​នេះ​មាន​ន័យ​អ្វី?

៧ យ៉ូប​ដឹង​ថា ពេល​ស្លាប់ គាត់​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​ការ​ដេក​លក់​មួយ​រយៈ។ យ៉ូប​ចាត់​ទុក​គ្រា​នោះ​ជា‹ពេល​កំណត់› ទំរាំ​ដល់​ពេល​ដែល​គាត់​អាច​គេច​ផុត​បាន។ យ៉ូប​មិន​សង្ស័យ​សោះ ថា​គាត់​នឹង​រស់​ឡើង​វិញ។ ហេតុ​អ្វី​បាន​ជា​គាត់​មាន​ជំនឿ​ជឿជាក់​ម្ល៉េះ? គឺ​ពីព្រោះ​គាត់​ដឹង​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា។ យ៉ូប​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន‹បំណង​ព្រះ​ទ័យ​រីករាយ›ចង់​ប្រោស​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យ​រស់​ម្ដង​ទៀត។ ត្រូវ​មែន ព្រះ​យេហូវ៉ា​ប្រាថ្នា​ចង់​ប្រោស​មនុស្ស​សុចរិត​ទាំង​អស់​ឲ្យ​រស់​ឡើង​វិញ។ ព្រះ​យេហូវ៉ា​ក៏​នឹង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ឯ​ទៀត​រស់​ក្នុង​សួន​មនោរម្យ​នៅ​ផែនដី​ដែរ។ (លូកា ២៣:​៤៣; យ៉ូហាន ៥:២៨, ២៩) បើ​ព្រះ​យេហូវ៉ា​មាន​បំណង​ធ្វើ​ដូច្នេះ នោះ​គ្មាន​អ្នក​ណា​អាច​បង្អាក់​ដល់​គោល​បំណង​របស់​ទ្រង់​ទេ មែន​ទេ?

៨​. ដើម្បី​ឲ្យ​យើង​មាន​ក្ដី​សង្ឃឹម​ចំពោះ​ពេល​អនាគត តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់‹ភស្តុ​តាង​ជាក់លាក់›អ្វី?

៨ ការ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ជា​ភ័ស្តុតាង​ដែល​ធានា​ថា​យើង​អាច​មាន​ក្ដី​សង្ឃឹម​ចំពោះ​ពេល​អនាគត។ ពេល​ប៉ុល​បាន​ថ្លែង​សុន្ទរកថា​នៅ​ទី​ក្រុង​អាថែន គាត់​ប្រកាស​ប្រាប់​ដល់​ពួក​គេ​ថា​៖ «[ព្រះ]​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំជំរះ​លោកីយ​ដោយ​យុត្ដិធម៌ ដោយសារ​មនុស្ស​ម្នាក់​ដែល​ទ្រង់​បាន​ដំ​រូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុតាង​សំញែង​យ៉ាង​ជាក់លាក់​ដល់​មនុស្ស​ទាំង​ឡាយ​ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។ (កិច្ចការ ១៧:៣១) ពេល​ឮ​ប៉ុល​និយាយ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​នោះ អ្នក​ខ្លះ​បាន​ចំអក​មើល​ងាយ​គាត់។ ប៉ុន្តែ អ្នក​ឯ​ទៀត​បាន​ជឿ​ភ្លាម។ ប្រហែល​ជា​ពួក​គេ​ជឿ​ពីព្រោះ​ប៉ុល​រៀប​រាប់​ពី​ភ័ស្តុតាង​ជាក់លាក់​ដែល​ធានា​ថា ការ​នោះ​អាច​កើត​ឡើង​មែន។ តាម​ពិត ពេល​ព្រះ​យេហូវ៉ា​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ នោះ​ហើយ​ជា​អព្ភូតហេតុ​អស្ចារ្យ​ជាង​អព្ភូតហេតុ​ឯ​ទៀត។ ព្រះ​យេហូវ៉ា​បាន​ប្រោស​បុត្រ​ទ្រង់​ឲ្យ​មាន​ជីវិត​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​អំណាច​ខ្លាំង​ក្លា។ (ធីម៉ូថេទី១ ៦:១៤​-​១៦) ក្រោយ​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ ទ្រង់​បាន​ទទួល​ឋានៈ​ខ្ពស់​ជាង​ឋានៈ​ដែល​ទ្រង់​មាន​មុន​ទ្រង់​បាន​ចាប់​កំណើត​ជា​មនុស្ស។ ព្រះ​យេស៊ូ​មាន​ជីវិត​អមតៈ ហើយ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​អំណាច​ខ្លាំង​ជាង​ទ្រង់។ ដូច្នេះ តាំង​ពី​នោះ​មក ព្រះ​យេស៊ូ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​សំខាន់ៗ​ពី​បិតា​ទ្រង់។ ព្រះ​យេហូវ៉ា​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​តាម​រយៈ​ព្រះ​យេស៊ូ មិន​ថា​ទ្រង់​ប្រោស​ពួក​គេ​ឲ្យ​រស់​នៅ​ស្ថានសួគ៌​ឬ​នៅ​ផែនដី​ក្ដី។ ព្រះ​យេស៊ូ​ក៏​បាន​ជម្រាប​ថា​៖ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត»។ (យ៉ូហាន ៥:២៥; ១១:​២៥) ពេល​ព្រះ​យេហូវ៉ា​ប្រោស​បុត្រ​ទ្រង់​ឲ្យ​រស់​ឡើង​វិញ នោះ​ហើយ​ជា​ភ័ស្តុតាង​ជាក់លាក់​ដែល​ធានា​ថា មនុស្ស​ស្មោះ​ត្រង់​ឯ​ទៀត​អាច​រស់​ឡើង​វិញ​បាន​ដែរ។

៩​. តើ​កំណត់​ក្នុង​គម្ពីរ​ផ្ដល់​ហេតុ​ណា​ខ្លះ​ឲ្យ​យើង​ជឿ​ថា​មនុស្ស​អាច​រស់​ឡើង​វិញ?

៩ សាក្សី​ជា​ច្រើន​បាន​ឃើញ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​ការ​ទាំង​នោះ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ។ កំណត់​ហេតុ​ក្នុង​គម្ពីរ​រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​មនុស្ស​៨​នាក់​ដែល​បាន​រស់​ឡើង​វិញ​នៅ​ផែនដី។ អព្ភូតហេតុ​ទាំង​នេះ​មិន​បាន​កើត​ឡើង​នៅ​ទី​កន្លែង​ស្ងាត់​ដាច់​ស្រយាល​ទេ តែ​ភាគ​ច្រើន​បាន​កើត​ឡើង​នៅ​មុខ​មនុស្ស​មួយ​ចំនួន​ទុក​ជា​សាក្សី។ លោក​ឡាសារ​បាន​ស្លាប់​អស់​បួន​ថ្ងៃ ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នៅ​មុខ​បណ្ដា​មនុស្ស​ជា​ច្រើន​ដែល​ទៅ​រួម​ទុក្ខ​សោក​បងប្អូន​គាត់។ ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ ច្បាស់​ជា​មាន​សមាជិក​គ្រួសារ​និង​មិត្តភក្ដិ​របស់​ឡាសារ ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លះ​ផង។ ការ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ​នោះ បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេស៊ូ​បាន​ទទួល​អំណាច​ពី​ព្រះ​យេហូវ៉ា ហើយ​ការ​នោះ​ផ្ដល់​ទី​សំអាង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពួក​មេ​ដឹក​នាំ​សាសនា​មិន​ហ៊ាន​បដិសេធ​នឹង​អព្ភូតហេតុ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ចាប់​ពី​ពេល​នោះ ពួក​គេ​មិន​គ្រាន់​តែ​មាន​ផែនការ​សម្លាប់​ព្រះ​យេស៊ូ​ប៉ុណ្ណោះ តែ​ពួក​គេ​ក៏​ចង់​សម្លាប់​ឡាសារ​ផង​ដែរ! (យ៉ូហាន ១១:១៧​-​៤៤, ៥៣; ១២:៩​-​១១) ត្រូវ​ហើយ យើង​អាច​មាន​ទំនុក​ចិត្ត​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​មែន! ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​គេ​សរសេរ​កំណត់​ហេតុ​អំពី​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ​នៅ​សម័យ​បុរាណ ដើម្បី​ពង្រឹង​ជំនឿ​និង​សម្រាល​ទុក្ខ​យើង។

ការ​សម្រាល​ទុក្ខ ដោយ​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

១០​. តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​កំណត់​ហេតុ​ក្នុង​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង?

១០ ពេល​ខ្លាច​ស្លាប់ តើ​អ្វី​នឹង​ជួយ​សម្រាល​ទុក្ខ​អ្នក​បាន? កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​ពន្យល់​អំពី​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ​ពី​បុរាណ អាច​ជួយ​សម្រាល​ទុក្ខ​អ្នក​បាន។ ពេល​អ្នក​អាន រំពឹង​គិត​និង​ស្រមៃ​ឃើញ​ព្រឹត្ដិការណ៍​ទាក់ទង​នឹង​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ​នោះ នេះ​អាច​ជួយ​ពង្រឹង​ជំនឿ​និង​សេចក្ដី​សង្ឃឹម​របស់​អ្នក។ (រ៉ូម ១៥:៤) កំណត់​ហេតុ​ទាំង​នោះ​មិន​មែន​ជា​រឿង​ព្រេង​ទេ។ ពួក​គេ​ជា​មនុស្ស​ដូច​អ្នក​ដែរ តែ​ពួក​គេ​គ្រាន់​តែ​រស់​នៅ​សម័យ​និង​ប្រទេស​ផ្សេង​វិញ។ ឥឡូវ​យើង​សូម​ពិនិត្យ​មើល​កំណត់​ហេតុ​ក្នុង​គម្ពីរ អំពី​មនុស្ស​ម្នាក់​ដែល​បាន​រស់​ឡើង​វិញ​មុន​គេ​បង្អស់។

១១, ១២​. (ក) តើ​ស្រី​មេម៉ាយ​នៅ​ក្រុង​សារិបតា​បាន​ជួបប្រទះ​ស្ថានការណ៍​ដ៏​ខ្លោចផ្សា​អ្វី? មុន​ដំបូង តើ​នាង​មាន​ប្រសាសន៍​យ៉ាង​ណា? (ខ) សូម​រៀប​រាប់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​អេលីយ៉ា​ធ្វើ​ដើម្បី​ជួយ​ស្រី​មេម៉ាយ​នោះ។

១១ សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​នៅ​សម័យ​បុរាណ​នោះ។ អស់​ប៉ុន្មាន​សប្ដាហ៍​ហើយ លោក​អេលីយ៉ា​ដែល​ជា​អ្នក​ថ្លែង​ទំនាយ បាន​ស្នាក់​នៅ​បន្ទប់​មួយ​នា​ដំបូល​ផ្ទះ​របស់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា។ គ្រា​នោះ​ជា​យុគ​សម័យ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ខ្លោច​ផ្សា ពីព្រោះ​តំបន់​នោះ​ជួប​ប្រទះ​ការ​អត់​អាហារ​ដោយសារ​អត់​មាន​ភ្លៀង។ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ហើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ផ្ដល់​អំណាច​ឲ្យ​អេលីយ៉ា​ធ្វើ​អព្ភូតហេតុ​មួយ​រយៈ ដើម្បី​ផ្គត់ផ្គង់​ស្រី​មេម៉ាយ​ល្អ​ម្នាក់​ដែល​ជឿ​លើ​ព្រះ​ហើយ​មាន​ចិត្ត​រាប​ទាប។ ស្ត្រី​នោះ​និង​កូន​ប្រុស​របស់​គាត់​ជិត​អស់​អាហារ​ហើយ ទាំង​ស្រេក​ឃ្លាន​ផង។ រួច​មក ព្រះ​យេហូវ៉ា​ផ្ដល់​អំណាច​ឲ្យ​អេលីយ៉ា​ធ្វើ​អព្ភូតហេតុ​កុំ​ឲ្យ​ពួក​គេ​អស់​ម្សៅ​នំប៉័ង​និង​ប្រេង។ ប៉ុន្តែ ទោះ​ជា​ពួក​គាត់​មាន​ម្ហូប​គ្រប់គ្រាន់​ក្ដី ក៏​មាន​រឿង​ខ្លោចផ្សា​មួយ​ទៀត​កើត​ឡើង។ កូន​របស់​ស្រី​មេម៉ាយ​ធ្លាក់​ខ្លួន​ឈឺ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ផុត​ដង្ហើម​ទៅ។ ស្រី​មេម៉ាយ​នោះ​ច្បាស់​ជា​ក្រៀម​ក្រំ​ចិត្ត​មែន! ពី​មុន គាត់​មាន​ជីវិត​ពិបាក​ហើយ ដោយសារ​គាត់​អត់​មាន​ស្វាមី​ដើម្បី​ជួយ​ចិញ្ចឹម​និង​ពង្រឹង​កម្លាំង​គាត់។ ប៉ុន្តែ ពេល​កូន​តែ​មួយ​របស់​នាង​ស្លាប់ នោះ​ហើយ​ជា​រឿង​អភ័ព្វ​ណាស់! ដោយសារ​នាង​សោក​សង្រេង​យ៉ាង​ខ្លាំង​នោះ នាង​ក៏​ដាក់​កំហុស​លើ​អេលីយ៉ា​និង​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​លោក។ តើ​អេលីយ៉ា​ធ្វើ​អ្វី?

១២ អេលីយ៉ា​មិន​ស្តី​បន្ទោស​ស្រី​មេម៉ាយ​ដែល​យល់​ច្រឡំ​ហើយ​ថ្កោល​ទោស​អេលីយ៉ា​និង​ព្រះ​យេហូវ៉ា​ទេ។ ផ្ទុយ​ទៅ​វិញ អេលីយ៉ា​និយាយ​ទៅ​កាន់​គាត់​ថា​៖ «សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ​ចុះ!»។ រួច​មក អេលីយ៉ា​បី​សព​វា​ឡើង​ទៅ​បន្ទប់​គាត់​នៅ​ដំបូល​ផ្ទះ ហើយ​គាត់​អធិស្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត អង្វរ​សូម​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​កូន​មាន​ជីវិត​ឡើង​វិញ។ នៅ​ទីបំផុត ព្រះ​យេហូវ៉ា​បាន​ប្រោស​ក្មេង​នោះ​ឲ្យ​រស់​ឡើង​វិញ​មែន! សូម​នឹក​គិត​អំពី​ទឹក​មុខ​រីករាយ​របស់​អេលីយ៉ា ពេល​គាត់​ឃើញ​ក្មេង​នោះ​ចាប់​ផ្ដើម​ដក​ដង្ហើម​វែង និង​បើក​ភ្នែក​ធំៗ​ឡើង។ ក្រោយ​មក អេលីយ៉ា​បាន​បី​កូន​ប្រុស​ចុះ​ទៅ​ឲ្យ​ម្ដាយ​វិញ ទាំង​មាន​ប្រសាសន៍​ថា​៖ «មើល! កូន​អ្នក​មាន​ជីវិត​រស់!»។ ស្រី​មេម៉ាយ​នោះ​មាន​ចិត្ត​រំភើប​ដល់​ម្ល៉េះ ទាំង​លាន់​មាត់​ថា​៖ «ឥឡូវ​នេះ​ខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត ហើយ​ថា ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ដែល​នៅ​មាត់​លោក នោះ​ជា​សេចក្ដី​ពិត​មែន»។ (ពង្សាវតារក្សត្រ​ទី១ ១៧:៨​-​២៤) ជា​លទ្ធផល ស្ត្រី​នោះ​មាន​ជំនឿ​រឹតតែ​ខ្លាំង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​អេលីយ៉ា​ដែល​ជា​អ្នក​តំណាង​ទ្រង់។

១៣​. តើ​កំណត់​ហេតុ​អំពី​ការ​ប្រោស​កូន​របស់​ស្រី​មេម៉ាយ​ឲ្យ​រស់​ឡើង​វិញ​សម្រាល​ទុក្ខ​យើង​បាន​យ៉ាង​ដូច​ម្ដេច?

១៣ ការ​រំពឹង​គិត​អំពី​កំណត់​ហេតុ​ផ្សេងៗ​ដូច​នេះ ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន។ ព្រឹត្ដិការណ៍​ទាំង​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​អាច​ឈ្នះ​លើ​ការ​ស្លាប់​ដែល​ប្រៀប​ដូច​ជា​ខ្មាំង​សត្រូវ​របស់​យើង! សូម​គិត​អំពី​អារម្មណ៍​របស់​មនុស្ស​រាប់​លាន​នាក់​ដែល​នឹង​រស់​ឡើង​វិញ​នៅ​ពេល​អនាគត។ ពួក​គេ​ច្បាស់​ជា​នឹង​មាន​អំណរ​ខ្លាំង​ដូច​ស្រី​មេម៉ាយ​នោះ​មែន! ហើយ​គ្រប់​រូប​នៅ​ស្ថានសួគ៌​ក៏​នឹង​រីករាយ​ឡើង​ដែរ ពេល​ព្រះ​យេហូវ៉ា​បង្គាប់​បុត្រ​ទ្រង់​ឲ្យ​ប្រោស​មនុស្ស​ទូទាំង​ពិភព​លោក​ឲ្យ​រស់​ឡើង​វិញ។ (យ៉ូហាន ៥:២៨, ២៩) តើ​ធ្លាប់​មាន​ញាតិ​មិត្ត​ឬ​ពួក​ម៉ាក​ជិត​ស្និទ្ធ​របស់​អ្នក​បាន​បាត់បង់​ជីវិត​ទេ? បើ​ដូច្នេះ អ្នក​មាន​ក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ ថា​ព្រះ​យេហូវ៉ា​មាន​បំណង​និង​អំណាច​ប្រោស​ពួក​សម្លាញ់​ទាំង​នោះ​ឲ្យ​រស់​ឡើង​វិញ!

តើ​ជំនឿ​នេះ​ជះ​ឥទ្ធិពល​បែប​ណា​លើ​ជីវិត​យើង?

១៤​. ជំនឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​អាច​ជះ​ឥទ្ធិពល​បែប​ណា​លើ​ជីវិត​របស់​អ្នក?

១៤ ជំនឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​អាច​ជះ​ឥទ្ធិពល​បែប​ណា​លើ​ជីវិត​យើង​ពេល​ឥឡូវ​នេះ? ពេល​យើង​មាន​បញ្ហា​ឬ​ជួបប្រទះ​នឹង​ការ​ពិបាក គ្រោះ​ថ្នាក់​ឬ​ទុក្ខ​បៀតបៀន ជំនឿ​នេះ​អាច​ពង្រឹង​កម្លាំង​របស់​យើង​បាន។ សាតាំង​ចង់​ឲ្យ​យើង​ខ្លាច​ស្លាប់​ដល់​ម្ល៉េះ បាន​ជា​យើង​សុខ​ចិត្ត​លះបង់​ភក្ដីភាព​ចំពោះ​ព្រះ​ដើម្បី​ឲ្យ​រួច​ខ្លួន។ ចូរ​ចាំ​ពាក្យ​របស់​សាតាំង ពេល​វា​ចោទ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ថា​៖ «មនុស្ស​នឹង​សុខ​ចិត្ត​លះបង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ»។ (យ៉ូប ២:៤) ពេល​សាតាំង​និយាយ​ដូច្នោះ វា​បង្កាច់​បង្ខូច​យើង​ទាំង​អស់​គ្នា រួម​ទាំង​អ្នក​ផ្ទាល់​ផង​ដែរ។ ដូច្នេះ បើ​មាន​ទុក្ខ​លំបាក តើ​អ្នក​នឹង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ភ្លាម​ទេ? បើ​អ្នក​គិត​វែង​ឆ្ងាយ​អំពី​ក្ដី​សង្ឃឹម​ថា ព្រះ​យេហូវ៉ា​អាច​ប្រោស​អ្នក​ឲ្យ​រស់​ឡើង​វិញ​បាន នេះ​នឹង​ជួយ​អ្នក​តាំង​ចិត្ត​ឲ្យ​បាន​រឹង​មាំ​ដើម្បី​ធ្វើ​តាម​បំណង​ចិត្ត​នៃ​បិតា​របស់​អ្នក​នៅ​ស្ថានសួគ៌។

១៥​. ពេល​មាន​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​រង​គ្រោះ​នោះ តើ​ពាក្យ​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ១០:២៨ អាច​ជួយ​សម្រាល​ទុក្ខ​យើង​បាន​យ៉ាង​ណា?

១៥ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប​កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ។ ស៊ូ​ឲ្យ​ខ្លាច​ព្រះ​អង្គ​វិញ​ជាជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង​នឹង​រូប​កាយ​វិនាស​ទៅ​ក្នុង​[«ហ្គេហេណា»]»។ (ម៉ាថាយ ១០:​២៨; ព.ថ.) គ្មាន​ហេតុ​អ្វី​សោះ ឲ្យ​យើង​ខ្លាច​សាតាំង​និង​ភ្នាក់ងារ​របស់​វា​នៅ​ផែនដី។ ប្រហែល​ជា​គេ​អាច​ធ្វើ​បាប​ដល់​យើង ឬ​រហូត​ដល់​ធ្វើ​ឲ្យ​យើង​បាត់បង់​ជីវិត​បាន។ ប៉ុន្តែ ទោះ​ជា​គេ​ធ្វើ​អ្វី​ក៏​ដោយ ទង្វើ​នោះ​នឹង​មាន​ឥទ្ធិពល​តែ​មួយ​រយៈ​ប៉ុណ្ណោះ មិន​មែន​រហូត​ទេ។ តាម​ការ​ពិត បើ​ត្រូវ​ការ​នោះ ព្រះ​យេហូវ៉ា​អាច​ដោះ​ទុក្ខ​ពី​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ទ្រង់​បាន ព្រម​ទាំង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​ផង។ ដូច្នេះ យើង​គួរ​កោត​ខ្លាច​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដោយ​មាន​ចិត្ត​ស្ញប់ស្ញែង​ចំពោះ​ទ្រង់ និង​គោរព​ទ្រង់​តែ​មួយ​អង្គ។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​អាច​ដក​ជីវិត​និង​ក្ដី​សង្ឃឹម​ចំពោះ​ពេល​អនាគត​ចេញ​ពី​មនុស្ស ដោយ​ធ្វើ​ឲ្យ​ព្រលឹង​និង​រូប​កាយ​វិនាស​ទៅ​ក្នុង​ហ្គេហេណា។ ប៉ុន្តែ គួរ​ឲ្យ​រីករាយ​ណាស់ ថា​ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​អ្នក​វិនាស​ទៅ​ទេ។ (ពេត្រុសទី២ ៣:៩) ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដឹង​ថា យើង​តែង​តែ​មាន​សុវត្ថិភាព សូម្បី​តែ​ពេល​ស្លាប់​ក្ដី ពីព្រោះ​យើង​មាន​ក្ដី​សង្ឃឹម​រស់​ឡើង​វិញ។ ដូច្នេះ ដរាប​ណា​ដែល​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ដរាប​នោះ​យើង​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត ហើយ​សាតាំង​និង​ភ្នាក់ងារ​របស់​វា​គ្មាន​លទ្ធភាព​រារាំង​ការ​នោះ​បាន​ឡើយ។—ទំនុកដំកើង ១១៨:៦; ហេព្រើរ ១៣:៦

១៦​. តើ​ទស្សនៈ​របស់​យើង​ជះ​ឥទ្ធិពល​យ៉ាង​ណា​លើ​អ្វី​ដែល​យើង​ចាត់​ទុក​ជា​អាទិ​ភាព​ក្នុង​ជីវិត?

១៦ ការ​ជឿជាក់​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​នោះ អាច​ជះ​ឥទ្ធិពល​ខ្លាំង​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ជីវិត។ យើង​ទទួល​ស្គាល់​ថា ‹ទោះ​បើ​យើង​រស់​ឬ​ស្លាប់​ក្ដី នោះ​យើង​ជា​របស់​ផង​ព្រះ​យេហូវ៉ា›ដដែល។ (រ៉ូម ១៤:៧, ៨) អាស្រ័យ​ហេតុ​នេះ ពេល​យើង​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត យើង​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ុល​ថា​៖ «កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​លមើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង»។ (រ៉ូម ១២:២) មនុស្ស​ជា​ច្រើន​ខំ​បំពេញ​តាម​ចំណង់​ចំណូល​ចិត្ត ក្ដី​ប្រាថ្នា​និង​តណ្ហា​គ្រប់​បែប​យ៉ាង​របស់​ខ្លួន។ ពួក​គេ​មាន​អារម្មណ៍​ថា ជីវិត​នេះ​ខ្លី​ណាស់ ដូច្នេះ​ពួក​គេ​វក់វី​នឹង​ការ​សប្បាយ ហើយ​ទោះ​បើ​ពួក​គេ​អះអាង​ថា​ជឿ​លើ​ព្រះ​ក្ដី ទង្វើ​របស់​ពួក​គេ​មិន​មាន​លក្ខណៈ​ស្រប​ទៅ​តាម‹បំណង​គ្រប់​លក្ខណ៍​របស់​ទ្រង់›ទេ។

១៧, ១៨​. (ក) តើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​រៀប​រាប់​យ៉ាង​ណា​អំពី​ប្រវែង​ជីវិត​មនុស្ស? ប៉ុន្តែ តើ​ព្រះ​មាន​បំណង​អ្វី​សម្រាប់​មនុស្ស​ជាតិ? (ខ) តើ​អ្វី​ជំរុញ​យើង​ឲ្យ​ចង់​សរសើរ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ?

១៧ ជីវិត​មនុស្ស​ពិត​ជា​ខ្លី​មែន។ «អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់»​ក្នុង​រយៈ​ពេល​តែ​៧០​ឬ​៨០​ឆ្នាំ​ប៉ុណ្ណោះ។ (ទំនុកដំកើង ៩០:១០) មនុស្ស​លោក​កើត​មក​ហើយ​ស្លាប់​ទៅ​យ៉ាង​ឆាប់ ប្រៀប​ដូច​ជា​ស្មៅ ស្រមោល​ឬ​ខ្យល់​ដង្ហើម។ (ទំនុកដំកើង ១០៣:១៥; ១៤៤:៣, ៤) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ដែល​មាន​បំណង​ចិត្ត​ឲ្យ​មនុស្ស​ធំ​ឡើង រៀន​បន្ដិច ចេះ​បន្ដិច ទៅ​ជា​ចាស់​ជរា មាន​ការ​ឈឺ​ចាប់​និង​ស្លាប់​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ក្ដី​ប៉ង​ប្រាថ្នា​ចង់​រស់​រហូត។ គម្ពីរ​ព្រះ​ចែង​ថា​៖ «ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់កល្ប​ទៅ​មុខ»។ (សាស្ដា ៣:១១) តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​អាក្រក់​មួយ​អង្គ​ដែល​បង្កើត​យើង​ឲ្យ​មាន​ក្ដី​ប្រាថ្នា​បែប​នេះ តែ​មិន​អនុញ្ញាត​ឲ្យ​យើង​ទទួល​អ្វី​តាម​ចិត្ត​ប៉ង​ទេ? មិន​ទេ។ ព្រះ​យេហូវ៉ា​«ជា​សេចក្ដី​ស្រឡាញ់» ដែល​មាន​ន័យ​ថា​ទ្រង់​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ (យ៉ូហានទី១ ៤:៨) ព្រះ​យេហូវ៉ា​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​រស់​ជា​រៀង​រហូត​បាន។

១៨ ជំនឿ​ជឿជាក់​ថា​មនុស្ស​ស្លាប់​អាច​រស់​ឡើង​វិញ បាន​ផ្ដល់​ហេតុ​ឲ្យ​យើង​មាន​ក្ដី​សង្ឃឹម​ល្អ​ចំពោះ​ពេល​អនាគត។ អាស្រ័យ​ហេតុ​នេះ គឺ​មិន​ចាំបាច់​ឲ្យ​យើង​ជក់​ស្លុង​នឹង​ជីវិត​ពេល​ឥឡូវ​នេះ ដោយ​ចេះ​តែ​រវីរវល់​ក្នុង​ការ​ខិតខំ​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​បាន​ស្កប់​ចិត្ត​តែ​ប៉ុណ្ណោះ។ ជា​លទ្ធផល អ្វីៗ​ក្នុង​ពិភព​លោក​នេះ យើង​«មិន​ប្រើ​ហួស​ខ្នាត​ទេ» ដោយ​ព្រោះ​ដឹង​ថា​ទាំង​អស់​នេះ​ជិត​ផុត​ទៅ​ហើយ។ (កូរិនថូសទី១ ៧:​២៩​-​៣១; យ៉ូហានទី១ ២:១៧) យើង​មិន​មែន​ជា​មនុស្ស​ដែល​គ្មាន​ក្ដី​សង្ឃឹម​ពិត​ទេ តែ​យើង​មាន​ចំណេះ​ដ៏​វិសេស​ថា យើង​អាច​រស់​ជា​រៀង​រហូត​និង​សរសើរ​ព្រះ​យេហូវ៉ា​ជា​និរន្តរ​បាន ឲ្យ​តែ​យើង​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ជា​និច្ច។ បើ​ដូច្នេះ រៀង​រាល់​ថ្ងៃ​យើង​គួរ​សរសើរ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ដើម្បី​បើក​ផ្លូវ​ឲ្យ​យើង​គេច​ផុត​ពី​ការ​ស្លាប់​បាន!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ដោយ​ដឹង​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ?

• តើ​កត្ដា​អ្វី​ខ្លះ​ធានា​ថា​មនុស្ស​នឹង​គេច​ផុត​ពី​ស្លាប់​ដោយ​រស់​ឡើង​វិញ?

• តើ​ជំនឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ អាច​ជួយ​សម្រាល​ទុក្ខ​អ្នក​បាន​យ៉ាង​ដូច​ម្ដេច?

• តើ​ជំនឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ អាច​ជះ​ឥទ្ធិពល​បែប​ណា​លើ​ជីវិត​របស់​អ្នក?

[រូបភាព​នៅ​ទំព័រ​២០]

លោក​យ៉ូប​ជ្រាប​ថា ព្រះ​យេហូវ៉ា​ប្រាថ្នា​ចង់​ប្រោស​មនុស្ស​សុចរិត​ឲ្យ​រស់​ឡើង​វិញ

[រូបភាព​នៅ​ទំព័រ​២១]

​«មើល! កូន​អ្នក​មាន​ជីវិត​រស់»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក