ជំពូកដប់បី
មនុស្សមួយហ្វូងយ៉ាងធំនៅមុខបល្ល័ង្ករបស់ព្រះយេហូវ៉ា
១. (ក) មុននឹងពួកអ្នកបំរើរបស់ព្រះដែលរស់នៅមុនសម័យគ្រីស្ទាន ឬពួក១៤៤.០០០នាក់ទទួលរង្វាន់របស់ខ្លួន តើពួកគាត់ត្រូវតែពិសោធអ្វីសិន? (ខ) ‹មនុស្សមួយហ្វូងយ៉ាងធំ›ដែលរស់នៅសម័យនេះ តើពួកគេនឹងមានលទ្ធភាពទទួលអ្វី?
ពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះ មានតាំងពីអេបិលរហូតដល់យ៉ូហាន-បាទីស្ទ ពួកគាត់ចាត់ទុកការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះគឺជាអាទិភាពទីមួយក្នុងជីវិតរបស់ពួកគាត់។ ប៉ុន្តែ ពួកគាត់បានស្លាប់ និងរង់ចាំនូវដំណើររស់ឡើងវិញនៅលើផែនដីក្នុងពិភពលោកថ្មីរបស់ព្រះ។ ពួក១៤៤.០០០នាក់នឹងគ្រប់គ្រងជាមួយនឹងព្រះគ្រីស្ទក្នុងព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ពួកគាត់ក៏ត្រូវស្លាប់ដែរមុននឹងពួកគាត់ទទួលរង្វាន់របស់ខ្លួន។ ប៉ុន្តែនៅវិវរណៈ ៧:៩ បង្ហាញថាក្នុងគ្រាថ្ងៃជាន់ក្រោយបង្អស់ នោះនឹងមាន‹មនុស្សមួយហ្វូងយ៉ាងធំ›ពីគ្រប់ទាំងសាសន៍ដែលនឹងមិនត្រូវស្លាប់ទេ តែនឹងមានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតលើផែនដី។ តើអ្នកនៅក្នុងចំណោមពួកទាំងនេះឬទេ?
ការសម្គាល់មនុស្សមួយហ្វូងយ៉ាងធំ
២. មុនដែលអ្នកបំរើព្រះយេហូវ៉ាមានការយល់ដឹងយ៉ាងច្បាស់ នូវអត្តសញ្ញាណនៃមនុស្សមួយហ្វូងយ៉ាងធំនៅវិវរណៈ ៧:៩នោះ តើពួកគាត់បានយល់ឃើញនូវអ្វីមុន?
២ នៅក្នុងឆ្នាំ១៩២៣ នោះពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានយល់ដឹងថា«ចៀម»ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូដែលបានរៀបរាប់ក្នុងម៉ាថាយ ២៥:៣១-៤៦ និង«ចៀមឯទៀត»ដែលទ្រង់បានរៀបរាប់ក្នុងយ៉ូហាន ១០:១៦ គឺជាមនុស្សដែលនឹងមានឱកាសរស់នៅជារៀងរហូតលើផែនដី។ នៅក្នុងឆ្នាំ១៩៣១ អស់អ្នកដែលបានពិពណ៌នាក្នុងអេសេគាល ៩:១-១១ ដែលត្រូវបានសម្គាល់នៅលើថ្ងាស នោះពួកគេក៏ជាពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីនេះដែរ។ រួចមក នៅក្នុងឆ្នាំ១៩៣៥ គឺបានរៀនដឹងថា មនុស្សមួយហ្វូងយ៉ាងធំក៏ជាផ្នែកនៃពួកចៀមឯទៀត ដែលព្រះយេស៊ូមានបន្ទូលអំពីនោះដែរ។ សព្វថ្ងៃនេះ មនុស្សមួយហ្វូងយ៉ាងធំដែលមានព្រះគុណពីព្រះគឺមានចំនួនរាប់លាននាក់។
៣. ហេតុអ្វីបានជាឃ្លា«ឈរនៅមុខបល្ល័ង្ក» មិនសំដៅទៅក្រុមមនុស្សខាងស្ថានសួគ៌?
៣ នៅវិវរណៈ ៧:៩ មនុស្សមួយហ្វូងយ៉ាងធំនេះមិនមែននៅស្ថានសួគ៌ទេ។ ពួកគេមិនចាំបាច់នៅក្នុងស្ថានសួគ៌ដើម្បី«ឈរនៅមុខបល្ល័ង្ក»របស់ព្រះឡើយ។ នេះគ្រាន់តែមានន័យថាព្រះទតឃើញពួកគេប៉ុណ្ណោះ។ (ទំនុកដំកើង ១១:៤) ហេតុការណ៍ដែលថាមនុស្សមួយហ្វូងយ៉ាងធំ«ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ» គឺមិនមែនជាក្រុមខាងស្ថានសួគ៌ ដែលបានឃើញដោយការប្រៀបធៀបនូវចំនួនច្រើនឥតគណនានេះ ដូចជាអ្វីដែលបានចែងទុកក្នុងវិវរណៈ ៧:៤-៨ ជាមួយនឹងវិវរណៈ ១៤:១-៤នោះទេ។ នៅខទាំងនោះបានប្រាប់ចំនួនមនុស្សដែលនឹងត្រូវយកចេញពីផែនដីទៅស្ថានសួគ៌ គឺមានចំនួន១៤៤.០០០នាក់។
៤. (ក) តើអ្វីជា«សេចក្ដីវេទនាជាខ្លាំង»ដែលមនុស្សមួយហ្វូងយ៉ាងធំនឹងរួចរស់ជីវិតនោះ? (ខ) ដូចបានចែងមកនៅក្នុងវិវរណៈ ៧:១១, ១២ តើអ្នកណាឃើញមនុស្សមួយហ្វូងយ៉ាងធំនិងចូលរួមក្នុងការថ្វាយបង្គំជាមួយនឹងពួកគេ?
៤ នៅវិវរណៈ ៧:១៤ចែងអំពីមនុស្សមួយហ្វូងយ៉ាងធំថា៖ «អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក»។ ពួកគេរួចរស់ជីវិតផុតពីគ្រាវេទនាបំផុតដែលធ្លាប់មានក្នុងប្រវត្ដិសាស្ត្រមនុស្សលោក។ (ម៉ាថាយ ២៤:២១) នៅពេលពួកគេសម្ដែងការដឹងគុណ ដោយថាសេចក្ដីសង្គ្រោះរបស់ពួកគេគឺមកពីព្រះនិងព្រះគ្រីស្ទ នោះសត្តនិករដ៏ស្មោះត្រង់ទាំងអស់នៅស្ថានសួគ៌ ក៏យល់ព្រមជាមួយនឹងពួកគេទាំងពោលថា៖ «អាម៉ែន! សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា ពាក្យអរព្រះគុណ កិត្ដិនាម ព្រះចេស្ដា នឹងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន!»។—វិវរណៈ ៧:១១, ១២
មនុស្សមួយហ្វូងយ៉ាងធំបានសឲ្យឃើញថា សមនឹងទទួលសេចក្ដីសង្គ្រោះ
៥. តើតាមរបៀបណាដែលយើងអាចស្វែងយល់ នូវអ្វីដ៏ចាំបាច់ដើម្បីអាចរួមចំណែកជាមួយមនុស្សមួយហ្វូងយ៉ាងធំ?
៥ មនុស្សមួយហ្វូងយ៉ាងធំត្រូវសង្គ្រោះឲ្យរួចផុតពីសេចក្ដីវេទនាជាខ្លាំង សមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ គុណសម្បត្ដិដែលសម្គាល់អស់អ្នកដែលនឹងត្រូវសង្គ្រោះ បានត្រូវពិគ្រោះយ៉ាងច្បាស់ក្នុងព្រះគម្ពីរ។ ដូច្នេះហើយ ពួកអ្នកដែលស្រឡាញ់សេចក្ដីសុចរិតមានលទ្ធភាពចាត់វិធានការឥឡូវនេះ ដើម្បីសឲ្យឃើញថាខ្លួនសមនឹងទទួលសេចក្ដីសង្គ្រោះឲ្យរួចរស់ជីវិត។ តើពួកអ្នកទាំងនេះត្រូវធ្វើយ៉ាងណា?
៦. ហេតុអ្វីក៏អាចពណ៌នាយ៉ាងត្រឹមត្រូវថា មនុស្សមួយហ្វូងយ៉ាងធំគឺប្រៀបដូចជាសត្វចៀមនោះ?
៦ សត្វចៀមគឺស្លូតនិងចេះចុះចូលតាម។ ដូច្នេះ នៅពេលព្រះយេស៊ូមានបន្ទូលថា ទ្រង់មានចៀមឯទៀតដែលមិនមែនជាក្រុមខាងស្ថានសួគ៌ នោះទ្រង់មានបន្ទូលអំពីមនុស្សដែលចង់រស់នៅលើផែនដីជារៀងរហូត ក៏ជាមនុស្សដែលចុះចូលតាមសេចក្ដីបង្រៀនរបស់ទ្រង់ដែរ។ ទ្រង់បានមានបន្ទូលថា៖ «ចៀមខ្ញុំទាំងប៉ុន្មានវាស្ដាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ»។ (យ៉ូហាន ១០:១៦, ២៧) មនុស្សទាំងនេះ គឺជាមនុស្សដែលពិតជាស្ដាប់តាមនិងធ្វើតាមអ្វីដែលទ្រង់មានបន្ទូល ដើម្បីឲ្យបានក្លាយទៅជាសិស្សរបស់ទ្រង់។
៧. តើមានគុណសម្បត្ដិអ្វីទៀត ដែលពួកអ្នកកាន់តាមព្រះយេស៊ូត្រូវបណ្ដុះឲ្យមាននោះ?
៧ តើមានគុណសម្បត្ដិអ្វីទៀត ដែលពួកអ្នកកាន់តាមព្រះយេស៊ូត្រូវបណ្ដុះនោះ? ព្រះបន្ទូលចែងថា៖ «ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ . . . ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ»។ (អេភេសូរ ៤:២២-២៤) ពួកគេបណ្ដុះឲ្យមានគុណសម្បត្ដិ ដែលធ្វើឲ្យមានសាមគ្គីភាពក្នុងចំណោមពួកអ្នកបំរើរបស់ព្រះឲ្យបានកាន់តែប្រសើរឡើង ដូចជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។—កាឡាទី ៥:២២, ២៣
៨. តើមនុស្សមួយហ្វូងយ៉ាងធំនឹងប្រឈមនឹងអ្វីខ្លះ កាលដែលពួកគេគាំទ្រអ្នកសំណល់?
៨ មនុស្សមួយហ្វូងយ៉ាងធំគាំទ្រមនុស្សមួយចំនួនតូចដែលមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ ដែលកំពុងតែនាំមុខខាងកិច្ចការផ្សព្វផ្សាយ។ (ម៉ាថាយ ២៤:១៤; ២៥:៤០) ពួកចៀមឯទៀតគាំទ្រដូច្នេះ ទោះជាពួកគេដឹងថា ពួកគេនឹងប្រឈមមុខនឹងការប្រឆាំងក៏ដោយ ពីព្រោះនៅដើមគ្រានៃថ្ងៃជាន់ក្រោយបង្អស់ នោះព្រះគ្រីស្ទយេស៊ូនិងពួកទេវតារបស់ទ្រង់ បានទម្លាក់សាតាំងនិងពួកបិសាចរបស់វាចេញពីស្ថានសួគ៌។ នេះបានសេចក្ដីថា«វេទនាដល់ផែនដី . . . ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:៧-១២) ដូច្នេះហើយ សាតាំងបានធ្វើឲ្យមានការប្រឆាំងចំពោះរាស្ត្ររបស់ព្រះកាន់តែច្រើនឡើងៗ កាលដែលរបបលោកីយ៍នេះកំពុងខិតទៅដល់ទីបញ្ចប់នោះ។
៩. តើពួកអ្នកបំរើរបស់ព្រះទទួលជោគជ័យយ៉ាងណាក្នុងការផ្សព្វផ្សាយដំណឹងល្អ? ហើយហេតុអ្វី?
៩ ទោះជាមានការបៀតបៀនយ៉ាងខ្លាំងក៏ដោយ ក៏កិច្ចការផ្សព្វផ្សាយនៅតែបន្តរីកចំរើនទៅមុខដដែល។ នៅទីបញ្ចប់នៃសង្គ្រាមលោកលើកទី១ មានអ្នកផ្សព្វផ្សាយសារព្រះរាជាណាចក្រតែបីបួនពាន់នាក់ប៉ុណ្ណោះ តែឥឡូវនេះមានអ្នកផ្សព្វផ្សាយសារព្រះរាជាណាចក្ររាប់លាននាក់ ដ្បិតព្រះយេហូវ៉ាបានសន្យាថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។ (អេសាយ ៥៤:១៧) សូម្បីតែសមាជិកពីតុលាការជាន់ខ្ពស់នៃសាសន៍យូដាក៏ដោយ ក៏បានទទួលស្គាល់ថា ពួកគេមិនអាចប្រឆាំងឈ្នះនឹងកិច្ចការរបស់ព្រះឡើយ។ លោកបានប្រាប់ពួកផារីស៊ីនៅសតវត្សទីមួយ ស្តីអំពីពួកសិស្សរបស់ព្រះយេស៊ូថា៖ «កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះ កើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន តែបើកើតមកពីព្រះវិញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះដែរ»។—កិច្ចការ ៥:៣៨, ៣៩
១០. (ក) តើ«ទីសំគាល់»ដែលមានលើមនុស្សមួយហ្វូងយ៉ាងធំមានន័យអ្វី? (ខ) តើតាមរបៀបណាដែលពួកអ្នកបំរើរបស់ព្រះស្ដាប់បង្គាប់តាម‹សម្លេងពីលើមេឃ›?
១០ អស់អ្នកក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំ ត្រូវប្រដូចនឹងមនុស្សដែលមានទីសម្គាល់មួយគូសលើពួកគេ ជាសញ្ញាឲ្យពួកគេរួចរស់ជីវិត។ (អេសេគាល ៩:៤-៦) «ទីសំគាល់»នេះគឺជាភស្តុតាង ថាពួកគេបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា បានទទួលបុណ្យជ្រមុជទឹកជាសិស្សរបស់ព្រះយេស៊ូ និងកំពុងតែខំប្រឹងបណ្ដុះឲ្យមានគុណសម្បត្ដិដូចព្រះគ្រីស្ទ។ ស្តីអំពីចក្រភពសាសនាមិនពិតរបស់សាតាំង នោះពួកអ្នកបំរើរបស់ព្រះស្ដាប់បង្គាប់តាម‹សម្លេងពីលើមេឃ› ដែលប្រាប់ពួកគេថា៖ «រាស្ត្រអញអើយ! ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ»។—វិវរណៈ ១៨:១-៥
១១. តើអ្វីជារបៀបដ៏សំខាន់ដែលមនុស្សមួយហ្វូងយ៉ាងធំសម្ដែងថា ពួកគេជាអ្នកបំរើរបស់ព្រះយេហូវ៉ា?
១១ ព្រះយេស៊ូក៏បានមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) ផ្ទុយទៅវិញ សមាជិកនៃសាសនានានាក្នុងពិភពលោកនេះ សម្លាប់គ្នាឯងក្នុងសង្គ្រាម ដោយសារតែពួកគេមានសញ្ជាតិខុសគ្នាតែប៉ុណ្ណោះ! ព្រះបន្ទូលរបស់ព្រះចែងថា៖ «គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ . . . ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ»។—យ៉ូហានទី១ ៣:១០-១២
១២. ក្នុងកំឡុងសេចក្ដីវេទនាជាខ្លាំង តើព្រះយេហូវ៉ានឹងធ្វើអ្វីដល់សាសនាដែលប្រៀបដូចជា‹ដើម›ដែលបង្កើតផលអាក្រក់នោះ?
១២ ព្រះយេស៊ូបានប្រកាសថា៖ «អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ ធម្មតាដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចេញផលល្អបានដែរ អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត»។ (ម៉ាថាយ ៧:១៧-២០) ផលផ្លែដែលបានត្រូវបង្កើតដោយសាសនាទាំងឡាយក្នុងលោកីយ៍នេះ សម្គាល់ពួកគេជា‹ដើម›អាក្រក់ ដែលព្រះយេហូវ៉ានឹងកំទេចចោលមិនយូរប៉ុន្មានទៀតក្នុងកំឡុងសេចក្ដីវេទនាជាខ្លាំង។—វិវរណៈ ១៧:១៦
១៣. តើតាមរបៀបណាដែលមនុស្សមួយហ្វូងយ៉ាងធំបង្ហាញថា ពួកគេ«ឈរនៅមុខបល្ល័ង្ក»របស់ព្រះយេហូវ៉ាដោយសាមគ្គីភាពនោះ?
១៣ នៅវិវរណៈ ៧:៩-១៥ ចង្អុលបញ្ជាក់នូវកត្ដាដែលនាំឲ្យមនុស្សមួយហ្វូងយ៉ាងធំអាចទទួលសេចក្ដីសង្គ្រោះ។ នៅទីនោះ បង្ហាញថាពួកគេ«ឈរនៅមុខបល្ល័ង្ក»របស់ព្រះយេហូវ៉ាដោយសាមគ្គីភាព ទាំងគាំទ្រអធិបតេយ្យសកលលោករបស់ទ្រង់។ ពួកគេ«បានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម» នេះបង្ហាញឲ្យឃើញថា ពួកគេទទួលស្គាល់នូវយញ្ញបូជារបស់ព្រះយេស៊ូដែលលោះបាបនោះ។ (យ៉ូហាន ១:២៩) ពួកគេបានថ្វាយខ្លួនចំពោះព្រះ និងបានបង្ហាញដោយទទួលបុណ្យជ្រមុជទឹក។ ដូច្នេះ ព្រះចាត់ទុកពួកគេថាស្អាតបរិសុទ្ធ ហើយនេះត្រូវតំណាងដោយអាវសរបស់ពួកគេ។ ពួកគេក៏បំរើទ្រង់«ទាំងយប់ទាំងថ្ងៃ»។ តើមានវិធីណាខ្លះ ដែលអ្នកអាចធ្វើឲ្យជីវិតរបស់អ្នកស្របតាមទាំងស្រុងនឹងអ្វីដែលបានរៀបរាប់ក្នុងនេះ?
ផលប្រយោជន៍សព្វថ្ងៃនេះ
១៤. សូម្បីតែឥឡូវនេះ តើពួកអ្នកបំរើរបស់ព្រះយេហូវ៉ា កំពុងតែទទួលនូវផលប្រយោជន៍ដ៏អស្ចារ្យណាខ្លះ?
១៤ អ្នកប្រហែលជាបានសង្កេតឃើញនូវផលប្រយោជន៍យ៉ាងអស្ចារ្យ ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ាកំពុងតែទទួលនៅឥឡូវនេះ។ ជាឧទាហរណ៍ នៅពេលអ្នកបានរៀនអំពីគោលបំណងដ៏សុចរិតរបស់ព្រះយេហូវ៉ា នោះអ្នកបានយល់ថា មានសេចក្ដីសង្ឃឹមដ៏ភ្លឺស្វាងចំពោះអនាគត។ ដូច្នេះ ឥឡូវនេះអ្នកមានគោលបំណងពិតក្នុងជីវិត គឺថា បំរើព្រះពិត ដោយមានសេចក្ដីសង្ឃឹមដ៏ត្រចះត្រចង់ចំពោះជីវិតជារៀងរហូតលើផែនដីមនោរម្យ។ ត្រូវហើយ ព្រះយេស៊ូគ្រីស្ទដែលជាស្តេចនឹង«នាំ[មនុស្សមួយហ្វូងយ៉ាងធំ]ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ»។—វិវរណៈ ៧:១៧
១៥. ដោយសារស្មរបន្ទាល់ព្រះយេហូវ៉ាកាន់តាមគោលការណ៍ព្រះគម្ពីរ តើពួកគេបានទទួលប្រយោជន៍យ៉ាងណា ស្តីអំពីរឿងខាងនយោបាយនិងខាងសីលធម៌នោះ?
១៥ ផលប្រយោជន៍ដ៏អស្ចារ្យដែលមនុស្សមួយហ្វូងយ៉ាងធំនឹងទទួល គឺជាសេចក្ដីស្រឡាញ់ សាមគ្គីភាពនិងភាពសុខដុមរមនាក្នុងចំណោមអ្នកបំរើរបស់ព្រះយេហូវ៉ាទូទាំងផែនដី។ ពីព្រោះយើងគ្រប់គ្នាទទួលអាហារខាងវិញ្ញាណដូចគ្នា នោះយើងគ្រប់គ្នាស្ដាប់តាមច្បាប់និងគោលការណ៍ដូចគ្នាដែលមានក្នុងបន្ទូលរបស់ព្រះ។ ហេតុនេះហើយបានជាយើងមិនបែកខ្ញែកដោយនយោបាយឬមនោគមវិជ្ជារបស់ជាតិសាសន៍ណាឡើយ។ ម្យ៉ាងទៀត យើងក៏រក្សាក្បួនខ្នាតសីលធម៌ខ្ពង់ខ្ពស់ ដែលព្រះតម្រូវពីរាស្ត្ររបស់ទ្រង់។ (កូរិនថូសទី១ ៦:៩-១១) ដូច្នេះ រាស្ត្ររបស់ព្រះយេហូវ៉ាមានអ្វីដែលអាចហៅថាសួនមនោរម្យខាងវិញ្ញាណ ពីព្រោះពួកគេមិនមានការទាស់ទែងប្រឆាំងគ្នា គ្មានការបែកខ្ញែក និងគ្មានអំពើអសីលធម៌ ដែលពិភពលោកមានពាសពេញនេះ។ ចូរកត់សម្គាល់នូវរបៀបដែលនេះត្រូវពិពណ៌នានៅអេសាយ ៦៥:១៣, ១៤។
១៦. ទោះជាមានបញ្ហាក្នុងជីវិត តើមនុស្សមួយហ្វូងយ៉ាងធំមានសេចក្ដីសង្ឃឹមអ្វី?
១៦ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាគឺមិនមែនជាមនុស្សគ្រប់ល័ក្ខណ៍ទេ។ បញ្ហាជីវិតប្រចាំថ្ងៃក្នុងពិភពលោកនេះ ក៏ប៉ះពាល់ទៅលើពួកគេដែរ ដូចជាការឆ្លងកាត់ទុក្ខលំបាក ឬមួយក៏ក្លាយទៅជាជនរងគ្រោះក្នុងសង្គ្រាមនៅប្រទេសផ្សេងៗជាដើម។ ពួកគេក៏ប្រឈមមុខនឹងជំងឺ ទុក្ខវេទនា និងសេចក្ដីស្លាប់។ ប៉ុន្តែ ពួកគេមានជំនឿថាក្នុងពិភពលោកថ្មី ព្រះ«នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៤
១៧. មិនថាអ្វីកើតឡើងដល់យើងក៏ដោយ តើពួកអ្នកដែលថ្វាយបង្គំព្រះពិតនឹងទទួលអ្វីនៅអនាគតដ៏អស្ចារ្យនោះ?
១៧ ទោះជាអ្នកបាត់បង់ជីវិតឥឡូវនេះ ដោយសារភាពចាស់ជរា ជំងឺ គ្រោះថ្នាក់ ឬការបៀតបៀនក៏ដោយ ក៏ព្រះយេហូវ៉ាអាចប្រោសអ្នកឲ្យរស់ឡើងវិញក្នុងសួនមនោរម្យបានដែរ។ (កិច្ចការ ២៤:១៥) បន្ទាប់មក អ្នកនឹងបន្តមានការជប់លៀងខាងវិញ្ញាណ ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។ សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះនឹងមានកាន់តែច្រើនឡើងៗ ពេលអ្នកឃើញថាគោលបំណងរបស់ទ្រង់កំពុងតែសម្រេចយ៉ាងរុងរឿងនោះ។ របស់ល្អៗដែលព្រះយេហូវ៉ានឹងប្រទាននៅពេលនោះ នឹងធ្វើឲ្យអ្នកមានសេចក្ដីស្រឡាញ់ចំពោះទ្រង់កាន់តែខ្លាំងឡើងដែរ។ (អេសាយ ២៥:៦-៩) រាស្ត្ររបស់ព្រះមានអនាគតដ៏អស្ចារ្យមែន!
ការពិគ្រោះសាឡើងវិញ
• តើព្រះគម្ពីរភ្ជាប់ទំនាក់ទំនងមនុស្សមួយហ្វូងយ៉ាងធំទៅនឹងព្រឹត្ដិការណ៍ដ៏អស្ចារ្យអ្វី?
• ប្រសិនបើយើងចង់ចូលរួមក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំដើម្បីទទួលព្រះគុណពីព្រះនោះ តើយើងត្រូវតែធ្វើអ្វីនៅឥឡូវនេះ?
• តើពរទាំងប៉ុន្មានដែលមនុស្សមួយហ្វូងយ៉ាងធំមានឥឡូវនេះ និងពរដែលពួកគេនឹងទទួលក្នុងពិភពលោកថ្មីរបស់ព្រះ មានសារៈសំខាន់យ៉ាងណាចំពោះអ្នក?
[រូបភាពនៅទំព័រ១២៣]
មនុស្សរាប់លាននាក់ក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំថ្វាយបង្គំព្រះដ៏ពិតដោយសាមគ្គីភាព