បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៥ ទំ. ១១-១៦
  • ពួកហ្វូងធំថ្វាយកិច្ចបំរើបរិសុទ្ធ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកហ្វូងធំថ្វាយកិច្ចបំរើបរិសុទ្ធ
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ឈរ​នៅ​មុខ​បល្ល័ង្ក»
  • «ពាក់​អាវ​ស​វែង»
  • «កាន់​ធាងចាក​នៅ​ដៃ»
  • «កិច្ច​បំរើ​បរិសុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ»
  • ‹មក​ពី​គ្រប់​សាសន៍ គ្រប់​កុលសម្ព័ន្ធ គ្រប់​ប្រជាជន ហើយ​គ្រប់​ទាំង​ភាសា›
  • ‹ចេញ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​មក›
  • «មើល!...មនុស្សមួយក្រុមធំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • មនុស្សមួយហ្វូងយ៉ាងធំនៅមុខបល្ល័ង្ករបស់ព្រះយេហូវ៉ា
    ចូរថ្វាយបង្គំព្រះពិតតែមួយ
  • មនុស្សមួយក្រុមធំដែលគ្មានចំនួនកំណត់នឹងទទួលពរពីព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • មនុស្សមួយក្រុមធំនៃចៀមឯទៀតសរសើរព្រះនិងគ្រិស្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៥ ទំ. ១១-១៦

ពួក​ហ្វូង​ធំ​ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ

«ពួក​គេ​ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ​ទៅ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់»។—វិវរណៈ ៧:១៥, ព.ថ.

១. តើ​ចំណុច​ដ៏​សំខាន់​មួយ​ណា​នៃ​ការ​យល់​ខាង​វិញ្ញាណ​ដែល​បាន​បំភ្លឺ​ឡើង​ក្នុង​ឆ្នាំ​១៩៣៥?

នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​១៩៣៥ ជា​គ្រា​ដែល​មាន​អំណរ​យ៉ាង​ក្រៃលែង​ក្នុង​ចំណោម​ពួក​ប្រតិភូ នៅ​ឯ​មហា​សន្និបាត​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​វ៉ាស៊ីនតោន។ នៅ​ទី​នោះ មនុស្ស​ជា​ច្រើន​អនេក (ឬ​ពួក​ហ្វូង​ធំ) នៃ​វិវរណៈ ៧:៩ ត្រូវ​បាន​សម្គាល់​យ៉ាង​ច្បាស់​ជា​លើក​ដំបូង ដែល​សម​ស្រប​នឹង​ព្រះ​គម្ពីរ​ទាំង​មូល ហើយ​ស្រប​គ្នា​នឹង​ព្រឹត្ដិការណ៍​ដែល​បាន​ចាប់​ផ្ដើម​លាត​ត្រដាង​ឡើង។

២. តើ​អ្វី​ដែល​បាន​បង្ហាញ​ថា​មនុស្ស​មួយ​ចំនួន​ច្រើន​បាន​ដឹង​ថា ព្រះ​មិន​បាន​ហៅ​ពួក​គេ​ទៅ​នៅ​ស្ថានសួគ៌?

២ ប្រមាណ​៦​សប្ដាហ៍​មុន​នេះ នៅ​ឯ​បុណ្យ​នៃ​អាហារ​ពេល​ល្ងាច​របស់​ព្រះ​អម្ចាស់​ក្នុង​ក្រុមជំនុំ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​មនុស្ស​ចំនួន​១០.៦៨១​នាក់​បាន​មក ហើយ(ប្រមាណ​១​ក្នុង​៦​នាក់) ពុំ​បាន​ទទួល​ទាន​នំប៉័ង​និង​ស្រា​ជា​វត្ថុ​និមិត្តរូប​នោះ​ទេ ហើយ​ក្នុង​ចំណោម​ពួក​នេះ មាន​៣.៦៨៨​នាក់ ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដ៏​សកម្ម។ ហេតុ​អ្វី​ក៏​ពួក​គេ​មិន​ទទួល​ទាន​វត្ថុ​ជា​និមិត្តរូប​នោះ? ពីព្រោះ​ទៅ​លើ​មូលដ្ឋាន​នៃ​អ្វីៗដែល​ពួក​គេ​បាន​រៀន​ពី​ព្រះ​គម្ពីរ ពួក​គេ​បាន​ដឹង​ថា ព្រះ​មិន​បាន​ហៅ​ពួក​គេ​ទៅ​នៅ​ស្ថានសួគ៌​ទេ ប៉ុន្តែ​ពួក​គេ​ដឹង​ថា គេ​អាច​ចូល​រួម​ក្នុង​សំវិធានការ​ផ្សេង​ទៀត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ នៅ​ឯ​មហា​សន្និបាត​នោះ នៅ​ពេល​ដែល​អ្នក​ថ្លែង​សុន្ទរកថា​បាន​សួរ​ថា៖ «សូម​ឲ្យ​ក្រោក​ឈរ​ឡើង ចំពោះ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​និរន្តរ៍​នៅ​លើ​ផែនដី» តើ​មាន​អ្វី​កើត​ឡើង? មនុស្ស​រាប់​ពាន់​នាក់​បាន​ក្រោក​ឈរ​ឡើង ហើយ​ជា​បន្ទាប់ ពួក​អ្នក​ស្ដាប់​បាន​ស្រែក​ហ៊ោ​អបអរ​យ៉ាង​យូរ។

៣. ហេតុ​អ្វី​ក៏​ការ​សម្គាល់​ពួក​ហ្វូង​ធំ​ជា​គ្រឿង​លើក​ទឹក​ចិត្ត​ជា​ថ្មី​ចំពោះ​កិច្ចការ​ផ្សាយ ហើយ​តើ​ពួក​ស្មរបន្ទាល់​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​ចំពោះ​រឿង​នេះ?

៣ អ្វី​ដែល​ប្រតិភូ​បាន​រៀន​នៅ​ឯ​មហា​សន្និបាត​នោះ ជា​គ្រឿង​លើក​ទឹក​ចិត្ត​ជា​ថ្មី​វិញ​ដល់​កិច្ចការ​ផ្សាយ​របស់​គេ។ ពួក​គេ​បាន​យល់​ដឹង​ថា ឥឡូវ​នេះ មុន​នឹង​ទីបញ្ចប់​នៃ​សម័យ​ចាស់​នេះ មនុស្ស​ជា​ច្រើន​អនេក មិន​មែន​មាន​តែ​បី​បួន​ពាន់​នាក់​ប៉ុណ្ណោះ​ទេ ដែល​នឹង​មាន​ឱកាស​ចូល​ក្នុង​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​សំរាប់​សង្គ្រោះ​ជីវិត ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​និរន្តរ៍​នៅ​លើ​ផែនដី​មនោរម្យ។ នេះ​ជា​សារ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់ ដែល​បាន​ថ្លែង​ប្រាប់​នៅ​កន្លែង​នោះ ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត! ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ដឹង​ថា គឺ​មាន​កិច្ចការ​ធ្វើ​ជា​ច្រើន​ណាស់—ជា​កិច្ចការ​ដ៏​សប្បាយ​រីករាយ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក លោក​ចន​ប៊ុត ដែល​បាន​ទៅ​ជា​សមាជិក​ម្នាក់​នៃ​គណៈ​អភិបាល​បាន​នឹក​ចាំ​ថា៖ «សន្និបាត​នោះ​បាន​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​រីករាយ​ណាស់»។

៤. (ក) តាំង​ពី​ឆ្នាំ​១៩៣៥​មក តើ​ការ​ប្រមូល​ពួក​ហ្វូង​ធំ​បាន​ឡើង​កំរិត​ណា​ហើយ? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​ហ្វូង​ធំ​ទាំង​នោះ ផ្ដល់​ទី​សំអាង​ថា​ពួក​គេ​មាន​ជំនឿ​ដ៏​សកម្ម​នោះ?

៤ ក្នុង​កំឡុង​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ចំនួន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​កើន​ឡើង​យ៉ាង​ច្រើន​ក្រៃលែង។ ទោះបី​ជា​មាន​ការ​បៀតបៀន​ដ៏​ឃោរឃៅ​លើ​ពួក​គេ​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី២​ក្ដី ចំនួន​នៅ​តែ​បាន​កើន​ឡើង​មួយ​ជា​បី​ក្នុង​មួយ​ទសវត្ស។ ហើយ​ពួក​អ្នក​ផ្សាយ​ដែល​មាន​ចំនួន​៥៦.១៥៣​នាក់ ដែល​បាន​ធ្វើ​បន្ទាល់​ជា​សាធារណៈ​ក្នុង​ឆ្នាំ​១៩៣៥ មក​ដល់​ឆ្នាំ​១៩៩៤ អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​បាន​កើន​ឡើង​ជាង​៤.៩០០.០០០​នាក់​ក្នុង​ជាង​២៣០​ប្រទេស។ ពួក​គេ​ជា​ច្រើន​សង្ឃឹម​រង់ចាំ​យ៉ាង​ខ្នះខ្នែង ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​យល់​ព្រម ដែល​នឹង​ទទួល​ជីវិត​ដ៏​ល្អ​ឥតខ្ចោះ​នៅ​លើ​ផែនដី​មនោរម្យ។ ពួក​គេ​ពិត​ជា​មនុស្ស​ហ្វូង​ធំ​មែន បើ​ប្រៀបធៀប​នឹង​ពួក​ហ្វូង​តូច​នោះ។ ពួក​គេ​មិន​មែន​ជា​មនុស្ស​ដែល​និយាយ​ថា ពួក​គេ​មាន​ជំនឿ ប៉ុន្តែ​មិន​មាន​ទី​សំអាង​នោះ​ទេ។ (យ៉ាកុប ១:២២; ២:១៤​-​១៧) ពួក​គេ​ទាំង​អស់​គ្នា​ចូល​រួម​ផ្សាយ​ដំណឹង​ល្អ​ជា​មួយ​អ្នក​ដទៃ អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ តើ​អ្នក​ជា​បុគ្គល​ម្នាក់​នៃ​មនុស្ស​ដ៏​សប្បាយ​រីករាយ​នោះ​ទេ? ការ​ធ្វើ​ជា​ស្មរបន្ទាល់​ដ៏​សកម្ម​ម្នាក់ ជា​ទី​សម្គាល់​ដ៏​សំខាន់​មួយ តែ​នេះ​ជាប់​ទាក់ទង​ជា​ច្រើន​ទៀត។

«ឈរ​នៅ​មុខ​បល្ល័ង្ក»

៥. តើ​ការ​«ឈរ​នៅ​មុខ​បល្ល័ង្ក»​ចង្អុល​ប្រាប់​អ្វី​ខ្លះ?

៥ នៅ​ក្នុង​ចក្ខុនិមិត្ត​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​សាវ័ក​យ៉ូហាន លោក​បាន​ឃើញ​ពួក​គេ​«ឈរ​នៅ​មុខ​បល្ល័ង្ក​នឹង​កូន​ចៀម»។ (វិវរណៈ ៧:៩) ពួក​គេ​ឈរ​នៅ​មុខ​បល្ល័ង្ក​នៃ​ព្រះ ដូច​បាន​រៀប​រាប់​ក្នុង​បរិបទ​នេះ ចង្អុល​ប្រាប់​ថា​គេ​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ នេះ​រួម​បញ្ចូល​ជា​ច្រើន​ទៀត ជា​ឧទាហរណ៍៖ (១) ពួក​គេ​ទទួល​ស្គាល់​សិទ្ធិ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​សម្រេច​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់​សំរាប់​ពួក​អ្នក​បំរើ​របស់​ទ្រង់។ (លោកុប្បត្តិ ២:១៦, ១៧; អេសាយ ៥:២០, ២១) (២) ពួក​គេ​ស្ដាប់​ព្រះ​យេហូវ៉ា​កាល​ដែល​ទ្រង់​មាន​បន្ទូល​ដល់​គេ​តាម​រយៈ​ពាក្យ​បន្ទូល​របស់​ទ្រង់។ (ចោទិយកថា ៦:១​-​៣; ពេត្រុសទី២ ១:១៩​-​២១) (៣) ពួក​គេ​ទទួល​ស្គាល់​នូវ​សារៈ​សំខាន់​នៃ​ការ​ចុះ​ចូល​ដល់​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​មើល​ត្រួតត្រា។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២២, ២៣; ៦:១​-​៣; ហេព្រើរ ១៣:១៧) (៤) ថ្វី​បើ​មាន​ខ្ចោះ ពួក​គេ​ខំ​ព្យាយាម​ខ្នះខ្នែង​ធ្វើ​តាម​ការ​ណែនាំ​នៃ​ព្រះ​ធិបតេយ្យ មិន​មែន​ដោយ​ទទើសទទែង​ទេ តែ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ (សុភាសិត ៣:១; យ៉ាកុប ៣:១៧, ១៨) ពួក​គេ​នៅ​មុខ​បល្ល័ង្ក​ដើម្បី​ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ​ទៅ​ព្រះ​យេហូវ៉ា ដែល​គេ​មាន​សេចក្ដី​គោរព​និង​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ករណី​នៃ​ពួក​ហ្វូង​ធំ គេ​«ឈរ»​នៅ​មុខ​បល្ល័ង្ក បញ្ជាក់​នូវ​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក។ (ប្រៀបធៀប វិវរណៈ ៦:១៦, ១៧) តើ​បាន​យល់​ព្រម​ទៅ​លើ​មូលដ្ឋាន​អ្វី?

«ពាក់​អាវ​ស​វែង»

៦. (ក) តើ​មាន​ន័យ​យ៉ាង​ណា​ដែល​ពួក​ហ្វូង​ធំ​«ពាក់​អាវ​ស​វែង»​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​ហ្វូង​ធំ​មាន​ឋានៈ​សុចរិត​នៅ​ពី​មុខ​ព្រះ​យេហូវ៉ា? (គ) តើ​ជំនឿ​ក្នុង​ការ​បង្ហូរ​ឈាម​របស់​ព្រះ​គ្រីស្ទ​មាន​ឥទ្ធិពល​លើ​ជីវិត​នៃ​ពួក​ហ្វូង​ធំ​ដល់​កំរិត​ណា?

៦ ការ​រៀប​រាប់​របស់​សាវ័ក​យ៉ូហាន​នូវ​អ្វីៗដែល​លោក​បាន​ឃើញ បាន​បង្ហាញ​ថា​ពួក​សមាជិក​នៃ​ពួក​ហ្វូង​ធំ​នេះ​បាន​«ពាក់​អាវ​ស​វែង»។ អាវ​ស​វែង​នោះ​ជា​តំណាង​ឋានៈ​ដ៏​ស្អាត សុចរិត​របស់​គេ​នៅ​ពី​មុខ​ព្រះ​យេហូវ៉ា។ តើ​ពួក​គេ​បាន​ទទួល​ឋានៈ​ក៏​ល្អ​បែប​នេះ​តាម​របៀប​ណា? យើង​បាន​ឃើញ​រួច​ហើយ ថា​ក្នុង​ចក្ខុនិមិត្ត​របស់​លោក​យ៉ូហាន ពួក​គេ​បាន​ឈរ​‹នៅ​មុខ​កូន​ចៀម›។ ពួក​គេ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​«កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក»។ (យ៉ូហាន ១:២៩) នៅ​ក្នុង​ចក្ខុនិមិត្ត យ៉ូហាន​បាន​ឃើញ​អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ឯ​បល្ល័ង្ក​របស់​ព្រះ​ពន្យល់​ថា៖ «គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម ហេតុ​នោះ​បាន​ជា​គេ​ស្ថិត​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ»។ (វិវរណៈ ៧:១៤, ១៥) ជា​អត្ថបដិរូប ពួក​គេ​បាន​បោក​អាវ​របស់​គេ​ដោយ​អនុវត្ត​ជំនឿ​ក្នុង​ឈាម​លោះ​របស់​ព្រះ​គ្រីស្ទ។ ពួក​គេ​មិន​គ្រាន់​តែ​យល់​ព្រម​ខាង​គំនិត​ទៅ​នឹង​សេចក្ដី​បង្រៀន​នៃ​ព្រះ​គម្ពីរ​អំពី​ការ​លោះ​ប៉ុណ្ណោះ​ទេ។ ការ​អបអរ​អំពី​រឿង​នេះ​មាន​ឥទ្ធិពល​លើ​គេ​ជា​បុគ្គល​ប្រភេទ​ណា​នៅ​ខាង​ក្នុង ដូច្នេះ​ហើយ ពួក​គេ​អនុវត្ត​ជំនឿ​ពី​«ក្នុង​ចិត្ត»។ (រ៉ូម ១០:៩, ១០) នេះ​គឺ​មាន​ឥទ្ធិពល​ដ៏​វែង​ឆ្ងាយ​លើ​អ្វីៗ​ដែល​គេ​ធ្វើ​ក្នុង​ជីវិត​របស់​គេ។ ដោយ​មាន​ជំនឿ ពួក​គេ​បាន​ថ្វាយ​ខ្លួន​គេ​ទៅ​ព្រះ​យេហូវ៉ា​លើ​មូលដ្ឋាន​នៃ​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ ហើយ​តំណាង​ការ​ថ្វាយ​ខ្លួន​នោះ ដោយ​ការ​ជ្រមុជ​ទឹក រួច​រស់​នៅ​ឲ្យ​សម​ស្រប​នឹង​ការ​ថ្វាយ​ខ្លួន​របស់​គេ។ ដូច្នេះ​ហើយ​បាន​ជា​គេ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះ​ដែល​ទ្រង់​បាន​យល់​ព្រម​នោះ។ នេះ​ជា​ឯក​សិទ្ធិ​ដ៏​ល្អ​មែន—គឺ​ជា​អ្វី​ដែល​ត្រូវ​ការពារ​ឲ្យ​បាន​ប្រយ័ត្នប្រយែង!—កូរិនថូសទី២ ៥:១៤, ១៥

៧, ៨. តើ​តាម​របៀប​ណា​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​ហ្វូង​ធំ​ឲ្យ​រក្សា​សំលៀកបំពាក់​របស់​គេ​ឲ្យ​ឥត​សៅហ្មង?

៧ ដោយ​មាន​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ខ្វល់ខ្វាយ​ចំពោះ​សុខុមាលភាព​របស់​គេ អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ចង្អុល​ប្រាប់​ជា​ញយៗថា អាកប្បកិរិយា​និង​ចរិយា​ដែល​មាន​ស្នាម ឬ​ធ្វើ​ឲ្យ​មិន​ស្អាត​ដល់​អាវ​នៃ​អត្ថ​សញ្ញា​ណ​កម្ម នោះ​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ពុំ​អាច​សម​នឹង​ពិពណ៌នា​នៃ​ទំនាយ​នៅ​វិវរណៈ ៧:៩, ១០​ឡើយ ទោះបី​ជា​អាការ​ក្រៅ​មើល​ឃើញ​ល្អ​ក្ដី។ (ពេត្រុសទី១ ១:១៥, ១៦) ក្នុង​ការ​បញ្ជាក់​នូវ​អ្វីៗដែល​បាន​បោះ​ពុម្ព​មុនៗហើយ​នោះ នៅ​ឆ្នាំ​១៩៤១​និង​ក្រោយ​មក ទស្សនាវដ្ដី​ប៉មយាម​បាន​បង្ហាញ​ជា​ញយៗថា ជា​ការ​ដ៏​មិន​ត្រឹម​ត្រូវ​ទេ ក្នុង​ការ​ផ្សាយ​ទៅ​អ្នក​ដទៃ ហើយ​ក្រោយ​មក កាន់​ចរិយា​ដូច​ជា​ការ​ប្រព្រឹត្ត​សហាយ​ស្មន់​ឬ​កំផិត​នោះ។ (ថែស្សាឡូនីចទី១ ៤:៣; ហេព្រើរ ១៣:៤) នៅ​ឆ្នាំ​១៩៤៧​ត្រូវ​បាន​បញ្ជាក់​ថា បមាណីយ​នៃ​ព្រះ​យេហូវ៉ា​ចំពោះ​ការ​រៀប​ការ​របស់​គ្រីស្ទាន​គឺ​ជាប់​ទាក់ទិន​គ្រប់​ប្រទេស ទោះ​ជា​ទំនៀម​ទំលាប់​នៅ​ប្រទេស​នោះ​ជា​យ៉ាង​ណា​ក្ដី។ អស់​ពួក​អ្នក​ដែល​បន្ត​ការ​ប្រព្រឹត្ត​ពហុពន្ធភាព​មិន​អាច​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ទេ។—ម៉ាថាយ ១៩:៤​-​៦; ទីតុស ១:៥, ៦

៨ នៅ​ឆ្នាំ​១៩៧៣ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ពេញ​ពិភពលោក​ត្រូវ​បាន​បង្ហាញ​ប្រាប់​ឲ្យ​ចៀស​ពី​ការ​ប្រព្រឹត្ត​មិន​ស្អាត ដូច​ជា​ការ​ជក់​ថ្នាំ ថ្វី​បើ​នៅ​ឯ​ណា​ក៏​ដោយ​—មិន​ត្រឹម​តែ​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ​ឬ​នៅ​កន្លែង​ដើរ​ផ្សាយ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​គឺ​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​កន្លែង​ដាច់​ពី​គេ​ក៏​ដោយ។ (កូរិនថូសទី២ ៧:១) នៅ​ឯ​មហា​សន្និបាត​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​ឆ្នាំ​១៩៨៧ យុវជន​គ្រីស្ទាន​ត្រូវ​បាន​ទូន្មាន​យ៉ាង​ម៉ឺងម៉ាត់​ថា ដើម្បី​ឲ្យ​នៅ​មាន​ឋានៈ​ស្អាត​ស្អំ​នៅ​មុខ​ព្រះ​នោះ ពួក​គេ​ត្រូវ​ចៀស​វាង​ពី​ការ​រស់​នៅ​ដែល​ប្រកប​ដោយ​ជីវិត​ពីរ។ (ទំនុកដំកើង ២៦:១, ៤) ម្ដង​ហើយ​ម្ដង​ទៀត ទស្សនាវដ្ដី​ប៉មយាម​បាន​ព្រមាន​ពី​ទិដ្ឋភាព​ផ្សេងៗនៃ​គតិ​នៃ​លោកីយ៍​នេះ ពីព្រោះ​«សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា»​គឺ​រួម​បញ្ចូល​ទាំង​ការ​រក្សា​ខ្លួន​យើង​«មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ»។—យ៉ាកុប ១:២៧

៩. តើ​ពួក​ណា​ពិត​ជា​មាន​ឋានៈ​ដែល​ព្រះ​យល់​ព្រម​នៅ​ពី​មុខ​បល្ល័ង្ក​របស់​ទ្រង់​ក្រោយ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​នោះ?

៩ ពួក​អ្នក​ដែល​ជំនឿ​របស់​គេ​ជំរុញ​ឲ្យ​គេ​រស់​នៅ​តាម​របៀប​ដែល​រក្សា​ការ​ស្អាត​ខាង​វិញ្ញាណ​និង​ខាង​សីលធម៌ ដែល​នឹង​អាច​«ឈរ​នៅ​មុខ​បល្ល័ង្ក»​ជា​ពួក​អ្នក​បំរើ​ដែល​ព្រះ​បាន​សព្វ​ព្រះហឫទ័យ ក្រោយ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​នឹង​មាន​នៅ​ខាង​មុខ​នេះ។ ពួក​ទាំង​នេះ​ជា​មនុស្ស ដែល​មិន​គ្រាន់​តែ​ចាប់​ផ្ដើម​តាម​ជីវភាព​គ្រីស្ទាន ក៏​ប៉ុន្តែ​បាន​ខំ​ព្យាយាម​យ៉ាង​ស្មោះ​ត្រង់។—អេភេសូរ ៤:២៤

«កាន់​ធាងចាក​នៅ​ដៃ»

១០. តើ​ធាងចាក​ដែល​លោក​យ៉ូហាន​បាន​ឃើញ​ពួក​ហ្វូង​ធំ​កាន់​នោះ មាន​សារៈ​សំខាន់​យ៉ាង​ណា​ដែរ?

១០ ក្នុង​ចំណោម​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ពួក​ហ្វូង​ធំ ដូច​ជា​លោក​យ៉ូហាន​បាន​សង្កេត​ឃើញ​នោះ គឺ​ថា​ពួក​គេ​«កាន់​ធាងចាក​នៅ​ដៃ»។ តើ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ដែរ? ធាងចាក​គឺ​ច្បាស់​ជា​រំឭក​យ៉ូហាន​អំពី​បុណ្យ​នៃ​រោង​ឧបោសថ​នៃ​សាសន៍​យូដា ដែល​ជា​បុណ្យ​ដ៏​សប្បាយ​បំផុត​ក្នុង​ប្រ​ក្រ​តិទិន​របស់​ពួក​ហេព្រើរ ដែល​​ប្រារព្ធ​ឡើង​ក្រោយ​ពី​រដូវ​ច្រូត​នៃ​ខែ​ក្ដៅ។ ក្នុង​ការ​ស្រប​ជា​មួយ​នឹង​ច្បាប់ ធាងចាក​និង​មែក​ពីដើម​ឈើ​ឯ​ទៀត​បាន​យក​មក​ប្រើ​ដើម្បី​ធ្វើ​តូប​រស់​នៅ​ក្នុង​កំឡុង​បុណ្យ។ (លេវីវិន័យ ២៣:៣៩​-​៤០; នេហេមា ៨:១៤​-​១៨) ហើយ​ពួក​ថ្វាយ​បង្គំ​នៅ​ឯ​ព្រះ​វិហារ​ក៏​បាន​យក​មក​គ្រវី ក្នុង​កំឡុង​ច្រៀង​នៃ​ហាឡែល​នៅ​(ទំនុកដំកើង ១១៣​-​១១៨) ការ​គ្រវី​ធាងចាក​ដោយ​ពួក​ហ្វូង​ធំ​ច្បាស់​ជា​រំឭក​យ៉ូហាន​នៅ​គ្រា​ដែល​ព្រះ​យេស៊ូ​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម កាល​ដែល​ពួក​អ្នក​ថ្វាយ​បង្គំ​បាន​គ្រវី​ធាងចាក​យ៉ាង​រីករាយ ហើយ​បាន​បន្លឺ​សម្លេង​ថា៖ «ព្រះ​អង្គ​ដែល​យាង​មក​ដោយ​ព្រះ​នាម​ព្រះ​អម្ចាស់ គឺ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ»។ (យ៉ូហាន ១២:១២, ១៣) ដូច្នេះ ការ​គ្រវី​ធាងចាក​បញ្ជាក់​ថា​ពួក​ហ្វូង​ធំ​ទទួល​អបអរ​សាទរ​យ៉ាង​រីករាយ​ដល់​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា និង​ស្តេច​ដែល​បាន​តែងតាំង​មក​របស់​ទ្រង់។

១១. ហេតុ​អ្វី​ក៏​ពួក​អ្នក​បំរើ​របស់​ព្រះ​ពិត​ជា​មាន​អំណរ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​នោះ?

១១ សូម្បី​តែ​ឥឡូវ​នេះ ក៏​ពួក​ហ្វូង​ធំ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​គតិ​នៃ​អំណរ​នេះ​ដែរ កាល​ដែល​គេ​បំរើ​ព្រះ​យេហូវ៉ា។ នេះ​មិន​មាន​សេចក្ដី​ថា ពួក​គេ​មិន​ជួប​ប្រទះ​សេចក្ដី​លំបាក​វេទនា ឬ​ពួក​គេ​មិន​ពិសោធ​នូវ​ការ​ទុក្ខ​ព្រួយ​ឬ​ការ​ឈឺចាប់​នោះ​ឡើយ។ ប៉ុន្តែ សេចក្ដី​ស្កប់ស្កល់​ដែល​មាន​មក​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា ហើយ​ការ​គាប់​ព្រះ​ហឫទ័យ​ទ្រង់ បាន​ជួយ​ពួក​គេ​ឲ្យ​ស៊ូទ្រាំ​សេចក្ដី​ទាំង​នោះ។ ដូច្នេះ​ហើយ សាសនទូត​ម្នាក់​ដែល​បាន​បំរើ​ព្រះ​ជា​មួយ​ប្ដី​របស់​នាង​អស់​រយៈ​៤៥​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​គួតេម៉ាឡា បាន​រៀប​រាប់​ប្រាប់​អំពី​ស្ថានការណ៍​ដ៏​ពិបាក​ដែល​នៅ​ជុំវិញ​ពួក​គេ អំពី​ការ​ខំ​ប្រឹង​ធ្វើ​ការ ហើយ​ការ​ធ្វើ​ដំណើរ​ដែល​អាច​មាន​គ្រោះថ្នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ជីវភាព​របស់​គេ កាល​ដែល​ពួក​គេ​ខំ​ព្យាយាម​យក​សារ​ព្រះ​រាជាណាចក្រ​ទៅ​មនុស្ស​នៅ​ភូមិ​អ្នក​ស្រុក​ដើម។ នាង​បាន​សន្និដ្ឋាន​ថា៖ «នោះ​ជា​គ្រា​នៃ​ជីវិត​របស់​យើង ដែល​យើង​បាន​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង»។ ថ្វី​បើ​អាយុ​ចាស់​ជរា​និង​ជម្ងឺ​បាន​មាន​ឥទ្ធិពល​មក​លើ​នាង​ក្ដី ក្នុង​ចំណោម​ពាក្យ​ចុង​ក្រោយ​បង្អស់​ក្នុង​កំណត់​ប្រចាំ​ថ្ងៃ​របស់​នាង ដែល​នាង​បាន​សរសេរ​ទុក​នោះ៖ «គឺ​ជា​ជីវិត​ដ៏​ល្អ ហើយ​គួរ​ឲ្យ​ស្កប់ស្កល់​ផង»។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​ដូច​គ្នា​ក្នុង​កិច្ច​បំរើ​របស់​គេ​នៅ​ជុំវិញ​ពិភពលោក។

«កិច្ច​បំរើ​បរិសុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ»

១២. មិន​ថា​នៅ​ពេល​ថ្ងៃ​ឬ​យប់ តើ​ព្រះ​យេហូវ៉ា​ទត​ឃើញ​អ្វី​នៅ​លើ​ផែនដី​នេះ?

១២ ពួក​អ្នក​ថ្វាយ​បង្គំ​ដ៏​រីករាយ​ទាំង​នេះ ថ្វាយ​ទៅ​ព្រះ​យេហូវ៉ា​នូវ​«កិច្ច​បំរើ​បរិសុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់»។ (វិវរណៈ ៧:១៥, ព.ថ.) នៅ​ជុំវិញ​ពិភពលោក មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​ចូល​រួម​ក្នុង​ការ​ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ​នេះ។ កាល​ដែល​នៅ​ប្រទេស​ខ្លះ​ជា​ពេល​យប់ ហើយ​មនុស្ស​កំពុង​តែ​សម្រាន្ត​នោះ នៅ​ប្រទេស​ឯ​ទៀត​គឺ​ជា​ពេល​ថ្ងៃ ហើយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​រវល់​ដើរ​ផ្សាយ។ កាល​ដែល​ផែនដី​វិល​ជុំវិញ​ទាំង​យប់​ទាំង​ថ្ងៃ​ជានិច្ច​នោះ ពួក​គេ​ក៏​កំពុង​តែ​ច្រៀង​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ដែរ។ (ទំនុកដំកើង ៨៦:៩) ប៉ុន្តែ កិច្ច​បំរើ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​វិវរណៈ ៧:១៥​នេះ គឺ​រឹតតែ​មាន​ជាប់​ផ្ទាល់​ខ្លួន​ទៅ​ទៀត។

១៣. តើ​តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​ចង្អុល​ប្រាប់​ថា​កិច្ច​បំរើ​«ទាំង​យប់​ទាំង​ថ្ងៃ»​មាន​ន័យ​យ៉ាង​ណា​នោះ?

១៣ ពួក​បុគ្គល​ដែល​រួម​គ្នា​ជា​ពួក​ហ្វូង​ធំ ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ។ តើ​នេះ​មាន​ន័យ​ថា អ្វីៗដែល​គេ​ធ្វើ​ត្រូវ​បាន​គិត​ថា​ជា​កិច្ច​បំរើ​បរិសុទ្ធ​ឬ? មែន​ហើយ អ្វីៗដែល​គេ​ធ្វើ ពួក​គេ​រៀន​ធ្វើ​តាម​របៀប​ដែល​ផ្ដល់​កិត្ដិយស​ដល់​ព្រះ​យេហូវ៉ា។ (កូរិនថូសទី១ ១០:៣១; កូល៉ុស ៣:២៣) ប៉ុន្តែ «កិច្ច​បំរើ​បរិសុទ្ធ»​គឺ​ជាប់​ទាក់ទង​តែ​នឹង​ការ​ថ្វាយ​បង្គំ​របស់​បុគ្គល​ម្នាក់​ចំពោះ​ព្រះ​ទេ។ ការ​ជាប់​រវល់​ក្នុង​សកម្មភាព​«ទាំង​យប់​ទាំង​ថ្ងៃ»​បញ្ជាក់​នូវ​ភាព​ទៀងទាត់​ឬ​ភាព​ឥត​អាក់​ខាន ហើយ​ព្រម​ទាំង​ការ​ខំ​ខ្នះខ្នែង​ផង។—ប្រៀបធៀប យ៉ូស្វេ ១:៨; លូកា ២:៣៧; កិច្ចការ ២០:៣១; ថែស្សាឡូនីចទី២ ៣:៨

១៤. តើ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​កិច្ច​ផ្សាយ​ផ្ទាល់​ខ្លួន​របស់​យើង សម​នឹង​ការ​រៀប​រាប់​នៃ​កិច្ច​បំរើ​«ទាំង​យប់​ទាំង​ថ្ងៃ»​នោះ?

១៤ ដូច្នេះ កាល​ដែល​ពួក​គេ​បំរើ​ក្នុង​ទីធ្លា​នៅ​លើ​ផែនដី​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​នោះ ពួក​អ្នក​ដែល​រួម​គ្នា​ជា​ពួក​ហ្វូង​ធំ​ខំ​ប្រឹង​ចូល​រួម​ក្នុង​កិច្ច​ផ្សាយ​យ៉ាង​ទៀងទាត់​និង​ដោយ​ឥត​អាក់​ខាន។ ពួក​គេ​ជា​ច្រើន​មាន​គោល​បំណង​ដើម្បី​នឹង​ចូល​រួម​ក្នុង​កិច្ច​ផ្សាយ​ជា​រៀង​រាល់​សប្ដាហ៍។ រីឯ​អ្នក​ផ្សេង​ទៀត​ខំ​ប្រឹង​ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ឬ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ។ ពួក​អ្នក​ទាំង​នេះ​តែង​តែ​ជាប់​រវល់​ផ្សាយ​នៅ​តាម​ផ្លូវ និង​ក្នុង​ហាង​ពី​ព្រលឹម​ស្រាង។ ដើម្បី​នឹង​តម្រូវ​ចិត្ត​នៃ​ពួក​អ្នក​ចូល​ចិត្ត ស្មរបន្ទាល់​ខ្លះ​បង្រៀន​ព្រះ​គម្ពីរ​រហូត​ដល់​យប់​ជ្រៅ។ ពួក​គេ​ធ្វើ​បន្ទាល់​នៅ​ពេល​ទៅ​ទិញ​អីវ៉ាន់ នៅ​ពេល​ធ្វើ​ដំណើរ ក្នុង​កំឡុង​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ព្រម​ទាំង​តាម​ទូរស័ព្ទ​ផង។

១៥. ក្រៅ​ពី​កិច្ច​ផ្សាយ តើ​មាន​អ្វី​ទៀត​ដែល​រួម​បញ្ចូល​ក្នុង​កិច្ច​បំរើ​បរិសុទ្ធ​របស់​យើង?

១៥ ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុមជំនុំ​ជា​ផ្នែក​មួយ​នៃ​កិច្ច​បំរើ​បរិសុទ្ធ​របស់​យើង ហើយ​កិច្ចការ​ដែល​ទាក់ទង​នឹង​ការ​សង់​និង​មើល​ថែទាំ​ទី​កន្លែង​នៃ​សន្និបាត​គ្រីស្ទាន​ក៏​ដូច្នោះ​ដែរ។ ការ​ខំ​ខ្នះខ្នែង​ដើម្បី​លើក​ទឹក​ចិត្ត​និង​ជួយ​បងប្អូន​ប្រុស​ស្រី​គ្រីស្ទាន​ខាង​វិញ្ញាណ​និង​ខាង​សាច់​ឈាម ដើម្បី​ឲ្យ​មាន​សកម្មភាព​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា ក៏​បាន​ត្រូវ​រួម​បញ្ចូល​ដែរ។ នេះ​គឺ​រួម​បញ្ចូល​នូវ​កិច្ចការ​នៃ​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធការ​ពេទ្យ​របស់​យើង។ កិច្ច​បំរើ​នៅ​បេ​ត​អែ​ល ព្រម​ទាំង​បរិចារកិច្ច​ស្ម័គ្រ​ចិត្ត​នៅ​ឯ​មហា​សន្និបាត​របស់​យើង គឺ​សុទ្ធតែ​ជា​កិច្ច​បំរើ​បរិសុទ្ធ។ ពិត​មែន​ហើយ នៅ​ពេល​ដែល​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​ការ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​នោះ នោះ​នឹង​បាន​ពេញ​ទៅ​ដោយ​កិច្ច​បំរើ​បរិសុទ្ធ។ ដូច​ជា​ព្រះ​គម្ពីរ​ចែង​មក ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ថ្វាយ​«កិច្ច​បំរើ​បរិសុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ» ហើយ​ពួក​គេ​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដូច្នេះ។—កិច្ចការ ២០:៣៥; ធីម៉ូថេទី១ ១:១១

‹មក​ពី​គ្រប់​សាសន៍ គ្រប់​កុលសម្ព័ន្ធ គ្រប់​ប្រជាជន ហើយ​គ្រប់​ទាំង​ភាសា›

១៦. តើ​តាម​របៀប​ណា​ដែល​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពិត​ថា ពួក​ហ្វូង​ធំ​ចេញ​«មក​ពី​គ្រប់​ទាំង​សាសន៍»​នោះ?

១៦ ពួក​ហ្វូង​ធំ​ទាំង​នោះ​គឺ​កំពុង​តែ​ចេញ​មក​ពី​គ្រប់​សាសន៍។ ព្រះ​មិន​លំអៀង​ទេ ហើយ​សំវិធានការ​លោះ ដែល​បាន​ធ្វើ​ឡើង​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ​នោះ គឺ​មាន​ប្រយោជន៍​ដល់​ពួក​គេ​ទាំង​អស់​ជា​បរិបូរ។ នៅ​ពេល​ដែល​ពួក​ហ្វូង​ធំ​បាន​សម្គាល់​ជា​លើក​ដំបូង​ពី​ព្រះ​គម្ពីរ​ក្នុង​ឆ្នាំ​១៩៣៥​នោះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សកម្មភាព​ក្នុង​១១៥​ប្រទេស។ មក​ដល់​ឆ្នាំ​១៩៩០ ការ​ស្វែង​រក​ពួក​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម​បាន​កើន​ឡើង​ជា​ច្រើន​ប្រទេស​មួយ​ជា​ពីរ។—ម៉ាកុស ១៣:១០

១៧. តើ​កំពុង​តែ​បាន​ធ្វើ​អ្វី​ដែរ ដើម្បី​ជួយ​មនុស្ស​ពី​គ្រប់​‹កុលសម្ព័ន្ធ គ្រប់​ប្រជាជន និង​គ្រប់​ភាសា›​ឲ្យ​បាន​ចូល​មក​ក្នុង​ពួក​ហ្វូង​ធំ?

១៧ ក្នុង​ការ​ស្វែង​រក​សមាជិក​នៃ​ពួក​ហ្វូង​ធំ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​យក​ចិត្ត​ទុក​ដាក់​មិន​គ្រាន់​តែ​ដល់​គ្រប់​សាសន៍​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ដល់​គ្រប់​កុលសម្ព័ន្ធ​និង​គ្រប់​ប្រជាជន ហើយ​គ្រប់​ទាំង​ភាសា​ដែល​នៅ​ក្នុង​សាសន៍​នោះ។ ដើម្បី​ផ្សាយ​ឲ្យ​ដឹង​ដល់​មនុស្ស​ទាំង​នេះ ស្មរបន្ទាល់​បោះ​ពុម្ព​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ទៅ​ជាង​៣០០​ភាសា។ ការ​នេះ​គឺ​ទាក់ទង​ការ​ហ្វឹកហ្វឺន​និង​ការ​រក្សា​ក្រុម​នៃ​ពួក​អ្នក​ដែល​មាន​សមត្ថភាព​បកប្រែ ដោយ​ផ្ដល់​នូវ​គ្រឿង​កុំព្យូទ័រ​ដែល​អាច​ប្រើ​បាន​ក្នុង​ភាសា​ទាំង​នេះ។ គ្រាន់​តែ​ក្នុង​កំឡុង​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នេះ មាន​៣៦​ភាសា​ត្រូវ​បាន​បកប្រែ​ឡើង ដែល​មាន​មនុស្ស​ប្រមាណ​៩៨.០០០.០០០​នាក់​និយាយ​ភាសា​ទាំង​នោះ។ បន្ថែម​ទៀត​នោះ ពួក​ស្មរបន្ទាល់​ខំ​ប្រឹង​ទៅ​ជួប​មនុស្ស​ទាំង​នេះ​ដោយ​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​ពាក្យ​បន្ទូល​របស់​ព្រះ។—ម៉ាថាយ ២៨:១៩, ២០

‹ចេញ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​មក›

១៨. (ក) នៅ​ពេល​ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​កើត​ឡើង តើ​ពួក​ណា​នឹង​បាន​ការ​សង្គ្រោះ? (ខ) បន្ទាប់​មក តើ​នឹង​មាន​ការ​ប្រកាស​ដ៏​សប្បាយ​អ្វី?

១៨ នៅ​ពេល​ដែល​ពួក​ទេវតា​លែង​ខ្យល់​នៃ​សេចក្ដី​ហិនវិនាស ដែល​បាន​រៀប​រាប់​មក​នៅ​វិវរណៈ ៧:១​នោះ ពួក​ចាក់​ប្រេង​តាំង​ដែល​«ពួក​បាវ​បំរើ​នៃ​ព្រះ​របស់​យើង»​នឹង​ពិសោធ​នូវ​ការ​ការពារ​ដ៏​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​ពួក​ហ្វូង​ធំ​ដែល​បាន​ចូល​រួម​ជា​មួយ​ពួក​គេ​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត​ក៏​ទ្រង់​ការពារ​ពួក​គេ​ដែរ។ ដូច​ជា​សាវ័ក​យ៉ូហាន​បាន​ប្រាប់​មក ពួក​ហ្វូង​ធំ​នឹង​‹ចេញ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​មក›​ជា​អ្នក​រួច​រស់​ជីវិត​ទាំង​ឡាយ។ នៅ​ពេល​នោះ ពួក​គេ​នឹង​បន្លឺ​សម្លេង​សរសើរ​និង​សម្ដែង​កតញ្ញូ​ធម៌ កាល​ដែល​គេ​ប្រកាស​ថា៖ «សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង»! ហើយ​អស់​ទាំង​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​ស្ថានសួគ៌​នឹង​ចូល​រួម​ពួក​ហ្វូង​ធំ ដោយ​ទូល​ថា៖ «អាម៉ែន សូម​ថ្វាយ​ព្រះ​ពរ សិរី​ល្អ ប្រាជ្ញា ពាក្យ​អរ​ព្រះ​គុណ កិតិនាម ព្រះ​ចេស្ដា នឹង​ឥទ្ធិឫទ្ធិ ដល់​ព្រះ​នៃ​យើង​រាល់​គ្នា នៅ​អស់កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន»។—វិវរណៈ ៧:១០​-​១៤

១៩. តើ​ក្នុង​សកម្មភាព​ដ៏​សប្បាយ​រីករាយ​ណា ដែល​ពួក​អ្នក​រួច​រស់​ជីវិត​នឹង​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ចូល​រួម​នោះ?

១៩ តើ​នៅ​ពេល​នោះ​នឹង​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎! មនុស្ស​គ្រប់​គ្នា​ដែល​នៅ​រស់​នឹង​បាន​ទៅ​ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​ពិត​តែ​មួយ! អំណរ​ដ៏​ធំ​ជាង​គេ​បង្អស់​នៃ​អំណរ​ទាំង​នេះ គឺ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ដូច្នេះ គឺ​មាន​កិច្ចការ​ធ្វើ​ជា​ច្រើន​ណាស់—ជា​កិច្ចការ​ដ៏​សប្បាយ​រីករាយ​មួយ! ផែនដី​នឹង​ក្លាយ​ទៅ​ជា​សួន​មនោរម្យ។ មនុស្ស​ស្លាប់​រាប់​លាន​នាក់​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បន្ទាប់​មក នឹង​បាន​អប់រំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ ការ​ចូល​រួម​ក្នុង​កិច្ចការ​នេះ ជា​ឯក​សិទ្ធិ​ដ៏​សប្បាយ​រីករាយ​ណាស់!

តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា?

◻ តើ​ព្រឹត្ដិការណ៍​នៅ​ឆ្នាំ​១៩៣៥​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កិច្ច​ផ្សាយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

◻ តើ​ហេតុ​ការណ៍​ដែល​ពួក​ហ្វូង​ធំ​«ឈរ​នៅ​មុខ​បល្ល័ង្ក»​បាន​ធ្វើ​ឲ្យ​ឃើញ​នូវ​អ្វី?

◻ តើ​ការ​អបអរ​ចំពោះ​ឈាម​នៃ​កូន​ចៀម ត្រូវ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​រស់​នៅ​យ៉ាង​ដូច​ម្ដេច?

◻ តើ​ការ​គ្រវី​ធាងចាក​បាន​ប្រាប់​ឲ្យ​ដឹង​អ្វី?

◻ តើ​ពួក​ហ្វូង​ធំ​ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​១៤, ១៥]

កិច្ច​បំរើ​បរិសុទ្ធ​របស់​គេ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ទៀងទាត់ ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ខំ​ប្រឹង​ខ្នះខ្នែង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក