អត្ថបទសិក្សា ៣៩
«មើល! . . . មនុស្សមួយក្រុមធំ»
«មើល! ខ្ញុំឃើញមនុស្សមួយក្រុមធំ ដែលគ្មានមនុស្សណាម្នាក់អាចរាប់ចំនួនបានឡើយ។ ពួកគេ . . . កំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»។—បប. ៧:៩
ចម្រៀងលេខ៦០ ចូរខំជួយគេឲ្យបានរួចជីវិត
សេចក្ដីសង្ខេបa
១. នៅចុងសតវត្សរ៍ទី១ គ.ស. តើសាវ័កយ៉ូហានស្ថិតក្នុងស្ថានភាពបែបណា?
នៅចុងសតវត្សរ៍ទី១ គ.ស. សាវ័កយ៉ូហានស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកមួយ។ គាត់មានវ័យចាស់ បានត្រូវជាប់ឃុំនៅកោះប៉ាត់ម៉ុស ហើយគាត់ក៏ទំនងជាសាវ័កចុងក្រោយដែលនៅរស់។ (បប. ១:៩) គាត់ដឹងថាអ្នកក្បត់ជំនឿកំពុងបំភាន់ក្រុមជំនុំ ហើយធ្វើឲ្យមានការបែកបាក់គ្នា។ តាមមើលទៅ មិនយូរក្រោយពីនោះលែងមានគ្រិស្តសាសនិកពិតទៀត។—យូ. ៤; បប. ២:១៥, ២០; ៣:១, ១៧
សាវ័កយ៉ូហានបានឃើញ«មនុស្សមួយក្រុមធំ» ដែលពាក់អាវវែងពណ៌ស ព្រមទាំងកាន់ធាងលម៉ើនៅដៃ (សូមមើលវគ្គ២)
២. យោងទៅតាមការបើកបង្ហាញ ៧:៩-១៤ តើយ៉ូហានបានឃើញក្នុងគំនិតនូវទំនាយដ៏គួរឲ្យរំភើបចិត្តអ្វី? (សូមមើលរូបភាពនៅក្រប)
២ កាលដែលយ៉ូហានកំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាកនេះ ព្រះបានបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិតនូវទំនាយដ៏គួរឲ្យរំភើបចិត្តមួយ។ ក្នុងការបើកបង្ហាញនោះ ទេវតាមួយរូបបានប្រាប់ទេវតាបួនរូបទៀតឲ្យទប់ខ្យល់ហិនវិនាសនៃគ្រាទុក្ខវេទនាជាខ្លាំងមិនឲ្យបក់។ ទេវតាទាំងនោះត្រូវទប់ខ្យល់នោះរហូតដល់ការបោះត្រាចុងក្រោយលើក្រុមមួយដែលជាខ្ញុំបម្រើនៃព្រះ។ (បប. ៧:១-៣) ក្រុមនោះមានចំនួន១៤៤.០០០នាក់ ដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ (លូក. ១២:៣២; បប. ៧:៤) ក្រោយមក យ៉ូហានរៀបរាប់អំពីក្រុមមួយទៀតដែលធំដល់ម្ល៉េះបានជាគាត់លាន់មាត់ថា៖ «មើល!»។ ពាក្យនេះប្រហែលជាបង្ហាញថាគាត់ភ្ញាក់ផ្អើលចំពោះអ្វីដែលគាត់បានឃើញ។ តើយ៉ូហានបានឃើញអ្វី? គាត់បានឃើញ«មនុស្សមួយក្រុមធំ ដែលគ្មានមនុស្សណាម្នាក់អាចរាប់ចំនួនបានឡើយ។ ពួកគេចេញពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយកំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»។ (សូមអាន ការបើកបង្ហាញ ៧:៩-១៤) សូមស្រមៃគិតថាយ៉ូហានសប្បាយចិត្តយ៉ាងណាពេលដឹងថា នៅថ្ងៃអនាគតមនុស្សជាច្រើនអនេកនឹងគោរពប្រណិប័តន៍ព្រះតាមរបៀបត្រឹមត្រូវ!
៣. (ក) ហេតុអ្វីបានជាអ្វីដែលយ៉ូហានបានឃើញក្នុងគំនិតពង្រឹងជំនឿរបស់យើង? (ខ) តើយើងនឹងរៀនអ្វីក្នុងអត្ថបទនេះ?
៣ ការបើកបង្ហាញនោះច្បាស់ជាបានពង្រឹងជំនឿរបស់យ៉ូហាន ហើយរឹតតែពង្រឹងជំនឿរបស់យើង ដោយសារយើងរស់នៅគ្រាដែលទំនាយនេះកំពុងក្លាយជាការពិត។ នៅសម័យយើង មនុស្សរាប់លាននាក់បានចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយពួកគេមានសេចក្ដីសង្ឃឹមថានឹងរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង និងរស់ជារៀងរហូតលើផែនដី។ ក្នុងអត្ថបទនេះ យើងនឹងរៀនថាជាង៨០ឆ្នាំមុន ព្រះយេហូវ៉ាបានបង្ហាញអត្តសញ្ញាណរបស់មនុស្សមួយក្រុមធំនោះដល់រាស្ត្ររបស់លោក។ បន្ទាប់មក យើងនឹងពិចារណាចំណុចពីរយ៉ាងអំពីក្រុមនោះ (១) ចំនួនដ៏ច្រើនក្រៃលែងនៃក្រុមនោះ និង (២) សមាជិកក្រុមនោះដែលមកពីទូទាំងពិភពលោក។ ចំណុចទាំងនេះគួរពង្រឹងជំនឿរបស់អស់អ្នកដែលសង្ឃឹមថានឹងធ្វើជាសមាជិកក្រុមនោះ។
តើមនុស្សមួយក្រុមធំនឹងរស់នៅឯណា?
៤. តើពិភពគ្រិស្តសាសនាមិនបានយល់អំពីសេចក្ដីបង្រៀនអ្វីពីគម្ពីរ ហើយតើនិស្សិតគម្ពីរគឺខុសគ្នាយ៉ាងណាពីពួកគេ?
៤ តាមធម្មតា ពិភពគ្រិស្តសាសនាមិនបង្រៀនអំពីសេចក្ដីពិតពីគម្ពីរដែលថា នឹងមានគ្រាមួយដែលមនុស្សដែលស្ដាប់បង្គាប់ព្រះនឹងរស់ជារៀងរហូតនៅលើផែនដី។ (២កូ. ៤:៣, ៤) សព្វថ្ងៃនេះ គ្រិស្តសាសនាភាគច្រើនបង្រៀនថាមនុស្សល្អទាំងអស់នឹងឡើងទៅស្ថានសួគ៌ពេលដែលពួកគេស្លាប់ទៅ។ ប៉ុន្តែ ក្រុមតូចមួយដែលហៅថានិស្សិតគម្ពីរគឺខុសពីគ្រិស្តសាសនាទាំងនោះ។ ពួកគេជាអ្នកដែលបានបោះពុម្ពទស្សនាវដ្ដីប៉មយាមតាំងពីឆ្នាំ១៨៧៩។ ពួកគេបានយល់ថាព្រះនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យានម្ដងទៀត ហើយថាមនុស្សរាប់លាននាក់ដែលស្ដាប់បង្គាប់លោកនឹងរស់នៅលើផែនដី មិនមែនស្ថានសួគ៌ទេ។ ទោះជាយ៉ាងនេះក្ដី គឺត្រូវការពេលឲ្យពួកគេយល់ច្បាស់ថាមនុស្សទាំងនោះគឺជាអ្នកណា។—ម៉ាថ. ៦:១០
៥. តើនិស្សិតគម្ពីរបានយល់យ៉ាងណាអំពីពួក១៤៤.០០០នាក់?
៥ និស្សិតគម្ពីរក៏បានយល់ពីគម្ពីរថា មនុស្សខ្លះនឹងត្រូវ«ទិញពីផែនដី»ដើម្បីគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ (បប. ១៤:៣) មនុស្សទាំងនោះមានចំនួន១៤៤.០០០នាក់។ ពួកគេជាគ្រិស្តសាសនិកដ៏ខ្នះខ្នែងដែលបានប្រគល់ខ្លួនជូនព្រះ និងបានបម្រើព្រះយ៉ាងស្មោះត្រង់កាលដែលពួកគេនៅផែនដីនៅឡើយ។ ចុះមនុស្សមួយក្រុមធំវិញ? តើនិស្សិតគម្ពីរយល់យ៉ាងណាអំពីពួកគេ?
៦. តើនិស្សិតគម្ពីរយល់យ៉ាងណាអំពីមនុស្សមួយក្រុមធំ?
៦ យ៉ូហានបានឃើញក្នុងគំនិតថា មនុស្សមួយក្រុមធំ«កំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»។ (បប. ៧:៩) ពាក្យទាំងនេះធ្វើឲ្យនិស្សិតគម្ពីរសន្និដ្ឋានថាក្រុមនោះនឹងរស់នៅស្ថានសួគ៌ ដូច១៤៤.០០០នាក់។ បើពួក១៤៤.០០០នាក់ និងមនុស្សមួយក្រុមធំនឹងរស់នៅស្ថានសួគ៌ តើពួកគេខុសគ្នាយ៉ាងណា? និស្សិតគម្ពីរបានគិតថា មនុស្សមួយក្រុមធំនោះច្បាស់ជាគ្រិស្តសាសនិកដែលមិនបានស្ដាប់បង្គាប់ព្រះទាំងស្រុង ពេលដែលពួកគេរស់នៅផែនដីនៅឡើយ។ ទោះជាពួកគេធ្វើតាមខ្នាតតម្រាសីលធម៌ក្នុងគម្ពីរក៏ដោយ ប្រហែលជាពួកគេខ្លះនៅតែជាសមាជិកវិហារគ្រិស្តសាសនា។ និស្សិតគម្ពីរសន្និដ្ឋានថាអ្នកទាំងនោះមានចិត្តខ្នះខ្នែងដែរ តែមិនខ្នះខ្នែងដល់កម្រិតដែលឲ្យពួកគេអាចគ្រប់គ្រងជាមួយនឹងលោកយេស៊ូទេ។ ដោយសារសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះមិនគ្រប់គ្រាន់ នោះពួកគេអាចឈរនៅមុខបល្ល័ង្កនៅស្ថានសួគ៌ តែមិនមែនអង្គុយលើបល្ល័ង្កឡើយ។
៧. តាមការយល់ដឹងរបស់និស្សិតគម្ពីរ តើអ្នកណានឹងរស់នៅផែនដីក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំ? តើពួកគេយល់យ៉ាងណាអំពីបុរសស្មោះត្រង់ពីសម័យបុរាណ?
៧ តើអ្នកណានឹងរស់នៅលើផែនដី? និស្សិតគម្ពីរបានជឿថាក្រោយពី១៤៤.០០០នាក់និងមនុស្សមួយក្រុមធំបានត្រូវប្រមូលទៅស្ថានសួគ៌ មនុស្សរាប់លាននាក់ទៀតនឹងត្រូវអនុញ្ញាតឲ្យរស់នៅផែនដីដើម្បីទទួលពរក្រោមការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ និស្សិតគម្ពីរមិនបានរំពឹងថាមនុស្សរាប់លាននាក់ទាំងនោះនឹងបម្រើព្រះយេហូវ៉ាមុនការគ្រប់គ្រងរបស់គ្រិស្តចាប់ផ្ដើមទេ។ ផ្ទុយទៅវិញ ពួកគេបានគិតថាមនុស្សទាំងនោះនឹងរៀនអំពីព្រះយេហូវ៉ាក្នុងអំឡុងគ្រាមួយពាន់ឆ្នាំ។ ក្រោយមក ពួកអ្នកដែលរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ានឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅផែនដី រីឯពួកអ្នកដែលបះបោរនឹងត្រូវបំផ្លាញចោល។ និស្សិតគម្ពីរក៏បានគិតថាប្រហែលជាអ្នកខ្លះដែលបម្រើជា«ចៅហ្វាយ»នៅផែនដីក្នុងអំឡុងគ្រានោះ នឹងទទួលជីវិតនៅស្ថានសួគ៌នាដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំ។ ពួកគេយល់ថា ពួកចៅហ្វាយទាំងនោះរួមបញ្ចូលបុរសស្មោះត្រង់ដែលបានស្លាប់មុនគ្រិស្ត និងបានត្រូវប្រោសឲ្យរស់ឡើងវិញក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោក។—ទំនុក. ៤៥:១៦
៨. តាមគំនិតរបស់និស្សិតគម្ពីរ តើមានក្រុមបីអ្វី?
៨ និស្សិតគម្ពីរបានគិតថាមានក្រុមបី៖ (១) ពួក១៤៤.០០០នាក់ដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌ (២) មនុស្សមួយក្រុមធំដែលនឹងឈរនៅមុខបល្ល័ង្ករបស់លោកយេស៊ូនៅស្ថានសួគ៌ ហើយពួកគេជាគ្រិស្តសាសនិកដែលមានចិត្តខ្នះខ្នែងមួយកម្រិត និង(៣) មនុស្សរាប់លាននាក់ដែលនឹងរៀនអំពីព្រះយេហូវ៉ានៅផែនដីក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ ក៏ប៉ុន្តែ នៅពេលកំណត់របស់ព្រះយេហូវ៉ា ពន្លឺនៃសេចក្ដីពិតអំពីរឿងនេះបានភ្លឺឡើងកាន់តែខ្លាំង។—សុភ. ៤:១៨
ពន្លឺនៃសេចក្ដីពិតកាន់តែភ្លឺឡើង
នៅមហាសន្និបាតឆ្នាំ១៩៣៥ បុគ្គលជាច្រើនដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីជារៀងរហូត បានទទួលការជ្រមុជទឹក (សូមមើលវគ្គ៩)
៩. (ក) តើមនុស្សមួយក្រុមធំអាចឈរ«នៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»ក្នុងន័យអ្វី? (ខ) ហេតុអ្វីការយល់ដឹងនេះអំពីការបើកបង្ហាញ ៧:៩ គឺសមហេតុផល?
៩ នៅឆ្នាំ១៩៣៥ សាក្សីព្រះយេហូវ៉ាបានយល់យ៉ាងច្បាស់ថា មនុស្សមួយក្រុមធំដែលយ៉ូហានបានឃើញក្នុងគំនិតគឺជាអ្នកណា។ ពួកគេបានយល់ថា មនុស្សមួយក្រុមធំមិនចាំបាច់នៅស្ថានសួគ៌ដើម្បីឈរ«នៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»ទេ។ តែពួកគេអាចឈរ«នៅមុខបល្ល័ង្ក»បាន ទោះជាពួកគេរស់នៅផែនដីក្ដី ក្នុងន័យថាពួកគេទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងសកលលោក ហើយបង្ហាញថាពួកគេចុះចូលនៅក្រោមអំណាចរបស់លោកដោយស្ដាប់បង្គាប់លោក។ (អេ. ៦៦:១) ពួកគេអាចឈរ«នៅមុខកូនចៀម» ក្នុងន័យថាពួកគេបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ ស្រដៀងគ្នាដែរ ម៉ាថាយ ២៥:៣១, ៣២ ចែងថា៖ «ប្រជាជាតិទាំងឡាយ»រួមទាំងមនុស្សអាក្រក់ នឹងត្រូវ«ប្រមូលមកនៅមុខ»លោកយេស៊ូដែលអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក។ ប្រជាជាតិទាំងនេះច្បាស់ជានៅផែនដី មិនមែននៅស្ថានសួគ៌ទេ។ ការយល់ដឹងដែលបានត្រូវកែសម្រួលនេះគឺសមហេតុផល ហើយនេះជួយយើងឲ្យយល់អំពីមូលហេតុដែលគម្ពីរមិនបានចែងថា មនុស្សមួយក្រុមធំនោះនឹងត្រូវយកទៅស្ថានសួគ៌។ មានក្រុមតែមួយប៉ុណ្ណោះដែលមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌ ពោលគឺ១៤៤.០០០នាក់។ ពួកគេនឹង«ធ្វើជាស្តេចគ្រប់គ្រងលើផែនដី»ជាមួយនឹងលោកយេស៊ូ។—បប. ៥:១០
១០. ហេតុអ្វីមនុស្សមួយក្រុមធំត្រូវរៀនអំពីព្រះយេហូវ៉ានិងគោរពប្រណិប័តន៍លោក មុនការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត?
១០ តាំងពីឆ្នាំ១៩៣៥ សាក្សីព្រះយេហូវ៉ាបានយល់ថា មនុស្សមួយក្រុមធំដែលយ៉ូហានបានឃើញក្នុងគំនិត គឺជាគ្រិស្តសាសនិកស្មោះត្រង់ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ ដើម្បីរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំង មនុស្សមួយក្រុមធំនឹងត្រូវរៀនអំពីព្រះយេហូវ៉ានិងគោរពប្រណិប័តន៍លោក មុនការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។ ម្យ៉ាងទៀត ពួកគេត្រូវបង្ហាញជំនឿមាំមួន ដើម្បី«រួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង»មុនការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត។—លូក. ២១:៣៤-៣៦
១១. ហេតុអ្វីនិស្សិតគម្ពីរខ្លះបានគិតថាមនុស្សមួយចំនួននឹងត្រូវយកទៅស្ថានសួគ៌ បន្ទាប់ពីការគ្រប់គ្រងមួយពាន់ឆ្នាំ?
១១ ចុះយ៉ាងណាអំពីការយល់ដឹងដែលថា មនុស្សស្មោះត្រង់មួយចំនួននៅផែនដីនឹងត្រូវយកទៅស្ថានសួគ៌នៅដំណាច់ការគ្រប់គ្រងមួយពាន់ឆ្នាំ? នៅច្រើនឆ្នាំមុន ចំណុចនេះបានត្រូវរៀបរាប់ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩១៣។ ប្រហែលជាពួកគេបានវែកញែកថា ‹ហេតុអ្វីបុរសស្មោះត្រង់នៅសម័យបុរាណគ្រាន់តែទទួលជីវិតនៅផែនដីប៉ុណ្ណោះ តែគ្រិស្តសាសនិកដែលមិនសូវខ្នះខ្នែងទទួលជីវិតនៅស្ថានសួគ៌ទៅវិញ?›។ ការវែកញែកនេះមានមូលដ្ឋានលើការសន្និដ្ឋានមិនត្រឹមត្រូវពីរ។ (១) មនុស្សមួយក្រុមធំនឹងរស់នៅស្ថានសួគ៌ និង (២) មនុស្សមួយក្រុមធំគឺជាគ្រិស្តសាសនិកដែលមានចិត្តខ្នះខ្នែងមួយកម្រិត។
១២-១៣. តើពួកអ្នកដែលបានត្រូវរើសតាំងនិងមនុស្សមួយក្រុមធំទទួលស្គាល់អ្វីអំពីរង្វាន់របស់ពួកគេ?
១២ ដូចដែលបានរៀបរាប់នៅខាងលើ តាំងពីឆ្នាំ១៩៣៥ សាក្សីព្រះយេហូវ៉ាបានយល់ថា ពួកអ្នកដែលរួចជីវិតពីសង្គ្រាមហាម៉ាគេដូនគឺជាមនុស្សមួយក្រុមធំដែលបានត្រូវបើកបង្ហាញឲ្យយ៉ូហានឃើញក្នុងគំនិត។ ពួកគេ«គឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង»នៅផែនដី ហើយពួកគេនឹង«បន្លឺសំឡេងយ៉ាងខ្លាំងឥតឈប់ថា៖ ‹សេចក្ដីសង្គ្រោះរបស់យើងមកពីព្រះរបស់យើង ដែលអង្គុយលើបល្ល័ង្ក និងពីកូនចៀម›»។ (បប. ៧:១០, ១៤) បន្ថែមទៅទៀត គម្ពីរបង្រៀនថាពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ទទួល«អ្វីដែលប្រសើរជាង»បុរសស្មោះត្រង់នៅសម័យបុរាណនឹងទទួល។ (ហេ. ១១:៤០) ការយល់ដឹងថ្មីនៅឆ្នាំ១៩៣៥បានជំរុញចិត្តបងប្អូនយើង ឲ្យចាប់ផ្ដើមអញ្ជើញមនុស្សឯទៀតយ៉ាងខ្នះខ្នែងឲ្យមកបម្រើព្រះយេហូវ៉ា ដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។
១៣ មនុស្សមួយក្រុមធំនោះពេញចិត្តនឹងសេចក្ដីសង្ឃឹមរបស់ពួកគេ។ ពួកគេយល់ថាព្រះយេហូវ៉ាជាអ្នកសម្រេចចិត្តថាអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោកនឹងបម្រើលោកនៅកន្លែងណា មិនថានៅស្ថានសួគ៌ឬនៅផែនដីក្ដី។ ទាំងពួកអ្នកដែលបានត្រូវរើសតាំងទាំងមនុស្សមួយក្រុមធំទទួលស្គាល់ថា ពួកគេអាចទទួលរង្វាន់របស់ពួកគេបាន ដោយសារតែគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាដែលបានត្រូវបង្ហាញ តាមរយៈគ្រឿងបូជាលោះរបស់លោកយេស៊ូគ្រិស្ត។—រ៉ូម ៣:២៤
ចំនួនដ៏ច្រើនក្រៃលែង
១៤. ក្រោយពីឆ្នាំ១៩៣៥ ហេតុអ្វីបងប្អូនជាច្រើនឆ្ងល់អំពីរបៀបដែលទំនាយស្តីអំពីមនុស្សមួយក្រុមធំនឹងត្រូវសម្រេច?
១៤ ក្រោយពីរាស្ត្រព្រះយេហូវ៉ាបានយល់ច្បាស់ជាងអំពីរឿងនោះនៅឆ្នាំ១៩៣៥ បងប្អូនជាច្រើននៅតែឆ្ងល់ថា តើពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីអាចទៅជាក្រុមមួយដ៏ធំយ៉ាងដូចម្ដេចបាន។ ជាឧទាហរណ៍ បងប្រុសរ៉ូណាល់ ផាខិនមានអាយុ១២ឆ្នាំ ពេលដែលមានការពន្យល់យ៉ាងច្បាស់អំពីអត្តសញ្ញាណរបស់មនុស្សមួយក្រុមធំ។ គាត់នឹកចាំថា «នៅពេលនោះ មានអ្នកផ្សាយប្រហែលជា៥៦.០០០នាក់នៅទូទាំងពិភពលោក ហើយពួកគេជាច្រើនគឺជាអ្នកដែលព្រះបានរើសតាំង។ ដូច្នេះតាមមើលទៅ មនុស្សមួយក្រុមធំនោះមិនមានចំនួនច្រើនទេ»។
១៥. តើការប្រមូលមនុស្សមួយក្រុមធំបានបន្តកើនឡើងយ៉ាងដូចម្ដេច?
១៥ ក៏ប៉ុន្តែ ក្នុងប៉ុន្មានទសវត្សរ៍ក្រោយមក សាសនទូតបានត្រូវចាត់ឲ្យទៅប្រទេសផ្សេងៗ ហើយចំនួនសាក្សីព្រះយេហូវ៉ាបានបន្តកើនឡើង។ នៅឆ្នាំ១៩៦៨ សាក្សីព្រះយេហូវ៉ាបានចាប់ផ្ដើមកម្មវិធីសិក្សាគម្ពីរដោយប្រើសៀវភៅដែលមានចំណងជើងថា សេចក្ដីពិតដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់ (The Truth That Leads to Eternal Life)។ សៀវភៅនោះពន្យល់អំពីសេចក្ដីពិតពីគម្ពីរតាមរបៀបដែលស្រួលយល់។ នេះបានទាក់ទាញមនុស្សសុភាពរាបទាបកាន់តែច្រើនឲ្យមកឯព្រះយេហូវ៉ា។ មិនដល់បួនឆ្នាំក្រោយពីសៀវភៅនោះបានចេញផ្សាយ អ្នកកាន់តាមថ្មីរបស់គ្រិស្ត ជាងប្រាំសែននាក់បានទទួលការជ្រមុជទឹក។ ពេលអំណាចរបស់សាសនាកាតូលិកចាប់ផ្ដើមចុះខ្សោយនៅប្រទេសផ្សេងៗនាអាម៉េរិកឡាទីននិងប្រទេសឯទៀត ហើយកិច្ចការរបស់យើងលែងត្រូវគេដាក់បម្រាមនៅទ្វីបអឺរ៉ុបខាងកើតនិងតំបន់ផ្សេងៗនៅទ្វីបអាហ្វ្រិក នោះមនុស្សរាប់លាននាក់បានទទួលការជ្រមុជទឹក។ (អេ. ៦០:២២) តាំងពីពេលនោះ អង្គការរបស់ព្រះយេហូវ៉ាបានបោះពុម្ពសៀវភៅផ្សេងទៀតដែលមានប្រសិទ្ធភាព ដើម្បីជួយមនុស្សឯទៀតឲ្យរៀនអំពីអ្វីដែលគម្ពីរបង្រៀន។ យើងអាចឃើញច្បាស់ថា មនុស្សមួយក្រុមធំនោះដែលឥឡូវមានចំនួនជាង៨លាននាក់បានត្រូវប្រមូលហើយ!
មនុស្សមួយក្រុមធំដែលមកពីទូទាំងពិភពលោក
១៦. តើមនុស្សមួយក្រុមធំបានត្រូវប្រមូលពីណា?
១៦ យ៉ូហានបានសរសេរអំពីអ្វីដែលគាត់បានឃើញក្នុងគំនិតថា មនុស្សមួយក្រុមធំនឹងមកពី«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា»។ មុនសម័យនោះ សាការីដែលជាអ្នកប្រកាសទំនាយបានរៀបរាប់អំពីអ្វីដែលស្រដៀងនឹងនោះដែរ។ គាត់បានសរសេរថា៖ «នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។—សាក. ៨:២៣
១៧. តើកិច្ចការអ្វីកំពុងធ្វើឡើងដើម្បីជួយមនុស្សពីគ្រប់ប្រជាជាតិនិងគ្រប់ភាសា?
១៧ សាក្សីព្រះយេហូវ៉ាយល់ថាដើម្បីប្រមូលមនុស្សពីគ្រប់ភាសា ពួកគេត្រូវផ្សព្វផ្សាយដំណឹងល្អជាច្រើនភាសា។ យើងបានបកប្រែសៀវភៅផ្សេងៗសម្រាប់សិក្សាគម្ពីរអស់រយៈពេលជាង១៣០ឆ្នាំ។ ឥឡូវយើងកំពុងបកប្រែជារាប់រយភាសា ហើយការបកប្រែនេះគឺច្រើនបំផុតដែលមិនធ្លាប់មាន។ ព្រះយេហូវ៉ាកំពុងធ្វើការអស្ចារ្យនៅសម័យយើង ដោយប្រមូលមនុស្សមួយក្រុមធំពីគ្រប់ប្រជាជាតិ។ ដោយសារមានសៀវភៅគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរកាន់តែច្រើនភាសា ក្រុមនេះអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានសាមគ្គីភាព ទោះជាពួកគេមកពីប្រទេសផ្សេងៗក្ដី។ ម្យ៉ាងទៀត សាក្សីព្រះយេហូវ៉ាបានត្រូវគេស្គាល់ជាទូទៅ ចំពោះការផ្សព្វផ្សាយយ៉ាងខ្នះខ្នែងរបស់ពួកគេនិងសេចក្ដីស្រឡាញ់ជាបងប្អូនដែលពួកគេមានចំពោះគ្នា។ នេះពិតជាពង្រឹងជំនឿយើងមែន!—ម៉ាថ. ២៤:១៤; យ៉ូន. ១៣:៣៥
តើអ្វីដែលបានត្រូវបើកបង្ហាញឲ្យយ៉ូហានឃើញក្នុងគំនិតមានន័យយ៉ាងណាចំពោះយើង?
១៨. (ក) ស្របតាមអេសាយ ៤៦:១០, ១១ ហេតុអ្វីយើងមិនភ្ញាក់ផ្អើលដែលព្រះយេហូវ៉ាបានសម្រេចទំនាយអំពីមនុស្សមួយក្រុមធំ? (ខ) ហេតុអ្វីពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីមិនអន់ចិត្ត?
១៨ យើងមានហេតុជាច្រើនដើម្បីរំភើបចិត្តអំពីទំនាយស្តីអំពីមនុស្សមួយក្រុមធំ! យើងមិនភ្ញាក់ផ្អើលដែលព្រះយេហូវ៉ាបានធ្វើឲ្យទំនាយនេះសម្រេច តាមរបៀបដ៏អស្ចារ្យបែបនេះទេ។ (សូមអាន អេសាយ ៤៦:១០, ១១) មនុស្សមួយក្រុមធំសប្បាយចិត្តអំពីសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកគេ។ ពួកគេមិនអន់ចិត្តដែលព្រះមិនបានរើសតាំងពួកគេដោយសកម្មពលរបស់លោក ឲ្យបម្រើជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌ទេ។ ក្នុងគម្ពីរ មានបុរសស្ត្រីដ៏ស្មោះត្រង់ដែលបានទទួលការណែនាំពីសកម្មពលបរិសុទ្ធ ប៉ុន្តែពួកគេមិនមែនជាសមាជិក១៤៤.០០០នាក់ឡើយ ដូចជាយ៉ូហានដែលជាអ្នកជ្រមុជទឹក និងដាវីឌជាដើម។ (ម៉ាថ. ១១:១១; សកម្ម. ២:៣៤) ពួកគាត់និងមនុស្សជាច្រើនអនេកទៀតនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដីជាសួនឧទ្យាន។ ពួកគេទាំងអស់គ្នា ព្រមទាំងមនុស្សមួយក្រុមធំនឹងមានឱកាសបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយគាំទ្រការគ្រប់គ្រងរបស់លោក។
១៩. តើការសម្រេចនៃអ្វីដែលយ៉ូហានបានឃើញក្នុងគំនិតអំពីមនុស្សមួយក្រុមធំបញ្ជាក់យ៉ាងណាថាយើងកំពុងរស់នៅគ្រាបន្ទាន់?
១៩ ក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស ព្រះមិនដែលបង្រួមមនុស្សរាប់លាននាក់ពីគ្រប់ប្រជាជាតិដូចនេះឡើយ។ មិនថាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ឬផែនដីក្ដី យើងត្រូវជួយមនុស្សច្រើនបំផុតឲ្យក្លាយទៅជាសមាជិកមនុស្សមួយក្រុមធំនៃ«ចៀមឯទៀត»។ (យ៉ូន. ១០:១៦) មិនយូរទៀត ព្រះយេហូវ៉ានឹងនាំមកនូវគ្រាទុក្ខវេទនាជាខ្លាំងដែលនឹងបំផ្លាញរដ្ឋាភិបាលនិងសាសនាដែលបានធ្វើឲ្យមនុស្សរងទុក្ខ។ មនុស្សមួយក្រុមធំមានឯកសិទ្ធិដ៏ថ្លៃថ្លាមួយគឺបម្រើព្រះយេហូវ៉ានៅផែនដីជារៀងរហូត!—បប. ៧:១៤
ចម្រៀងលេខ១៣៩ សូមស្រមៃឃើញខ្លួននៅពិភពលោកថ្មី
a ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីទំនាយដែលបានត្រូវបើកបង្ហាញឲ្យយ៉ូហានឃើញក្នុងគំនិតស្តីអំពីការប្រមូល«មនុស្សមួយក្រុមធំ»។ នេះច្បាស់ជានឹងពង្រឹងជំនឿរបស់អស់អ្នកដែលមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យដើម្បីធ្វើជាសមាជិកក្រុមនោះ។