ជំពូកទីដប់ប្រាំបី
«គេមិនមែនជារបស់ផងលោកីយ»
១. (ក) មុនគេធ្វើគុតដល់ព្រះយេស៊ូ តើទ្រង់បានអធិស្ឋានអ្វីឲ្យពួកសិស្សរបស់ទ្រង់? (ខ) ហេតុអ្វីបានជាការរក្សាខ្លួន«មិនមែនជារបស់ផងលោកីយ»សំខាន់ម្ល៉េះ?
នៅរាត្រីមុនគេធ្វើគុតដល់ព្រះយេស៊ូ នោះទ្រង់បានអធិស្ឋានឲ្យពួកសិស្សរបស់ទ្រង់។ ព្រះយេស៊ូជ្រាបថា ពួកសិស្សនឹងទទួលការបង្ខិតបង្ខំយ៉ាងខ្លាំងពីសាតាំង ដូច្នេះទ្រង់ក៏ទូលព្រះវរបិតារបស់ទ្រង់ថា៖ «ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ»។ (យ៉ូហាន ១៧:១៥, ១៦) ហេតុអ្វីបានជាការញែកខ្លួនចេញពីលោកីយ៍នេះគឺសំខាន់ម្ល៉េះ? ពីព្រោះសាតាំងជាអ្នកគ្រប់គ្រងរបស់លោកីយ៍នេះ។ ពួកគ្រីស្ទានមិនចង់ជារបស់លោកីយ៍នេះ ដែលនៅក្រោមអំណាចរបស់សាតាំងនោះឡើយ។—លូកា ៤:៥-៨; យ៉ូហាន ១៤:៣០; យ៉ូហានទី១ ៥:១៩
២. តើតាមរបៀបណាខ្លះ ដែលព្រះយេស៊ូមិនមែនជារបស់ផងលោកីយ៍?
២ ដោយព្រះយេស៊ូមិនមែនជារបស់ផងលោកីយ៍ មិនបានសេចក្ដីថា ទ្រង់ឥតមានសេចក្ដីស្រឡាញ់ដល់អ្នកដទៃនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រោសអ្នកឈឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ និងបានបង្រៀនបណ្ដាជនអំពីព្រះរាជាណាចក្ររបស់ព្រះ។ ទ្រង់បានទាំងបូជាព្រះជន្មរបស់ទ្រង់សំរាប់មនុស្សលោកទៀតផង។ ប៉ុន្តែ ទ្រង់មិនស្រឡាញ់អស់អ្នកដែលមានលក្ខណៈនិងការប្រព្រឹត្តដ៏អាក្រក់ ដែលបង្ហាញនូវចិត្តគំនិតរបស់ផងលោកីយ៍សាតាំងឡើយ។ ដូច្នេះហើយ ទ្រង់បានព្រមានអំពីសេចក្ដីប៉ងប្រាថ្នាដែលពោរពេញទៅដោយអំពើអសីលធម៌ អំពីរបៀបរស់នៅដែលគិតតែពីវត្ថុទ្រព្យ និងការចង់បានអំណាចធំដុំ។ (ម៉ាថាយ ៥:២៧, ២៨; ៦:១៩-២១; លូកា ២០:៤៦, ៤៧) ហេតុនេះហើយ មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលព្រះយេស៊ូបានជៀសវាងរឿងនយោបាយក្នុងលោកីយ៍នេះ។ ទោះជាទ្រង់ជាជនជាតិយូដាមួយរូបក៏ដោយ ទ្រង់មិនដែលគាំទ្រនិងពាក់ព័ន្ធនឹងរឿងជម្លោះខាងនយោបាយរវាងសាសន៍រ៉ូមនិងសាសន៍យូដាឡើយ។
«នគរខ្ញុំមិនត្រូវខាងស្ថាននេះទេ»
៣. (ក) តើពួកអ្នកដឹកនាំសាសនាជាតិយូដាបានចោទប្រកាន់ចំពោះព្រះយេស៊ូយ៉ាងណានៅចំពោះលោកពីឡាត់? និងហេតុអ្វី? (ខ) ពេលទ្រង់ជាមនុស្ស តើអ្វីដែលបង្ហាញថាព្រះយេស៊ូមិនមានព្រះទ័យចង់ក្លាយជាស្តេចនោះទេ?
៣ ចូរពិនិត្យមើលនូវអ្វីដែលកើតឡើង ពេលដែលពួកអ្នកដឹកនាំសាសនាជាតិយូដាបានចាប់ព្រះយេស៊ូនាំទៅឲ្យលោកប៉ុនទាស-ពីឡាត់ ដែលជាចៅហ្វាយខេត្តជាតិរ៉ូមនោះ។ តាមពិត ពួកអ្នកដឹកនាំទាំងនោះបានខ្វល់ខ្វាយចិត្ត ពីព្រោះព្រះយេស៊ូបានលាតត្រដាងនូវភាពលាក់ពុតរបស់ពួកគេ។ ដើម្បីឲ្យចៅហ្វាយខេត្តនេះចាត់វិធានការទាស់នឹងព្រះយេស៊ូ នោះពួកគេបានចោទប្រកាន់ទ្រង់ ដោយពោលថា៖ «យើងខ្ញុំបានឃើញមនុស្សនេះ នាំបំភាន់សាសន៍យើងឲ្យវង្វេងចេញ ក៏ហាមមិនឲ្យបង់ពន្ធថ្វាយសេសារផង ដោយលើកខ្លួនថាជាព្រះគ្រីស្ទ គឺជាស្តេចដែរ»។ (លូកា ២៣:២) យ៉ាងច្បាស់ណាស់ នេះគឺជាពាក្យភូតភរទេ ដ្បិតមួយឆ្នាំមុននេះ ពេលបណ្ដាជនចង់តាំងព្រះយេស៊ូធ្វើជាស្តេច ទ្រង់បានបដិសេធមិនយល់ព្រមដាច់ខាត។ (យ៉ូហាន ៦:១៥) ទ្រង់ជ្រាបថាទ្រង់នឹងក្លាយជាស្តេចនៅស្ថានសួគ៌នាពេលអនាគត។ (លូកា ១៩:១១, ១២) ម្យ៉ាងទៀត ព្រះយេស៊ូនឹងត្រូវទទួលតំណែងជាស្តេចពីព្រះយេហូវ៉ា មិនមែនពីមនុស្សលោកទេ។
៤. តើព្រះយេស៊ូមានព្រះទ័យយ៉ាងណាចំពោះការបង់ពន្ធ?
៤ គ្រាន់តែបីថ្ងៃមុនពួកគេចាប់ព្រះយេស៊ូ នោះពួកផារីស៊ីបានព្យាយាមឲ្យព្រះយេស៊ូមានបន្ទូលអំពីអ្វី ដែលអាចចោទជាបទឧក្រិដ្ឋបានចំពោះរឿងបង់ពន្ធ។ ប៉ុន្តែ ទ្រង់មានបន្ទូលថា៖ «ចូរបង្ហាញកាក់ធំ១[កាក់របស់សាសន៍រ៉ូម]មកឲ្យខ្ញុំមើល។ តើមានរូប នឹងឈ្មោះនេះ ជារបស់អ្នកណា?»។ នៅពេលពួកគេទូលថា៖ «ជារបស់សេសារ» នោះទ្រង់មានបន្ទូលថា៖ «បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ»។—លូកា ២០:២០-២៥
៥. (ក) តើព្រះយេស៊ូបង្រៀនមេរៀនអ្វីដល់ពួកសិស្សរបស់ទ្រង់ក្នុងពេលគេមកចាប់ទ្រង់? (ខ) តើព្រះយេស៊ូបានពន្យល់យ៉ាងណាអំពីមូលហេតុដែលទ្រង់បានធ្វើនោះ? (គ) តើមានលទ្ធផលយ៉ាងណាពីការវិនិច្ឆ័យទោសនោះ?
៥ ព្រះយេស៊ូមិនបានបង្រៀនឲ្យមនុស្សបះបោរប្រឆាំងនឹងអាជ្ញាធរគ្រប់គ្រងឡើយ។ នៅពេលដែលពួកទាហាននិងមនុស្សឯទៀតមកចាប់ព្រះយេស៊ូ នោះពេត្រុសបានយកដាវកាប់ដាច់ស្លឹកត្រចៀកនៃបុរសម្នាក់។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ»។ (ម៉ាថាយ ២៦:៥១, ៥២) នៅថ្ងៃស្អែក ព្រះយេស៊ូបានពន្យល់ប្រាប់លោកពីឡាត់អំពីការប្រព្រឹត្តរបស់ទ្រង់ ដោយមានបន្ទូលថា៖ «នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ»។ (យ៉ូហាន ១៨:៣៦) លោកពីឡាត់បានទទួលស្គាល់ថា«មិនឃើញជាមានទោសអ្វី»ចំពោះព្រះយេស៊ូទេ។ ប៉ុន្តែ លោកពីឡាត់ធ្វើតាមការបង្ខិតបង្ខំពីពួកបណ្ដាជន លោកក៏អនុញ្ញាតឲ្យពួកគេព្យួរព្រះយេស៊ូលើបង្គោលឈើទៅ។—លូកា ២៣:១៣-១៥; យ៉ូហាន ១៩:១២-១៦
ពួកសិស្សធ្វើតាមព្រះយេស៊ូ
៦. តើតាមរបៀបណាដែលពួកគ្រីស្ទានសម័យដើមបានបង្ហាញថា ពួកគេជៀសវាងគតិនៃលោកីយ៍នេះ តែស្រឡាញ់មនុស្សគ្នីគ្នា?
៦ ដូច្នេះហើយ ពួកសិស្សរបស់ព្រះយេស៊ូបានយល់នូវ អ្វីដែលតម្រូវពីពួកគាត់ ក្នុងការរក្សាខ្លួនមិនឲ្យទៅជារបស់ផងលោកីយ៍នេះ។ គឺបានសេចក្ដីថា ពួកគាត់ជៀសវាងគំនិតនិងការប្រព្រឹត្តដ៏អាក្រក់របស់លោកីយ៍ ដែលរួមបញ្ចូលការកំសាន្តដ៏សាហាវនិងប្រកបដោយអំពើអសីលធម៌ក្នុងល្បែងកីឡាប្រយុទ្ធគ្នាក្នុងសៃវៀន និងល្ខោនរបស់ជាតិរ៉ូម។ ដោយសារពួកសិស្សមិនចូលរួមក្នុងការកំសាន្តបែបនោះ ពួកសិស្សបានត្រូវគេហៅពួកគាត់ជាអ្នកស្អប់មនុស្សលោកទៅវិញ។ ប៉ុន្តែ ពួកសិស្សមិនស្អប់មនុស្សគ្នីគ្នាទេ តែពួកគាត់ខំប្រឹងជួយមនុស្សឯទៀតឲ្យទទួលប្រយោជន៍ពីរបៀបរៀបចំរបស់ព្រះចំពោះសេចក្ដីសង្គ្រោះ។
៧. (ក) តើពួកសិស្សពីដើមបានពិសោធអ្វី ដោយសារពួកគេគ្មានចំណែកក្នុងលោកីយ៍? (ខ) តើពួកគ្រីស្ទានមានទស្សនៈយ៉ាងណាចំពោះអ្នកគ្រប់គ្រងលោកីយ៍ និងចំពោះការបង់ពន្ធ? តើហេតុអ្វី?
៧ ពួកអ្នកកាន់តាមព្រះយេស៊ូបានទទួលការបៀតបៀនដូចទ្រង់ដែរ ហើយជាធម្មតាបានទទួលការបៀតបៀនពីមន្ត្រីរាជការដែលយល់ច្រឡំ។ ប៉ុន្តែ នៅឆ្នាំ៥៦ ស.យ. សាវ័កប៉ុលបានសរសេរទៅកាន់ពួកគ្រីស្ទាននៅប្រទេសរ៉ូម ដើម្បីដាស់តឿនពួកគ្រីស្ទានឲ្យ«ចុះចូលនឹងរាជការ[អ្នកគ្រប់គ្រងខាងលោកីយ៍] ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ»។ ព្រះយេហូវ៉ាមិនបានបង្កើតឲ្យមានរដ្ឋាភិបាលរបស់លោកីយ៍នេះទេ តែអនុញ្ញាតឲ្យមានរដ្ឋាភិបាលលោកីយ៍ទំរាំដល់ព្រះរាជាណាចក្ររបស់ទ្រង់នឹងគ្រប់គ្រងមកលើផែនដី។ ជាការត្រឹមត្រូវណាស់ ដែលប៉ុលបានដាស់តឿនឲ្យពួកគ្រីស្ទានគោរពមន្ត្រីលោកីយ៍ និងបង់ពន្ធដែរ។—រ៉ូម ១៣:១-៧; ទីតុស ៣:១, ២
៨. (ក) តើពួកគ្រីស្ទានគួរចុះចូលជាមួយនឹងអាជ្ញាធរដល់កំរិតណា? (ខ) តើពួកគ្រីស្ទានសម័យដើមធ្វើតាមគំរូរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
៨ ប៉ុន្តែ ការចុះចូលជាមួយនឹងអ្នកគ្រប់គ្រងគឺមានល័ក្ខខ័ណ្ឌ មិនមែនចុះចូលទាំងស្រុងទេ។ កាលណាមានការជំទាស់រវាងច្បាប់របស់ព្រះយេហូវ៉ា និងច្បាប់របស់មនុស្ស អស់អ្នកដែលបំរើព្រះយេហូវ៉ាត្រូវគោរពតាមច្បាប់របស់ទ្រង់វិញ។ សៀវភៅ តាមផ្លូវទៅអារ្យធម៌ ប្រវត្ដិសាស្ត្រពិភពលោក ចែងអំពីពួកគ្រីស្ទានសម័យដើមថា៖ «ពួកគ្រីស្ទានមិនព្រមចូលរួមក្នុងភារកិច្ចខ្លះៗរបស់ប្រជាពលរដ្ឋរ៉ូមទេ។ ពួកគ្រីស្ទាន . . . មានអារម្មណ៍ថា នេះគឺបំពានលើជំនឿរបស់ពួកគេដោយចូលបំរើជាទាហាន។ ពួកគេមិនមានមុខតំណែងខាងនយោបាយឡើយ។ ពួកគេក៏មិនថ្វាយបង្គំអធិរាជដែរ»។ នៅពេលដែលតុលាការជាន់ខ្ពស់សាសន៍យូដា«បានហាមផ្ដាច់»ដល់ពួកសិស្សឲ្យឈប់ផ្សព្វផ្សាយ នោះពួកគាត់ឆ្លើយថា៖ «[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៧-២៩
៩. (ក) ហេតុអ្វីក៏ពួកគ្រីស្ទានក្នុងក្រុងយេរូសាឡិមបានប្រព្រឹត្តដូច្នោះ ក្នុងឆ្នាំ៦៦ ស.យ.? (ខ) តើតាមរបៀបណាដែលការធ្វើដូចនោះជាគំរូដ៏មានប្រយោជន៍?
៩ ពួកសិស្សកាន់អព្យាក្រឹតទាំងស្រុងចំពោះជម្លោះខាងនយោបាយនិងខាងទាហាន។ នៅក្នុងឆ្នាំ៦៦ ស.យ. នោះពួកយូដាបានបះបោរនឹងសេសារ។ ពួកទាហានរ៉ូមបានឡោមព័ទ្ធក្រុងយេរូសាឡិមភ្លាម។ តើពួកគ្រីស្ទាននៅក្នុងទីក្រុងធ្វើអ្វី? ពួកគេបាននឹកចាំឱវាទរបស់ព្រះយេស៊ូឲ្យរត់ចេញពីទីក្រុងនេះ។ ពេលទ័ពរ៉ូមបានដកថយជាបណ្ដោះអាសន្ន នោះពួកគ្រីស្ទានបានរត់ឆ្លងទន្លេយ័រដាន់ទៅតំបន់ភ្នំនៅផិលឡា។ (លូកា ២១:២០-២៤) អព្យាក្រឹតភាពរបស់ពួកគេបានទុកជាគំរូចំពោះពួកគ្រីស្ទានក្រោយៗទៀត។
ពួកគ្រីស្ទានត្រូវតែកាន់អព្យាក្រឹតក្នុងថ្ងៃជាន់ក្រោយបង្អស់
១០. (ក) តើស្មរបន្ទាល់ព្រះយេហូវ៉ាជាប់រវល់នឹងកិច្ចការអ្វី? ហើយហេតុអ្វី? (ខ) តើពួកគេរក្សាអព្យាក្រឹតចំពោះអ្វី?
១០ តើកំណត់ហេតុក្នុងប្រវត្ដិសាស្ត្របង្ហាញថា មានក្រុមណាមួយក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ ដែលបានកាន់អព្យាក្រឹត ដោយយកតម្រាប់តាមពួកគ្រីស្ទានសម័យដើមឬទេ? ត្រូវហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាបានធ្វើដូច្នេះមែន។ ក្នុងកំឡុងឆ្នាំទាំងនេះ ពួកគេបានផ្សព្វផ្សាយព្រះរាជាណាចក្រ ថាជាផ្លូវតែមួយគត់ចំពោះសន្ដិភាពដែលនៅជាប់រហូត ហើយមានភាពរីកចំរើន និងសុភមង្គលដល់អ្នកដែលស្រឡាញ់សេចក្ដីសុចរិត។ (ម៉ាថាយ ២៤:១៤) ប៉ុន្តែចំពោះជំលោះក្នុងចំណោមសាសន៍ផ្សេងៗ នោះពួកគេកាន់អព្យាក្រឹតទាំងស្រុង។
១១. (ក) តើអព្យាក្រឹតភាពរបស់ស្មរបន្ទាល់ ខុសគ្នាយ៉ាងណារវាងការប្រព្រឹត្តរបស់គណៈបព្វជិត? (ខ) តើស្មរបន្ទាល់ព្រះយេហូវ៉ាមានទស្សនៈយ៉ាងណា ចំពោះអ្វីដែលអ្នកដទៃធ្វើក្នុងរឿងនយោបាយ?
១១ ផ្ទុយទៅវិញ គណៈបព្វជិតនៃសាសនាក្នុងពិភពលោក បានចូលប្រឡូកក្នុងរឿងនយោបាយ។ នៅក្នុងប្រទេសខ្លះ ពួកគេបានធ្វើយុទ្ធនាការឃោសនាគាំទ្រឬប្រឆាំងអ្នកឈរឈ្មោះផ្សេងៗ។ សមាជិកខ្លះនៃគណៈបព្វជិតក៏មានមុខតំណែងខាងនយោបាយដែរ។ បព្វជិតឯទៀតបានបង្ខំពួកនយោបាយឲ្យគាំទ្រកម្មវិធីដែលពួកគេយល់ព្រមនោះ។ ប៉ុន្តែ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនជ្រៀតជ្រែកក្នុងរឿងនយោបាយទេ។ ហើយពួកស្មរបន្ទាល់ក៏មិនបង្ការអ្នកដទៃពីការចូលរួមក្នុងគណៈបក្សណាមួយ ឬការឈរឈ្មោះសំរាប់មុខតំណែង ឬក៏ការបោះឆ្នោតនោះទេ។ ព្រះយេស៊ូមានបន្ទូលថា ពួកសិស្សរបស់ទ្រង់មិនមែនជារបស់ផងលោកីយ៍ ហើយស្មរបន្ទាល់ព្រះយេហូវ៉ាក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយដែរ។
១២. តើមានលទ្ធផលយ៉ាងណា ដោយសារសាសនាក្នុងពិភពលោកមិនកាន់អព្យាក្រឹតនោះ?
១២ ដូចជាព្រះយេស៊ូបានទាយ សាសន៍ជាច្រើនបានចូលធ្វើសង្គ្រាម។ សូម្បីតែគណៈបក្សផ្សេងៗនៅក្នុងសាសន៍តែមួយ ក៏បានច្បាំងគ្នាដែរ។ (ម៉ាថាយ ២៤:៣, ៦, ៧) ពួកអ្នកដឹកនាំសាសនាសឹងតែរាល់ដងបានគាំទ្រសាសន៍មួយ ឬគណៈបក្សមួយប្រឆាំងនឹងមួយទៀត ដោយដាស់តឿនអ្នកជឿគ្នីគ្នាឲ្យធ្វើតាមដែរ។ តើមានលទ្ធផលយ៉ាងណា? គឺមានសមាជិកពីសាសនាដូចគ្នាសម្លាប់គ្នាក្នុងសង្គ្រាម ដោយសារការខ្វែងគំនិតគ្នាតាមជាតិឬកុលសម្ព័ន្ធ។ នេះគឺផ្ទុយនឹងបំណងព្រះហឫទ័យរបស់ព្រះហើយ។—យ៉ូហានទី១ ៣:១០-១២; ៤:៨, ២០
១៣. តើភស្តុតាងបង្ហាញយ៉ាងណាអំពីអព្យាក្រឹតភាពនៃស្មរបន្ទាល់ព្រះយេហូវ៉ា?
១៣ ប៉ុន្តែ ស្មរបន្ទាល់ព្រះយេហូវ៉ាបានបន្តកាន់អព្យាក្រឹតរហូតក្នុងគ្រប់ការប្រយុទ្ធរបស់លោកីយ៍។ ទស្សនាវដ្ដីប៉មយាមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៣៩ បានចែងថា៖ «អស់អ្នកដែលនៅខាងព្រះអម្ចាស់នឹងកាន់អព្យាក្រឹតក្នុងសង្គ្រាមរវាងសាសន៍ផ្សេងៗ»។ ស្មរបន្ទាល់ព្រះយេហូវ៉ាគ្រប់ទាំងសាសន៍ គ្រប់កាលៈទេសៈ បន្តមានទស្សនៈបែបនេះ។ ពួកគេមិនអនុញ្ញាតឲ្យការបែកខ្ញែកខាងនយោបាយនិងសង្គ្រាមក្នុងពិភពលោក ធ្វើឲ្យខូចដល់ភាតរភាពអន្តរជាតិរបស់ពួកគេឡើយ។ ពួកគេ«យកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ»។ ពួកគេមិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតទេ ដោយព្រោះពួកគេកាន់អព្យាក្រឹត។—អេសាយ ២:៣, ៤; កូរិនថូសទី២ ១០:៣, ៤
១៤. តើស្មរបន្ទាល់ព្រះយេហូវ៉ាបានពិសោធអ្វីខ្លះ ដោយសារពួកគេមិនមែនជារបស់ផងលោកីយ៍?
១៤ តើមានលទ្ធផលអ្វីដោយសារពួកគេកាន់អព្យាក្រឹត? ព្រះយេស៊ូមានបន្ទូលថា៖ «អ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត នោះបានជាលោកីយស្អប់អ្នករាល់គ្នាវិញ»។ (យ៉ូហាន ១៥:១៩) ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើននាក់បានជាប់គុក ដោយសារពួកគេជាអ្នកបំរើរបស់ព្រះ។ ស្មរបន្ទាល់ខ្លះបានទទួលទារុណកម្ម ព្រមទាំងត្រូវគេសម្លាប់ផង ដូចអ្វីដែលបានកើតឡើងដល់ពួកគ្រីស្ទាននៅសតវត្សទីមួយដែរ។ នេះគឺពីព្រោះសាតាំងដែលជា«ព្រះរបស់លោកីយនេះ»ប្រឆាំងនឹងពួកអ្នកបំរើរបស់ព្រះយេហូវ៉ា ព្រោះពួកគេមិនមែនជារបស់ផងលោកីយ៍ទេ។—កូរិនថូសទី២ ៤:៤; វិវរណៈ ១២:១២
១៥. (ក) តើសាសន៍ទាំងអស់កំពុងតែឆ្ពោះទៅណា? ហើយតើស្មរបន្ទាល់ព្រះយេហូវ៉ាប្រុងប្រយ័ត្នជៀសវាងពីអ្វី? (ខ) ហេតុអ្វីបានជាការគ្មានចំណែកក្នុងលោកីយ៍ គឺជារឿងដ៏សំខាន់មួយ?
១៥ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាមានចិត្តរីករាយ ដោយសារពួកគេមិនមែនជារបស់ផងលោកីយ៍ ដ្បិតសាសន៍ទាំងប៉ុន្មានកំពុងតែឆ្ពោះទៅរកទីបញ្ចប់នៅឯសង្គ្រាមអើម៉ាគេដូន។ (ដានីយ៉ែល ២:៤៤; វិវរណៈ ១៦:១៤, ១៦; ១៩:១១-២១) យើងនឹងមិនទទួលលទ្ធផលដូចពួកគេនោះទេ ពីព្រោះយើងជៀសចេញឆ្ងាយពីលោកីយ៍នេះ។ ជាមនុស្សដែលមានសាមគ្គីភាពទូទាំងផែនដី យើងមានភក្ដីភាពចំពោះព្រះរាជាណាចក្រនៃព្រះនៅស្ថានសួគ៌។ ពិតមែន ដោយគ្មានចំណែកក្នុងលោកីយ៍ យើងនឹងពិសោធន៍នូវការសើចចំអកនិងការធ្វើទុក្ខបៀតបៀន។ ប៉ុន្តែ មិនយូរប៉ុន្មានទៀត នឹងលែងមានដូច្នេះទៀតហើយ ពីព្រោះលោកីយ៍ដ៏អាក្រក់ក្រោមការគ្រប់គ្រងរបស់សាតាំង នឹងត្រូវកំទេចចោលអស់ទៅ។ ប៉ុន្តែចំពោះអស់អ្នកដែលបំរើព្រះយេហូវ៉ានឹងរស់នៅជារៀងរហូតក្នុងពិភពលោកដ៏សុចរិតក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ។—ពេត្រុសទី២ ៣:១០-១៣; យ៉ូហានទី១ ២:១៥-១៧
ការពិគ្រោះសាឡើងវិញ
• តើព្រះយេស៊ូបង្ហាញអត្ថន័យនៃការ«មិនមែនជារបស់ផងលោកីយ៍»យ៉ាងដូចម្ដេច?
• តើពួកគ្រីស្ទានសម័យដើមមានអារម្មណ៍យ៉ាងណាចំពោះ (ក) គតិនៃលោកីយ៍ (ខ) អ្នកគ្រប់គ្រងក្នុងលោកីយ៍ និង (គ) ការបង់ពន្ធ?
• តើតាមរបៀបណាដែលស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យទំនើប បានផ្ដល់ភស្តុតាងថាពួកគេកាន់អព្យាក្រឹតជាគ្រីស្ទាន?
[រូបភាពនៅទំព័រ១៦៥]
ព្រះយេស៊ូបានពន្យល់ថា ទ្រង់និងពួកអ្នកកាន់តាមទ្រង់«មិនមែនជា របស់ផងលោកីយ»