ជំពូកទីម្ភៃមួយ
គោលបំណងរបស់ព្រះយេហូវ៉ាបានសម្រេចយ៉ាងអស្ចារ្យ
១, ២. (ក) តើអ្វីជាគោលបំណងរបស់ព្រះយេហូវ៉ា ចំពោះការបង្កើតរបស់ទ្រង់ដែលមានសតិបញ្ញា? (ខ) តើអ្នកណាជាសមាជិកក្នុងក្រុមគ្រួសាររបស់ព្រះដែលមានសាមគ្គីភាពក្នុងការថ្វាយបង្គំ?
ការបង្កើតទាំងអស់ដែលមានសតិបញ្ញា រួបរួមគ្នាក្នុងការថ្វាយបង្គំព្រះពិតតែមួយ ហើយពួកគេគ្រប់គ្នាមានសេរីភាពដ៏អស្ចារ្យជាកូនរបស់ព្រះ នេះហើយជាគោលបំណងដែលពោរពេញទៅដោយព្រះទ័យស្រឡាញ់របស់ព្រះយេហូវ៉ា។ នេះក៏ជាអ្វីដែលអ្នកស្រឡាញ់សេចក្ដីសុចរិតចង់បានយ៉ាងខ្លាំងផងដែរ។
២ ព្រះយេហូវ៉ាបានចាប់ផ្ដើមបំពេញតាមគោលបំណងដ៏ឧត្តមនេះ ពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការបង្កើត។ ការបង្កើតដំបូងរបស់ទ្រង់ គឺជារាជបុត្រាមួយអង្គ ហើយតាំងពីរាជបុត្រានេះបានត្រូវប្រោសឲ្យរស់ឡើងវិញនោះ រាជបុត្រានេះជា«រស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់»។ (ហេព្រើរ ១:១-៣) រាជបុត្រានេះគឺល្អឯក ពីព្រោះព្រះបានបង្កើតរាជបុត្រានេះដោយអង្គទ្រង់ផ្ទាល់។ ក្រោយមក របស់សព្វសារពើទាំងអស់មានអត្ថិភាពតាមរយៈរាជបុត្រានេះ។ មុនដំបូងគឺពួកទេវតានៅស្ថានសួគ៌ រួចមកមនុស្សជាតិនៅលើផែនដី។ (យ៉ូប ៣៨:៧; លូកា ៣:៣៨) បុគ្គលទាំងនេះគឺជាសមាសភាពនៃក្រុមគ្រួសារសកលលោក។ ចំពោះពួកគេ នោះព្រះយេហូវ៉ាគឺជាព្រះ ជាព្រះមហាក្សត្រសកលលោក និងជាព្រះវរបិតាដែលពោរពេញទៅដោយព្រះទ័យស្រឡាញ់។
៣. (ក) តើយើងទទួលអ្វីជាមរតកពីឪពុកម្ដាយដំបូងរបស់យើង? (ខ) តើព្រះយេហូវ៉ាបានរៀបចំសំវិធានការអ្វីចំពោះកូនចៅរបស់អ័ដាម?
៣ នៅពេលដែលឪពុកម្ដាយដំបូងរបស់យើងបានត្រូវកាត់ទោសឲ្យស្លាប់ដោយសារបានប្រព្រឹត្តអំពើបាបដោយចេតនា នោះពួកគាត់បានត្រូវបណ្ដេញចេញពីសួនអេដែន និងព្រះបានកាត់កាល់ពួកគាត់ចោល។ ពួកគាត់លែងជាផ្នែកនៃក្រុមគ្រួសារសកលលោករបស់ទ្រង់តទៅទៀត។ (លោកុប្បត្តិ ៣:២២-២៤; ចោទិយកថា ៣២:៤, ៥) យើងទាំងអស់គ្នាជាកូនចៅរបស់ពួកគាត់ ដូច្នេះហើយយើងក៏បានកើតមកទាំងមានភាពទន់ទោរទៅរកអំពើបាបដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាជ្រាបថា កូនចៅខ្លះរបស់អ័ដាមនិងអេវ៉ានឹងស្រឡាញ់សេចក្ដីសុចរិត។ ដូច្នេះហើយ ដោយព្រះទ័យស្រឡាញ់ ទ្រង់បានរៀបចំសំវិធានការឲ្យពួកអ្នកទាំងនេះទទួល«សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ»។—រ៉ូម ៨:២០, ២១
សាសន៍អ៊ីស្រាអែលបាត់បង់ទំនាក់ទំនងដ៏ពិសេស
៤. តើព្រះយេហូវ៉ាប្រទានឯកសិទ្ធិអ្វីដល់អ៊ីស្រាអែលពីសម័យបុរាណ?
៤ ប្រមាណ២.៥០០ឆ្នាំក្រោយពីការបង្កើតអ័ដាមមក ព្រះយេហូវ៉ាក៏ប្រទានឱកាសដល់មនុស្សខ្លះៗ ដើម្បីឲ្យមានទំនាក់ទំនងដ៏ពិសេសជាមួយនឹងទ្រង់។ ទ្រង់បានជ្រើសរើសអ៊ីស្រាអែលពីសម័យបុរាណឲ្យធ្វើជារាស្ត្ររបស់ទ្រង់ ហើយបានប្រទានច្បាប់ដល់ពួកគេ។ (លោកុប្បត្តិ ១២:១, ២) ទ្រង់បានបង្កើតពួកគេឲ្យទៅជាសាសន៍មួយ ហើយទ្រង់សម្រេចគោលបំណងរបស់ទ្រង់តាមរយៈពួកគេ។ (ចោទិយកថា ១៤:១, ២; អេសាយ ៤៣:១) ប៉ុន្តែ ពួកគេនៅតែជាប់ចំណងនៃអំពើបាបនិងសេចក្ដីស្លាប់ដដែល ដូច្នេះពួកគេឥតបានទទួលនូវសេរីភាពដ៏អស្ចារ្យ ដែលអ័ដាមនិងអេវ៉ាធ្លាប់មាននោះទេ។
៥. តើតាមរបៀបណាដែលពួកអ៊ីស្រាអែល បាត់បង់នូវទំនាក់ទំនងដ៏ពិសេសជាមួយនឹងព្រះ?
៥ យ៉ាងណាក៏ដោយ ពួកអ៊ីស្រាអែលមានទំនាក់ទំនងដ៏ពិសេសជាមួយនឹងព្រះ។ ពួកគេក៏មានភារកិច្ចគោរពព្រះយេហូវ៉ា ជាព្រះវរបិតា និងមានភារកិច្ចធ្វើអ្វីដែលសមស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ ព្រះយេស៊ូបានបញ្ជាក់នូវសារៈសំខាន់នៃការបំពេញតាមកាតព្វកិច្ចនោះ។ (ម៉ាថាយ ៥:៤៣-៤៨) ប៉ុន្តែ សាសន៍អ៊ីស្រាអែលមិនបានធ្វើដូច្នេះឡើយ។ ទោះជាពួកយូដាទាំងនោះបានអះអាងថា«យើងមានព្រះវរបិតាតែ១ គឺជាព្រះ»ក្ដី តែព្រះយេស៊ូប្រកាសថា ការប្រព្រឹត្តនិងចិត្តគំនិតរបស់ពួកគេ បានសឲ្យឃើញថាការអះអាងនោះគឺខុសទៅវិញ។ (យ៉ូហាន ៨:៤១, ៤៤, ៤៧) នៅក្នុងឆ្នាំ៣៣ ស.យ. ព្រះបានធ្វើឲ្យច្បាប់នោះទៅជាមោឃៈវិញ ហើយទំនាក់ទំនងដ៏ពិសេសរបស់អ៊ីស្រាអែលជាមួយនឹងទ្រង់ក៏បានចប់ទៅដែរ។ ប៉ុន្តែ តើនេះបានសេចក្ដីថា មនុស្សមិនអាចមានទំនាក់ទំនងដ៏ពិសេសជាមួយនឹងព្រះទេឬ?
ការប្រមូល«របស់នៅស្ថានសួគ៌»
៦. តើអ្វីជាគោលបំណងនៃ«ការកាន់កាប់ត្រួតត្រា» ដែលប៉ុលបានរៀបរាប់នៅអេភេសូរ ១:៩, ១០?
៦ សាវ័កប៉ុលបានបង្ហាញថា អ្នកខ្លះពីចំណោមមនុស្សលោកនឹងអាចមានទំនាក់ទំនងដ៏ពិសេសជាមួយនឹងព្រះបាន។ ជាឧទាហរណ៍ ប៉ុលបានសរសេរអំពីការរៀបចំរបស់ព្រះយេហូវ៉ា សំរាប់អស់អ្នកដែលមានជំនឿមានលទ្ធភាពក្លាយជាសមាជិកនៃក្រុមគ្រួសាររបស់ទ្រង់ ដោយសរសេរថា៖ «[ព្រះ]សំដែងឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។ (អេភេសូរ ១:៩, ១០) «ការកាន់កាប់ត្រួតត្រា»នេះ មានមូលដ្ឋានលើព្រះយេស៊ូគ្រីស្ទ។ តាមរយៈព្រះយេស៊ូ នោះមនុស្សលោកអាចទទួលការយល់ព្រមពីព្រះ។ មនុស្សមួយចំនួនតូចមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ មនុស្សភាគច្រើននឹងរស់នៅលើផែនដីជានិរន្តរ៍។
៧. តើអ្នកណាជា«របស់នៅស្ថានសួគ៌»?
៧ មុនដំបូង ចាប់ពីបុណ្យថ្ងៃទី៥០ឆ្នាំ៣៣ ស.យ. បានមានការយកចិត្តទុកដាក់នឹង«របស់នៅស្ថានសួគ៌» គឺអស់អ្នកដែលនឹងគ្រងមរតកជាមួយនឹងព្រះគ្រីស្ទ ក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ ពួកគេបានត្រូវរាប់ជាសុចរិតដោយព្រះ ដោយសារពួកគេមានជំនឿលើតម្លៃនៃយញ្ញបូជារបស់ព្រះយេស៊ូ។ (រ៉ូម ៥:១, ២) នៅពេលក្រោយមក ពួកយូដានិងសាសន៍ដទៃបានត្រូវរួមបញ្ចូលផងដែរ ជាមួយនឹង«របស់នៅស្ថានសួគ៌»ដែលមានចំនួន១៤៤.០០០នាក់។ (កាឡាទី ៣:២៦-២៩; វិវរណៈ ១៤:១) អ្នកទាំងនេះសល់តែមួយចំនួនតូចដែលនៅលើផែនដីនៅឡើយ។
ការប្រមូល«របស់នៅផែនដី»
៨. តើអ្នកណាដែលជា«របស់នៅផែនដី»? ហើយតើពួកគេមានទំនាក់ទំនងយ៉ាងណាជាមួយនឹងព្រះយេហូវ៉ា?
៨ ការកាន់កាប់ត្រួតត្រាដដែលនេះ ក៏កំពុងតែប្រមូល«របស់នៅផែនដី»ផងដែរ។ មនុស្សរាប់លាននាក់កំពុងតែត្រូវប្រមូលនៅសព្វថ្ងៃនេះ ដោយមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីជានិរន្តរ៍។ ដោយមានសាមគ្គីភាពជាមួយនឹងពួកសំណល់នៃពួកអ្នកដែលគ្រងព្រះរាជាណាចក្រជាមរតក ពួកគេក៏លើកដំកើងព្រះនាមនៃព្រះយេហូវ៉ា និងលើកសរសើរការថ្វាយបង្គំរបស់ទ្រង់ផងដែរ។ (អេសាយ ២:២, ៣; សេផានា ៣:៩) ពួកគេក៏ហៅព្រះយេហូវ៉ាជា«ព្រះវរបិតា» ពីព្រោះពួកគេទទួលស្គាល់ទ្រង់ជាប្រភពនៃជីវិត។ ហើយពួកគេបានផ្គាប់ព្រះទ័យទ្រង់ ដោយសារពួកគេមានជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូដែលបានត្រូវបង្ហូរសំរាប់ពួកគេ។ (វិវរណៈ ៧:៩, ១៤) ប៉ុន្តែដោយសារពួកគេនៅតែជាមនុស្សឥតគ្រប់ល័ក្ខណ៍នោះ ការទទួលស្គាល់យ៉ាងពេញលេញជាកូនរបស់ព្រះ គឺនៅនាអនាគតនៅឡើយ។
៩. តើរ៉ូម ៨:២១សន្យាអ្វីចំពោះមនុស្សលោក?
៩ ពួកអ្នកទាំងនេះដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ឥឡូវនេះរង់ចាំយ៉ាងរំភើបចិត្តនូវពេលដែលមនុស្សជាតិនឹងត្រូវ«បានរួចពីចំណងនៃសេចក្ដីពុករលួយ»។ (រ៉ូម ៨:២១) ការរំដោះនោះនឹងចាប់ផ្ដើមក្រោយពេលដែលព្រះគ្រីស្ទនិងកងទ័ពនៅស្ថានសួគ៌ បញ្ចប់សេចក្ដីវេទនាជាខ្លាំងក្នុងសង្គ្រាមអើម៉ាគេដូន។ នេះបានសេចក្ដីថា របបដ៏អាក្រក់ជួជាតិរបស់សាតាំងនឹងទទួលសេចក្ដីហិនវិនាស។ ហើយក្រោយមក អស់អ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីនឹងទទួលបានពរក្រោមការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។—វិវរណៈ ១៩:១៧-២១; ២០:៦
១០. តើពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងច្រៀងចំរៀងសរសើរអ្វី?
១០ គឺជាការរំភើបចិត្តមែន! ពេលដែលអ្នកបំរើរបស់ព្រះយេហូវ៉ាលើផែនដីនឹងមានអារម្មណ៍ដូចពួកអ្នកបំរើនៅស្ថានសួគ៌ ដែលបានប្រកាសយ៉ាងរីករាយថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាបំផុតអើយ! ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ។ ឱស្តេចនៃអស់ទាំងសាសន៍អើយ! ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់។ ឱព្រះអម្ចាស់អើយ! តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ»។ (វិវរណៈ ១៥:៣, ៤) មែនហើយ ពួកអ្នកបំរើទាំងអស់របស់ព្រះយេហូវ៉ា នឹងរួបរួមគ្នាក្នុងការថ្វាយបង្គំព្រះពិតតែមួយ។ សូម្បីតែមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយពួកគេនឹងទទួលនូវឱកាសដើម្បីចូលរួមលើកសរសើរព្រះយេហូវ៉ាដែរ។—កិច្ចការ ២៤:១៥
សេរីភាពដ៏អស្ចារ្យនៅអនាគត
១១. តើពួកអ្នកដែលរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំងនឹងមានសេរីភាពដ៏អស្ចារ្យអ្វី?
១១ ក្រោយពីសេចក្ដីវេទនាជាខ្លាំងឡើងដល់កំពូលនៅសង្គ្រាមអើម៉ាគេដូន និងក្រោយពីបោសសំអាតអំពើអាក្រក់ជួជាតិចេញពីផែនដី នោះអារក្សសាតាំងនឹងលែងជា«ព្រះរបស់លោកីយនេះ»ទៀតហើយ។ ពួកអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ា នឹងលែងទទួលអានុភាពដ៏អាក្រក់របស់សាតាំងទៀតដែរ។ (កូរិនថូសទី២ ៤:៤; វិវរណៈ ២០:១, ២) សាសនាមិនពិតក៏លែងមានពាក្យភូតភរពីព្រះយេហូវ៉ា និងលែងជាឥទ្ធិពលដែលធ្វើឲ្យបែកបាក់ដល់សង្គមមនុស្សទៀតហើយ។ ពួកអ្នកបំរើរបស់ព្រះដ៏ពិតក៏លែងពិសោធន៍នូវភាពអយុត្ដិធម៌និងការកេងប្រវ័ញ្ចក្រោមអាជ្ញាធរមនុស្សទៀតដែរ។ នេះនឹងជាសេរីភាពដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎!
១២. តើមនុស្សទាំងអស់នឹងត្រូវរំដោះចេញពីបាបនិងឥទ្ធិពលនៃបាបយ៉ាងដូចម្ដេច?
១២ ក្នុងនាមជា«កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» ព្រះយេស៊ូនឹងប្រើតម្លៃនៃយញ្ញបូជារបស់ទ្រង់ ដើម្បីលុបចោលបាបរបស់មនុស្សលោក។ (យ៉ូហាន ១:២៩) នៅពេលដែលព្រះយេស៊ូគង់នៅលើផែនដីនេះ ទ្រង់បានអត់ឱនទោសឲ្យមនុស្សចំពោះអំពើបាបរបស់ពួកគេ ហើយដើម្បីជាភស្តុតាងថាទ្រង់អត់ឱនទោសបាបឲ្យមែន នោះទ្រង់នឹងប្រោសឲ្យគេជាពីជំងឺ។ (ម៉ាថាយ ៩:១-៧; ១៥:៣០, ៣១) តាមរបៀបនេះដែរ ព្រះយេស៊ូគ្រីស្ទ ជាស្តេចនៅស្ថានសួគ៌ក្នុងព្រះរាជាណាចក្រនៃព្រះ នឹងធ្វើអព្ភូតហេតុប្រោសមនុស្សខ្វាក់ មនុស្សគ មនុស្សថ្លង់ អ្នកពិការ មនុស្សរងទុក្ខខាងសតិ និងអស់អ្នកដែលមានជំងឺឯទៀតផងដែរ។ (វិវរណៈ ២១:៣, ៤) មនុស្សទាំងអស់ដែលចេះស្ដាប់បង្គាប់នឹងត្រូវរំដោះពី«អំណាចអំពើបាប» ដើម្បីឲ្យគំនិតនិងការប្រព្រឹត្តរបស់ពួកគេបានជាទីគាប់ចិត្តចំពោះខ្លួន និងគាប់ព្រះទ័យព្រះ។ (រ៉ូម ៧:២១-២៣) ពេលមកដល់ចុងបញ្ចប់នៃគ្រាមួយសហស្សវត្សរ៍ នោះពួកគេនឹងទៅជាមនុស្សគ្រប់ល័ក្ខណ៍ ថែមទាំងមាន‹រូបនិងមានភាពដូច›ព្រះពិតតែមួយ។—លោកុប្បត្តិ ១:២៦
១៣. នៅទីបញ្ចប់នៃការគ្រប់គ្រងមួយពាន់ឆ្នាំ តើព្រះយេស៊ូនឹងធ្វើអ្វី? ហើយតើនឹងមានលទ្ធផលយ៉ាងណា?
១៣ ក្រោយព្រះគ្រីស្ទនាំមនុស្សទៅដល់ភាពគ្រប់ល័ក្ខណ៍រួចហើយ នោះទ្រង់នឹងប្រគល់ចំពោះព្រះវរបិតាវិញនូវអំណាចដែលព្រះបានផ្ដល់ឲ្យទ្រង់សំរាប់កិច្ចការនេះ គឺ៖ «ទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ ក្រោយដែលទ្រង់បានទំលាក់អស់ទាំងរាជ្យ នឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាល់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់»។ (កូរិនថូសទី១ ១៥:២៤, ២៥) ការគ្រប់គ្រងមួយពាន់ឆ្នាំនៃព្រះរាជាណាចក្រនេះ នឹងធ្វើឲ្យគោលបំណងរបស់ព្រះបានសម្រេចយ៉ាងពេញលេញ បើដូច្នេះក៏លែងត្រូវការរដ្ឋាភិបាលបន្ទាប់បន្សំរវាងព្រះយេហូវ៉ានិងមនុស្សជាតិទៀតហើយ។ ដោយសារបាបនិងសេចក្ដីស្លាប់នឹងត្រូវដកចេញអស់ហើយ និងមនុស្សលោកត្រូវបានរំដោះ នោះការតម្រូវឲ្យព្រះយេស៊ូធ្វើជាអ្នកលោះក៏ចប់ដែរ។ ព្រះគម្ពីរពន្យល់ថា៖ «ព្រះរាជបុត្រានោះឯង ក៏នឹងត្រូវក្រាបក្រោមព្រះ ដែលបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមទ្រង់ដែរ ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់»។—កូរិនថូសទី១ ១៥:២៨
១៤. តើមនុស្សដែលល្អគ្រប់ល័ក្ខណ៍នឹងទទួលការសាកល្បងអ្វី? និងហេតុអ្វី?
១៤ បន្ទាប់ពីនោះ មនុស្សលោកដែលល្អគ្រប់ល័ក្ខណ៍នឹងត្រូវមានឱកាស ដើម្បីបង្ហាញភក្ដីភាពរបស់ពួកគេថាខ្លួនជ្រើសរើសបំរើព្រះពិតតែមួយជានិរន្តរ៍។ ហេតុនេះហើយ មុននឹងទទួលពួកអ្នកទាំងនោះជាកូនរបស់ទ្រង់ ព្រះយេហូវ៉ានឹងឲ្យមនុស្សដែលល្អគ្រប់ល័ក្ខណ៍ទាំងនេះទទួលការសាកល្បងចុងក្រោយ។ សាតាំងនិងពួកបិសាចរបស់វានឹងត្រូវដោះលែងចេញពីជង្ហុកធំ។ នេះនឹងគ្មានលទ្ធផលដ៏អាក្រក់ដល់អស់អ្នកដែលពិតជាស្រឡាញ់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែចំពោះអស់អ្នកដែលឥតស្មោះត្រង់ ដែលអនុញ្ញាតឲ្យសាតាំងនិងពួកបិសាចរបស់វា ធ្វើឲ្យខ្លួនមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា អ្នកទាំងនោះនឹងត្រូវបានកំទេចចោលជាមួយអ្នកបះបោរដំបូងនិងពួកបិសាចរបស់វាដែរ។—វិវរណៈ ២០:៧-១០
១៥. តើនឹងមានស្ថានការណ៍អ្វីម្ដងទៀត ក្នុងចំណោមសត្តនិករទាំងអស់ដែលមានសតិបញ្ញា?
១៥ រួចមក ដោយព្រោះពួកគេបានគាំទ្រអធិបតេយ្យរបស់ព្រះ ព្រះយេហូវ៉ានឹងទទួលពួកមនុស្សគ្រប់ល័ក្ខណ៍ទាំងអស់ធ្វើជាកូនរបស់ទ្រង់ ក្នុងកំឡុងការសាកល្បងចុងក្រោយ។ តាំងពីពេលនោះមក ពួកគេនឹងទទួលបានយ៉ាងពេញលេញនូវសេរីភាពដ៏អស្ចារ្យជាកូនរបស់ព្រះ ជាផ្នែកនៃក្រុមគ្រួសារសកលលោករបស់ព្រះ។ សត្តនិករទាំងអស់នៅស្ថានសួគ៌និងនៅលើផែនដីដែលមានសតិបញ្ញានោះ នឹងមានសាមគ្គីភាពម្ដងទៀតក្នុងការថ្វាយបង្គំព្រះជាព្រះពិតតែមួយ។ គោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេចយ៉ាងអស្ចារ្យ! តើអ្នកចង់រួមជាសមាជិកនៃក្រុមគ្រួសារសកលលោកដ៏សប្បាយនិងស្ថិតស្ថេរជារៀងរហូតនោះទេ? បើចង់មែន យើងសូមលើកទឹកចិត្តអ្នកឲ្យអនុវត្តតាមអ្វីដែលព្រះគម្ពីរចែងទុកនៅយ៉ូហានទី១ ២:១៧ ថា៖ «លោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។
ការពិគ្រោះសាឡើងវិញ
• មុននឹងការបះបោរនៅក្នុងសួនអេដែន តើពួកអ្នកថ្វាយបង្គំរបស់ព្រះមានទំនាក់ទំនងយ៉ាងណាជាមួយនឹងទ្រង់?
• តើពួកអ្នកបំរើរបស់ព្រះមានភារកិច្ចអ្វី?
• តើអ្នកណាដែលនឹងក្លាយទៅជាកូនរបស់ព្រះ? ហើយតើនេះទាក់ទងយ៉ាងណានឹងគោលបំណងរបស់ព្រះយេហូវ៉ា ចំពោះការថ្វាយបង្គំដែលមានសាមគ្គីភាព?
[រូបភាពនៅទំព័រ១៩០]
មនុស្សដែលចេះស្ដាប់បង្គាប់ នឹងមានជីវិតរស់នៅក្នុងសួនមនោរម្យទូទាំងផែនដី