បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ១០ ទំ. ៩០-១០០
  • ព្រះរាជាណាចក្រ«ដែលមិនត្រូវបំផ្លាញឡើយ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះរាជាណាចក្រ«ដែលមិនត្រូវបំផ្លាញឡើយ»
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​អ្នក​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ
  • របៀប​ដែល​គោល​ដៅ​របស់​ព្រះ​រាជាណាចក្រ​នឹង​ត្រូវ​សម្រេច
  • សេចក្ដី​សម្រេច​ដែល​បាន​ឃើញ​ជាក់​ស្តែង
  • ព្រះ​រាជាណាចក្រ​ដែល​មាន​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ
  • ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ព្រះរាជាណាចក្រនៃព្រះ គឺជាការគ្រប់គ្រងថ្មីរបស់ផែនដី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ១០ ទំ. ៩០-១០០

ជំពូក​ទី​ដប់

ព្រះ​រាជាណាចក្រ«ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ»

១​. តើ​ហេតុ​ការណ៍​អ្វី ដែល​បាន​បញ្ជាក់​ដោយ​ព្រឹត្ដិការណ៍​ក្នុង​ពិភពលោក​ទូទាំង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ជាតិ?

ព្រឹត្ដិការណ៍​ក្នុង​ពិភពលោក​រាល់​ថ្ងៃ​បញ្ជាក់​ថា មនុស្ស​លោក​ពុំ​ទាន់​រក​ឃើញ​សុភមង្គល​នៅ​ឡើយ​ទេ ដោយ​ព្រោះ​ពួកគេ​បដិសេធ​នូវ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា និង​ខំ​គ្រប់គ្រង​លើ​ខ្លួន​ឯង​នោះ។ គ្មាន​របប​ណា​មួយ​នៃ​រដ្ឋាភិបាល​របស់​មនុស្ស ដែល​បាន​នាំ​ឲ្យ​មាន​ប្រយោជន៍​ដោយ​មិន​លំអៀង​ចំពោះ​មនុស្ស​ជាតិ​ណា​ទេ។ ទោះ​ជា​មនុស្ស​បាន​រីក​ចំរើន​ខាង​វិទ្យាសាស្ត្រ​ដល់​កំរិត​ដែល​ពុំ​ធ្លាប់​មាន​ក៏​ដោយ ក៏​ពួក​គេ​ពុំ​អាច​យក​ឈ្នះ​នឹង​ជំងឺ ឬ​បញ្ចប់​នូវ​សេចក្ដី​ស្លាប់ សូម្បី​តែ​សំរាប់​មនុស្ស​ម្នាក់​ក៏​ពុំ​បាន​ដែរ។ ការ​គ្រប់គ្រង​របស់​មនុស្ស​មិន​បាន​បំបាត់​ចោល​នូវ​សង្គ្រាម អំពើ​ឃោរឃៅ ឧក្រិដ្ឋកម្ម អំពើ​ពុក​រលួយ ឬ​ភាព​ក្រីក្រ​នោះ​ឡើយ។ រដ្ឋាភិបាល​ដែល​សង្កត់​សង្កិន​នៅ​តែ​ជិះជាន់​លើ​ប្រជាជន​នៅ​ប្រទេស​ជា​ច្រើន។ (សាស្ដា ៨:⁠៩) បច្ចេកវិជ្ជា ការ​លោភ​លន់ និង​ភាព​ល្ងង់ខ្លៅ​ជា​កត្ដា​ដែល​ធ្វើ​ឲ្យ​ក្រខ្វក់​ដល់​ផែនដី ទឹក និង​ខ្យល់។ ការ​ធ្វេសប្រហែស​ខាង​សេដ្ឋកិច្ច​ដោយ​ពួក​មន្ត្រី ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពិបាក​ចិញ្ចឹម​ជីវិត។ ការ​គ្រប់គ្រង​រាប់​ពាន់​ឆ្នាំ​របស់​មនុស្ស​លោក បាន​ធ្វើ​ឲ្យ​ហេតុ​ការណ៍​នេះ​ឃើញ​យ៉ាង​ជាក់​ស្តែង​ថា⁠៖ «ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ»។​—⁠យេរេមា ១០:⁠២៣

២​. តើ​អ្វី​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​បញ្ហា​របស់​មនុស្ស?

២ តើ​អ្វី​ជា​ដំណោះ​ស្រាយ? គឺ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ដ្បិត​ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​ថា⁠៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»។ (ម៉ាថាយ ៦:​៩, ១០) នៅ​ពេត្រុសទី២ ៣:⁠១៣ ក៏​បាន​ពិពណ៌នា​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នៅ​ស្ថានសួគ៌ ថា​ជា​«ផ្ទៃ​មេឃ​ថ្មី» ដែល​នឹង​ត្រូវ​គ្រប់គ្រង​លើ​«ផែនដី​ថ្មី» ជា​សង្គម​មនុស្ស​ដ៏​សុចរិត។ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នៅ​ស្ថានសួគ៌​គឺ​សំខាន់​ដល់​ម្ល៉េះ​ដែល​ព្រះ​យេស៊ូ​យក​នោះ​ធ្វើ​ជា​ប្រធាន​បទ​ដ៏​ចំ​បង​នៃ​ការ​ផ្សព្វផ្សាយ​របស់​ទ្រង់។ (ម៉ាថាយ ៤:⁠១៧) ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ព្រះ​រាជាណាចក្រ គួរ​តែ​មាន​អាទិ​ភាព​យ៉ាង​ណា​ក្នុង​ជីវិត​របស់​យើង ដោយ​ដាស់​តឿន​យើង​ថា⁠៖ «ចូរ​ស្វែង​រក​នគរ[«ព្រះ​រាជាណាចក្រ», ព​.​ថ​.] នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។​—⁠ម៉ាថាយ ៦:⁠៣៣

៣​. ហេតុ​អ្វី​ក៏​ការ​រៀន​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់​នោះ?

៣ ការ​រៀន​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ឥឡូវ​នេះ​ជា​បន្ទាន់ ពីព្រោះ​មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​រាជាណាចក្រ​នេះ​នឹង​ចាត់​វិធានការ​ផ្លាស់ប្ដូរ​នូវ​ការ​គ្រប់គ្រង​ផែនដី​នេះ​ជា​រៀង​រហូត។ ដានីយ៉ែល ២:⁠៤៤ ទាយ​ប្រាប់​ថា⁠៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ[រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង] ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង[នៅ​ស្ថានសួគ៌] ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ [នឹង​លែង​ឲ្យ​មនុស្ស​គ្រប់គ្រង​ផែនដី​ទៀត​ហើយ] គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ[ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ]វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច»។ ដូច្នេះ​ហើយ ព្រះ​រាជាណាចក្រ​នេះ​នឹង​នាំ​មក​នូវ​ទីបញ្ចប់ ដោយ​បំផ្លាញ​ចោល​នូវ​របប​ដ៏​អាក្រក់​ជួជាតិ​ទាំង​មូល​នេះ​ចេញ។ ពេល​នោះ ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌ នឹង​គ្រប់គ្រង​ផែនដី​ដោយ​គ្មាន​ការ​ជំទាស់​ប្រឆាំង​ឡើយ។ យើង​មាន​ចិត្ត​កតញ្ញូ​មែន ដែល​ថា​ការ​ធូរ​ស្បើយ​នេះ​គឺ​កំពុង​តែ​ខិត​មក​កាន់​តែ​កៀក​ណាស់​ហើយ!

៤​. តើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ស្ថានសួគ៌​ក្នុង​ឆ្នាំ​១៩១៤ ដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ? ហេតុ​អ្វី​ក៏​ព្រឹត្ដិការណ៍​នេះ​មាន​សារៈ​សំខាន់​ចំពោះ​យើង?

៤ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ត្រូវ​តែងតាំង​ឡើង​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ ហើយ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​«គ្រប់គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ[របស់​ទ្រង់]»។ (ទំនុកដំកើង ១១០:​១, ២) ម្យ៉ាង​ទៀត នៅ​ឆ្នាំ​នោះ​ដែរ «ថ្ងៃ​ជាន់​ក្រោយ​បង្អស់»​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ ក៏​បាន​ចាប់​ផ្ដើម​ដែរ។ (ធីម៉ូថេទី២ ៣:​១​-​៥, ១៣) នៅ​ពេល​ដំណាល​នោះ ព្រឹត្ដិការណ៍​ទាំង​ប៉ុន្មាន​ដែល​ដានីយ៉ែល​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត​ជា​ទំនាយ គឺ​ពិត​ជា​បាន​កើត​ឡើង​នៅ​ស្ថានសួគ៌​មែន។ ព្រះ​យេហូវ៉ា​ជា «ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ» បាន​ប្រទាន​ដល់​ព្រះ​យេស៊ូ​គ្រីស្ទ​ឲ្យ​«មាន​អំណាច​គ្រប់គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដាជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់»។ ដានីយ៉ែល​បាន​រាយ​ការណ៍​អំពី​ចក្ខុនិមិត្ត​នោះ​ថា⁠៖ «ឯ​អំណាច​គ្រប់គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត​ស្ថេរ​នៅ​អស់កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង»។ (ដានីយ៉ែល ៧:​១៣, ១៤) គឺ​តាម​រយៈ​ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌​នេះ​ហើយ ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ព្រះ​នឹង​ប្រទាន​ដល់​ពួក​អ្នក​ស្រឡាញ់​សេចក្ដី​សុចរិត នូវ​របស់​ដ៏​ល្អ⁠ៗឥត​គណនា ដូច​ដែល​ទ្រង់​មាន​បំណង​ពេល​ទ្រង់​ដាក់​ឪពុក​ម្ដាយ​ដំបូង​នៅ​ក្នុង​សួន​មនោរម្យ​នោះ។

៥​. តើ​ចំណុច​ណា​ខ្លះ​អំពី​ព្រះ​រាជាណាចក្រ ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍​ចំពោះ​យើង? ហើយ​ហេតុ​អ្វី?

៥ តើ​អ្នក​មាន​សេចក្ដី​ប្រាថ្នា​ចង់​ធ្វើ​ជា​រាស្ត្រ​ដ៏​ស្មោះ ចំពោះ​ព្រះ​រាជាណាចក្រ​នេះ​ឬ​ទេ? បើ​ដូច្នេះ​មែន អ្នក​នឹង​ចាប់​អារម្មណ៍​ចំពោះ​រចនាសម្ព័ន្ធ​និង​ដំណើរ​ការ​នៃ​រដ្ឋាភិបាល​នៅ​ស្ថានសួគ៌។ អ្នក​នឹង​ចង់​ដឹង​នូវ​អ្វីៗ​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​កំពុង​តែ​ធ្វើ​សព្វ​ថ្ងៃ​នេះ និង​អ្វី⁠ៗដែល​ព្រះ​រាជាណាចក្រ​នោះ​នឹង​សម្រេច​នៅ​អនាគត ហើយ​អ្វី​ដែល​ព្រះ​រាជាណាចក្រ​នេះ​តម្រូវ​ពី​អ្នក។ ពេល​អ្នក​ពិនិត្យ​មើល​ព្រះ​រាជាណាចក្រ​ឲ្យ​បាន​ដិត​ដល់ នោះ​អ្នក​នឹង​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ឡើង។ ប្រសិន​បើ​អ្នក​មាន​ប្រតិកម្ម​តប​យ៉ាង​ល្អ​ចំពោះ​ការ​គ្រប់គ្រង​នៃ​រដ្ឋាភិបាល​នេះ នោះ​អ្នក​នឹង​មាន​លក្ខណៈ​ច្រើន​ជាង​ដើម្បី​ប្រាប់​អ្នក​ដទៃ​អំពី​របស់​ដ៏​អស្ចារ្យ ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នៅ​ស្ថានសួគ៌​នឹង​ធ្វើ​សំរាប់​មនុស្ស​លោក​ដែល​ចេះ​ស្ដាប់​បង្គាប់។​—⁠ទំនុកដំកើង ៤៨:​១២, ១៣

ពួក​អ្នក​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ

៦​. (ក) តើ​បទ​គម្ពីរ​បង្ហាញ​ថា អធិបតេយ្យ​ដែល​ត្រូវ​សម្ដែង​តាម​រយៈ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​ជា​របស់​អ្នក​ណា? (ខ) ពេល​យើង​រៀន​អំពី​ព្រះ​រាជាណាចក្រ តើ​នេះ​គួរ​មាន​អានុភាព​យ៉ាង​ណា​លើ​យើង?

៦ អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​ដំបូង​ពី​ការ​ពិនិត្យ​មើល​នេះ គឺ​ថា​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី ជា​ការ​សម្ដែង​នូវ​អធិបតេយ្យ​ផ្ទាល់​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា គឺ​ជា​បុគ្គល​ដែល​ប្រទាន​នូវ​‹អំណាច​គ្រប់គ្រង សិរី​ល្អ ព្រម​ទាំង​រាជ្យ›​ចំពោះ​រាជបុត្រា​របស់​ទ្រង់។ ក្រោយ​ពី​រាជបុត្រា​របស់​ព្រះ​បាន​ត្រូវ​តែងតាំង​ឲ្យ​ចាប់​ផ្ដើម​គ្រប់គ្រង​ជា​ស្តេច នោះ​សម្លេង​នៅ​ស្ថានសួគ៌​បាន​ពោល​យ៉ាង​ត្រឹម​ត្រូវ​ថា⁠៖ «នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ​អម្ចាស់[ព្រះ​យេហូវ៉ា]នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ​គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់[ព្រះ​យេហូវ៉ា]នឹង​សោយ​រាជ្យ​នៅ​អស់កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ»។ (វិវរណៈ ១១:⁠១៥) ដូច្នេះ​អ្វី⁠ៗទាំង​អស់​ដែល​យើង​រៀន​អំពី​ព្រះ​រាជាណាចក្រ​នេះ និង​អ្វី⁠ៗដែល​ព្រះ​រាជាណាចក្រ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​នោះ អាច​នាំ​ឲ្យ​យើង​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ឡើង។ អ្វី⁠ៗដែល​យើង​រៀន គួរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចុះ​ចូល​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។

៧​. ហេតុ​អ្វី​ក៏​យើង​ចាប់​អារម្មណ៍​ជា​ពិសេស ទៅ​លើ​ចំណុច​ដែល​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អនុប្រធាន​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា?

៧ ចូរ​គិត​ដែរ​អំពី​ចំណុច​នេះ ព្រះ​យេហូវ៉ា​បាន​តែងតាំង​ព្រះ​យេស៊ូ​គ្រីស្ទ​ឲ្យ​គង់​លើ​បល្ល័ង្ក ជា​អនុប្រធាន​គ្រប់គ្រង។ ព្រះ​យេស៊ូ​ជ្រាប​អំពី​តម្រូវ​ការ​របស់​យើង​ជាង​នរណា​ទៅ​ទៀត ដ្បិត​ព្រះ​យេស៊ូ​ជា​មេ​ជាង ដែល​ព្រះ​បាន​ប្រើ​ដើម្បី​បង្កើត​ផែនដី​និង​មនុស្ស​ជាតិ។ ម្យ៉ាង​វិញ​ទៀត តាំង​តែ​ពី​ទី​ចាប់​ផ្ដើម​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស ព្រះ​យេស៊ូ​បាន​សម្ដែង​នូវ​«សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​លោក»។ (សុភាសិត ៨:​៣០, ៣១, ព.ថ.; កូល៉ុស ១:​១៥​-​១៧) ព្រះ​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​យាង​មក​ផែនដី​នេះ និង​ប្រទាន​ព្រះ​ជន្ម​ជា​តម្លៃ​លោះ​សំរាប់​យើង​ទាំង​អស់​គ្នា។ (យ៉ូហាន ៣:⁠១៦) ដូច្នេះ​ហើយ តាម​រយៈ​ព្រះ​យេស៊ូ​យើង​អាច​រួច​ពី​បាប និង​សេចក្ដី​ស្លាប់ ថែម​ទាំង​អាច​មាន​ឱកាស​រស់​នៅ​ជា​រៀង​រហូត។​—⁠ម៉ាថាយ ២០:⁠២៨

៨​. (ក) បើ​ប្រៀបធៀប​នឹង​ការ​គ្រប់គ្រង​របស់​មនុស្ស ហេតុ​អ្វី​ក៏​រដ្ឋាភិបាល​របស់​ព្រះ​នឹង​នៅ​គង់​វង្ស​ជា​រៀង​រហូត? (ខ) តើ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›​មាន​ទំនាក់ទំនង​យ៉ាង​ណា​នឹង​រដ្ឋាភិបាល​នៅ​ស្ថានសួគ៌?

៨ ព្រះ​រាជាណាចក្រ​នៃ​ព្រះ គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​ស្ថិរ​ភាព និង​នៅ​គង់​វង្ស​ជា​រៀង​រហូត។ ហេតុ​ដែល​ព្រះ​រាជាណាចក្រ​នេះ​នឹង​នៅ​គង់​វង្ស​ជា​រៀង​រហូត គឺ​ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​មិន​ចេះ​សោយទិវង្គត​ទេ។ (ទំនុកដំកើង ១៤៦:​៣​-​៥,១០) មិន​ដូច​ជា​ស្តេច​របស់​មនុស្ស នោះ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ព្រះ​បាន​ប្រគល់​នូវ​ការ​គ្រប់គ្រង​នេះ ក៏​មាន​ព្រះ​ជន្ម​អមតៈ​ដែរ។ (រ៉ូម ៦:៩; ធីម៉ូថេទី១ ៦:​១៥, ១៦) ពួក​១៤៤.០០០​នាក់​នឹង​គ្រប់គ្រង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នៅ​ស្ថានសួគ៌ ហើយ​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ដែល​មក​ពី​«គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ ពួក​អ្នក​ទាំង​នេះ​ក៏​ទទួល​នូវ​ជីវិត​អមតៈ​ដែរ។ (វិវរណៈ ៥:​៨, ១០; ១៤:​១​-​៤; កូរិនថូសទី១ ១៥:​៤២​-​៤៤, ៥៣) ក្នុង​ចំនួន​នោះ ភាគ​ច្រើន​គឺ​នៅ​ស្ថានសួគ៌​រួច​ទៅ​ហើយ និង​ពួក​សំណល់​ដែល​នៅ​រស់​លើ​ផែនដី​នៅ​ឡើយ គឺ​ជា​សមាស​ភាព​នៃ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដែល​បន្ត​ជួយ​ឲ្យ​មាន​ការ​រីក​ចំរើន ចំពោះ​អ្វី⁠ៗដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​នៅ​លើ​ផែនដី​នេះ។​—⁠ម៉ាថាយ ២៤:​៤៥​-​៤៧

៩, ១០​. (ក) តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ដក​ចេញ​នូវ​អានុភាព​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ពុក​រលួយ​និង​នាំ​ឲ្យ​ជ្រួលច្របល់​នោះ? (ខ) បើ​យើង​មិន​ចង់​ធ្វើ​ជា​ពួក​សត្រូវ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ តើ​យើង​ត្រូវ​ជៀសវាង​ពី​អ្វី?

៩ មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​មក​ដល់​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​បញ្ជូន​ពួក​កងទ័ព​ពេជ្ឈឃាត​ឲ្យ​មក​សំអាត​ផែនដី​នេះ។ ពួក​គេ​នឹង​បំផ្លាញ​ចោល​មនុស្ស​ទាំង​ឡាយ​ណា ដែល​សម្រេច​ចិត្ត​មិន​ទទួល​ស្គាល់​អធិបតេយ្យ​របស់​ទ្រង់ ហើយ​មើលងាយ​របៀប​រៀប​ចំ​របស់​ទ្រង់ ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឡើង​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ​នោះ។ (ថែស្សាឡូនីចទី២ ១:៦​-​៩) គ្រា​នោះ គឺ​ជា​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ហើយ ជា​គ្រា​ដែល​បាន​រង់ចាំ​តាំង​ពី​យូរ​ណាស់​មក​ហើយ ដើម្បី​ធ្វើ​យុត្ដិកម្ម​ថា​ទ្រង់​ជា​ព្រះ​មហាក្សត្រ​សកលលោក។ «មើល! ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​មក​ដល់ ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ នឹង​កំហឹង​យ៉ាង​ខ្លាំង . . . ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ»។ (អេសាយ ១៣:⁠៩) «ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​ដ៏​វេទនា ហើយ​មាន​ទុក្ខ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃមីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់»។​—⁠សេផានា ១:⁠១៥

១០ សាសនា​មិន​ពិត​ទាំង​អស់​និង​រដ្ឋាភិបាល​របស់​មនុស្ស ព្រម​ទាំង​ពួក​កងទ័ព ដែល​បាន​ត្រូវ​កាន់​កាប់​ដោយ​អ្នក​គ្រប់គ្រង​ដ៏​អាក្រក់​ដែល​មើល​មិន​ឃើញ​ក្នុង​លោកីយ៍​នេះ ក៏​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ។ អស់​អ្នក​ដែល​ចូល​ខាង​របប​លោកីយ៍​នេះ ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ប្រព្រឹត្ត​មិន​ទៀងត្រង់ មាន​ជីវភាព​រស់​នៅ​ប្រកប​ទៅ​ដោយ​ភាព​អសីលធម៌ ក៏​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ។ សាតាំង​និង​ពួក​បិសាច​របស់​វា នឹង​ត្រូវ​ដក​ចេញ​ឲ្យ​នៅ​ជាប់​ក្នុង​ជង្ហុក​ធំ​អស់​មួយ​ពាន់​ឆ្នាំ មិន​ឲ្យ​ទាក់ទង​ជា​មួយ​នឹង​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​ឡើយ។ នៅ​ពេល​នោះ ព្រះ​រាជាណាចក្រ​នៃ​ព្រះនឹង​មាន​អំណាច​គ្រប់គ្រង​ទាំង​ស្រុង​នៅ​លើ​ផែនដី​នេះ។ នេះ​គឺ​ជា​ការ​សម្រាល​ទុក្ខ​មែន! ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត។​—⁠វិវរណៈ ១៨:​២១, ២៤; ១៩:​១១-១៦, ១៩-២១; ២០:​១, ២

របៀប​ដែល​គោល​ដៅ​របស់​ព្រះ​រាជាណាចក្រ​នឹង​ត្រូវ​សម្រេច

១១​. (ក) តើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​នឹង​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ចំពោះ​ផែនដី​យ៉ាង​ណា? (ខ) តើ​អំណាច​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​នឹង​មាន​ប្រយោជន៍​យ៉ាង​ណា ចំពោះ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នៅ​គ្រា​នោះ?

១១ ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​នឹង​សម្រេច​បាន​ទាំង​ស្រុង នូវ​គោល​បំណង​ដើម​របស់​ព្រះ​ចំពោះ​ផែនដី​នេះ។ (លោកុប្បត្តិ ១:⁠២៨; ២:​៨, ៩, ១៥) មនុស្ស​លោក​ខក​ខាន​គាំទ្រ​នូវ​គោល​បំណង​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ «ពិភពលោក​ខាង​មុខ»​នឹង​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​កូន​មនុស្ស។ អស់​អ្នក​ដែល​នឹង​រួច​រស់​ជីវិត​ពី​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​របប​លោកីយ៍​ដ៏​ចាស់​នេះ នឹង​សហ​ការ​គ្នា​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​គ្រីស្ទ ដោយ​ធ្វើ​អ្វី⁠ៗដែល​ទ្រង់​បង្គាប់ ដើម្បី​ឲ្យ​ផែនដី​នេះ​ក្លាយ​ទៅ​ជា​សួន​មនោរម្យ​ទូទាំង​ផែនដី។ (ហេព្រើរ ២:​៥​-​៩; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) មនុស្ស​លោក​ទាំង​អស់​នឹង​សប្បាយ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ​ផ្ទាល់​ដៃ និង​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​ភោគផល​ជា​ច្រើន​នៃ​ផែនដី​នេះ។​—⁠ទំនុកដំកើង ៧២:​១, ៧, ៨, ១៦​-​១៩; អេសាយ ៦៥:​២១, ២២

១២​. តើ​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ នឹង​ទទួល​ភាព​គ្រប់​ល័ក្ខណ៍​ខាង​គំនិត​និង​រាង​កាយ​យ៉ាង​ដូច​ម្ដេច?

១២ នៅ​ពេល​ព្រះ​បាន​បង្កើត​អ័ដាម​និង​អេវ៉ា​មក ពួក​គាត់​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ ហើយ​ព្រះ​មាន​គោល​បំណង​ឲ្យ​កូន​ចៅ​របស់​ពួក​គាត់​រស់​នៅ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល គឺ​ទាំង​អស់​គ្នា​មាន​គំនិត​និង​រាង​កាយ​គ្រប់​ល័ក្ខណ៍។ គោល​បំណង​នេះ​នឹង​ក្លាយ​ទៅ​ជា​សច្ចភាព​មួយ​ដ៏​រុងរឿង​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ នេះ​តម្រូវ​ឲ្យ​មាន​ការ​ដក​ចេញ​នូវ​គ្រប់​ទាំង​លទ្ធផល​នៃ​បាប ហើយ​សំរាប់​រឿង​នេះ ព្រះ​គ្រីស្ទ​នឹង​គ្រប់គ្រង​ជា​ស្តេច​ផង និង​ជា​សម្ដេច​សង្ឃ​ផង។ ដោយ​អត់ធ្មត់ ព្រះ​យេស៊ូ​នឹង​ជួយ​រាស្ត្រ​ដែល​ចេះ​ស្ដាប់​បង្គាប់ ឲ្យ​ទទួល​ប្រយោជន៍​ពី​តម្លៃ​លោះ​បាប​ដែល​មក​ពី​ការ​បូជា​ព្រះ​ជន្ម​របស់​ទ្រង់​ផ្ទាល់ ពេល​ទ្រង់​ជា​មនុស្ស​ជាតិ។

១៣​. តើ​នឹង​មាន​ប្រយោជន៍​ខាង​រាង​កាយ​យ៉ាង​ណា ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

១៣ នៅ​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នឹង​អបអរ​ចំពោះ​ប្រយោជន៍​ដ៏​អស្ចារ្យ​ខាង​រាង​កាយ។ «គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន។ គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​ក៏​នឹង​ច្រៀង​ឡើង»។ (អេសាយ ៣៥:​៥, ៦) រូប​កាយ​ដែល​បាន​ត្រូវ​ប្រែ​ទៅ​ជា​អាក្រក់​មើល​ពេល​មាន​អាយុ​ចាស់​ឬ​មាន​រោគា​ផ្សេងៗយ៉ាង​ច្រើន​នោះ នឹង​ត្រូវ​ស្រស់​ល្អ​ជាង​សាច់​របស់​កូន​ក្មេង​ទៅ​ទៀត និង​សុខភាព​រឹង​មាំ​នឹង​ត្រូវ​មក​ជំនួស​ភាព​ទ្រុឌទ្រោម​ទន់ខ្សោយ​ទៅ​វិញ។ «យ៉ាង​នោះ​សាច់​គេ​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ»។ (យ៉ូប ៣៣:⁠២៥) នឹង​មាន​ពេល​វេលា​មក ដែល​គ្មាន​អ្នក​ណា​ម្នាក់​នឹង​និយាយ​ថា⁠៖ «ខ្ញុំ​ឈឺ ទៀត​ឡើយ»។ ហេតុ​អ្វី? ពីព្រោះ​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​នឹង​ត្រូវ​សម្រាល​បន្ដិច​ម្ដង⁠ៗពី​បន្ទុក​នៃ​បាប និង​ឥទ្ធិពល​ដ៏​ឈឺ​ចាប់​ដែល​មក​ពី​បាប។ (អេសាយ ៣៣:⁠២៤; លូកា ១៣:​១១​-​១៣) មែន​ហើយ ព្រះ​«នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។​—⁠វិវរណៈ ២១:៤

១៤​. តើ​ការ​ទទួល​ភាព​គ្រប់​ល័ក្ខណ៍​ជា​មនុស្ស​រួម​បញ្ចូល​អ្វី​ខ្លះ?

១៤ ប៉ុន្តែ ការ​ទទួល​ភាព​គ្រប់​ល័ក្ខណ៍ គឺ​ទាក់ទង​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​មាន​រូប​កាយ​និង​គំនិត​ល្អ​នោះ​ទេ។ នេះ​រួម​បញ្ចូល​នូវ​ការ​សម្ដែង​យ៉ាង​ត្រឹមត្រូវនូវ​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា ពីព្រោះ​យើង​បាន​ត្រូវ​បង្កើត​មក​‹មាន​ភាពដូចព្រះ›។ (លោកុប្បត្តិ ១:⁠២៦) ដើម្បី​សម្រេច​បំណង​នេះ នោះ​ត្រូវ​មាន​ការ​អប់រំ​ជា​ច្រើន។ នៅ​ក្នុង​ពិភពលោក​ថ្មី នោះ​«មាន​សុទ្ធតែ​សេចក្ដី​សុចរិត​វិញ»។ ដូច្នេះ ដូចជា​អេសាយ​បាន​ទាយ​មក «នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត»។ (ពេត្រុសទី២ ៣:⁠១៣; អេសាយ ២៦:⁠៩) គុណសម្បត្ដិ​នេះ​នាំ​ឲ្យ​មាន​សន្ដិភាព រវាង​មនុស្ស​គ្រប់​សាសន៍ ញាតិ​មិត្ត ថែម​ទាំង​ក្រុម​គ្រួសារ​របស់​ខ្លួន និង​អ្វី​ដ៏​សំខាន់​បំផុត​គឺ​សន្ដិភាព​ជា​មួយ​នឹង​ព្រះ។ (ទំនុកដំកើង ៨៥:​១០​-​១៣; អេសាយ ៣២:​⁠១៧) អស់​អ្នក​ដែល​រៀន​សេចក្ដី​សុចរិត នឹង​ត្រូវ​អប់រំ​ជា​បណ្ដើរ⁠ៗអំពី​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ពួក​គេ។ ពេល​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង នោះ​ពួក​គេ​នឹង​ធ្វើ​តាម​មាគ៌ា​របស់​ទ្រង់​ក្នុង​គ្រប់​ប្រការ​នៃ​ជីវិត​របស់​ពួក​គេ។ ពួក​គេ​នឹង​អាច​និយាយ​ដូច​ព្រះ​យេស៊ូ​ដែរ ដែល​ថា ‹ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​វរបិតា​របស់​ខ្ញុំ›។ (យ៉ូហាន ៨:⁠២៩) នៅ​ពេល​មនុស្ស​ទាំង​អស់​អាច​ធ្វើ​ដូច្នេះ នោះ​ជីវិត​នឹង​ជា​ទីគាប់​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎!

សេចក្ដី​សម្រេច​ដែល​បាន​ឃើញ​ជាក់​ស្តែង

១៥​. ដោយ​ប្រើ​សំនួរ​ក្នុង​វគ្គ​នេះ សូម​បញ្ជាក់​នូវ​សេចក្ដី​សម្រេច​របស់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ និង​បង្ហាញ​នូវ​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ​នៅ​ឥឡូវ​នេះ។

១៥ សេចក្ដី​សម្រេច​ដ៏​អស្ចារ្យ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​អនុរាស្ត្រ​នោះ​គឺ​បាន​ឃើញ​ជាក់​ស្តែង​ហើយ។ សំនួរ​និង​បទ​គម្ពីរ​ជា​បន្តបន្ទាប់ នឹង​រំឭក​អ្នក​អំពី​សេចក្ដី​សម្រេច​ខ្លះៗទាំង​នេះ ព្រម​ទាំង​អ្វី⁠ៗដែល​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​នេះ​អាច​ធ្វើ​និង​គួរ​តែ​ធ្វើ​នៅ​ឥឡូវ​នេះ។

តើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​បាន​ចាត់​វិធានការ​ដំបូង​ប្រឆាំង​នឹង​អ្នក​ណា? ហើយ​តើ​នេះ​បាន​មាន​លទ្ធផល​យ៉ាង​ណា? (វិវរណៈ ១២:​៧​-​១០, ១២)

តាំង​ពី​ព្រះ​គ្រីស្ទ​ឡើង​សោយ​រាជ្យ តើ​បាន​យក​ចិត្ត​ទុក​ដាក់​ប្រមូល​នូវ​ពួក​សំណល់​នៃ​ក្រុម​ណា? (វិវរណៈ ១៤:​១​-​៣)

តើ​ព្រះ​យេស៊ូ​បាន​ទាយ​នូវ​កិច្ចការ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ក្រោយ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ផ្ទុះ​ឡើង ដូច​បាន​កត់​ទុក​នៅ​ម៉ាថាយ ២៥:​៣១​-​៣៣?

តើ​កិច្ចការ​ដំបូង​ណា​ដែល​កំពុង​តែ​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ? តើ​ពួក​ណា​ដែល​កំពុង​តែ​ចូល​រួម​ក្នុង​កិច្ចការ​នេះ? (ទំនុកដំកើង ១១០:៣; ម៉ាថាយ ២៤:⁠១៤; វិវរណៈ ១៤:​៦, ៧)

ហេតុ​អ្វី​ក៏​ពួក​អ្នក​ប្រឆាំង​ខាង​សាសនា មិន​អាច​បញ្ឈប់​កិច្ចការ​ផ្សព្វផ្សាយ? (សាការី ៤:៦; កិច្ចការ ៥:​៣៨, ៣៩)

តើ​មនុស្ស​ដែល​ចុះ​ចូល​ជា​មួយ​នឹង​ការ​គ្រប់គ្រង​របស់​ព្រះ​រាជាណាចក្រ បាន​កែ​ប្រែ​ជីវិត​របស់​ពួក​គេ​យ៉ាង​ណា? (អេសាយ ២:៤; កូរិនថូសទី១ ៦:⁠៩​-​១១)

ព្រះ​រាជាណាចក្រ​ដែល​មាន​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ

១៦​. (ក) តើ​ព្រះ​គ្រីស្ទ​នឹង​គ្រប់គ្រង​ប៉ុន្មាន​ឆ្នាំ? (ខ) តើ​មាន​របស់​ដ៏​អស្ចារ្យ​អ្វី​ដែល​នឹង​ត្រូវ​សម្រេច​ក្នុង​កំឡុង​ពេល​នោះ និង​ក្រោយ​ពី​នោះ?

១៦ ក្រោយ​ពី​ដាក់​សាតាំង​និង​ពួក​បិសាច​របស់​វា​នៅ​ក្នុង​ជង្ហុក​ធំ នោះ​ព្រះ​យេស៊ូ​គ្រីស្ទ​និង​ពួក​១៤៤.០០០​នាក់ នឹង​គ្រប់គ្រង​ជា​ស្តេច​និង​ជា​សង្ឃ​អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ (វិវរណៈ ២០:⁠៦) ក្នុង​កំឡុង​នោះ មនុស្ស​នឹង​ត្រូវ​នាំ​ទៅ​ដល់​ភាព​គ្រប់​ល័ក្ខណ៍ ហើយ​បាប​និង​សេចក្ដី​ស្លាប់​ពី​អ័ដាម​នឹង​ត្រូវ​បំបាត់​ចោល​ចេញ។ នៅ​ទីបញ្ចប់​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ ដោយសារ​ព្រះ​យេស៊ូ​បាន​ធ្វើ​កិច្ចការ​ជា​សម្ដេច​សង្ឃ​បាន​ជោគជ័យ​ហើយ នោះ​ទ្រង់​«ប្រគល់​នគរ»​ដល់​ព្រះ​ដែល​ជា​ព្រះ​វរបិតា​វិញ «ដើម្បី​ឲ្យ​ព្រះ​បាន​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់»។ (កូរិនថូសទី១ ១៥:​២៤​-​២៨) នៅ​ពេល​នោះ សាតាំង​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល ដើម្បី​សាកល្បង​មនុស្ស ថា​តើ​ពួក​គេ​នឹង​គាំទ្រ​យ៉ាង​ណា​ចំពោះ​អធិបតេយ្យ​សកលលោក​របស់​ព្រះ​យេហូវ៉ា។ ក្រោយ​ពី​ការ​សាកល្បង​ចុង​ក្រោយ នោះ​ព្រះ​យេហូវ៉ា​នឹង​កំទេច​ចោល​សាតាំង​និង​ពួក​បះបោរ​ដែល​នៅ​ខាង​វា​នោះ។ (វិវរណៈ ២០:⁠៧​-​១០) ពួក​អ្នក​ដែល​គាំទ្រ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា ឬ​សិទ្ធិ​ត្រឹម​ត្រូវ​នៃ​ការ​គ្រប់គ្រង​របស់​ទ្រង់ នឹង​បាន​សម្ដែង​យ៉ាង​ពេញ​លេញ​នូវ​ភក្ដីភាព​ដ៏​ពិត​របស់​ពួក​គេ។ ពេល​នោះ​ពួក​គេ​នឹង​មាន​ទំនាក់ទំនង​យ៉ាង​ត្រឹម​ត្រូវ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដែល​ទ្រង់​នឹង​ទទួល​ពួក​គេ​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​យល់​ព្រម​ឲ្យ​ពួក​គេ​មាន​ជីវិត​ជា​រៀង​រហូត។​—⁠រ៉ូម ៨:⁠២១

១៧​. (ក) តើ​អ្វី​នឹង​កើត​ឡើង​ដល់​ព្រះ​រាជាណាចក្រ​នៅ​ទីបញ្ចប់​នៃ​មួយ​ពាន់​ឆ្នាំ? (ខ) តើ​នៅ​ក្នុង​ន័យ​យ៉ាង​ណា ដែល​ការ​ពិត​ថា​ព្រះ​រាជាណាចក្រ​«មិន​ត្រូវ​បំផ្លាញ​ឡើយ?»។

១៧ ដូច្នេះ​ហើយ មុខ​នាទី​របស់​ព្រះ​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ចំពោះ​ផែនដី​នេះ។ តើ​ព្រះ​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​នឹង​មាន​សកម្មភាព​យ៉ាង​ណា​នៅ​អនាគត? ព្រះ​គម្ពីរ​ឥត​ចែង​ប្រាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​គាំទ្រ​យ៉ាង​ស្មោះ​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​ទីបញ្ចប់​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ នោះ​ជីវិត​យើង​នឹង​នៅ​គង់​វង្ស ដើម្បី​ស្វែង​យល់​នូវ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ទាំង​នោះ ព្រម​ទាំង​បំណង​ទ្រង់​ចំពោះ​សកលលោក​ដ៏​អស្ចារ្យ​របស់​ទ្រង់​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ ការ​គ្រប់គ្រង​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ​នឹង​«ស្ថិត​ស្ថេរ​នៅ​អស់កល្ប» ហើយ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន»​ឡើយ។ (ដានីយ៉ែល ៧:⁠១៤) តើ​នៅ​ក្នុង​ន័យ​យ៉ាង​ណា? កត្ដា​មួយ​គឺ​ថា អំណាច​គ្រប់គ្រង​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ដទៃ ដែល​មាន​បំណង​ផ្សេង​ទេ។ ពីព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់គ្រង។ ម្យ៉ាង​ទៀត ព្រះ​រាជាណាចក្រ​នេះ​នឹង​«មិន​ត្រូវ​បំផ្លាញ​ឡើយ» ពីព្រោះ​សេចក្ដី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ព្រះ​រាជាណាចក្រ​នេះ នឹង​ស្ថិត​ស្ថេរ​ជា​ដរាប។ (ដានីយ៉ែល ២:⁠៤៤) ហើយ​ព្រះមេស្ស៊ី​ដែល​ជា​សម្ដេច​សង្ឃ និង​ពួក​គូកន​ដែល​ជា​សង្ឃ​នឹង​ត្រូវ​ទទួល​កិត្ដិយស​ជា​រៀង​រហូត ដោយសារ​កិច្ចការ​ដ៏​ស្មោះ​ត្រង់​ដែល​ពួក​គេ​បាន​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា។

ការ​ពិគ្រោះ​សា​ឡើង​វិញ

• ហេតុ​អ្វី​ក៏​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​បញ្ហា​មនុស្ស​លោក? តើ​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់គ្រង​នៅ​ពេល​ណា?

• តើ​អ្វី​ដែល​ទាក់ទាញ​ចិត្ត​អ្នក​ស្តី​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ និង​អ្វី​ដែល​ព្រះរាជាណាចក្រ​នៃ​ព្រះ​នឹង​សម្រេច​នោះ?

• តើ​យើង​អាច​ឃើញ​នូវ​ការ​សម្រេច​ណា​ខ្លះ​របស់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ? ហើយ​តើ​យើង​មាន​ចំណែក​យ៉ាង​ណា​ក្នុង​រឿង​ទាំង​នេះ?

[រូបភាព​នៅ​ទំព័រ​៩២, ៩៣]

ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ មនុស្ស​ទាំង​អស់​នឹង​រៀន​អំពី​សេចក្ដី​សុចរិត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក