អ្វីដែលកូនត្រូវការពីឪពុកម្ដាយ
ពេលដែលប្ដីនិងប្រពន្ធរួមរស់ជាមួយគ្នា ក្រោយមកមានកូន នេះជាអ្វីដ៏អស្ចារ្យណាស់។ កូនដែលជាសាច់ឈាមរបស់ឪពុកផងនិងម្ដាយផង ចាប់ផ្ដើមធំលូតលាស់ក្នុងផ្ទៃម្ដាយ។ នៅទីបំផុត កូននោះក៏សម្រាលចេញមកដោយពេញលក្ខណៈជាមនុស្ស។ មនុស្សខ្លះនិយាយថា៖ «នេះជាការអស្ចារ្យណាស់»។
ពិតណាស់ ពេលដែលមានកូន ប្ដីនិងប្រពន្ធចាប់ផ្ដើមបំពេញតួនាទីរបស់ខ្លួនជាឪពុកម្ដាយ។ មុនដំបូង ទារកត្រូវការជំនួយពីឪពុកម្ដាយស្ទើរតែទាំងស្រុង។ ប៉ុន្តែ ពេលទារកធំឡើង ពួកគេមិនគ្រាន់តែត្រូវការការយកចិត្តដាក់ខាងរូបកាយប៉ុណ្ណោះទេ តែពួកគេត្រូវការជំនួយដើម្បីលូតលាស់ខាងសតិបញ្ញា ខាងផ្លូវចិត្ត ខាងសីលធម៌ និងខាងការគោរពប្រណិប័តន៍ព្រះ។
ដើម្បីកូនមានការលូតលាស់ល្អបាន កូនត្រូវការជាពិសេសនូវសេចក្ដីស្រឡាញ់ពីឪពុកម្ដាយ។ ថ្វីបើពាក្យសម្ដីដែលបង្ហាញសេចក្ដីស្រឡាញ់គឺសំខាន់ក៏ពិតមែន តែឪពុកម្ដាយត្រូវបង្ហាញឲ្យឃើញច្បាស់តាមរយៈការប្រព្រឹត្តដែរ។ ជាការពិត កូនត្រូវការគំរូល្អរបស់ឪពុកម្ដាយ។ ពួកគេត្រូវការការណែនាំខាងសីលធម៌ និងគោលការណ៍ដែលជួយពួកគេក្នុងជីវិត។ ម្យ៉ាងទៀត ពួកគេត្រូវការការណែនាំនិងគោលការណ៍ទាំងនេះ តាំងពីពួកគេនៅជាទារកនៅឡើយ។ បើឪពុកម្ដាយមិនផ្ដល់ការណែនាំនិងគោលការណ៍ផ្សេងៗដែលកូនត្រូវការទាន់ពេលទេ នោះអាចមានអ្វីកើតឡើងដល់កូន ដែលធ្វើឲ្យឪពុកម្ដាយឈឺចិត្តទៅថ្ងៃក្រោយ។
គោលការណ៍ដ៏ល្អបំផុតដែលអាចជួយកូនបាន គឺមាននៅក្នុងគម្ពីរ។ ការណែនាំពីគម្ពីរគឺមានប្រយោជន៍ច្រើនបំផុត។ តាមរយៈការណែនាំបែបនេះ កូនចាប់ផ្ដើមទទួលស្គាល់ថា អ្វីដែលពួកគេបានរៀនមិនមែនជាពាក្យរបស់មនុស្សទេ តែជាពាក្យដែលមកពីព្រះដែលជាបិតានៅស្ថានសួគ៌ និងជាអ្នកបង្កើតពួកគេ។ ដោយដឹងដូច្នេះ ធ្វើឲ្យពាក្យទូន្មានទាំងនេះមានឥទ្ធិពលខ្លាំងបំផុតទៅលើកូន។
គម្ពីរលើកទឹកចិត្តឪពុកម្ដាយឲ្យព្យាយាមបង្ហាត់បង្រៀនកូនឲ្យយល់យ៉ាងត្រឹមត្រូវអំពីគោលការណ៍ក្នុងគម្ពីរ ព្រមទាំងចងចាំគោលការណ៍ទាំងនោះ និងធ្វើតាមផង។ កាលដែលកូនធំឡើង ឪពុកម្ដាយច្រើនតែពិបាកប្រាស្រ័យទាក់ទងជាមួយនឹងកូន ស្តីអំពីរឿងដែលសំខាន់បំផុត។ សៀវភៅសូមស្ដាប់គ្រូដ៏ល្អប្រសើរនេះ បានត្រូវរៀបចំឡើងដើម្បីជួយឪពុកម្ដាយនិងកូនឲ្យចេះប្រាស្រ័យទាក់ទងគ្នា។ សៀវភៅនេះមានព័ត៌មានអំពីការគោរពប្រណិប័តន៍ព្រះ ដើម្បីឲ្យអ្នកនិងកូនអានជាមួយគ្នា។ បន្ថែមទៅទៀត សៀវភៅនេះជួយបង្កើតឲ្យមានការសន្ទនារវាងកូននិងអ្នកដែលអានសៀវភៅនេះជាមួយនឹងពួកគេ។
ពេលដែលអ្នកអានសៀវភៅនេះជាមួយនឹងកូន អ្នកនឹងឃើញថាមានសំណួរជាច្រើនដែលបានត្រូវដាក់នៅចំណុចសំខាន់ៗ ដើម្បីទុកឲ្យកូនឆ្លើយ។ ពេលអ្នកឃើញមានអូសបន្ទាត់(—) នោះជួយរំលឹកអ្នកឲ្យផ្អាក និងលើកទឹកចិត្តកូនឲ្យឆ្លើយ។ កូនចូលចិត្តឆ្លើយ តែបើអ្នកមិនទុកឲ្យកូនឆ្លើយ ឬប្រាប់ពីអារម្មណ៍របស់ពួកគេទេ នោះពួកគេនឹងឆាប់ធុញ ហើយលែងមានចំណាប់អារម្មណ៍ទៀត។
សំខាន់ជាងនេះទៅទៀត សំណួរទាំងនេះនឹងជួយអ្នកឲ្យដឹងចិត្តគំនិតរបស់កូន។ ពិតមែនតែកូនអាចឆ្លើយខុស ប៉ុន្តែព័ត៌មានដែលបានសរសេរបន្ទាប់ពីសញ្ញាអូសបន្ទាត់នីមួយៗ គឺដើម្បីជួយកូនឲ្យចេះពិចារណា។
លក្ខណៈពិសេសរបស់សៀវភៅនេះគឺរូបភាព។ ក្នុងសៀវភៅនេះមានជាង២៣០រូបភាព។ រូបភាពភាគច្រើនមានឃ្លាជាអក្សរទ្រេតដែលលើកទឹកចិត្តកូនឲ្យប្រាប់ពីអ្វីដែលកូនបានអាននិងឃើញក្នុងរូបភាព។ ដូច្នេះ សូមពិនិត្យមើលរូបភាពជាមួយនឹងកូន។ រូបភាពទាំងនោះអាចជាជំនួយក្នុងការបង្រៀនកូននូវចំណុចសំខាន់ៗក្នុងមេរៀន។
ពេលដែលកូនរៀនអាន សូមលើកទឹកចិត្តកូនឲ្យអានសៀវភៅនេះឮៗដើម្បីអ្នកអាចស្ដាប់។ ពេលកូនអានកាន់តែច្រើន នោះឱវាទល្អៗនឹងជ្រាបចូលទៅក្នុងចិត្តគំនិតរបស់កូនកាន់តែខ្លាំង។ ប៉ុន្តែ ដើម្បីឲ្យអ្នកនិងកូនមានភាពជិតស្និទ្ធ ហើយគោរពគ្នាកាន់តែខ្លាំង អ្នកគួរអានសៀវភៅនេះជាមួយនឹងកូនយ៉ាងទៀងទាត់។
សព្វថ្ងៃនេះ តាមរបៀបដែលមិនធ្លាប់មានពីមុន កូនក្មេងរងឥទ្ធិពលអាក្រក់ជាច្រើនតាមរយៈការដឹងឮ ឬការមើលឃើញនូវអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការទាក់ទងនឹងពួកវិញ្ញាណកំណាច និងការប្រព្រឹត្តដ៏ថោកទាបផ្សេងទៀត។ ដូច្នេះ កូនត្រូវការជំនួយដើម្បីការពារពួកគេ។ សៀវភៅនេះផ្ដល់នូវការណែនាំដោយឥតលាក់លៀម តែតាមរបៀបថ្លៃថ្នូរ។ ជាពិសេស ឪពុកម្ដាយត្រូវជួយកូនឲ្យផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ា ជាបិតានៅស្ថានសួគ៌ដែលជាអ្នកផ្ដល់ប្រាជ្ញា។ នេះជាអ្វីដែលលោកយេស៊ូជាគ្រូដ៏ល្អប្រសើរតែងតែប្រាប់យើងឲ្យធ្វើដូច្នោះ។ យើងសង្ឃឹមថាសៀវភៅនេះនឹងជួយអ្នកនិងកូនរបស់អ្នកឲ្យមានរបៀបរស់នៅដែលព្រះយេហូវ៉ាពេញចិត្ត ដើម្បីអាចទទួលពរជារៀងរហូត។