មាតាបិតាទាំងឡាយ ចូរការពារមត៌កវិសេសវិសាលរបស់អ្នក
«ប្រាជ្ញាជាគ្រឿងការពារខ្លួន . . . ប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។—សាស្ដា ៧:១២
១. ហេតុអ្វីក៏មាតាបិតាគួរចាត់ទុកកូនជាអំណោយ?
មាតាបិតាជាអ្នកផ្ដល់កំណើតឲ្យមនុស្សថ្មីដែលមានរូបសម្បត្ដិនិងលក្ខណៈសម្បត្ដិស្រដៀងនឹងខ្លួនពួកគាត់។ ព្រះគម្ពីរហៅកូនចៅដែលជាមនុស្សតូចថ្មីនោះ «ជាមរដកមកពីព្រះយេហូវ៉ា»។ (ទំនុកដំកើង ១២៧:៣) ដោយសារព្រះយេហូវ៉ាពិតជាព្រះដែលប្រទានជីវិត នេះបានន័យថាទ្រង់ប្រទានដល់មាតាបិតានូវបញ្ញើមួយ ដែលជារបស់ផងទ្រង់។ (ទំនុកដំកើង ៣៦:៩) មាតាបិតាទាំងឡាយអើយ! តើអ្នកមានទស្សនៈយ៉ាងណាអំពីការទទួលអំណោយវិសេសវិសាលម្ល៉េះពីព្រះ?
២. តើម៉ាណូអាបានធ្វើអ្វីពេលដែលគាត់ទទួលដំណឹងថា ភរិយានឹងសម្រាលបានកូនមួយ?
២ យ៉ាងប្រាកដណាស់ មាតាបិតាគួរទទួលអំណោយបែបនេះដោយចិត្តកតញ្ញូហើយរាបទាបផង។ ជាង៣.០០០ឆ្នាំមុននេះ បុរសជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះម៉ាណូអាមានអារម្មណ៍ដូចនេះពេលដែលភរិយាបានទទួលដំណឹងពីទេវតាមួយរូបថា នាងត្រូវសម្រាលកូនមួយ។ ពេលដែលលោកម៉ាណូអាទទួលដំណឹងល្អនោះ គាត់បានអធិស្ឋានថា៖ «ឱព្រះអម្ចាស់អើយ! សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះ បានមកម្ដងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការ ដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ»។ (ពួកចៅហ្វាយ ១៣:៨) មាតាបិតាទាំងឡាយអើយ! តើអ្នកអាចរៀនអ្វីពីគំរូរបស់ម៉ាណូអា?
មូលហេតុដែលមាតាបិតាត្រូវការជំនួយពីព្រះពេលឥឡូវនេះ
៣. ហេតុអ្វីបានជាមាតាបិតាត្រូវការជំនួយពីព្រះក្នុងការចិញ្ចឹមអប់រំកូន ជាពិសេសនៅសព្វថ្ងៃនេះ?
៣ សព្វថ្ងៃនេះជាងមុនៗទៅទៀត មាតាបិតាត្រូវការជំនួយពីព្រះយេហូវ៉ាក្នុងការចិញ្ចឹមអប់រំកូន។ ហេតុអ្វី? ពីព្រោះអារក្សសាតាំងនិងទេវតារបស់វាបានត្រូវទំលាក់ចេញពីស្ថានសួគ៌មកឯផែនដី។ ព្រះគម្ពីរព្រមានថា៖ «វេទនាដល់ផែនដី . . . ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:៧-៩, ១២) ព្រះគម្ពីរពន្យល់ថា សាតាំងប្រៀប«ដូចជាសិង្ហ»ដែលកំពុងតែ«រកអ្នកណាដែលវានឹងត្របាក់លេបបាន»។ (ពេត្រុសទី១ ៥:៨) ធម្មតាសត្វសិង្ហពាធាសត្វដែលងាយចាប់ជាងគេ គឺច្រើនតែពាធាកូនសត្វ។ បើដូច្នេះ មាតាបិតាគ្រីស្ទានគួរនឹងស្វែងរកការណែនាំពីព្រះយេហូវ៉ាដើម្បីការពារកូន។ តើអ្នកកំពុងតែព្យាយាមធ្វើដូច្នេះប៉ុនណាទៅ?
៤. (ក) បើដឹងថាមានសត្វសិង្ហដើរក្នុងសង្កាត់របស់អ្នក តើនេះនឹងជំរុញឲ្យមាតាបិតាធ្វើអ្វី? (ខ) តើកូនក្មេងត្រូវការអ្វីដើម្បីការពារខ្លួន?
៤ ប្រសិនបើអ្នកដឹងថាមានសត្វសិង្ហមួយកំពុងតែដើរក្នុងសង្កាត់របស់អ្នក អ្នកច្បាស់ជានឹងចាត់វិធានការភ្លាមដើម្បីការពារកូន។ សាតាំងប្រៀបដូចជាសត្វដែលចង់ត្របាក់ស៊ីមនុស្ស។ វាចង់បង្ខូចសីលធម៌របស់រាស្ត្រព្រះ ដ្បិតដោយធ្វើដូច្នេះ ព្រះនឹងលែងសព្វព្រះហឫទ័យនឹងពួកគេទៀត។ (យ៉ូប ២:១-៧; យ៉ូហានទី១ ៥:១៩) កូនក្មេងជាទិសដៅដែលស្រួលចាប់សំរាប់វា។ ប្រសិនបើយើងចង់ឲ្យកូនចៀសវាងពីអន្ទាក់របស់សាតាំងនោះ ពួកគេត្រូវស្គាល់ព្រះយេហូវ៉ានិងស្ដាប់បង្គាប់ទ្រង់។ ចំណេះពីព្រះគម្ពីរជាអ្វីដែលចាំបាច់ណាស់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់[ឬ«បានចំណេះអំពី», ព.ថ.]ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) ម្យ៉ាងទៀត កូនក្មេងត្រូវការប្រាជ្ញាដែរ ដែលជាសមត្ថភាពយល់និងអនុវត្តតាមអ្វីដែលគេរៀន។ ដោយសារ«ប្រាជ្ញាជាគ្រឿងការពារខ្លួន»នោះ មាតាបិតាទាំងឡាយត្រូវតែផ្ដិតសេចក្ដីពិតឲ្យជាប់ក្នុងចិត្តកូន។ (សាស្ដា ៧:១២) តើមាតាបិតាអាចធ្វើដូច្នេះបានយ៉ាងណា?
៥. (ក) តើយើងអាចផ្ដល់ឲ្យកូនមានប្រាជ្ញាបានយ៉ាងណា? (ខ) តើសៀវភៅសុភាសិតពណ៌នាយ៉ាងណាអំពីតម្លៃនៃប្រាជ្ញា?
៥ មាតាបិតាអាចនិងគួរតែអានព្រះបន្ទូលរបស់ព្រះឲ្យកូនស្ដាប់។ ប៉ុន្តែ ការអានឲ្យកូនស្ដាប់ប៉ុណ្ណោះ មិនគ្រប់គ្រាន់ទេបើចង់ជួយឲ្យកូនចេះស្រឡាញ់និងស្ដាប់បង្គាប់ព្រះយេហូវ៉ា។ កូនក៏ត្រូវយល់អត្ថន័យផងដែរ។ ជាឧទាហរណ៍ យើងប្រហែលជាប្រាប់កូនថា កុំអាលឆ្លងផ្លូវទាល់តែបានមើលស្ដាំនិងឆ្វេងហើយសិន។ ក៏ប៉ុន្តែ ក្មេងខ្លះមិនស្ដាប់បង្គាប់ទេ។ ហេតុអ្វី? ប្រហែលជាយើងមិនទាន់បានពន្យល់ដល់កូនច្រើនដង ឬដោយរបៀបដែលបញ្ជាក់យ៉ាងខ្លាំងបណ្ដាលពីគ្រោះថ្នាក់។ ហេតុនេះហើយបានជាកូនមិនទាន់យល់ច្បាស់ថា បើឡានបុកកូននោះ នឹងមានគ្រោះថ្នាក់ប៉ុនណា។ កូនមិនទាន់មានការយល់ដឹងដែលអាចយកឈ្នះ«សេចក្ដីចំកួត»ដែលនាំឲ្យមានគ្រោះថ្នាក់។ ការណែនាំឲ្យកូនមានប្រាជ្ញានោះ តម្រូវឲ្យចំណាយពេលច្រើន ហើយតម្រូវឲ្យមានចិត្តអត់ធ្មត់ផង។ ប៉ុន្តែ ប្រាជ្ញាពិតជាមានតម្លៃមែន! ព្រះគម្ពីរចែងថា៖ «អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិត ដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ»។—សុភាសិត ៣:១៣-១៨; ២២:១៥
ការបង្រៀនដែលនាំឲ្យមានប្រាជ្ញា
៦. (ក) ហេតុអ្វីបានជាកូនក្មេងច្រើនតែប្រព្រឹត្តដោយឥតប្រាជ្ញា? (ខ) តើមានចំបាំងអ្វីកំពុងតែកើតមានឡើង?
៦ តាមធម្មតាយុវជនយុវតីធ្វើអ្វីដែលខុស មិនមែនដោយសារគេខ្វះការបង្រៀនអំពីអ្វីដែលល្អឬត្រឹមត្រូវទេ តែពីព្រោះការបង្រៀននោះមិនបានជ្រាបចូលទៅក្នុងចិត្ត ដែលជាធាតុពិតរបស់ខ្លួន។ អារក្សកំពុងតែប្រកួតប្រជែងដើម្បីទាក់ទាញចិត្តរបស់យុវជនយុវតីទាំងឡាយ។ វាប្រើល្បិចសម្ងាត់ដើម្បីឲ្យលោកីយ៍នេះមានអានុភាពលើពួកគេ។ វាក៏ជញ្ជក់យកផលប្រយោជន៍ពីបាបដែលយុវជនយុវតីបានទទួលជាមត៌ក ដែលរួមមានទំនោរចិត្តទោរទន់ទៅធ្វើអ្វីដែលមិនល្អ។ (លោកុប្បត្តិ ៨:២១; ទំនុកដំកើង ៥១:៥) មាតាបិតាត្រូវតែទទួលស្គាល់ថា មានចំបាំងពិតកំពុងតែកើតមានឡើង ជាចំបាំងប្រកួតចង់ទទួលអំណាចលើចិត្តរបស់កូន។
៧. បើគ្រាន់តែប្រាប់កូនពីអ្វីដែលខុសនិងត្រូវនោះ ហេតុអ្វីក៏នេះមិនគ្រប់គ្រាន់ទេ?
៧ តាមធម្មតា មាតាបិតាប្រាប់កូនអំពីអ្វីដែលខុសនិងត្រូវ ដោយគិតថាបានបង្រៀនកូននូវគោលការណ៍សីលធម៌ល្អហើយ។ មាតាបិតាប្រហែលជាប្រាប់កូនថា ការភូតកុហក ការលួចឬរួមដំណេកជាមួយនឹងមនុស្សដែលមិនមែនជាគូអាពាហ៍ពិពាហ៍នោះ សុទ្ធតែជាការអាក្រក់។ ក៏ប៉ុន្តែ កូនត្រូវការមូលហេតុខ្លាំងជាងនោះទៅទៀតទើបនឹងស្ដាប់បង្គាប់ មិនគ្រាន់តែដោយសារមាតាបិតាប្រាប់ប៉ុណ្ណោះឡើយ។ តម្រូវការទាំងប៉ុន្មាននោះជាច្បាប់របស់ព្រះយេហូវ៉ា។ កូនត្រូវរៀនថា ការធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាជាផ្លូវដែលប្រកបទៅដោយប្រាជ្ញាជាទីបំផុត។—សុភាសិត ៦:១៦-១៩; ហេព្រើរ ១៣:៤
៨. តើការបង្រៀនបែបណាអាចជួយឲ្យកូនប្រព្រឹត្តដោយប្រាជ្ញា?
៨ ភាពស្មុគស្មាញនៃសកលលោកនេះ ភាវៈរស់ផ្សេងៗជាច្រើននិងរដូវកាលដែលចេះតែផ្លាស់ប្ដូរជានិច្ចនោះ របស់ទាំងនេះអាចជួយឲ្យកូនយល់ដឹងថា ពិតជាមានព្រះមួយអង្គដែលមានសព្វប្រាជ្ញាជាអ្នកបង្កើតរបស់សព្វសារពើ។ (រ៉ូម ១:២០; ហេព្រើរ ៣:៤) ម្យ៉ាងទៀត គប្បីបង្រៀនដល់កូនថា ព្រះក៏ស្រឡាញ់កូនដែរ ហើយទ្រង់បានរៀបចំសំវិធានការដោយបូជារាជបុត្រារបស់ទ្រង់ដើម្បីឲ្យកូនទទួលជីវិតជារៀងរហូតបាន។ ក៏គួរបង្រៀនដល់កូនថា កូនអាចធ្វើឲ្យព្រះមានព្រះទ័យសប្បាយដោយស្ដាប់បង្គាប់ទ្រង់។ បើដូច្នេះ កូនទំនងជានឹងកើតមានចិត្តប្រាថ្នាចង់បំរើព្រះយេហូវ៉ា មិនថាអារក្សខិតខំយ៉ាងណាដើម្បីបង្អាក់ផ្លូវកូនក៏ដោយ។—សុភាសិត ២២:៦; ២៧:១១; យ៉ូហាន ៣:១៦
៩. (ក) ការបង្រៀនដែលអាចសង្គ្រោះជីវិតនោះ តើតម្រូវឲ្យធ្វើអ្វី? (ខ) តើបិតាទាំងឡាយបានត្រូវបង្គាប់ឲ្យធ្វើអ្វី? ហើយតើនេះរួមបញ្ចូលអ្វី?
៩ ការបង្រៀនដែលអាចការពារនិងជំរុញចិត្តកូនឲ្យធ្វើអ្វីដែលត្រឹមត្រូវនោះ តម្រូវឲ្យមាតាបិតា យកចិត្តទុកដាក់ ចំណាយពេលនិងរៀបចំកម្មវិធីជាក់លាក់ជាមួយកូន។ នេះក៏តម្រូវឲ្យមាតាបិតាព្រមទទួលការណែនាំពីព្រះដែរ។ ព្រះគម្ពីរចែងថា៖ «ឪពុករាល់គ្នាអើយ! . . . ចូរបង្រៀន[កូន]ទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់»។ (អេភេសូរ ៦:៤) តើនេះមានន័យអ្វី? យោងទៅតាមអត្ថន័យដើមពីភាសាក្រិចនោះ ពាក្យ«សេចក្ដីដាស់តឿន»បង្កប់អត្ថន័យសំដៅទៅលើ«ការដាក់គំនិតក្នុង»។ បើនិយាយឲ្យចំទៅ បិតាទាំងឡាយបានត្រូវជំរុញឲ្យដាក់គំនិតរបស់ព្រះយេហូវ៉ាទៅក្នុងចិត្តកូន។ នេះពិតជាអាចការពារកូនបាន! បើកូនមានគំនិតរបស់ព្រះ ឬបានត្រូវប្រិតប្រៀនឲ្យចេះគិតដូចព្រះ នេះអាចការពារកូនកុំឲ្យធ្វើអ្វីដែលអាក្រក់មែន។
ចំណង់ដែលជំរុញដោយសេចក្ដីស្រឡាញ់
១០. បើមាតាបិតាចង់អប់រំកូនយ៉ាងមានប្រសិទ្ធភាព តើអ្នកត្រូវដឹងអំពីអ្វី?
១០ ប៉ុន្តែ បើមាតាបិតាចង់ចិញ្ចឹមអប់រំកូនយ៉ាងត្រឹមត្រូវនោះ គាត់ត្រូវតែមានសេចក្ដីស្រឡាញ់ដែលជំរុញឲ្យមានការព្យាយាម។ កត្ដាសំខាន់មួយគឺការប្រស្រ័យទាក់ទងគ្នាយ៉ាងល្អ។ ចូរខំស្វែងយល់អំពីអ្វីដែលកំពុងតែកើតមានឡើងក្នុងជីវិតរបស់កូន ហើយដឹងអំពីទស្សនៈរបស់កូនផង។ ចូរជ្រើសរើសឱកាសពេលកូនមានអារម្មណ៍ស្រួល ហើយប្រើបំនិនដើម្បីលើកទឹកចិត្តឲ្យកូនប្រាប់ពីអារម្មណ៍និងទស្សនៈផ្ទាល់។ ជួនកាលអ្វីដែលកូនប្រាប់នោះ អាចធ្វើឲ្យមាតាបិតាភ្ញាក់ផ្អើលមែន។ ប៉ុន្តែ សូមប្រុងប្រយ័ត្ន កុំផ្អើលឆោឡោឬបង្ហាញអារម្មណ៍រជើបរជួលឡើយ។ ផ្ទុយទៅវិញ ចូរស្ដាប់ដោយសម្ដែងការយល់ចិត្តកូន។
១១. តើមាតាបិតាអាចដាក់គំនិតរបស់ព្រះទៅក្នុងចិត្តកូនបានយ៉ាងណា?
១១ ពិតមែន អ្នកប្រហែលជាបានអានព្រះគម្ពីរឲ្យកូនស្ដាប់អំពីច្បាប់របស់ព្រះដែលហាមការប្រព្រឹត្តអំពើអសីលធម៌ខាងកាម ហើយអ្នកប្រហែលជាបានអានច្បាប់នោះច្រើនដងក៏មិនដឹង។ (កូរិនថូសទី១ ៦:១៨; អេភេសូរ ៥:៥) នេះអាចធ្វើឲ្យកូនដឹងអំពីអ្វីដែលផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា ហើយទង្វើដែលទ្រង់មិនសព្វព្រះហឫទ័យដែរ។ យ៉ាងណាក៏ដោយ ការដាក់គំនិតរបស់ព្រះទៅក្នុងចិត្តកូនតម្រូវឲ្យធ្វើអ្វីថែមទៀត។ កូនត្រូវការជំនួយដើម្បីវែកញែកហេតុផលស្តីអំពីប្រយោជន៍ដែលមកពីការធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា។ កូនត្រូវតែជឿស៊ប់ថា ច្បាប់របស់ព្រះពិតជាល្អនិងមានប្រយោជន៍ ហើយថាការស្ដាប់តាមច្បាប់ទាំងនោះជាទង្វើត្រឹមត្រូវផង ហើយជាការបង្ហាញនូវសេចក្ដីស្រឡាញ់ផងដែរ។ អ្នកអាចដាក់គំនិតរបស់ព្រះទៅក្នុងចិត្តកូនបាន ឲ្យតែអ្នកវែកញែកហេតុផលពីបទគម្ពីរដើម្បីឲ្យកូនទទួលស្គាល់ទស្សនៈរបស់ព្រះ។
១២. តើមាតាបិតាអាចធ្វើអ្វីដើម្បីជួយឲ្យកូនមានទស្សនៈត្រឹមត្រូវស្តីអំពីការរួមភេទ?
១២ ពេលពិភាក្សាអំពីការរួមភេទ អ្នកអាចសួរថា៖ «តើកូនគិតថាមនុស្សយើងមិនអាចមានសុភមង្គលសោះ បើយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយមិនរួមភេទមុនរៀបការឬទេ?»។ ចូរលើកទឹកចិត្តឲ្យកូនពន្យល់នូវមូលហេតុដែលគេឆ្លើយដូច្នេះ។ ពេលបានពិគ្រោះជាមួយកូនអំពីរបៀបដ៏អស្ចារ្យដែលព្រះបានរៀបចំឲ្យមនុស្សបង្កើតកូននោះ អ្នកអាចសួរថា៖ «តើកូនគិតថា ព្រះដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នឹងបង្កើតច្បាប់ដើម្បីកុំឲ្យយើងមានជីវិតសប្បាយឬទេ? ឬតើកូនគិតថា ព្រះប្រទានច្បាប់ដើម្បីការពារយើងនិងឲ្យយើងមានសុភមង្គលវិញ?»។ (ទំនុកដំកើង ១១៩:១, ២; អេសាយ ៤៨:១៧) ចូរព្យាយាមស្វែងយល់នូវទស្សនៈរបស់កូនស្តីអំពីរឿងនេះ។ រួចមក អ្នកប្រហែលជាចង់លើកឧទាហរណ៍ដែលបង្ហាញថា អំពើអសីលធម៌ខាងកាមបាននាំឲ្យមានបញ្ហានិងការពិបាកចិត្តផង។ (សាំយូអែលទី២ ១៣:១-៣៣) បើអ្នកវែកញែកឲ្យកូនយល់ហេតុផលនិងជួយយល់ព្រមទទួលទស្សនៈរបស់ព្រះនោះ អ្នកបានជោគជ័យខ្លះៗហើយក្នុងការដាក់គំនិតរបស់ព្រះទៅក្នុងចិត្តកូន។ ប៉ុន្តែ មានអ្វីថែមទៀតដែលអ្នកអាចធ្វើបានដែរ។
១៣. តើកូនអាចមានចិត្តជំរុញឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ាបាន ដោយយល់អំពីអ្វី?
១៣ មាតាបិតាដែលមានប្រាជ្ញា មិនគ្រាន់តែបង្រៀនកូនអំពីលទ្ធផលដែលមកពីការមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា តែពន្យល់នូវរបៀបដែលការរស់នៅរបស់យើងមានអានុភាពលើទ្រង់ដែរ។ ចូរប្រើព្រះគម្ពីរដើម្បីបង្ហាញដល់កូនថា យើងអាចធ្វើឲ្យព្រះយេហូវ៉ាព្រួយព្រះទ័យបើយើងមិនធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ (ទំនុកដំកើង ៧៨:៤០) អ្នកអាចសួរថា៖ «តើកូនមិនចង់ធ្វើឲ្យព្រះយេហូវ៉ាព្រួយព្រះទ័យដោយព្រោះអ្វី?» រួចមកអាចពន្យល់ថា៖ «សត្រូវរបស់ព្រះយេហូវ៉ាអះអាងថា យើងបំរើព្រះដោយមានបំណងចិត្តចង់បានតែប្រយោជន៍ខ្លួនឯង មិនមែនដោយសារយើងស្រឡាញ់ទ្រង់ទេ»។ ក្រោយមក ចូរពន្យល់អំពីលោកយ៉ូប ថាគាត់បានធ្វើឲ្យព្រះមានព្រះទ័យរីករាយដោយរក្សាឲ្យមានចិត្តស្មោះគ្រប់ល័ក្ខណ៍ ហើយនេះជាភស្តុតាងថាអំណះអំណាងរបស់សាតាំងជាពាក្យកុហកវិញ។ (យ៉ូប ១:៩-១១; ២៧:៥) កូនត្រូវយល់ដឹងថា ការប្រព្រឹត្តរបស់ខ្លួនអាចនាំឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយឬព្រួយបាន។ (សុភាសិត ២៧:១១) មាតាបិតាអាចបង្រៀនកូននូវមេរៀននេះនិងមេរៀនសំខាន់ៗឯទៀតដោយប្រើសៀវភៅផ្សេងៗដូចជាសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី និងសៀវភៅចូររៀនពីគ្រូដ៏ឧត្តម (ជាភាសាអង់គ្លេស)។a
លទ្ធផលល្អ
១៤, ១៥. (ក) តើមានមេរៀនអ្វីខ្លះក្នុងសៀវភៅផ្សេងៗរបស់អង្គការយើង ដែលអាចជំរុញចិត្តកូនក្មេងបាន? (ខ) តើអ្នកបានលទ្ធផលល្អអ្វី ដោយប្រើសៀវភៅផ្សេងៗរបស់អង្គការយើង?
១៤ ជីតាម្នាក់នៅប្រទេសក្រូអាស៊ីចូលចិត្តអានសៀវភៅរបស់អង្គការយើងជាមួយចៅដែលមានអាយុប្រាំពីរឆ្នាំ ហើយគាត់សរសេរថា ចៅបាននិយាយប្រាប់តាថា៖ «ម៉ែបានប្រាប់ឲ្យខ្ញុំធ្វើអ្វីមួយ តែខ្ញុំមិនចង់ធ្វើទេ។ ក្រោយមក ខ្ញុំនឹកចាំ[មេរៀនមួយដែលបង្រៀនថាការស្ដាប់បង្គាប់អាចការពារយើង] ដូច្នេះខ្ញុំក៏ប្រាប់ម៉ែថា ខ្ញុំសុខចិត្តស្ដាប់បង្គាប់គាត់វិញ»។ ស្វាមីភរិយាមួយគូនៅរដ្ឋហ្វ័ររីដា ស.រ.អ. ប្រាប់អំពីមេរៀនដែលពន្យល់ពីមូលហេតុដែលយើងមិនគួរភូតកុហកថា៖ «ជំពូកនោះសួរសំនួរដែលអញ្ជើញឲ្យកូនសម្ដែងចេញនូវចិត្តគំនិតដោយឥតលាក់លៀម ហើយឲ្យកូនសារភាពប្រាប់ពីកំហុសរបស់ខ្លួនដែលធម្មតាគេមិនព្រមប្រាប់យើងសោះ»។
១៥ សៀវភៅផ្សេងៗរបស់អង្គការយើងមានរូបភាពជាច្រើន ហើយច្រើនតែមានកំណត់មួយដែលពន្យល់អំពីរូបភាពនីមួយៗដែរ។ មាតាម្នាក់ដែលមានចិត្តអបអរចំពោះសៀវភៅពីអង្គការរបស់យើងក៏មានប្រសាសន៍ថា៖ «ជួនកាលកូនប្រុសខ្ញុំសម្លឹងមើលរូបភាពមួយ ហើយមិនអនុញ្ញាតឲ្យខ្ញុំបើកទំព័រមួយទៀត។ រូបភាពមិនគ្រាន់តែស្អាតនិងទាញទឹកចិត្តប៉ុណ្ណោះទេ តែបង្រៀនមេរៀនផង ហើយធ្វើឲ្យក្មេងៗឆ្ងល់និងសួរសំនួរដែរ។ រូបភាពមួយដែលបង្ហាញពីក្មេងម្នាក់ដែលកំពុងតែមើលទូរទស្សន៍ពេលអង្គុយក្នុងបន្ទប់ងងឹត បានធ្វើឲ្យកូនខ្ញុំសួរថា៖ ‹ម៉ាក់ៗ តើបុរសនោះធ្វើអ្វីម៉ាក់?›។ កូនខ្ញុំបានសួរដោយបញ្ចេញសំឡេងដែលបង្ហាញថា កូនដឹងថាក្មេងក្នុងរូបភាពនោះកំពុងតែធ្វើអ្វីដែលមិនល្អ»។ កំណត់ដែលពន្យល់អំពីរូបភាពនោះសួរថា៖ «តើអ្នកណាអាចឃើញអ្វីៗទាំងអស់ដែលយើងធ្វើ?»។
ការអប់រំដែលចាំបាច់ណាស់នៅសព្វថ្ងៃនេះ
១៦. តើជាចាំបាច់ឲ្យបង្រៀនកូនៗនូវរឿងអ្វីសព្វថ្ងៃនេះ? ហើយហេតុអ្វី?
១៦ កូនត្រូវដឹងអំពីរបៀបគួរនិងមិនគួរប្រើកេរខ្មាសរបស់ខ្លួនដែរ។ ប៉ុន្តែ ការនិយាយអំពីរឿងនេះមិនតែងតែស្រួលទេ។ អ្នកកាសែតម្នាក់បានមានប្រសាសន៍ថា គាត់បានធំឡើងនៅសម័យមួយដែលការសំដៅលើសរីរាង្គបន្តពូជដោយប្រើពាក្យចំៗនោះ ត្រូវគេចាត់ទុកជាពាក្យមិនគួរសម។ អ្នកកាសែតនេះបានសរសេរអំពីការបង្រៀនកូនរបស់ខ្លួនថា៖ «ខ្ញុំត្រូវយកឈ្នះការអៀនខ្មាសរបស់ខ្ញុំ»។ ពិតណាស់ បើមាតាបិតាចៀសវាងការពិគ្រោះជាមួយនឹងកូនអំពីការរួមភេទ ដោយព្រោះខ្មាសនឹងនិយាយដូច្នេះ នេះមិនអាចការពារកូនបានឡើយ។ ពួកអ្នកបៀតបៀនកេរខ្មាសតែងទាញយកផលចំណេញពីកូនក្មេងដែលខ្វះចំណេះដឹងអំពីការរួមភេទ។ សៀវភៅផ្សេងៗរបស់យើងពិគ្រោះអំពីរឿងនេះដោយរបៀបល្អៗហើយថ្លៃថ្នូរផង។ ការបង្រៀនឲ្យកូនដឹងអំពីការរួមភេទមិនមែនជាអ្វីដែលធ្វើឲ្យគំនិតកូនមិនបរិសុទ្ធនោះទេ តែបើមិនប្រាប់ពីរឿងនោះ នេះអាចនាំឲ្យកូនបាត់បង់ភាពបរិសុទ្ធទាំងចិត្តទាំងកាយវិញ។
១៧. តើសៀវភៅផ្សេងៗរបស់យើងជួយមាតាបិតាយ៉ាងណា ក្នុងការបង្រៀនកូនអំពីការរួមភេទ?
១៧ បើប្រើជំពូកទី៨ក្នុងសៀវភៅរឿងព្រះគម្ពីរ ជាមួយនឹងទំព័រ៩៣ ក្នុងសៀវភៅរស់នៅជានិរន្តរ៍ ពេលពិគ្រោះអំពីគ្រាដែលទេវតាអាក្រក់បានយាងចុះមកផែនដីទាំងបានបង្កើតកូនផង នោះយើងអាចសួរថា៖ «តើកូនដឹងអ្វីខ្លះអំពីការរួមភេទ?»។ សៀវភៅរបស់យើងឆ្លើយដោយឥតស្មុគស្មាញហើយដោយថ្លៃថ្នូរផង។ សំបុត្រជាច្រើនបានបង្ហាញថាការបង្រៀនបែបនេះជាចាំបាច់ណាស់។ សំបុត្រមួយប្រាប់ថា៖ «សប្ដាហ៍មុន ពេលដែលខ្ញុំនាំកូនខ្ញុំឈ្មោះចេវិន ទៅជួបគ្រូពេទ្យខាងកុមារនោះ គ្រូពេទ្យបានសួរខ្ញុំថា តើខ្ញុំបានពិគ្រោះជាមួយកូនអំពីរបៀបប្រើកេរខ្មាសយ៉ាងត្រឹមត្រូវឬទេ? គ្រូពេទ្យមានចិត្តសប្បាយណាស់ដែលយើងបានធ្វើដូច្នេះដោយប្រើសៀវភៅថ្មីរបស់យើង»។
១៨. តើសៀវភៅរស់នៅជានិរន្តរ៍ ពិគ្រោះយ៉ាងណាអំពីការធ្វើគារវកិច្ចចំពោះវត្ថុតំណាងជាតិ?
១៨ មានជំពូកផ្សេងៗទៀតដែរដែលពិគ្រោះកំណត់ហេតុមួយក្នុងព្រះគម្ពីរអំពីយុវបុរសសាសន៍ហេព្រើរបីនាក់ឈ្មោះសាដ្រាក់ មែសាក់និងអ័បេឌនេកោ ដែលមិនព្រមក្រាបសំពះចំពោះរូបឆ្លាក់មួយដែលតំណាងនូវរដ្ឋអំណាចរបស់សាសន៍បាប៊ីឡូន។ (ដានីយ៉ែល ៣:១-៣០) មនុស្សខ្លះប្រហែលជាមិនចាត់ទុកការគោរពរូបព្រះជាអ្វីដែលមានន័យស្មើនឹងការធ្វើគារវកិច្ចចំពោះទង់ជាតិ ដូចបានពន្យល់ក្នុងសៀវភៅរស់នៅជានិរន្តរ៍ នៅទំព័រ២១៤-២១៥។ ក៏ប៉ុន្តែ សូមកត់សម្គាល់នូវអ្វីដែលអ្នកនិពន្ធម្នាក់ឈ្មោះអេឌវ៉ាដ ហ្គាវនី បានមានប្រសាសន៍ពេលត្រូវបានសម្ភាសន៍ដោយទស្សនាវដ្ដីសាសនាកាតូលិក ស.រ.អ. (ជាភាសាអង់គ្លេស)។ លោកហ្គាវនីប្រាប់អំពីថ្ងៃទីមួយដែលកូនស្រីបានចូលសាលារដ្ឋ ហើយពេលនាងត្រឡប់មកផ្ទះវិញនោះ នាងប្រាប់បិតាថានាងបានរៀន«សេចក្ដីអធិស្ឋានថ្មីមួយនៅសាលា»។ លោកហ្គាវនីបានសូមកូនសូត្រឲ្យប៉ាស្ដាប់ម្ដង។ លោកប្រាប់ថា៖ «កូនស្រីបានដាក់ដៃលើបេះដូងហើយបានចាប់ផ្ដើមសូត្រដោយបង្ហាញមោទនភាពថា៖ ‹ខ្ញុំស្បថចំពោះទង់ជាតិ[។ល។]›»។ លោកហ្គាវនីមានប្រសាសន៍ទៀតថា៖ «មួយរំពេចនោះ ខ្ញុំទទួលស្គាល់ថា ស្មរបន្ទាល់ព្រះយេហូវ៉ានិយាយពិតមែន។ គេកំពុងតែបង្រៀនកូនសិស្សតាំងពីតូចមកនៅឯសាលារៀន ឲ្យគេថ្វាយបង្គំជាតិសាសន៍របស់ខ្លួន ដោយបង្ហាញចិត្តស្មោះត្រង់យ៉ាងឥតកំរិត»។
ការព្យាយាមមានប្រយោជន៍
១៩. តើមានរង្វាន់អ្វីខ្លះពីការអប់រំកូនយ៉ាងល្អ?
១៩ ការព្យាយាមបង្រៀនកូន ពិតជាមានប្រយោជន៍មែន។ មាតាម្នាក់នៅរដ្ឋកង់សាស ស.រ.អ. បានស្រក់ទឹកភ្នែកពេលបានទទួលសំបុត្រពីកូនប្រុស។ កូនប្រុសបានសរសេរថា៖ «ខ្ញុំមានចិត្តកតញ្ញូណាស់ដែលខ្ញុំបានទទួលការអប់រំតាមរបៀបដែលជួយឲ្យខ្ញុំមានតុល្យភាពនិងលំនឹងខាងផ្លូវចិត្ត។ អ្នកម្ដាយនិងឪពុកពិតជាគួរទទួលការសរសើរណាស់»។ (សុភាសិត ៣១:២៨) សៀវភៅផ្សេងៗពីអង្គការរបស់យើងអាចជួយមាតាបិតាកាន់តែច្រើននាក់ឲ្យបង្រៀនកូនដើម្បីការពារមត៌កដ៏វិសេសវិសាលនេះ។
២០. តើមាតាបិតាគួរចងចាំអ្វីជានិច្ច? ហើយតើនេះគួរមានឥទ្ធិពលអ្វីលើគាត់?
២០ ពិតជាគប្បីណាស់ ឲ្យយើងចំណាយពេលព្រមទាំងយកចិត្តទុកដាក់និងព្យាយាមជួយកូន។ កូននៅក្មេងតែមួយរយៈខ្លីណាស់។ ចូរឆ្លៀតគ្រប់ឱកាសដើម្បីចំណាយពេលជាមួយកូន ហើយជួយគេផង។ អ្នកនឹងមិនស្ដាយក្រោយឡើយ។ កូននឹងស្រឡាញ់អ្នកវិញ។ ចូរចាំមិនភ្លេចថា កូនជាអំណោយដែលព្រះឲ្យដល់អ្នក។ កូនពិតជាមត៌កវិសេសវិសាលមែន! (ទំនុកដំកើង ១២៧:៣-៥) ដូច្នេះ ចូរប្រព្រឹត្តលើកូនបែបយ៉ាងណាដែលបង្ហាញពីទស្សនៈនេះ ហាក់ដូចជាអ្នកត្រូវទទួលខុសត្រូវចំពោះព្រះស្តីអំពីរបៀបចិញ្ចឹមអប់រំកូន ដ្បិតអ្នកពិតជាទទួលខុសត្រូវចំពោះទ្រង់មែន។
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីក៏មាតាបិតាត្រូវការពារកូន ជាពិសេសនៅសព្វថ្ងៃនេះ?
• តើសេចក្ដីបង្រៀនបែបណាអាចផ្ដល់ឲ្យមានប្រាជ្ញា?
• សព្វថ្ងៃនេះ តើចាំបាច់ណាស់ឲ្យពិភាក្សារឿងអ្វីខ្លះជាមួយនឹងកូន?
• តើសៀវភៅផ្សេងៗរបស់យើងជួយមាតាបិតាបង្រៀនកូនបានយ៉ាងណា?
[រូបភាពនៅទំព័រ១៥]
មាតាបិតាទាំងឡាយ តើអ្នកអាចរៀនអ្វីពីគំរូរបស់លោកម៉ាណូអា?
[រូបភាពនៅទំព័រ១៦]
ប្អូនៗទាំងឡាយ តើអ្នកអាចរៀនអ្វីពីគំរូរបស់បុរសសាសន៍ហេព្រើរបីនាក់នោះ?