ការប្រុងស្មារតីបានសង្គ្រោះជីវិតពួកគេ
ព្រះយេស៊ូគ្រីស្ទបានព្រមានទុកជាមុនអំពីទីបញ្ចប់នៃរបបយូដា ដែលមានព្រះវិហារនៅក្នុងទីក្រុងយេរូសាឡិមជាមជ្ឈមណ្ឌល។ ព្រះយេស៊ូមិនបានប្រាប់អំពីថ្ងៃខែដែលព្រឹត្ដិការណ៍នោះត្រូវកើតមានឡើងទេ។ ប៉ុន្តែ ព្រះយេស៊ូបានពណ៌នាអំពីព្រឹត្ដិការណ៍ដែលត្រូវកើតមានមុននឹងសេចក្ដីហិនវិនាសនោះមកដល់។ ព្រះយេស៊ូបានដាស់តឿនសិស្សទ្រង់ឲ្យនៅចាំយាមជានិច្ច ហើយឲ្យគេភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់។
ព្រះយេស៊ូបានទាយថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ»។ ទ្រង់ក៏មានបន្ទូលថា៖ «កាលណាអ្នករាល់គ្នាឃើញ . . . សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ . . . នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ»។ ព្រះយេស៊ូបានដាស់តឿនសិស្សទ្រង់ថា កុំឲ្យត្រឡប់ទៅប្រមូលអីវ៉ាន់ខ្លួនឡើយ។ ការរត់ចេញភ្លាមៗជាចាំបាច់ណាស់ បើគេចង់រួចរស់ជីវិត។—លូកា ២១:២០, ២១; ម៉ាថាយ ២៤:១៥, ១៦
នៅឆ្នាំ៦៦ ស.យ. លោកស៊ីស្ទាស ហ្កាឡាសបាននាំមុខពលទ័ពរ៉ូមឲ្យទៅបង្ក្រាបការបះបោរដែលមានយូរហើយនៅទីក្រុងយេរូសាឡិម។ លោកស៊ីស្ទាសក៏បានលុកចូលទៅក្នុងទីក្រុងយេរូសាឡិមហើយបានឡោមព័ទ្ធព្រះវិហារផង។ ទីក្រុងយេរូសាឡិមពេញទៅដោយការច្របូកច្របល់។ មនុស្សដែលនៅចាំយាមពេលនោះបានឃើញថា សេចក្ដីមហន្តរាយគឺជិតកើតឡើងមែន។ ប៉ុន្តែ តើពួកគេអាចរត់ចេញបានទេ? ដោយមិនបាននឹកស្មានជាមុន នោះលោកស៊ីស្ទាស ហ្កាឡាសបានដកទ័ពចេញវិញ។ ពួកអ្នកបះបោរជនជាតិយូដាខ្លះ បានដេញតាមពលទ័ពរ៉ូម។ ពេលនោះឯង ជាឱកាសឲ្យមនុស្សរត់ចេញពីទីក្រុងយេរូសាឡិមនិងស្រុកយូដាតែម្ដង!
មួយឆ្នាំក្រោយមក ពលទ័ពរ៉ូមបានត្រឡប់មកវិញក្រោមអំណាចអធិរាជ វេស្ប៉ាសៀន និងរាជបុត្រទ្រង់ឈ្មោះទីតុស។ ស្រុកយូដាទាំងមូលបានលិចលង់ក្នុងសង្គ្រាម។ នៅដើមឆ្នាំ៧០ ស.យ. ពលទ័ពរ៉ូមបានរៀបបង្គោលឈើស្រួចៗជារបងព័ទ្ធជុំវិញទីក្រុងយេរូសាឡិម។ មនុស្សនៅក្នុងទីក្រុងនោះលែងមានលទ្ធភាពរត់ចេញបាន។ (លូកា ១៩:៤៣, ៤៤) ក្រុមបក្សពួកនៅក្នុងក្រុងយេរូសាឡិមបានសម្លាប់គ្នាឯងយ៉ាងសាហាវយង់ឃ្នង។ រីឯមនុស្សដែលនៅសល់ទាំងប៉ុន្មាន បានត្រូវសម្លាប់ចោលដោយទ័ពរ៉ូម ឬត្រូវយកទៅធ្វើជាទាសករ។ ទីក្រុងនិងព្រះវិហារបានត្រូវកំទេចអស់រលីង។ យោងទៅតាមការរៀបរាប់របស់លោកយ៉ូសេហ្វឺសដែលរស់នៅសតវត្សរ៍ទីមួយ ហើយជាអ្នកប្រវត្ដិវិទូអំពីសាសន៍យូដាបានឲ្យដឹងថា ជនជាតិយូដាជាងមួយលាននាក់បានរងទុក្ខវេទនារហូតដល់ស្លាប់ ហើយព្រះវិហារក៏មិនបានសង់ឡើងវិញដែរ។
បើជនគ្រីស្ទានមិនបានចាកចេញពីទីក្រុងយេរូសាឡិមនៅឆ្នាំ៧០ ស.យ. ទេ នោះពួកគេក៏ត្រូវស្លាប់ឬក្លាយជាទាសករដូចមនុស្សឯទៀតនៅទីនោះដែរ។ ក៏ប៉ុន្តែ អ្នកប្រវត្ដិវិទូពីបុរាណរាយការណ៍ថា បណ្ដាគ្រីស្ទានបានធ្វើតាមការព្រមានរបស់ព្រះឲ្យភៀសខ្លួនចេញពីក្រុងយេរូសាឡិមនិងស្រុកយូដាដោយរត់ទៅឯភ្នំខាងកើតទន្លេយ័រដាន់។ ជនគ្រីស្ទានខ្លះបានទៅរស់នៅក្រុងផិលឡានៅក្នុងស្រុកប៉េរ៉េដែរ។ ពួកគេបានលះបង់ការរស់នៅក្នុងស្រុកយូដា ដោយមិនត្រឡប់មកវិញឡើយ។ ការប្រុងប្រៀបធ្វើតាមការព្រមានរបស់ព្រះយេស៊ូ បានសង្គ្រោះជីវិតរបស់ពួកគេមែន។
តើអ្នកប្រុងស្មារតីធ្វើតាមការព្រមាន ពីពួកអ្នកដែលគួរឲ្យទុកចិត្តឬទេ?
ពេលដែលមនុស្សឮការព្រមានម្ដងហើយម្ដងទៀតតែមិនឃើញមានអ្វីកើតឡើងសោះនោះ ពួកគេភាគច្រើនក៏មិនអើពើនឹងការព្រមានឯទៀតដែរ។ ប៉ុន្តែ ការធ្វើតាមការព្រមានអាចសង្គ្រោះជីវិតរបស់អ្នកបាន។
នៅប្រទេសចិននាឆ្នាំ ១៩៧៥ មានការព្រមានអំពីរញ្ជួយដី។ ពួករាជការបានចាត់វិធានការអំពីរឿងនេះហើយប្រជាពលរដ្ឋក៏បានធ្វើតាម។ មនុស្សរាប់ពាន់នាក់បានរួចរស់ជីវិត។
នៅប្រទេសភីលីពីននាខែមេសា ឆ្នាំ ១៩៩១ ពួកអ្នកភូមិនៅលើភ្នំភីណាធូបូបានរាយការណ៍ថា គេឃើញចំហាយនិងផេះចេញពីកំពូលភ្នំនោះ។ វិទ្យាស្ថានស្រាវជ្រាវភ្នំភ្លើងនិងរញ្ជួយដីនៅប្រទេសភីលីពីនបានពិនិត្យមើលព្រឹត្ដិការណ៍នោះអស់រយៈពីរខែ ទើបបានព្រមានថា គ្រាអាសន្នជិតមកដល់ហើយ។ ភ្លាមៗនោះគេបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់នោះ។ នៅពេលព្រលឹមនាថ្ងៃទី១៥ ខែមិថុនា ភ្នំនោះបានផ្ទុះយ៉ាងលាន់ឮ ហើយខ្ទាតកំទេចជាងប្រាំបីពាន់ម៉ែត្រគីបឆ្ពោះទៅលើ រួចធ្លាក់មកលើទីគោកជុំវិញ។ ការប្រុងស្មារតីបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។
ព្រះគម្ពីរក៏ព្រមានអំពីទីបញ្ចប់នៃរបបលោកីយ៍នាបច្ចុប្បន្ននេះដែរ។ យើងកំពុងតែរស់នៅជាន់ក្រោយបង្អស់នេះហើយ។ តើអ្នកនៅចាំយាម កាលដែលទីបញ្ចប់នោះឆ្ពោះមកជិតឬទេ? តើអ្នកកំពុងតែចាត់វិធានការដើម្បីជៀសចេញពីកន្លែងគ្រោះថ្នាក់ឬទេ? ដោយមានអារម្មណ៍ថានេះជារឿងបន្ទាន់ តើអ្នកកំពុងតែព្រមានអ្នកដទៃដើម្បីឲ្យគេជៀសចេញពីកន្លែងគ្រោះថ្នាក់ដែរឬទេ?
[រូបភាពនៅទំព័រ២០]
ការយកចិត្តទុកដាក់ធ្វើតាមការព្រមាន បានសង្គ្រោះជីវិតនៃមនុស្សជាច្រើន ពេលដែលភ្នំភីណាធូបូបានផ្ទុះខ្ទាតផេះនោះ
[រូបភាពនៅទំព័រ២១]
ជនគ្រីស្ទានដែលបានធ្វើតាមការព្រមានរបស់ព្រះយេស៊ូ បានរួចរស់ជីវិតពេលដែលទីក្រុងយេរូសាឡិម ត្រូវបំផ្លាញចោលនៅឆ្នាំ៧០ ស.យ.