តើអ្នកប្រុងប្រៀបជាស្រេចចំពោះសម័យយើងនេះឬទេ?
ការប្រុងប្រៀបជាស្រេចចំពោះគ្រោះថ្នាក់ គឺទាក់ទងជីវិតស្លាប់រស់។ នេះបានបង្ហាញឲ្យឃើញដោយសារអ្វីដែលបានកើតឡើងនៅកោះពីរដែលមានភ្នំភ្លើង។
ភ្នំ ផេលេ ដ៏ជាភ្នំភ្លើងបង្កគ្រោះថ្នាក់ជាងគេបំផុតក្នុងសតវត្សទី២០នេះ បានផ្ទុះឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩០២ នៅកោះការីបនៃប្រទេសម៉ាធីនិក។ ការផ្ទុះភ្នំភ្លើងនេះបានសម្លាប់សឹងតែមនុស្សទាំងអស់ ក្នុងចំណោមមនុស្ស៣០.០០០នាក់ដែលជាអ្នកស្នាក់នៅទីក្រុងសន ភីយែ ជាទីក្រុងដែលនៅជើងភ្នំភ្លើងនោះ។
នៅខែមិថុនា ឆ្នាំ១៩៩១ ភ្នំ ភីណាធូបូបានផ្ទុះឡើង ដែលប្រហែលជាការផ្ទុះដ៏ធំបំផុតក្នុងសតវត្សនេះ។ នេះបានកើតឡើងនៅកន្លែងដែលមានមនុស្សជាច្រើនក្នុងប្រទេសហ្វីលីពីន ហើយបានបណ្ដាលឲ្យមនុស្សប្រមាណ៩០០នាក់ស្លាប់ទៅ។ ប៉ុន្តែ នៅគ្រានេះ គឺមានកត្ដាពីរយ៉ាងដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់៖ (១) ការប្រុងប្រៀបជាស្រេចចំពោះគ្រោះថ្នាក់ ហើយ (២) ការសុខចិត្តប្រព្រឹត្តតាមការព្រមាន។
ការប្រព្រឹត្តត្រឹមត្រូវបានសង្គ្រោះជីវិត
ភ្នំភីណាធូបូជាភ្នំដែលគ្មានសកម្មភាពអស់រយៈជាច្រើនរយឆ្នាំមកហើយ តែនៅខែមេសា ឆ្នាំ១៩៩១ ភ្នំនេះបានចាប់ផ្ដើមបង្ហាញនូវសញ្ញានៃការផ្ទុះដែលនឹងកើតឡើងជាមិនខាន។ ចំហាយនិងអុកស៊ីដស្ពាន់ធ័របានចាប់ផ្ដើមចេញពីប្រហោងកំពូលភ្នំ។ ពួកអ្នករស់នៅក្នុងតំបន់បានពិសោធដំណើរញ័រផែនដីដែលមានតៗគ្នា ហើយដោមនៃកម្អែដែលបានត្រូវកក ក៏បានចាប់ផ្ដើមចេញពីភ្នំនោះ។ ពួកអ្នកវិទ្យាសាស្ត្រពីគ្រឹះស្ថាននៃការសិក្សាខាងភ្នំភ្លើងនិងការសិក្សាខាងកក្រើកដី នៅប្រទេសហ្វីលីពីន បានខំមើលយ៉ាងប្រុងប្រយ័ត្ន ហើយនៅក្រោយមក ក៏បានប្រាប់ពួកមន្ត្រីថា ជាការមានប្រាជ្ញាបើជម្លៀសប្រជាជន៣៥.០០០នាក់ដែលរស់ក្នុងភូមិដែលនៅជិតៗនោះ។
គួរឲ្យយល់ហើយ ដែលមនុស្សមានចិត្តស្ទាក់ស្ទើរក្នុងការចេញពីផ្ទះរបស់គេ ដោយគ្មានបុព្វហេតុនោះ។ ប៉ុន្តែការបញ្ចាំងវីឌីអូរ ដែលបានបង្ហាញយ៉ាងច្បាស់អំពីគ្រោះថ្នាក់ពីការផ្ទុះភ្នំភ្លើងនេះ បានធ្វើឲ្យគេលែងមានចិត្តស្ទាក់ស្ទើរ។ ការជម្លៀសនេះគឺបានសម្រេចតាមត្រូវពេលដែរ។ ពីរថ្ងៃក្រោយមក ការផ្ទុះយ៉ាងខ្លាំងនោះ បានចោលផេះដែលមានប្រមាណ៨គីឡូម៉ែត្រគីបឡើងទៅលើអាកាស។ ក្រោយមក ការហូរភក់បានសម្លាប់មនុស្សជាច្រើនរយនាក់។ ប៉ុន្តែ មនុស្សជាច្រើនពាន់នាក់បានត្រូវសង្គ្រោះ ពីព្រោះបានប្រុងប្រៀបជាស្រេចចំពោះគ្រោះថ្នាក់ ហើយបានប្រព្រឹត្តតាមការព្រមាននោះ។
ការគេចចេញពីមហាវិនាសដែលបានបង្កើតពីមនុស្ស
នៅសតវត្សទីមួយនៃសករាជយើងនេះ ពួកគ្រីស្ទានដែលរស់នៅក្នុងក្រុងយេរូសាឡិម ក៏ត្រូវតែសម្រេចថាតើគេនឹងត្រូវបោះបង់ចោលលំនៅរបស់គេឬក៏យ៉ាងណា។ ការរត់ចេញពីក្រុងនេះក្នុងឆ្នាំ៦៦ ស.យ. បានសង្គ្រោះគេពីសេចក្ដីហិនវិនាស ដែលមានមកលើពួកអ្នករស់នៅទីនោះ និងពួកយូដាជាច្រើននាក់ដែលបានមកឯទីក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលងនៅឆ្នាំ៧០ ស.យ.។ នៅពេលដែលពួកទ័ពរ៉ូមបានឃុំឃាំងមិនឲ្យមនុស្សរត់ចេញបាននោះ គឺមានមនុស្សជាងមួយលាននាក់ដែលមកធ្វើបុណ្យរំលងនៅក្នុងក្រុងដែលមានកំផែងធំនោះ។ ការអត់អាហារ ការប្រយុទ្ធរកអំណាច និងការប្រយុទ្ធដ៏ឥតឈប់ឈរពីពួករ៉ូម នាំឲ្យមានមនុស្សជាងមួយលាននាក់បានស្លាប់ទៅ។
មហាវិនាសដែលបញ្ចប់ការបះបោររបស់ពួកយូដាដែលទាស់នឹងពួករ៉ូម មិនបានកើតឡើងដោយឥតមានការព្រមាននោះឡើយ។ បីបួនទសវត្សមុននេះ ព្រះយេស៊ូគ្រីស្ទបានទាយប្រាប់ថា ក្រុងយេរូសាឡិមនឹងបានត្រូវឡោមព័ទ្ធ។ ទ្រង់បានមានបន្ទូលថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្ដាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ»។ (លូកា ២១:២០, ២១) សេចក្ដីបង្គាប់នោះគឺច្បាស់ណាស់ ហើយពួកកាន់តាមព្រះយេស៊ូបានធ្វើតាមយ៉ាងត្រឹមត្រូវ។
អ្នកប្រវត្ដិសាស្ត្រនៅសតវត្សទីបួន ឈ្មោះ យ៉ូស៊ីបៀសពីស្រុកស៊ីសារា រាយការណ៍ថា ពួកគ្រីស្ទាននៅក្នុងស្រុកយូដាបានប្រព្រឹត្តតាមការព្រមានរបស់ព្រះយេស៊ូ។ នៅពេលដែលពួករ៉ូមបានបោះបង់ការឡោមព័ទ្ធក្រុងយេរូសាឡិមក្នុងឆ្នាំ៦៦ ស.យ. នោះពួកគ្រីស្ទានសាសន៍យូដាជាច្រើនបានទៅរស់នៅក្នុងក្រុងផេឡានៅស្រុកប៉េរា។ ដោយបានប្រុងប្រៀបជាស្រេចចំពោះសម័យរបស់គេ ហើយដោយប្រព្រឹត្តតាមការព្រមានរបស់ព្រះយេស៊ូ នោះគេបានគេចផុតពីអ្វីដែលបានហៅថា«ការឡោមព័ទ្ធដ៏អាក្រក់មួយក្នុងគ្រប់ប្រវត្ដិសាស្ត្រ»។
សព្វថ្ងៃនេះ ការខំប្រឹងយាមបែបនេះគឺត្រូវការជាចាំបាច់។ ហើយការប្រព្រឹត្តយ៉ាងត្រឹមត្រូវក៏សំខាន់ដែរ។ អត្ថបទជាបន្ទាប់នឹងពន្យល់នូវមូលហេតុអ្វី។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Godo-Foto, West Stock