បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១១ ទំ. ២៦-៣១
  • តើអ្នកនឹងបានសង្គ្រោះទេនៅពេលព្រះចាត់វិធានការ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងបានសង្គ្រោះទេនៅពេលព្រះចាត់វិធានការ?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់ និង​អ្វី​ដែល​បាន​កើត​ឡើង
  • មនុស្ស​បាន​សង្គ្រោះ—តាម​របៀប​ណា?
  • តើ​អ្នក​មាន​អនាគត​យ៉ាង​ណា?
  • «ការទាំងនោះត្រូវតែមកដល់»
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ជីវិតត្រូវបានសង្គ្រោះពីសេចក្ដីវេទនាជាខ្លាំង
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១១ ទំ. ២៦-៣១

តើ​អ្នក​នឹង​បាន​សង្គ្រោះ​ទេ​នៅ​ពេល​ព្រះ​ចាត់​វិធានការ?

«បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង»។—ម៉ាថាយ ២៤:២២

១, ២. (ក) ហេតុ​អ្វី​ក៏​ជា​ការ​ធម្មតា​ក្នុង​ការ​ខ្វល់ខ្វាយ​អំពី​អនាគត​យើង? (ខ) ការ​ខ្វល់ខ្វាយ​ធម្មតា​ប្រហែល​ទាក់ទង​នឹង​សំនួរ​ដ៏​សំខាន់​ណា​ខ្លះ?

តើ​អ្នក​មាន​ចិត្ត​ខ្វល់ខ្វាយ​នឹង​ខ្លួន​ឯង​យ៉ាង​ណា​ដែរ? មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ខ្វល់ខ្វាយ​នឹង​ខ្លួន​ឯង​យ៉ាង​ហួស​ហេតុ ទៅ​ជា​អ្នក​ឯកត្ត​និយម។ ប៉ុន្តែ ព្រះ​គម្ពីរ​មិន​ផ្ដន្ទា​ទោស​ការ​ខ្វល់ខ្វាយ​ត្រឹម​ត្រូវ​នូវ​អ្វី​ដែល​មាន​ឥទ្ធិពល​លើ​យើង​នោះ​ទេ។ (អេភេសូរ ៥:៣៣) នេះ​គឺ​រួម​បញ្ចូល​នឹង​ការ​ខ្វល់ខ្វាយ​អំពី​អនាគត​របស់​យើង។ ដូច្នេះ ជា​ការ​ធម្មតា​ទេ ក្នុង​ការ​ចង់​ដឹង​អំពី​អនាគត​របស់​អ្នក​នោះ។ តើ​អ្នក​ខ្វល់ខ្វាយ​អំពី​អនាគត​ទេ?

២ យើង​អាច​ដឹង​ជា​ប្រាកដ​ថា ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​មាន​ការ​ខ្វល់ខ្វាយ​បែប​នោះ​អំពី​អនាគត​របស់​គេ។ (ម៉ាថាយ ១៩:២៧) នេះ​ប្រហែល​ជា​មូលហេតុ​មួយ​ដែល​គេ​បាន​សួរ​សំនួរ កាល​ដែល​ពួក​គេ​បួន​នាក់​បាន​នៅ​ជា​មួយ​ព្រះ​យេស៊ូ​លើ​ភ្នំ​អូលីវ។ ពួក​គេ​បាន​សួរ​ថា​៖ «សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទីសំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក»? (ម៉ាកុស ១៣:៤) ព្រះ​យេស៊ូ​មិន​បាន​ធ្វើ​ព្រងើយ​នឹង​ការ​ខ្វល់ខ្វាយ​ធម្មតា​ក្នុង​អនាគត​នោះ​ទេ—គឺ​ការ​ខ្វល់ខ្វាយ​របស់​គេ​និង​របស់​យើង។ ម្ដង​ហើយ​ម្ដង​ទៀត ទ្រង់​បាន​បង្ហាញ​អំពី​របៀប​ដែល​ការ​នេះ​នឹង​មាន​ឥទ្ធិពល​មក​លើ​ពួក​អ្នក​កាន់​តាម​ទ្រង់ ហើយ​និង​លទ្ធផល​ចុង​បំផុត។

៣. ហេតុ​អ្វី​ក៏​យើង​ភ្ជាប់​ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ​ដល់​សម័យ​យើង​នេះ?

៣ ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ បាន​រៀប​រាប់​អំពី​ទំនាយ​ដែល​មាន​ការ​សម្រេច​យ៉ាង​ធំ​ក្នុង​សម័យ​យើង​នេះ។ យើង​អាច​ឃើញ​អំពី​រឿង​នេះ ពី​សង្គ្រាម​លោក ពី​ការ​ប្រឆាំង​គ្នា​ជា​ច្រើន​ក្នុង​សតវត្ស​យើង ការ​រញ្ជួយ​ផែនដី​ដែល​បាន​សម្លាប់​មនុស្ស​រាប់​មិន​អស់ ការ​ខ្វះ​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​ជម្ងឺ​និង​មរណភាព និង​សេចក្ដី​វេទនា​ជា​ច្រើន—គឺ​ពី​រោគ​រាតត្បាត​គ្រុន​ផ្ដាសាយ​អេស្ប៉ាញ៉ុល​នៅ​ឆ្នាំ​១៩១៨ មក​ដល់​រោគ​អេដស៍​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ​ជា​ច្រើន​ក៏​មាន​ការ​សម្រេច​ក្នុង​សេចក្ដី​ហិនវិនាស​នៃ​ក្រុង​យេរូសាឡិម​ដែរ ដោយ​ពួក​រ៉ូម៉ាំង​ក្នុង​ឆ្នាំ​៧០ ស.យ.។ ព្រះ​យេស៊ូ​បាន​ព្រមាន​ប្រាប់​ពួក​សិស្ស​ថា​៖ «ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ពីព្រោះ​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឯ​ក្រុមជំនុំ គេ​នឹង​វាយ​អ្នក​រាល់​គ្នា នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នាំ​ទៅ​ចំពោះ​ចៅហ្វាយ​ខេត្ត នឹង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ»។—ម៉ាកុស ១៣:៩

អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់ និង​អ្វី​ដែល​បាន​កើត​ឡើង

៤. តើ​មាន​ការ​ព្រមាន​ណា​ខ្លះ​ក្នុង​ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ?

៤ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​ទាយ​ប្រាប់​ពី​របៀប​ដែល​មនុស្ស​ដទៃ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​មក​លើ​សិស្ស​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​បាន​ប្រាប់​ពួក​គេ​នូវ​របៀប​ដែល​ពួក​គេ​ត្រូវ​ប្រព្រឹត្ត​ជា​យ៉ាង​ណា​ដែរ។ ឧទាហរណ៍​៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ»។ (ម៉ាកុស ១៣:១៤) ដំណើរ​រឿង​ស្រដៀង​គ្នា​នៅ​លូកា ២១:២០ ចែង​ថា​៖ «កាល​ណា​ឃើញ​ពល​ទ័ព​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម»។ តើ​ទំនាយ​នេះ​បាន​សម្ដែង​ឲ្យ​ឃើញ​ពិត​យ៉ាង​ណា ក្នុង​ការ​សម្រេច​ទី​មួយ?

៥. តើ​មាន​អ្វី​កើត​ឡើង​ក្នុង​ចំណោម​ពួក​យូដា​ក្នុង​ឆ្នាំ​៦៦ ស.យ.?

៥ សព្វ​វចនាធិប្បាយ​អន្តរជាតិ​បមាណីយ​ព្រះ​គម្ពីរ (១៩៨២) ប្រាប់​យើង​ថា​៖ «ពួក​យូដា​មាន​ចិត្ត​អន្ទះអន្ទែង​យ៉ាង​ខ្លាំង​នៅ​ក្រោម​កណ្ដាប់​ដៃ​នៃ​ពួក​រ៉ូម៉ាំង ហើយ​ពួក​អាជ្ញា​ហ្លួង​ក៏​កាន់​តែ​ឃោរឃៅ សាហាវ និង​មិន​ស្មោះ​ត្រង់។ ការ​បះបោរ​ដោយ​ឥត​លាក់​លាម​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​៦៦ ស.យ. . . . សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ពួក​ឧទ្ទាម​យូដា​ចាប់​យក​បន្ទាយ​ម៉ាសាដា ក្រោម​អំណាច​នៃ​លោក​ម៉ិនន៉ាហិម ដែល​បាន​ដើរ​ចូល​ក្រុង​យេរូសាឡិម។ នៅ​ពេល​ដំណាល​គ្នា​នេះ ពួក​យូដា​ក្នុង​ទី​ក្រុង​សេសារា​ត្រូវ​បាន​គេ​សម្លាប់​រង្គាល ហើយ​ពត៌មាន​នៃ​អំពើ​ឃោរឃៅ​នេះ​បាន​ឮ​ពាស​ពេញ​ប្រទេស។ កាក់​ថ្មី​បាន​ចារ​ឆ្នាំ​ទី១រហូត​ដល់​ឆ្នាំ​ទី៥​នៃ​ការ​បះបោរ»។

៦. ការ​បះបោរ​របស់​ពួក​យូដា​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អ្វី​ពី​ពួក​រ៉ូម៉ាំង?

៦ ពួក​កង​ទាហាន​រ៉ូម៉ាំង​ទី​ដប់​ពីរ ក្រោម​លោក​សេស្ទីអើស ហ្គាឡឺស​បាន​ដើរ​ចូល​ពី​ប្រទេស​ស៊ី​រី ដោយ​បំផ្លិច​បំផ្លាញ​ស្រុក​កាលីឡេ​និង​ស្រុក​យូដា ហើយ​រួច​មក​ដើរ​ចូល​វាយ​ប្រហារ​រដ្ឋធានី ព្រម​ទាំង​ចូល​ទៅ​ផ្នែក​ខាង​លើ​នៃ​«យេរូសាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ»​ផង។ (នេហេមា ១១:១; ម៉ាថាយ ៤:៥; ៥:៣៥; ២៧:៥៣) ក្នុង​ការ​សង្ខេប​នូវ​អ្វី​ដែល​បាន​កើត​ឡើង សៀវភៅ ការ​ឡោមព័ទ្ធ​នៃ​ក្រុង​យេរូសាឡិម​ដោយ​ពួក​រ៉ូម៉ាំង ចែង​ថា​៖ «ពួក​រ៉ូម៉ាំង​បាន​ប៉ុនប៉ង​ឡើង​កំផែង​យេរូសាឡិម​អស់​រយៈ​ប្រាំ​ថ្ងៃ តែ​ត្រូវ​បាន​ច្រាន​ទៅ​វិញ​ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ទី​បំផុត ដោយ​ទប់ទល់​នឹង​កាំជ្រួច​ពុំ​បាន ពួក​ការពារ​នៃ​សាសន៍​យូដា​បាន​ចុះ​ចាញ់។ ដោយ​ធ្វើ​គម្រប​បាំង​ការពារ—ដែល​ជា​វិធី​នៃ​ការ​បាំង​ខែល​លើ​ក្បាល​របស់​គេ​ដើម្បី​ការពារ​ខ្លួន—ពួក​រ៉ូម៉ាំង​បាន​ជីក​ពី​ក្រោម​កំផែង ហើយ​បាន​ប៉ុនប៉ង​ដុត​ទ្វារ។ នេះ​ធ្វើ​ឲ្យ​ពួក​ការពារ​ភ័យ​ស្លន់​យ៉ាង​ខ្លាំង»។ ពួក​គ្រីស្ទាន​ក្នុង​ទី​ក្រុង​អាច​នឹក​ចាំ​ពាក្យ​របស់​ព្រះ​យេស៊ូ ហើយ​បាន​យល់​ថា​សេចក្ដី​ស្អប់​ខ្ពើម​បាន​ឈរ​ក្នុង​ទី​បរិសុទ្ធ។a ប៉ុន្តែ ដោយ​ទីក្រុង​ត្រូវ​បាន​ឡោម​ព័ទ្ធ តើ​គ្រីស្ទាន​ទាំង​នេះ​អាច​រត់​គេច​យ៉ាង​ណា​បាន ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នោះ?

៧. នៅ​ពេល​ជិត​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​៦៦ ស.យ. តើ​ពួក​រ៉ូម៉ាំង​បាន​ធ្វើ​អ្វី?

៧ អ្នក​ប្រវត្ដិសាស្ត្រ​ឈ្មោះ ហ្លាវីស ចូស៊ីហ្វឺស រៀប​រាប់​ថា​៖ «លោក​សេស្ទីអើស [ហ្គាឡឺស] មិន​ទាំង​ដឹង​ដល់​ការ​អស់​សង្ឃឹម​នៃ​ការ​ឡោមព័ទ្ធ​ជុំវិញ និង​អារម្មណ៍​នៃ​រាស្ត្រ​ផង ស្រាប់​តែ​បញ្ជា​ឲ្យ​ពួក​ទាហាន​លោក​ឈប់​វាយ​ប្រហារ បោះបង់​ចោល​សេចក្ដី​សង្ឃឹម​នៃ​ការ​ជោគជ័យ ទោះ​ជា​លោក​មិន​បាន​ចាញ់​ក្ដី ហើយ​ប្រព្រឹត្ត​ផ្ទុយ​នឹង​វិចារណញ្ញាណ​ទាំង​អស់ គឺ​ដក​ថយ​ចេញ​ពី​ទី​ក្រុង»។ (The Jewish War, II, 540 [xix, 7]) ហេតុ​អ្វី​ក៏​លោក​ហ្គាឡឺស​ដក​ថយ​ចេញ​ដូច្នេះ? ទោះ​ជា​មាន​មូលហេតុ​យ៉ាង​ណា​ក៏​ដោយ ការ​ដក​ថយ​ចេញ​របស់​លោក បាន​អនុញ្ញាត​ឲ្យ​ពួក​គ្រីស្ទាន​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​យេស៊ូ ហើយ​រត់​គេច​ទៅ​ឯ​ភ្នំ​ផុត​ពី​គ្រោះថ្នាក់។

៨. តើ​អ្វី​ជា​ការ​វាយ​ប្រហារ​លើក​ទីពីរ​នៃ​ពួក​រ៉ូម៉ាំង​មក​លើ​ក្រុង​យេរូសាឡិម ហើយ​តើ​ពួក​រួច​រស់​ជីវិត​បាន​ពិសោធ​អ្វី?

៨ ការ​គោរព​តាម​ជា​ការ​បាន​សង្គ្រោះ​ជីវិត។ មិន​យូរ​ប៉ុន្មាន ពួក​រ៉ូម៉ាំង​បាន​ចូល​មក​កំទេច​ពួក​បះបោរ​អស់។ យុទ្ធការ​ក្រោម​ឧត្តម​សេនីយ​ថៃធើស បាន​ខិត​ដល់​កំពូល​ពេល​បាន​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម​ពី​ខែ​មេសា​ទៅ​ខែ​សីហា នៃ​ឆ្នាំ​៧០ ស.យ.។ ការ​អាន​សេចក្ដី​រៀប​រាប់​របស់​លោក​ចូស៊ីហ្វឺស​នូវ​របៀប​ដែល​​ពួក​យូដា​បាន​រង​ទុក្ខ​នោះ គឺ​ធ្វើ​ឲ្យ​រន្ធត់​ចិត្ត​ណាស់។ ក្រៅ​ពី​ពួក​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​រ៉ូម៉ាំង ពួក​យូដា​ឯ​ទៀត​ក៏​ត្រូវ​បាន​ពួក​យូដា​ផ្សេង​ទៀត​សម្លាប់​ដែរ ហើយ​ការ​អត់​អាហារ​បាន​នាំ​ឲ្យ​មាន​ការ​ស៊ី​សាច់​មនុស្ស។ ដល់​ពេល​ពួក​រ៉ូម៉ាំង​បាន​ជ័យជំនះ មាន​ពួក​យូដា​១.១០០.០០០​នាក់​ត្រូវ​បាន​ស្លាប់។b ចំពោះ​ពួក​រួច​រស់​ជីវិត​៩៧.០០០​នាក់ ពួក​ខ្លះ​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ភ្លាម ពួក​ឯ​ទៀត​ត្រូវ​បាន​ទៅ​ជា​ខ្ញុំ​គេ។ លោក​ចូស៊ីហ្វឺស​និយាយ​ថា​៖ «ពួក​ដែល​មាន​អាយុ​លើស​ដប់​ប្រាំ​ពីរ​ឆ្នាំ​ត្រូវ​បាន​ដាក់​ច្រវាក់ ហើយ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​ធ្ងន់​ក្នុង​ប្រទេស​អេស៊ីប កាល​ដែល​មនុស្ស​ជា​ច្រើន​ទៀត ត្រូវ​បាន​ថៃធើស​ឲ្យ​ទៅ​ខេត្ត​ផ្សេងៗ ដើម្បី​ឲ្យ​ស្លាប់​ក្នុង​រោង​ល្ខោន​ដោយ​ដាវ​ឬ​ដោយ​សត្វ​សាហាវ»។ កាល​ដែល​ដំណើរ​នេះ​កំពុង​តែ​កើត​ឡើង មាន​ពួក​ជាប់​គុក​១១.០០០​នាក់​បាន​ស្លាប់​ដោយ​ឥត​អាហារ។

៩. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​មិន​បាន​ពិសោធ​ដូច​ពួក​យូដា ប៉ុន្តែ​នៅ​មាន​សំនួរ​អ្វី?

៩ ពួក​គ្រីស្ទាន​ដឹង​គុណ​ណាស់ ដែល​ពួក​គេ​បាន​គោរព​តាម​ព្រមាន​របស់​ព្រះ​យេស៊ូ ហើយ​បាន​រត់​គេច​ពី​ទី​ក្រុង មុន​នឹង​ពួក​កងទ័ព​របស់​រ៉ូម៉ាំង​បាន​ត្រឡប់​មក​វិញ។ ដូច្នេះ ពួក​គេ​បាន​សង្គ្រោះ​ពី​ផ្នែក​នៃ​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ‹សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពីដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ›លើ​យេរូសាឡិម។ (ម៉ាថាយ ២៤:២១) ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា​៖ «បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង»។ (ម៉ាថាយ ២៤:២២) តើ​នេះ​មាន​ន័យ​យ៉ាង​ណា​នៅ​ពេល​នោះ ហើយ​ឥឡូវ​នេះ មាន​ន័យ​យ៉ាង​ណា​ដែរ?

១០. នៅ​ពេល​មុនៗ តាម​របៀប​ណា​ដែល​យើង​បាន​ពន្យល់​ម៉ាថាយ ២៤:២២?

១០ នៅ​ពេល​មុនៗ ត្រូវ​បាន​ពន្យល់​ថា ‹ពួក​មនុស្ស​ដែល​បាន​សង្គ្រោះ› គឺ​សំដៅ​ទៅ​ពួក​យូដា​ដែល​បាន​រួច​រស់​ជីវិត​ពី​សេចក្ដី​វេទនា​ក្នុង​យេរូសាឡិម​នៃ​ឆ្នាំ​៧០ ស.យ.។ ពួក​គ្រីស្ទាន​បាន​រត់​គេច ដើម្បី​ឲ្យ​ព្រះ​អនុញ្ញាត​ពួក​រ៉ូម៉ាំង​ធ្វើ​ហិនវិនាស​ភ្លាម។ បើ​និយាយ​ឲ្យ​ស្រួល​ទៅ ដោយ​យល់​ដល់​ហេតុ​ការណ៍ ដែល​«ពួក​រើស​តាំង»​ផុត​ពី​គ្រោះថ្នាក់​ហើយ នោះ​ថ្ងៃ​នៃ​សេចក្ដី​វេទនា​អាច​បន្ថយ​ឲ្យ​ខ្លី អនុញ្ញាត​ឲ្យ​«មនុស្ស»​យូដា​បាន​សង្គ្រោះ។ គឺ​ត្រូវ​បាន​យល់​មក​ថា ពួក​យូដា​ដែល​បាន​សង្គ្រោះ​គឺ​តំណាង​អស់​ពួក​អ្នក​រួច​រស់​ជីវិត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​នឹង​មាន​ក្នុង​សម័យ​យើង​នេះ។—វិវរណៈ ៧:១៤

១១. ហេតុ​អ្វី​ក៏​យើង​ឃើញ​ថា ការ​ពន្យល់​ម៉ាថាយ ២៤:២២ គួរ​តែ​ពិចារណា​មើល​ឡើង​វិញ?

១១ ប៉ុន្តែ តើ​ការ​ពន្យល់​នោះ​សម​ស្រប​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​៧០ ស.យ.នោះ​ទេ? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា «មនុស្ស»​នឹង​ត្រូវ​បាន​«សង្គ្រោះ»​ចេញ​ពី​សេចក្ដី​វេទនា។ តើ​អ្នក​នឹង​ប្រើ​ពាក្យ​«បាន​សង្គ្រោះ» ចំពោះពួក​៩៧.០០០​នាក់​ដែល​បាន​រួច​រស់​ជីវិត ថ្វី​បើ​រាប់​ពាន់​នាក់​ត្រូវ​បាន​ស្លាប់​មិន​យូរ​ប៉ុន្មាន​មក ដោយ​ការ​អត់​ឃ្លាន​ឬ​សម្លាប់​ក្នុង​រោង​ល្ខោន​ឬ? ចូស៊ីហ្វឺស​បាន​និយាយ​អំពី​រោង​ល្ខោន​មួយ​នៅ​សេសារា​ថា​៖ «ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​នឹង​សត្វ​សាហាវ​ឬ​វាយ​គ្នា​នោះ ឬ​ដោយ​គេ​បាន​ដុត​សម្លាប់ គឺ​មាន​លើស​ជាង​២.៥០០នាក់»។ ថ្វី​បើ​ពួក​គេ​មិន​បាន​ស្លាប់​នៅ​ពេល​បាន​ឡោមព័ទ្ធ​ក្ដី ពួក​គេ​គឺ​ប្រាកដ​ជា​មិន​បាន​«សង្គ្រោះ»​ទេ។ ហើយ​តើ​ព្រះ​យេស៊ូ​នឹង​ចាត់​ពួក​គេ ដូច​ជា​ពួក​អ្នក​ដែល​បាន​រួច​រស់​ជីវិត​ដ៏​សប្បាយ​នៃ​«សេចក្ដី​វេទនា​ជា​ខ្លាំង»​ដែល​នឹង​មក​ដល់​នោះ​ឬ?

មនុស្ស​បាន​សង្គ្រោះ—តាម​របៀប​ណា?

១២. តើ​អ្នក​ណា​ជា​«ពួក​រើស​តាំង»​នៅ​សតវត្ស​ទី​មួយ ដែល​ព្រះ​មាន​ព្រះទ័យ​ទុក​ដាក់​នោះ?

១២ មក​ដល់​ឆ្នាំ​៧០ ស.យ. ព្រះ​អង្គ​លែង​ចាត់​ទុក​ពួក​យូដា​ខាង​សាច់​ឈាម​ជា​រាស្ត្រ​រើស​តាំង​របស់​ទ្រង់​ទៀត។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា ព្រះ​អង្គ​បដិសេធ​សាសន៍​នោះ ហើយ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋធានី ព្រះ​វិហារ និង​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​បង្គំ​មក​ដល់​ទីបញ្ចប់។ (ម៉ាថាយ ២៣:៣៧–២៤:២) ព្រះ​បាន​ជ្រើសរើស​សាសន៍​ថ្មី​មួយ​ទៀត គឺ​អ៊ីស្រាអែល​ខាង​វិញ្ញាណ។ (កិច្ចការ ១៥:១៤; រ៉ូម ២:២៨, ២៩; កាឡាទី ៦:១៦) ពួក​នេះ​គឺ​មាន​មនុស្ស​ប្រុស​ស្រី​ដែល​​បាន​ជ្រើសរើស​ចេញ​ពី​សាសន៍​នានា ហើយ​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ។ (ម៉ាថាយ ២២:១៤; យ៉ូហាន ១៥:១៩; កិច្ចការ ១០:១, ២, ៣៤, ៣៥, ៤៤, ៤៥) ប៉ុន្មាន​ឆ្នាំ​មុន​នឹង​ការ​វាយ​ប្រហារ​ដោយ​លោក​សេស្ទីអើស ហ្គាឡឺស ពេត្រុស​បាន​សរសេរ​ទៅ​«ពួក​អ្នក​រើស​តាំង តាម​បព្វញ្ញាណ​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ដោយ​ព្រះ​វិញ្ញាណ​ទ្រង់​ញែក​ជា​បរិសុទ្ធ»។ ពួក​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​បែប​នេះ ជា​«ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ»។ (ពេត្រុសទី១ ១:១, ២; ២:៩) ព្រះ​នឹង​យក​ពួក​រើស​តាំង​ទាំង​នេះ​ទៅ​ស្ថានសួគ៌ ដើម្បី​សោយ​រាជ្យ​ជា​មួយ​ព្រះ​យេស៊ូ។—កូល៉ុស ១:១, ២; ៣:១២; ទីតុស ១:១; វិវរណៈ ១៧:១៤

១៣. តើ​ពាក្យ​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២៤:២២ អាច​មាន​ន័យ​អ្វី?

១៣ ដោយ​បាន​សម្គាល់​ពួក​រើស​តាំង នោះ​ជា​ការ​ប្រសើរ ពីព្រោះ​ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា​ថ្ងៃ​នៃ​សេចក្ដី​វេទនា នឹង​ត្រូវ​បាន​បន្ថយ​ឲ្យ​ខ្លី «ដោយ​យល់​ដល់​ពួក​រើស​តាំង»។ ពាក្យ​ក្រិក​ដែល​បកប្រែ​ថា ‹ដោយ​យល់​ដល់​› ក៏​អាច​បកប្រែ‹ដើម្បី​ជា​ប្រយោជន៍​ដល់​› ឬ «សំរាប់ . . . ប្រយោជន៍›។ (ម៉ាកុស ២:២៧; យ៉ូហាន ១២:៣០; កូរិនថូសទី១ ៨:១១; ៩:១០, ២៣; ១១:៩; ធីម៉ូថេ​ទី២ ២:១០; វិវរណៈ ២:៣) ដូច្នេះ​ព្រះ​យេស៊ូ​អាច​មាន​បន្ទូល​ថា ‹បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​រើស​តាំង›។c (ម៉ាថាយ ២៤:២២) តើ​អ្វី​មួយ​ដែល​បាន​កើត​ឡើង​ដែល​មាន​ប្រយោជន៍ ឬ‹ដើម្បី​ជា​ប្រយោជន៍​ដល់​›ពួក​គ្រីស្ទាន​រើស​តាំង​ដែល​ជាប់​ក្នុង​ក្រុង​យេរូសាឡិម​ឬ?

១៤. តើ​តាម​របៀប​ណា​ដែល​«មនុស្ស»​បាន​សង្គ្រោះ​នៅ​ពេល​ពួក​កងទ័ព​រ៉ូម៉ាំង​បាន​ដក​ថយ​ចេញ​ដោយ​ឥត​មូលហេតុ ពី​យេរូសាឡិម​ក្នុង​ឆ្នាំ​៦៦ ស.យ.?

១៤ សូម​នឹក​ចាំ​ថា ក្នុង​ឆ្នាំ​៦៦ ស.យ. ពួក​រ៉ូម៉ាំង​បាន​ដើរ​កាត់​ស្រុក​កាន់កាប់​យេរូសាឡិម​ផ្នែក​ខាង​លើ ហើយ​បាន​ចាប់​ជីក​ពី​ក្រោម​កំផែង។ ចូស៊ីហ្វឺស​និយាយ​ថា​៖ «បើ​លោក​គ្រាន់​តែ​តស៊ូ​ឡោមព័ទ្ធ​បន្ដិច​ទៀត លោក​ច្បាស់​ជា​ចាប់​បាន​ទី​ក្រុង​នោះ​ភ្លាម​តែ​ម្ដង»។ សូម​សួរ​ខ្លួន​អ្នក​មើល ហេតុ​អ្វី​ក៏​ពួក​កងទ័ព​ដ៏​ខ្លាំង​នេះ​ស្រាប់​តែ​បោះបង់​ចោល​យុទ្ធការ ហើយ​«ប្រព្រឹត្ត​ផ្ទុយ​នឹង​វិចារណញ្ញាណ​ទាំង​អស់»​បាន​ដក​ថយ​ដូច្នេះ? រូភឺត ហ្វើនញូ ជា​អ្នក​ឯកទេស​ខាង​បកប្រែ​ប្រវត្ដិសាស្ត្រ​សង្គ្រាម និយាយ​ថា​៖ «គ្មាន​អ្នក​ប្រវត្ដិសាស្ត្រ​ឯ​ណា​ម្នាក់​មាន​ជ័យជំនះ​ក្នុង​ការ​ផ្ដល់​មូលហេតុ​គ្រប់គ្រាន់ ចំពោះ​សេចក្ដី​សម្រេច​ដ៏​ចំឡែក ហើយ​ដ៏​ហិនហោច​របស់​លោក​ហ្គាឡឺស​ឡើយ»។ ទោះ​ជា​មាន​មូលហេតុ​យ៉ាង​ណា​ក៏​ដោយ គឺ​ថា​សេចក្ដី​វេទនា​ត្រូវ​បាន​បន្ថយ​ឲ្យ​ខ្លី។ ពួក​រ៉ូម៉ាំង​បាន​ដក​ថយ ហើយ​ពួក​យូដា​បាន​វាយ​លុក​កាល​ដែល​ពួក​គេ​ដក​ទ័ព​ចេញ។ ចុះ​ពួក​គ្រីស្ទាន​«រើស​តាំង»​ដែល​បាន​ជាប់​នោះ ជា​យ៉ាង​ណា​ដែរ? ការ​ឈប់​ឡោមព័ទ្ធ មាន​សេចក្ដី​ថា ពួក​គេ​បាន​សង្គ្រោះ​ពី​ការ​កាប់​សម្លាប់ ដែល​បាន​គំរាម​កំហែង​ក្នុង​កំឡុង​សេចក្ដី​វេទនា។ ដូច្នេះ ពួក​គ្រីស្ទាន​ទាំង​នោះ​ដែល​ឆ្លៀត​យក​ប្រយោជន៍​ពី​ការ​បន្ថយ​ឲ្យ​ខ្លី​នៃ​សេចក្ដី​វេទនា​ក្នុង​ឆ្នាំ​៦៦ ស.យ. គឺ​ជា​ពួក​«មនុស្ស»​ដែល​បាន​សង្គ្រោះ រៀប​រាប់​មក​ក្នុង​ម៉ាថាយ ២៤:២២។

តើ​អ្នក​មាន​អនាគត​យ៉ាង​ណា?

១៥. ហេតុ​អ្វី​ក៏​អ្នក​និយាយ​ថា ម៉ាថាយ​ជំពូក ២៤ គួរ​តែ​ជា​ការ​ចាប់​អារម្មណ៍​ក្នុង​សម័យ​យើង?

១៥ អ្នក​ណា​ម្នាក់​ប្រហែល​ជា​សួរ​ថា ‹ហេតុ​អ្វី​ក៏​ខ្ញុំ​ត្រូវ​ចាប់​អារម្មណ៍​នឹង​ការ​បំភ្លឺ​ឲ្យ​ច្បាស់​នៃ​ពាក្យ​របស់​ព្រះ​យេស៊ូ​នេះ›? ពីព្រោះ គឺ​មាន​មូលហេតុ​ជា​ច្រើន​ក្នុង​ការ​សន្និដ្ឋាន​ថា ទំនាយ​របស់​ព្រះ​យេស៊ូ​នឹង​ត្រូវ​មាន​ការ​សម្រេច​ដ៏​ធំ គឺ​ធំ​លើស​ជាង​អ្វី​ដែល​បាន​កើត​ឡើង​រហូត​មក ហើយ​រួម​ទាំង​ហេតុ​ការណ៍​នៅ​ឆ្នាំ​៧០ ស.យ.។d (ប្រៀបធៀប​ម៉ាថាយ ២៤:៧; លូកា ២១:១០, ១១; វិវរណៈ ៦:២​-​៨) ជា​ច្រើន​ទសវត្ស​មក​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ផ្សាយ​ថា ការ​សម្រេច​ដ៏​ធំ​ដែល​នឹង​កើត​ឡើង​ក្នុង​សម័យ​យើង បញ្ជាក់​ថា​យើង​អាច​សង្ឃឹម​នឹង​មាន​«សេចក្ដី​វេទនា​ជា​ខ្លាំង»​នៅ​ខាង​មុខ​នេះ។ ក្នុង​កំឡុង​គ្រា​នោះ តើ​តាម​របៀប​ណា​ដែល​ពាក្យ​ទំនាយ​នៅ​ម៉ាថាយ ២៤:២២ នឹង​បាន​សម្រេច?

១៦. តើ​ហេតុ​ការណ៍​ដ៏​លើក​ទឹក​ចិត្ត​អ្វី ដែល​វិវរណៈ​ផ្ដល់​ឲ្យ​ចំពោះ​សេចក្ដី​វេទនា​ជា​ខ្លាំង​នៅ​ខាង​មុខ?

១៦ ប្រហែល​ពីរ​ទសវត្ស​ក្រោយ​ពី​សេចក្ដី​វេទនា​លើ​យេរូសាឡិម សាវ័ក​យ៉ូហាន​បាន​សរសេរ​សៀវភៅ​វិវរណៈ។ នេះ​គឺ​បញ្ជាក់​ថា​សេចក្ដី​វេទនា​ជា​ខ្លាំង​មាន​នៅ​ខាង​មុខ។ ហើយ​ដោយ​ខ្វល់ខ្វាយ​ក្នុង​អ្វី​ដែល​មាន​ឥទ្ធិពល​លើ​យើង​ផ្ទាល់ យើង​ប្រហែល​ជា​មាន​ចិត្ត​ធូរ​ស្រាល ដោយ​ដឹង​ថា​ទំនាយ​វិវរណៈ​ធានា​រ៉ាប់​រង​ថា​នឹង​មាន​មនុស្ស​រស់​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​នឹង​មក​ដល់​នេះ។ យ៉ូហាន​បាន​ទាយ​ប្រាប់​ថា «មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ តើ​ពួក​គេ​ជា​អ្នក​ណា? សម្លេង​ពី​ស្ថានសួគ៌​ឆ្លើយ​ថា​៖ «នោះ​ជា​ពួក​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក»។ (វិវរណៈ ៧:៩, ១៤) ត្រូវ​ហើយ ពួក​គេ​នឹង​បាន​រួច​រស់​ជីវិត! វិវរណៈ​ក៏​ប្រាប់​យើង​ឲ្យ​យល់​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង​នៅ​ខាង​មុខ​ដែរ ហើយ​នូវ​របៀប​ដែល​ម៉ាថាយ ២៤:២២ នឹង​បាន​សម្រេច។

១៧. ផ្នែក​ដំបូង​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង​នឹង​រួម​បញ្ចូល​អ្វី?

១៧ ផ្នែក​ដំបូង​នៃ​សេចក្ដី​វេទនា​នេះ គឺ​ការ​ប្រយុទ្ធ​ទៅ​លើ​ស្ត្រី​ពេស្យា​ជា​និមិត្តរូប ដែល​ហៅ​ថា «បាប៊ីឡូន​ដ៏​ធំ»។ (វិវរណៈ ១៤:៨; ១៧:១, ២) វា​គឺ​តំណាង​ចក្រភព​សាសនា​មិន​ពិត​ទូទាំង​ពិភពលោក ដែល​ពិភព​គ្រីស្ទ​សាសនា​មាន​ទោស​ជាង​គេ។ យោង​ទៅ​តាម​ពាក្យ​វិវរណៈ ១៧:១៦​-​១៨ ព្រះ​នឹង​ដាក់​ទៅ​ក្នុង​ចិត្ត​នៃ​ពួក​នយោបាយ​ឲ្យ​ប្រយុទ្ធ​ស្ត្រី​ពេស្យា​ជា​និមិត្តរូប​នេះ។e សូម​គិត​អំពី​ការ​ប្រយុទ្ធ​នេះ ដែល​មើល​ទៅ​ឃើញ​យ៉ាងណា​ចំពោះ​ពួក​«រើស​តាំង»​របស់​ព្រះ និង​ពួក​គូកន​របស់​គេ «ពួក​ហ្វូង​ធំ»។ កាល​ដែល​ការ​ប្រយុទ្ធ​ទៅ​លើ​សាសនា​កំពុង​ជឿន​ទៅ​មុខ នេះ​ប្រហែល​ដូច​ជា​នឹង​បោស​សំអាត​អង្គការ​សាសនា​ទាំង​អស់ រួម​ទាំង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែរ។

១៨. ហេតុ​អ្វី​ក៏​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​«មនុស្ស»​ណា​មួយ​នឹង​បាន​សង្គ្រោះ​នៅ​ផ្នែក​ដំបូង​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង?

១៨ នេះ​ជា​គ្រា​ដែល​ពាក្យ​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២៤:២២ នឹង​បាន​សម្រេច​តាម​ទំហំ​ដ៏​ធំ។ ដូច​ជា​ពួក​រើស​តាំង​ក្នុង​យេរូសាឡិម​មើល​ទៅ​ដូច​ជា​មាន​គ្រោះថ្នាក់​ជា​យ៉ាង​ណា នោះ​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ប្រហែល​ដូច​ជា​មាន​គ្រោះថ្នាក់​ដែរ ពី​ការ​ប្រយុទ្ធ​លើ​សាសនា ដែល​មើល​ទៅ​ដូច​ជា​សម្លាប់​ចោល​«មនុស្ស»​នៃ​រាស្ត្រ​របស់​ទ្រង់​ទាំង​អស់។ ប៉ុន្តែ សូម​ឲ្យ​យើង​នឹក​ចាំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦៦ ស.យ.វិញ។ សេចក្ដី​វេទនា​ដែល​បាន​បណ្ដាល​ដោយ​ពួក​រ៉ូម៉ាំង​ត្រូវ​បាន​បន្ថយ​ឲ្យ​ខ្លី អនុញ្ញាត​ឲ្យ​ពួក​ចាក់​ប្រេង​តាំង​នៃ​ព្រះ នូវ​ឱកាស​ជា​ច្រើន​ដើម្បី​រត់​គេច​ឲ្យ​បាន​រួច​រស់​ជីវិត។ ដូច្នេះ យើង​អាច​ទុក​ចិត្ត​បាន​ថា ការ​ប្រយុទ្ធ​ដ៏​ហិន​ហោច​ទៅ​លើ​សាសនា នឹង​មិន​អនុញ្ញាត​ឲ្យ​កំទេច​ចោល​ក្រុមជំនុំ​ពិភពលោក​នៃ​ពួក​អ្នក​ថ្វាយ​ពិត​បាន​ឡើយ។ នេះ​នឹង​កើត​ឡើង​យ៉ាង​លឿន ហាក់បី​ដូច​ជា​«ក្នុង​មួយ​ថ្ងៃ»។ ប៉ុន្តែ ការ​ប្រយុទ្ធ​នឹង​បន្ថយ​ឲ្យ​ខ្លី គឺ​មិន​អនុញ្ញាត​ឲ្យ​បំពេញ​បំណង​របស់​វា​ទេ ដើម្បី​ឲ្យ​រាស្ត្រ​របស់​ព្រះ​អាច​បាន​«សង្គ្រោះ»។—វិវរណៈ ១៨:៨

១៩. (ក) ក្រោយ​ពី​ផ្នែក​ដំបូង​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង នឹង​ឃើញ​អ្វី​យ៉ាង​ជាក់​ស្តែង? (ខ) តើ​នេះ​នឹង​នាំ​មក​ដល់​អ្វី?

១៩ ផ្នែក​ផ្សេងៗ​ទៀត​នៃ​អង្គការ​លើ​ផែនដី​របស់​អារក្ស​សាតាំង ក្រោយ​មកនឹង​មាន​នៅ​មួយ​រយៈ ដោយ​សោក​ស្ដាយ​ការ​បាត់បង់​នៃ​ការ​ទាក់ទង​នឹង​ស្ត្រី​ពេស្យា​ដើម​របស់​គេ។ (វិវរណៈ ១៨:៩​-​១៩) នៅ​ចំណុច​ណា​មួយ ពួក​គេ​នឹង​ឃើញ​ថា​ពួក​អ្នក​បំរើ​ព្រះ​ពិត រស់​នៅ​«ដោយ​សុខសាន្ត ដែល​ទាំង​អស់​គ្នា​នៅ​ដោយ​ឥត​មាន​កំផែង» ហើយ​មើល​ទៅ ដូច​ជា​ស្រួល​នឹង​ធ្វើ​បៀតបៀន​ទៅ​លើ។ តើ​ពួក​នេះ​នឹង​ភ្ញាក់ផ្អើល​យ៉ាង​ណា​ទៅ​ហ្ន៎! ក្នុង​ការ​ប្រព្រឹត្ត​តប​ដល់​ការ​ឈ្លានពាន​ដ៏​គំរាម​កំហែង​នេះ ព្រះ​នឹង​ប្រហារ​ជីវិត​ពួក​សត្រូវ​ទ្រង់​ក្នុង​ផ្នែក​ចុង​ក្រោយ​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង។—អេសេគាល ៣៨:១០​-​១២, ១៤, ១៨​-​២៣

២០. ហេតុ​អ្វី​ក៏​ផ្នែក​ទីពីរ​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង​នឹង​មិន​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​មាន​គ្រោះថ្នាក់?

២០ ផ្នែក​ទីពីរ​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង នឹង​មាន​ដូច​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ក្រុង​យេរូសាឡិម​និង​ពួក​មនុស្ស ក្នុង​ការ​ប្រយុទ្ធ​ទីពីរ​នៃ​ពួក​រ៉ូម៉ាំង​ក្នុង​ឆ្នាំ​៧០ ស.យ.។ នេះ​នឹង​បញ្ជាក់​ឲ្យ​ឃើញ​ជា​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពីដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។ (ម៉ាថាយ ២៤:២១) យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ថា ពួក​រើស​តាំង​របស់​ព្រះ​ហើយ​ពួក​គូកន​របស់​គេ​នឹង​មិន​មាន​គ្រោះថ្នាក់ ដែល​អាច​ស្លាប់​នោះ​ឡើយ។ ទេ ពួកគេ​នឹង​មិន​រត់​ទៅ​កន្លែង​នៃ​ភូមិសាស្ត្រ​ណា​មួយ​ឡើយ។ ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ក្នុង​ក្រុង​យេរូសាឡិម​អាច​រត់​គេច​ពី​ទី​ក្រុង​ទៅ​ឯ​ភ្នំ ដូច​ជា​កន្លែង​ផែ​ឡា​ឆ្លង​ទន្លេ​យ័រដាន់។ ប៉ុន្តែ ក្នុង​អនាគត ពួក​ស្មរបន្ទាល់​ស្មោះ​ត្រង់​របស់​ព្រះ​នឹង​រស់​នៅ​ជុំវិញ​កន្លែង​លើ​ផែនដី ដូច្នេះ​ការ​ផុត​គ្រោះថ្នាក់​និង​ការ​ការពារ គឺ​មិន​អាស្រ័យ​ទៅ​លើ​កន្លែង​នៃ​ភូមិសាស្ត្រ​ណា​មួយ​ឡើយ។

២១. តើ​អ្នក​ណា​នឹង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ចុង​ក្រោយ ហើយ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

២១ សេចក្ដី​ហិនវិនាស​គឺ​មិន​មែន​ដោយ​ពួក​កងទ័ព​នៃ​ស្រុក​រ៉ូម ឬ​ដោយ​ទីភ្នាក់ងារ​របស់​មនុស្ស​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ សៀវភៅ​វិវរណៈ​រៀប​រាប់​ពួក​កងទ័ព​ប្រហារ​ជីវិត​នេះ គឺ​មក​ពី​ស្ថានសួគ៌។ ត្រូវ​ហើយ ផ្នែក​ចុង​ក្រោយ​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង​នោះ​នឹង​បាន​អនុវត្ត​ឡើង មិន​មែន​ដោយ​កងទ័ព​របស់​មនុស្ស​ទេ ប៉ុន្តែ​ដោយ​«បន្ទូល​របស់​ព្រះ» ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​មហាក្សត្រ ហើយ​មាន​ជំនួយ​ពី‹ពួក​កងទ័ព​ក្នុង​ស្ថានសួគ៌› ដែល​រួម​បញ្ចូល​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ «ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច» នឹង​ប្រហារ​ជីវិត​ដ៏​ពេញទី​ជាង​ពួក​រ៉ូម៉ាំង​បាន​ធ្វើ​ក្នុង​ឆ្នាំ​៧០ ស.យ.ទៅ​ទៀត។ នេះ​នឹង​កំទេច​ចោល​មនុស្ស​ទាំង​អស់​ណា​ដែល​ប្រឆាំង​ព្រះ—ដូច​ជា​ស្តេច ឧត្តម​សេនីយ ពួក​សេរី​និង​ពួក​បំរើ តូច​និង​ធំ។ សូម្បីតែ​អង្គការ​របស់​សាតាំង​នៃ​ពិភពលោក​នេះ ក៏​នឹង​ជួប​ទីបញ្ចប់​របស់​គេ​ដែរ។—វិវរណៈ ២:២៦, ២៧; ១៧:១៤; ១៩:១១​-​២១; យ៉ូហានទី១ ៥:១៩

២២. ក្នុង​ន័យ​ណា​ទៀត ដែល​«មនុស្ស»​នឹង​បាន​សង្គ្រោះ?

២២ សូម​នឹក​ចាំ​ថា​«មនុស្ស» ទាំង​ពួក​សំណល់​ចាក់​ប្រេង​តាំង​និង​«ពួក​ហ្វូង​ធំ» នឹង​ត្រូវ​បាន​សង្គ្រោះ នៅ​ពេល​ដែល​បាប៊ីឡូន​ដ៏​ធំ​ធ្លាក់​យ៉ាង​លឿន​ក្នុង​ផ្នែក​ទី​មួយ​នៃ​សេចក្ដី​វេទនា។ យ៉ាង​ដូច្នេះ​ដែរ ក្នុង​ផ្នែក​ចុង​ក្រោយ​នៃ​សេចក្ដី​វេទនា «មនុស្ស»​ដែល​បាន​រត់​ទៅ​ខាង​ព្រះ​យេហូវ៉ា​នឹង​បាន​សង្គ្រោះ។ នេះ​គឺ​ច្បាស់​ជា​ខុស​នឹង​លទ្ធផល​នៃ​ពួក​បះបោរ​យូដា​ក្នុង​ឆ្នាំ​៧០ ស.យ.មែន!

២៣. តើ​«មនុស្ស»​ដែល​បាន​សង្គ្រោះ​អាច​ទន្ទឹង​ចាំ​អ្វី?

២៣ ក្នុង​ការ​គិត​អំពី​ភាព​អាច​មាន​ដល់​អនាគត​របស់​អ្នក​និង​ពួក​ស្ងួនភ្ងា​អ្នក សូម​កត់​ចាំ​នូវ​អ្វី​ដែល​បាន​សន្យា​ក្នុង​វិវរណៈ ៧:១៦, ១៧​៖ «គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ​គេ ឬ​ចំហាយ​ណា​ទៀត​ឡើយ ពីព្រោះ​កូន​ចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ»។ ប្រាកដ​ហើយ នោះ​គឺ​ពិត​ជា​បាន​«សង្គ្រោះ» ក្នុង​ន័យ​ដ៏​អស្ចារ្យ ជា​ស្ថាពរ​មែន។

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ១ មិថុនា ១៩៩៦ ទំព័រ ១៤​-​១៩

b លោក​ចូស៊ីហ្វឺស​និយាយ​ថា​៖ «នៅ​ពេល​ដែល​ថៃធើស​បាន​ចូល គាត់​មាន​ចិត្ត​យ៉ាង​អស្ចារ្យ​នៃ​កម្លាំង​របស់​ទី​ក្រុង . . . គាត់​បាន​លាន់​មាត់​ថា​៖ ‹ព្រះ​បាន​គាំទ្រ​យើង គឺ​ជា​ព្រះ​ទេ​ដែល​បាន​នាំ​ឲ្យ​ពួក​យូដា​ធ្លាក់​ពី​ទី​មាំមួន​ទាំង​នេះ ដ្បិត​តើ​ដៃ​មនុស្ស​ឬ​គ្រឿង​ប្រដាប់​អាច​ធ្វើ​អ្វី​កើត​ដល់​ប៉ម​បែប​នេះ› »?

c គួរ​ឲ្យ​ចាប់​អារម្មណ៍ បទ​គម្ពីរ​ម៉ាថាយ ២៤:២២ របស់​ហ្សិម​-​ធប់ ប្រើ​ពាក្យ​ហេព្រើរ ʼa·vurʹ ដែល​មាន​ន័យ​ថា​«ដើម្បី​ជា​ប្រយោជន៍​ដល់​; ដោយ​យល់​ដល់​; ដើម្បី​ឲ្យ»។—សូម​មើល​អត្ថបទ​មុន ទំព័រ​២៤។

d សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ១៥ កុម្ភៈ ១៩៩៤ ទំព័រ ១១ និង ១២ និង​ផែនទី​ទំព័រ ១៤និង១៥ ដែល​មាន​ទំនាយ​របស់​ព្រះ​យេស៊ូ​ក្នុង​ម៉ាថាយ​ជំពូក ២៤ ម៉ាកុស​ជំពូក ១៣ ហើយ​លូកា​ជំពូក ២១។

e សូមមើល Revelation—Its Grand Climax At Hand!, ទំព័រ ២៣៥​-​៥៨ បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​មាន​ផ្នែក​ពីរ​អ្វី​ខ្លះ ចំពោះ​ការ​ប្រយុទ្ធ​របស់​ពួក​រ៉ូម៉ាំង​មក​លើ​យេរូសាឡិម?

◻ ហេតុ​អ្វី​ក៏​ពួក​យូដា​ដែល​បាន​រួច​រស់​ជីវិត ៩៧.០០០​នាក់ ក្នុង​ឆ្នាំ​៧០ ស.យ. ប្រហែល​ជា​មិន​មែន​ពួក​«មនុស្ស»​ដែល​បាន​រៀប​រាប់​ក្នុង​ម៉ាថាយ ២៤:២២?

◻ តើ​តាម​របៀប​ណា​ដែល​សេចក្ដី​វេទនា​នៃ​ក្រុង​យេរូសាឡិម​ត្រូវ​បាន​បន្ថយ​ឲ្យ​ខ្លី ហើយ​តាម​របៀប​ណា​ដែល​«មនុស្ស»​បាន​សង្គ្រោះ?

◻ ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​កាន់​តែ​ជិត​មក​ដល់​នេះ តាម​របៀប​ណា​ដែល​ថ្ងៃ​នឹង​បន្ថយ​ឲ្យ​ខ្លី ហើយ​«មនុស្ស»​នឹង​បាន​សង្គ្រោះ?

[រូបភាព​នៅ​ទំព័រ​២៨]

កាក់​របស់​យូដា​ត្រូវ​បាន​ចារ​ថ្មី​ក្រោយ​ពី​ការ​បះបោរ។ អក្សរ​ហេព្រើរ ចែង​ថា «ឆ្នាំ​ទីពីរ» មាន​ន័យ​ថា ឆ្នាំ ៦៧ ស.យ. ជា​ឆ្នាំ​ទីពីរ​នៃ​ការ​បះបោរ​របស់​គេ

[អ្នក​ផ្ដល់​សិទ្ធិ]

Pictorial Archive (Near Eastern History) Est.

[រូបភាព​នៅ​ទំព័រ​២៩]

កាក់​របស់​ពួក​រ៉ូម៉ាំង​បាន​ចារ​ឡើង​ក្នុង​ឆ្នាំ ៧១ ស.យ.។ នៅ​ខាង​ឆ្វេង​ជា​ពួក​ទាហាន​រ៉ូម៉ាំង នៅ​ខាង​ស្ដាំ​ពួក​យូដា​មរណ​ទុក្ខ។ ពាក្យ IVDAEA CAPTA មាន​ន័យ​ថា «ចាប់​បាន​យូដា»

[អ្នក​ផ្ដល់​សិទ្ធិ]

Pictorial Archive (Near Eastern History) Est.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក