បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៨ ទំ. ៦-១១
  • «ការទាំងនោះត្រូវតែមកដល់»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ការទាំងនោះត្រូវតែមកដល់»
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​សម្រេច​ដ៏​ខ្លោច​ផ្សា​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ
  • ពួក​នៅ​ជំនាន់​ដំណាល​គ្នា​នឹង​ពិសោធន៍​អ្វី​ទាំង​នោះ
  • សេចក្ដី​សម្រេច​មួយ​ទៀត​នឹង​មក​ដល់
  • ការ​ជំនុំ​ជំរះ​នៅ​ខាង​មុខ!
  • តើអ្នកនឹងបានសង្គ្រោះទេនៅពេលព្រះចាត់វិធានការ?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការសង្គ្រោះពី«ដំណមនុស្សអាក្រក់»
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ពួកសាវ័កសួរអំពីសញ្ញាសម្គាល់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៨ ទំ. ៦-១១

«ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់»

«ព្រះ​យេស៊ូ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា៖ ‹ . . . ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ›»។—ម៉ាថាយ ២៤:៤​-​៦

១. តើ​ប្រធាន​អ្វី​ដែល​គួរ​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​នោះ?

អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​នឹង​ជីវិត ហើយ​អនាគត​របស់​អ្នក។ បើ​អ៊ីចឹង អ្នក​ក៏​គួរ​តែ​ចាប់​អារម្មណ៍​នឹង​ប្រធាន​ដែល​បាន​ធ្វើ​ដោយ ស៊ី. ធី​. រ៉ាសិល ដែល​ចាប់​អារម្មណ៍​នៅ​ក្នុង​ឆ្នាំ​១៨៧៧។ បង​ប្រុស​រ៉ាសិល ដែល​ក្រោយ​មក​ជា​អ្នក​តាំង​សមាគម​ប៉ម​យាម បាន​សរសេរ​គោល​ដៅ​និង​របៀប​យាង​ត្រឡប់​មក​វិញ​នៃ​ព្រះ​អម្ចាស់​របស់​យើង។ (ភាសា​អង់គ្លេស) កូន​សៀវភៅ​នេះ​ដែល​មាន​៦៤​ទំព័រ បាន​ពិគ្រោះ​អំពី​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​យេស៊ូ ឬ​ការ​មក​នៅ​អនាគត។ (យ៉ូហាន ១៤:៣) នៅ​គ្រា​មួយ​ក្នុង​កាល​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សាវ័ក​បាន​សួរ​អំពី​ការ​ត្រឡប់​មក​វិញ​នេះ​ថា៖ «តើ​កាល​ណា​រឿង​ទាំង​នេះ​នឹង​កើត​មាន​ឡើង ហើយ​តើ​មាន​ទី​សំគាល់​យ៉ាង​ណា​ពី​វត្តមាន[ការ«យាង​មក» សេចក្ដី​បក​ប្រែ​ពី​សមាគម​ខ្មែរ]របស់​ទ្រង់ ហើយ​ពី​វេលា​ចុង​បញ្ចប់​របស់​ប្រព័ន្ធ​សម័យ»?—ម៉ាថាយ ២៤:៣, ព.ថ.

២. ហេតុ​អ្វី​ក៏​មាន​ទស្សនៈ​ដ៏​ខ្វែង​គំនិត​គ្នា​ច្រើន​ម្ល៉េះ​អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​នោះ?

២ តើ​អ្នក​ដឹង​ហើយ​យល់​អំពី​ចម្លើយ​របស់​ព្រះ​យេស៊ូ​ឬ​ទេ? ចម្លើយ​នេះ​គឺ​រក​ឃើញ​នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ បី​ក្បាល។ សាស្ដ្រាចារ្យ ឌី. អេ. ខាសិន មាន​ប្រសាសន៍​ថា៖ «អត់​សូវ​មាន​ជំពូក​ណា​ក្នុង​ព្រះ​គម្ពីរ ដែល​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​ពួក​អ្នក​បក​ស្រាយ ជា​ជាង​ម៉ាថាយ ជំពូក​២៤ និង​ដំណើរ​រឿង​ស្រដៀង​គ្នា​នៅ​ក្នុង​ម៉ាកុស ជំពូក​១៣ និង​លូកា ជំពូក​២១»។ រួច​មក លោក​ក៏​ផ្ដល់​ទស្សនៈ​របស់​លោក​ផ្ទាល់ ដែល​គ្រាន់​តែ​ទស្សនៈ​ដ៏​ខ្វែង​គំនិត​មួយ​ទៀត​របស់​មនុស្ស។ នៅ​ក្នុង​សតវត្ស​មុន​នេះ ទស្សនៈ​ជា​ច្រើន​បែប​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គ្មាន​ជំនឿ។ ពួក​អ្នក​ដែល​បាន​ផ្ដល់​ឲ្យ​ទស្សនៈ​នោះ បាន​កាន់​ជំហរ​ថា ព្រះ​យេស៊ូ​មិន​ដែល​មាន​បន្ទូល​អំពី​អ្វី​ដែល​យើង​អាន​នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទេ ហើយ​ថា​បន្ទូល​របស់​ទ្រង់​បាន​ត្រូវ​ផ្លាស់​ប្រែ​នៅ​ក្រោយ​មក ឬ​ក៏​ថា​ការ​ទាយ​របស់​ទ្រង់​បាន​ទទួល​បរាជ័យ ដែល​ជា​មតិ​ដែល​បាន​ត្រូវ​បំពាក់​បំប៉ន​ដោយ​វិវេចនា​ជាន់​ខ្ពស់។ អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​ក៏​បាន​ចាត់​ទុក​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាកុស ‹តាម​រយៈ​ទស្សនវិជ្ជា​ខាង​មហា​និកាយ​នៃ​ព្រះ​ពុទ្ធសាសនា›!

៣. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​ទំនាយ​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

៣ ផ្ទុយ​ទៅ​វិញ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​យល់​ព្រម​ថា​ព្រះ​គម្ពីរ​គឺ​ពិត​និង​អាច​ទុក​ចិត្ត​បាន រួម​បញ្ចូល​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​បួន​នាក់ ដែល​នៅ​ជា​មួយ​ទ្រង់​លើ​ភ្នំ​ដើម​អូលីវ​បី​ថ្ងៃ​មុន​ទ្រង់​សោយ​ទិវង្គត។ តាំង​ពី​សម័យ​របស់ ស៊ី. ធី​. រ៉ាសិល​នោះ​រាស្ត្រ​របស់​ព្រះ​បាន​ទទួល​ការ​យល់​កាន់​តែ​ច្បាស់​ឡើង​ៗ​ជា​បណ្ដើរ​ៗ នូវ​ទំនាយ​របស់​ព្រះ​យេស៊ូ​នៅ​ពេល​នោះ។ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ធ្វើ​ឲ្យ​បាន​ច្បាស់​ថែម​ទៀត​នូវ​ការ​ពិនិត្យ​មើល​របស់​គេ​ខាង​ឯ​ទំនាយ​នេះ។ តើ​អ្នក​បាន​ស្រូប​បញ្ចូល​នូវ​ពត៌មាន​នេះ ទាំង​ឃើញ​ឥទ្ធិពល​ដែល​នេះ​មាន​មក​លើ​ជីវិត​របស់​អ្នក​ឬ​ទេ?a សូម​ឲ្យ​យើង​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ពត៌មាន​នេះ។

សេចក្ដី​សម្រេច​ដ៏​ខ្លោច​ផ្សា​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ

៤. តើ​អ្វី​ប្រហែល​ជា​ហេតុ​ដែល​ពួក​សាវ័ក​បាន​សួរ​ព្រះ​យេស៊ូ​អំពី​ពេល​អនាគត​នោះ?

៤ ពួក​សាវ័ក​បាន​ដឹង​ថា ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី។ ដូច្នេះ នៅពេល​ដែល​ពួក​គេ​បាន​ឮ​ទ្រង់​ពណ៌នា​អំពី​ការ​សោយ​ទិវង្គត ដំណើរ​រស់​ឡើង​វិញ និង​ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ នោះ​គេ​ប្រហែល​ជា​បាន​ឆ្ងល់​ថា៖ ‹ប្រសិន​បើ​ព្រះ​យេស៊ូ​សោយ​ទិវង្គត​និង​យាង​ទៅ​បាត់​នោះ តើ​យ៉ាង​ដូច​ម្ដេច​ដែល​ទ្រង់​នឹង​សម្រេច​នូវ​របស់​ដ៏​អស្ចារ្យ ដែល​ព្រះ​មេស្ស៊ី​បាន​តម្រូវ​ឲ្យ​ធ្វើ​នោះ›? ថែម​ទៅ​ទៀត ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​ទី​បញ្ចប់​នៃ​ក្រុង​យេរូសាឡិម និង​ព្រះ​វិហារ​នៅ​ទី​នោះ។ ពួក​សាវ័ក​ប្រហែល​ជា​បាន​ឆ្ងល់​ថា៖ ‹តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា​ដែល​រឿង​នេះ​នឹង​កើត​ឡើង›? ក្នុង​ការ​ខំ​ឲ្យ​យល់​នឹង​រឿង​ទាំង​នេះ ពួក​សាវ័ក​បាន​សួរ​ថា៖ «តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក»?—ម៉ាកុស ១៣:៤; ម៉ាថាយ ១៦:២១, ២៧, ២៨; ២៣:៣៧–២៤:២

៥. តើ​យ៉ាង​ដូច​ម្ដេច​ដែល​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល បាន​សម្រេច​នៅ​ក្នុង​សតវត្ស​ទី​មួយ?

៥ ព្រះ​យេស៊ូ​បាន​ទាយ​ថា​នឹង​មាន​សង្គ្រាម ទុរ្ភិក្ស រោគ​រាតត្បាត កក្រើក​ផែនដី ការ​ស្អប់​និង​ការ​បៀត​បៀន​ពួក​គ្រីស្ទាន ព្រះ​មេស្ស៊ី​ក្លែង​ក្លាយ និង​ការ​ផ្សព្វ​ផ្សាយ​ទូទៅ​នៃ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ។ រួច​មក ទើប​ដល់​ទី​បញ្ចប់។ (ម៉ាថាយ ២៤:៤​-​១៤; ម៉ាកុស ១៣:៥​-​១៣; លូកា ២១:៨​-​១៩) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នេះ​នៅ​ដើម​ឆ្នាំ​៣៣ ស.យ.។ នៅ​ក្នុង​កំឡុង​ទសវត្ស​ក្រោយ​មក នោះ​ពួក​សិស្ស​ដ៏​ប្រុង​ស្មារតី​អាច​ស្គាល់​ថា របស់​ដែល​បាន​ទាយ​ប្រាប់​នោះ គឺ​តាម​ពិត កំពុង​តែ​កើត​ឡើង​តាម​របៀប​ដ៏​ជាក់​លាក់។ ត្រូវ​ហើយ ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា ទី​សំគាល់​នេះ​បាន​មាន​ការ​សម្រេច​មួយ​នៅ​គ្រា​នោះ ដែល​នាំ​ឲ្យ​មាន​ការ​បញ្ចប់​នៃ​របប​យូដា នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​ពួក​រ៉ូម៉ាំង​នៅ​រវាង​ឆ្នាំ​៦៦​-​៧០ ស.យ.។ តើ​នេះ​បាន​កើត​ឡើង​តាម​របៀប​ណា?

៦. តើ​អ្វី​ដែល​បាន​កើត​ឡើង​រវាង​ពួក​រ៉ូម​និង​ពួក​យូដា​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ.?

៦ ក្នុង​កំឡុង​រដូវ​ក្ដៅ​នៅ​ស្រុក​យូដា​ក្នុង​ឆ្នាំ​៦៦ ស.យ. នោះ​ក្រុម​ឧទ្ទាម​ជនជាតិ​យូដា​បាន​នាំ​គ្នា​វាយ​ប្រយុទ្ធ​នឹង​ពួក​ទ័ព​រ៉ូម៉ាំង នៅ​ឯ​បន្ទាយ​មួយ​ជិត​ព្រះ​វិហារ​នៃ​ក្រុង​យេរូសាឡិម ដែល​នាំ​ឲ្យ​មាន​អំពើ​ឃោរឃៅ​នៅ​ទី​ដទៃ​ក្នុង​ស្រុក​នេះ។ នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង ប្រវត្ដិសាស្ត្រ​នៃ​ពួក​យូដា នោះ​សាស្ដ្រាចារ្យ​ម្នាក់​ឈ្មោះ ហែនរីជ្ឈ ហ្ក្រេត្ស រៀប​រាប់​ថា៖ «ជា​អភិបាល​នៃ​ស្រុក​ស៊ីរី នោះ​លោក​ស៊ីស្ទាស ហ្កាឡាស ដែល​មាន​ភារកិច្ច​តំកើង​កិត្ដិយស​នៃ​ពួក​ទ័ព​រ៉ូម៉ាំង . . . ក៏​មិន​អាច​មើល​ថែម​ទៀត​នូវ​ការ​បះ​បោរ​ដែល​មាន​សាយភាយ​នៅ​ជុំ​វិញ​លោក ដោយ​ឥត​ប្រឹង​នឹង​បង្ក្រាប​ការ​បះ​បោរ​នេះ​ឡើយ។ លោក​បាន​បញ្ជា​ពួក​ទាហាន​មក​ជា​មួយ​គ្នា ហើយ​ពួក​សម្ដេច​ដែល​នៅ​ជិត​ខាង​ក៏​បាន​សុខ​ចិត្ត​បញ្ជូន​ពួក​ទ័ព​របស់​គេ»។ កង​ទ័ព​នេះ​ដែល​មាន​៣០.០០០​នាក់​បាន​ព័ទ្ធ​ជុំ​វិញ​ក្រុង​យេរូសាឡិម។ ក្រោយ​ពី​បាន​ប្រយុទ្ធ​មួយ​រយៈ នោះ​ពួក​យូដា​ក៏​ដក​ទ័ព​ទៅ​ពី​ក្រោយ​កំផែង​ជិត​ព្រះ​វិហារ។ «ក្នុង​កំឡុង​ប្រាំ​ថ្ងៃ​ជាប់ នោះ​ពួក​រ៉ូម៉ាំង​បាន​វាយលុក​កំផែង​នេះ ប៉ុន្តែ​បាន​ត្រូវ​ជំរុញ​ឲ្យ​ថយ​ក្រោយ​ដោយ​សារ​កាំជ្រួច​របស់​ពួក​យូដា។ គឺ​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​ប៉ុណ្ណោះ ដែល​គេ​មាន​ជោគ​ជ័យ​ក្នុង​ការ​ជីក​រលំ​មួយ​ផ្នែក​នៃ​កំផែង​នៅ​ទិស​ខាង​ជើង នៅ​ពី​មុខ​ព្រះ​វិហារ»។

៧. ហេតុ​អ្វី​ក៏​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​អាច​តប​ឆ្លើយ​យ៉ាង​ខុស​ប្លែក​ពី​ពួក​យូដា​ភាគ​ច្រើន?

៧ សូម​គិត​មើល ពួក​យូដា​នឹង​ច្រឡូក​ច្រឡំ​យ៉ាង​ណា ពី​ព្រោះ​ពួក​គេ​មាន​អារម្មណ៍​ជា​យូរ​យារ​មក​ហើយ​ថា ព្រះ​នឹង​ការ​ពារ​គេ​និង​ទី​ក្រុង​បរិសុទ្ធ​នេះ​របស់​គេ! ប៉ុន្តែ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​ព្រមាន​ទុក​ជា​មុន​ថា វិបត្ដិ​ភ័យ​នឹង​មាន​មក​លើ​ក្រុង​យេរូសាឡិម។ ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា៖ «នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ​វិញ​ឯង ព្រម​ទាំង​ឡោម​ព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី​ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា នៅ​ក្នុង​ឯង​ឡើយ»។ (លូកា ១៩:៤៣, ៤៤) ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា ពួក​គ្រីស្ទាន​នៅ​ខាង​ក្នុង​ក្រុង​យេរូសាឡិម នឹង​ទទួល​សេចក្ដី​ស្លាប់​ក្នុង​ឆ្នាំ​៦៦ ស.យ.ឬ?

៨. តើ​ព្រះ​យេស៊ូ​បាន​ទាយ​អំពី​ការ​ខ្លោច​ផ្សា​អ្វី ហើយ​តើ​អ្នក​ណា​ជា«ពួក​រើស​តាំង» ដែល​ថ្ងៃ​នោះ​នឹង​ត្រូវ​បន្ថយ​ឲ្យ​ខ្លី​ចំពោះ​ពួក​គេ?

៨ នៅ​ពេល​តប​ឆ្លើយ​ដល់​ពួក​សាវ័ក​នៅ​លើ​ភ្នំ​ដើម​អូលីវ ព្រះ​យេស៊ូ​បាន​ទាយ​ថា៖ «នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង បើ​ព្រះ​អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង»។ (ម៉ាកុស ១៣:១៩, ២០; ម៉ាថាយ ២៤:២១, ២២) ដូច្នេះ​ថ្ងៃ​នោះ​នឹង​ត្រូវ​បន្ថយ​ឲ្យ​ខ្លី ហើយ‹ពួក​រើស​តាំង›នឹង​បាន​សង្គ្រោះ។ តើ​ពួក​គេ​ជា​អ្នក​ណា? គឺ​ប្រាកដ​ជា​មិន​មែន​ពួក​សាសន៍​យូដា​ដ៏​បះ​បោរ ដែល​អះអាង​ថា​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា តែ​បែរ​ទៅ​ជា​បដិសេធ​ចោល​បុត្រា​របស់​ទ្រង់​វិញ​នោះ​ទេ។ (យ៉ូហាន ១៩:១​-​៧; កិច្ច​ការ ២:២២, ២៣, ៣៦) ពួក​រើស​តាំង​ដ៏​ពិត​នៅ​គ្រា​នោះ​គឺ​ជា​ពួក​យូដា​និង​ពួក​អ្នក​ដែល​មិន​មែន​ជា​សាសន៍​យូដា ដែល​បាន​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​និង​ជា​អ្នក​សង្គ្រោះ។ ព្រះ​បាន​រើស​ពួក​មនុស្ស​បែប​នេះ ហើយ​នៅ​បុណ្យ​ភិន្ដាកុស​នៃ​ឆ្នាំ​៣៣ ស.យ. ទ្រង់​បាន​រៀប​ពួក​គេ​ឲ្យ​ទៅ​ជា​សាសន៍​ថ្មី​ខាង​វិញ្ញាណ «សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។—កាឡាទី ៦:១៦; លូកា ១៨:៧; កិច្ច​ការ ១០:៣៤​-​៤៥; ពេត្រុស​ទី​១ ២:៩

៩, ១០. តើ​តាម​របៀប​ណា​ដែល​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​របស់​ពួក​រ៉ូម៉ាំង បាន​ត្រូវ‹បន្ថយ​ឲ្យ​ខ្លី› ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

៩ តើ​ថ្ងៃ​នោះ​បាន​ត្រូវ‹បន្ថយ​ឲ្យ​ខ្លី› ហើយ​តើ​ពួក​ចាក់​ប្រេង​តាំង​នៅ​ក្នុង​ក្រុង​យេរូសាឡិម​បាន​សង្គ្រោះ​ឬ​ទេ? សាស្ដ្រាចារ្យ ហ្ក្រេត្ស ឲ្យ​យោបល់​ថា៖ «[ស៊ីស្ទាស ហ្កាឡាស] បាន​គិត​ថា មិន​មែន​ជា​ការ​ល្អ​នឹង​បន្ត​ប្រយុទ្ធ​ជា​មួយ​ពួក​ខ្មាំង​ដ៏​ខ្នះ​ខ្នែង​នេះ ហើយ​ចាប់​ធ្វើ​យុទ្ធនាការ​ដ៏​យូរ​នៅ​ក្នុង​រដូវ​នោះ នៅ​ពេល​ដែល​ភ្លៀង​ក្នុង​រដូវ​រំហើយ​នឹង​ចាប់​ផ្ដើម​មិន​យូរ​ប៉ុន្មាន​ទៀត​នោះ . . . ហើយ​ប្រហែល​ជា​បង្ការ​កង​ទ័ព​ពី​ការ​ទទួល​ស្បៀង​ផង​ដែរ។ ដោយ​ហេតុ​នោះ ប្រហែល​ជា​លោក​បាន​គិត​ថា ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា​ឲ្យ​ដក​ទ័ព​ថយ​វិញ»។ អ្វី​ក៏​ដោយ​ដែល​លោក ស៊ីស្ទាស ហ្កាឡាស​បាន​គិត កង​ទ័ព​ពួក​រ៉ូម៉ាំង​បាន​ដក​ទ័ព​ពី​ទី​ក្រុង​នេះ ដោយ​មាន​ការ​បាត់​បង់​ជីវិត​ជា​ច្រើន​ដោយ​សារ​ពួក​យូដា​ដែល​ដេញ​តាម​នោះ។

១០ ការណ៍​ដ៏​គួរ​ឲ្យ​ចម្លែក​នេះ ដោយ​ដក​ទ័ព​របស់​ពួក​រ៉ូម៉ាំង​ចេញ បាន​អនុញ្ញាត​ឲ្យ«មនុស្ស» គឺ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ ដែល​អាច​មាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡិម ឲ្យ​បាន​សង្គ្រោះ។ ប្រវត្ដិសាស្ត្រ​ក៏​រាយ​ការណ៍​ថា នៅ​ពេល​ដែល​មាន​ឱកាស​នេះ ពួក​គ្រីស្ទាន​ក៏​បាន​រត់​ចេញ​ពី​តំបន់​នោះ។ នេះ​គឺ​ជា​ការ​សម្ដែង​យ៉ាង​ល្អ​ណាស់​ហ្ន៎ ពី​សមត្ថភាព​របស់​ព្រះ ឲ្យ​ដឹង​ទុក​ជា​មុន​អំពី​អនាគត ហើយ​ដើម្បី​ធានា​រ៉ាប់​រង​នូវ​ការ​រួច​រស់​ជីវិត​របស់​អ្នក​ថ្វាយ​បង្គំ​ទ្រង់! ក៏​ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួកយូដា​ដែល​ឥត​មាន​ជំនឿ ដែល​បាន​បន្ត​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​នោះ?

ពួក​នៅ​ជំនាន់​ដំណាល​គ្នា​នឹង​ពិសោធន៍​អ្វី​ទាំង​នោះ

១១. តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា​អំពី«មនុស្ស​តំណ​នេះ»?

១១ ពួក​យូដា​ជា​ច្រើន​បាន​មាន​អារម្មណ៍​ថា​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​បង្គំ​របស់​គេ ដែល​ដៅ​ចំពោះ​ព្រះ​វិហារ នឹង​មាន​បន្ត​ជា​រៀង​រហូត​ទៅ។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចូរ​រៀន​សេចក្ដី . . . ពី​ដើម​ល្វា កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៊ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ ដំណើរ​នេះ​ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នេះ​កើត​មក ត្រូវ​ដឹង​ថា លោក​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់ ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ»។—ម៉ាថាយ ២៤:៣២​-​៣៥

១២, ១៣. តើ​ពួក​សិស្ស​ទ្រង់​នឹង​បាន​យល់​យ៉ាង​ណា កាល​ដែល​ព្រះ​យេស៊ូ​សំដៅ​ទៅ​លើ«មនុស្ស​ដំណ​នេះ»?

១២ ក្នុង​កំឡុង​ឆ្នាំ​ទាំង​ប៉ុន្មាន​មុន​នឹង​ឆ្នាំ​៦៦ ស.យ. នោះ​ពួក​គ្រីស្ទាន​នឹង​បាន​ឃើញ​ផ្នែក​ដំបូង​ជា​ច្រើន​នៃ​ទី​សម្គាល់​រួម ដែល​បាន​សម្រេច ដូច​ជា​សង្គ្រាម ទុរភិក្ស សូម្បី​តែ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៅ​គ្រប់​ទី​កន្លែង។ (កិច្ច​ការ ១១:២៨; កូល៉ុស ១:២៣) ក៏​ប៉ុន្តែ តើ​នៅ​ពេល​ណា ដែល​ទី​បញ្ចប់​នឹង​មក​ដល់? តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា៖ ‹មនុស្ស​តំណ[ភាសា​ក្រិក យីណេអា]នេះ នឹង​មិន​កន្លង​ផុត​ទៅ​នោះ›? ច្រើន​ដង​ហើយ​ព្រះ​យេស៊ូ​បាន​ហៅ​ពួក​យូដា​ដ៏​ប្រឆាំង ដែល​មាន​ហ្វូង​យ៉ាង​ធំ​នៅ​ជំនាន់​ដំណាល​គ្នា រួម​បញ្ចូល​ពួក​អ្នក​ដឹក​នាំ​សាសនា​ជា‹មនុស្ស​មួយ​តំណ​ដ៏​អាក្រក់ ហើយ​កំផិត›។ (ម៉ាថាយ ១១:១៦; ១២:៣៩, ៤៥; ១៦:៤; ១៧:១៧; ២៣:៣៦) ដូច្នេះ នៅ​ពេល​ដែល​នៅ​លើ​ភ្នំ​ដើម​អូលីវ ម្ដង​នេះ​ទៀត​ទ្រង់​បាន​មាន​បន្ទូល​អំពី«ដំណ​មនុស្ស​នេះ» នោះ​តាម​របៀប​ដ៏​ជាក់​ស្តែង ទ្រង់​មិន​មាន​បន្ទូល​អំពី​សាសន៍​យូដា​ទាំង​មូល​ទូទាំង​ប្រវត្ដិសាស្ត្រ​នោះ​ទេ ហើយ​ទ្រង់​ក៏​មិន​មាន​បន្ទូល​អំពី​ពួក​កាន់​តាម​ទ្រង់​ឡើយ សូម្បី​ពួក​គេ​ជា«ពូជ​ជ្រើស​រើស»ក៏​ដោយ។ (ពេត្រុស​ទី​១ ២:៩) ហើយ​ព្រះ​យេស៊ូ​ក៏​មិន​ចង់​មាន​បន្ទូល​ថា «មនុស្ស​ដំណ​នេះ» ជា​រយៈ​ពេល​មួយ​កំណត់​នោះ​ឡើយ។

១៣ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​ចង់​និយាយ​អំពី​ពួក​យូដា​ដ៏​ប្រឆាំង​នៅ​ពេល​នោះ ដែល​បាន​ពិសោធន៍​ការ​សម្រេច​នៃ​ទី​សម្គាល់ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នោះ។ រីឯ​ការ​ស្តី​អំពី«មនុស្ស​ដំណ​នេះ»នៅ​លូកា ២១:៣២ នោះ​សាស្ដ្រាចារ្យ យ៉ូអែល ប៊ី. ហ្គ្រីន កត់​សម្គាល់​ថា៖ «នៅ​ក្នុង​សិក្ខាបទ​ទី​បី នោះ‹មនុស្ស​ដំណ​នេះ› (និង​ប្រយោគ​ដែល​ទាក់​ទង​នោះ) បាន​ចង្អុល​ប្រាប់​ជា​រឿយ​ៗ អំពី​មនុស្ស​មួយ​ប្រភេទ ដែល​ជា​អ្នក​ប្រឆាំង​គោល​បំណង​របស់​ព្រះ។ . . . [គឺ​សំដៅ]ទៅ​មនុស្ស​ដែល​បែរ​ខ្នង​យ៉ាង​ចចេស​ដល់​គោល​បំណង​របស់​ព្រះ»។b

១៤. តើ«មនុស្ស​ដំណ»នោះ​បាន​ពិសោធន៍​អ្វី ប៉ុន្តែ​តើ​តាម​របៀប​ណា​ដែល​មាន​លទ្ធផល​ផ្សេង​ចំពោះ​ពួក​គ្រីស្ទាន?

១៤ ដំណ​មនុស្ស​អាក្រក់​នៃ​ពួក​យូដា​ដែល​ប្រឆាំង ដែល​អាច​មើល​ឃើញ​ទី​សម្គាល់​កំពុង​សម្រេច នោះ​ក៏​នឹង​ពិសោធន៍​នៅ​ទី​បញ្ចប់​ផង​ដែរ។ (ម៉ាថាយ ២៤:៦, ១៣, ១៤) ហើយ​ពួក​គេ​បាន​ដក​ពិសោធន៍​មែន! នៅ​ក្នុង​ឆ្នាំ​៧០ ស.យ. ពួក​កង​ទ័ព​រ៉ូម៉ាំង​បាន​ត្រឡប់​មក​វិញ ដែល​បាន​ដឹក​នាំ​ដោយ​លោក​ទីតុស ដែល​ជា​កូន​របស់​អធិរាជ វេស្ប៉ាសៀន។ ការ​រង​ទុក្ខ​វេទនា​ដោយ​ពួក​យូដា ដែល​បាន​ជាប់​ដូច​នៅ​ក្នុង​ទ្រុង​នៅ​ក្នុង​ទី​ក្រុង​នោះ គឺ​ហួស​លើស​ប្រមាណ។c សាក្សី​ម្នាក់​ឈ្មោះ ហ្លាវីស ចូស៊ីហ្វឺស រាយ​ការណ៍​ថា ទំរាំ​ពួក​រ៉ូម៉ាំង​កំទេច​ទី​ក្រុង​នោះ ពួក​យូដា​ប្រមាណ​១.១០០.០០០​នាក់​បាន​ស្លាប់ ហើយ​ប្រមាណ​១០០.០០០​នាក់​បាន​យក​ទៅ​ជា​ឈ្លើយ ដែល​ពួក​នេះ​ជា​ច្រើន​នាក់​មិន​យូរ​ប៉ុន្មាន​ក៏​ស្លាប់​ដោយ​ការ​អត់​បាយ ឬ​នៅ​ក្នុង​រោង​ល្ខោន​របស់​ពួក​រ៉ូម៉ាំង។ ពិត​ហើយ សេចក្ដី​វេទនា​ក្នុង​កំឡុង​ឆ្នាំ​៦៦​-​៧០ ស.យ. គឺ​ធំ​ជាង​គេ​បំផុត ដែល​ក្រុង​យេរូសាឡិម​និងរបប​យូដា​ធ្លាប់​ពិសោធ ឬ​ក៏​នឹង​ពិសោធ​ទៅ​ទៀត។ លទ្ធផល​គឺ​មាន​ផ្សេង​ឆ្ងាយ​យ៉ាង​ណា​ទៅ​ហ្ន៎ ចំពោះ​ពួក​គ្រីស្ទាន​ដែល​បាន​ធ្វើ​តាម​ការ​ព្រមាន​ជា​ទំនាយ​របស់​ព្រះ​យេស៊ូ ហើយ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​ក្រោយ​ពី​ការ​ចេញ​ដំណើរ​នៃ​ពួក​កង​ទ័ព​រ៉ូម៉ាំង​នៅ​ឆ្នាំ​៦៦ ស.យ.! ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ជា«ពួក​រើស​តាំង» ក៏​បាន​ត្រូវ«សង្គ្រោះ» នៅ​ក្នុង​ឆ្នាំ​៧០ ស.យ.ដែរ។—ម៉ាថាយ ២៤:១៦, ២២

សេចក្ដី​សម្រេច​មួយ​ទៀត​នឹង​មក​ដល់

១៥. តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​ប្រាកដ​ថា ទំនាយ​របស់​ព្រះ​យេស៊ូ​នឹង​មាន​ការ​សម្រេច​ធំ​ជាង​ក្រោយ​ពី​ឆ្នាំ​៧០ ស.យ.?

១៥ យ៉ាង​ណា​ក៏​ដោយ នោះ​គឺ​មិន​មែន​ជា​ទី​បញ្ចប់​នោះ​ទេ។ នៅ​មុន​នោះ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទី​ក្រុង​បាន​ទទួល​ហិន​វិនាស នោះ​ទ្រង់​នឹង​យាង​មក​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ២៣:៣៨, ៣៩; ២៤:២) រួច​មក ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​ច្បាស់​ឡើង​ក្នុង​ទំនាយ​របស់​ទ្រង់ ដែល​បាន​មាន​បន្ទូល​នៅ​លើ​ភ្នំ​ដើម​អូលីវ។ ដោយ​បាន​មាន​បន្ទូល​អំពី«សេចក្ដី​វេទនា​ជា​ខ្លាំង»ដែល​នឹង​មក​ដល់ នោះ​ទ្រង់​មាន​បន្ទូល​ថា ក្រោយ​មក​នឹង​មាន​ព្រះ​គ្រីស្ទ​ក្លែង​ក្លាយ ហើយ​ថា​ក្រុង​យេរូសាឡិម​នឹង​បាន​ត្រូវ​ជាន់​ឈ្លី​ដោយ​សាសន៍​ដទៃ​អស់​មួយ​រយៈ​ពេល​យូរ។ (ម៉ាថាយ ២៤:២១, ២៣​-​២៨; លូកា ២១:២៤) តើ​នេះ​អាច​មាន​សេចក្ដី​សម្រេច​មួយ​ទៀត ដ៏​ធំ​ជាង​នេះ​ឬ​ទេ? ហេតុ​ការណ៍​ឆ្លើយ​ថា មាន​មែន។ នៅ​ពេល​ដែល​យើង​ប្រៀប​ធៀប​វិវរណៈ ៦:២​-​៨ (ដែល​បាន​សរសេរ​ក្រោយ​ពី​សេចក្ដី​វេទនា​នៅ​ទី​ក្រុង​យេរូសាឡិម​ក្នុង​ឆ្នាំ​៧០ ស.យ.) ជា​មួយ​នឹង​ម៉ាថាយ ២៤:៦​-​៨ និង​លូកា ២១:១០, ១១ យើង​ឃើញ​ថា សង្គ្រាម ការ​ខ្វះ​អាហារ និង​សេចក្ដី​វេទនា​ដ៏​ធំ​ជាង​នេះ គឺ​នៅ​មាន​ខាង​មុខ។ សេចក្ដី​សម្រេច​ដ៏​ធំ​ជាង​នៃ​បន្ទូល​របស់​ព្រះ បាន​កើត​ឡើង​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​១​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩១៤។

១៦​-​១៨. តើ​អ្វី​ដែល​យើង​ជឿ​ថា នឹង​នៅ​កើត​ឡើង​ទៀត?

១៦ ជា​ច្រើន​ទសវត្ស​មក​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​បង្រៀន​ថា ការ​សម្រេច​នូវ​ទី​សម្គាល់​ក្នុង​ពេល​ថ្មី​ៗ​នេះ ក៏​បង្ហាញ​ថា«សេចក្ដី​វេទនា​ជា​ខ្លាំង»នៅ​មាន​ខាង​មុខ​នៅ​ឡើយ។ «មនុស្ស​ដំណ»ដ៏​អាក្រក់​នៅ​នា​បច្ចុប្បន្នកាល នឹង​ឃើញ​សេចក្ដី​វេទនា​នោះ។ គឺ​មើល​ទៅ​ដូច​ជា ម្ដង​ទៀត​នឹង​មាន​ផ្នែក​ដំបូង (ការ​ប្រយុទ្ធ​លើ​សាសនា​មិន​ពិត) ដូច​ជា​លោក​ហ្កាឡាស​បាន​ប្រយុទ្ធ​នៅ​ក្នុង​ឆ្នាំ​៦៦ ស.យ. ដែល​បាន​បើក​ឲ្យ​មាន​សេចក្ដី​វេទនា​លើ​ក្រុង​យេរូសាឡិម។d រួច​មក ក្រោយ​ពី​ពេល​ចន្លោះ​មួយ​រយៈ នោះ​ទី​បញ្ចប់​នឹង​មក​ដល់ គឺ​ការ​ហិន​វិនាស​ពាស​ពេញ​ផែនដី ដែល​មាន​សភាព​ស្មើ​នឹង​អ្វី​ដែល​កើត​ឡើង​នៅ​ឆ្នាំ​៧០ ស.យ.។

១៧ ក្នុង​ការ​សំដៅ​ទៅ​សេចក្ដី​វេទនា​ដែល​នៅ​ខាង​មុខ​យើង​នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ក្រោយ​សេចក្ដី​វេទនា​របស់​គ្រា​នោះ​មក[សេចក្ដី​ហិន​វិនាស​នៃ​សាសនា​មិន​ពិត] ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ​ចេស្ដា នឹង​សិរី​ល្អ​ជា​ខ្លាំង»។—ម៉ាថាយ ២៤:២៩, ៣០

១៨ ដូច្នេះ​ហើយ ព្រះ​យេស៊ូ​ទ្រង់​ផ្ទាល់​ក៏​មាន​បន្ទូល​ថា«ក្រោយ​សេចក្ដី​វេទនា​របស់​គ្រា​នោះ​មក» នឹង​មាន​អ្វី​ដ៏​អស្ចារ្យ​ណា​មួយ​នៅ​លើ​មេឃ។ (ប្រៀប​មើល យ៉ូអែល ២:២៨​-​៣២; ៣:១៥) មនុស្ស​ដ៏​មិន​គោរព​នោះ នឹង​ភាំង​ហើយ​ភ្ញាក់​ផ្អើល​ដល់​ម្ល៉េះ​បាន​ជា គេ​នឹង«គក់​ទ្រូង​យំ»។ មនុស្ស​ជា​ច្រើន​នឹង«ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី»។ ប៉ុន្តែ ពួក​គ្រីស្ទាន​ពិត​នឹង​មិន​ធ្វើ​ដូច​នេះ​ឡើយ! ពួក​អ្នក​ទាំង​នេះ​នឹង«ងើប​មើល​ទៅ​លើ ពី​ព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។—លូកា ២១:២៥, ២៦, ២៨

ការ​ជំនុំ​ជំរះ​នៅ​ខាង​មុខ!

១៩. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ស្ថាបនា​បាន នៅ​ពេល​ណា​ដែល​រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​និង​ពពែ​នឹង​បាន​សម្រេច​នោះ?

១៩ ចូរ​កត់​សម្គាល់​ថា ម៉ាថាយ ២៤:២៩​-​៣១ ទាយ​ប្រាប់​ថា (១) កូន​មនុស្ស​យាង​មក (២) ការ​យាង​មក​នេះ​នឹង​មាន​សិរី​រុង​រឿង​ដ៏​ធំ (៣) ពួក​ទេវតា​នឹង​មក​ជា​មួយ​ទ្រង់ ហើយ (៤) កុលសម្ព័ន្ធ​ទាំង​អស់​នៅ​ផែនដី​នឹង​ឃើញ​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ម្ដង​ទៀត​អំពី​លក្ខណៈ​នេះ ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ។ (ម៉ាថាយ ២៥:៣១​-​៤៦) ដូច្នេះ​ហើយ យើង​អាច​សន្និដ្ឋាន​ថា រឿង​ប្រៀប​ប្រដូច​នេះ​គឺ​ទាក់​ទង​នឹង​ពេល ក្រោយ​ពី​ការ​ផ្ដើម​ផ្ទុះ​ឡើង​នៃ​សេចក្ដី​វេទនា នៅ​ពេល​ដែល​ព្រះ​យេស៊ូ​នឹង​យាង​មក​ជា​មួយ​ទេវតា​របស់​ទ្រង់ ហើយ​អង្គុយ​លើ​បល្ល័ង្ក​ដើម្បី​ជំនុំ​ជំរះ។ (យ៉ូហាន ៥:២២; កិច្ច​ការ ១៧:៣១; ប្រៀប​មើល ពង្សាវតារ​ក្សត្រ​ទី​១ ៧:៧; ដានីយ៉ែល ៧:១០, ១៣, ១៤, ២២, ២៦; ម៉ាថាយ ១៩:២៨) តើ​អ្នក​នឹង​ត្រូវ​ទទួល​ការ​ជំនុំ​ជំរះ​ទេ ហើយ​តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា? រឿង​ប្រៀប​ប្រដូច​នេះ​បង្ហាញ​ថា ព្រះ​យេស៊ូ​នឹង​ប្រុង​ស្មារតី​នឹង​គ្រប់​ទាំង​សាសន៍ ហាក់​ដូច​ជា​គេ​បាន​មក​ផ្ដុំ​គ្នា​ពី​មុខ​បល្ល័ង្ក​សួគ៌ា​របស់​ទ្រង់​អ៊ីចឹង។

២០, ២១. (ក) តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ចៀម​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ? (ខ) តើ​ពួក​ពពែ​នឹង​ពិសោធន៍​អ្វី​នៅ​ពេល​អនាគត?

២០ មនុស្ស​ប្រុស​ស្រី​ដែល​មាន​លក្ខណៈ​ដូច​ចៀម នឹង​ត្រូវ​ញែក​ចេញ​ទៅ​ខាង​ស្ដាំ​ព្រះ​យេស៊ូ ដោយ​ទទួល​ព្រះ​គុណ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​បាន​ប្រើ​ឱកាស​របស់​គេ ដើម្បី​ធ្វើ​ល្អ​ដល់​បង​ប្អូន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​របស់​ទ្រង់ ដែល​ចូល​រួម​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌។ (ដានីយ៉ែល ៧:២៧; ហេព្រើរ ២:៩–៣:១) ស្រប​នឹង​រឿង​ប្រៀប​ប្រដូច​នេះ ពួក​គ្រីស្ទាន​រាប់​លាន​នាក់​ដែល​ដូច​ចៀម ក៏​បាន​ទទួល​ស្គាល់​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ព្រះ​យេស៊ូ ហើយ​បាន​ធ្វើ​ការ​គាំទ្រ​ពួក​គេ។ ជា​លទ្ធផល «ពួក​ហ្វូង​ធំ»មាន​សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ នឹង​រួច​រស់​ជីវិត​ពី«សេចក្ដី​វេទនា​ជា​ខ្លាំង» ហើយ​រួច​មក នឹង​រស់​នៅ​ជា​រៀង​រហូត​នៅ​ក្នុង​សួន​មនោរម្យ ដែល​ជា​វិស័យ​ខាង​ផែនដី​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—វិវរណៈ ៧:៩, ១៤; ២១:៣, ៤; យ៉ូហាន ១០:១៦

២១ តើ​ពួក​ពពែ​នឹង​មាន​លទ្ធផល​ខុស​ស្រឡះ​យ៉ាង​ណា​ទៅ​ហ្ន៎! នៅ​ម៉ាថាយ ២៤:៣០ នោះ​បាន​ត្រូវ​ពណ៌នា​ថា ពួក​គេ«គក់​ទ្រូង​យំ» នៅ​ពេល​ដែល​ព្រះ​យេស៊ូ​យាង​មក។ ពួក​គេ​គួរ​ធ្វើ​អ៊ីចឹង​មែន ពី​ព្រោះ​គេ​បាន​ស្ថាបនា​ទំលាប់​បដិសេធ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ បាន​ជំទាស់​នឹង​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ ហើយ​កាន់​តាម​លោកីយ៍​នេះ ដែល​កំពុង​តែ​កន្លង​ទៅ​នោះ។ (ម៉ាថាយ ១០:១៦​-​១៨; យ៉ូហាន​ទី​១ ២:១៥​-​១៧) ព្រះ​យេស៊ូ​ជា​អ្នក​ដែល​នឹង​សម្រេច​ថា អ្នក​ណា​ដែល​មាន​លក្ខណៈ​ជា​ពពែ មិន​មែន​ពួក​សិស្ស​របស់​ទ្រង់​ណា​មួយ​នៅ​លើ​ផែនដី​នេះ​ទេ។ អំពី​ពួក​គេ​ទ្រង់​មាន​បន្ទូល​ថា៖ «ឯ​ពួក​អ្នក​ទាំង​នោះ​នឹង​ថយ​ទៅ មាន​ទោស​អស់​កល្ប​ជា​និច្ច»។—ម៉ាថាយ ២៥:៤៦

២២. តើ​មួយ​ផ្នែក​ណា​នៃ​ទំនាយ​របស់​ព្រះ​យេស៊ូ ដែល​សម​ឲ្យ​យើង​ពិចារណា​មើល​ថែម​ទៀត​នោះ?

២២ ដែល​យើង​បាន​រីក​ចំរើន​ក្នុង​ការ​យល់​ដឹង​របស់​យើង​អំពី​ទំនាយ​នៅ​ក្នុង​ម៉ាថាយ ជំពូក​២៤ និង​ជំពូក​២៥ នោះ​ក៏​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ណាស់។ យ៉ាង​ណា​ក៏​ដោយ គឺ​មាន​មួយ​ផ្នែក​នៃ​ទំនាយ​របស់​ព្រះ​យេស៊ូ ដែល​សម​ឲ្យ​យើង​ប្រុង​ស្មារតី​មើល គឺ«សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ»។ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ប្រើ​ការ​យោគ​យល់​ស្តី​អំពី​រឿង​នេះ ហើយ​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចាត់​វិធានការ។ (ម៉ាថាយ ២៤:១៥, ១៦) តើ«សេចក្ដី​ស្អប់​ខ្ពើម»នេះ​ជា​អ្វី? តើ​នៅ​ពេល​ណា​ដែល​វា​ឈរ​នៅ​ទី​កន្លែង​បរិសុទ្ធ? ហើយ​តើ​យ៉ាង​ដូច​ម្ដេច​ដែល​ជីវិត​បច្ចុប្បន្ន​និង​នៅ​អនាគត​របស់​យើង​បាន​ជាប់​ទាក់​ទង​នោះ? អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​អំពី​រឿង​នេះ។

[កំណត់​សម្គាល់]

a សូម​មើល​អត្ថបទ​សិក្សា​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤(ភាសា​អង់គ្លេស); ថ្ងៃ​ទី​១ ខែ​មករា និង ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ឆ្នាំ​១៩៩៦; និង​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦។

b វិជ្ជាករ​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ លោក ជី. អា. ប៊ីសស្លី​-​ម៉ារី សង្កេត​ឃើញ​ថា៖ «ប្រយោគ​ដែល​ថា‹មនុស្ស​ដំណ​នេះ› មិន​គួរ​នាំ​ឲ្យ​មាន​ការ​ពិបាក​ចំពោះ​ពួក​អ្នក​បក​ស្រាយ​នោះ​ឡើយ។ ទោះ​បី​ពាក្យ​យីណេអា​ជា​ភាសា​ក្រិក​ពី​ដើម​មាន​ន័យ​ថា កំណើត កូន​ចៅ ដូច្នេះ​ហើយ​ក៏​មាន​ន័យ​ថា​សាសន៍​នោះ​ដែរ . . . នៅ​ក្នុង[សេបទូជីន​ភាសា​ក្រិក] ភាគ​ច្រើន​បាន​បក​ប្រែ គឺ​ពាក្យ​ភាសា​ហេព្រើរ ឌ​រ៍​ ដែល​មាន​ន័យ​ថា សម័យ សម័យ​នៃ​មនុស្សជាតិ ឬ​ក៏​ដំណ ក្នុង​ន័យ​ថា ពួក​នៅ​ជំនាន់​ដំណាល​គ្នា។ . . . ក្នុង​ពាក្យ​បន្ទូល​ដែល​គេ​ថា​ជា​របស់​ព្រះ​យេស៊ូ នោះ​មើល​ទៅ​ដូច​ជា​មាន​ន័យ​ពីរ​យ៉ាង៖ នៅ​ម្ខាង​គឺ​តែង​សំដៅ​ចំពោះ​ពួក​នៅ​ជំនាន់​ដំណាល​គ្នា​នឹង​ទ្រង់ ហើយ​នៅ​ម្ខាង​ទៀត គឺ​តែង​បញ្ជាក់​ការ​រិះ​គន់​ដ៏​ជាក់​ស្តែង»។

c សៀវភៅ​ប្រវត្ដិសាស្ត្រ​របស់​ពួក​យូដា នោះ​សាស្ដ្រាចារ្យ ហ្ក្រេត្ស មាន​ប្រសាសន៍​ថា ពួក​រ៉ូម៉ាំង​ជួន​កាល​ដុំ​ភ្ជាប់​នឹង​បង្គោល​នូវ​ពួក​អ្នក​ជាប់​គុក​៥០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ពួក​យូដា​ឯ​ទៀត​ដែល​ជាប់​ឃុំ​ឃាំង ក៏​បាន​ត្រូវ​គេ​កាត់​ដៃ​ចោល ហើយ​បាន​ត្រូវ​បញ្ជូន​ឲ្យ​ចូល​ទី​ក្រុង​នោះ​វិញ។ តើ​មាន​ស្ថានភាព​បែប​ណា​នៅ​ទី​នោះ? «លុយ​បាន​អស់​តម្លៃ ព្រោះ​វា​មិន​អាច​ទិញ​អាហារ​បាន​ទេ។ មនុស្ស​បាន​វាយ​គ្នា​នៅ​តាម​ផ្លូវ​យ៉ាង​អស់​សង្ឃឹម​ដើម្បី​ដណ្ដើម​បាន​អាហារ​ដ៏​ស្មោក​គ្រោក​បំផុត ដូច​ជា​ចំបើង​មួយ​បាច់ ស្បែក​មួយ​ដុំ ឬ​ក៏​សាច់​សេស​សល់​ដែល​បោះ​ឲ្យ​ឆ្កែ​ស៊ី។ . . . ចំនួន​សព​ជា​ច្រើន​ដែល​មិន​បាន​កប់ បាន​ធ្វើ​ឲ្យ​ខ្យល់​នៃ​រដូវ​ក្ដៅ​ពេញ​ដោយ​ជម្ងឺ​សាហាវ​ដូច​អាសន្នរោគ ហើយ​មនុស្ស​ធម្មតា​បាន​ទៅ​ជា​មាន​ជម្ងឺ ការ​អត់​បាយ និង​ស្លាប់​ដោយ​ដាវ​ផង»។

d អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​លក្ខណៈ​នេះ​អំពី​សេចក្ដី​វេទនា​នៅ​អនាគត។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

◻ តើ​ម៉ាថាយ ២៤:៤​-​១៤ មាន​សេចក្ដី​សម្រេច​យ៉ាង​ណា​នៅ​ក្នុង​សតវត្ស​ទី​មួយ?

◻ នៅ​ក្នុង​សម័យ​របស់​ពួក​សាវ័ក តើ​តាម​របៀប​ណា​ដែល​ថ្ងៃ​នោះ​បាន​ត្រូវ​បន្ថយ​ឲ្យ​ខ្លី និង​មនុស្ស​បាន​សង្គ្រោះ ដូច​បាន​ទាយ​មក​នៅ​ក្នុង​ម៉ាថាយ ២៤:២១, ២២?

◻ តើ​អ្វី​ជា​លក្ខណៈ​សម្គាល់‹មនុស្ស​មួយ​ដំណ› ដែល​បាន​រៀប​រាប់​នៅ​ម៉ាថាយ ២៤:៣៤​នោះ?

◻ តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ទំនាយ​ដែល​បាន​ថ្លែង​មក​នៅ​លើ​ភ្នំ​ដើម​អូលីវ នឹង​មាន​សេចក្ដី​សម្រេច​មួយ​ទៀត​ដ៏​ធំ​ជាង​នោះ?

◻ តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា ដែល​រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​និង​ពពែ​នឹង​បាន​ត្រូវ​សម្រេច?

[រូប​ភាព​នៅ​ទំព័រ​១០]

ពត៌មាន​ល្អិត​ល្អន់​នៅ​ប្រាសាទ​ធ្នូ​ទីតុស​នៅ​ទី​ក្រុង​រ៉ូម ដែល​បង្ហាញ​ទ្រព្យ​ឈ្លើយ​ពី​សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​យេរូសាឡិម

[អ្នក​ផ្ដល់​សិទ្ធិ]

Soprintendenza Archeologica di Roma

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក