បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/២ ទំ. ៨-១៣
  • ការសង្គ្រោះពី«ដំណមនុស្សអាក្រក់»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសង្គ្រោះពី«ដំណមនុស្សអាក្រក់»
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹ទីបញ្ចប់›—នៅ​ពេល​ណា?
  • «មនុស្ស​ដំណ​នេះ»​—តើ​នេះ​ជា​អ្វី?
  • «មនុស្ស​ដំណ​អាក្រក់​នេះ»
  • «មនុស្ស​ដំណ​នេះ»​ត្រូវ​បាន​សម្គាល់​ឃើញ
  • គ្រាដែលត្រូវចាំយាម
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • សារៈសំខាន់នៃវត្ដមានរបស់ព្រះគ្រិស្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «ការទាំងនោះត្រូវតែមកដល់»
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/២ ទំ. ៨-១៣

ការ​សង្គ្រោះ​ពី​«ដំណ​មនុស្ស​អាក្រក់»

​«ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត»?—លូកា ៩:៤១

១. (ក) តើ​គ្រា​ដ៏​មាន​វិបត្ដិ​ភ័យ​របស់​យើង​បញ្ជាក់​អំពី​អ្វី? (ខ) តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា​អំពី​ពួក​អ្នក​រួច​រស់​ជីវិត?

យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដែល​ពោរពេញ​ទៅ​ដោយ​វិបត្ដិ​ភ័យ។ ការ​រញ្ជួយ​ផែនដី ទឹក​ជំនន់ ទុរភិក្ស ជម្ងឺ ការ​គ្មាន​ច្បាប់​ទម្លាប់ ការ​ទំលាក់​គ្រាប់បែក សង្គ្រាម​ដ៏​គួរ​ឲ្យ​ខ្លាច—វិបត្ដិ​ភ័យ​ទាំង​នេះ ហើយ​ជា​ច្រើន​ទៀត​បាន​ឡោមព័ទ្ធ​មនុស្ស​លោក​នៅ​ក្នុង​សតវត្ស​ទី២០នេះ។ យ៉ាង​ណា​ក្ដី វិបត្ដិ​ភ័យ​ដ៏​ធំ​ជាង​គេ​បង្អស់ គឺ​កំពុងតែ​គំរាម​កំហែង​នៅ​ក្នុង​អនាគត​ជិត​នេះ។ តើ​នេះ​ជា​អ្វី​ទៅ? នេះ​ជា​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពីដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។ (ម៉ាថាយ ២៤:២១) ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​យើង​ជា​ច្រើន​អាច​ទន្ទឹង​ចាំ​នូវ​អនាគត​ដ៏​សប្បាយ! ហេតុ​អ្វី? ពីព្រោះ​បន្ទូល​របស់​ព្រះ​ផ្ទាល់​បាន​រៀប​រាប់​ថា «មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា . . . ‹អ្នក​ទាំង​នោះ​ជា​ពួក​អ្នក ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក . . . គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត . . . ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ› »។—វិវរណៈ ៧:១, ៩, ១៤​-​១៧

២. ចំពោះ​ខ​ផ្ដើម​នៃ​ម៉ាថាយ ២៤ ម៉ាកុស ១៣ និង​លូកា ២១ បាន​ការ​សម្រេច​នៅ​លើក​ទី​មួយ​ដោយ​យ៉ាង​ណា?

២ សេចក្ដី​ចែង​ដែល​ព្រះ​បាន​បណ្ដាល​មក​នៅ ម៉ាថាយ ២៤:៣​-​២២, ម៉ាកុស ១៣:៣​-​២០, និង លូកា ២១:៧​-​២៤ សម្ដែង​ប្រាប់​អំពី​ទំនាយ​របស់​ព្រះ​យេស៊ូ​នៃ‹ទីបញ្ចប់​នៃ​របប​សម័យ​នេះ›។a ទំនាយ​នេះ​បាន​សម្រេច​ជា​លើក​ទី​មួយ​ទៅ​លើ​របប​សម័យ​យូដា​នៃ​សតវត្ស​ទី​មួយ​ក្នុង​សករាជ​យើង​នេះ ដែល​មាន​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»​មក​លើ​ពួក​យូដា។ រចនាសម្ព័ន្ធ​ទាំង​មូល​ខាង​សាសនា​និង​នយោបាយ​នៃ​របប​យូដា នៅ​ឯ​ព្រះ​វិហារ​នៃ​ក្រុង​យេរូសាឡិម ត្រូវ​បាន​កំទេច​ចោល​ទាំង​អស់ ហើយ​មិន​អាច​ស្ដារ​ឡើង​វិញ​បាន​ឡើយ។

៣. ហេតុ​អ្វី​ជា​ការ​បន្ទាន់​ដែល​យើង​ត្រូវ​ធ្វើ​តាម​ទំនាយ​របស់​ព្រះ​យេស៊ូ​នៅ​សព្វ​ថ្ងៃ​នេះ?

៣ ឥឡូវ​នេះ ចូរ​ឲ្យ​យើង​ពិចារណា​មើល​កាលៈទេសៈ​ផ្សេងៗ​ដែល​នៅ​ជុំវិញ​ការ​សម្រេច​ទី​មួយ​នៃ​ទំនាយ​របស់​ព្រះ​យេស៊ូ។ នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​ឡើង​ទៀត​អំពី​ការ​សម្រេច​ជា​ទីពីរ​នៅ​សព្វ​ថ្ងៃ​នេះ។ នេះ​នឹង​បង្ហាញ​ប្រាប់​យើង ថា​ជា​ការ​បន្ទាន់​ក្នុង​ការ​ចាត់​វិធានការ​ដ៏​ត្រឹម​ត្រូវឥឡូវ​នេះ ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​កំពុងតែ​គំរាម​កំហែង​ដល់​មនុស្ស​លោក​ទាំង​អស់។—រ៉ូម ១០:៩​-​១៣; ១៥:៤; កូរិនថូសទី១ ១០:១១; ១៥:៥៨

‹ទីបញ្ចប់›—នៅ​ពេល​ណា?

៤, ៥. (ក) ហេតុ​អ្វី​ក៏​ពួក​យូដា​ដែល​កោត​ខ្លាច​ព្រះ​នៅ​សតវត្ស​ទី​មួយ បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ​នៅ​ដានីយ៉ែល ៩:២៤​-​២៧? (ខ) តើ​ទំនាយ​នេះ​បាន​សម្រេច​តាម​របៀប​ណា?

៤ ប្រហែល​ជា​នៅ​ឆ្នាំ​៥៣៩ ម.ស.យ. ព្យាការី​របស់​ព្រះ​ឈ្មោះ ដានីយ៉ែល បាន​ទទួល​ចក្ខុនិមិត្ត​មួយ​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​ក្នុង​កំឡុង​«អាទិត្យ»​ចុង​បំផុត​នៃ​វេលា​«៧០អាទិត្យ»​នៃ​ឆ្នាំ។ (ដានីយ៉ែល ៩:២៤​-​២៧) «អាទិត្យ»​ទាំង​នេះ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​៤៥៥ ម.ស.យ. នៅ​ពេល​ដែល​ស្តេច​អើថាស៊ើកសេស​នៃ​ស្រុក​ពើស៊ី​បាន​បញ្ជា​ឲ្យ​សង់​ក្រុង​យេរូសាឡិម​ឡើង​វិញ។ «អាទិត្យ»​ចុង​បំផុត បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ព្រះមេស្ស៊ី​បាន​លេច​ឡើង គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ នៅ​ឯ​ទី​ជ្រមុជ​ទឹក​និង​ចាក់​ប្រេង​តាំង​ក្នុង​ឆ្នាំ​២៩ ស.យ.។b ពួក​យូដា​ដែល​កោត​ខ្លាច​ព្រះ​នៃ​សតវត្ស​ទី​មួយ ស.យ. បាន​ដឹង​យ៉ាង​ច្បាស់​លាស់​អំពី​គ្រា​នេះ​ជា​លក្ខណៈ​សំខាន់​នៃ​ទំនាយ​ដានីយ៉ែល។ ឧទាហរណ៍ ចំពោះ​ហ្វូង​មនុស្ស​ដែល​បាន​មក​ស្ដាប់​សេចក្ដី​បង្រៀន​របស់​លោក​យ៉ូហាន​-​បាទីស្ទ ក្នុង​ឆ្នាំ​២៩ ស.យ. លូកា ៣:១៥ បាន​ចែង​ថា​៖ «កាល​បណ្ដា​មនុស្ស​នៅ​តែ​ចាំ​មើល ដោយ​រិះ​គិត​ក្នុង​ចិត្ត​ពី​ដំណើរ​យ៉ូហាន​៖ ‹ដែល​គាត់​ជា​ព្រះ​គ្រីស្ទ​ឬ​មិន​មែន› »?

៥ «អាទិត្យ»​ទី៧០ គឺ​មាន​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នៃ​ព្រះ​គុណ​ពិសេស ដែល​ត្រូវ​បាន​សម្ដែង​ដល់​ពួក​យូដា។ ចាប់​ផ្ដើម​ពី​ឆ្នាំ​២៩ ស.យ. នេះ​រាប់​បញ្ចូល​ទាំង​ការ​ជ្រមុជ​ទឹក​និង​កិច្ច​ផ្សាយ​របស់​ព្រះ​យេស៊ូ និង​មរណភាព​ជា​យញ្ញបូជា​របស់​ទ្រង់​នៅ​«ពាក់​កណ្ដាល​អាទិត្យ​នោះ» នៅ​ក្នុង​ឆ្នាំ​៣៣ ស.យ. ហើយ‹ពាក់​កណ្ដាល​អាទិត្យ›ទៀត​រហូត​ដល់​ឆ្នាំ​៣៦ ស.យ.។ ក្នុង​កំឡុង​«អាទិត្យ»​នេះ​ហើយ ដែល​គេ​បាន​បើក​ឱកាស​ឲ្យ​តែ​ពួក​យូដា​ដែល​កោត​ខ្លាច​ព្រះ​និង​ពួក​អ្នក​ចូល​សាសនា​យូដា ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេស៊ូ។ បន្ទាប់​មក នៅ​ឆ្នាំ​៧០ ស.យ. ដោយ​មិន​ដឹង​ថ្ងៃ​ទី​ជា​មុន​នោះ កងទ័ព​ទាហាន​រ៉ូម៉ាំង នៅ​ក្រោម​បញ្ជា​ការ​នៃ​ឧត្តម​សេនីយ​ថាយថឹស បាន​កំទេច​ចោល​ប្រព័ន្ធ​យូដា​ដែល​បះបោរ​ជំនឿ​នោះ។—ដានីយ៉ែល ៩:២៦, ២៧

៦. តើ​«សេចក្ដី​ស្អប់ខ្ពើម»​បាន​ចូល​ប្រព្រឹត្ត​យ៉ាងណា នៅ​ក្នុង​ឆ្នាំ ៦៦ ស.យ. ហើយ​ពួក​ជនគ្រីស្ទាន​បាន​តបឆ្លើយ​ដោយ​យ៉ាងណា?

៦ ដូច្នេះ​ហើយ សង្ឃ​ភាព​យូដា ដែល​បាន​ប្រមាថ​ដល់​ព្រះ​វិហារ​យេរូសាឡិម ហើយ​បាន​រួម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​ឃាតកម្ម​ដល់​ព្រះ​រាជបុត្រា​របស់​ព្រះ​ផ្ទាល់ ត្រូវ​បាន​កំទេច​ចោល​ទាំង​អស់។ បញ្ជីជាតិ​និង​បញ្ជី​កុលសម្ព័ន្ធ​ក៏​បាន​បំផ្លាញ​ចោល​អស់​ទៅ​ដែរ។ ដូច្នេះ គ្មាន​ជន​យូដា​ណា​ម្នាក់​អាច​មាន​សិទ្ធិ​អះអាង​ថា គេ​មក​ពី​ពូជ​សង្ឃ ឬ​ពូជ​ស្តេច​បាន​ឡើយ។ គួរ​ឲ្យ​សប្បាយ​ដែរ ពួក​យូដា​ខាង​វិញ្ញាណ​ដែល​បាន​ចាក់​ប្រេង​តាំង ត្រូវ​បាន​ញែក​ជា​រាជ​សង្ឃ​ភាព ដើម្បី​«សំដែង​ចេញ​ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ»​របស់​ព្រះ​យេហូវ៉ា។ (ពេត្រុសទី១ ២:៩) នៅ​ពេល​ដែល​កងទ័ព​ទាហាន​រ៉ូម​បាន​ឡោមព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡិម​ជា​លើក​ទី​មួយ ហើយ​ថែម​ទាំង​ជីក​ពី​ក្រោម​ទី​ព្រះ​វិហារ​នៅ​ឆ្នាំ​៦៦ ស.យ. ពួក​ជន​គ្រីស្ទាន​បាន​ទទួល​ស្គាល់​កងទ័ព​ទាហាន​នោះ​ជា​«សេចក្ដី​ដែល​ហោរា​ដានីយ៉ែល​បាន​ទាយ​ទុក គឺ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ»។ ដោយ​គោរព​តាម​ការ​បញ្ជា​របស់​ព្រះ​យេស៊ូ​ក្នុង​ទំនាយ​នោះ ពួក​ជន​គ្រីស្ទាន​នៅ​ក្នុង​ក្រុង​យេរូសាឡិម​និង​ក្រុង​យូដា ក៏​បាន​ភៀស​ខ្លួន​ទៅ​ជ្រកកោន​នៅ​តាម​តំបន់​ភ្នំ។—ម៉ាថាយ ២៤:១៥, ១៦; លូកា ២១:២០, ២១

៧, ៨. តើ​«ទីសំគាល់»​អ្វី​ដែល​ពួក​ជន​គ្រីស្ទាន​បាន​សង្កេត​ឃើញ ប៉ុន្តែ​តើ​ពួក​គេ​មិន​ដឹង​អំពី​អ្វី?

៧ ពួក​ជន​គ្រីស្ទាន​យូដា​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​បាន​ឃើញ​ការ​សម្រេច​នៃ​ទំនាយ​របស់​ដានីយ៉ែល ហើយ​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​សង្គ្រាម​ដ៏​ខ្លោចផ្សា ទុរភ​ក្ស ជម្ងឺ​រាតត្បាត កក្រើក​ផែនដី​និង​ការ​គ្មាន​ច្បាប់​ទម្លាប់ ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ទុក​ជា​ផ្នែក​នៃ​«ទី​សម្គាល់ . . . ពី​ទីបញ្ចប់​នៃ​របប​សម័យ​នេះ»។ (ម៉ាថាយ ២៤:៣ ព.ថ.) ប៉ុន្តែ តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​អំពី​ពេល​វេលា ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រតិបត្ដិ​ការ​ជំនុំជំរះ​ទៅ​លើ​របប​ដ៏​ពុក​រលួយ​នោះ​ទេ? អត់​ទេ។ អ្វីៗ​ដែល​ទ្រង់​បាន​ទាយ​ទុក​អំពី​ទី​ខ្ពស់​បំផុត​នៃ​រាជ​វត្តមាន​អនាគត​របស់​ទ្រង់ ក៏​ច្បាស់​ជា​បាន​សំដៅ​ទៅ​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»​នៃ​សតវត្ស​ទី​មួយ​ដែរ​៖ «ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ»។—ម៉ាថាយ ២៤:៣៦

៨ ពី​ទំនាយ​របស់​ដានីយ៉ែល ពួក​យូដា​អាច​គិត​រិះ​រក​បាន​នូវ​ពេល​វេលា​ដែល​ព្រះ​យេស៊ូ​លេច​ឡើង​ជា​ព្រះមេស្ស៊ី។ (ដានីយ៉ែល ៩:២៥) ប៉ុន្តែ ពួក​គេ​ពុំ​បាន​ឲ្យ​ដឹង​អំពី​ថ្ងៃ​ខែ​ដែល​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់» បាន​បំផ្លាញ​នៅ​ទី​បំផុត​ដល់​របប​សម័យ​របស់​ពួក​យូដា​ដែល​បាន​បះបោរ​នោះ​ឡើយ។ គឺ​ក្រោយ​ពី​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​ត្រូវ​បាន​កំទេច​ចោល​ហើយ ទើប​ពួក​គេ​ដឹង​ថា​ថ្ងៃ​ខែ​នោះ​គឺ​ឆ្នាំ​៧០ ស.យ.។ យ៉ាង​ណា​ក្ដី ពួក​គេ​បាន​ដឹង​អំពី​ពាក្យ​ទំនាយ​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់»។ (ម៉ាថាយ ២៤:៣៤) តាម​មើល​ទៅ ការ​ប្រើ​ពាក្យ​«មនុស្ស​ដំណ»​នៅ​កន្លែង​នេះ គឺ​មាន​សភាព​ខុស​គ្នា​ពី​ការ​ប្រើ​ពាក្យ​នេះ​នៅ សាស្ដា ១:៤ ដែល​នៅ​ទី​នោះ​និយាយ​អំពី​ដំណ​មនុស្ស​កើត​ឡើង​និង​កន្លង​បាត់​ទៅ​ជា​បន្តបន្ទាប់ ក្នុង​មួយ​រយៈ​ពេល។

«មនុស្ស​ដំណ​នេះ»​—តើ​នេះ​ជា​អ្វី?

៩. តើ​តាម​របៀប​ណា​ដែល​សទ្ទានុក្រម​ពន្យល់​ពាក្យ​ក្រិក​គីនីអៀ?

៩ កាល​ដែល​សាវ័ក​បួន​នាក់​បាន​អង្គុយ​ជា​មួយ​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ​អូលីវ ពួកគេ​បាន​ឮ​ទំនាយ​របស់​ទ្រង់​អំពី «ទីបញ្ចប់​នៃ​របប​សម័យ​នេះ» តើ​គេ​បាន​យល់​ពាក្យ​«មនុស្ស​ដំណ​នេះ»​ជា​យ៉ាង​ណា? នៅ​ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ ពាក្យ​«មនុស្ស​ដំណ» ត្រូវ​បាន​បកប្រែ​ពី​ពាក្យ​ក្រិកគីនីអៀ ដែល​សទ្ទានុក្រម​បាន​ពន្យល់​ដូច​ត​ទៅ​នេះ​៖ «បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ពួក​អ្នក​ដែល​មក​ពី​ជីដូន​ជីតា​តែ​មួយ»។ (សទ្ទានុក្រម ក្រិក​-​អង់គ្លេស​នៃ​គម្ពីរ​សញ្ញា​ថ្មី​ដោយ​លោកវោលថើ បៅអា) «ពួក​អ្នក​ដែល​ត្រូវ​បាន​បង្កើត​មក ជា​គ្រួសារ . . . ជា​សមាជិក​តៗ​មក​នៃ​ពង្សាវលី . . . ឬ​នៃ​ពូជ​មនុស្ស . . . ឬ​នៃ​មនុស្ស​មួយ​ក្រុម​ទាំង​មូល​ដែល​រស់​នៅ​ស្រករ​គ្នា មថ. ២៤:៣៤; ម៉ាកុស ១៣:៣០; លូកា ១:៤៨; ២១:៣២; ភីល. ២:១៥, ហើយ​ជា​ពិសេស​នៃ​ពួក​ជាតិ​យូដា​ដែល​រស់​នៅ​ស្រករ​គ្នា»។ (W​. E​. Vine’s Expository Dictionary of New Testament Words) «ពួក​អ្នក​ដែល​ត្រូវ​បាន​បង្កើត​មក ជា​មនុស្ស​ដែល​មក​ពី​ប្រភព​ដូច​គ្នា ជា​គ្រួសារ . . . មនុស្ស​មួយ​ក្រុម​ទាំង​មូល​ដែល​រស់​នៅ​ស្រករ​គ្នា​៖ មថ. ២៤:៣៤; មក. ១៣:៣០; លក. ១:៤៨ . . . ជា​ពិសេស​ប្រើ​សំរាប់​សញ្ជាតិ​យូដា​ដែល​រស់​នៅ​គ្រា​មួយ​ហើយ​ដូច​គ្នា»។—សទ្ទានុក្រម ក្រិក​-​អង់គ្លេស​នៃ​គម្ពីរ​សញ្ញា​ថ្មី​របស់​លោក ថៃយឺ។

១០. (ក) ក្នុង​ការ​យោង​ទៅ​ម៉ាថាយ ២៤:៣៤ តើ​មាន​ការ​ពន្យល់​ពីរ​ប្រភព​ណា​ដែល​មាន​ស្រដៀង​គ្នា​នោះ? (ខ) តើ​វចនានុក្រម​សាសនវិទ្យា​និង​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ណា​ទៀត ដែល​គាំទ្រ​នឹង​ការ​ពន្យល់​នេះ?

១០ ដូច្នេះ លោក​វ៉ាញ​និង​លោក​ថៃយឺ ទាំង​ពីរ​នាក់​បាន​យោង​ទៅ ម៉ាថាយ ២៤:៣៤ ក្នុង​ការ​ពន្យល់ «មនុស្ស​ដំណ​នេះ» (ហ៊ី គីនីអៀ ហូតេ) ជា «មនុស្ស​មួយ​ក្រុម​ទាំង​មូល​ដែល​រស់​នៅ​ស្រករ​គ្នា»។ វចនានុក្រម​សាសនវិទ្យា​នៃ​គម្ពីរ​សញ្ញា​ថ្មី (១៩៦៤) គាំទ្រ​ដល់​អត្ថន័យ​នេះ ដោយ​ថ្លែង​ថា​៖ «ការ​ប្រើ​ពាក្យ ‹មនុស្ស​ដំណ› ដោយ​ព្រះ​យេស៊ូ បង្ហាញ​ឲ្យ​ឃើញ​នូវ​គោល​បំណង​ដ៏​ទូលំទូលាយ​របស់​ទ្រង់​៖ គឺ​ទ្រង់​សំដៅ​ទៅ​មនុស្ស​ជា​ក្រុម ហើយ​ទ្រង់​ជ្រាប​ពី​សាមគ្គីភាព​ក្នុង​អំពើ​បាប​របស់​គេ»។ ពិត​មែន​ហើយ «សាមគ្គីភាព​ក្នុង​អំពើ​បាប» បាន​ឃើញ​មាន​មែន​ក្នុង​សាសន៍​យូដា នៅ​ពេល​ដែល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី ហើយ​នេះ​ក៏​ឃើញ​មាន​នៅ​ក្នុង​របប​សម័យ​នេះ​ដែរ។c

១១. (ក) តើ​ប្រភព​ដ៏​សំខាន់​ណា ដែល​ត្រូវ​តែ​ដឹក​នាំ​យើង​ក្នុង​ការ​សម្រេច​នូវ​របៀប​ដែល​អនុវត្ត​ពាក្យហ៊ី គីនីអៀ ហូតេ? (ខ) តើ​ប្រភព​នេះ​បាន​ប្រើ​ពាក្យ​ដោយ​យ៉ាង​ណា?

១១ ពិត​មែន​ហើយ ជន​គ្រីស្ទាន​ដែល​សិក្សា​រឿង​នេះ ដឹក​នាំ​គំនិត​របស់​គេ​តាម​របៀប​ដែល​ពួកអ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ ដែល​វិញ្ញាណ​បរិសុទ្ធ​បណ្ដាល​ឲ្យ​តែង​មក បាន​ប្រើ​ពាក្យ​ក្រិក ហ៊ី គីនីអៀ ហូតេ ឬ​«មនុស្ស​ដំណ​នេះ» ក្នុង​ការ​រាយការណ៍​បន្ទូល​របស់​ព្រះយេស៊ូ។ ឃ្លា​នេះ​ត្រូវ​បាន​ប្រើ​ដោយ​ឥត​ផ្លាស់ប្ដូរ​តាម​វិធី​មិន​ល្អ។ ម្ល៉ោះ​ហើយ​បាន​ជា​ព្រះយេស៊ូ​ហៅ​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ជា‹សត្វ​ពស់ ពូជ​ពស់​វែក› ហើយ​ទ្រង់​បាន​មាន​បន្ទូល​ទៀត​ថា ការ​ជំនុំជំរះ​នៃ​ហ្គេហេណា​នឹង​ធ្លាក់​មក​លើ​«មនុស្ស​ដំណ​នេះ»។ (ម៉ាថាយ ២៣:៣៣, ៣៦) ប៉ុន្តែ តើ​ការ​ជំនុំជំរះ​នេះ​មាន​មក​លើ​តែ​ពួក​បព្វជិត​ដ៏​លាក់ពុត​ឬ? មិន​មែន​ទេ។ នៅ​ក្នុង​ឱកាស​ជា​ច្រើន ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ឮ​ទ្រង់​មាន​បន្ទូល​អំពី​«មនុស្ស​ដំណ​នេះ» ដោយ​ប្រើ​ពាក្យ​នេះ​ក្នុង​ន័យ​ដ៏​ទូលំទូលាយ។ តើ​នោះ​ជា​អ្វី?

«មនុស្ស​ដំណ​អាក្រក់​នេះ»

១២. កាល​ដែល​ពួក​សិស្ស​របស់​ទ្រង់​បាន​ស្ដាប់ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ភ្ជាប់​«ពួក​ហ្វូង​មនុស្ស»​ជា​មួយ​នឹង​«ដំណ​នេះ»?

១២ នៅ​ក្នុង​ឆ្នាំ​៣១ ស.យ. ក្នុង​កំឡុង​កិច្ច​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​ស្រុក​កាលីឡេ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បុណ្យ​រំលង ពួក​សិស្ស​របស់​ទ្រង់​បាន​ឮ​ទ្រង់​មាន​បន្ទូល «នឹង​ហ្វូង​មនុស្ស . . . តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា ‹យើង​បាន​ផ្លែ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា ‹គាត់​មាន​អារក្ស​ចូល‹ ឯ​កូន​មនុស្ស[ព្រះយេស៊ូ] បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា ‹មើល! នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្ត​សំឡាញ់​របស់​ពួក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប› »។ គឺ​គ្មាន​ការ​គាប់​ចិត្ត​សោះ​ចំពោះ​«ហ្វូង​មនុស្ស»​ដែល​គ្មាន​គោល​សីលធម៌​នោះ!—ម៉ាថាយ ១១:៧, ១៦​-​១៩

១៣. កាល​ដែល​ពួក​សិស្ស​របស់​ទ្រង់​បាន​នៅ​ជា​មួយ តើ​ព្រះ​យេស៊ូ​បាន​សម្គាល់​អ្នក​ណា ហើយ​បាន​កាត់​ទោស​ជា​«មនុស្ស​ដំណ​អាក្រក់​នេះ»?

១៣ ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​៣១ ស.យ. កាល​ដែល​ព្រះ​យេស៊ូ​និង​សិស្ស​របស់​ទ្រង់​ធ្វើ​ដំណើរ​ផ្សាយ​ជា​លើក​ទីពីរ​ក្នុង​ស្រុក​កាលីឡេ «ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី​ខ្លះ» បាន​ទូល​សួរ​ព្រះ​យេស៊ូ​អំពី​ទី​សម្គាល់។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ ហើយ​«ហ្វូង​មនុស្ស»​ដែល​នៅ​ទី​នោះ​ថា​៖ «ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទីសំគាល់ តែ​នឹង​គ្មាន​ទីសំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទីសំគាល់​របស់​ព្យាការី​យ៉ូណាស​ឡើយ ដ្បិត​ដែល​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ . . . ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ»។ (ម៉ាថាយ ១២:៣៨​-​៤៦) ជា​ការ​ច្បាស់​ណាស់ «មនុស្ស​ដំណ​អាក្រក់​នេះ» រាប់​បញ្ចូល​ទាំង​ពួក​មេ​ដឹក​នាំ​សាសនា​និង​«ហ្វូង​មនុស្ស» ដែល​នៅ​តែ​មិន​យល់​អំពី​ទី​សម្គាល់​ដែល​បាន​សម្រេច​ក្នុង​កាល​មរណភាព​និង​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​យេស៊ូ។d

១៤. តើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ឮ​ទ្រង់ ធ្វើ​ការ​កាត់​ទោស​អ្វី​ចំពោះ​ពួក​ផារីស៊ី​និង​សាឌូស៊ី?

១៤ ក្រោយ​ពី​បុណ្យ​រំលង​នៅ​ឆ្នាំ​៣២ ស.យ. កាល​ដែល​ព្រះ​យេស៊ូ​និង​សិស្ស​របស់​ទ្រង់​បាន​ចូល​ក្នុង​តំបន់​កាលីឡេ​នៃ​ស្រុក​ម៉ាកាដាន់ ពួក​សាឌូស៊ី​និង​ពួក​ផារីស៊ី​បាន​មក​សុំ​រក​ទី​សម្គាល់​ពី​ព្រះ​យេស៊ូ​ម្ដង​ទៀត។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា​៖ «ពូជ​ដំណ​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​រក​ទីសំគាល់ តែ​នឹង​គ្មាន​ទីសំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទីសំគាល់​តែ​មួយ​នោះ​ទេ គឺ​ហោរា​យ៉ូណាស»។ (ម៉ាថាយ ១៦:១​-​៤) ពួក​មេ​លាក់ពុត​ខាង​សាសនា​ទាំង​នោះ គឺ​ពិត​ជា​អ្នក​មាន​ទោស​បំផុត ព្រោះ​ខ្លួន​គេ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​«ហ្វូង​មនុស្ស»​ដ៏​មិន​ស្មោះ​ត្រង់ ដែល​ព្រះ​យេស៊ូ​កាត់​ទោស​ពួក​គេ​ជា​«មនុស្ស​ដំណ​អាក្រក់​នេះ»។

១៥. មុន​និង​ក្រោយ​ពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ​មក តើ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​បាន​ជួប​ប្រទះ​អ្វី​ជា​មួយ​នឹង‹មនុស្ស​ដំណ​នេះ›?

១៥ ដល់​ចុង​បញ្ចប់​នៃ​កិច្ច​ផ្សាយ​នៅ​កាលីឡេ ព្រះ​យេស៊ូ​បាន​ហៅ​ហ្វូង​មនុស្ស​និង​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​មក​ឯ​ទ្រង់ រួច​មាន​បន្ទូល​ថា​៖ «ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ នឹង​ពាក្យ​ខ្ញុំ​នៅ​ក្នុង​ដំណ​មនុស្ស​កំផិត ហើយ​មាន​បាប​នេះ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ»។ (ម៉ាកុស ៨:៣៤, ៣៨) ដូច្នេះ ពួក​យូដា​ដែល​មិន​បាន​ប្រែ​ចិត្ត​នៅ​សម័យ​នោះ គឺ​ច្បាស់​ជា​«ដំណ​មនុស្ស​កំផិត ហើយ​មាន​បាប​នេះ»។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ការ​ផ្លាស់​ប្រែ​ទ្រង់ទ្រាយ ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ក៏​«បាន​មក​ដល់​ហ្វូង​មនុស្ស» ហើយ​បុរស​ម្នាក់​បាន​សុំ​ឲ្យ​ព្រះ​យេស៊ូ​ប្រោស​កូន​ប្រុស​របស់​គាត់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត»?—ម៉ាថាយ ១៧:១៤​-​១៧; លូកា ៩:៣៧​-​៤១

១៦. (ក) នៅ​ស្រុក​យូដា តើ​ការ​កាត់​ទោស​អ្វី​ដល់​‹ហ្វូង​មនុស្ស›ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ទៀត​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​«មនុស្ស​ដំណ​នេះ»​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​ជួជាតិ​នោះ?

១៦ គឺ​ប្រហែល​ជា​នៅ​ស្រុក​យូដា ក្រោយ​ពី​បុណ្យ​បារាំ​នៅ​ឆ្នាំ​៣២ ស.យ. «កាល​ណោះ មាន​មនុស្ស​ប្រជុំ​គ្នា»​នៅ​ជុំវិញ​ព្រះ​យេស៊ូ ហើយ​ទ្រង់​បាន​កាត់​ទោស​ដល់​ពួក​គេ​ម្ដង​ទៀត ដោយ​មាន​បន្ទូល​ថា​៖ «មនុស្ស​ដំណ​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទីសំគាល់​ទេ តែ​គ្មាន​ទីសំគាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទីសំគាល់​នៃ​ហោរា​យ៉ូណាស​ឡើយ»។ (លូកា ១១:២៩) នៅ​ទីបំផុត នៅ​ពេល​ដែល​ពួក​មេ​ដឹក​នាំ​សាសនា​បាន​នាំ​ព្រះ​យេស៊ូ​មក​កាត់​ក្ដី លោក​ពីឡាត់​ប្រាថ្នា​ចង់​ដោះ​លែង​ទ្រង់។ ព្រះ​គម្ពីរ​ចែង​ថា​៖ «តែ​ពួក​សង្គ្រាជ នឹង​ពួក​ចាស់​ទុំ គេ​បញ្ចេះ​ហ្វូង​មនុស្ស ឲ្យ​សូម​បារ៉ាបាស​វិញ ហើយ​ឲ្យ​បំផ្លាញ​ព្រះ​យេស៊ូវ​បង់ . . . លោក​ពីឡាត់​សួរ​គេ​ថា ‹ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះ​គ្រីស្ទ​នេះ›? អ្នក​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ‹ចូរ​ឆ្កាង​វា​ទៅ›! នោះ​លោក​ចៅហ្វាយ​សួរ​ថា ‹តើ​អ្នក​នេះ​បាន​ធ្វើ​ខុស​អ្វី›? តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ‹ចូរ​ឆ្កាង​វា​ទៅ› »! «មនុស្ស​ដំណ​អាក្រក់»​នេះ បាន​ទាមទារ​បង្ហូរ​ឈាម​របស់​ព្រះ​យេស៊ូ!—ម៉ាថាយ ២៧:២០​-​២៥

១៧. តើ​ពួក​ខ្លះ​នៃ​«ពូជ​ដំណ​វៀច​នេះ»​បាន​តប​ឆ្លើយ​នឹង​ការ​ផ្សាយ​របស់​ពេត្រុស​នៅ​ឯ​បុណ្យ​ភិន្ដាកុស​យ៉ាង​ដូច​ម្ដេច?

១៧ «ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច»​ជំរុញ​ដោយ​ពួក​មេ​ដឹក​នាំ​សាសនា បាន​មាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​គុត​ដល់​ព្រះ​អម្ចាស់ ព្រះ​យេស៊ូ​គ្រីស្ទ។ ហាសិប​ថ្ងៃ​ក្រោយ​មក នៅ​បុណ្យ​ភិន្ដាកុស​ក្នុង​ឆ្នាំ​៣៣ ស.យ. ពួក​សិស្ស​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ក៏​ចាប់​ផ្ដើម​និយាយ​ជា​ភាសា​ផ្សេងៗ។ នៅ​ពេល​ឮ​សម្លេង «បណ្ដា​មនុស្ស​ក៏​ប្រជុំ​គ្នា» ហើយ​សាវ័ក​ពេត្រុស​បាន​សំដៅ​ទៅ​ពួក​គេ​ជា «ពួក​សាសន៍​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា» ដោយ​មាន​ប្រសាសន៍​ថា​៖ «ព្រះ​អង្គ​នោះ[ព្រះ​យេស៊ូ] . . . អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយសារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង»។ តើ​ពួក​អ្នក​ស្ដាប់​ទាំង​នោះ​ខ្លះ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? «គេ​មាន​សេចក្ដី​ចុកចាប់​ក្នុង​ចិត្ត»។ ដូច្នេះ ពេត្រុស​ក៏​អំពាវនាវ​ដល់​ពួក​គេ​ឲ្យ​ប្រែ​ចិត្ត។ គាត់​«ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ រួច​ពី​ពូជ​ដំណ​វៀច​នេះ»។ ក្នុង​ការ​តប​ឆ្លើយ មាន​មនុស្ស​ប្រហែល​ជា​បី​ពាន់​នាក់​«ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ [ហើយ] ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក»។—កិច្ចការ ២:៦, ១៤, ២៣, ៣៧, ៤០, ៤១

«មនុស្ស​ដំណ​នេះ»​ត្រូវ​បាន​សម្គាល់​ឃើញ

១៨. ព្រះ​យេស៊ូ​បាន​ប្រើ​ពាក្យ​«មនុស្ស​ដំណ​នេះ»​តែង​តែ​បាន​សំដៅ​ទៅ​នឹង​អ្វី​ជា​រឿយៗ?

១៨ អញ្ចឹង តើ​អ្វី​ជា​«មនុស្ស​ដំណ» ដែល​ព្រះ​យេស៊ូ​តែង​តែ​មាន​បន្ទូល​ប្រាប់​នៅ​ចំពោះ​ពួក​សិស្ស​របស់​ទ្រង់​នោះ? តើ​គេ​យល់​យ៉ាង​ណា​ពី​ពាក្យ​របស់​ទ្រង់​នេះ​៖ «មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់តែ​គ្រាប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់»? ពិត​មែន​ហើយ ព្រះ​យេស៊ូ​មិន​បាន​ប្រែប្រួល​នូវ​ការ​ប្រើ​ពាក្យ​«មនុស្ស​ដំណ​នេះ»​ទេ ដែល​ទ្រង់​តែង​តែ​បាន​ប្រើ​ចំពោះ​ពួក​មនុស្ស​ស្រករ​គ្នា ព្រម​ទាំង​ពួក​«មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់»​ដែរ ដែល​រួម​គ្នា​ជា​សាសន៍​យូដា។ (ម៉ាថាយ ១៥:១៤) «មនុស្ស​ដំណ​នេះ» បាន​ពិសោធ​នូវ​សេចក្ដី​វេទនា​ទាំង​អស់​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ទុក ហើយ​បាន​កន្លង​បាត់​ទៅ​ក្នុង​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»​ដែល​បាន​ធ្លាក់​មក​លើ​ក្រុង​យេរូសាឡិម។—ម៉ាថាយ ២៤:២១, ៣៤

១៩. នៅ​ពេល​ណា​ហើយ​តាម​របៀប​ណា​ដែល​«ផ្ទៃ​មេឃ​និង​ផែនដី»​នៃ​របប​សម័យ​របស់​យូដា​បាន​កន្លង​បាត់​ទៅ?

១៩ នៅ​ក្នុង​សតវត្ស​ទី​មួយ ព្រះ​យេហូវ៉ា​បាន​ជំនុំជំរះ​ប្រជាជន​យូដា។ ពួក​អ្នក​ដែល​ប្រែ​ចិត្ត ដែល​បាន​អនុវត្ត​ជំនឿ​ទៅ​លើ​សំវិធានការ​នៃ​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ព្រះ​គ្រីស្ទ ត្រូវ​បាន​សង្គ្រោះ​ពី​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»។ សេចក្ដី​ទាំង​អស់​បាន​កើត​ឡើង​ដូច​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​មក ហើយ​«ផ្ទៃ​មេឃ ហើយ​ផែនដី»​នៃ​របប​សម័យ​យូដា—ដែល​ជា​សាសន៍​ទាំង​មូល ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​សាសនា​ក្នុង​នោះ និង​សង្គម​មនុស្ស​ដ៏​អាក្រក់​ជួជាតិ—បាន​កន្លង​បាត់​ទៅ។ ព្រះ​យេហូវ៉ា​បាន​ប្រតិបត្ដិ​ការ​ជំនុំជំរះ​មែន!—ម៉ាថាយ ២៤:៣៥; ប្រៀបធៀប ពេត្រុសទី២ ៣:៧

២០. តើ​មាន​ការ​ដាស់​តឿន​ដ៏​ត្រូវ​ពេល​ណា ដែល​ជា​ការ​បន្ទាន់​ដល់​ជន​គ្រីស្ទាន​ទាំង​ឡាយ?

២០ ពួក​យូដា​ទាំង​នោះ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទំនាយ​របស់​ព្រះ​យេស៊ូ បាន​ដឹង​ថា ការ​សង្គ្រោះ​របស់​គេ មិន​មែន​ស្រេច​ទៅ​លើ​ការ​ខំ​ព្យាយាម​គិត​រិះ​រក​ប្រវែង​នៃ​«មនុស្ស​ដំណ​នេះ» ឬ​គិត​រិះ​រក​ថ្ងៃ​ខែនៃ‹ពេល​កំណត់›ឡើយ ប៉ុន្តែ​គឺ​ស្រេច​ទៅ​លើ​ការ​ញែក​ខ្លួន​ចេញ​ពី​ដំណ​មនុស្ស​ដ៏​អាក្រក់​នៅ​សម័យ​នោះ ហើយ​ខំ​ខ្នះខ្នែង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ថ្វី​បើ​ពាក្យ​ចុង​ក្រោយ​នៃ​ទំនាយ​របស់​ព្រះ​យេស៊ូ សំដៅ​ទៅ​ចំពោះ​ការ​សម្រេច​ដ៏​ធំ​ក្នុង​សម័យ​យើង​ក្ដី ពួក​គ្រីស្ទាន​យូដា​នៅ​សតវត្ស​ទី​មួយ​ក៏​ត្រូវ​តែ​ធ្វើ​តាម​ការ​ដាស់​តឿន​នេះ​ដែរ​៖ «ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង»។—លូកា ២១:៣២​-​៣៦; កិច្ចការ ១:៦​-​៨

២១. តើ​នឹង​មាន​ព្រឹត្ដិការណ៍​ដ៏​មួយ​រំពេច​ណា​ដែល​នឹង​កើត​ឡើង​នៅ​នា​អនាគត?

២១ នៅ​សព្វ​ថ្ងៃ​នេះ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ . . . ក៏​បាន​ប្រញឹក​ណាស់​ដែរ»។ (សេផានា ១:១៤​-​១៨; អេសាយ ១៣:៩, ១៣) មួយ​រំពេច​នោះ នៅ​«ថ្ងៃ និង​ពេល​កំណត់»​របស់​ព្រះ​យេហូវ៉ា សេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ពន្លែង​មកលើ​កត្ដា​ខាង​សាសនា នយោបាយ និង​ពាណិជ្ជកម្ម​កម្ម​នៃ​លោកីយ៍ ព្រម​ទាំង​មក​លើ​មនុស្ស​វៀចវេរ​នៃ​«មនុស្ស​ដំណ​អាក្រក់ ហើយ​កំផិត»​នៅ​សម័យ​នេះ។ (ម៉ាថាយ ១២:៣៩; ២៤:៣៦; វិវរណៈ ៧:១​-​៣, ៩, ១៤) តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​សង្គ្រោះ​ពី​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»​នេះ? អត្ថបទ​របស់​យើង​ជា​បន្ទាប់​នឹង​ឆ្លើយ​ហើយ​ប្រាប់​យើង​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ចំពោះ​អនាគត។

[កំណត់​សម្គាល់]

a ចំពោះ​ការ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​ថែម​ទៀត​អំពី​ទំនាយ​នេះ សូម​មើល​តារាង​នៅ​ទំព័រ ១៤, ១៥ នៃ​ទស្សនាវដ្ដី​ប៉មយាម​នៃ​ខែ​កុម្ភៈ ១៥, ១៩៩៤។

b បើ​ចង់​បាន​ពត៌មាន​ថែម​ទៀត​អំពី​«អាទិត្យ»​នៃ​ឆ្នាំ សូម​មើល​សៀវភៅព្រះ​គម្ពីរ—ជា​ពាក្យ​របស់​ព្រះ​ឬ​មនុស្ស (ជា​ភាសា​អង់គ្លេស) នៅ​ទំព័រ ១៣០​-​២ ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

c ព្រះ​គម្ពីរ​ខ្លះ​បកស្រាយ​ពាក្យ ហ៊ី គីនីអៀ ហូតេ នៅ​ម៉ាថាយ ២៤:៣៤ ដូច​ត​ទៅ​នេះ​៖ «មនុស្ស​ទាំង​នេះ» (ព្រះ​គម្ពីរ​បរិសុទ្ធ​ក្នុង​ភាសា​សម័យ​នេះ [១៩៧៦] ដោយ​លោក​វីលាម បេក); «សាសន៍​នេះ» (គម្ពីរ​សញ្ញា​ថ្មី—សេចក្ដី​បកប្រែ​ពង្រីក [១៩៦១] ដោយ​លោក ខីណិ​ត វ៉ូស្ទ); «ប្រជាជន​នេះ» (គម្ពីរ​សញ្ញា​ថ្មី​យូដា [១៩៧៩] ដោយ​លោក ដាវីឌ ស្ទើន)

d «ហ្វូង​មនុស្ស»​ដ៏​មិន​ស្មោះ​ត្រង់​ទាំង​នេះ មិន​មែន​ស្មើ​នឹង ‘am-ha·ʼaʹrets ឬ «មនុស្ស​ត្រូវ​បណ្ដាសា» ដែល​មេ​ដឹក​នាំ​សាសនា​ដ៏​ក្រអឺត​មិន​ព្រម​ចូល​រួបរួម​ជា​មួយ​នោះ​ទេ តែ​នេះ​ជា​ពួក​មនុស្ស​ដែល​ព្រះ​យេស៊ូ​«មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត»។—ម៉ាថាយ ៩:៣៦; យ៉ូហាន ៧:៤៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​ការ​បំពេញ​នៃ​ទំនាយ​នៅ​ដានីយ៉ែល ៩:២៤​-​២៧?

◻ តើ​សទ្ទានុក្រម​ឲ្យ​អត្ថន័យ​អំពី​«មនុស្ស​ដំណ​នេះ»​ដោយ​យ៉ាង​ណា ដូចជា​បាន​ប្រើ​មក​នៅ​ក្នុង​ព្រះ​គម្ពីរ?

◻ តើ​ព្រះ​យេស៊ូ​បាន​ប្រើ​ពាក្យ​«មនុស្ស​ដំណ»​ដោយ​មិន​ចេះ​ផ្លាស់ប្ដូរ​យ៉ាង​ណា?

◻ តើ​ម៉ាថាយ ២៤:៣៤, ៣៥ បាន​បំពេញ​នៅ​សតវត្ស​ទី​មួយ​ដោយ​យ៉ាង​ណា?

[រូបភាព​នៅ​ទំព័រ​១០]

ព្រះ​យេស៊ូ​បាន​ប្រៀបធៀប​«មនុស្ស​ដំណ​នេះ»​ទៅ​នឹង​ពួក​ហ្វូង​មនុស្ស​នៃ​កូន​ចៅ​ដែល​គ្មាន​ការ​ទូន្មាន

[រូបភាព​នៅ​ទំព័រ​១៣]

មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​បាន​ដឹង​ទុក​ជា​មុន ចំពោះ​ម៉ោង​ក្នុង​ការ​ប្រហារ​សេចក្ដី​ជំនុំជំរះ​ទៅ​លើ​របប​សម័យ​ដ៏​អាក្រក់​ជួជាតិ​នៃ​សាសន៍​យូដា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក