បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/២ ទំ. ២៦-៣០
  • សារៈសំខាន់នៃវត្ដមានរបស់ព្រះគ្រិស្ដ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សារៈសំខាន់នៃវត្ដមានរបស់ព្រះគ្រិស្ដ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រយៈ​ពេល​យូរ​បន្ដិច
  • ស្គាល់​សញ្ញា
  • តំណ​មនុស្ស​ដែល​ឃើញ​សញ្ញា
  • ​«ចូរ​ចាំ​យាម​ចុះ!»
  • គ្រាដែលត្រូវចាំយាម
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការសង្គ្រោះពី«ដំណមនុស្សអាក្រក់»
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • រាជ្យរបស់ព្រះ តើនឹងចាប់ផ្ដើមនៅពេលណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/២ ទំ. ២៦-៣០

សារៈ​សំខាន់​នៃ​វត្តមាន​របស់​ព្រះ​គ្រិស្ត

​«តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់[ព្រះ​គ្រិស្ត] និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?»។—ម៉ាថ. ២៤:៣, ព.ថ.

១​. តើ​ពួក​សាវ័ក​បាន​សួរ​ព្រះ​យេស៊ូ​នូវ​សំណួរ​អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍?

ជិត​ពីរ​ពាន់​ឆ្នាំ​មុន ពេល​សាវ័ក​បួន​នាក់​បាន​និយាយ​ជា​មួយ​ព្រះ​យេស៊ូ​ដោយ​ឡែក​ពី​អ្នក​ដទៃ​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​គាត់​បាន​សួរ​លោក​ម្ចាស់​ថា​៖ «តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់? តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប?» ឬ​ស្រប​ទៅ​តាម​សេចក្ដី​បកប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ដែល​ថា​៖ «តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?»។ (ម៉ាថ. ២៤:៣) ពេល​នោះ ពួក​សាវ័ក​បាន​ពោល​ពាក្យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​សួរ​អំពី​«វត្តមាន​របស់​លោក» និង​«គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក»។ តើ​ឃ្លា​ទាំង​ពីរ​នេះ​សំដៅ​ទៅ​លើ​អ្វី?

២​. តើ​ពាក្យ​«គ្រា​ចុង​បញ្ចប់»​បង្កប់​អត្ថន័យ​អ្វី?

២ សូម​គិត​អំពី​ឃ្លា​ទី​ពីរ​ជា​មុន​សិន។ ពាក្យ «គ្រា​ចុង​បញ្ចប់» មក​ពី​ពាក្យ​ភាសា​ក្រិច សិន្តលៃអា។ ក្នុង​សេចក្ដី​បកប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ពាក្យ​ភាសា​ក្រិច​នេះ​បាន​បកប្រែ​យ៉ាង​ទៀងទាត់​ថា «គ្រា​ចុង​បញ្ចប់»។ រីឯ​ពាក្យ ធី​ឡុស វិញ តែង​តែ​បកប្រែ​ថា «ទី​បញ្ចប់»។ ពាក្យ​«គ្រា​ចុង​បញ្ចប់»​និង​«ទី​បញ្ចប់»​មាន​អត្ថន័យ​ខុស​គ្នា ដែល​អាច​បញ្ជាក់​បាន​ដោយ​គិត​អំពី​សុន្ទរកថា​ដែល​ថ្លែង​មក​ក្នុង​សាល​ប្រជុំ។ តាម​ធម្មតា ផ្នែក​ចុង​ក្រោយ​នៃ​សុន្ទរកថា​ជា​ពេល​ដែល​អ្នក​ថ្លែង​សើរើ​ឡើង​វិញ​ពី​អ្វី​ដែល​គាត់​បាន​ថ្លែង​រួច​ទៅ​ហើយ ព្រម​ទាំង​ពន្យល់​អំពី​របៀប​ដែល​អ្នក​ស្ដាប់​អាច​ធ្វើ​តាម​ព័ត៌មាន​នោះ។ រីឯ​ទី​បញ្ចប់​នៃ​សុន្ទរកថា​វិញ នោះ​ហើយ​ជា​ពេល​ដែល​អ្នក​ថ្លែង​ចុះ​ពី​វេទិកា​មក។ ដូច​គ្នា​ដែរ អត្ថន័យ​នៃ​ពាក្យ​ក្នុង​គម្ពីរ​ថា «គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក» សំដៅ​ទៅ​លើ​រយៈ​ពេល​មុន​ទី​បញ្ចប់ និង​រហូត​ដល់​ទី​បញ្ចប់​តែ​ម្ដង។

៣​. តើ​វត្តមាន​របស់​ព្រះ​យេស៊ូ​រួម​បញ្ចូល​ព្រឹត្ដិការណ៍​អ្វី​ខ្លះ?

៣ ចុះ​យ៉ាង​ណា​ចំពោះ​ពាក្យ​«វត្តមាន» ក្នុង​សំណួរ​របស់​ពួក​សាវ័ក? ពាក្យ​«វត្តមាន»​មក​ពី​ភាសា​ក្រិច ផារូសៀរ។ ព្រះ​យេស៊ូ​គ្រិស្ត​មាន​ផារូសៀរ​ឬ​វត្តមាន តាំង​ពី​ទ្រង់​បាន​ឡើង​សោយ​រាជ្យ​នៅ​ឯ​ស្ថាន​សួគ៌ នា​ឆ្នាំ​១៩១៤ ហើយ​ទ្រង់​មាន​វត្តមាន​រហូត​ដល់​ពេល​ដែល​ទ្រង់​បំផ្លាញ​មនុស្ស​អាក្រក់​នៅ​គ្រា​ដែល​មាន​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»។ (ម៉ាថ. ២៤:២១) ព្រឹត្ដិការណ៍​ជា​ច្រើន​កើត​ឡើង​ក្នុង​អំឡុង​វត្តមាន​របស់​ព្រះ​យេស៊ូ រួម​ទាំង​«ជាន់​ក្រោយ​បង្អស់»​នៃ​ពិភព​លោក​អាក្រក់​នេះ និង​ការ​ប្រមូល​ហើយ​ការ​ប្រោស​ពួក​អ្នក​ដែល​បាន​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌។ (២ធី. ៣:១; ១កូ. ១៥:២៣; ១ថែ. ៤:១៥​-​១៧; ២ថែ. ២:១) យើង​អាច​យល់​ថា «គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក» (សិន្តលៃអា) គឺ​ដូច​គ្នា​ឬ​ដើរ​ទន្ទឹម​គ្នា​នឹង​គ្រា​ដែល​ហៅ​ថា វត្តមាន​របស់​ព្រះ​គ្រិស្ត (ផារូសៀរ)។

រយៈ​ពេល​យូរ​បន្ដិច

៤​. តើ​វត្តមាន​របស់​ព្រះ​យេស៊ូ​មាន​លក្ខណៈ​អ្វី​ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង​សម័យ​ណូអេ?

៤ ដោយសារ​ពាក្យ​ផារូសៀរ​សំដៅ​ទៅ​លើ​គ្រា​មួយ​រយៈ​យូរ​បន្ដិច នេះ​គឺ​សម​ស្រប​នឹង​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ស្តី​អំពី​វត្តមាន​របស់​ទ្រង់។ (សូម​អាន ម៉ាថាយ ២៤:៣៧​-​៣៩) សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​មិន​បាន​ប្រៀបធៀប​វត្តមាន​របស់​ទ្រង់​ទៅ​នឹង​រយៈ​ពេល​ខ្លី​ដែល​ទឹក​បាន​ជន់​លិច​ផែនដី​នៅ​សម័យ​លោក​ណូអេ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​ប្រៀបធៀប​វត្តមាន​របស់​ទ្រង់​ទៅ​នឹង​គ្រា​មុន​ទឹក​ជំនន់ ជា​រយៈ​ពេល​យូរ​បន្ដិច​ដែល​ណូអេ​បាន​កសាង​ទូក​ធំ និង​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ ហើយ​មាន​រហូត​ដល់​ពេល​ទឹក​ជន់​មក។ ព្រឹត្ដិការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ​បន្ដិច ប្រហែល​ជាង​៥០​ឆ្នាំ​ផង។ ដូច​គ្នា​ដែរ វត្តមាន​របស់​ព្រះ​គ្រិស្ត​រួម​បញ្ចូល​ព្រឹត្ដិការណ៍​មុន និង​ក្នុង​អំឡុង​គ្រា​វេទនា​ជា​ខ្លាំង។—២ថែ. ១:៦​-​៩

៥​. តើ​ទំនាយ​ក្នុង​សៀវភៅ​វិវរណៈ​ជំពូក​៦​បង្ហាញ​យ៉ាង​ណា ថា​វត្តមាន​របស់​ព្រះ​យេស៊ូ​មាន​រយៈ​ពេល​យូរ​បន្ដិច?

៥ ទំនាយ​ឯ​ទៀត​ក្នុង​គម្ពីរ​ក៏​បង្ហាញ​ថា វត្តមាន​របស់​ព្រះ​គ្រិស្ត​សំដៅ​ទៅ​លើ​រយៈ​ពេល​យូរ​បន្ដិច មិន​មែន​គ្រា​ដែល​ទ្រង់​មក​បំផ្លាញ​មនុស្ស​អាក្រក់​ប៉ុណ្ណោះ​ទេ។ សៀវភៅ​វិវរណៈ​រៀប​រាប់​អំពី​ព្រះ​យេស៊ូ​ជា​អ្នក​ដែល​ជិះ​សេះ​ស ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​ទ្រង់។ (សូម​អាន វិវរណៈ ៦:១​-​៨) ទំនាយ​នោះ​ក៏​បង្ហាញ​ថា ក្រោយ​ព្រះ​យេស៊ូ​បាន​ទទួល​មកុដ​ជា​ស្តេច​ថ្មី​នៅ​ឆ្នាំ​១៩១៤ ទ្រង់​«ចេញ​ទៅ​ទាំង​មាន​ជ័យ​ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ»។ រួច​មក កំណត់​ហេតុ​ក្នុង​សៀវភៅ​វិវរណៈ​បង្ហាញ​ថា អ្នក​ជិះ​សេះ​ឯ​ទៀត​ដែល​មាន​ពណ៌​សម្បុរ​ខុសៗ​គ្នា ក៏​មក​តាម​ក្រោយ​ព្រះ​យេស៊ូ។ ក្នុង​ន័យ​ជា​ទំនាយ សេះ​និង​អ្នក​ជិះ​ទាំង​នោះ​តំណាង​សង្គ្រាម ការ​អត់​ឃ្លាន​និង​រោគ​រាតត្បាត​ដែល​មាន​មែន ក្នុង​រយៈ​ពេល​យូរ​បន្ដិច​ដែល​ហៅ​ថា «ជាន់​ក្រោយ​បង្អស់»។ ទំនាយ​នោះ​កំពុង​សម្រេច​នៅ​សម័យ​នេះ។

៦​. ស្តី​អំពី​វត្តមាន​របស់​ព្រះ​គ្រិស្ត តើ​សៀវភៅ​វិវរណៈ​ជំពូក​១២​ជួយ​យើង​ឲ្យ​យល់​អ្វី​ខ្លះ?

៦ សៀវភៅ​វិវរណៈ​ជំពូក​១២​ក៏​មាន​ចំណុច​ល្អិតល្អន់​ថែម​ទៀត ស្តី​អំពី​ការ​ស្ថាបនា​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ស្ថាន​សួគ៌។ ជំពូក​នោះ​រៀប​រាប់​អំពី​ចំបាំង​នៅ​លើ​មេឃ​ដែល​មនុស្ស​មើល​មិន​ឃើញ។ លោក​មីកែល គឺ​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ និង​ទេវតា​របស់​លោក​បាន​ច្បាំង​នឹង​សាតាំង​ហើយ​ទេវតា​អាក្រក់​របស់​វា។ ជា​លទ្ធផល សាតាំង​និង​គ្នីគ្នា​របស់​វា​បាន​បោះ​ទម្លាក់​មក​ផែនដី។ អាស្រ័យ​ហេតុ​នេះ កំណត់​ហេតុ​បញ្ជាក់​ថា សាតាំង​ខឹង​ណាស់ «ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ (សូម​អាន វិវរណៈ ១២:៧​-​១២) យ៉ាង​នេះ យើង​អាច​យល់​ច្បាស់​ថា ក្រោយ​រាជាណាចក្រ​របស់​ព្រះ​គ្រិស្ត​បាន​ស្ថាបនា​នៅ​ស្ថាន​សួគ៌ ផែនដី​និង​មនុស្ស​រង​ទុក្ខ​«វេទនា»​កាន់​តែ​ច្រើន​អស់​រយៈ​ពេល​យូរ​បន្ដិច។

៧​. តើ​បទ​ទំនុកដំកើង​ទី​២​រៀប​រាប់​អំពី​អ្វី? តើ​ទំនាយ​ក្នុង​បទ​ទំនុក​ទី​២​បង្ហាញ​ថា មនុស្ស​មាន​ឱកាស​ធ្វើ​អ្វី?

៧ ស្រ​ដៀង​គ្នា​ដែរ បទ​ទំនុកដំកើង​ទី​២​មាន​ទំនាយ​អំពី​ការ​តែង​តាំង​ព្រះ​យេស៊ូ​ជា​ស្តេច​នៅ​ភ្នំ​ស៊ី​យ៉ូន​ដែល​តំណាង​ស្ថាន​សួគ៌។ (សូម​អាន ទំនុកដំកើង ២:៥​-​៩; ១១០:១, ២) ប៉ុន្តែ បទ​ទំនុក​នេះ​ក៏​បញ្ជាក់​ថា មាន​ពេល​មួយ​រយៈ​ដែល​ពួក​អ្នក​គ្រប់គ្រង​នៅ​ផែនដី​និង​រាស្ត្រ​របស់​ពួក​គេ មាន​ឱកាស​ចុះ​ចូល​ចំពោះ​ព្រះ​គ្រិស្ត​ជា​ស្តេច។ បទ​ទំនុក​នេះ​ដាស់​តឿន​ពួក​គេ​ឲ្យ​«ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ចុះ!» ព្រម​ទាំង​«ទទួល​សេចក្ដី​ផ្ចាល​[ឬ​«សេចក្ដី​អប់រំ​ទៅ!»]»។ ត្រូវ​មែន «អស់​អ្នក​ណា​ដែល»​បម្រើ​ព្រះ​យេហូវ៉ា​និង​ស្តេច​ដែល​ទ្រង់​បាន​តែងតាំង​នោះ ជា​អ្នក​ដែល​«យក​ទ្រង់​ជា​ទីពឹង​ជ្រក» ហើយ​ក៏​អាច​«មាន​ពរ»​ដែរ។ ដូច្នេះ វត្តមាន​របស់​ព្រះ​យេស៊ូ​ជា​ស្តេច​ក៏​រួម​បញ្ចូល​រយៈ​ពេល​យូរ​បន្ដិច​ដែល​ហុច​ឱកាស​ឲ្យ​មនុស្ស​កែ​ប្រែ។—ទំនុក. [ទំន.] ២:១០​-​១២; ខ.ស.

ស្គាល់​សញ្ញា

៨, ៩​. តើ​អ្នក​ណា​នឹង​ស្គាល់​ហើយ​យល់​សារៈ​សំខាន់​នៃ​សញ្ញា​ដែល​សម្គាល់​វត្តមាន​របស់​ព្រះ​គ្រិស្ត?

៨ ពេល​ពួក​ផារិស៊ី​បាន​សួរ​ព្រះ​យេស៊ូ​អំពី​គ្រា​ដែល​នគរ​ឬ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់ ព្រះ​យេស៊ូ​ឆ្លើយ​ថា រាជ្យ​នោះ​នឹង‹មិន​មាន​បែប​មើល​ឃើញ​[ឬ​«ងាយ​កត់​សម្គាល់»]›ចំពោះ​ពួក​គេ​ទេ។ (លូ. ១៧:២០, ២១; ព.ថ.) មនុស្ស​អត់​ជឿ​មិន​អាច​យល់​ថា​រាជាណាចក្រ​នោះ​បាន​ស្ថាបនា​រួច​ហើយ​ទេ ពីព្រោះ​បើ​ពួក​គេ​មិន​ទាំង​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ស្តេច​ផង ធ្វើ​ដូច​ម្ដេច​ឲ្យ​ពួក​គេ​ស្គាល់​រាជាណាចក្រ​របស់​ទ្រង់​កើត? បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​ស្គាល់​ហើយ​យល់​សារៈ​សំខាន់​នៃ​សញ្ញា​នោះ?

៩ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា សិស្ស​របស់​ទ្រង់​នឹង​ស្គាល់​សញ្ញា​យ៉ាង​ច្បាស់ ដូច​ជា​ឃើញ​«ផ្លេកបន្ទោរ​ដែល​ភ្លឺ​ផ្លេកៗ​ពី​ជើង​មេឃ​ម្ខាង​ដល់​ជើង​មេឃ​ម្ខាង»។ (សូម​អាន លូកា ១៧:២៤​-​២៩) គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា កំណត់​ហេតុ​ក្នុង​សៀវភៅ​ម៉ាថាយ ២៤:២៣​-​២៧ បង្ហាញ​យ៉ាង​ច្បាស់​ថា ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​នោះ ទ្រង់​បាន​និយាយ​អំពី​សញ្ញា​ដែល​សម្គាល់​វត្តមាន​របស់​ព្រះ​គ្រិស្ត។

តំណ​មនុស្ស​ដែល​ឃើញ​សញ្ញា

១០, ១១​. (ក) តើ​ទស្សនាវដ្ដី​ប៉មយាម​នៅ​ឆ្នាំ​មុនៗ បាន​ពន្យល់​យ៉ាង​ណា​អំពី​«មនុស្ស​ដំណ​នេះ» ដែល​រៀប​រាប់​ក្នុង​សៀវភៅ​ម៉ាថាយ ២៤:៣៤? (ខ) តើ​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​ពិត​ជា​យល់​ថា «មនុស្ស​ដំណ​នេះ»​សំដៅ​ទៅ​លើ​អ្នក​ណា​ខ្លះ?

១០ ទស្សនាវដ្ដី​ប៉មយាម​នៅ​ឆ្នាំ​មុនៗ បាន​ពន្យល់​ថា ‹មនុស្ស​ដំណ​នេះ› ដែល​រៀប​រាប់​ក្នុង​សៀវភៅ​ម៉ាថាយ ២៤:៣៤ សំដៅ​ទៅ​លើ​«ពួក​យូដា​ដែល​មិន​បាន​ប្រែ​ចិត្ត​នៅ​សម័យ[ព្រះ​យេស៊ូ]»។a ការ​ពន្យល់​នោះ​ស្ដាប់​ទៅ​ដូច​ជា​សម​ហេតុ​ផល​មែន ពីព្រោះ​រៀង​រាល់​ដង​ក្នុង​គម្ពីរ​ដែល​ព្រះ​យេស៊ូ​សំដៅ​ទៅ​លើ​«ដំណ​មនុស្ស» មើល​ទៅ​ដូច​ជា​ទ្រង់​ថ្កោល​ទោស​ពួក​គេ។ ក្នុង​ករណី​ភាគ​ច្រើន​ដែល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​អំពី​«ដំណ​មនុស្ស» ទ្រង់​បាន​បន្ថែម​គុណនាម​ដូច​ជា​ពាក្យ​«អាក្រក់» ដើម្បី​ពិពណ៌នា​អំពី​អ្នក​ទាំង​នោះ។ (ម៉ាថ. ១២:៣៩; ១៧:១៧; ម៉ាក. ៨:៣៨) អាស្រ័យ​ហេតុ​នេះ ទស្សនាវដ្ដី​ប៉មយាម​បាន​ពន្យល់​ថា នៅ​សម័យ​នេះ ពាក្យ​របស់​ព្រះ​យេស៊ូ​សំដៅ​ទៅ​លើ​«ដំណ​មនុស្ស»​អាក្រក់ ពោល​គឺ អ្នក​មិន​ជឿ​នៅ​គ្រា​នេះ​ដែល​ឃើញ​លក្ខណៈ​ដែល​សម្គាល់​«គ្រា​ចុង​បញ្ចប់» (សិន្តលៃអា) ព្រម​ទាំង​ឃើញ​ទី​បញ្ចប់ (ធី​ឡុស) នៃ​របៀប​របប​ពិភព​លោក​ដែរ។

១១ ពេល​ព្រះ​យេស៊ូ​ថ្កោល​ទោស​«ដំណ​មនុស្ស» ទ្រង់​បាន​សំដៅ​ទៅ​លើ ឬ​មាន​ប្រសាសន៍​ទៅ​កាន់​មនុស្ស​អាក្រក់​នៅ​សម័យ​ទ្រង់​មែន។ ប៉ុន្តែ តើ​ពាក្យ​របស់​ព្រះ​យេស៊ូ​ក្នុង​សៀវភៅ​ម៉ាថាយ ២៤:៣៤ អំពី​«មនុស្ស​ដំណ​នេះ» ពិត​ជា​សំដៅ​ទៅ​លើ​មនុស្ស​អាក្រក់​ដែរ​ឬ​ទេ? សូម​នឹក​ចាំ​ថា ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ សិស្ស​បួន​នាក់​របស់​ទ្រង់​ទើប​តែ​បាន​មក​ឯ​ទ្រង់​«ដោយ​ឡែក»។ (ម៉ាថ. ២៤:៣) ក្នុង​ករណី​នោះ ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​អំពី​«មនុស្ស​ដំណ​នេះ» ទ្រង់​មិន​បាន​បន្ថែម​គុណនាម​ដែល​ថ្កោល​ទោស​តំណ​នោះ​ទេ។ ដូច្នេះ ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​ច្បាស់​ជា​យល់​ថា «មនុស្ស​ដំណ​នេះ»​ដែល​នឹង​មិន​កន្លង​ហួស​បាត់​ទៅ​«ទាល់តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់» សំដៅ​ទៅ​លើ​ពួក​គាត់​ទាំង​បួន​នាក់​និង​សិស្ស​ឯ​ទៀត​របស់​ព្រះ​យេស៊ូ។

១២​. តើ​ខ​៣២​និង​៣៣​ក្នុង​សៀវភៅ​ម៉ាថាយ​ជំពូក​២៤ បង្ហាញ​យ៉ាង​ណា​ស្តី​អំពី​អត្តសញ្ញាណ​នៃ​«មនុស្ស​ដំណ​នេះ»?

១២ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ដូច្នេះ ដោយ​ផ្អែក​ទៅ​លើ​ភ័ស្តុតាង​អ្វី? យើង​អាច​សន្និដ្ឋាន​ដូច្នេះ​បាន ដោយ​មើល​ខ​ទាំង​ប៉ុន្មាន​មុន​ខ​៣៤។ ក្នុង​ខ​៣២​និង​៣៣ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​រៀន​សេចក្ដី​ប្រៀបប្រដូច​ពី​ដើម​ល្វា។ កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៊ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ។ ដំណើរ​នេះ​ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​[«អ្នក​រាល់​គ្នា»]​ឃើញ​ការ​ទាំង​នេះ​កើត​មក ត្រូវ​ដឹង​ថា​លោក​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង›។ (ម៉ាថ. [មថ.] ២៤:​៣២, ៣៣; ខ.ស.; សូម​ពិនិត្យ​បន្ថែម ម៉ាកុស ១៣:២៨​-​៣០; លូកា ២១:៣០​-​៣២) រួច​មក ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ក្នុង​ខ​៣៤​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់›។

១៣, ១៤​. ម្ដេច​ក៏​យើង​ដឹង​ថា «មនុស្ស​ដំណ​នេះ»​ច្បាស់​ជា​សំដៅ​ទៅ​លើ​សិស្ស​របស់​ព្រះ​យេស៊ូ?

១៣ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​អ្នក​រើស​តាំង ពេល​ពួក​គេ​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ស្រប​ទៅ​តាម​សៀវភៅ​ម៉ាថាយ ២៤:៣៣ ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​លើ​សិស្ស​ទ្រង់​ជា​ពួក​អ្នក​ដែល​គួរ​យល់​ឲ្យ​បាន​ត្រឹម​ត្រូវ ពេល​ឃើញ‹គ្រប់​ការ​ទាំង​នោះ›កើត​មក។ អាស្រ័យ​ហេតុ​នេះ ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់» នោះ​ទ្រង់​ច្បាស់​ជា​សំដៅ​ទៅ​លើ​សិស្ស​ទ្រង់​ដដែល។

១៤ ខុស​ប្លែក​ពី​អ្នក​មិន​ជឿ សិស្ស​របស់​ព្រះ​យេស៊ូ​នឹង​មិន​គ្រាន់​តែ​ឃើញ​សញ្ញា​ដែល​សម្គាល់​វត្តមាន​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​យល់​អំពី​សារៈ​សំខាន់​នៃ​សញ្ញា​នោះ​ផង​ដែរ។ ពួក​គេ​នឹង​«រៀន»​ពី​លក្ខណៈ​ផ្សេងៗ​នៃ​សញ្ញា​នោះ ព្រម​ទាំង​«ដឹង»​អត្ថន័យ​ពិត ថា​សញ្ញា​នោះ​សម្គាល់​អំពី​អ្វី។ ពួក​គេ​នឹង​យល់​ច្បាស់​ថា «លោក​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង»។ នៅ​សតវត្សរ៍​ទី​មួយ គ្រិស្ត​សា​សនិក​ស្មោះ​ត្រង់​ដែល​បាន​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ ព្រម​ទាំង​ពួក​យូដា​ខ្លះ​ដែល​មិន​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ បាន​ឃើញ​ការ​សម្រេច​ខ្លះ​នៃ​ពាក្យ​របស់​ទ្រង់​មែន។ ក៏​ប៉ុន្តែ មាន​តែ​អ្នក​រើស​តាំង​ប៉ុណ្ណោះ ដែល​អាច​រៀន​ពី​ព្រឹត្ដិការណ៍​ទាំង​ប៉ុន្មាន និង​យល់​អត្ថន័យ​ពិត​នៃ​ព្រឹត្ដិការណ៍​ទាំង​នោះ។

១៥​. (ក) នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​«មនុស្ស​ដំណ​នេះ»? (ខ) ម្ដេច​ក៏​យើង​មិន​អាច​កំណត់​រយៈ​ពេល​នៃ​ជំនាន់​ដែល​ព្រះ​យេស៊ូ​ហៅ​ថា «មនុស្ស​ដំណ​នេះ»? (សូ​មមើ​ល​ព័ត៌មាន​ក្នុង​ប្រអប់​នៅ​ទំព័រ​២៩)

១៥ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ដែល​មិន​យល់​នូវ​សេចក្ដី​ពិត​ពី​ព្រះ ក៏‹មិន​ងាយ​កត់​សម្គាល់›សញ្ញា​ដែល​បញ្ជាក់​ថា ព្រះ​យេស៊ូ​មាន​វត្តមាន​ហើយ។ ពួក​គេ​គិត​ថា គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​សម័យ​មុនៗ​ដែរ។ (២ពេ. ៣:៤) ផ្ទុយ​ទៅ​វិញ នៅ​សម័យ​នេះ បង​ប្អូន​ស្មោះ​ត្រង់​របស់​ព្រះ​គ្រិស្ត​ដែល​បាន​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ ជា​មនុស្ស​មួយ​ក្រុម​ដែល​សាវ័ក​យ៉ូហាន​តំណាង ហើយ​ពួក​គាត់​ស្គាល់​និង​យល់​អត្ថន័យ​ពិត​ភ្លាមៗ​នៃ​សញ្ញា​នោះ ដូច​ជា​ងាយ​សម្គាល់​ផ្លេកបន្ទោរ​ដែល​ភ្លឺ​ផ្លេកៗ។ ក្រុម​អ្នក​រើស​តាំង​ទាំង​នោះ​នៅ​សម័យ​នេះ ជា​«មនុស្ស​ដំណ​នេះ» ឬ​ជំនាន់​មួយ​ដែល​នឹង​មិន​កន្លង​ហួស​បាត់​ទៅ «ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់»។b នេះ​បង្កប់​អត្ថន័យ​ថា ពេល​គ្រា​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​ឡើង បង​ប្អូន​ខ្លះ​របស់​ព្រះ​គ្រិស្ត​ដែល​បាន​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ នឹង​មិន​ទាន់​បាន​ផុត​ជីវិត​ពី​ផែនដី​នៅ​ឡើយ។

​«ចូរ​ចាំ​យាម​ចុះ!»

១៦​. តើ​សិស្ស​ទាំង​ឡាយ​របស់​ព្រះ​គ្រិស្ត​ត្រូវ​តែ​ធ្វើ​អ្វី?

១៦ ការ​ស្គាល់​សញ្ញា​ប៉ុណ្ណោះ មិន​គ្រប់គ្រាន់​ទេ។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ «សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ!»។ (ម៉ាក. ១៣:៣៧, កំណែ​ជា​អក្សរ​ទ្រេត) នៅ​សព្វ​ថ្ងៃ​នេះ មិន​ថា​យើង​បាន​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​ក៏​ដោយ គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​រាល់​គ្នា​ចាំ​យាម​ចុះ! ជាង​៩០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​តាំង​ពី​ព្រះ​យេស៊ូ​បាន​ឡើង​សោយ​រាជ្យ​នៅ​ឯ​ស្ថាន​សួគ៌ នា​ឆ្នាំ​១៩១៤។ ទោះ​ជា​យើង​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ក៏​ដោយ យើង​រាល់​គ្នា​ត្រូវ​តែ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ហើយ​ចាំ​យាម​ជានិច្ច។ ទោះ​បី​ជា​យើង​មើល​មិន​ឃើញ​ព្រះ​យេស៊ូ​ក្ដី យើង​នឹង​ចាំ​យាម​ជានិច្ច​មែន បើ​យើង​យល់​ច្បាស់​ថា ទ្រង់​មាន​វត្តមាន​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ទ្រង់​រួច​ទៅ​ហើយ។ ការ​យល់​អំពី​វត្តមាន​របស់​ព្រះ​គ្រិស្ត​ក៏​ជួយ​យើង​ឲ្យ​នឹក​ចាំ​ថា បន្ដិច​ទៀត​ទ្រង់​នឹង​បំផ្លាញ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ទ្រង់ គឺ​«នៅ​វេលា​ដែល​[យើង]​ពុំ​បាន​គិត»​ដល់!—លក. [លូ.] ១២:៤០, ខ.ស.

១៧​. តើ​ការ​យល់​ដឹង​អំពី​វត្តមាន​របស់​ព្រះ​គ្រិស្ត​គួរ​ជំរុញ​យើង​ឲ្យ​មាន​អារម្មណ៍​យ៉ាង​ណា? តើ​គប្បី​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​អ្វី?

១៧ ពេល​ដឹង​អំពី​វត្តមាន​របស់​ព្រះ​គ្រិស្ត នោះ​ជំរុញ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​ថា នេះ​ជា​គ្រា​បន្ទាន់​ណាស់! ទោះ​ជា​យើង​មើល​មិន​ឃើញ​ព្រះ​យេស៊ូ​ក្ដី យើង​ដឹង​ថា​ទ្រង់​មាន​វត្តមាន និង​បាន​សោយ​រាជ្យ​នៅ​ឯ​ស្ថាន​សួគ៌​ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ! មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេស៊ូ​នឹង​បំផ្លាញ​មនុស្ស​អាក្រក់ ហើយ​កែ​ប្រែ​ឲ្យ​មាន​ស្ថានភាព​ល្អៗ​នៅ​ផែនដី។ បើ​ដូច្នេះ គប្បី​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​ដើម្បី​ឲ្យ​មាន​សកម្មភាព​ក្នុង​កិច្ចការ​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ថា នឹង​ធ្វើ​ឡើង។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ដំណឹង​ល្អ​នេះ​ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត​[ឬ​«ទី​បញ្ចប់» (ធី​ឡុស)]»។—ម៉ាថ. ២៤:១៤; ព.ថ.

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ ទំព័រ​១០​-​១៣, ១៧។

b តាម​មើល​ទៅ អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​មុន​គេ​បង្អស់ និង​សរសេរ​ក្នុង​ជំពូក​ដើម​នៃ​សៀវភៅ​វិវរណៈ គឺ​ដំណាល​គ្នា​នឹង​ជំនាន់​«មនុស្ស​ដំណ​នេះ»។ (វិវរ. ១:​១០​–​​៣:២២) ព្រឹត្ដិការណ៍​ទាំង​នេះ​ក្នុង​អំឡុង​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៩១៤ រហូត​ដល់​ពេល​ដែល​អ្នក​រើស​តាំង​ចុង​ក្រោយ​គេ​ស្លាប់​ទៅ​ដោយ​ស្មោះ​ត្រង់ ហើយ​ឡើង​ទៅ​ស្ថាន​សួគ៌។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ដឹង​ថា វត្តមាន​របស់​ព្រះ​យេស៊ូ​មាន​រយៈ​ពេល​យូរ​បន្ដិច?

• តើ​អ្នក​ណា​ស្គាល់​ហើយ​យល់​សារៈ​សំខាន់​នៃ​សញ្ញា​ដែល​សម្គាល់​វត្តមាន​របស់​ព្រះ​គ្រិស្ត?

• តើ​«មនុស្ស​ដំណ​នេះ»​ក្នុង​សៀវភៅ​ម៉ាថាយ ២៤:៣៤ សំដៅ​ទៅ​លើ​អ្នក​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

• ម្ដេច​ក៏​យើង​មិន​អាច​កំណត់​រយៈ​ពេល​ឲ្យ​បាន​ច្បាស់​លាស់ នៃ​«មនុស្ស​ដំណ​នេះ»?

[ប្រអប់​នៅ​ទំព័រ​២៩]

តើ​យើង​អាច​ដឹង​ថា​«មនុស្ស​ដំណ​នេះ»​មាន​រយៈ​ពេល​ប៉ុន្មាន​ទេ?

ក្នុង​គម្ពីរ ពាក្យ‹ដំណ​មនុស្ស›សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ខុសៗ​គ្នា តែ​រស់​នៅ​ជំនាន់​ឬ​គ្រា​មួយ​ដែល​ជួន​កាល​បាន​សម្គាល់​ដោយ​ព្រឹត្ដិការណ៍​ពិសេស​ម្យ៉ាង។ ជា​ឧទាហរណ៍ សៀវភៅ​និក្ខមនំ ១:៦ ចែង​ថា លោក‹យ៉ូសែប​ក៏​ស្លាប់​ទៅ ព្រម​ទាំង​បង​ប្អូន​លោក​ទាំង​អស់ នឹង​អស់​មនុស្ស​ដំណ​នោះ​ទាំង​អស់​ដែរ›។ យ៉ូសែប​និង​បង​ប្អូន​គាត់​មាន​អាយុ​ខុសៗ​គ្នា​ទាំង​អស់ ប៉ុន្តែ​ពួក​គាត់​បាន​ឆ្លង​កាត់​ព្រឹត្ដិការណ៍​ដូច​គ្នា​ក្នុង​គ្រា​តែ​មួយ។ ‹មនុស្ស​ដំណ​នោះ› រួម​បញ្ចូល​បងៗ​របស់​យ៉ូសែប ដែល​កើត​មក​មុន​គាត់ ហើយ​ខ្លះ​ក៏​មាន​អាយុ​វែង​ជាង​គាត់​ទៅ​ទៀត។ (លោ. ៥០:២៤) មនុស្ស​ឯ​ទៀត​ក្នុង​«ដំណ​នោះ» បាន​កើត​មក​ក្រោយ​យ៉ូសែប ដូច​បេនយ៉ាមីន​ជា​ដើម ហើយ​ក៏​ប្រហែល​ជា​រស់​ច្រើន​ឆ្នាំ​ក្រោយ​ពេល​ដែល​យ៉ូសែប​បាន​ស្លាប់​ផង។

ដូច្នេះ ពេល​ពាក្យ‹ដំណ​មនុស្ស›សំដៅ​ទៅ​លើ​ជំនាន់​មនុស្ស​ជាតិ​នៅ​គ្រា​ណា​មួយ យើង​មិន​អាច​កំណត់​រយៈ​ពេល​នៃ​គ្រា​នោះ​ឲ្យ​បាន​ច្បាស់​លាស់​ទេ លើក​លែង​តែ​ថា មិន​ជា​គ្រា​យូរ​អង្វែង ហើយ​តែ​ត្រូវ​មក​ដល់​ទី​បញ្ចប់។ អាស្រ័យ​ហេតុ​នេះ ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​អំពី​«មនុស្ស​ដំណ​នេះ» ក្នុង​សៀវភៅ​ម៉ាថាយ ២៤:៣៤ ទ្រង់​មិន​ផ្ដល់​វិធី​ដែល​សិស្ស​ទ្រង់​អាច​រាវ​រក​ពេល​ដើម្បី​ដឹង​ថា «ជាន់​ក្រោយ​បង្អស់»​នឹង​មក​ដល់​ទី​បញ្ចប់​នៅ​ពេល​ណា​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ទៅ​ទៀត​ថា ពួក​គេ​មិន​អាច​ដឹង​«ថ្ងៃ​នឹង​ពេល​កំណត់»​បាន​ឡើយ។—២ធី. ៣:១; ម៉ាថ. ២៤:៣៦

[រូបភាព​នៅ​ទំព័រ​២៧]

ក្រោយ​ព្រះ​យេស៊ូ​បាន​ទទួល​មកុដ​ជា​ស្តេច​ថ្មី​នៅ​ឆ្នាំ​១៩១៤ ទ្រង់‹មាន​ជ័យ​ជំនះ​ត​ទៅ›

[រូបភាព​នៅ​ទំព័រ​២៨]

​«មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក