បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/២ ទំ. ១៤-១៩
  • គ្រាដែលត្រូវចាំយាម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្រាដែលត្រូវចាំយាម
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ចូរ​ចាំ​យាម​ចុះ»!
  • «មនុស្ស​ដំណ»​ដែល​កន្លង​ហួស​បាត់​ទៅ
  • ​«ថ្ងៃ​នឹង​ពេល​កំណត់»
  • «ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី»​ដ៏​សុចរិត
  • ការសង្គ្រោះពី«ដំណមនុស្សអាក្រក់»
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • សារៈសំខាន់នៃវត្ដមានរបស់ព្រះគ្រិស្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះជិតដល់ហើយ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/២ ទំ. ១៤-១៩

គ្រា​ដែល​ត្រូវ​ចាំ​យាម

«ឯ​ដំណឹង​ល្អ នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន . . . តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត»។—ម៉ាកុស ១៣:១០, ១៣

១. ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​អត់​ទ្រាំ​ហើយ​មាន​ចិត្ត​ក្លាហាន​ឡើង?

យើង​ត្រូវ​តែ​អត់​ទ្រាំ—នៅ​ក្នុង​ចំណោម​ដំណ​មនុស្ស​ដែល​គ្មាន​ជំនឿ​និង​វៀចវេរ​នេះ! តាំង​ពី​ឆ្នាំ​១៩១៤មក មនុស្ស​ដំណ​នេះ​បាន​ក្លាយ​ទៅ​ជា​ពុក​រលួយ ដូច​នៅ​សម័យ​ព្រះ​យេស៊ូ​ដែរ។ ហើយ​នៅ​សព្វ​ថ្ងៃ​នេះ សេចក្ដី​ពុក​រលួយ​នេះ​ឃើញ​មាន​ពាស​ពេញ​ពិភពលោក។ នៅ​ក្នុង​«ជាន់​ក្រោយ​បង្អស់» «គ្រា​លំបាក​ណាស់» ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់​មក គឺ​កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​លោក​វេទនា។ ‹ពួក​អាក្រក់ និង​ពួក​ឆបោក គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ​›។ ជា​ការ​ច្បាស់​ណាស់ «លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច» អារក្ស​សាតាំង ដែល​ឥឡូវ​នេះ​វា​កំពុង​តែ​ខំ​ប្រឹងប្រែង​ជា​ចុង​ក្រោយ ដើម្បី​បំផ្លាញ​ផែនដី​នេះ។ ប៉ុន្តែ ចូរ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ឡើង! នៅ​ខាង​មុខ​នេះ នឹង​មាន​«គ្រា​វេទនា​យ៉ាង​ធំ» ដែល​នឹង​នាំ​មក​នូវ​ការ​ស្រាកស្រាន្ត​ជា​អចិន្ត្រៃយ៍​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត។—ធីម៉ូថេ​ទី២ ៣:១​-​៥, ១៣; យ៉ូហានទី១ ៥:១៩; វិវរណៈ ៧:១៤

២. តើ​ទំនាយ​បាន​សម្រេច​យ៉ាង​ណា​នៅ​ក្នុង​ឆ្នាំ​១៩១៤?

២ គួរ​ឲ្យ​សប្បាយ​ណាស់ ដែល​ឥឡូវ​នេះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ព្រះ​យេស៊ូ​គ្រីស្ទ​ឡើង​សោយ​រាជ្យ​នៅ​ស្ថានសួគ៌ ដែល​រៀប​ចំ​បម្រុង​នឹង​បោស​សំអាត​ពួក​សត្រូវ​ដ៏​ជិះជាន់​របស់​មនុស្ស​ចេញ។ (វិវរណៈ ១១:១៥) ដូច​ជា​ទំនាយ​របស់​ដានីយ៉ែល​បាន​សម្រេច​ក្នុង​គ្រា​យាង​មក​លើក​ទី​មួយ​នៃ​ព្រះមេស្ស៊ី​ជា​យ៉ាង​ណា នៅ​ក្នុង​សតវត្ស​នេះ ទំនាយ​ដ៏​អស្ចារ្យ​របស់​ដានីយ៉ែល​ក៏​បាន​សម្រេច​ជា​យ៉ាង​នោះ​ដែរ។ នៅ​ដានីយ៉ែល ៤:១៦, ១៧, ៣២ កន្លែង​នេះ​ប្រាប់​យើង​ថា ការ​គ្រង​រាជ្យ​ដ៏​ត្រឹម​ត្រូវ​ទៅ​លើ​ផែនដី​ត្រូវ​បាន​បញ្ឈប់​បណ្ដោះ​អាសន្ន​ក្នុង​រយៈ​ពេល​«៧​ខួប»។ ក្នុង​ការ​សម្រេច​ដ៏​ធំ ៧​ខួប​នេះ​ស្មើ​នឹង​៧​ឆ្នាំ​ខាង​ព្រះ​គម្ពីរ ដែល​មួយ​ឆ្នាំ​ស្មើ​នឹង​៣៦០‹ថ្ងៃ› ឬ​បើ​សរុប​ទាំង​អស់​ស្មើ​នឹង​២.៥២០​ឆ្នាំ។a នេះ​បាន​ចាប់​ផ្ដើម​ពី​ឆ្នាំ​៦០៧ ម.ស.យ. នៅ​ពេល​ដែល​ពួក​បាប៊ីឡូន​បាន​ចាប់​ផ្ដើម​ជាន់ឈ្លី​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល រហូត​ទៅ​ដល់​ឆ្នាំ​១៩១៤ ស.យ. ជា​ឆ្នាំ​ដែល​ព្រះ​យេស៊ូ​ឡើង​សោយ​រាជ្យ​ក្នុង​ស្ថានសួគ៌​ជា​ស្តេច​ដ៏​ត្រឹម​ត្រូវ​របស់​មនុស្ស​លោក។ បន្ទាប់​មក «គ្រា​របស់​សាសន៍​ដទៃ» បាន​ចប់​ទៅ។ (លូកា ២១:២៤) ប៉ុន្តែ​ពួក​សាសន៍​ទាំង​នេះ​មិន​ព្រម​ចុះ​ចូល​តាម​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​នោះ​ទេ។—ទំនុកដំកើង ២:១​-​៦, ១០​-​១២; ១១០:១, ២

៣, ៤. (ក) តើ​មាន​ការ​ប្រៀបធៀប​អ្វី​រវាង​ព្រឹត្ដិការណ៍​នៅ​សតវត្ស​ទី​មួយ​និង​សម័យ​យើង​នេះ? (ខ) តើ​អាច​សួរ​សំនួរ​ណា​ខ្លះ?

៣ កាល​ដែល​៧០​អាទិត្យ​នៃ​ឆ្នាំ (ឆ្នាំ​២៩​-​៣៦ ស.យ.) និង​ឆ្នាំ​១៩១៤ កាន់​តែ​មក​ជិត​ឡើងៗ ប្រជា​រាស្ត្រ​ដែល​កោត​ខ្លាច​ព្រះ បាន​ទន្ទឹង​ចាំ​នូវ​ការ​យាង​មក​នៃ​ព្រះមេស្ស៊ី។ ហើយ​ទ្រង់​បាន​យាង​មក​មែន! ក្នុង​ការ​យាង​មក​និមួយៗ របៀប​ដែល​ទ្រង់​លេច​ឡើង​គឺ​ខុស​ពី​ការ​សង្ឃឹម​របស់​មនុស្ស។ ម្យ៉ាង​វិញ​ទៀត ក្នុង​ការ​យាង​មក​និមួយៗ បន្ទាប់​ពី​មួយ​រយៈ​ពេល​ដ៏​ខ្លី​គួរ​សម «មនុស្ស​ដំណ»​ដ៏​អាក្រក់​មួយ រង​ទុក្ខ​ការ​ប្រហារ​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ។—ម៉ាថាយ ២៤:៣៤

៤ ក្នុង​អត្ថបទ​ពី​មុន​របស់​យើង យើង​បាន​កត់​សម្គាល់​ឃើញ​អំពី​របៀប​ដែល​មនុស្ស​ដំណ​សាសន៍​យូដា​ដែល​បាន​ទាមទារ​បង្ហូរ​ឈាម​ព្រះ​យេស៊ូ បាន​វិនាស​បាត់​ទៅ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ដំណ​មនុស្ស​ជាតិ​ដ៏​សៅហ្មង ដែល​នៅ​សព្វ​ថ្ងៃ​នេះ ប្រឆាំង​ឬ​មិន​អើពើ​នឹង​ទ្រង់​នោះ? តើ​នៅ​ពេល​ណា​ទៅ​ទើប​ដំណ​មនុស្ស​ដ៏​គ្មាន​ជំនឿ​នេះ​ទទួល​ការ​ប្រហារ​សេចក្ដី​ជំនុំជំរះ​នោះ?

«ចូរ​ចាំ​យាម​ចុះ»!

៥. (ក) តើ​ដោយ​ហេតុ​ត្រឹម​ត្រូវ​អ្វី ដែល​យើង​មិន​ត្រូវ​ការ​ឲ្យ​ដឹង​«ថ្ងៃ​នឹង​ពេល​កំណត់»​របស់​ព្រះ​យេហូវ៉ា? (ខ) យោង​ទៅ​តាម​ម៉ាកុស តើ​ព្រះ​យេស៊ូ​បញ្ចប់​ទំនាយ​របស់​ទ្រង់​ដោយ​ឲ្យ​សេចក្ដី​ទូន្មាន​ដ៏​ល្អ​អ្វី?

៥ ក្រោយ​ពី​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​នានា​ដែល​នាំ​ទៅ​ដល់​គ្រា​នៃ‹សេចក្ដី​វេទនា​ជា​ខ្លាំង› ព្រះ​យេស៊ូ​បាន​បន្ថែម​ថា​៖ «ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣​-​៣៦; ម៉ាកុស ១៣:៣​-​៣២) យើង​មិន​ត្រូវ​ការ​ដឹង​ពេល​កំណត់​នៃ​ព្រឹត្ដិការណ៍​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចាំ​យាម​ដោយ​បង្កើន​ជំនឿ​ឲ្យ​បាន​មុត​មាំ ហើយ​ឲ្យ​ជាប់​រវល់​នឹង​កិច្ចការ​របស់​ព្រះ​យេហូវ៉ា—គឺ​មិន​ទៅ​លើ​ការ​គិត​រិះ​រក​ថ្ងៃ​ខែ​នោះ​ឡើយ។ ព្រះ​យេស៊ូ​បាន​បញ្ចប់​ទំនាយ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា​៖ «ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ . . . ចូរ​ចាំ​យាម​ចុះ . . . ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ»។ (ម៉ាកុស ១៣:៣៣​-​៣៧) គ្រោះថ្នាក់​ចាំ​ឆ្មក់​នៅ​ក្នុង​ទី​ងងឹត​នៃ​លោកីយ៍​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​ត្រូវ​តែ​ចាំ​យាម​ជានិច្ច!—រ៉ូម ១៣:១១​-​១៣

៦. (ក) តើ​យើង​ត្រូវ​ដាក់​ជំនឿ​របស់​យើង​ទៅ​លើ​អ្វី? (ខ) តើ​យើង​អាច​«កំណត់​ថ្ងៃ​អាយុ​នៃ​យើង​ខ្ញុំ»​យ៉ាង​ដូច​ម្ដេច? (គ) តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពាក្យ​«ដំណ​មនុស្ស»?

៦ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ​ទាំង​ឡាយ​របស់​ព្រះ ដែល​ទាក់ទង​នឹង​សម័យ​ជាន់​ក្រោយ​បង្អស់​នៃ​របប​សម័យ​ដ៏​អាក្រក់​ជួជាតិ​នេះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទៀត យើង​ក៏​ត្រូវ​តែ​ដាក់​ជំនឿ​របស់​យើង​ទៅ​លើ​យញ្ញបូជា​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ និង​កិច្ច​សន្យា​ទាំង​ឡាយ​របស់​ព្រះ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​នោះ។ (ហេព្រើរ ៦:១៧​-​១៩; ៩:១៤; ពេត្រុសទី១ ១:១៨, ១៩; ពេត្រុសទី២ ១:១៦​-​១៩) ដោយ​មាន​ចំណង់​ចង់​ឃើញ​ទីបញ្ចប់​នៃ​របប​លោកីយ៍​អាក្រក់​នេះ នៅ​ពេល​ខ្លះ ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​គិត​ស្មាន​ពេល​វេលា​ដែល​‹សេចក្ដី​វេទនា​ជា​ខ្លាំង›នឹង​ផ្ទុះ​ឡើង ថែម​ទាំង​ភ្ជាប់​ការ​នេះ​ជា​មួយ​នឹង​ការ​គិត​រិះ​រក​នូវ​ប្រវែង​អាយុ​នៃ​មនុស្ស​ដំណ​ពី​ឆ្នាំ​១៩១៤។ យ៉ាង​ណា​ក្ដី យើង​«មាន​ចិត្ត​ខ្មីឃ្មាត​ឲ្យ​បាន​សតិ​បញ្ញា» គឺ​មិន​មែន​តាម​រយៈ​ការ​គិត​ស្មាន​អំពី​ប៉ុន្មាន​ឆ្នាំ ឬ​ប៉ុន្មាន​ថ្ងៃ​នៃ​ដំណ​មនុស្ស​នោះ​ឡើយ តែ​តាម​រយៈ​ការ​គិត​អំពី​របៀប​ដែល​យើង​«ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​នៃ​យើង​ខ្ញុំ» ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​សរសើរ​យ៉ាង​រីករាយ​ដល់​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ៩០:១២) ជាជាង​ផ្ដល់​ឲ្យ​វិធាន​សំរាប់​វាស់​ប្រវែង​ពេល​វេលា ពាក្យ​«ដំណ​មនុស្ស» ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​នេះ សំដៅ​ចំពោះ​តែ​មនុស្ស​សហកាល​ពី​សម័យ​បុរាណ​ណា​មួយ​ដែល​មាន​លក្ខណៈ​សម្គាល់​របស់​គេ។b

៧. តើ​សាស្ដ្រាចារ្យ​ខាង​ប្រវត្ដិសាស្ត្រ​បាន​សរសេរ​អ្វី​ខ្លះ​អំពី​«ដំណ​មនុស្ស​នៃ​ឆ្នាំ​១៩១៤» ហើយ​តាម​របៀប​ណា​ដែល​ការ​នេះ​ជាប់​ទាក់ទង​នឹង​ទំនាយ​របស់​ព្រះ​យេស៊ូ?

៧ ស្រប​ទៅ​តាម​សេចក្ដី​ខាង​លើ​នេះ សាស្ដ្រាចារ្យ​ខាង​ប្រវត្ដិសាស្ត្រ លោក​រ៉ូបឺត វ៉ូល បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់ ដំណ​មនុស្ស​នៃ​ឆ្នាំ​១៩១៤​៖ «ដំណ​មនុស្ស​ពី​បុរាណ មិន​អាច​កំណត់​យ៉ាង​ច្បាស់​លាស់​ដោយ​ថ្ងៃ​ខែ​នោះ​បាន​ឡើយ»។ ប៉ុន្តែ គាត់​បាន​ចង្អុល​ប្រាប់​ថា សង្គ្រាម​លោក​លើក​ទី១បាន​បង្កើត​«ការ​កាត់​ផ្ដាច់​ជា​ខ្លាំង​ពី​អតីតកាល» ហើយ​គាត់​បាន​បន្ថែម​ទៀត​ថា​៖ «អស់​អ្នក​ណា​ដែល​បាន​រួច​ជីវិត​ពី​សង្គ្រាម​នោះ មិន​អាច​បំបាត់​ពី​ខ្លួន​គេ​ចេញ​នូវ​ជំនឿ​ដែល​ថា លោកីយ៍​មួយ​បាន​វិនាស​ទៅ ហើយ​លោកីយ៍​មួយ​ទៀត​បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ខែ​សីហា ឆ្នាំ​១៩១៤នោះ​ឡើយ»។ ការ​ទាំង​អស់​នេះ​ត្រូវ​ណាស់! សេចក្ដី​ថ្លែង​នេះ​សំដៅ​ទៅ​លើ​ចំណុច​ដ៏​សំខាន់​នៃ​រឿង​នេះ។ «មនុស្ស​ដំណ​នេះ»​នៃ​មនុស្ស​លោក​តាំង​ពី​ឆ្នាំ​១៩១៤ បាន​ពិសោធ​ការ​ប្រែប្រួល​ដ៏​អាក្រក់​ក្រៃលែង។ ពួក​គេ​បាន​ឃើញ​ផែនដី​នេះ​ជោក​ទៅ​ដោយ​ឈាម​មនុស្ស​រាប់​លាន​នាក់។ សង្គ្រាម ការ​ប្រល័យ​ពូជ​សាសន៍ ភេរវកម្ម បទ​ឧក្រិដ្ឋ និង​ការ​គ្មាន​ច្បាប់​ទំលាប់ បាន​ផ្ទុះ​មាន​ពាស​ពេញ​ពិភពលោក។ ទុរភិក្ស ជម្ងឺ និង​អំពើ​អសីលធម៌​បាន​ចាប់​ក្ដោប​ផែនដី​របស់​យើង​នេះ។ ព្រះ​យេស៊ូ​បាន​ទាយ​មក​ថា​៖ «កាល​ណា​អ្នក​រាល់​គ្នា[ពួក​សិស្ស​ទ្រង់]ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា នគរ​ព្រះ​ជិត​ដល់​ហើយ យ៉ាង​ដូច្នោះ​ដែរ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក»។—លូកា ២១:៣១, ៣២

៨. តើ​តាម​របៀប​ណា​ដែល​ព្យាការីនៃ​ព្រះ​យេហូវ៉ា​បាន​ដាក់​ទម្ងន់​ទៅ​លើ​ការ​ចាំ​យាម​ជានិច្ច​នោះ?

៨ ត្រូវ​ហើយ ព្រះ​រាជាណាចក្រ​របស់​ព្រះមេស្ស៊ីជិត​បាន​ទទួល​ជ័យជំនះ​ហើយ! ដូច្នេះ តើ​ការ​ខំ​រិះ​រក​ថ្ងៃ​ខែ ឬ​ការ​គិត​ស្មាន​អំពី​ប្រវែង​អាយុ​នៃ​«មនុស្ស​ដំណ»​នោះ មាន​ប្រយោជន៍​អ្វី​ទៅ? គឺ​គ្មាន​ប្រយោជន៍​អ្វី​សោះ! ដ្បិត​ហាបាគុក ២:៣ បាន​ចែង​យ៉ាង​ច្បាស់​ថា​៖ «ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូ​ត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើសិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។ ថ្ងៃ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​កំពុង​មក​កាន់​តែ​ជិត​ឡើងៗ។—យេរេមា ២៥:៣១​-​៣៣; ម៉ាឡាគី ៤:១

៩. តាំង​ពី​ឆ្នាំ​១៩១៤ តើ​មាន​ការ​លូត​លាស់​អ្វី​ដែល​បង្ហាញ​ថា​ពេល​វេលា​កាន់​តែ​ខ្លី​នោះ?

៩ នៅ​ពេល​ដែល​ការ​សោយ​រាជ្យ​របស់​ព្រះ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​១៩១៤ សាតាំង​ត្រូវ​បាន​បោះ​ទម្លាក់​មក​ផែនដី។ នេះ​បាន​សេចក្ដី​ថា «វេទនា​ដល់​ផែនដី . . . ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ (វិវរណៈ ១២:១២) ពេល​វេលា​នោះ​គឺ​ខ្លី​មែន បើ​ប្រៀបធៀប​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​សាតាំង​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នេះ។ ព្រះ​រាជាណាចក្រ​ជិត​មក​ដល់​ហើយ ហើយ​វេលា​ថ្ងៃ​និង​ម៉ោង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ប្រហារ​ការ​ជំនុំជំរះ​មក​លើ​មនុស្ស​ដំណ​អាក្រក់​នេះ ក៏​ជិត​មក​ដល់​ដែរ!—សុភាសិត ៣:២៥; ១០:២៤, ២៥

«មនុស្ស​ដំណ»​ដែល​កន្លង​ហួស​បាត់​ទៅ

១០. តើ​តាម​របៀប​ណា​ដែល «មនុស្ស​ដំណ​នេះ» ដូច​នឹង​មនុស្ស​ជំនាន់​លោក​ណូអេ?

១០ ចូរ​ឲ្យ​យើង​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ទៀត​នូវ​សេចក្ដី​ថ្លែង​របស់​ព្រះ​យេស៊ូ នៅ​ម៉ាថាយ ២៤:៣៤, ៣៥​៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់ ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ»។ ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ក្រោយ​មក​ទៀត​បង្ហាញ​ថា ‹គ្មាន​អ្នក​ណា​ដឹង​វេលា​ថ្ងៃ​និង​ម៉ោង​កំណត់​នោះ​ទេ›។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត ទ្រង់​បង្ហាញ​ថា យើង​ត្រូវ​ជៀសវាង​ពី​អន្ទាក់​ដែល​មាន​ជុំវិញ​យើង​ក្នុង​មនុស្ស​ដំណ​នេះ។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា​៖ «ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ»។ (ម៉ាថាយ ២៤:៣៦​-​៣៩) នៅ​កន្លែង​នេះ ព្រះ​យេស៊ូ​បាន​ប្រៀបធៀប​ដំណ​មនុស្ស​នៅ​សម័យ​ទ្រង់​ទៅ​នឹង​ដំណ​មនុស្ស​នៅ​សម័យ​លោក​ណូអេ។—លោកុប្បត្តិ ៦:៥, ៩

១១. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​ការ​ប្រៀបធៀប‹ដំណ​មនុស្ស›អ្វី ដែល​បាន​រាយ​ការណ៍​មក​ដោយ​ម៉ាថាយ និង លូកា​នោះ?

១១ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ពួក​សាវ័ក​បាន​ឮ​ព្រះ​យេស៊ូ​ធ្វើ​ការ​ប្រៀបធៀប‹ដំណ​មនុស្ស› ដ្បិត​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ទ្រង់​បាន​មាន​បន្ទូល​អំពី​អង្គ​ទ្រង់​ថា​៖ «កូន​មនុស្ស . . . រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ត្រូវ​មនុស្ស​ដំណ​នេះ បោះបង់​ចោល​លោក​ផង នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ»។ (លូកា ១៧:២៤​-​២៦) ដូច្នេះ ម៉ាថាយ​ជំពូក២៤ និង​លូកា​ជំពូក១៧ ធ្វើ​ការ​ប្រៀបធៀប​ដូច​គ្នា។ នៅ​ជំនាន់​លោក​ណូអេ​«គ្រប់​ទាំង​សាច់[ដែល]បាន​បង្ខូច​ផ្លូវ​ខ្លួន​នៅ​ផែនដី» ហើយ​ត្រូវ​បាន​កំទេច​ចោល​នៅ​ក្នុង​ទឹក​ជំនន់ គឺ‹មនុស្ស​ដំណ​នេះ›។ នៅ​ជំនាន់​ព្រះ​យេស៊ូ ពួក​យូដា​ដែល​បះបោរ​ជំនឿ​និង​ពួក​មនុស្ស​ដែល​បដិសេធ​ព្រះ​យេស៊ូ គឺ​ជា​ពួក‹មនុស្ស​ដំណ​នេះ›។—លោកុប្បត្តិ ៦:១១, ១២; ៧:១

១២, ១៣. (ក) នៅ​សព្វ​ថ្ងៃ​នេះ តើ​«មនុស្ស​ដំណ​នេះ»​ដែល​នឹង​ត្រូវ​កន្លង​បាត់​ទៅ​នោះ​ជា​អ្វី? (ខ) តើ​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ កំពុង​តែ​អត់​ទ្រាំ​នឹង​«ដំណ​មនុស្ស​វៀច ហើយ​ខិល​ខូច»​នេះ​យ៉ាង​ណា?

១២ ដូច្នេះ​ហើយ នៅ​សព្វ​ថ្ងៃ​នេះ ក្នុង​ការ​សម្រេច​ចុង​ក្រោយ​បង្អស់​នូវ​ទំនាយ​របស់​ព្រះ​យេស៊ូ «មនុស្ស​ដំណ​នេះ» ច្បាស់​ជា​សំដៅ​ចំពោះ​មនុស្ស​រស់​នៅ​លើ​ផែនដី ដែល​ឃើញ​ទី​សម្គាល់​នៃ​វត្តមាន​របស់​ព្រះ​គ្រីស្ទ តែ​មិន​បាន​ផ្លាស់ប្ដូរ​ផ្លូវ​របស់​គេ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ជា​សិស្ស​របស់​ព្រះ​យេស៊ូ យើង​បដិសេធ​មិន​ធ្វើ​តាម​ជីវភាព​បែប​របស់​«មនុស្ស​ដំណ​នេះ»​ឡើយ។ ថ្វី​បើ​យើង​រស់​នៅ​ក្នុង​លោកីយ៍​ក្ដី យើង​មិន​ត្រូវ​មាន​ចំណែក​ក្នុង​នោះ​ឡើយ «ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ»។ (វិវរណៈ ១:៣; យ៉ូហាន ១៧:១៦) សាវ័ក​ប៉ុល​ដាស់​តឿន​យើង​ថា​៖ «ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅហ្មង ឥត​កិច្ច​ក​ល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក»។—ភីលីព ២:១៤, ១៥; កូល៉ុស ៣:៥​-​១០; យ៉ូហានទី១ ២:១៥​-​១៧

១៣ ‹ការ​ភ្លឺ​ដូច​ជា​តួ​ពន្លឺ›របស់​យើង មិន​គ្រាន់​តែ​រួម​បញ្ចូល​ការ​សម្ដែង​បុគ្គលិកលក្ខណៈ​គ្រីស្ទាន​ដ៏​ជ្រះថ្លា​ទេ តែ​អ្វី​ដ៏​សំខាន់​ទៅ​ទៀត គឺ​ជា​ការ​បំពេញ​កិច្ចការ​ខាង​ទំនាយ​ពី​ព្រះ​យេស៊ូ​៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ម៉ាថាយ ២៤:១៤) គ្មាន​មនុស្ស​ណា​អាច​ប្រាប់​អំពី​ពេល​វេលា​នៃ​ទីបញ្ចប់​បាន​ឡើយ ប៉ុន្តែ​យើង​ដឹង​ថា ទីបញ្ចប់​នៃ​«ដំណ​មនុស្ស»​អាក្រក់​នេះ​នឹង​មក​ជា​មិន​ខាន ក្រោយ​ពី​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ថា​ការ​ផ្សាយ​បាន​គ្រប់គ្រាន់​ហើយ គឺ​បាន​«រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។—កិច្ចការ ១:៨

​«ថ្ងៃ​នឹង​ពេល​កំណត់»

១៤. តើ​ព្រះ​យេស៊ូ​និង​ប៉ុល​បាន​ឲ្យ​ដំបូន្មាន​អ្វី​អំពី​«ពេល​វេលា»​នោះ ហើយ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដែរ?

១៤ នៅ​ពេល​ដែល​ការ​ផ្សាយ​ពេញ​ពិភពលោក​បាន​សម្រេច​ដល់​កំរិត​ដែល​ព្រះ​យេហូវ៉ា​បំណង​ទុក នោះ​នឹង​ទៅ​ជា​«ថ្ងៃ​នឹង​ពេល​កំណត់»​សំរាប់​ទ្រង់​បំបាត់​ចោល​នូវ​របប​លោកីយ៍​នេះ។ យើង​មិន​ត្រូវ​ការ​ឲ្យ​ដឹង​ថ្ងៃ​ខែ​កំណត់​ជា​មុន​ទេ។ ដូច្នេះ​ហើយ ដោយ​ធ្វើ​តាម​គំរូ​ព្រះ​យេស៊ូ សាវ័ក​ប៉ុល​ដាស់​តឿន​ថា​៖ «បងប្អូន​អើយ ឯ​ត្រង់​ពេល​វេលា នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​មក​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់ ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា‹មាន​សេចក្ដី​សុខសាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ› នោះ​លោតែ​មាន​សេចក្ដី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ»។ ចូរ​កត់​សម្គាល់​ចំណុច​សំខាន់​របស់​ប៉ុល​៖ ‹ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ›។ ត្រូវ​ហើយ គឺ​នៅ​ពេល​ដែល​មាន​ការ​និយាយ​អំពី‹សេចក្ដី​សុខសាន្ត​និង​សេចក្ដី​រៀប​រយ› នៅ​ពេល​ដែល​មិន​សូវ​ទន្ទឹង​ចាំ នោះ​ហើយ​ជា​ពេល​ដែល​ព្រះ​នឹង​ប្រហារ​សេចក្ដី​ជំនុំជំរះ​ភ្លាម។ ដូច្នេះ​ហើយ សេចក្ដី​ទូន្មាន​របស់​ប៉ុល​នេះ ត្រឹម​ត្រូវ​ណាស់​៖ «ដូច្នេះ ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ»!—ថែស្សាឡូនីចទី១ ៥:១​-​៣, ៦; មើល​ខ៧​-​១១ដែរ; កិច្ចការ ១:៧

១៥, ១៦. (ក) ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​គិត​ថា សង្គ្រាម​អើម៉ាគេដូន​នៅ​ឆ្ងាយ​ជាង​ពី​កាល​ដែល​យើង​ជឿ​មក​នោះ? (ខ) តើ​អធិបតេយ្យភាព​នៃ​ព្រះ​យេហូវ៉ា ត្រូវ​បាន​លើក​ដំកើង​យ៉ាង​ណា​នៅ​អនាគត​ដ៏​ខ្លី​នេះ?

១៥ តើ​ទស្សនៈ​ដ៏​ត្រឹមត្រូវ​របស់​យើង​អំពី​«មនុស្ស​ដំណ​នេះ» មាន​ន័យ​ថា សង្គ្រាម​អើម៉ាគេដូន​នៅ​ឆ្ងាយ​ជាង​ពី​ការ​គិត​របស់​យើង​ពី​មុន​មក​ឬ? មិន​មែន​ទេ! ថ្វី​បើ​យើង​មិន​ដែល​ដឹង​នូវ​«ថ្ងៃ​នឹង​ពេល​កំណត់»​ក្ដី ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​ដឹង​ជានិច្ច ហើយ​ទ្រង់​មិន​ចេះ​ប្រែប្រួល​ឡើយ។ (ម៉ាឡាគី ៣:៦) ជា​ការ​ច្បាស់​ណាស់ លោកីយ៍​នេះ​កំពុង​តែ​លេច​ទៅ​បន្ដិច​ម្ដងៗ​រហូត​ដល់​ទី​ហិនវិនាស។ ការ​ត្រូវ​ការ​ឲ្យ​ចាំ​យាម នោះ​ជា​ការ​ចាំបាច់​ជាង​ពី​មុន​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​បាន​សម្ដែង​ប្រាប់​យើង​នូវ​«សេចក្ដី . . . ដែល​បន្ដិច​ទៀត​ត្រូវ​កើត​មាន​មក» ហើយ​យើង​ត្រូវ​តែ​ធ្វើ​តាម​សេចក្ដី​ទាំង​នេះ​ដោយ​យល់​ដឹង​ច្បាស់​នូវ​ភាព​បន្ទាន់​នេះ។—វិវរណៈ ១:១; ១១:១៨; ១៦:១៤, ១៦

១៦ កាល​ដែល​ពេល​កំណត់​កាន់​តែ​មក​ជិត​ឡើង ចូរ​ចាំ​យាម​ជានិច្ច ដ្បិត​ព្រះ​យេហូវ៉ា​ត្រៀម​នឹង​នាំ​មក​នូវ​វិបត្ដិ​ភ័យ​មក​លើ​របប​លោកីយ៍​របស់​សាតាំង​ទាំង​មូល! (យេរេមា ២៥:២៩​-​៣១) ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ «អញ​នឹង​ដំកើង​ខ្លួន​អញ ហើយ​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន ស្គាល់​អញ​ចំពោះ​ភ្នែក​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត»។ (អេសេគាល ៣៨:២៣) «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»​នោះ កំពុង​តែ​មក​កាន់​ជិត​ឡើង​ហើយ!—យ៉ូអែល ១:១៥; ២:១,២; អេម៉ុស ៥:១៨​-​២០; សេផានា ២:២, ៣

«ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី»​ដ៏​សុចរិត

១៧, ១៨. (ក) យោង​ទៅ​តាម​ព្រះ​យេស៊ូ​និង​ពេត្រុស តើ​«មនុស្ស​ដំណ​នេះ» កន្លង​បាត់​ទៅ​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ចាំ​យាម​ជានិច្ច​ចំពោះ​ចរិយា​និង​អំពើ​នៃ​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​នោះ?

១៧ ចំពោះ‹សេចក្ដី​ទាំង​អស់​នេះ​ដែល​នឹង​ត្រូវ​កើត​មាន​ឡើង› ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ»។ (ម៉ាថាយ ២៤:៣៤, ៣៥) ព្រះ​យេស៊ូ​ប្រហែល​ជា​ចង់​មាន​បន្ទូល​អំពី​«ផ្ទៃ​មេឃ ហើយ​ផែនដី»​—ដែល​ជា​អ្នក​គ្រប់គ្រង​និង​ប្រជា​រាស្ត្រ​ដែល​ត្រូវ​គ្រប់គ្រង​លើ—នៃ​«មនុស្ស​ដំណ​នេះ»។ សាវ័ក​ពេត្រុស​បាន​ប្រើ​ពាក្យ​ស្រដៀង​នេះ​ដែរ ក្នុង​ការ​សំដៅ​ចំពោះ​«ផ្ទៃ​មេឃ នឹង​ផែនដី​នៅ​ជាន់​នេះ» ដែល​បាន​«បំរុង​ទុក​ដល់​ថ្ងៃ​ជំនុំជំរះ ដោយសារ​ព្រះ​បន្ទូល​នៃ​ទ្រង់ សំរាប់​ឲ្យ​ភ្លើង​ឆេះ​វិញ ហើយ​បំផ្លាញ​មនុស្ស​ទមិលល្មើស​ចេញ»។ បន្ទាប់​មក គាត់​រៀប​រាប់​អំពី​របៀប​ដែល​«ថ្ងៃ​នៃ[ព្រះ​យេហូវ៉ា] នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ[រដ្ឋាភិបាល]នឹង​បាត់​ទៅ» ព្រម​ទាំង​សង្គម​មនុស្ស​ដ៏​ពុក​រលួយ​នេះ​ឬ​«ផែនដី» ហើយ​និង​កិច្ចការ​ដ៏​មាន​បាប​របស់​វា​ដែរ។ រួច​មក សាវ័ក​ពេត្រុស​ដាស់​តឿន​យើង​ឲ្យ​មាន​«កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង ដែល​នៅ​ថ្ងៃ​នោះ ផ្ទៃ​មេឃ​នឹង​ឆេះ​រលាយ​អស់ ហើយ​ធាតុ​សព្វសារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ក៏​ក្រៃលែង​ដូច្នេះ»! តើ​មាន​អ្វី​ជា​បន្ទាប់? ពេត្រុស​បាន​បែរ​អារម្មណ៍​របស់​យើង​ទៅ​ឯ‹ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត›។—ពេត្រុសទី២ ៣:៧, ១០​-​១៣c

១៨ «ផ្ទៃ​មេឃ​ថ្មី» ដែល​ជា​ព្រះ​រាជាណាចក្រ​សោយ​រាជ្យ​ដោយ​ព្រះ​យេស៊ូ​គ្រីស្ទ​និង​ពួក​ស្តេច​ឯ​ទៀត​របស់​ទ្រង់ នឹង​ប្រទាន​ពរ​មក​លើ​«ផែនដី​ថ្មី» ដែល​ជា​សង្គម​មនុស្ស​ជាតិ​ដ៏​សុចរិត។ តើ​អ្នក​នឹង​ទៅ​ជា​សមាជិក​នៃ​សង្គម​នោះ​ទេ? បើ​មែន អ្នក​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​អនាគត​ដ៏​រុងរឿង​ដែល​បាន​ទុក​មក!—អេសាយ ៦៥:១៧​-​១៩; វិវរណៈ ២១:១​-​៥

១៩. តើ​យើង​ឥឡូវ​នេះ​មាន​ឯក​សិទ្ធិ​ដ៏​ធំ​អ្វី?

១៩ ត្រូវ​ហើយ សូម្បីតែ​ឥឡូវ​នេះ «ដំណ»​មនុស្ស​ជាតិ​ដ៏​សុចរិត​ក៏​កំពុង​តែ​ប្រមូល​ចូល។ នៅ​សព្វ​ថ្ងៃ​នេះ «អ្នក​បំរើ​ស្មោះត្រង់​ហើយ​ឈ្លាស​វៃ»​ដែល​ចាក់​ប្រេង​តាំង កំពុងតែ​ផ្ដល់​ការ​អប់រំ​ពី​ព្រះ តាម​ពាក្យ​ដែល​ចែង​មក​នៅ​ទំនុកដំកើង ៧៨:១, ៤​៖ «ឱ​សាសន៍​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​អស់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ . . . ប្រកាស​ពី​អស់​ទាំង​សេចក្ដី​សរសើរ​នៃ​ព្រះ​យេហូវ៉ា ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្ដាប់ ព្រម​ទាំង​ឥទ្ធានុភាព នឹង​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​ផង»។ (ម៉ាថាយ ២៤:៤៥​-​៤៧ ព.ថ.) នៅ​ខែ​មេសា ទី១៤ នៃ​ឆ្នាំ​នេះ មនុស្ស​ជាង​១២.០០០.០០០​នាក់​នៅ​ជុំវិញ​ផែនដី​នេះ បាន​មក​ចូល​រួម​ក្នុង​បុណ្យ​រំឭក​មរណភាព​របស់​ព្រះ​គ្រីស្ទ នៅ​តាម​ក្រុមជំនុំ​ជាង​៧៥.៥០០​ក្រុមជំនុំ ក្នុង​ប្រមាណ២៣០ប្រទេស។ តើ​អ្នក​មាន​នៅ​ក្នុង​ចំណោម​ពួក​គេ​ទេ? សូម​ឲ្យ​អ្នក​ដាក់​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ‹អំពាវនាវ​ដល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ចុះ នោះ​នឹង​បាន​សង្គ្រោះ›។—រ៉ូម ១០:១០​-​១៣

២០. ដោយសារ​តែ‹ពេល​វេលា​កាន់​តែ​ខ្លី​ណាស់​ហើយ› តើ​យើង​ត្រូវ​ចាំ​យាម​ជានិច្ច​យ៉ាង​ណា ហើយ​មាន​ទី​សង្ឃឹម​អ្វី​នា​អនាគត?

២០ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ‹ពេល​វេលា​កាន់​តែ​ខ្លី​ណាស់​ហើយ›។ ដូច្នេះ នេះ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​ចាំ​យាម​ជានិច្ច ហើយ​រវល់​ជាប់​នឹង​កិច្ចការ​របស់​ព្រះ​យេហូវ៉ា ក្នុង​កាល​ដែល​យើង​អត់​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​និង​សម្អប់​ដែល​ដំណ​មនុស្ស​អាក្រក់​នេះ​ដាក់​មក​លើ​យើង។ (កូរិនថូសទី១ ៧:២៩; ម៉ាថាយ ១០:២២; ២៤:១៣, ១៤) ចូរ​ឲ្យ​យើង​ចាំ​យាម​ជានិច្ច សង្កេត​មើល​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​បាន​ទាយ​មក​ក្នុង​ព្រះ​គម្ពីរ ដែល​នឹង​ធ្លាក់​មក​លើ​«មនុស្ស​ដំណ​នេះ»។ (លូកា ២១:៣១​-​៣៣) ដោយ​ជៀសវាង​ពី​ការ​ទាំង​នេះ ហើយ​ដោយ​ឈរ​ឲ្យ​បាន​ការ​យល់​ព្រម​ពី​ព្រះ នៅ​ពី​មុខ​កូន​មនុស្ស នោះ​យើង​ប្រហែល​ជា​អាច​ទទួល​រង្វាន់​នៃ​ជីវិត​អស់កល្ប​ជានិច្ច​បាន។

[កំណត់​សម្គាល់]

a បើ​ចង់​បាន​ពត៌មាន​ដ៏​ល្អិតល្អន់​អំពី​«៧​ខួប» សូម​មើល​សៀវភៅ “Let Your Kingdom Come” ទំព័រ ១២៧​-​៣៩, ១៨៦​-​៩ បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ជា​ភាសា​អង់គ្លេស)

b សូម​មើល​សៀវភៅ Insight on the Scriptures ក្បាល​ទី១ ទំព័រ៩១៨ បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

c សូម​មើល​សៀវភៅ Our Incoming World Government—God’s Kingdom ទំព័រ ១៥២​-​៦ និង ១៨០​-​១ បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ជា​ភាសា​អង់គ្លេស)

ការ​សួរ​សា​ឡើង​វិញ​៖

◻ ដោយ​បាន​ឃើញ​ការ​សម្រេច​ទំនាយ​ដានីយ៉ែល ៤:៣២ តើ​ឥឡូវ​នេះ យើង​ត្រូវ​«ចាំ​យាម»​យ៉ាង​ណា?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ និង លូកា សម្គាល់​«មនុស្ស​ដំណ​នេះ»?

◻ កាល​ដែល​យើង​រង់ចាំ​«ថ្ងៃ​នឹង​ពេល​កំណត់» តើ​យើង​ត្រូវ​សង្កេត​មើល​អ្វី ហើយ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា?

◻ តើ​សេចក្ដី​សង្ឃឹម​ទៅ​លើ​«ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី»​ដ៏​សុចរិត លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

[រូបភាព​នៅ​ទំព័រ​១៥]

មនុស្ស​ជាតិ​ដែល​រង​ទុក្ខវេទនា​នឹង​បាន​ការ​ធូរស្បើយ នៅ​ពេល​ដែល​ដំណ​មនុស្ស​ដ៏​ឃោរឃៅ​និង​អាក្រក់ជួជាតិ​នេះ​កន្លង​បាត់​ទៅ

[អ្នក​ផ្ដល់​សិទ្ធិ]

Alexandra Boulat/Sipa Press

[អ្នក​ផ្ដល់​សិទ្ធិ]

Left and below: Luc Delahaye/Sipa Press

[រូបភាព​នៅ​ទំព័រ​១៦]

«ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី»​ដ៏​រុងរឿង​នៅ​ជិត​ខាង​មុខ​នេះ គឺ​សំរាប់​មនុស្ស​គ្រប់​ពូជ​សាសន៍

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក