រាជ្យរបស់ព្រះ តើនឹងចាប់ផ្ដើមនៅពេលណា?
‹លោកម្ចាស់អើយ! តើនៅគ្រានេះឬអី ដែលលោកនឹងតាំងនគរឲ្យពួកអ៊ីស្រាអែល?›។ (កិច្ចការ ១:៦) សាវ័ករបស់ព្រះយេស៊ូក៏ចង់ដឹងដែរ ថាតើលោកនឹងចាប់ផ្ដើមសោយរាជ្យនៅពេលណា? នៅសព្វថ្ងៃនេះ ២.០០០ឆ្នាំបានកន្លងផុតទៅ តាំងពីព្រះយេស៊ូបានប្រកាសប្រាប់អំពីរាជ្យរបស់ព្រះ ហើយយើងក៏ចង់ដឹងដែរ ថាតើរាជ្យរបស់ព្រះនឹងចាប់ផ្ដើមនៅពេលណា?
ដោយសាររាជាណាចក្ររបស់ព្រះជារឿងសំខាន់ចម្បងក្នុងកិច្ចការផ្សព្វផ្សាយរបស់ព្រះយេស៊ូ យើងអាចស្មានថា លោកបានពិភាក្សាអំពីពេលដែលការគ្រប់គ្រងនោះនឹងចាប់ផ្ដើម។ តាមការពិត ព្រះយេស៊ូបានពន្យល់អំពីគ្រាដែលលោកនឹងឡើងសោយរាជ្យមែន! ច្រើនដងច្រើនសាព្រះយេស៊ូមានប្រសាសន៍អំពីវត្តមានរបស់លោក។a (ម៉ាថាយ ២៤:៣៧) វត្តមានរបស់ព្រះយេស៊ូទាក់ទងចំៗទៅនឹងការស្ថាបនារាជ្យរបស់លោកជាមេស្ស៊ី។ តើព្រះយេស៊ូមានវត្តមាននៅពេលណា? សូមឲ្យយើងពិនិត្យមើលចំណុចបួនយ៉ាង ដែលគម្ពីររៀបរាប់ស្តីអំពីវត្តមានរបស់ព្រះយេស៊ូគ្រិស្ត។
១. ព្រះយេស៊ូគ្រិស្តមានវត្តមានម្ដងទៀត យូរឆ្នាំក្រោយលោកបានទទួលមរណភាព។ ក្នុងរឿងប្រៀបប្រដូចមួយ ព្រះយេស៊ូបានប្រៀបធៀបខ្លួនទៅនឹងបុរសម្នាក់ដែល«ចេញទៅឯស្រុកឆ្ងាយដើម្បីគ្រងរាជ្យ»។ (លូកា ១៩:១២) តើទំនាយនោះបានសម្រេចយ៉ាងណា? ក្រោយព្រះយេស៊ូបានទទួលមរណភាព ព្រះយេហូវ៉ាប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ហើយព្រះយេស៊ូបានឡើងទៅស្ថានសួគ៌ ហាក់ដូចជាបានធ្វើដំណើរទៅ«ស្រុកឆ្ងាយ»។ ក្នុងរឿងប្រៀបប្រដូចមួយទៀត ព្រះយេស៊ូបានទាយថា គ្រាដែលលោកនឹងត្រឡប់មកវិញ ហើយមានអំណាចជាស្តេច នោះត្រូវកើតឡើង«យូរ[ឆ្នាំ]ក្រោយមក»។—ម៉ាថាយ ២៥:១៩
ប៉ុន្មានឆ្នាំក្រោយព្រះយេស៊ូបានឡើងទៅស្ថានសួគ៌ សាវ័កប៉ុលបានសរសេរថា៖ ‹ក្រោយដែលព្រះយេស៊ូបានថ្វាយយញ្ញបូជាតែ១ដោយព្រោះបាប នោះលោកបានគង់ខាងស្ដាំព្រះនៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវឲ្យធ្វើជាកំណល់កល់ព្រះបាទ›។ (ហេព្រើរ ១០:១២, ១៣) នេះមានន័យថា ក្រោយព្រះយេស៊ូបានឡើងទៅស្ថានសួគ៌ លោកបានចាំនៅទីនោះអស់រយៈពេលយូរបន្ដិច។ ពេលព្រះយេហូវ៉ាឲ្យព្រះយេស៊ូជាបុត្រលោកឡើងសោយរាជ្យជាមេស្ស៊ី នោះគ្រារង់ចាំបានចប់ហើយ ពីព្រោះព្រះយេស៊ូគ្រិស្តមានវត្តមានចាប់ពីពេលនោះមក។ តើមនុស្សនៅផែនដីបានមើលឃើញព្រឹត្ដិការណ៍ដ៏រុងរឿងនោះទេ?
២. មនុស្សមិនអាចមើលឃើញវត្តមានរបស់ព្រះយេស៊ូគ្រិស្តដោយផ្ទាល់ភ្នែកទេ។ កាលនៅផែនដីពីមុន ព្រះយេស៊ូបានពន្យល់អំពីទីសម្គាល់ឬសញ្ញាដែលសម្គាល់វត្តមានរបស់លោក។ (ម៉ាថាយ ២៤:៣) បើមនុស្សអាចមើលឃើញវត្តមានរបស់ព្រះយេស៊ូ តើចាំបាច់ឲ្យមានសញ្ញាសម្គាល់ទេ? សូមគិតទៅមើល បើយើងកំពុងធ្វើដំណើរទៅលេងឆ្នេរសមុទ្រ យើងប្រហែលជាឃើញផ្លាកសញ្ញាតាមផ្លូវដែលជួយណែនាំឲ្យរកឆ្នេរមែន។ ប៉ុន្តែ ពេលទៅដល់មាត់សមុទ្រ ទាំងឈរនៅលើឆ្នេរខ្សាច់និងគយគន់មហាសាគរនៅមុខយើងពីជើងមេឃម្ខាងទៅជើងមេឃម្ខាង តើចាំបាច់ឲ្យមានផ្លាកបដាធំមួយចង្អុលថា «នោះហ្ន៎! មហាសាគរ!»ឬទេ? មិនចាំបាច់ទេ! បើស្រួលឃើញដោយផ្ទាល់ភ្នែក យើងមិនត្រូវការសញ្ញាសម្គាល់ឡើយ។
ផ្ទុយទៅវិញ ដោយសារមនុស្សមិនអាចឃើញវត្តមានរបស់ព្រះយេស៊ូដោយផ្ទាល់ភ្នែក លោករៀបរាប់អំពីសញ្ញាសម្គាល់ដែលជួយមនុស្សឲ្យយល់ថា ព្រឹត្ដិការណ៍ពិសេសបានកើតឡើងនៅឯស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះយេស៊ូមានប្រសាសន៍ថា៖ «នគរព្រះមិនមែនមកបែបឲ្យមើលឃើញទេ»។ (លូកា ១៧:២០) បើដូច្នេះ តើសញ្ញាសម្គាល់អាចបញ្ជាក់ដល់មនុស្សនៅផែនដីយ៉ាងដូចម្ដេចថា ព្រះយេស៊ូគ្រិស្តមានវត្តមាន?
៣. គ្រាលំបាកនៅផែនដីសម្គាល់ថា ព្រះយេស៊ូមានវត្តមាន។ ព្រះយេស៊ូបានពន្យល់ថា ពេលលោកមានវត្តមានជាស្តេចនៅស្ថានសួគ៌ សង្គ្រាម ទុរ្ភិក្ស រញ្ជួយផែនដី រោគរាតត្បាតនិងការទទឹងច្បាប់ទូទាំងផែនដីនឹងសម្គាល់វត្តមានរបស់លោក។ (ម៉ាថាយ ២៤:៧-១២; លូកា ២១:១០, ១១) ម្ដេចក៏មានទុក្ខវេទនាច្រើនម្ល៉េះៗ? ការពន្យល់ក្នុងគម្ពីរបង្ហាញថា «ចៅហ្វាយរបស់មនុស្សលោក» គឺសាតាំង វាខឹងណាស់! ពីព្រោះវាដឹងថា ចាប់ពីពេលដែលព្រះយេស៊ូគ្រិស្តមានវត្តមានជាស្តេច នោះវាសល់តែពេលខ្លី។ (យ៉ូហាន ១២:៣១, ខ.ស.; វិវរណៈ ១២:៩, ១២) នៅសម័យនេះ យើងឃើញទីសំអាងច្រើនអនេក ដែលបង្ហាញពីកំហឹងរបស់សាតាំងនិងវត្តមានរបស់ព្រះយេស៊ូគ្រិស្ត។ ឆ្នាំ១៩១៤ជាឆ្នាំដែលអ្នកប្រវត្ដិវិទូឯកភាពថា មានលក្ខណៈប្រែប្រួលខ្លាំងជាងគេនៅផែនដី។ ជាពិសេសចាប់តាំងពីឆ្នាំនោះមក មនុស្សលោកបានឃើញបញ្ហារីកកាន់តែច្រើនឡើងៗទូទាំងពិភពលោក លើសជាងមុនៗក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ។
នេះប្រហែលជាស្ដាប់ទៅដូចជាដំណឹងអាក្រក់ណាស់! ប៉ុន្តែតាមការពិត នេះជាដំណឹងល្អវិញ ពីព្រោះបញ្ជាក់ថា ព្រះយេស៊ូកំពុងកាន់អំណាចជាមេស្ស៊ីក្នុងរាជ្យរបស់លោកនៅឯស្ថានសួគ៌។ មិនយូរប៉ុន្មានទៀត រាជរដ្ឋាភិបាលរបស់ព្រះយេស៊ូនឹងគ្រប់គ្រងលើផែនដីទាំងមូល។ បើដូច្នេះ តើមនុស្សអាចដឹងអំពីរាជាណាចក្ររបស់ព្រះយេស៊ូ និងក្លាយទៅជារាស្ត្រដែលចុះចូលក្រោមអំណាចលោកយ៉ាងដូចម្ដេចបាន?
៤. កិច្ចការផ្សព្វផ្សាយជាសញ្ញាមួយទៀតដែលសម្គាល់វត្តមានរបស់ព្រះយេស៊ូ។ ព្រះយេស៊ូមានប្រសាសន៍អំពីវត្តមានរបស់លោកថា នឹងមានលក្ខណៈដូច«ជំនាន់លោកណូអេ»។b (ម៉ាថាយ ២៤:៣៧-៣៩) ណូអេមិនគ្រាន់តែបានកសាងទូកធំប៉ុណ្ណោះទេ តែគាត់ក៏ជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»ផងដែរ។ (ពេត្រុសទី២ ២:៥) ណូអេបានព្រមានមនុស្សនៅសម័យគាត់ថា ព្រះយេហូវ៉ាមានបំណងវិនិច្ឆ័យទោស។ ព្រះយេស៊ូក៏បានបង្រៀនថា ពេលលោកមានវត្តមាន អស់អ្នកដែលកាន់តាមលោកនឹងធ្វើកិច្ចការប្រកាសសារដូចណូអេដែរ។ ព្រះយេស៊ូបានទាយថា៖ «គេនឹងប្រកាសដំណឹងល្អអំពីព្រះរាជ្យនេះពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះ ទើបដល់អវសានកាលនៃពិភពលោក»។—ម៉ាថាយ ២៤:១៤, ខ.ស.
ដូចបានបញ្ជាក់ក្នុងអត្ថបទមុន រាជាណាចក្ររបស់ព្រះនឹងកម្ទេចចោលអស់ទាំងរដ្ឋាភិបាលរបស់មនុស្សជាតិ។ ដូច្នេះ កិច្ចការផ្សព្វផ្សាយនេះជួយមនុស្សឲ្យដឹងថា បន្ដិចទៀតរាជរដ្ឋាភិបាលនៅស្ថានសួគ៌នឹងចាត់វិធានការ។ យ៉ាងនេះ ពួកគេមានឱកាសរួចរស់ជីវិតពីសេចក្ដីហិនវិនាស និងក្លាយទៅជារាស្ត្រនៃរាជាណាចក្ររបស់ព្រះ។ ដូច្នេះ សំណួរសំខាន់បំផុតគឺ តើលោកអ្នកនឹងធ្វើយ៉ាងណា?
រាជ្យរបស់ព្រះ តើយើងព្រមចុះចូលទេ?
សារដែលព្រះយេស៊ូបានផ្សព្វផ្សាយ ផ្ដល់សេចក្ដីសង្ឃឹមដែលគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ រាប់ពាន់ឆ្នាំមុន គឺនៅក្នុងសួនច្បារអេដែន មនុស្សមួយគូដំបូងបានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ រួចមក ព្រះយេហូវ៉ាមានបំណងបង្កើតរដ្ឋាភិបាលថ្មីដែលនឹងដោះស្រាយបញ្ហាទាំងអស់។ រាជរដ្ឋាភិបាលនោះត្រូវរៀបចំឲ្យមានស្ថានភាពនៅផែនដី ស្របទៅតាមគោលបំណងដើមរបស់ព្រះយេហូវ៉ា ពោលគឺ ឲ្យមនុស្សរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី។ ពេលឮដំណឹងថា រាជរដ្ឋាភិបាលនោះកំពុងគ្រប់គ្រងនៅស្ថានសួគ៌ហើយ នេះពិតជាផ្ដល់ហេតុឲ្យយើងមានចិត្តរីករាយមែន! ដំណឹងនេះពិតជាសំខាន់ណាស់! ពីព្រោះរាជ្យរបស់ព្រះមិនមែនជាការស្រមើស្រមៃទេ តែជារដ្ឋាភិបាលពិតដែលបានស្ថាបនាហើយ!
ពេលឥឡូវនេះ ស្តេចដែលព្រះយេហូវ៉ាបានរើសតាំងឡើង កំពុងគ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវរបស់លោក។ (ទំនុកដំកើង ១១០:២) ទោះជាពិភពលោកនេះចេះតែខូចទៅៗ និងមិនចុះចូលចំពោះព្រះយេហូវ៉ាក៏ដោយ ព្រះយេស៊ូមានមុខតំណែងជាមេស្ស៊ី ហើយកំពុងធ្វើតាមបំណងចិត្តនៃបិតាលោក ដោយខំរកអស់អ្នកដែលចង់ស្គាល់និងថ្វាយបង្គំព្រះយេហូវ៉ា«ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត»។ (យ៉ូហាន ៤:២៤, ព.ថ.) មនុស្សគ្រប់ជនជាតិ គ្រប់ស្រទាប់វណ្ណៈនិងគ្រប់អាយុ អាចមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្រោមអំណាចនៃរាជ្យរបស់ព្រះ។ (កិច្ចការ ១០:៣៤, ៣៥) ដូច្នេះ យើងសូមដាស់តឿនលោក លោកស្រីទាំងអស់គ្នា ឲ្យចាប់យកសេចក្ដីសង្ឃឹមនេះ ដោយរៀនភ្លាមៗអំពីរាជ្យរបស់ព្រះ ដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ក្រោមការគ្រប់គ្រងដ៏ល្អនៃរាជ្យរបស់ព្រះ។—យ៉ូហានទី១ ២:១៧
[កំណត់សម្គាល់]
a គម្ពីរខ្មែរមានពាក្យ«មក»ឬ«យាងមក» ប៉ុន្តែពាក្យភាសាដើមមានន័យថា «វត្តមាន»ទៅវិញ។ បើចង់បានព័ត៌មានថែមទៀត សូមមើលវគ្គ៣ ក្នុងអត្ថបទដែលមានចំណងជើងថា «សារៈសំខាន់នៃវត្តមានរបស់ព្រះគ្រិស្ត» នៅទំព័រ២៦ ក្នុងទស្សនាវដ្ដីនេះ។
b ការប្រៀបធៀបនេះរបស់ព្រះយេស៊ូសឲ្យឃើញថា ពាក្យភាសាដើមដែលគួរតែបកប្រែថា ‹វត្តមាន›នោះ គម្ពីរខ្លះមិនបានបកប្រែឲ្យបានច្បាស់លាស់ទេ។ សេចក្ដីបកប្រែខ្លះ ដូចជាគម្ពីរខ្មែរជាដើម ដាក់ពាក្យ«មក»ឬ«យាងមក»វិញ ដែលបង្កប់អត្ថន័យជាព្រឹត្ដិការណ៍ដែលកើតឡើងក្នុងមួយរំពេចតែប៉ុណ្ណោះ។ ប៉ុន្តែ សូមកត់សម្គាល់ថា ព្រះយេស៊ូមិនបានប្រៀបធៀបវត្តមានរបស់លោកទៅនឹងពេលដែលទឹកជន់លិចផែនដីទេ ដែលជាព្រឹត្ដិការណ៍តែមួយរយៈខ្លីប៉ុណ្ណោះ តែលោកសំដៅទៅលើ«ជំនាន់លោកណូអេ»វិញ ដែលជាគ្រាសំខាន់មួយរយៈយូរបន្ដិច។ ដូចសម័យណូអេ វត្តមានរបស់ព្រះយេស៊ូគ្រិស្តមានរយៈពេលយូរបន្ដិច ជាគ្រាដែលមនុស្សចេះតែរវល់នឹងជីវិតដល់ម្ល៉េះបានជាមិនអើពើនឹងការព្រមានដែលប្រកាសមក។
[រូបភាពនៅទំព័រ៦]
ព័ត៌មានដែលផ្សាយមកជារៀងរាល់ថ្ងៃស្តីអំពីព្រឹត្ដិការណ៍អាក្រក់ៗទូទៅជាទីសំអាងដែលបង្ហាញថា ស្ថានភាពល្អជិតមកដល់ហើយ!
[អ្នកផ្ដល់សិទ្ធិ]
Antiaircraft gun: U.S. Army photo