បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/២ ទំ. ៣-៤
  • តើរាជ្យរបស់ព្រះនឹងធ្វើអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើរាជ្យរបស់ព្រះនឹងធ្វើអ្វី?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • អត្ថបទស្រដៀងគ្នា
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើលោកយេស៊ូបង្រៀនអ្វីខ្លះអំពីរាជាណាចក្ររបស់ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើអ្វីជាព្រះរាជាណាចក្រនៃព្រះ?
    តើព្រះតម្រូវអ្វីពីយើង?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/២ ទំ. ៣-៤

តើ​រាជ្យ​របស់​ព្រះ​នឹង​ធ្វើ​អ្វី?

ពេល​ព្រះ​យេស៊ូ​បាន​ផ្សព្វផ្សាយ តើ​លោក​បាន​បង្រៀន​អំពី​អ្វី​ច្រើន​ជាង​គេ? យោង​ទៅ​តាម​ព្រះ​យេស៊ូ នគរ​ឬ​រាជ្យ​របស់​ព្រះ​ជា​រឿង​សំខាន់​ចម្បង។ (លូកា ៤:៤៣; ខ.ស.) ពេល​បណ្ដា​ជន​បាន​ស្ដាប់​ព្រះ​យេស៊ូ ច្រើន​ដង​ច្រើន​សា​ពួក​គេ​បាន​ស្ដាប់​លោក​ពោល​ពាក្យ​ដែល​សំដៅ​ទៅ​លើ​រាជ្យ​របស់​ព្រះ។ ពេល​ឮ​ពាក្យ​នោះ តើ​ពួក​គេ​ឆ្ងល់​អំពី​អត្ថន័យ​ទេ? តើ​ពួក​គេ​បាន​សួរ​ព្រះ​យេស៊ូ​ថា នគរ​ឬ​រាជ្យ​នោះ​ជា​អ្វី​ទេ? យោង​ទៅ​តាម​កំណត់​ហេតុ​នីមួយៗ​ក្នុង​គម្ពីរ ដែល​រៀប​រាប់​អំពី​ទង្វើ​និង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ បណ្ដា​ជន​មិន​ដែល​ឆ្ងល់​ឬ​សួរ​ដូច​នោះ​ឡើយ។ តើ​នេះ​មាន​ន័យ​ថា ពួក​គេ​ធ្លាប់​ឮ​អំពី​នគរ​ឬ​រាជ្យ​របស់​ព្រះ​ទេ?

តាម​ការ​ពិត គម្ពីរ​បុរាណ​ដែល​ជន​ជាតិ​យូដា​ចាត់​ទុក​ថា​ជា​ធម៌​បរិសុទ្ធ រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​នគរ​របស់​ព្រះ និង​អ្វី​ដែល​រាជ្យ​នោះ​នឹង​សម្រេច។ យើង​អាច​រៀន​ច្រើន​ជាង​ពួក​យូដា​ទៅ​ទៀត​អំពី​រាជ្យ​របស់​ព្រះ ដោយ​សិក្សា​គម្ពីរ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ចំណុច​៧​យ៉ាង ដែល​គម្ពីរ​រៀប​រាប់​ស្តី​អំពី​នគរ​ឬ​រាជ្យ​របស់​ព្រះ។ ជន​ជាតិ​យូដា​នៅ​សម័យ​ព្រះ​យេស៊ូ ក៏​ដូច​ជីដូន​ជីតា​របស់​ពួក​គាត់​មុន​សម័យ​លោក​ទៅ​ទៀត ធ្លាប់​ដឹង​ចំណុច​១​ដល់​៣​រួច​ទៅ​ហើយ។ ចំណុច​៤​ដល់​៦ ព្រះ​យេស៊ូ​គ្រិស្ត​និង​សាវ័ក​របស់​លោក​បាន​បង្រៀន​នៅ​សតវត្សរ៍​ទី​មួយ។ រីឯ​ចំណុច​ទី​៧​វិញ ចំណុច​នេះ​ទើប​តែ​បាន​ឃើញ​ច្បាស់​នៅ​សម័យ​នេះ។

១​. រាជ្យ​របស់​ព្រះ​ជា​រដ្ឋាភិបាល​មួយ​ដែល​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ទំនាយ​ទី​មួយ​ក្នុង​គម្ពីរ​បង្ហាញ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ដើម្បី​ប្រោស​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​រួច​ពី​ទុក្ខ​វេទនា។ ទំនាយ​នោះ​សំដៅ​ទៅ​លើ​អ្នក​សង្គ្រោះ​ជា​«ពូជ»​មួយ​អង្គ​ដែល​នឹង​កែ​ប្រែ​ស្ថានភាព​អាក្រក់ ដែល​ចាប់​ផ្ដើម​ឡើង​ពេល​អ័ដាម អេវ៉ា​និង​សាតាំង​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ (លោកុប្បត្តិ ៣:១៥) រាប់​រយ​ឆ្នាំ​ក្រោយ​មក ស្តេច​ល្អ​ម្នាក់​នៅ​ប្រទេស​អ៊ីស្រាអែល ឈ្មោះ​ដាវីឌ បាន​ទទួល​ដំណឹង​ដ៏​អស្ចារ្យ​អំពី​«ពូជ»​នោះ ថា​ជា​អ្នក​ដែល​ព្រះ​រើស​តាំង​ឲ្យ​ទទួល​អំណាច​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​លោក។ រាជ​រដ្ឋាភិបាល​នោះ​នឹង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​រដ្ឋាភិបាល​ឯ​ទៀត ហើយ​នឹង​ស្ថិតស្ថេរ​ជា​ដរាប។—សាំយូអែលទី២ ៧:​១២​-​១៤

២​. រាជ្យ​របស់​ព្រះ​ត្រូវ​ជំនួស​ការ​គ្រប់គ្រង​របស់​មនុស្ស។ លោក​ដានីយ៉ែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ ហើយ​គាត់​បាន​ឃើញ​ក្នុង​គំនិត​នូវ​មហា​អំណាច​នីមួយៗ​ដែល​មាន​តៗ​គ្នា តាំង​ពី​សម័យ​ដើម​រហូត​មក​ដល់​សម័យ​យើង។ អ្វី​ដែល​គាត់​ឃើញ​នៅ​ទី​បញ្ចប់ គឺ​អស្ចារ្យ​ណាស់! គាត់​សរសេរ​ថា​៖ «ក្នុង​រជ្ជកាល​របស់​ស្តេច​ទាំង​នោះ» ដែល​សំដៅ​ទៅ​លើ​អ្នក​គ្រប់គ្រង​នា​សម័យ​ចុង​ក្រោយ​នេះ ព្រះ​នៅ​ស្ថាន​សួគ៌​«នឹង​ធ្វើ​អោយ​រាជាណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ​ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់​គ្រង​របស់​ប្រជាជាតិ​ណា​មួយ​ឡើយ។ រាជាណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជាណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ពី​មុន​អោយ​វិនាស​សូន្យ ហើយ​រាជាណាចក្រ​នេះ​នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ»។ នេះ​បាន​សេចក្ដី​ថា រាជាណាចក្រ​និង​រដ្ឋាភិបាល​ទាំង​ឡាយ​ក្នុង​ពិភព​លោក​នេះ ដែល​ចេះ​តែ​ពុក​រលួយ សង្កត់​សង្កិន​មនុស្ស​ជាតិ និង​បង្ក​បង្កើត​ឲ្យ​មាន​សង្គ្រាម ត្រូវ​វិនាស​ទៅ​ទាំង​ស្រុង។ បទ​ទំនាយ​របស់​ដានីយ៉ែល​បង្ហាញ​ថា បន្ដិច​ទៀត​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។ (ដានីអែល ២:៤៤, ៤៥, ខ.ស.) បន្តបន្ទាប់​ទៀត មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ ដែល​នឹង​គ្រប់គ្រង​លើ​មនុស្ស​ជាតិ។

៣​. រាជ្យ​របស់​ព្រះ​នឹង​ទប់​ស្កាត់​សង្គ្រាម ជំងឺ​តម្កាត់​និង​ទុរ្ភិក្ស ព្រម​ទាំង​សេចក្ដី​ស្លាប់​ផង។ ក្នុង​គម្ពីរ មាន​ទំនាយ​ជា​ច្រើន​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ស្តី​អំពី​អ្វី​ដែល​រាជ្យ​របស់​ព្រះ​នឹង​សម្រេច​នៅ​ផែនដី។ អ្វីៗ​ដែល​ស្តេច​និង​រដ្ឋាភិបាល​នានា​របស់​មនុស្ស​មិន​ធ្លាប់​សម្រេច ហើយ​គ្មាន​លទ្ធភាព​សម្រេច នោះ​រាជ​រដ្ឋាភិបាល​របស់​ព្រះ​នឹង​សម្រេច​ជា​ពុំ​ខាន។ សូម​គិត​ទៅ​មើល គ្រឿង​សស្ដ្រាវុធ​នឹង​លែង​មាន​ទៀត! រាជ្យ​របស់​ព្រះ​នឹង​«បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់ រហូត​ដល់​ចុង​ផែនដី»។ (ទំនុកដំកើង ៤៦:៩) គ្រូ​ពេទ្យ មន្ទីរពេទ្យ​និង​ជំងឺ​គ្រប់​បែប​យ៉ាង​ក៏​នឹង​លែង​មាន​ដែរ។ មនុស្ស​«នឹង​មិន​ថា ‹ខ្ញុំ​ឈឺ› ទៀត​ឡើយ!»។ (អេសាយ ៣៣:២៤) ការ​អត់​បាយ​និង​ទុរ្ភិក្ស​ក៏​នឹង​លែង​មាន​ទៀត​ផង ពីព្រោះ​ប្រទេស​ទាំង​ឡាយ​«នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក»។ (ទំនុកដំកើង ៧២:១៦) បុណ្យ​ខ្មោច​ព្រម​ទាំង​កន្លែង​បូជា​និង​ទី​កប់​សព​នឹង​មិន​មាន​ទៀត​ទេ ហើយ​មនុស្ស​នឹង​លែង​យំ​សោក​ជានិច្ច។ សេចក្ដី​ស្លាប់​ដែល​ធ្លាប់​តែ​យាយី​មនុស្ស​ជាតិ​ក៏​នឹង​លែង​មាន​ដែរ។ ព្រះ​យេហូវ៉ា‹នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប ហើយ​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់›។—អេសាយ ២៥:៨

៤​. ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ស្តេច​មួយ​អង្គ​ឲ្យ​កាន់​អំណាច​ក្នុង​រាជ្យ​របស់​លោក។ ស្តេច​ក្នុង​រាជ្យ​របស់​ព្រះ មិន​តែងតាំង​ខ្លួន​ឡើង ហើយ​មនុស្ស​ក៏​មិន​រើស​តាំង​ស្តេច​នោះ​ឲ្យ​គ្រប់គ្រង​ទេ។ គឺ​ព្រះ​យេហូវ៉ា​ដែល​រើស​តាំង​ស្តេច​ថ្មី​ឲ្យ​មាន​មុខ​តំណែង​ជា​មេស្ស៊ី​ឬ​គ្រិស្ត។ ពាក្យ​ភាសា​ហេព្រើរ​និង​ភាសា​ក្រិច​ទាំង​នេះ មាន​ន័យ​ថា «អ្នក​រើស​តាំង»។ នេះ​បាន​ន័យ​ថា ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ស្តេច​នោះ​ឲ្យ​បំពេញ​ភារកិច្ច​សំខាន់។ ស្តី​អំពី​អ្នក​ដែល​បាន​រើស​តាំង​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ «លោក​នេះ​ហើយ ជា​អ្នក​បំរើ​ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើសរើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​[សកម្ម​ពល]​របស់​យើង​លើ​លោក។ លោក​នឹង​បង្ហាញ​អោយ​ប្រជាជាតិ​ទាំង​ឡាយ​ស្គាល់​ការ​វិនិច្ឆ័យ»។ (អេសាយ ៤២:១, ខ.ស.; ម៉ាថាយ ១២:១៧, ១៨) ប្រាកដ​ណាស់! មាន​តែ​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​សព្វសារពើ ដែល​អាច​ជ្រើសរើស​អ្នក​គ្រប់គ្រង​ដ៏​ល្អ​បំផុត​ឲ្យ​យើង មែន​ទេ?

៥​. ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​បាន​បង្ហាញ​រួច​ហើយ​ថា លោក​គួរ​នឹង​ទទួល​អំណាច​គ្រប់គ្រង​មែន។ ភ័ស្តុតាង​បង្ហាញ​ថា បុរស​ឈ្មោះ​យេស៊ូ​ដែល​បាន​កើត​មក​នៅ​ក្រុង​ណាសារ៉ែត នា​ប្រទេស​អ៊ីស្រាអែល បាន​សម្រេច​ទំនាយ​នានា​ស្តី​អំពី​អ្នក​ដែល​មាន​មុខ​តំណែង​ជា​មេស្ស៊ី។ ជីដូន​ជីតា​តៗ​គ្នា​របស់​ព្រះ​យេស៊ូ​សុទ្ធតែ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​ពី​ដើម​មក។ (លោកុប្បត្តិ ២២:១៨; របាក្សត្រទី១ ១៧:១១; ម៉ាថាយ ១:១) ពេល​នៅ​ផែនដី ព្រឹត្ដិការណ៍​ជា​ច្រើន​ក្នុង​ជីវិត​របស់​ព្រះ​យេស៊ូ​បំពេញ​ទំនាយ​ដែល​បាន​សរសេរ​រាប់​រយ​ឆ្នាំ​មុន ស្តី​អំពី​អ្នក​ដែល​ជា​មេស្ស៊ី។ សូម្បី​តែ​ព្រះ​យេហូវ៉ា​នៅ​ឯ​ស្ថាន​សួគ៌​បាន​សម្គាល់​ព្រះ​យេស៊ូ​ជា​អ្នក​ដែល​មាន​មុខ​តំណែង​ជា​មេស្ស៊ី។ តើ​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​ដោយ​វិធី​ណា​ខ្លះ? វិធី​ម្យ៉ាង គឺ​អស់​ពីរ​បី​ដង​ដែល​ព្រះ​យេហូវ៉ា​បាន​បញ្ចេញ​សំឡេង​ថា ព្រះ​យេស៊ូ​ជា​បុត្រ​របស់​លោក។ វិធី​មួយ​ទៀត ពួក​ទេវតា​បាន​ប្រាប់​មនុស្ស​ថា ព្រះ​យេស៊ូ​ជា​មេស្ស៊ី​ស្រប​ទៅ​តាម​ទំនាយ។ ណា​មួយ​ទៀត ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ ជួន​កាល​នៅ​មុខ​មនុស្ស​រាប់​រយ​នាក់ ឬ​រហូត​ដល់​រាប់​ពាន់​នាក់​ក៏​មាន ដែល​ជា​សាក្សី​ថា អំណាច​របស់​ព្រះ​យេស៊ូ​ពិត​ជា​មក​ពី​ព្រះ​នៅ​ស្ថាន​សួគ៌​មែន!a ម្ដង​ហើយ​ម្ដង​ទៀត​ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា លោក​មាន​លក្ខណៈ​ល្អ​ដើម្បី​ធ្វើ​ជា​អ្នក​គ្រប់គ្រង។ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​មាន​អំណាច​ជួយ​មនុស្ស​ប៉ុណ្ណោះ តែ​លោក​ក៏​មាន​ចិត្ត​ចង់​ជួយ​ផង​ដែរ។ (ម៉ាថាយ ៨:១​-​៣) ព្រះ​យេស៊ូ​មិន​ដែល​រក​ប្រយោជន៍​ខ្លួន​ឯង ហើយ​មាន​ចិត្ត​រាប​ទាប ក្ដួល​អាណិត​និង​ក្លាហាន​ផង។ ជីវប្រវត្ដិ​របស់​ព្រះ​យេស៊ូ​នៅ​ផែនដី បាន​កត់​ទុក​ក្នុង​គម្ពីរ​ដើម្បី​យើង​រាល់​គ្នា​អាច​អាន​បាន។

៦​. មនុស្ស​១៤៤.០០០​នាក់​នឹង​គ្រប់គ្រង​ជា​មួយ​ព្រះ​យេស៊ូ​គ្រិស្ត​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ ព្រះ​យេស៊ូ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ដទៃ​ដែល​រួម​បញ្ចូល​សាវ័ក​របស់​លោក នឹង​គ្រប់​គ្រង​ជា​មួយ​លោក​នៅ​ឯ​ស្ថាន​សួគ៌។ ព្រះ​យេស៊ូ​បាន​ហៅ​អ្នក​គ្រប់គ្រង​ទាំង​នោះ​ថា ជា​«ហ្វូង​តូច»។ (លូកា ១២:៣២) ក្រោយ​ព្រះ​យេស៊ូ​បាន​ទទួល​មរណភាព សាវ័ក​យ៉ូហាន​បាន​ទទួល​ព័ត៌មាន​បន្ថែម​ទៀត​ថា មនុស្ស​ហ្វូង​តូច​នោះ​នឹង​មាន​ចំនួន​តែ​១៤៤.០០០​នាក់​ប៉ុណ្ណោះ។ នៅ​ឯ​ស្ថាន​សួគ៌ ពួក​ហ្វូង​តូច​នឹង​ទទួល​កិច្ចការ​ដ៏​គួរ​ឲ្យ​អស្ចារ្យ​ណាស់! ពោល​គឺ គ្រប់គ្រង​ជា​ស្តេច​និង​បម្រើ​ការ​ជា​សង្ឃ​ជា​មួយ​ព្រះ​យេស៊ូ​គ្រិស្ត។—វិវរណៈ ៥:៩, ១០; ១៤:១, ៣

៧​. រាជ្យ​របស់​ព្រះ​មាន​អំណាច​នៅ​ស្ថាន​សួគ៌ ហើយ​បន្ដិច​ទៀត​នឹង​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល​ដែរ។ ចំណុច​ទី​៧​នេះ គួរ​នាំ​ឲ្យ​មាន​ចិត្ត​រីករាយ​រំភើប​ណាស់! មាន​ទី​សំអាង​ច្រើន​ក្នុង​គម្ពីរ​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​បាន​ទទួល​អំណាច​ជា​ស្តេច​នៅ​ឯ​ស្ថាន​សួគ៌​រួច​ទៅ​ហើយ។ ព្រះ​យេស៊ូ​កំពុង​គ្រប់គ្រង​លើ​ស្ថានសួគ៌ ហើយ​មិន​យូរ​ប៉ុន្មាន​ទៀត គឺ​នៅ​សម័យ​យើង​នេះ ព្រះ​យេស៊ូ​ក៏​នឹង​ចាប់​ផ្ដើម​គ្រប់គ្រង​លើ​ផែនដី​ផង​ដែរ និង​បំពេញ​តាម​បទ​ទំនាយ​ដ៏​អស្ចារ្យ​ទាំង​ឡាយ​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ។ ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ដឹង​ប្រាកដ​ថា រាជាណាចក្រ​របស់​ព្រះ​កំពុង​គ្រប់គ្រង​ឥឡូវ​នេះ​មែន? តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល​នៅ​ពេល​ណា?

[កំណត់​សម្គាល់]

a ជា​ឧទាហរណ៍ សូម​មើល​សៀវភៅ​ម៉ាថាយ ៣:១៧; លូកា ២:១០​-​១៤; យ៉ូហាន ៦:៥​-​១៤។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក